Breaking

Saturday, October 12, 2019

រឿង «ភ្នែកខ្មោច» ភាគទី1


រឿង «ភ្នែកខ្មោច»
ភាគទី1
និពន្ធដោយ : រដ្ឋធានី


សំលេងសារ៉ែនឡានពេទ្យបន្លឺឡើងសុំផ្លូវដល់អ្នកដំណើរកំពុងធ្វើចរាចរណ៍លើដងវិថី ដើម្បីជួយសង្គ្រោះអាយុជីវិតអ្នករងគ្រោះ។ អ្នកបើកបររថយន្តក៏មានចិត្តសប្បុរសអ្នកខ្លះបន្ថយល្បឿន អ្នកខ្លះអែបខាង ដើម្បីសំរួលដល់រថយន្តសង្គ្រោះបន្ទាន់ឲ្យបានឆាប់ដល់គោលដៅ។ ពេលរថយន្តមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យក៏រុញគ្រែអ្នករងគ្រោះចេញមក ប្រញាប់រុញចូលបន្ទប់សង្គ្រោះបន្ទាន់។ នារីរងគ្រោះដេកស្ដូកសន្លប់បាត់ស្មារតី មានអំបែងកែវមុតដោតជាប់សុសពេញផ្ទៃមុខឈាមហូរដាប។ មានបុរសរូបសង្ហាម្នាក់នៅអែបក្បែរនាងតាំងពីនៅក្នុងឡាន រហូតអូសចេញពីរថយន្តបន្តរហូតដល់បន្ទប់សង្គ្រោះបន្ទាន់ ប៉ុន្តែគ្រូពេទ្យមិនអនុញ្ញាត្តិឲ្យគេចូលទៅខាងក្នុងឡើយ។ អ្នកគ្រូពេទ្យម្នាក់និយាយថា:
-''សាច់ញាតិអ្នករងគ្រោះសូមចាំនៅខាងក្រៅ!'' ហើយទ្វារបន្ទប់សង្គ្រោះក៏ត្រូវបានបិទ។
ណាខុនភ័យស្លេកស្លាំង ផ្អែកខ្នងនឹងជញ្ជាំងពេញពោរដោយក្ដីអស់សង្ឃឹម ពេលនោះលោកវេជ្ជបណ្ឌិតវឌ្ឍនាដើរចូលមកយ៉ាងប្រញាប់ប្រញាល់ គ្រាន់តែឃើញមិត្តសំលាញ់ណាខុនស្ទុះចូលទៅចាប់ដៃនិយាយថា:
-''ជួយប្រពន្ធគ្នាឲ្យបានណា៎៎! គ្នាសង្ឃឹមលើឯងទាំងស្រុងហើយ!''
-''កុំបារម្ភអី! គ្នានឹងប្រឹងឲ្យអស់ពីសមត្ថភាព! ឯងឆាប់ទៅបំពេញប្រវត្តិរូបប្រពន្ធឯងផង! ប្រពន្ធឯងច្បាស់ជាមិនអីទេ!''។ វឌ្ឍនាក៏ប្រញាប់ចូលទៅខាងក្នុង ចាប់ផ្ដើមសង្គ្រោះអ្នករងគ្រោះឲ្យគេចផុតពីផ្លូវមច្ចុរាជ។
ណាខុនដើរទៅបំពេញប្រវត្តិរូបភរិយាទាំងល្ហិតល្ហៃ បំពេញចប់រួចរាល់គេដើរមកអង្គុយចាំនៅពីមុខបន្ទប់សង្គ្រោះបន្ទាន់ រង់ចាំឡើងអន្ទះសារ។
- - - - - - - - - - - - - - - - - - - -
ការវះកាត់យកកំទេចកញ្ចក់ចេញពីផ្ទៃមុខអ្នករងគ្រោះត្រូវចំណាយពេលអស់ជិតបួនម៉ោង។ គ្រូពេទ្យវឌ្ឍនាដើរចេញមកខាងក្រៅ ឯណាខុនដែលកំពុងរង់ចាំមិនហ៊ានសំរាក ទោះបីពេលនេះម៉ោងដប់យប់ទៅហើយក្ដី។ គេស្ទុះភ្លែតមកចាប់ដៃមិត្តយ៉ាងណែន សួរភ្លាមមិនបង្អង់:
-''យ៉ាងម៉េចហើយអាពេទ្យ! ប្រពន្ធគ្នានាងមិនអីទេមែនទេ?''
វឌ្ឍនាលារដៃរួចអង្អែលដៃណាខុនសើរៗ គេដកដង្ហើមធំសិនមុននឹងឆ្លើយតប:
-''ហ៉ើយ!... របួសលើផ្ទៃមុខមិនជាបញ្ហាអីធ្ងន់ធ្ងរនោះទេ! ប្រហែលពេលជួបគ្រោះថ្នាក់ប្រពន្ធឯងភ័យស្លន់ខ្លាំងពេក! ទើបកំទេចកញ្ចក់ចាក់ធ្លុះគ្រាប់ភ្នែកទាំងសងខាង!''
-''ថា...ថា...ម៉េច?? អ៊ីចឹងមានន័យថា...''
-''តែឯងកុំបារម្ភអីណា៎៎សំលាញ់! គ្នាបានឲ្យក្រុមការងារទាក់ទងទៅគ្រប់មន្ទីរពេទ្យទាំងអស់ក្នុងប្រទេសយើងហើយ! ប្រសិនបើមាននរណាម្នាក់ស្ម័គ្រចិត្តបរិច្ចាគកែវភ្នែក! ខាងយើងនឹងចាត់ចែងវះកាត់ប្ដូរភ្លាមៗមិនបង្អង់យូរនោះទេ! ព្រោះបើ...''
-''យ៉ាងម៉េចហា៎៎អាពេទ្យ??? (និយាយកាត់)''
-''បើរង់ចាំយូរ! នាងនឹងពិការភ្នែកអស់មួយជីវិត! ឯងត្រូវត្រៀមចិត្តទុកមុនផង!''
ណាខុនទំលាក់គូទអង្គុយលើកៅអីវិញទាំងអស់សង្ឃឹម វឌ្ឍនាដើរចូលមកចាប់ស្មាគេ និយាយលួងលោម:
-''កុំអាលអស់សង្ឃឹមអាខុន! ត្រូវតែមានសង្ឃឹមជានិច្ច! ព្រោះពេលនោះមិនទាន់មកដល់ទេ! មួយម៉ោងក្រោយ ឬនៅថ្ងៃស្អែកអាចនឹងមានអ្នកបរិច្ចាកឲ្យក៏ថាបាន! ត្រូវចេះធ្វើចិត្តឲ្យស្រួលបួលណាឯង! គ្នាសុំទៅសំរាកបន្តិចសិន!'' ពេទ្យវឌ្ឍនាក៏ដើរចេញទៅ។
ណាខុនឆ្លេឆ្លាកំពុងរកវិធីយ៉ាងណាជួយសង្គ្រោះកែវភ្នែកភរិយាខ្លួន គេអង្គុយមិនសុខទេដៃទាំងគូជ្រោងសក់ទាំងដៃរបស់គេចាប់ផ្ដើមញ័រឡើងកន្ត្រាក់។ បានបន្តិចមកណាខុនក្រោកឈរក្ដាប់ដៃយ៉ាងណែន ហើយចាកចេញពីមន្ទីរពេទ្យ រកម៉ូតូឌុបជិះទៅផ្ទះរបស់ខ្លួន រួចឡើងឡានជិះចេញទៅបាត់ទៅ។
- - - - - - - - - - - - - - - - - - - -
នាវេលាម៉ោងមួយរំលងអាធ្រាត្ររថយន្តរបស់ណាខុនបានមកឈប់នៅខាងក្រោយមន្ទីរពេទ្យ ទីនេះស្ងាត់ជ្រងំណាស់។ ណាខុនបែកញើសជោគថ្ងាស ឈប់អែបឡានចូលខាងរួចរាល់ គេពន្លត់ម៉ាស៉ីនរថយន្ត ហើយក៏និយាយម្នាក់ឯងថា:
-''ហ៊ាសុំទោស! ពេលដែលធ្វើការវះកាត់រួចរាល់! ហ៊ាសន្យាថានឹងចិញ្ចឹម! មើលថែឲ្យឯងរស់បានសុខស្រណុកសុខស្រួលអស់មួយជីវិត!...''។ ហើយណាខុនបើកទ្វារឡានចេញមកខាងក្រៅ ដើរមកបើកគូទឡានបង្ហាញឲ្យឃើញក្មេងប្រុសជំទង់ម្នាក់ស្លៀកឈុតគេងពណ៌ឈាមជ្រូក ដេកស្ដូកបត់ខ្លួនក្នុងឃ្លុបខាងក្រោយយ៉ាងស្ងៀមស្ងាត់។ ណាខុនរឹតតែញ័រដៃពេលឃើញមុខក្មេងប្រុសម្នាក់នេះ គេក៏បែរខ្នងចេញឈប់សំលឹងមើលមុខ ហើយភ្ជាប់ខ្សែទូរសព្ទទៅពេទ្យវឌ្ឍនា។
-''អាឡូអាពេទ្យ! គ្នារកបានអ្នកបរិច្ចាគគ្រាប់ភ្នែកហើយ!''
-''អីគេ?? រកបានហើយអី??''
-''អឺ... ឆាប់មក! នៅខាងក្រោយមន្ទីរពេទ្យ!'' និយាយតែប៉ុនណេះ ណាខុនផ្ដាច់ខ្សែទូរសព្ទភ្លាមមួយរំពេច។
កន្លងទៅប្រហែលប្រាំនាទី គ្រូពេទ្យវឌ្ឍនាបានបង្ហាញខ្លួនទាំងអាការៈងងុយនៅជាប់ខ្លួន មកដល់ភ្លាមក៏សួរភ្លែត:
-''ហើយឯងទៅយកអ្នកណាមកហ្នឹង? ហើយចាំបាច់អីត្រូវមកខាងក្រោយមន្ទីរពេទ្យវិញ? ហើយចុះឯងកើតអីអាខុន? ម៉េចក៏បែកញើសជោគថ្ងាសអ៊ីចឹង?''
-''អត់កើតអីទេវ៉ី!!!''
-''ហើយចុះឯណាអ្នកស្ម័គ្រចិត្តប្រគល់កែវភ្នែក? គេនៅឯណា?''
ណាខុនពេលនេះកំពុងឈរអែបនឹងមាត់ទ្វារខាងក្រោយមន្ទីរពេទ្យ គេមិនបានតបដោយសំដីទេ គេលើកដៃចង្អុលទៅឡានរបស់គេដែលឈប់អែបក្បែររបងមន្ទីរពេទ្យ។ វឌ្ឍនាងឿងឆ្ងល់ខ្លាំងណាស់ ពេលឃើញសកម្មភាពខុសពីប្រក្រតីបែបនេះ គេបោះជំហ៊ានមួយៗដើរចូលទៅក្បែររថយន្ត សំលឹងមើលខាងក្នុងមិនឃើញមានអ្នកណាឡើយ គេដើរមកដល់ខាងក្រោយក៏ភ្ញាក់ព្រើត! ពេលឃើញមនុស្សដេកស្ងៀម គេស្ទុះភ្លែតចូលទៅស្ទាបជីពចរត្រង់កញ្ចឹងកតាមវិជ្ជាពេទ្យ គេក៏រឹតតែភ្ញាក់ផ្អើលស្វាងងងុយភ្លាម ងើបក្បាលនិយាយមកកាន់ណាខុន:
-''អាខុន!! គេស្លាប់បាត់ហើយ!!!''
ណាខុនឮភ្លាមញ័រសព្វទាំងកាយា អុកគូទខ្ពោកដល់ដី ដៃជ្រោងសក់មមីមម៉ាំងស្រដីតិចៗថា:
-''ហ៊ាគ្មានចេតនាទេ! ហ៊ាគ្មានចេតនាទេ!....''
វឌ្ឍនារត់មកចាប់ក្រៀកឲ្យណាខុនក្រោកឡើងឈរ ហើយស្រែកសួរ:
-''ក្មេងម្នាក់នោះជាអ្នកណាហា៎៎!? ឯងសំលាប់គេមែនទេ? មែនទេ? ម៉េចក៏ឯងធ្វើបែបនេះទៅរួចអាខុន? ឯងឆាប់ប្រាប់អញភ្លាមម៉ោ!!!''
-''គ្នា... គ្នា... គឺគ្នាគ្មានចេតនាទេ!!!''
-''គ្មានចេតនា? កោតឯងនិយាយបែបនេះចេញមករួច? ជីវិតមនុស្សណា៎៎! មិនមែនជាជីវិតជ្រូកមាន់ ដែលត្រូវគេសំលាប់ដាក់លក់លើទីផ្សារនោះទេ! ឯងនេះធ្វើឲ្យយើងអស់សង្ឃឹមខ្លាំងណាស់!''
-''គ្នាពិតជាគ្មានចេតនាពិតមែន! ការណ៍ដែលត្រូវធ្វើបែបនេះក៏ព្រោះគ្នាចង់ជួយសង្គ្រោះប្រពន្ធរបស់គ្នា! គ្នាខ្លាចនាងនឹងត្រូវពិការភ្នែកអស់មួយជីវិត!''
-''អូហ៍... ឯងខ្លាចប្រពន្ធឯងពិការភ្នែក? ចុះគេក៏មានជីវិតមួយដែរ! សុំទោស! ក្នុងនាមជាគ្រូពេទ្យមានក្រមសីលធម៌ម្នាក់អញមិនអាច... វះយកភ្នែកគេមកបានទេ!!!''
វឌ្ឍនាប្រុងបែរខ្នងដើរចេញ តែណាខុនក៏ស្ទុះកន្ត្រាក់ចាប់បែរខ្លួនវឌ្ឍនាមកវិញ។ ឯកែវភ្នែករបស់គេក្រឡាប់ចាក់ហាក់ដូចកំពុងរកនឹកអ្វីមួយមកនិយាយ គេចាប់ដៃសំលាញ់ពេទ្យយ៉ាងណែន ខំអង្វរករថា:
-''គ្នាសុំអង្វរឯងណាអាពេទ្យ! ហើយ... ហើយ... ហើយម្យ៉ាងអាក្មេងម្នាក់នេះគេ... គេ...''
-''គេយ៉ាងម៉េច? (និយាយកាត់)''
-''គេធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវបាក់ឆ្អឹងខ្នង! ដេកដួលរមួលតែនៅលើកន្ទេលមករាប់ឆ្នាំហើយ!''
វឌ្ឍនាឮហើយធ្វើមុខមាំ តបដោយសំដីរាងស្រពិចស្រពិល:
-''ពិតមែនហ្អ៊ែរ?''
-''ពិតៗៗៗ! វាជាការពិត''។ ប៉ុន្តែគ្រូពេទ្យវឌ្ឍនាបែរជារលាស់ដៃណាខុនចេញបដិសេធថា:
-''យ៉ាងណាក៏វានៅតែមិនអាច... ជីវិតមនុស្សម្នាក់ណា៎៎អាខុន! ស្រួលមិនស្រួលអាចមានបញ្ហាទាំងមន្ទីរពេទ្យរបស់យើងទៀត!''
ណាខុនលាឈោងចាប់ដៃវឌ្ឍនាម្ដងទៀត រួចអះអាងថា:
-''ឯងកុំបារម្ភពីរឿងហ្នឹងឲ្យសោះ! គ្មាននរណាម្នាក់ចូលមកពាក់ព័ន្ធបានទេ! គេជាក្មេងកំព្រាដែលយើងអាណិតរើសមកចិញ្ចឹម! គ្នាហ៊ានយកក្បាលមកធានាចំពោះរឿងនេះណាអាពេទ្យ!''
វឌ្ឍនាដូចជាមិនដាច់ចិត្តធ្វើរឿងនេះសោះ គេនៅស្ងៀមរារែកមួយស្របក់ធំ ទើបគេសំរេចចិត្តថា:
-''ក៏បាន! តែអញសុំប្រាប់ឲ្យដឹងមុន! បើប៉ូលីសមករករឿងលើករណីនេះ! អញមិនទទួលខុសត្រូវជាដាច់ខាត! គឺឯង(ចង្អុលមុខ) ជាអ្នកទទួលខុសត្រូវគ្រប់យ៉ាង!''
ណាខុនញញឹមងក់ក្បាលដោយក្ដីអំណរ:
-''អរគុណ! អរគុណ!''
វឌ្ឍនាក៏ដើរចូលក្នុងយកគ្រែរុញចេញមក ហើយអ្នកទាំងពីរក៏ជួយគ្នាលើកសាកសពដាក់លើគ្រែរុញនោះ។ សាកសពមានសភាពទន់នៅឡើយ ព្រោះមុខរបស់សាកសពនៅស្រស់ញញឹម គេជាមនុស្សមានមុខមាត់ស្អាតបាត តែអនិច្ចាសង្ខារលត់ទៅហើយ គេដេកស្ងៀមលើគ្រែរុញ ត្រូវវឌ្ឍនានិងណាខុនរុញចូលមកដល់ក្នុងបរិវេណមន្ទីរពេទ្យ។ ពេលចូលមកដល់ដាក់សាកសពក្នុងបន្ទប់រក្សាសាកសពរួចរាល់សព្វគ្រប់ វឌ្ឍនានិយាយទៅកាន់ណាខុន:
-''បានហើយ! ឯងទៅសំរាកក្នុងបន្ទប់ធ្វើការរបស់យើងទៅ! ព្រឹកស្អែកយើងនឹងវះយកកែវភ្នែករបស់គេប្ដូរដាក់ឲ្យប្រពន្ធឯង!''
ណាខុនមិនបានត្រលប់ខ្លួនបោះជំហ៊ានទៅមុខទេ គេដើរថយក្រោយសន្សឹមៗសំលឹងមើលមុខសាកសពដោយក្ដីអាឡោះអាល័យ ទាល់តែវឌ្ឍនាយកក្រណាត់សរមកដណ្ដប់លើសាកសព ទើបណាខុនបែរខ្លួនដើរចេញទាំងក្ដីរន្ធត់។ រីឯលោកគ្រូពេទ្យវឌ្ឍនាគេនៅសំងំធ្វើឯកសារក្លែងក្លាយ រួចយកមកដាក់លើខ្លួនសពដើម្បីបញ្ជាក់ថាសាកសពនេះត្រូវបានក្រុមគ្រួសារអនុញ្ញាត្តិឲ្យបរិច្ចាគសរីរាង្គមកខាងមន្ទីរពេទ្យ។
- - - - - - - - - - - - - - - - - - - -
ចរាចរណ៍នៅទីក្រុងចាប់ផ្ដើមកកកុញ ព្រោះនេះជាពេលត្រូវទៅបំពេញកាតព្វកិច្ចរៀងៗខ្លួន ទាំងសិស្ស បុគ្គលិករដ្ឋនិងឯកជន រួមទាំងកម្មករកម្មការិនី នាំគ្នាសំរុកចេញទៅទីតាំងរបស់ខ្លួន។ ក្នុងនោះឡានតាក់ស៉ីមួយគ្រឿងក៏កំពុងជាប់ស្ទះលើដងផ្លូវ ប៉ុន្តែបែរជាមានការតឿនរន្ថើនពីអតិថិជន ស្ត្រីវ័យចំណាស់ម្នាក់រួមដំណើរជាមួយកូនប្រុស:
-''នែក្មួយអ្នកបើក! ជួយបើកឲ្យលឿនតិចម៉ោ! អ៊ំប្រញាប់ទៅមើលកូនអ៊ំនៅឯមន្ទីរពេទ្យណា៎៎!''
-''ពុទ្ធោ! នេះកំពុងស្ទះចរាចរណ៍ណាអ៊ំស្រី! ឲ្យខ្ញុំនែកជ្រែកទៅណារួច? (អ្នកបើកតាក់ស៉ីតប)''
ដារ៉ូកូនមីងពៅឃើញបែបនេះ ជួយលួងលោមម្ដាយថា:
-''ស្ទះខ្លាំងណាស់ម៉ាក់! ម៉ាក់ធ្វើចិត្តឲ្យស្ងប់ទៅ! បងស្រីគាត់ច្បាស់ជាមិនអីទេ!''
មីងពៅបានត្រឹមដកដង្ហើមធំ រង់ចាំទំរាំឡានអាចរួចចេញពីការកកស្ទះ ហើយបន្តមកដល់មន្ទីរពេទ្យ។ ក្រោយមកដល់មន្ទីរពេទ្យ ទាំងពីរនាក់ម្ដាយកូនស្រូតម្នីម្នាចូលទៅក្នុងមន្ទីរពេទ្យ សួរនាំពីកន្លែងផ្ដល់ព័ត៌មានរួច ក៏បន្តដំណើរឡើងទៅជាន់ទីពីរ។ គ្រាន់តែក្រលេកឃើញណាខុនភ្លាម មីងពៅស្ទុះទៅយ៉ាងលឿនសួរនាំថា:
-''ដានីគេនៅឯណាកូនប្រសា? ហើយរឿងរ៉ាវវាយ៉ាងម៉េចខ្លះឆាប់ប្រាប់ម៉ាក់មក! គ្រាន់តែម៉ាក់ទទួលបានដំណឹងនេះភ្លាមម៉ាក់វីសនឹងសន្លប់បាត់ទៅហើយ!''
ដារ៉ូឃើញសភាពបងថ្លៃយ៉ាប់យ៉ឺនខ្លាំងណាស់ គេនាំម្ដាយចូលទៅអង្គុយលើកៅអី ហើយនិយាយថា:
-''កុំអាលសួរនាំបងប្រុសនៅពេលនេះអីណា៎៎ម៉ាក់! មើល៍ទៅបងប្រុសដូចជាមិនបានសំរាកពេញមួយយប់ហើយ!''
ណាខុនដកដង្ហើមធំ រួចនិយាយ:
-''ក្រុមគ្រូពេទ្យកំពុងត្រៀមវះកាត់ប្ដូរភ្នែកឲ្យដានី!''
ទាំងមីងពៅទាំងដារ៉ូភ័យស្លុតដូចគ្នា ពេលឮសំដីរបស់ណាខុន។
-''ពុទ្ធោបងស្រី!!!''
-''នេះរឿងរ៉ាវយ៉ាងម៉េចហ្នឹងកូនប្រសា? ក្រែងដានីនាងជួបគ្រោះថ្នាក់ចរាចរណ៍! តែហេតុអីបានជាត្រូវវះកាត់ប្ដូរគ្រាប់ភ្នែកទៅវិញ?''
-''រឿងគឺ...'' ប្រុងនឹងហារមាត់ប្រាប់ម្ដាយក្មេកឲ្យដឹង ប៉ុន្តែណាខុនមានអារម្មណ៍តក់ស្លុតរហូតមិនអាចហារមាត់តទៅទៀតបាន ពេលក្រលេកឃើញវឌ្ឍនាដើរចូលមក ជាមួយនឹងគ្រូពេទ្យពីរនាក់ទៀតកំពុងរុញគ្រែដែលមានក្រណាត់សរគ្របជិតលើសាកសព។
-''យ៉ាងម៉េចហ្នឹងកូនប្រសា?? (មីងពៅឆ្ងល់)''។ គាប់ជួនពេលនោះវឌ្ឍនាដើរមកដល់ល្មម ពេលឃើញម្ដាយក្មេករបស់ណាខុននៅជាមួយ គេលើកដៃសំពះ:
-''ជំរាបសួរអ្នកមីង!''
មីងពៅក្រោកឈរឡើងប្រញាប់សួរនាំពីអាការៈកូនស្រី:
-''កូនស្រីមីងកើតអីធ្ងន់ធ្ងរទេក្មួយពេទ្យ?''
-''ស្ងប់ចិត្តចុះអ្នកមីង! សំណាងណាស់ក្រុមគ្រួសាររបស់សពស្ម័គ្រចិត្តប្រគល់សពឲ្យខាងមន្ទីរពេទ្យ! ដូច្នេះដានីនាងពិតជាមិនអីទេ!''
ស្របពេលដែលមីងពៅកំពុងនិយាយជាមួយវឌ្ឍនា ណាខុនតក់ស្លុតខ្លាំងណាស់ពេលសពឈប់ក្បែរខ្លួន។ បរិយាកាសពេលនោះគឺស្ងប់ល្អណាស់ ស្រាប់តែមានខ្យល់បក់មកមួយវូ! លាត់សើយក្រណាត់គ្របមុខសពឡើង រឹតតែបន្ថែមភាពតក់ស្លុតឲ្យណាខុនមួយកំរិតទៀត។ មុខសពពេលនេះបានប្រែប្រួលមកសភាពស្លេកស្លាំង គ្រូពេទ្យដែលឈរក្បែរក៏ប្រញាប់ទាញក្រណាត់យកមកគ្របមុខសព ហើយបើកទ្វាររុញចូលទៅខាងក្នុង។
-''ខ្ញុំធានាថាដានីពិតជាមិនអីទេ! (វឌ្ឍនានិយាយទៅកាន់មីងពៅ)'' និយាយរួចវឌ្ឍនាក៏ដើរចូលទៅខាងក្នុង តែក៏ឆ្លៀតដៀងភ្នែកសំឡក់ណាខុនសិនមុននឹងដើរចូលបន្ទប់វះកាត់។
មីងពៅរន្ធត់ចិត្តខ្លាំងណាស់ គាត់ទំលាក់ខ្លួនអង្គុយចុះលើកដៃប្រណម្យរួចនិយាយថា:
-''សូមឲ្យវត្ថុសក្តិសិទ្ធ និងផលបុណ្យកុសលដែលខ្ញុំបានសាងកន្លងមក! សូមជួយឲ្យកូនស្រីនាងខ្ញុំរួចផុតពីទុក្ខជួបតែសេចក្ដីសុខ! និងមួយចំណែកទៀតសូមឧទ្ទិសដល់សពមុននេះ! សូមឲ្យបានទៅកាន់សុខគតិភពផងចុះ! សាធុៗៗ!!!''
ដារ៉ូដែលអង្គុយក្បែរក៏និយាយឡើងមកថា:
-''អំបាញ់ម៉ិញនេះខ្ញុំឃើញមុខសពណា៎៎ម៉ាក់! នៅក្មេងល្ហក់... សង្ស័យតែធ្វើអត្តឃាតហើយមើលទៅ!''
-''អូអ៊ីចឹងផងហ្អ៊ែរ? (ងាកមកណាខុន) កូនប្រសា! កូនមានដឹងថាសពមុននេះគេជាអ្នកណាទេ?''
-''ទេ! ទេៗៗ... ខ្ញុំមិនដែលស្គាល់ទេ!...''
នៅមានត
អរគុណសំរាប់ការអាន និងសូមអធ្យាស្រ័យបើមានពាក្យពេចន៍មិនសមរម្យ!...


No comments:

Post a Comment