Breaking

Saturday, April 11, 2020

រឿង ស្អប់ជំពប់លើ ( ភាគ 1 )

រឿង ស្អប់ជំពប់លើ

( ភាគ 1 )

និពន្ធដោយ មនុស្សថ្មី

ទំលាប់របស់ខ្ញុំ ពេលចូលហាងកាហ្វេម្តងៗ ចូលចិត្តពាក់AirPod Connect ទៅនិងទូរសព្ទ ភ្ជាប់wifiហើយឈ្ងោកមុខបើកYotubeមើលវីដេអូផ្សេងៗដោយបើកសំលេងលឺៗ ដោយសារខ្ញុំទៅតែម្នាក់អែងទើបមិនបានចាប់អារម្មណ៍មើលទៅអ្នកណាទាំងអស់ក្នុងហាង ។ វាជាថ្ងៃអាទិត្យ ខ្ញុំធ្វើតាមទំលាប់របស់ខ្ញុំដូចរាល់ដងគឺ មិនដែលកុម្ម៉ង់នោះទេ គ្រាន់តែដើរចូលក្នុងហាងហើយញញឹមដាក់អ្នកលក់ រួចដើរទៅរកកន្លែងអង្គុយ នោះគាត់នឹងដឹងថាខ្ញុំចង់ហូបអីមិនខាន ថ្ងៃនោះសំបូរអ្នកចូលហូបច្រើនទើបធ្វើអោយខ្ញុំរង់ចាំយូជាងពេលមុនៗ រហូតដល់មើលចប់វីដេអូក្នុងyoutube អស់ពីរបីឃ្លីបហើយមិនទាន់បានហូបទៀត អូសចុះអូសឡើងឃើញវីដេអូមួយនោះ គេថតពីទេសភាពមានព្រៃឈើមានទឹកធ្លាក់ មានទាំងដើមដូងទន់ទេមករកទឹកទៀតផង ចំណែកទឹកវិញថ្លារឡើងខៀវ មើលទៅស្រស់ស្អាតមែនទែន ខ្ញុំមើលវីដេអូនោះរហូតដល់ចប់ ហើយក៍ចាប់អារម្មណ៍ជាមួយម្ចាស់វីដេអូនោះផងដែរ គាត់សំដីពិរោះ ទឹកមុខញញឹមស្រស់ មាឌធំខ្ពស់ សំបុរខ្មៅស្រអែម អាយុខ្ទង់30ជាង វីដេអូនោះគាត់ស្លៀកខោខ្លីលើជង្គង់ ពាក់អាវយឺតវាលក្លៀកពណ៏ស ត្រង់ប្លង់ដែលគាត់ឈ និយាយលើក្បាលទូក ទាំងខ្លួនទទឹកជោគ ធ្វើអោយអាវរឹបជាប់និងខ្លួនគាត់ចេញរូបរាងសាច់ដុំច្បាស់ៗ ពិសេសអាក្នុងខោគាត់ មើលទៅឡើងទុល មិនដឹងថាជាខោ រឺ អី្វនោះទេ រាល់ពេលដែលគាត់លើកដៃធ្វើកាយវិកាចង្អុលបង្ហាញម្តងៗ ចេញរោមក្លៀកឡើងខ្មៅជុក មើលទៅវែងៗក្រាស់ឃ្មឹក ។ ខ្ញុំចាប់អារម្មណ៍វីដេអូនោះ ព្រោះថាថតបានទេសភាពច្បាស់ៗ ហើយគ្រប់ប្លង់កាត់ត គឺសុទតែកន្លែងស្អាតៗ ដែលនិយាយពីទឹកធ្លាក់នៅតាតៃ សំខាន់អ្នកនិយាយឡើងសង្ហា មើលចប់ខ្ញុំ Download ទុកក្នុងYoutube ហើយឆែកក្នុងVlogចង់ដឹងថាគាត់ឈ្មោះអី តែគួរអោយស្តាយ មិនបានពត៏មានពីគាត់នោះទេ ព្រោះVlogនោះគេផុសអំពីទេសចរណ៍ ដូចនេះគ្រប់វីដេអូទាំងអស់ដែលនិយាយពីរមណីយដ្ឋាន រឺ កន្លែងដើរលេងនានា ទាំងក្នុងfb រឺផេកដែលទាក់ទងនិងទេសចរណ៍ គឺគេយកមកផុសក្នុងនោះទាំងអស់ មើលចប់ហើយខ្ញុំត្រលប់មើលសារថ្មីទៀត កំពុងតែស្លុងអារម្មណ៍ស្រាប់តែមានអ្នកអង្គុយក្បែរខ្ញុំ មកកេះស្មា ធ្វើអោយខ្ញុំភ្ញាក់ព្រើត ងាកមកយ៉ាងលឿន ពេលនោះខ្ញុំភាំងម្តងទៀតព្រោះ គាត់គឺបុរសម្នាក់នៅក្នុងវីដេអូ ដែលខ្ញុំកំពុងតែមើលនោះហើយ ខ្ញុំដោះAirPod ចេញពីត្រចៀកម្ខាងរួចមើលទៅគាត់ពេលនោះគាត់ញញឹម រួចចង្អុលទៅស្រី្តម្នាក់ដែលឈនៅកន្លែងឆុងកាហ្វេ រួចនិយាយ " គាត់សួរថាប្រូអែងកុម្ម៉ងអីមិញ ហៅមិនលឺសោះគិតតែពីឈ្ងោក " ពេលនោះខ្ញុំសំលឹងទៅអ្នកលក់វិញហើយប្រាប់ " ដាក់អាដូចរាល់ដងមក " ស្រ្តីនោះក៍ឆ្លើយមក " ខ្ញុំអត់ដឹងថាបងអែងហូបអីផង ថ្ងៃនេះចែអត់នៅទេ ខ្ញុំមកមើលហាងជំនួសគាត់ " ខ្ញុំក៍តបទៅវិញ " អូ ចឹងបានអត់ដឹង ជួយដាក់ផាសិនក្រឡុកមួយមក តែអត់យកគ្រាប់ទេ " ខ្ញុំងាកមកវិញមើលគេជុំវិញសើចខ្ញុំគ្រប់គ្នា សើចៗទៅបើមិនលឺផង ។ ខ្ញុំនឹកឃើញពីបងប្រុសដែលកេះខ្ញុំមិញក៍ប្រញាប់មើលទៅគាត់ ពេលនោះគាត់ញញឹមរួចងើបឈ ជាមួយគ្នាគាត់2នាក់ទៀត ហើយដើរចេញទៅកន្លែងគិតលុយ ខ្ញុំតាមមើលឃើញពួកគាត់ឡើងឡាន lexus rx330 ពណ៏ស ជាមួយគ្នាបើកចេញទៅបាត់ គួរអោយស្តាយណាស់មិនទាន់បានស្គាល់ឈ្មោះគាត់ផងនៅអង្គុយជិតគ្នាល្អពេក តែមកពីខ្ញុំមិនបានចាប់អារម្មណ៍ ។
លុះរំលង បាន3ថ្ងៃ នៅថ្ងៃអង្គា ទី12 ខែវិច្ឆិកា ឆ្នាំ2019 ដែលត្រូវនិងថ្ងៃបុណ្យអុំទូកថ្ងៃចុងក្រោយ ទំលាប់របស់ខ្ញុំ បើនៅគ្លីនិកអត់មានរវល់អីទេ ខ្ញុំចេញពីធ្វើការម៉ោង3រសៀល ហើយត្រលប់មកគេងនៅផ្ទះវិញ លុះដល់ម៉ោង ជិត12រំលងអធ្រាត្រ ទូរសព្ទរបស់ខ្ញុំរោទរ៍ ខ្ញុំមើលទៅស្គាល់ថាជាលេខមេ ក៍ចុចទទួល
- អាឡូលោកគ្រូ
* អឺ ធានៅណាហ្នឹង ?
- នៅផ្ទះតើ លោកគ្រូ មានការអីនុង ?
* មកចាក់សសៃរក្មេងមួយ ពេទ្យពេញគ្លីនិកហើយគ្មានអ្នកណាចាក់ចូលទេ មានតែធាអែងហើយឯកទេសខាងហ្នឹង
- បាទ លោកគ្រូខ្ញុំទៅដល់ឥលូវហើយ
បិទទូរសព្ទរួចខ្ញុំប្រញាប់យកសោម៉ូតូនិង សោរបងចុះទៅយ៉ាងលឿនទាំងឈុតគេង ព្រោះខ្ញុំយល់ចិត្តមេប្រុសរបស់ខ្ញុំ បើអ្នកជំងឺនោះជាមនុស្សធម្មតា មិនជាប់ខ្សែរខាងណាទេ គាត់មិនដែលតេហៅរំខានខ្ញុំចឹងឡើយ មិនដល់5នាទីផងខ្ញុំទៅដល់មុខគ្លីនិកឃើញសុទតែឡាន ក៍ប្រញាប់ដើរចូលទៅក្នុង លឺសំលេងកូនក្មេងស្រែកយំឡើងខ្លាំង លុះដើរដល់គ្រែមួយដែលមានមនុស្សឈព័ទ្ធជុំវិញ ពេលដើរចូលទៅគេតាមមើលខ្ញុំគ្រប់គ្នា ខ្ញុំមិនទាន់ទាំងបានធ្វើអីផងស្រាប់តែស្រី្តម្នាក់ដែលកំពុងឱបបីក្មេងនោះនិយាយឡើង " បើថាចាក់ចូលចាំចាក់ ម៉ែអាណាចាក់ដកៗ ដៃផងជើងផងឡើងសុះសាច់ គ្នាឈឺយំឡើងស្អក់កហើយ " ខ្ញុំមិនបានឆ្លើយតបអ្វីទាំងអស់ ហើយក៍អង្គុយលើកៅអី រៀបចំសំភាះចាក់មួយឈុតទៀត គ្រាន់តែខ្ញុំចាប់កាន់ដៃភ្លាម ក្មេងនោះវាស្រែកយំ ចង់ធ្លាយបន្ទប់ ខ្ញុំចងរិតការ៉ូនៅដៃខាងស្តាំដើម្បីរកមើលសសៃ តែគ្មានមួយសោះ ព្រោះថា ក្មេងនោះវាធាត់ខ្លាំង ហើយកំពុងតែក្តៅខ្លួនខ្លាំងទៀតផង ទើបធ្វើអោយពិបាករកមើលសសៃណាស់ ម្យ៉ាងទៀត ឃើញតែស្នាមចាក់ឡើងបែកសសៃអស់ហើយ ខ្ញុំស្រាយការ៉ូចេញចងដៃឆ្វេងម្តង កំពុងតែជូតសំលីអាល់កុលមិនទាន់ទាំងបានធ្វើអីផង មានបុរសម្នាក់ទើបតែដើរចូលមកខាងក្នុង មកឈពីក្រោយខ្នងខ្ញុំរួចនិយាយទាំងកំហឹង " បើថាមិនកើតទេ ប្តូរអោយពេទ្យផ្សេងចាក់ម្តងទៅ លឺគេតេទៅប្រាប់មិញថាចាក់គ្នាចង់10ម្ជុលហើយនៅមិនចូលទៀត អាណិតក្មេងណាស់ចាក់ដកៗហើមដៃហើមជើងគ្នាអស់ហើយ " ស្រាប់តែមេប្រុសរបស់ខ្ញុំឆ្លើយ " គ្រូពេទ្យនេះទើបតែមកដល់មិញតាស មិនទាន់បានចាក់មួយម្ជុលទេ ក្នុងគ្លីនិកហ្នឹង គាត់ជំនាញចាក់សសៃក្មេងជាងគេ " ខ្ញុំព្យាយាមរកមើលសសៃដៃក្មេងនោះឡើងបែកញើសជោគថ្ងាស ទីបំផុតក៍រកឃើញសសៃមួយនៅកំភួនដៃ ពេលនោះខ្ញុំហៅជំនួយការដែលជាអ្នកធ្វើការជាមួយខ្ញុំ2នាក់ អោយជួយចាប់សង្កត់ដៃ ធ្វើយ៉ាងណាកុំអោយក្មេងនោះរើបំរាស់រួច ឃើញពួកខ្ញុំចាប់សង្កត់ខ្លាំង បងប្រុសដែលឈពីក្រោយខ្ញុំនិយាយទៀត " កុំសង្កត់គ្នាខ្លាំងពេកបាក់ឆ្អឹងគ្នាលូវហើយ សំរាលដៃតិចទៅ " គាត់និយាយដដែលៗម្តងហើយម្តងទៀតដូចជាមើលងាយពេក ខ្ញុំក៍ឆ្លើយទៅវិញ " ខ្ញុំធានាបង បើគ្រាន់តែចាប់ប៉ុណ្ណឹងបាក់ឆ្អឹង ខ្ញុំអោយយកដំបងមកវាយបំបាក់ដៃខ្ញុំវិញ បងអែងមើលមាឌគាត់ប៉ុន្នា ? បើកាន់ថ្នមៗ ស្មានថាចាប់ឈ្នះមែន ? " ខ្ញុំនិយាយប៉ុន្នេះ ស្រាប់តែស្ងាត់ជ្រាបគ្រប់គ្នា ខ្ញុំក៍ចាប់ផ្តើមចាក់ គឺថាចូលសសៃបានសំរេច ពេលឃើញមានឈាមហូរចូលក្នុងកាតេទ័រ ម្នាក់ៗហាក់ដូចជាបានដកបន្លាចេញពីក្នុងទ្រូង ពេលនោះមេប្រុសរបស់ខ្ញុំក៍និយាយទៅពេទ្យផ្សេងទៀតដែលនៅក្បែរគាត់ " អាអូនហែងទៅបូមសេទ្រី ( Ceftriaxone ) កន្លះ សង់តា( Gentamicin) កន្លះ និងបង្ហូរPerfagan( paracetamol ) កន្លះដបទៅ សេទ្រីតេស្តផង " ខ្ញុំបិទបង់សេរ៉ូមនិងរុំផ្លាតយ៉ាងមាំ ប្រម៉ូលសំភារះទុកដាក់ រួចរាល់ហើយខ្ញុំងាករកមើលមុខអ្នកដែលនិយាយពីក្រោយខ្នងខ្ញុំ ថាមុខយ៉ាងម៉េច ? លុះងាកមក ឃើញច្បាស់តែម្តង គឺអាគាត់មួយ នៅក្នុងវីដេអូដែលខ្ញុំចង់ស្គាល់នោះសោះ ខ្ញុំចាប់ផ្តើមច្របូកច្របល់ក្នុងចិត្ត ព្រោះធ្លាប់ចាប់អារម្មណ៍លើគាត់ ស្រាប់តែមកត្រូវគាត់មើលងាយ សំខាន់គាត់មានកូនទៀត ។ គាត់ញញឹមដាក់ខ្ញុំ តែខ្ញុំធ្វើមុខធម្មតា ហើយងាកទៅរកមេរបស់ខ្ញុំដើម្បីសុំគាត់ទៅគេងវិញ តែពេលឃើញគាត់កំពុងអង្គុយនិយាយគ្នាជាមួយបុរសម្នាក់ មើលទៅពួកគាត់ដូចជាធ្លាប់ស្គាល់គ្នា ព្រោះឃើញនិយាយសើចៗ ខ្ញុំក៍ដើរតំរង់ចេញទៅរកម៉ូតូ រៀបនិងទាញទ្វាបើកហើយ ស្រាប់តែមេរបស់ខ្ញុំស្រែកហៅ " សុធា មកនេះម៉ាភ្លែត " ខ្ញុំត្រលប់ក្រោយវិញ ដើរមកឈ ជិតកៅអីមេរបស់ខ្ញុំដែលកំពុងអង្គុយ ពេលនោះគាត់ហុចលុយក្រដាស$10 អោយខ្ញុំ រួចនិយាយ " ណេះ យកលុយចាយ ខំមកទាំងយប់ " ខ្ញុំប្រកែក " អត់អីទេលោកគ្រូ កន្លែងយើងសោះហ្នឹង ចឹងខ្ញុំសុំទៅវិញហើយ " គាត់សើចរួចតប " អឺ " បន្ទាប់មកខ្ញុំដើរទៅមុខវិញ បើកទ្វាកញ្ចក់ ចេញដល់ខាងក្រៅ ជួបលោកបងសង្ហាតែចារិកអន់នៅឈក្បែរឡាន ឃើញខ្ញុំឡើងម៉ូតូ គាត់ញញឹមរួចសួរខ្ញុំ " ទៅវិញហាស់ លោកគ្រូពេទ្យសង្ហា? " ខ្ញុំ ឆ្លើយទាំងមិនមើលមុខគាត់ " បាទ " ហើយក៍បញ្ឆេះម៉ូតូចេញទៅ ។
មកដល់បន្ទប់វិញខ្ញុំគេងមិនលក់សោះ រសាប់រសល់មិនដឹងថាខ្លួនអែងកើតអីអោយប្រាកដ នឹកឃើញរឿងនេះ នឹកឃើញរឿងនោះ ម្តងសប្បាយចិត្តពេលនឹកឃើញដល់អាគាត់នោះដែលសសើរយើងសង្ហា ម្តងអន់ចិត្តគាត់ដែលមើលងាយសមត្ថភាពយើង ម្តងsad ពេលដឹងថាគាត់មានកូន គិតចុះគិតឡើងម៉ោង1ជាងទើបគេងលក់ ។
ព្រលឹមឡើង ម៉ោង5ជាង ខ្ញុំងើបហាត់ប្រាណ ងូតទឹកដុសធ្មេញ ហូបអាហារពេលព្រឹករួចចូលកន្លែងធ្វើការដើរពិនិត្យអ្នកជំងឺជាមួយមេធំ ខ្ញុំរកមើលអាកូនដែលចូលមកយប់មិញនៅជាន់ទី1អត់ឃើញសោះ លុះពិនិត្យដល់ចុងក្រោយ ទៅឃើញនៅបន្ទប់VIP ជាន់ទី2សោះ គ្រាន់តែបើកទ្វាចូលដល់ក្នុងបន្ទប់ភ្លាមឃើញសុទតែអ្នកមកសួរសុខទុក្ខគ្រែ3អង្គុយអត់ចង់អស់គ្នាទៀត បើប្រដាប់ប្រដាគាត់លេងវិញ រាយពេញបន្ទប់ ខ្ញុំរកមើលអត់ឃើញប៉ាគាត់ទេ ឃើញតែអ៊ំស្រីរាងចំណាស់ម្នាក់ សាច់ឈាមស្រស់ថ្លារ អាយុខ្ទង់50ក្រាស់ កាន់ដងសេរ៉ូមដើរតាមក្មេងនោះត្រុកៗ លុះឃើញខ្ញុំចូលទៅដល់ស្រី្តនោះក៍និយាយហើយចង្អុល " អូន នោះពេទ្យណាចាក់អូនអែងយប់មិញហស " ខ្ញុំញញឹមទាំងបង្ខំចិត្តព្រោះមិនទាន់បាត់ខឹងនិងគាត់ទេដែលធ្វើអោយផ្អើលគេពេញគ្លីនិក ទើបធ្វើជានិយាយលួង " ម៉ោះ ប្រុសស្អាតមកនេះ ពូសុំវាស់កំដៅតិចមើលត្រជាក់នៅ? " ស្រាប់តែគាត់រត់យ៉ាងលឿនមករកខ្ញុំ ពេលនោះខ្ញុំលើកដៃគាត់ឡើងហើយដាក់ទ័រម៉ូម៉ែត្រគាបក្លៀក ចំណែកមេរបស់ខ្ញុំយកStetoscop ស្តាប់សំលេងសួតគាត់ ដើម្បីអោយគាត់នៅស្ងៀម ខ្ញុំច្បិចថ្ពាល់គាត់លេង ពេលនោះគាត់ឈ សំងំសូន្យ ហើយឱបដៃខ្ញុំដាក់និងថ្ពាល់គាត់ទៀត ពិនិត្យរួចខ្ញុំរាដៃលាហើយនិយាយ " Bye bye ក្មេងល្អ " គាត់ក៍ធ្វើដៃbye byeដាក់ខ្ញុំវិញ ។ តាមពិតទៅកូនក្មេងនោះឆ្លាតណាស់ ហើយមុខcuteគួរអោយស្រលាញ់ទៀត តែខ្ញុំខឹងព្រោះវាកូរកាលពីយប់មិញទើបមិនសូវចូលចិត្ត សាច់គាត់សឡើងកាម៉ាប់ ភ្នែកតូចៗ ថ្ពាល់ឡើងប៉ោង ធ្មេញឡើងស ។ ខ្ញុំឆ្ងល់អ្នកជំងឺនៅបន្ទប់នោះហេតុអីមើលទៅដូចជាមានអំណាចម្ល៉េះ ពេលដើរចេញមកក្រៅខ្ញុំក៍សួរទៅមេរបស់ខ្ញុំ " លោកគ្រូស្គាល់គ្រួសារមិញអត់ ? " មេរបស់ខ្ញុំតប " ស្គាល់តើ ម៉ាក់អាកូនតូចមិញ ខ្សែរខាងមន្ទីសុខាភិបាលខេត្តយើងហ្នឹង យប់មិញតាវាតេមកផ្តាំផ្ញើរ ព្រោះតែកន្លែងយើងល្បីទើបគេទុកចិត្ត នាំកូនចៅគេមកមើលនៅហ្នឹង " លឺហើយខ្ញុំលាន់មាត់ " oh ! ចឹងតើស បានយប់មិញជ្រួលច្របល់ម៉េស " មេរបស់ខ្ញុំសើច ហើយពួកយើងពិនិត្យរហូតដល់អស់អ្នកជំងឺទើបយកឯកសារទៅអោយខាងឱសថរៀបចំថ្នាំចាក់អោយអ្នកជំងឺតាមបន្ទប់ ។
លុះដល់ថ្ងៃរសៀលម៉ោងជិត3 ខ្ញុំកំពុងចាំកន្លែងពិនិត្យដូចរាល់ដង ស្រាប់តែឃើញអ៊ំស្រីដែលមើលចៅcuteនោះ ដើរបណ្តើរគាត់សំដៅចេញទៅខាងក្រៅ មកដល់ទន្ទឹមនិងកន្លែងខ្ញុំអង្គុយ កូនតូចនោះសើចដាក់ខ្ញុំ ពេលនោះខ្ញុំក៍និយាយលេងយកគួរសម " អេ !! កំលោះ ជាហើយមែនបានមុខស្រស់ចឹង មើលពូសុំប៉ះថ្ពាល់តិចមើលត្រជាក់នៅ ? មើលភ្នែកហស តឹងៗស្អាតណាស់ គួរអោយស្រលាញ់ " គាត់ដើមមកឈជិតខ្ញុំ ពេលនោះខ្ញុំយកដៃច្បិចថ្ពាល់តិចៗ គាត់សើចយ៉ាងស្រស់ដូចជាចង់អោយខ្ញុំប្រឡែងលេងជាមួយឥចឹង ឃើញចៅគាត់ និងខ្ញុំមើលទៅដូចជាត្រូវធាតុគ្នា គាត់ក៍និយាយ " អាអូនកាត់ទៅប៉ាវាទាំងអស់លោកគ្រូហ្អើយ ប៉ាវាចិន ស្អែកនេះគិតសុំគ្រូពេទ្យចេញហើយ ត្រជាក់រហូតតាំងពីត្រូវសេរ៉ូម វាអផ្សុកណាស់ អត់ចេះនៅមួយកន្លែងទេគិតតែអោយខ្ញុំនាំវាដើរលេង " ខ្ញុំញញឹមរួចយកដៃអង្អែលក្បាលកូនតូចនោះ រួចនិយាយ " បើលែងក្តៅហើយ អាចទៅផ្ទះបាន យកតែថ្នាំអោយញាំថែមទៀតទៅបានហើយ " កំពុងនិយាយគ្នាលេងស្រាប់តែលឺសំលេងស្រែកហៅ " សុីង សុីង " ខ្ញុំដកដៃចេញពីក្បាលកូនតូចនោះវិញ ហើយងាកទៅមើលអ្នកហៅឃើញល្បងមុខស្រស់នោះ យួរចានស្រាក់ដើរសំដៅចូលមកខាងក្នុង ទាំងទឹកមុខញញឹមភាយ ពេលនោះខ្ញុំក៍បានស្គាល់ក្មេងនោះឈ្មោះសុីង សុីង តាមពិតទៅបើចង់ស្គាល់ឈ្មោះក៍មិនពិបាកដែរ ទៅមើលនៅឯកសារពិនិត្យរបស់អ្នកជំងឺក៍ដឹងដែរ តែមកពីខ្ញុំមិនសូវចាប់អារម្មណ៍ទើបមិនចង់ដឹង ពេលលឺសំលេងហៅភ្លាម គេរត់សំដៅទៅរកប៉ាគេ ហើយស្រែកហៅ " បា៉ ប៉ា " ខ្ញុំក៍លែងតាមមើលហើយងាកមកលេងទូរសព្ទវិញ កំពុងតែឱនមុខចុចទូរសព្ទ ស្រាប់តែល្បងនោះ ពរសុីងសុីង មកឈប់ទន្ទឹមខ្ញុំហើយនិយាយឌឺ " រវល់តែឈ្ងោកលេងអាភ្នែក3ហ្នឹងហើយ ប្រយ័ត្នអ្នកជំងឺហៅមិនលឺទៀត លោកគ្រូពេទ្យមុខស្រស់ " ............សូមរង់ចាំតាមដានភាគបន្ត ។

No comments:

Post a Comment