Breaking

Tuesday, October 15, 2019

រឿង «ភ្នែកខ្មោច» ភាគទី2

រឿង «ភ្នែកខ្មោច»
ភាគទី2
និពន្ធដោយ : រដ្ឋធានី
#Khmer_Novel69



-''អឺ! ស្មានតែកូនប្រសាស្គាល់! ម៉ោះ! ឆាប់និយាយមើល៍... ម៉ាក់ចង់ដឹងថារឿងរ៉ាវយ៉ាងម៉េចខ្លះ?''
ណាខុនខំបន្លប់អារម្មណ៍មកជាធម្មតាវិញ រួចរ៉ាយរ៉ាប់យ៉ាងដូច្នេះ:
-''រឿងគឺវាអ៊ីចេះទេម៉ាក់! ម្សិលម៉ិញដានីទៅជប់លៀងនៅសាលាដែលនាងធ្លាប់បង្រៀន! ដោយសំអាងថាតាំងពីរៀបការហើយនាងត្រូវឈប់បង្រៀនហើយនឹករលឹកដល់កូនសិស្សរបស់នាងខ្លាំង! ហើយល្ងាចម្សិលម៉ិញខ្ញុំក៏ត្រូវពួកម៉ាកមកយកដល់ផ្ទះទៅចូល KTV តិចតួច! មិនទាន់នឹងសប្បាយផងស្រាប់តែឃើញលេខដានី Call មក! តែគឺជាប៉ូលីសអ្នក Call មក! គេប្រាប់ថាដានីជិះឡានទៅបុកឡានកង់ដប់ដឹកសរសៃដែកពីក្រោយទាំងដែលឡានគេឈប់ស្ងៀម! ធ្វើឲ្យកញ្ចក់ឡានខ្ទាតមុតមុខដានីពេញសុសសាច់! ខ្ទេចទាំងគ្រាប់ភ្នែក តែក៏សំណាងដែរមានអ្នកព្រមបរិច្ចាគ!''
-''ហ៉ឺ!... ឱកូនស្រីម៉ាក់អើយ! ហេតុអីត្រូវមកជួបរឿងអកុសលបែបនេះទៅវិញ? កូនប្រសាក៏អ៊ីចឹងដែរ! គួរណាតែប្រាប់ឲ្យម៉ាក់ដឹងតាំងពីម្សិលម្ល៉េះ!''
-''សុំទោសម៉ាក់!(សំពះ) ព្រោះខ្ញុំខ្លាចម៉ាក់និងដារ៉ូបារម្ភខ្លាំង! ម្យ៉ាងពេលនោះវិលវល់ខ្លាំងពេក! ខ្ញុំដឹងតែម្យ៉ាងគត់គឺធ្វើយ៉ាងណាសង្គ្រោះជីវិតដានីឲ្យផុតពីសេចក្ដីស្លាប់!''
- - - - - - - - - - - - - - - - - - - -
មីងពៅ ណាខុន និងដារ៉ូរង់ចាំពីមុខបន្ទប់វះកាត់យ៉ាងអន្ទះសារ រីនៅឯខាងក្នុងឯណេះវិញក្រុមគ្រូពេទ្យក៏កំពុងដុតដៃដុតជើងជួយសង្គ្រោះប្ដូរយកគ្រាប់ភ្នែកដាក់បញ្ចូលឲ្យជនរងគ្រោះ។ ក្រុមគ្រូពេទ្យខំប្រឹងធ្វើការងារយ៉ាងម៉ត់ចត់ អត់ធ្មត់ ជំនះរាល់ឧបសគ្គខំប្រឹងធ្វើយ៉ាងណាឲ្យការវះប្ដូរគ្រាប់ភ្នែកនេះប្រព្រឹត្តទៅបានដោយជោគជ័យ។
ឆ្លងកាត់អស់ពេលជាច្រើនម៉ោងជិតឈានដល់វេលាថ្ងៃត្រង់ ការវះកាត់បានបញ្ចប់ដោយជោគជ័យ។ គ្រូពេទ្យវឌ្ឍនាដើរចេញមកក្រៅទាំងញញឹម រួចនិយាយទៅកាន់អ្នកទាំងបី:
-''សូមកុំបារម្ភទៀតអី! ការវះកាត់បានជោគជ័យល្អណាស់!''
មីងពៅសប្បាយចិត្តឥតឧបមារ គាត់ពិតជាចង់ឃើញកូនស្រីគាត់ណាស់ ទើបសួរពេទ្យថា:
-''ក្មួយពេទ្យ! ចុះមីងអាចចូលទៅមើលកូនស្រីមីងបានហើយឬនៅ?''
-''ថ្វីត្បិតតែការវះកាត់បានជោគជ័យពិតមែន! ប៉ុន្តែខាងពេទ្យនៅមិនទាន់អនុញ្ញាត្តិឲ្យសាច់ញាត្តិចូលទៅសួរសុខទុក្ខបានទេ! ព្រោះដានីត្រូវសំរាកក្នុងបន្ទប់ ICU សិន!''
-''ហេតុអីទៅក្មួយពេទ្យ?''
-''សូមអ្នកមីងកុំបារម្ភអី! ដោយសារតែដានីមានរបួសពេញផ្ទៃមុខ! ជាពិសេសគឺភ្នែកដែលទើបប្ដូរដាក់ថ្មី! យើងមិនអាចឲ្យត្រូវបរិយាកាសឬអាចឲ្យឆ្លងមេរោគកខ្វក់បានទេ! ដូច្នេះទើបតំរូវឲ្យនៅបន្ទប់ ICU សិន!''
-''អូ! មីងយល់ហើយ!''
-''បាទ!'' វឌ្ឍនាក៏ដើរចេញទាំងមិនខ្ចីមើលមុខណាខុន ដែលរៀបនឹងហារមាត់សួរខ្លួន។
ដារ៉ូនិងមីងពៅចាប់ដៃគ្នាពេញដោយក្ដីត្រេកអរ ដារ៉ូឧទានឡើង:
-''ខ្ញុំសប្បាយចិត្តណាស់ម៉ាក់! បងស្រីឆ្លងផុតពីគ្រោះថ្នាក់ហើយ!'' ស្របពេលដែលនិយាយដារ៉ូគ្រលៀសភ្នែកឃើញណាខុន យកដៃកូរពោះហាក់ដូចជាកំពុងឃ្លានខ្លាំង ទើបគេនិយាយបន្តទៀតថា:
-''នេះម៉ោងដប់មួយឥលូវហើយ! ពួកយើងគិតនាំគ្នាទៅរកអីញ៉ាំសិនទៅ!''
-''មែនហើយ! ម៉ាក់ក៏ឃ្លានខ្លាំងដែរ! តោះៗកូនប្រសាឆាប់មក!''
-''បាទម៉ាក់! (ណាខុននិយាយ)''
ទាំងបីនាក់ម្ដាយកូនបាននាំគ្នាទៅស្រស់ស្រូបអាហារថ្ងៃត្រង់ នៅហាងអាហារជាប់នឹងមន្ទីរពេទ្យ។
ពេលកំពុងរង់ចាំអាហារមកដល់ មីងពៅក៏និយាយឡើងមក:
-''ហើយនេះកូនប្រសា! យករឿងដានីមានគ្រោះថ្នាក់ប្រាប់អ្នកដន្លងហើយឬនៅ?''
-''បាទ! នៅទេម៉ាក់!''
-''ម៉ាក់គិតថាកុំប្រាប់អីល្អជាង! ព្រោះពួកគាត់ទើបតែចេញទៅរស់នៅប្រទេសបារាំងផង! ដើម្បីកុំឲ្យពួកគាត់បារម្ភពីកូននៅឯខាងណេះអី!''
-''បាទម៉ាក់! ខ្ញុំគិតដូចជាម៉ាក់ដែរ! ព្រោះបើពួកគាត់ដឹង ពួកគាត់ច្បាស់ជាឡើងយន្តហោះត្រលប់មកស្រុកយើងវិញមិនខានទេ! នេះទំរាំតែបងស្រីខ្ញុំអន្ទងចិត្តពួកគាត់ឲ្យទៅរស់នៅទីនោះបានត្រូវចំណាយពេលអស់ជាច្រើនឆ្នាំផង!''
អាហារក៏លើកមកដល់ អ្នកទាំងបីក៏នាំគ្នាញ៉ាំអាហារទាំងនោះយ៉ាងស្ងៀមស្ងាត់ រួចរាល់ហើយក៏នាំគ្នាឡើងជិះឡានណាខុន ក្នុងបំណងត្រលប់ទៅផ្ទះវិញ។
ណាខុនដែលកំពុងបញ្ជាយាន ក៏ផ្ដើមកិច្ចសន្ទនាឡើងមកថា:
-''បើអ្នកម៉ាក់ត្រលប់ទៅផ្ទះ ហើយត្រូវត្រលប់មកវិញទៅមកៗ! ចំណាយទាំងពេលវេលា និងប្រាក់កាសច្រើនណាស់! ខ្ញុំគិតថាម៉ាក់និងដារ៉ូគួរនាំគ្នាមកសំរាកនៅផ្ទះខ្ញុំសិនក៏បាន!''
-''អឺ... កូនប្រសានិយាយត្រូវ! ម្យ៉ាងផ្ទះកូនប្រសានៅក្បែរមន្ទីរពេទ្យទៀត! ម៉ាក់នឹងងាយស្រួលមកមើលដានីផង! អេ៎៎ហើយចុះដារ៉ូកូន! កូនយ៉ាងម៉េចដែរ?''
ដារ៉ូញញឹមរួចតបវិញថា:
-''ល្អតើម៉ាក់! បានមកនៅទីក្រុងបែបនេះ! ស្រួលនឹងជិះទៅធ្វើការផង! និយាយត្រង់រាល់ថ្ងៃនេះធុញនឹងជិះម៉ូតូទៅមកៗណាស់!''
-''ល្អ! បើអ៊ីចឹងពេលទៅដល់ផ្ទះស្រូតរៀបចំខោអាវ និងរបស់របរប្រើប្រាស់យកមក!''
- - - - - - - - - - - - - - - - - - - -
បីថ្ងៃបានកន្លងផុតទៅ! មីងពៅបានត្រឹមឈរសំលឹងមើលពីខាងក្រៅបន្ទប់ ICU ហើយបន់ផ្សងសុំឲ្យដានីឆាប់ដឹងខ្លួនវិញក្នុងពេលឆាប់ៗ។
-''តើពេលណាដានីកូនស្រីមីងដឹងខ្លួនទៅក្មួយពេទ្យ? (មីងពៅសួរវឌ្ឍនា)''
-''តាមមើលស្ថានភាពគឺល្អប្រសើរណាស់អ្នកមីង! ខ្ញុំគិតថាមិនយូរទេនាងពិតជាដឹងខ្លួនមកវិញមិនខាន!''
-''បានឮក្មួយពេទ្យនិយាយបែបនេះមីងសប្បាយចិត្តណាស់! ហើយចុះបន្ទាប់ពីដានីដឹងខ្លួន មីងអាចមកកំដរកូនបានទេ?''
-''ពិតជាបានណាអ្នកមីង! ក្រោយពីដានីដឹងខ្លួនខ្ញុំនឹងផ្លាស់ឲ្យនាងទៅបន្ទប់ធម្មតាវិញ! អ្នកមីងអាចនៅកំដរកូនស្រីម្ភ៉ៃបួនម៉ោងក៏បានដែរ!''
មីងពៅសប្បាយចិត្តខ្លាំងណាស់ពេលបានស្ដាប់សំដីរបស់វឌ្ឍនា ឯវឌ្ឍនាក៏ក្រលេកមើលឆ្វេងស្ដាំ ហើយសួរមីងពៅថា:
-''មុននេះដូចជាឃើញណាខុនមកជាមួយអ្នកមីងដែរ! គេទៅណាបាត់ហើយអ្នកមីង?''
-''កូនប្រសាគេចេញទៅទិញកាហ្វេ! នេះក្មួយពេទ្យមានការណ៍អីជាមួយគេមែនទេ?''
-''បាទ! មានខ្លះៗដែរ! បើអ៊ីចឹងពេលគេមកវិញជួយផ្ដាំឲ្យទៅជួបខ្ញុំនៅបន្ទប់ធ្វើការរបស់ខ្ញុំផង!'' និយាយត្រឹមនេះវឌ្ឍនាក៏ដើរចេញទៅ។ មួយសន្ទុះក្រោយមកណាខុនដើរមកដល់ហុចកែវកាហ្វេឲ្យម្ដាយក្មេក ហើយមីងពៅក៏ប្រាប់ណាខុនថាពេទ្យវឌ្ឍនាចង់ជួប។
ណាខុនដើរបណ្ដើរបឺតកាហ្វេបណ្ដើរ ពេលមកជិតដល់បន្ទប់វឌ្ឍនាគេក៏បោះកែវកាហ្វេចូលក្នុងធុងសំរាម រួចឆ្ពោះមកកាន់បន្ទប់ធ្វើការរបស់វឌ្ឍនា។ បើកទ្វារខ្វាក! ក៏ហើបមាត់បោះសំដី:
-''ស្មានតែឯងឈប់និយាយរកយើងហើយ! ម៉េច? ឥលូវចង់ត្រូវគ្នាវិញមែនទេ? (និយាយបណ្ដើរ ដើរចូលមកអង្គុយលើកៅអី)''
-''ហ៉ើយ!... បីថ្ងៃហើយអាខុន! ឯងល្មមប្រាប់ការពិតឲ្យយើងដឹងហើយ ថាក្មេងម្នាក់នោះគេជាអ្នកណា?''
ណាខុនប្រែទឹកមុខភ្លាមមួយរំពេច ឆ្លើយតបវិញយ៉ាងលឿន:
-''រឿងអី? គ្រប់យ៉ាងយើងប្រាប់ឯងអស់រលីងហើយ!''
វឌ្ឍនាស្រាប់តែក្រោកឡើងគោះតុផាំង! ប្រតិកម្មវិញថា:
-''ឯងគិតថាអញល្ងង់ជឿសំដីឯងមែនទេ? ក្មេងម្នាក់នោះគ្មានបាក់ឆ្អឹងស្អីនោះទេ! ហើយបើគេឈឺមែន? ហេតុអីក៏ថ្លើមរបស់គេល្អខ្លាំងម្ល៉េះ? គេមានសុខភាពល្អបរិបូរណ៍! មិនសមជាអ្នកជំងឺឈឺដេកនៅហ្នឹងកន្ទេល ដូចដែរឯងថានោះទេ!''
ណាខុនឱនមុខជ្រប់ គេញីញ័រឆ្លើយតបទាំងរដាក់រដុប:
-''គឺ... គឺ... គឺ...''
-''គឺហ្នឹង! គឺស្អីឯងអាខុន!!! នែបើមិនប្រាប់! យើងនឹងប្ដឹងប៉ូលីសឲ្យមកអូសក្បាលឯងចូលគុកហើយ!''។ វឌ្ឍនាមិនបាននិយាយលេងនោះទេ គេប្រុងនឹងយកទូរសព្ទតេទៅប៉ូលីសពិតមែន ប៉ុន្តែក៏ត្រូវណាខុនឃើញទាន់ គេក៏ងើបមកកញ្ឆក់ទូរសព្ទពីដៃវឌ្ឍនាយកមកទុកលើតុវិញ:
-''ឯងធ្វើស្អីហ្នឹងអាពេទ្យ?? Ok ok គ្នានិយាយក៏បាន!''។ វឌ្ឍនាហាក់រាងស្ងប់ចិត្ត គេដាក់គូទលើកៅអីវិញ ហើយចាំស្ដាប់ការរ៉ាយរ៉ាប់ពីណាខុន:
-''គេមានឈ្មោះថាសុវណ្ណ! ឪពុកម្ដាយរបស់គេបានស្លាប់កាលពីបីឆ្នាំមុនដោយគ្រោះថ្នាក់ក្រឡាប់ឡាន! គ្នាឃើញគេគួរឲ្យអាណិតគ្មានបងប្អូនសាច់ញាត្តិ! ក៏យកគេមកចិញ្ចឹម! ជួលបន្ទប់ឲ្យគេស្នាក់នៅ និងផ្គត់ផ្គង់រាល់ការចំណាយលើការសិក្សារបស់គេទាំងអស់!''
-''បើឯងអាសូរគេដល់ម្ល៉ឹង! ហេតុអីក៏ឯងដាច់ចិត្តលើកដៃប្រហារគេទៅរួចហា៎៎អាខុន??''
-''អត់ទេ!(គ្រវីក្បាល) គ្នាពិតជាគ្មានចេតនាពិតមែន! ពេលឮឯងប្រាប់ថាដានីអាចនឹងពិការភ្នែកអស់មួយជីវិត! គ្នាវិលវល់អស់ហើយ! ក៏នឹកឃើញដល់គេមុនគេ! គ្នាក៏បានសុំគេស្រួលបួលដែរ ប៉ុន្តែគេមិនព្រម គ្នាក៏ជ្រុលដាល់គេពីរបីដៃរហូតដល់គេសន្លប់...''
-''បាន! បានហើយឈប់និយាយទៀតទៅ! កាន់តែស្ដាប់អញកាន់តែអស់សង្ឃឹមលើឯង! (វឌ្ឍនាក្រោកឈរដើរទៅបើកទូរយកកញ្ចប់ក្រណាត់សរមួយដុំ) ហ៏កណេះ!''
ណាខុនធ្វើមុខឆ្ងល់ មិនហ៊ានទទួលយក:
-''ស្អីហ្នឹងអាពេទ្យ???''
-''គឺជាធាតុរបស់ក្មេងប្រុសនោះ!!! ឯងយកទៅចាត់ចែងធ្វើបុណ្យឲ្យគេផង!''
ណាខុនឆេះឆួលរំជួលអារម្មណ៍ ចាប់អង្អែលកញ្ចប់ធាតុថ្នមៗ តែគេខំបន្លប់និងលូកយកក្រដាសសែកពីក្នុងអាវធំប្រគល់ទៅឲ្យវឌ្ឍនា:
-''គ្នារកឲ្យឯងតាំងពីថ្ងៃវះកាត់ហើយ! តែឯងមិននិយាយរកគ្នា!''
-''ក្រែងថ្លៃមន្ទីរពេទ្យឯងបង់រួចហើយមែនទេ? ហើយនេះជាអ្វី?''។ វឌ្ឍនាក៏បើកភ្នែកធំៗពេលឃើញចំនួនលុយ ក៏ប្រញាប់បត់សែកទុកចូលក្នុងហោប៉ៅភ្លាម។
-''ចាត់ទុកថាគ្នាជួយឧបត្ថម្ភមន្ទីរពេទ្យរបស់ឯងទៅចុះ!''
-''អ៉ើៗ! Thank you!!''។ គ្រូពេទ្យវឌ្ឍនាហាក់ដូចជាមានក្ដីរំភើបខ្លាំងណាស់ រីឯណាខុនកាន់អដ្ឋិធាតុរបស់សុវណ្ណចេញមកខាងក្រៅ រួចក៏ឡើងឡានជិះមកច្រាំងទន្លេ។ ណាខុនគួរណាតែយកអដ្ឋិធាតុនេះឲ្យព្រះសង្ឃបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធរបស់សព ប៉ុន្តែគេបែរជាដើរចុះមកដល់ច្រាំងទន្លេ ដាក់កញ្ចប់ធាតុចុះចូលក្នុងទឹកទន្លេ ធ្វើឲ្យធាតុអណ្ដែតលើទឹក ហើយលិចចូលម្ដងបន្តិចៗ។ ណាខុនឈរមើល ហើយក្នុងចិត្តនឹកភ្នក:
-''អហោសិកម្មឲ្យហ៊ាផងណាសុវណ្ណ! សូមឲ្យវិញ្ញាណក្ខន្ធសុវណ្ណបានទៅកាន់សុខគតិភព! បើមានជាតិក្រោយមែនពិត! សុំឲ្យហ៊ាបានសងនូវរាល់កំហុសដែលហ៊ាបានធ្វើដាក់ឯងឲ្យអស់ផងចុះ!''
កែវភ្នែកណាខុនពេលនេះឡើងក្រហម ឆួលជះស្រក់ទឹកភ្នែកចេញមក គេឈរស្ងៀមសំលឹងមើលរហូតដល់ក្រណាត់សរហ៊ុមព័ទ្ធឆ្អឹងនិងផេះផង់លិចបាត់ចូលក្នុងទន្លេ ទើបគេឡើងមកខាងលើហើយមកបើករថយន្តជិះចេញទៅ។
ភ្លាមៗរំពេចនោះ កញ្ចប់អដ្ឋិធាតុរបស់សុវណ្ណដែលកប់លិចចូលក្នុងទឹកទន្លេបាត់ទៅហើយនោះ ក៏ស្រាប់តែផុសអណ្ដែតឡើងមកវិញ គូសចេញជាប្រផ្នូរមួយយ៉ាងអាក្រក់។
- - - - - - - - - - - - - - - - - - - - -
ថ្ងៃទីប្រាំពីរបានឈានចូលមកដល់! ដានីនាងក៏បានដឹងខ្លួន ហើយត្រូវគ្រូពេទ្យផ្លាស់មកបន្ទប់ធម្មតាវិញ ប៉ុន្តែនាងនៅមិនទាន់និយាយបាននៅឡើយ ដោយសារមុខរបួសនៅមិនទាន់ជាសះ។ គ្រូពេទ្យវឌ្ឍនានៅតាមដាន និងពិនិត្យមើលយ៉ាងម៉ត់ចត់។
ក្រោយពីពិនិត្យរួច វឌ្ឍនានិយាយ:
-''យ៉ាងម៉េចដែលដានី? បើសិនជានៅមានអារម្មណ៍ធីងធោង ឬនៅឈឺមុខរបួសសូមងក់ក្បាល!''
ដានីងក់ក្បាល! មីងពៅដែលឈរនៅក្បែរកូនស្រីក៏សួរទៅពេទ្យថា:
-''យ៉ាងម៉េចហើយក្មួយពេទ្យ? បើដានីនិយាយមិនទាន់បានបែបហ្នឹងនែក?''
-''កុំបារម្ភអីអ្នកមីង! ដោយសារតែការដេររបួសលើថ្ពាល់ និងក្បែរមាត់ដានីទើបធ្វើឲ្យនាងនិយាយមិនទាន់បាន! យ៉ាងយូរមួយខែពីរខែទៀតដានីនិយាយបានដូចធម្មតាហើយ! ឥលូវគិតអ៊ីចេះចុះ! ដើម្បីងាយស្រួលខ្ញុំទុកក្រដាសនិងប៊ិចក្បែរដៃដានី! ពេលណាដានីចង់បានអីអាចសរសេរលើក្រដាសនេះបាន! ហើយអ្នកមីងបើសិនចង់ហៅគ្រូពេទ្យ! សូមអ្នកមីងចុចសញ្ញានេះណា៎៎គ្រូពេទ្យនឹងប្រញាប់មកភ្លាម! បើអស់កិច្ចការអីហើយខ្ញុំសុំលាទៅមើលអ្នកជំងឺផ្សេងទៀតសិនហើយបាទ!''
-''ចាស៎៎! អញ្ជើញចុះក្មួយពេទ្យ!''
លោកគ្រូពេទ្យវឌ្ឍនាក៏បែរខ្នងដើរចេញ ហើយក៏ប្រែទឹកមុខមកជាហត់នឿយ គេឈោងដៃមកចាប់ឈ្លីកញ្ចឹងកខ្លួនឯង ហើយរអ៊ូតិចៗថា:
-''យី!... ថ្ងៃនេះកើតអី? ហេតុអី្វក៏រោយកខ្លាំងម្ល៉េះ?'' រួចគេក៏ដើរចេញបន្តទៅពិនិត្យអ្នកជំងឺបន្តទៀត។
តែតាមការពិតកំពុងមានស្រមោលខ្មៅរាងដូចជាមនុស្សកំពុងអង្គុយគ្រៀកជាប់នឹងស្មារបស់គេ ទើបធ្វើឲ្យគេមានអាការៈបែបនេះ។ វឌ្ឍនាត្រូវទ្រាំធ្វើការទាំងល្ហិតល្ហៃ ទាំងមានអារម្មណ៍ថាខ្លួនឯងទទួលទំងន់ធ្ងន់ទៅៗ កញ្ចឹងកក៏រឹតតែឈឺខ្លាំង សូម្បីតែលោកគ្រូអ្នកគ្រូពេទ្យឯទៀតក៏នាំគ្នាលាន់មាត់ និងជំរុញឲ្យវឌ្ឍនាឈប់សំរាក ប៉ុន្តែវឌ្ឍនាមិនព្រមស្ដាប់នោះឡើយ គេនៅតែមានះព្យាយាមពិនិត្យ និងទទួលការវះកាត់រហូតដល់យប់រំលងអាធាត្រ។
រួចរាល់ពីការងារទាំងអស់ហើយ វឌ្ឍនាក៏ចាកចេញពីមន្ទីរពេទ្យដើរចូលមកអង្គុយក្នុងរថយន្ត ភ្លាមៗស្រមោលខ្មៅដែលទុំជាប់លើខ្លួនវឌ្ឍនាក៏រលាយបាត់សូន្យ។ ភ្លាមៗនោះរាងកាយរបស់វឌ្ឍនាក៏ហាក់រាងធូរស្រាលវិលមកសភាពធម្មតា ធ្វើឲ្យខ្លួនគេលាន់មាត់:
-''អីយ៉ា!... នៅសុខៗក៏បាត់រោយក! ហ៉ើយ!... សង្ស័យត្រូវមានពេលសំរាកខ្លះហើយទើបបាន!'' និយាយបែបនេះរួច វឌ្ឍនាក៏បើកឡានចេញពីមន្ទីរពេទ្យឆ្ពោះទៅលំនៅដ្ឋាន។ ដើម្បីកុំឲ្យបរិយាកាសស្ងាត់ខ្លាំងពេក វឌ្ឍនាបើកបទចំរៀងកំដរអារម្មណ៍ បើកឡានតាមល្បឿនដែលគេកំណត់នៅលើដងផ្លូវដ៏រលោងស្រិល។
ប៉ុន្តែរាត្រីនេះខុសប្លែកពីសព្វមួយដង ព្រោះថាកន្លងមកទោះយប់ថ្មើរណាក៏ដោយក៏នៅតែមានម៉ូតូឡានបរទៅមកមិនដែលដាច់ឡើយ។ ដោយឡែកគ្រូពេទ្យវឌ្ឍនាហាក់មិនចាប់ភ្លឹកនឹងភាពខុសប្លែកនេះឡើយ គេកំពុងស្រែកច្រៀងតាមបទចំរៀងដែលគេបានបើកតាមទូរសព្ទ។ កំពុងតែច្រៀងសុខៗ គេក៏ឈប់ច្រៀងពេលដែលភ្នែករបស់គេឃើញមនុស្សម្នាក់ឈរអែបក្បែរផ្លូវ ស្លៀកឈុតគេងពណ៌ឈាមជ្រូក ឈរស្ទង់ៗក្បែរបង្គោលភ្លើងបំភ្លឺផ្លូវ។ ឃើញមួយភ្លែតធ្វើឲ្យគេព្រឺបះរោម ប្រញាប់ថយរថយន្តមកកន្លែងដែលឃើញមុននេះ រួចនិយាយតែឯង:
-''ហើយអ្នកណាមកឈរទីនេះ??? យី!ទៅណាបាត់ហើយ? ម៉ិញឃើញឈរនៅនេះតើ! ដូចជាប្រហែលៗធ្លាប់ជួបនៅទីណា?? (វឌ្ឍនាព្យាយាមរកនឹក) អ៉ើមែនហើយ! ដូចអាម្នាក់ដែលអាខុនយកមកប្ដូរភ្នែកឲ្យប្រពន្ធវា!!!''
នៅមានត
អរគុណសំរាប់ការអាន និងសូមអធ្យាស្រ័យបើមានពាក្យពេចន៍មិនសមរម្យ!...

No comments:

Post a Comment