Breaking

Wednesday, October 23, 2019

រឿង «ភ្នែកខ្មោច» ភាគទី3


រឿង «ភ្នែកខ្មោច»
ភាគទី3
និពន្ធដោយ : រដ្ឋធានី



ភាពភ័យខ្លាចបានកើតឡើងភ្លាមនាថេរវេលានេះ! វឌ្ឍនាគិតថាខ្លួនឯងកំពុងត្រូវខ្មោចលងហើយ ក៏ប្រញាប់បន្ថែមល្បឿនចាកចេញពីទីដ៏គួរឲ្យខ្លាចនេះ។ កំពុងតែព្រឺបះរោមខ្ញាកពេញខ្លួន ភ្លើងបំភ្លឺតាមដងផ្លូវ ភ្លើងឡានក៏រលត់បាត់ពន្លឺព្រមៗគ្នា សូម្បីតែទូរសព្ទរបស់គេក៏លែងលាន់សូរចំរៀង វឌ្ឍនាឆ្លេឆ្លាធ្វើអ្វីមិនត្រូវ ខំឈោងទូរសព្ទយកមកចុចបើកវិញ តែមិនទទួលបានផលឡើយ។ ឯឡានក៏រលត់ឈប់ស្ងៀមនឹងថ្កល់ ទោះម្ចាស់វាកាច់សោរបញ្ឆេះម៉ាស៉ីនពីរបីដងក៏នៅតែសូន្យឈឹង។ វឌ្ឍនារឹតតែឆ្លេឆ្លាលាយឡំនឹងភាពភ័យខ្លាច ស្រាប់តែភ្លើងក្នុងរថយន្តភ្លឺឡើងឯងៗ រួមនឹងសំលេងមនុស្សប្រុសនិយាយយ៉ាងផ្អែម:
-''ត្រូវការកែវភ្នែកខ្ញុំទេ? ខ្ញុំចង់បរិច្ចាគវាឲ្យលោកគ្រូពេទ្យ!''
-''ទេ! អត់ទេ! ខ្ញុំមិនចង់បានទេ!!!'' និយាយផងព្រមទាំងព្យាយាមបើកទ្វារឡានចេញ ប៉ុន្តែមិនដឹងមកពីអ្វីទ្វារឡានបែរជាបើកមិនចេញ។
-''យកទៅខ្ញុំប្រគល់ឲ្យ!... (និយាយខ្លាំងៗ)'' ហើយវិញ្ញាណខ្មោចសុវណ្ណក៏ប្រាកដខ្លួនអង្គុយកៅអីខាងក្រោយ មុខសរស្លេកគ្មានគ្រាប់ភ្នែកក្នុងប្រឡោះភ្នែក មានតែឈាមក្រហមង៉ូវហូរចេញពីរង្វង់ភ្នែក។ វឌ្ឍនាក្រលេកឃើញតាមកញ្ចក់ គេសឹងតែគាំងបេះដូងបាត់ទៅហើយ! គេភ័យឡើងរាគនោមជោគខោប្រញាប់បិទភ្នែកលើកដៃសំពះ ទាំងខ្លួនគេភ័យញ័រដូចកូនសត្វ:
-''កុំ... កុំ... ធ្វើ... បាបៗ... ខ្ញុំអី...!! ញុំ... អត់...ៗដឹង...អីទេ!!''
រំពេចនោះខ្មោចសុវណ្ណបានរសាត់មកអង្គុយជំទែងពីលើវឌ្ឍនា ហើយក៏ឱនមុខទៅជិតនឹងមុខវឌ្ឍនា ធ្វើឲ្យវឌ្ឍនាទទួលអារម្មណ៍ថាដូចកំពុងមានដុំទឹកកកជះស្រោចលើមុខរបស់គេ គេក៏បើកភ្នែកឡើងក៏ពើបនឹងប្រឡោះភ្នែកប្រហោងធ្លុង គេក៏រឹតតែភ័យខ្លាចញ័រមាត់តតាត់សុំក្ដីមេត្តាពីវិញ្ញាណខ្មោច:
-''កុំ... កុំៗៗ... ធើ...ៗៗ បាបៗៗ... ខ្ញុំអី... សុំអង្វរ...!!!''
-''ឯងដឹងទេថាយើងឈឺ!... ពេលឯងយកកាំបិតមកវះយកគ្រាប់ភ្នែករបស់យើង! តែយើងមិនអាចហារមាត់ឃាត់ឯងបានឡើយ!! ឯងថាមិនដឹងអី តែហេតុអីក៏ឯងវះយកគ្រាប់ភ្នែករបស់យើង! ពេលនេះដល់វេនឯងភ្លក់រសជាតិនៃការឈឺចាប់នេះម្ដងហើយ!''
-''អត់ទេ!... អត់ទេ! ខ្ញុំ... ខ្ញុំដឹងខុសហើយ! ខ្ញុំសុំទោស!!!''
រំពេចនោះអ្វីៗគ្រប់យ៉ាងវិលរកភាពប្រក្រតីវិញ! រថយន្តរបស់វឌ្ឍនាក៏បោះពួយលឿនស្លេវ។ នាវិនាទីនេះភ្នែករបស់វឌ្ឍនាបើកធំៗឡើងក្រឡោត ព្រោះកំពុងតែមានពន្លឺភ្លឺឆ្វាចចាំងមករកគេ គេក៏រាដៃបាំងភ្នែកស្រែកអស់មួយទំហឹង:
-''អត់ទេ!.............'' អមនឹងសំលេងស៉ីផ្លេរបស់ឡានកុងទឺន័រតតៗៗៗ!!! ប៉ុន្តែគួរឲ្យសោកស្ដាយសោដនាកម្មបានកើតឡើងទៅហើយ។ រថយន្តលោកគ្រូពេទ្យវឌ្ឍនាបើកចូលទៅបុកគេពេញមួយទំហឹង ធ្វើឲ្យឡានកុងទឺន័រកិនឡាន ហើយគាបវឌ្ឍនាជាប់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ រីឯវិញ្ញាណខ្មោចសុវណ្ណផុសអណ្ដែតខ្លួនលើអាកាស បញ្ចេញសំរែកគួរឲ្យខ្លាច។
- - - - - - - - - - - - - - - - - - - -
យប់ជ្រៅដ៏សែនស្ងាត់ ខ្យល់ផាត់ត្រសៀកៗសណ្ដំអង្អែលកាយាណាខុនដែលកំពុងតែលង់ក្នុងនិទ្ទ្រាលង់លក់យ៉ាងស្កប់ស្កល់។ កំពុងតែលង់ក្នុងដំណេកយ៉ាងឆ្ងាញ់ពិសារ ស្រាប់តែមានអ្វីម្យ៉ាងចាប់ទាញភួយ ដែលគ្របដណ្ដប់លើរាងកាយណាខុនចេញពីខ្លួនរបស់គេ។ ដោយសារតែខ្យល់បក់ចូលតាមបង្អួចត្រសៀកៗសែនត្រជាក់ បានធ្វើឲ្យរាងកាយណាខុនដែលមានតែខោខ្លីជើងធំលើខ្លួន ទទួលភាពរងាកាន់តែខ្លាំងឡើងៗ។ ណាខុនក៏លារដៃទាំងសងត្រដុសឱបដើមទ្រូងដើម្បីផ្ដល់ភាពកក់ក្ដៅឲ្យខ្លួនឯង ក៏ស្រាប់តែលេចដៃអាថ៌កំបាំងមកត្រដុសដើមទ្រូងដ៏រឹងមាំរបស់ណាខុន។ ណាខុនក៏លារដៃដាក់លើពូក ទុកឲ្យដៃអាថ៌កំបាំងបបោសអង្អែលលើដោះរបស់គេ ទាំងដែលមុខគេពេលនេះញញឹមទាំងបិទភ្នែក។ ដៃដែលមើលទៅគ្មានឈាមមួយតំណក់ឡើងស្លេកស្លាំង ក៏សំរូតតាមចង្អូរកណ្ដាលមកអង្អែលក្បាលពោះមានស្នាមផ្នត់ប្រាំមួយកង់ រួចបន្តមកចាប់របស់ម្យ៉ាងដែលកំពុងងើបហើបបះស្ទល់ពីលើខោ ធ្វើឲ្យណាខុនងើយក្បាលស្រែកភ្លាត់មួយម៉ាត់:
-''អ្ហឺស...'' ពេញដោយក្ដីត្រេកត្រអាល។ ហើយដៃដដែលនោះក៏ឈោងឡើងមកបបោសអង្អែលត្រង់កណាខុន អង្អែលចុះឡើងក៏ស្រាប់តែចាប់ច្របាច់កណាខុនជាប់។ ភ្លាមៗណាខុនដឹងខ្លួនពីដំណេក ហើយក៏ឃើញសុវណ្ណកំពុងអង្គុយពីលើខ្លួនរបស់គេចាប់ច្របាច់ករបស់គេជាប់ ដោយគ្មានប្រណីដៃ។ ណាខុនក៏ព្យាយាមរើបំរះចាប់ទាញដៃសុវណ្ណចេញ រួមនឹងសំរែក:
-''លែង... លែងហ៊ាទៅ! លែង... លែងហ៊ា... លែង...!!!''។ ណាខុនស្រែកឲ្យលែងឮឡើងមួយទំហឹង ហើយពេលនោះក៏ស្រាប់តែមានសំលេងដារ៉ូបន្លឺឡើង:
-''បងប្រុស! បងប្រុស! បងប្រុសកើតអី? បងប្រុសយល់សប្តិអាក្រក់មែនទេ? បងប្រុស! បងប្រុស!!''
ណាខុនបើកភ្នែកទាំងហត់គឃូរ ឯដៃកំពុងច្របាច់កខ្លួនឯង គេភ្លែតព្រលែងដៃពីកហើយស្ទុះងើបអង្គុយ ភ្នែកបើកក្រឡិបក្រឡាប់ដោយក្ដីភ័យខ្លាច។ ដារ៉ូឃើញបែបនេះប្រញាប់សួរបន្តថា:
-''យល់សប្តិឃើញអីហ្នឹងបង? ខ្ញុំឮបងប្រុសស្រែកឮៗថាលែងទៅៗៗ! រហូតដល់ខ្ញុំដឹងខ្លួនរត់មករកបងក៏ឃើញបងក្នុងសភាពបែបនេះ!''
ណាខុននៅឡើយមិនទាន់បាត់ភ័យ គេនៅដកដង្ហើមញាប់ៗរួចគេឈោងយកកែវទឹកដែលមានស្រាប់នៅលើតុយកមកផឹកក្អឹកៗ ហើយក៏គ្រវីក្បាលតបទៅដារ៉ូវិញ:
-''បងយល់សប្តិឃើញគេមកច្របាច់កបង! ដារ៉ូកុំបារម្ភអីបងលែងអីហើយ! ហើយឲ្យបងសុំទោសផងដែលធ្វើឲ្យដារ៉ូត្រូវភ្ញាក់ពីគេងដោយសារបង!''
-''ខ្ញុំអត់អីទេបង! ហើយនេះបងមកដល់ផ្ទះតាំងពីថ្មើរណា? ម៉េចក៏មិនព្រមឡើងទៅសំរាកនៅខាងលើ? សុខចិត្តមកសំរាន្តនៅលើសាឡុងនេះទៅវិញ?''
-''ហ៉ើយ!... បងមកដល់ផ្ទះម៉ោងដប់ពីរជិតកន្លះហើយ! ព្រោះតែមានការងារត្រូវបង្ហើយច្រើន! មកដល់ក៏ដើរទៅចាក់ទឹកមួយកែវយកមកញ៉ាំ! មិនដឹងយ៉ាងម៉េចទេក៏ច្រលំបិទភ្នែកគេងលក់បាត់ទៅ!''
-''សង្ស័យមកពីបងធ្វើការអស់កំលាំងពេកហ្នឹងណា៎៎! ទើបភ្លេចខ្លួនសំរាន្តលក់បែបហ្នឹង! មើលចុះបែកញើសឡើងពេញខ្លួន! បងប្រុសប្រហែលភ័យនឹងយល់សប្តិមុននេះខ្លាំងណាស់ហើយ! នៅឲ្យស្ងៀមចាំខ្ញុំជូតឲ្យបង!'' ដារ៉ូភ្លែតហូតយកក្រដាសអនាម័យជូតញើសចេញពីមុខរបស់បងថ្លៃ។ ជូតចុះជូតឡើងធ្វើឲ្យកែវភ្នែកអ្នកទាំងពីរបាញ់ទំលុះរកគ្នាដូចឆ្លងចរន្តអគ្គិសនី ប៉ុន្តែដារ៉ូមិនបណ្ដោយឲ្យកែវភ្នែកសារសព្ទរកគ្នាយូរឡើយ គេប្រញាប់គេចមុខចេញដកខ្លួនខិតឆ្ងាយ ហើយបង្វែរជាសំណួរសួរណាខុន:
-''នេះបងប្រុសពិសារអីហើយនៅ?''។ ណាខុនក៏ដូចគ្នា គេមានអារម្មណ៍ប្លែកៗពេលកែវភ្នែកប្រទះនឹងកែវភ្នែក គេខំសំរួលអារម្មណ៍គ្រវីក្បាលតបវិញថា:
-''នៅទេ! កំពុងតែកូរពោះដែរហ្នឹងណា៎៎!''
-''ហិហិ! បើអ៊ីចឹងបងចាំមួយភ្លែតសិន! ចាំខ្ញុំទៅកំដៅម្ហូបឲ្យ!''។ ដារ៉ូក៏ក្រោកដើរទៅផ្ទះបាយ ឯណាខុនដូចរាងថមថយភាពភ័យខ្លាច ព្រោះវាគ្រាន់តែជាការយល់សប្តិប៉ុនណោះ គេដកដង្ហើមធំបន្ធូរអារម្មណ៍តានតឹង ហើយយារដៃប្រឡេះឡេវដោះអាវដាក់លើសាឡុង។
កន្លងទៅបានបន្តិចដារ៉ូកាន់ថាសម្ហូបដើរចូលមក តែកែវភ្នែករបស់គេពុំបានងើយសំលឹងមកណាខុនទេ ព្រោះរវល់តែឱនមើលម្ហូប។ ដារ៉ូនិយាយពេលមកដល់:
-''មកហើយៗ! សំលរក្ដៅៗ!'' រួចក៏ដាក់ថាសម្ហូបលើតុ ពេលងើបក្បាលមកដារ៉ូក្រលេកឃើញដើមទ្រូងមូលក្លុំរបស់បងថ្លៃ ដែលមើលទៅហាប់ណែនល្អគួរឲ្យចង់ចាប់អង្អែលលេង។ ដារ៉ូឡើងកំដៅព្រឺបះរោមមួយតួខ្លួនភ្លាមៗ ឯមុខរបស់គេក៏ឡើងក្រហមដូចផ្លែម្ទេសទុំ។
-''ហ៉ឺ!...(ណាខុនបិទភ្នែកស្រូបក្លិនម្ហូប) ឈ្ងុយខ្លាំងណាស់! ទំនងឆ្ងាញ់ខ្លាំងហើយ! ដារ៉ូ! ដារ៉ូ! ដារ៉ូ!'' ណាខុនងើបមុខស្រែកហៅដារ៉ូ ប៉ុន្តែដារ៉ូបែរនៅឈរស្ងៀមភាំងៗ។ ពេលឮណាខុនរន្ថើនហៅខ្លាំងបែបនេះ ដារ៉ូក៏ភ្ញាក់ក្រញាងអមនឹងសំដី:
-''បាទៗបងប្រុស!!! សំលរមិនត្រូវមាត់មែនទេ?''
-''ហាក៎៎! ហាស់ៗៗហា៎៎! ម៉េចហ្នឹងដារ៉ូ? បងនៅមិនទាន់បានញ៉ាំផងហ្នឹង!''
សំដីរបស់ណាខុនរឹតតែធ្វើឲ្យដារ៉ូអៀនទ្វេឡើង គេអេះអុញមិនដឹងត្រូវឆ្លើយយ៉ាងណាក៏សួរសំណួរផ្សេងវិញ:
-''នេះបងប្រុសដឹងហើយឬនៅ? បងស្រីគាត់ដឹងខ្លួនវិញហើយ!''
-''ដឹង!... ម៉ាក់ Call ប្រាប់បងដែរ! តែដារ៉ូមិនទាន់ឆ្លើយប្រាប់បងទេណា៎៎! មុននេះដារ៉ូកើតថី?''
ដារ៉ូអៀនខ្លាំងណាស់ ខំបង្វែងរឿងប៉ុណ្ណឹងហើយ នៅតែណាខុនតាមសួរទៀត គេគ្រវីក្បាលរួចរត់វ៉ឹងចូលបន្ទប់គេងដាក់គូទអង្គុយលើពូក ហើយទះមុខខ្លួនឯងផាច់ៗៗ និយាយថា:
-''កើតអីហ្នឹងអារ៉ូ!? ឯងត្រូវរឹងប៉ឹងឡើង! កុំបណ្ដោយឲ្យអារម្មណ៍ឆ្កួតហ្នឹងកើតឡើងមកជាដាច់ខាត! ត្រូវទន្ទេញឲ្យជាប់មាត់ថាឯងជាប្រុសៗៗៗៗ!!!''
រីឯណាខុនឯណេះវិញ ពេលដារ៉ូរត់ចេញបាត់ គេឱនសំលឹងមើលដើមទ្រូងខ្លួនឯង ហើយញញឹមញាក់ភ្នែក ដឹងច្បាស់ថាដារ៉ូកំពុងអៀននឹងខ្លួនហើយ នៅតែបញ្ឈឺឲ្យដារ៉ូអៀនទ្វេដងទៀត។ ណាខុនក៏ហៀបនឹងកាន់ស្លាបព្រាដួសទឹកសំលរយកមក ស្រាប់តែទូរសព្ទរបស់គេលាន់សូរឡើងមក គេក៏ទំលាក់ស្លាបព្រាចុះងាកមកចាប់យកទូរសព្ទ ហើយរអ៊ូ:
-''យី! ម៉ោងបីហើយវា Call មករកអីវា! (ទទួលទូរសព្ទ) អាឡូ! មានការណ៍ស្អីឯង Call មកទាំងថ្មើរនេះ? . . . ហ្អាក៎៎ហ្អែងថាម៉េច? អាពេទ្យវា... . . . អ៉ើៗអញទៅដល់ឥលូវហើយ!''
មិត្តភក្តិរបស់ណាខុនទូរសព្ទមកប្រាប់ពីដំណឹងដ៏រន្ធត់នៃការស្លាប់របស់វឌ្ឍនា។ ណាខុនឮហើយភាន់ភាំងទប់ស្មារតីសឹងតែមិនបាន ប្រញាប់ចាកចេញពីផ្ទះទៅកន្លែងកើតហេតុយ៉ាងលឿន។
- - - - - - - - - - - - - - - - - - - -
សំរែកស្រែកយំរបស់ក្រុមគ្រួសារសព បានលាន់ឮទ្រហឹងពេញព្រះវិហារនាទីវត្តអារាម ទាំងឪពុកម្ដាយទាំងប្រពន្ធនិងកូនតូចៗរបស់លោកគ្រូពេទ្យវឌ្ឍនាស្រែកយំ ពីខាងមុខមឈូសរបស់សព ដែលបានដាក់តាំងរូបថតវឌ្ឍនាយ៉ាងស្រស់ញញឹម។ ម្នាក់ៗស្ទើរមិនជឿឡើយថាវឌ្ឍនាប្រញាប់ចាកចេញទៅយ៉ាងលឿនបែបនេះ ហើយម្នាក់ៗក៏នៅមិនបានត្រៀមចិត្តទទួលយកការពិតនេះបាននៅឡើយទេ។ ឯក្រុមប៉ូលីសបានសន្មត់ថាមកពីលោកគ្រូពេទ្យវឌ្ឍនាធ្វើការលើសម៉ោងមិនបានសំរាក ទើបបើកឡានទាំងងងុយ រួចក៏រេចង្កូតជិះចូលរំលោភទ្រូងផ្លូវ ធ្វើឲ្យឡានកុងទឺន័រកិនឡើងសំប៉ែតដូចចេកចៀន។
ពិធីបុណ្យសពបានប្រារព្ធឡើងតាមទំនៀមទំលាប់ លុះដល់វេលាថ្ងៃរសៀលមឈូសត្រូវបានរុញឡើងទីប៉ាឆាដើម្បីបូជាសព ព្រោះមិនអាចតំកល់ទុកយូរឡើយ ដោយសារសពខ្ទេចសាច់ជាបំណែក មើលមិនយល់ជារូបរាងពេញលក្ខណៈ។ ក្រោយពីលោកអាចារ្យ និងព្រះសង្ឃបង្សុកូលសូត្រធម៌តាមពុទ្ធសាសនារួចមក បានអនុញ្ញាត្តិឲ្យសាច់ញាត្តិក្រុមគ្រួសារ និងមិត្តភក្តិបងប្អូនចូលគោរព និងផ្ដែផ្ដាំពាក្យចុងក្រោយទៅកាន់សព មុននឹងព្រះអគ្គីលេបត្របាក់ដុតបំផ្លាញរូបកាយវឌ្ឍនា។ ក្រុមសាច់ញាត្តិ និងមិត្តភក្តិរបស់វឌ្ឍនាតំរៀបជួរគ្នាក្នុងទឹកមុខក្រៀមស្រពោន បន្តបន្ទាប់គ្នារហូតដល់វេនណាខុន ដែលក្នុងដៃមានកាន់ធូបនិងផ្កាដូចអ្នកឯទៀតដែរ គេដាក់ផ្កានិងធូបនៅចំពោះមុខមឈូស ក្នុងអាការៈក្រៀមក្រំទឹកភ្នែកកំពុងហូរស្រក់ និងនិយាយថា:
-''លាហើយណា៎៎ឯង! ឯងនឹងបានឡើងឋានសួគ៌ជាក់ជាមិនខាន! យើងនឹងនឹកឯងរហូតណាអាពេទ្យ!! ចាំជាតិក្រោយចាំពួកយើងមកធ្វើជាមិត្តល្អជាមួយគ្នាទៀត!''
ចប់សព្វគ្រប់ហើយពិធីបូជាសពបានប្រព្រឹត្តទៅក្រោមសូរសោកសង្រេងនៃក្រុមគ្រួសារលោកគ្រូពេទ្យវឌ្ឍនា។
ចំណែកណាខុននិងក្រុមមិត្ត បានត្រឹមតែជួយលួងលោមលើកទឹកចិត្តឪពុកម្ដាយ និងភរិយាជាទីស្រលាញ់របស់វឌ្ឍនាកុំឲ្យគិត និងពិបាកចិត្ត ព្រោះនេះជាជីវិតសត្វលោកមានរូបត្រូវមានទុក្ខ ហើយក៏គ្មានការជួបណាដែលមិនព្រាត់នោះឡើយ។ ចំពោះដំណឹងដ៏ក្រៀមក្រំនេះ ណាខុនបានបញ្ជាឲ្យគ្រប់គ្នាលាក់ការណ៍សំងាត់មិនឲ្យដានីដឹងឡើយ ខ្លាចក្រែងប៉ះពាល់ដល់អារម្មណ៍របស់នាងដែលទើបតែដឹងខ្លួនពីគ្រោះអកុសល។
- - - - - - - - - - - - - - - - - - - -
មួយខែកន្លងផុតទៅ!...
ផ្ទៃមុខដែលធ្លាប់តែមានក្រណាត់សររុំព័ទ្ធជិតនោះ នៅថ្ងៃនេះគ្រូពេទ្យបាននឹងកំពុងស្រាយចេញ ទុកតែប្រឡោះរង្វង់ភ្នែកដែលនៅឡើយមិនទាន់ស្រាយចេញបាន។ បន្ទាប់ពីបានពិនិត្យរួចរាល់ហើយ លោកគ្រូពេទ្យនិយាយថា:
-''មុខរបួសជាសះល្អណាស់! នៅឡើយតែស្នាមផ្លែនៃមុខរបួសប៉ុណ្ណោះ! ចាំពេលថ្ងៃរសៀលបន្តិចចាំខ្ញុំណាត់ដុកទ័រខាងសម្ផស្សមកជួយពិនិត្យបន្ថែម!''
-''ចាសអរគុណលោកគ្រូពេទ្យ! (មីងពៅនិយាយ)''
លោកគ្រូពេទ្យក៏បានដើរចេញពីបន្ទប់ មីងពៅក៏ចូលមកពិនិត្យមើលមុខកូនស្រីហើយនិយាយថា:
-''ឱកូនអ្ហើយកូន! សុទ្ធតែស្នាមពេញតែមុខ! ហ៉ើយ!... សំណាងហើយពេលគ្រោះថ្នាក់ចេះមានពោងសុវត្ថិភាពជួយ! កុំអីមិនដឹងយ៉ាងណាយ៉ាងណីទេ!''
-''ខ្ញុំក៏ធុញថប់ខ្លាំងដែរម៉ាក់! ពេលនេះខ្ញុំយល់អារម្មណ៍មនុស្សពិការភ្នែកហើយ! ត្រូវរស់ក្នុងពិភពងងឹតសូន្យសុង! មិនដឹងយប់មិនដឹងថ្ងៃវាពិតជាពិបាកណាស់!''
-''ទ្រាំបន្តិចទៀតទៅកូន! មិនប៉ុន្មានទៀតទេ! កូនច្បាស់ជាអាចមើលឃើញវិញបានហើយ!''
-''តែនៅក្នុងមន្ទីរពេទ្យពិតជាគួរឲ្យខ្លាចណាស់...''
-''អ៉ើមែនហើយ!(និយាយកាត់) ម៉ាក់ភ្លេចឲ្យឈឹង!'' មីងពៅដើរទៅបើកកាបូបយកខ្សែសីម៉ាចេញមក ហើយលើកសំពះផុតក្បាលរួចដើរមកក្បែរដានីនឹងបង្គាប់ថា:
-''លើកដៃស្ដាំមកកូន! ម៉ាក់ពាក់ខ្សែសីម៉ាលោកតាចៅអធិការឲ្យ! ដើម្បីឲ្យកូនម៉ាក់នែកមានសេចក្ដីសុខ! ហើយពេលគេងមិនចាំបាច់យល់សប្តិឃើញរឿងមិនល្អតទៀត!''
ដានីលើកដៃឲ្យម្ដាយចងខ្សែសីម៉ា រួចនិយាយ:
-''ថ្វីត្បិតតែខ្ញុំយល់សប្តិឃើញរូបភាពដដែលៗជាប់ៗគ្នារៀងរាល់យប់ក៏ពិតមែន! តែអាគារមួយនោះវាពិតជាគួរឲ្យខ្លាចណាស់! ស្ងប់! ស្ងាត់! មានតែខ្យល់ត្រជាក់ព្រឺដល់ឆ្អឹងខ្នង...''
-''បានហើយកូន! ឈប់នឹកឈប់គិតឈប់និយាយពីវាទៀតទៅ! បានខ្សែសីម៉ាលោកតាពាក់ប៉ុនណេះហើយ! គ្មានខ្មោចព្រាយបីសាចឯណាមកលងពញ្ញាក់កូនស្រីរបស់ម៉ាក់ទេ!''
-''សាធុ!... តែនិយាយអ៊ីចឹងហេតុអីបងណាខុន និងដារ៉ូបាត់ទៅណាយូរខ្លាំងម៉េះម៉ាក់?''
-''ដារ៉ូប្អូនឯងគេរវល់ធ្វើការផងរៀបចំផ្ទះសំបែងផង! ទើបបានជាគ្មានពេល! ឯប្ដីរបស់កូនគេឧស្សាហ៍មកដែរតើ! តែមកតែពេលយប់ៗពេលកូនគេងលក់ហ្នឹងណា៎៎! ម៉ាក់ចេះតែភ្លេចនិយាយប្រាប់កូន!''។ ដានីមិនសប្បាយចិត្តទាល់តែសោះ ទើបមីងពៅនិយាយលួងលោម:
-''កុំគិតច្រើនពេកកូនម្ដាយ! ពួកគេមិនមែនអង្គុយដកដង្ហើមចោលឯណា៎៎! ម្នាក់ៗសុទ្ធតែរវល់បំពេញការងាររៀងៗខ្លួន! ម៉ាក់ធ្លាប់ឮប្ដីឯងគេនិយាយថាមួយរយៈនេះការងារមមាញឹកណាស់! តែក៏ល្អម្យ៉ាងព្រោះបានចំណូលមកច្រើនជួយគ្នាទប់ទល់ថ្លៃពេទ្យឲ្យកូនហ្នឹងណា៎៎!''
-''ខ្ញុំមានថាអីឯណា! គ្រាន់តែបាត់យូរ! ខ្ញុំនឹកពួកគេ!''
-''អ៉ើៗ! ឥលូវចាំម៉ាក់តេទៅរកដារ៉ូ!'' មីងពៅក៏យកទូរសព្ទ Call ទៅរកដារ៉ូ។
ដារ៉ូឯណេះវិញកំពុងញាប់ដៃញាប់ជើងខ្លាំងណាស់ គេកំពុងចិញ្ជ្រាំសាច់ជ្រូកធ្វើបបរគ្រឿងជាអាហារពេលព្រឹក។ ពេលឃើញលេខម្ដាយ Call មក គេឈោងយកទូរសព្ទមកនិយាយ ទាំងដៃម្ខាងកំពុងចិញ្ជ្រាំសាច់។
-''អាឡូដារ៉ូ!''
-''អាឡូម៉ាក់! កំពុងរវល់ខ្លាំងណាស់! ចាំរួចដៃខ្ញុំ Call ទៅវិញ!'' ដារ៉ូផ្ដាច់ទូរសព្ទត្រឹមនេះ ទាំងមិនដឹងថាដានីបងស្រីរបស់ខ្លួន កំពុងតែនឹករលឹកគេខ្លាំង។
ដារ៉ូក៏បន្តធ្វើអាហារពេលព្រឹករហូតដល់បបរឆ្អិនសាយក្លិនឈ្ងុយពេញផ្ទះ គេដួសដាក់ចានរួចយកមកគ្របទុកលើតុអាហារ ហើយដារ៉ូក៏រត់វ៉ឹងចូលក្នុងបន្ទប់មុជទឹកលុបលាងសំអាតខ្លួន ហើយក៏រៀបចំស្លៀកពាក់សមសួនត្រៀមទៅធ្វើការ។ រៀបចំខ្លួនរួចរាល់ហើយដារ៉ូចាប់យកកាបូបស្ពាយ ដើរចេញពីបន្ទប់រកមកញ៉ាំបបរ ហើយទៅធ្វើការតែម្ដង។ បើកទ្វារបន្ទប់ភ្លាមស្រាប់តែឃើញណាខុនប្រុងយារដៃគោះទ្វារ ឯដៃម្ខាងទៀតកាន់ខោខ្មៅជើងវែង។ ដារ៉ូសួរ:
-''មានការណ៍អីមែនទេបងប្រុស?'' ពេលគេងាកមើលទៅក្រោមក៏បើកភ្នែកធំៗ ហើយណាខុនប្រគល់ខោឲ្យគេនិងនិយាយថា:
នៅមានត
អរគុណសំរាប់ការអាន និងសូមអធ្យាស្រ័យបើមានពាក្យពេចន៍មិនសមរម្យ!...

No comments:

Post a Comment