Breaking

Monday, July 27, 2020

#ស្នេហាបណ្តោះអាសន្ន

#ស្នេហាបណ្តោះអាសន្ន



ខ្ញុំធ្លាក់ថ្លើុមក្តុកនៅពេលដឹងថាគេជាកូនតែម្នាក់គត់នៅក្នុងគ្រួសារ។ ក្តីរំពឹងថា ពួកយើងនឹងតស៊ូដើរលើផ្លូវនេះជាមួយគ្នាក៏រលាយសូន្យ។ គេដឹងតែត្រូវរៀបការសាងគ្រួសារបន្តវង្សត្រកូល។

ខ្ញុំសុំគេបែក ព្រោះមិនចង់ដើរលើផ្លូវដែលត្រូវធ្លាក់ជ្រោះនៅខាងមុខ។ ម្យ៉ាងក៏មិនចង់ឱ្យពួកយើងលង់កាន់តែជ្រៅជាហេតុធ្វើឱ្យឈឺចាប់កាន់តែខ្លាំង។ ឆាប់ដឹង ឆាប់ឈឺ ឆាប់បែក ក៏ឆាប់កាត់ចិត្តបាន។

គេមិនព្រម! គេប្រាប់ខ្ញុំថា ហេតុអីខ្វល់ពីរឿងអនាគតម្ល៉េះ? ស្រលាញ់គ្នាថ្ងៃនេះ គិតតែរឿងថ្ងៃនេះទៅបានហើយ។ ខ្ញុំមិនព្រមដូចគ្នា។ ខ្ញុំប្រាប់គេវិញថា បើគង់នឹងបែកចាំបាច់អីបន្តទៀត? បែកពេលនេះទាន់ម្នាក់ៗមិនទាន់ឈឺខ្លាំង។

គេថាខ្ញុំមិនយល់ពីអត្ថន័យស្នេហា។ ខ្ញុំមិនដឹងយល់យ៉ាងម៉េច បើគេអះអាងច្បាស់ៗថា គេនឹងត្រូវរៀបការតាមប៉ាម៉ាក់គេនៅពេលខាងមុខ។ ស្នេហាបណ្តោះអាសន្ន ខ្ញុំមិនចង់បានទេ។

មួយខែមុន...!

ភ្លៀងធ្លាក់មិនឈប់! មិនដឹងវាចង់ពន្លិចផែនដីឬក៏យ៉ាងម៉េចបានជាជាងមួយម៉ោងហើយនៅមិនរាំងទៀត? អស់ពីតំណក់ធំៗដែលសឹងតែអាចទម្លុះក្បាលមនុស្សបាន មកអារាយៗគ្រាប់តូចៗល្អិតៗហូរហែ។ ចេញពីមើលកុនវិញ ខ្ញុំលើកកាតាបទទូរលើក្បាលបម្រុងដើរចេញពីEdenច្រកចេញខាងកើត សំដៅទៅយកម៉ូតូ ព្រោះអស់ការអត់ធ្មត់រង់ចាំថាភ្លៀងរាំង។ ម្យ៉ាងខ្ញុំក៏កៀកម៉ោងត្រូវទៅកម្មវិធីបង្កក់កូនរបស់អតីតមិត្តរួមថ្នាក់ ទើបមិនអាចរង់ចាំទៀតបាន។

បម្រុងនឹងឈានជើងដើរចេញទៅ ស្រាប់តែ...

"នេះឆ័ត្រ!"

សំឡេងគ្រលររបស់នរណាម្នាក់និយាយមកកាន់ខ្ញុំ។ ខ្ញុំរហ័សបែរខ្នងងាកក្រោយក៏ប្រទះនឹងកែវភ្នែកមួយគូដ៏មុតថ្លា។ នោះជាដួងនេត្រាបុរសសង្ហាម្នាក់មានមាឌមាំ ខ្ពស់ស្រឡះ ពាក់អាវយឺតសរឹបរាងដៃខ្លី ខោខូវប៊យពណ៌ទឹកប៊ិចចាស់ កំពុងកាន់ឆ័ត្រហុចមកក្បែរខ្លួនខ្ញុំ។ ភ្លាមៗខ្ញុំមិនហ៊ានតបទៅគេភ្លែតឡើយ លោតែគេហុចឱ្យអ្នកផ្សេង ខ្ញុំខ្មាសគេមិនខាន។ ខ្ញុំក្រឡេកឆ្វេងស្តាំរកមើលក្រែងគេហុចឱ្យមិត្តភក្តិគេនៅក្បែរខ្ញុំ តែមិនឃើញមានអ្នកណាសោះ។

"ឫកម៉េស? គេខំមានចិត្តឱ្យឆ័ត្រហើយ នៅមិនទទួលទៀត។ អូខេ! ទុកវិញក៏បាន។"

គេទម្លាក់ដៃដែលកំពុងកាន់ឆ័ត្រចុះ ហើយដកភ្នែកឈប់សម្លឹងមុខខ្ញុំ។ ខ្ញុំង៉េមង៉ាមរកនិយាយអីមិនត្រូវ បានត្រឹមសួរគេខ្លីកំបុតឆ្កុយ:

"ឱ្យខ្ញុំ?"
"ចុះមានអ្នកណាទៀត? ឃើញអូនឯងចង់ចេញទៅទាំងភ្លៀង ទើបចិត្តល្អឱ្យ តែគេមិនត្រូវការ។"
"អ្នកណាថាខ្ញុំមិនត្រូវការ?"
"បើត្រូវការគេយកហើយ មិនមែនទុកឱ្យឯងឈរហុច ចង់បាក់កដៃទេ។"
"សាច់ដុំប៉ុនណាណី កាន់ឆ័ត្រប៉ុណ្ណឹងសោះចង់បាក់ដៃដែរ អីក៏ខ្សោយម៉េស?"
"ខូចអ្ហាស លួចមើលសាច់ដុំគេទៀត។"

ខ្ញុំចាប់ផ្តើមងាកមុខចេញបន្តិច ក្រោយគេថាឱ្យខ្ញុំបែបនេះ។ តែមែនទែនទៅ ខ្ញុំខូចមែនតើ។ មិនត្រឹមតែលួចមើលសាច់ដុំគេទេ មើលបង្អូសដល់ខាងក្រោមទៀតណ៎។ គេស្លៀកខោរឹបឡើងទុល ហិហិ។

"ពាក់អាវរឹបរាងសឹងប្រេះ គ្រាន់តែក្រឡេកឃើញ ចាំបាច់ដល់លួចមើល។ តែណ្ហើយ ល្អមើលតែមិនល្អសុី។"
"តិចថាឱ្យសុី មិនហ៊ានសុីវិញ?" គេបោះសម្តីព្រមទាំងញាក់ភ្នែកមួយឆ្វាច់ដាក់ខ្ញុំ។ ច្រឡឺុមណាស់អាបុិនេះ។
"ដែលខ្លាច តែឡូវរវល់ណាស់ អត់មានពេលនៅសុីទេ។"
"ចឹងយកឆ័ត្រនេះអត់?" គេនិយាយព្រមទាំងហុចឆ័ត្រមកជាថ្មី។
"បើឱ្យយក!" ខ្ញុំតបកំបុតទៅវិញ។
"យកទៅចឹង តែឱ្យខ្ចីមិនមែនឱ្យដាច់ទេ។"
"អរគុណ! ចាំខ្ញុំដើរដល់ម៉ូតូ ពាក់អាវភ្លៀងរួច ចាំដើរយកមកឱ្យវិញ?"
"មិនបាច់ទេ ខ្ញុំចេញទៅដែរតើ។"

និយាយចប់ គេបើកឆ័ត្រទទូរដើរទៅឈរខាងមុខខ្ញុំ។ ខ្ញុំមីងមុាំង! ថីអាប៉ិហ្នឹង? ម្តងថាឱ្យខ្ចី ម្តងឱ្យបាំងជាមួយ? ខ្ជិលនៅវិភាគនឹងឫកពាចម្លែកគេទៀត ខ្ញុំក៏ដើរទន្ទឹមស្មា បាំងឆ័ត្រមួយពីរនាក់ជាមួយគេ ទៅយកម៉ូតូ។

បើកយកអាវភ្លៀងពីកែបម៉ូតូពាក់រួចរាល់ គេនៅឈរបាំងឆ័ត្រឱ្យខ្ញុំធ្វើមិនដឹង ដូចគ្មានប្រញាប់ទៅផ្ទះសោះ។

"អត់ទៅយកម៉ូតូទេ?" ខ្ញុំសួរគេ។
"នៅចាំប្រាប់ហ្វេកប៊ុកដល់ម្នាក់នោះសិន។" គេតប។
"ចាំប្រាប់អ្នកណា?" ខ្ញុំសួរក្រោយក្រឡេករកមើលឆ្វេងស្តាំ តែមិនឃើញអ្នកណា។
"អូនឯងហ្នឹង? ម៉េចប្រុងគេឱ្យបាំងឆ័ត្រជាមួយហើយ អត់សូមហ្វ៊េកប៊ុកគេទុកឈែតអរគុណអីទេ?"

ខ្ញុំហួសចិត្តនឹង logicalness របស់គេ។
"ប្រាប់មកចឹង!" ខ្ញុំតប។
"ដកទូរសព្ទមកសិនមក ប្រាប់មាត់ខ្លាចភ្លេច។"

យី! អាបុិនេះសាំណាស់តើ។ ខ្ជិលតមាត់ ខ្ញុំហូតទូរសព្ទមកឆែកមើលឈ្មោះគេ តាមដែលគេប្រាប់។

"ដាក់ see first ផង។" គេឆ្លៀតបន្ថែមរបោយ។

ខ្ញុំនិយាយលែងចេញនឹងសម្តីមិនចេះរីងស្ងួតរបស់គេ។ ខ្ជិលនៅរវល់ជាមួយទៀត ខ្ញុំទុកទូរសព្ទចូលហោប៉ៅខោវិញ រួចចេញម៉ូតូទៅ។

ចេញពីកម្មវិធីបង្កក់កូនមិត្តភក្តិវិញ ម៉ោងជាងដប់យប់។ មកដល់ផ្ទះមិនទាន់ ខ្ញុំទន់ភ្នែកប្រះខ្លួនគេងភ្លាម មិនទាំងងូតទឹកផង។ ស្រវឹងស្រឿងៗគេងលក់ស្រួលណាស់។

ម៉ោងជាង១អាធាត្រ ខ្ញុំឡើងចូលបន្ទប់ទឹក។ រួចរាល់អស់ ខ្ញុំដើរមកគេងវិញ តែក៏នឹកចង់លេងហ្វេកប៊ុកបន្តិចសិន។ គ្រាន់តែអនឡាញភ្លាម អាប៉ិនោះឈែតមកភ្លែត។ ខ្ញុំភ្ញាក់ព្រើត។ ម៉ោងប៉ុណ្ណឹងហើយគេនៅអត់ទាន់គេងទៀត។

"Add គេហើយ អត់មានឈែតមកគេអីមួយម៉ាត់ ចិត្តដាច់ណាស់ណ៎? ហេតុតែយើងមិនដល់គេ។"

សូមសរសើរម្នាក់ហ្នឹង! និយាយម្តងណាក៏ធ្វើឱ្យខ្ញុំហួសចិត្តដែរ។ ស្ងើចចេះហាទៅរួច។

"បានគេ add ទៅហើយ នៅរកអីទៀត?"
" Add តែហ្វេកប៊ុក អត់ add ចូលបេះដូងផង គេម៉េចសុខចិត្ត។"
"អូហូ! ចឹងប្រាប់អាខោនបេះដូងមក ចាំaddទៅ។"

ខ្ញុំធ្វើជាចាក់បណ្តោយលេង តែគេបែរជាពួយមែនទែនមកវិញ :

"ចូលឆែកហ្វេកប៊ុកគេទៅ ឃើញអាខោនបេះដូងហើយ ទើប share ចូលមិញ។"

ខ្ញុំមិនទាន់សរសេរតបវិញទេ តែចូលឆែកហ្វេកប៊ុកតាមដែលគេប្រាប់។ ខ្ញុំឃើញគេ share បទចម្រៀងបងរិទ្ធ "ផ្តើមស្នេហ៍ក្រោមតំណក់ភ្លៀង" ដោយមាន caption រូបបេះដូង។

"អត់យល់?" ខ្ញុំឈែតទៅគេវិញ។ ការពិតខ្ញុំយល់តើ តែសម្តែងជាអត់យល់។ ចាំមើលគេបកស្រាយថាម៉េច ហិហិ។

"មិនបាច់ធ្វើជាមិនយល់ទេ ឃើញលួចញញឹមរហូតតាំងឃើញមុខបងមក។ បានបងអូសក្រឡាមុនតិចតួច ធ្វើឯងលេងឫកលេងពាអីណា។ ប្រយ័ត្នត្រូវពិន័យ។"
"ថី គ្រាន់ញញឹមខុសដែរ?"
"ខុស ព្រោះបានឆក់យកបេះដូងបងហើយ។"
"ស្អីទេ!"
"មិនបាច់អៀនទេ! ស្នាមញញឹមអូនឯងបញ្ជាក់ប្រាប់បងរួចអស់ហើយ។ ហើយមិនបាច់ធ្វើជាឆ្ងល់វែងឆ្ងាយអីទៀតទេ ស្តាប់ចម្រៀងបង share ហ្នឹងទៅ យល់ច្បាស់ហើយ។"

គេនេះត្រង់ភ្លឹងតែម្តង គ្មានចេះលាក់ខ្លះៗអីទេ។ ដល់តែពេលត្រង់ពេកចឹងទៅ ខ្ញុំហាក់អត់ជឿវិញ។ មិនដែលពីណាមិនដែលស្គាល់គ្នាសោះ ស្រាប់តែចួបគ្នាម្តង ស្រលាញ់គ្នាភ្លែតទេ។

"ខ្ជិលយល់ណាស់ បើមនុស្សមិនដែលស្គាល់គ្នាផង។"
"អូនអត់ស្គាល់បង តែបងស្គាល់អូនតាំងពីខែមុនម្ល៉េះ។ អើយ មើលកុនយំកក្លិកកក្លាក់។ ខ្មាសគេណាស់។"
"ថាឱ្យអ្នកណា?"
"អូនឯងហ្នឹង! កាលមើលរឿង Better Day ខែមុនមិនយំពេញរោង។ កាលហ្នឹងបងអង្គុយកៅអីជាប់អូនតើ គ្រាន់មិនហ៊ាននិយាយរក បានត្រឹមលួចសើចចង់ចុកពោះ។ ប្រុសអីទឹកភ្នែករាក់ម៉េស? ហាហា"

ខ្ញុំនឹកក្តៅក្រហាយនឹងពាក្យឌឺដងរបស់គេ តែនឹកទៅអ្វីដែលគេនិយាយគ្មានខុសត្រង់ណាឡើយ។ ខ្ញុំនេះពូកែណាស់អាខាងចូលតួ។

"ស្អប់អ្ហាស លួចតាមដានគេទៀត។"
"បងមានតាមដានណា?"
"ចុះអ្នកណាដឹងគេយំពេលមើលកុន ហើយនៅតាមយកឆ័ត្រឱ្យគេល្ងាចមិញទៀត?"
"បេះដូងបង! គឺបេះដូងបងជាអ្នកធ្វើរឿងទាំងអស់ហ្នឹង។"

..........

មួយខែពិតជាខ្លីណាស់សម្រាប់ទំនាក់ទំនងពួកយើង តែវាបានបន្សល់អនុស្សាវរីយ៍ជាច្រើន។ គួរឲ្យស្តាយដែលយើងត្រូវបញ្ចប់វាក្នុងពេលនេះ។ វាជារឿងឈឺចាប់បំផុតដែលមនុស្សពីរនាក់មានចិត្តលើគ្នា តែមិនអាចដើរផ្លូវជាមួយគ្នាបាន។

ខ្ញុំយល់ពីមូលហេតុដែលគេត្រូវរៀបការតាមគ្រួសារ។ ដូច្នេះសង្ឃឹមថាគេក៏យល់ពីមូលហេតុដែលខ្ញុំសុំគេបែកដូចគ្នា។ ស្រលាញ់គ្នាតែម្យ៉ាងគឺមិនគ្រប់គ្រាន់ឡើយ។ ចំពោះខ្ញុំ អត់មានបញ្ហាអីទេ ព្រោះខ្ញុំមានបងប្អូនបង្កើតច្រើននាក់ មិនបារម្ភរឿងបន្តវង្សត្រកូលឡើយ។ ខ្ញុំមានសេរីភាពពេញលេញក្នុងការរស់ជាខ្លួនឯង។ តែគេ...គេមានសម្ពាធធំណាស់។ បើទោះបីគេមានចិត្តលើខ្ញុំ តែមានប្រយោជន៍អីទៅ មុនក្រោយគេគង់តែការប្រពន្ធ។ គេម៉េចនឹងអាចឱ្យគ្រួសារគេដាច់ពូជ។

ក្នុងលោកនេះប្រហែលជាមិនខ្វះទេមនុស្សដែលចង់ឡើងគ្រែជាមួយយើង ហើយក៏មិនតិចនាក់ដែរដែលអាចនិយាយថាស្រលាញ់យើង ឬព្រមធ្វើជាសង្សារបង្កើតទំនាក់ទំនងជាមួយយើង។ តែ...មនុស្សដែលមានឆន្ទៈពិតប្រាកដចង់កាន់ដៃកំដរយើងអស់មួយជីវិត អាចមិនមានសូម្បីម្នាក់។ ប្រសិនបើយើងសំណាងល្អបានចួបម្នាក់នោះ សូមធ្វើអ្វីៗដើម្បីគ្នា រក្សាគ្នាឱ្យបាន ឬហោចណាស់ក៏ប្រឹងប្រែងឱ្យអស់ពីសមត្ថភាពជាមុនដែរ មុននឹងសម្រេចចិត្តលះបង់ដើម្បីបំពេញក្តីសុខអ្នកដទៃ។
BY Mr.Blue

 


No comments:

Post a Comment