Breaking

Sunday, February 17, 2019

រឿង ម្ចាស់គ្រងបេះដូង💜 ភាគទី១

រឿង ម្ចាស់គ្រងបេះដូង 
ភាគទី១
និពន្ធដោយ Pii Chhay
#Khmer_Novel69


      ដំណើររឿងចាប់ផ្តើមចេញពីក្មេងប្រុសជំទង់ម្នាក់។  វិទូជាឈ្មោះក្មេងប្រុសម្នាក់ដែលមានអាយុទើបតែ១៨ឆ្នាំ ដែលកំពុងតែសិក្សានៅវិទ្យាស្ថានមួយក្នុងទីក្រុងភ្នំពេញឆ្នាំទី១ផ្នែករចនាប្លង់។ វិទូជាមនុស្សដែលចូលចិត្តលេងសើចច្រើនតែពេលខ្លះក៏ស្ងៀមស្ងាត់, តែងតែផ្តល់តំលៃឲ្យមនុស្សជុំវិញខ្លួន, ស្រលាញ់រាប់អាននរណាម្នាក់គឺអស់ពីចិត្ត និងជាអ្នកពូកែស្រមើស្រមៃ(ហាហាដូចអ្នកសរសេរដែរ)។  
     ដោយអំណោយផលពីឪពុកម្តាយ វិទូតែងតែទទួលបានការចាប់អារម្មណ៍ជាងគេក្នុងចំនោមក្រុម ព្រោះតែមានទំរង់មុខដែលទទួលបានពីម្តាយស្ទើរតែទាំងស្រុងគឺភ្នែកធំដោយមិនបាច់កិប, ច្រមុះស្រួចដោយមិនបាច់កែ, បបូរមាត់ស្តើងដោយមិនបាច់កាត់, ចិញ្ចើមក្រាស់ដោយមិនបាច់សាក់, ចង្ការស្រួចវែងដោយមិនបាច់ចាក់, សក់ខ្មៅរលោងស្រិលដែលបានកាត់ដោយមានស្ទាយ កំពស់ក៏បានទៀត។ បេីនិយាយពីស្បែកវិញម៉ែឪអាទន់ សខ្ចីញេញតែម្តងហើយក៏មិនអាចខ្វះបានឡើយគឺក្លិនខ្លួនដ៏សែនក្រអូប ព្រោះវិទូគឺជាមនុស្សដែលមានការមើលថែខ្លួនបានល្អ(ស្អាតជ្រុលពេកហើយ)។  
បេីនិយាយពីប្រវិត្តក្នុងគ្រួសារវិញ វិទូគឺជាកូនប្រុសពៅនៅក្នុងគ្រួសារដោយមានបងប្រុសម្នាក់និងបងស្រីធំម្នាក់។ បងប្រុសវិទូខុសពីវិទូដោយជ្រើសយកភាពស្រស់សង្ហាពីឪពុកវិញ គឺភ្នែកតូច ច្រមុះស្រួច រាងកាយហាប់ណែនមាំមួនហើយក៏ខ្ពស់ជាងវិទូដែរ និយាយទៅគឺដូចតួឯកចិនចឹង។  វិទូស្និតស្នាលជាមួយបងប្រុសរបស់គេណាស់ គ្រប់រឿងរ៉ាវមិនថាការសប្បាយរឺក៏កើតទុក្ខបងប្រុសម្នាក់នេះហើយជាអ្នកដំបូងដែលបានដឹងលឺ។ ចំនែកបងប្រុសដ៏សែនល្អមួយនេះក៏មិនដែរស្រលាញ់នឹងមើលថែអ្នកណាខ្លាំងជាងវិទូនោះឡើយ ហេតុដូចនេះហើយទើបធ្វើឲ្យវិទូមានអារម្មណ៍ល្អៗជាមួយនឹងមនុស្សប្រុសច្រើន ច្រេីនរហូតធ្វើឲ្យវិទូសែបគប់ជាមួយនរណាមិនបានយូរ ព្រោះវិទូគិតថាអារម្មណ៍មនុស្សស្រីពិបាកយល់ជាងមនុស្សប្រុសឆ្ងាយណាស់ ហើយក៏ពិបាកនឹងតាមយកចិត្តទើបធ្វើឲ្យបង្ខាំងខ្លួនឯងឲ្យនៅទំនេរ(Single)ដល់សព្វថ្ងៃ។  
ចូលមកដល់ការសិក្សាវិញម្តង ក្រោយពីចប់ឆ្នាំទី១ទៅ វិទូក៏បានស្វែងរកសាលាភាសាបន្ថែមដែលជាភាសាអង់គ្លេស ហើយក៏បានសំរេចចិត្តចុះឈ្មោះចូលរៀននៅសាលាឯកជនមួយ ដែលគេមិនបានដឹងឡេីយថាការសំរេចចិត្តលេីកនេះគឺជាការសំរេចចិត្តដែលធ្វេីឲ្យដំណើរជីវិតរបស់គេមានការប្រែប្រួលយ៉ាងច្រើនសូម្បីតែខ្លួនគេផ្ទាល់ក៏នឹកស្មានមិនដល់។ ហេីយវាចាប់ផ្តើមចាប់ពីវិនាទីដែល……
       តុកៗៗ វាគឺជាសំលេងគោះទ្វាបន្ទប់រៀនដែលខ្ញុំបានបន្លឺរឡើង រួចខ្ញុំក៏បានច្រានទ្វារចូលក្នុងដោយមិនបានត្រៀមខ្លួនជាមុនសោះឡេីយថានឹងត្រូវមកប្រឈមមុខដោយខ្សែរភ្នែកសិស្សស្រីប្រុសជាច្រើនចាប់សំលឹងមកធ្វើឲ្យខ្ញុំរឹងខ្លួនមិនហ៊ាននឹងឈានជើងបោះចូល (សុំឡើងកូដធ្វើតួឯកឲ្យវិទូតិចហិហិហិមិនស្អាតដូចវិទូទេតែក៏គួរឲ្យស្រលាញ់
☺☺)មោះកុំតាប៉ែច្រើនគេលេងអានលូវហើយ។ ខ្ញុំក្រលេកមេីលជុំវិញថ្នាក់គឺមានខ្សែភ្នែកមិនតិចជាង២០នាក់ទេដែលបាញ់មករកខ្ញុំ តែចំលែកអីដែលក្នុងចំនោមខ្សែភ្នែកប្រមាណ២០គូរនោះ
2 / 5
បែរជាមាន១គូរគត់ដែលអោនមុខមេីលសៀវភៅដោយមិនគិតសូម្បីតែងាកមកបន្តិចសោះឡើយ តែកុំទាន់អាលចាប់អារម្មណ៍ខ្ញុំព្រោះពេលនេះអារម្មណ៍តែមួយគត់គឺត្រូវរត់រកកន្លែងអង្គុយឲ្យបានលឿនបំផុត។ ហេីយសំណាងអីក្នុងកំឡុងពេលងាករកមើលកន្លែងអង្គុយស្រាប់តែមានសិស្សប្រុសម្នាក់ដែលធ្វើទឹកមុខញញឹមពព្រាយលើដៃនឹងញាក់មុខញាក់មាត់ដាក់ខ្ញុំជាសញ្ញាដែលចង់មានន័យថាត្រង់កន្លែងដែលគេចង្អុលគឺមានកន្លែងទំនេរ។ ខ្ញុំក៏ប្រញាប់ទាញជើងដើរទៅយ៉ាងលឿនដោយមិនហ៊ានងាកមើលមុខនរណាម្នាក់ឡើយព្រោះខ្លាចគេចាប់ហែកស៊ីតាមផ្លូវ(ហិហិហិ) តែក៏រាងចង់ទាក់ជើងបន្តិចដោយសារកន្លែងដែលខ្ញុំត្រូវអង្គុយគឺនៅមុខជាប់នឹងកៅអីប្រុសអំប្បាញ់មិញនោះតែម្តង ហើយអីដែលរឹតតែធ្វើជើងខ្ញុំទាក់ងក់ភ្លាមទៀតនោះគឺម្នាក់ដែលមើលទៅដូចគ្មានព្រលឹងក្នុងខ្លួនដែលមិនសូម្បីតែងាកមកមើលខ្ញុំតែបន្តិចដល់ថ្នាក់ឯងមកឈរជិតប៉ុននឹងហើយក៏នៅតែមិនកំរើកទៀតធ្វើដូចឯងនឹងជាខ្យល់អាកាស គឺអង្គុយជាប់ប្រុសម្នាក់នោះតែម្តង។ ដោយចិត្តចង់ឃេីញមុខគេដែរទេីបខំអោនដេីម្បីបានមើលមុខគេឲ្យបានច្បាស់បន្តិចព្រោះលោកម្ចាស់ដុំថ្មម្នាក់នោះគិតតែពីឈ្ងោកមុខដូចអ្នកណាសង្កត់ក្បាលមិនឲ្យងើបចឹង ស្រាប់តែបុរសដែលរួសរាយរាក់ទាក់ខ្ញុំនោះនិយាយមកកាន់ខ្ញុំដោយមិនភ្លេចស្ទាយញាក់ចិញ្ចើម៖ 
 “ អូនអង្គុយកន្លែងនឹងមក”អេ… ខ្ញុំរាងចាប់អារម្មណ៍នឹងពាក្យអូនរបស់គេដែរព្រោះមិនទាន់ដឹងអ្នកណាបងអ្នកណាប្អូនផងគេហ៊ានមកហៅឯងអូនៗពេញមាត់តាម៉ង់។  
 “បាទ” ហើយខ្ញុំក៏ដាក់គូទអង្គុយតែមិនទាន់បានស្រួលបួលផងក៏ត្រូវអ្នកដែលអង្គុយពីក្រោយឈ្ងោកមុខមកជិត
 “សួស្តីអូន!” គ្រាន់តែសួស្តីអូនខ្ញុំភ្ញាក់ឡើងចង់ឡើងឈរលើតុទៅហើយ អាប៉ិនេះកើតអីនឹងធ្វើដូចស្គាល់គ្នាពីជាតិណាចឹង។ បន្ទាប់ពីសំរួលអារម្មណ៍រួចខ្ញុំក៏ងាកទៅតបវិញ តែមិនទាន់បានតបផងខ្ញុំក៏ត្រូវអាក់នឹងផ្ទៃមុខដែរនៅមហាជិតនឹងមុខខ្ញុំបំផុត ខ្ញុំរាងថយខ្លួនបន្តិចដែលធ្វើឲ្យខ្ញុំបានឃើញផ្ទៃមុខពេញរបស់ប្រុសម្នាក់នោះយ៉ាងច្បាស់ មុខមាត់ពិតជាគួរឲ្យខ្នាញ់ណាស់ សក់ពណ៌ត្នោតភ្លឺបាំងថ្ងាសតិចៗ មុខស្រួចពងក្រពើ សស្អាត ចិញ្ចើមក្រាស់ បបូរមាត់ស្តើង អន់តែច្រមុះបន្តិចមានខ្ទង់ខ្ពស់តែមិនសូវស្រួច តែក៏មិនអាចទាញសម្រស់គេឲ្យធ្លាក់បានឡើយ ពិសេសគឺពេលញញឹមប្រិមប្រិយមកបែបនេះគឺជ្រលើមគួរឲ្យចង់គយគន់ណាស់។  
 “ហេ៎ អូនឈ្មោះអី? នេះនៅសំលឹងយូរទៀតទេ?” កំពុងតែភ្លឹកនឹងសម្រស់របស់គេ ក៏ត្រូវគេចាប់បាន។ ខ្ញុំរាងភ្ញាក់នឹងសំលេងគេបន្តិចហើយក៏បកមកគិតខ្លួនឯងមិចក៏សំលឹងមុខគេយ៉ាងនឹង រួចរៀបរិកបម្រុងតបទៅវិញស្រាប់តែលោកគ្រូបានស្រែកហៅខ្ញុំដើម្បីឡើងធ្វើការណែនាំខ្លួន។ គ្រាន់តែលឺសំលេងគ្រូហៅខ្ញុំគ្រប់គ្នាក៏ផ្អាកសកម្មភាពដែលខ្លួនកំពុងតែធ្វេីហេីយនាំគ្នាងាកមកមើលខ្ញុំព្រមៗគ្នាដោយខ្សែភ្នែកតែមួយគឺកំពុងតែឆ្ងល់ថាពួកខ្ញុំពីរនាក់កំពុងធ្វើអីបានមុខជិតគ្នាម្លឹងៗ។ ខ្ញុំឃើញបែបនេះទើបងាកទៅរកគ្រូរួចងាកមកប្រុសជ្រលើមជាប់ដៃវិញតែងាកមកលើកនេះខ្ញុំក៏មិនភ្លេចគេចខ្លួនចេញឲ្យឆ្ងាយពីគាត់ដែរព្រោះមើលទៅខ្សែភ្នែកគ្រប់គ្នាដូចចង់ដឹងចង់លឺណាស់ថាពួកខ្ញុំចង់ធ្វើអីគ្នាក្នុងថ្នាក់នឹងហើយក៏តបថា  
”តិចទៀតនឹងបានដឹងហើយ” ហើយខ្ញុំក៏ក្រោកឡើងរួចដើរទៅមុខក្តាខៀនពណ៌សរដែលមានត្រឹមតែថ្ងៃខែនៅឡើយដោយអមជាមួយនឹងខ្សែភ្នែកគ្រប់គ្នាមកជាមួយដែរ។
    គ្រាន់តែដើរមកឈរចំពីមុខពួកគេភ្លាមក៏មានសំលេងទះដៃបន្លឺឡើងជាការស្វាគមន៍  អារម្មណ៍ពេលនេះគឺភ័យផងអរផង ងាកមើលឆ្វេងងាកមើលស្តាំស្រាប់តែបានប្រទាក់ភ្នែកគ្នាជាមួយនឹងប្រុសគល់ឈើម្នាក់ដែលអង្គុយជាប់នឹងប្រុសមុខជ្រលឺមកំពុងសម្លឹងមើលមកខ្ញុំដោយទឹកមុខដូចជុះអាចយ៍អត់ចេញអាមិចមិនដឹងទេ តែជុះចេញមិនចេញក៏មិនសំខាន់ដូចអ្វីដែលខ្ញុំជាប់់ចិត្តជាងគេដែរ នោះគឺកែវភ្នែករបស់គេតែម្តង ជាខ្សែភ្នែកដែលខ្ញុំខ្លួនឯងផ្ទាល់សឹងតែមិនហ៊ានសំលឹងមើលចំ  ខ្សែភ្នែកដ៏មុតស្រួចភ្លឺថ្លា រឹងមាំនិងមានកំលាំងខ្លាំក្លា បើមិនទាស់ត្រង់ចិញ្ចើមជ្រួញបន្តិចកុំអីឥខ្ចោះតាម៉ង់។ គេសំលឹងមកខ្ញុំមិនដាក់ភ្នែកសោះជាហេតុធ្វើឲ្យខ្ញុំជាអ្នកដែលត្រូវគេចមុខចេញវិញព្រោះខ្លាចទ្រាំមិនបានរត់ទៅខ្វេះភ្នែកគេចេញដោយសារវាចាក់ដោតចិត្តខ្ញុំពេក។ ខ្ញុំក៏មិនយល់ដូចគ្នាដែរថាគ្រាន់តែកែវភ្នែកមួយគូរសោះវាធ្វើឲ្យអារម្មណ៍ខ្ញុំព្រឺព្រួចដល់ថ្នាក់នេះ វាមុតស្រួចណាស់ប្រៀបបីដូចសត្វឥន្ទីកំពុងសំលឹងមកចំនី ទាំងដែលខ្ញុំមិនដែលចាប់អារម្មណ៍នឹងបុរសណាពីមុនឡើយ។ ក្រោយពីងាកមុខចេញពីកែវភ្នែកមួយគូរនោះហើយខ្ញុំក៏សំរួលអារម្មណ៍ដកដង្ហើមមួយៗរួចក៏ចាប់ផ្តើមណែនាំខ្លួន
 “Hello! Everyone and teacher. My name is kong vireakvitou. I’m 19 years old. I’m very excited to be a part of this classroom and happy to be everyone’s friend. Thank you” បកប្រែ”សួស្តីអ្នកទាំងអស់គ្នាក៏ដូចជាលោកគ្រូ។ ខ្ញុំឈ្មោះ គង់ វីរៈវិទូ។ មានអាយុ ១៩ ឆ្នាំ។ ខ្ញុំមានអារម្មណ៍រំភើបណាស់ដែលបានជាផ្នែកមួយនៃថ្នាក់រៀននេះហើយក៏រីករាយដែលបានក្លាយមិត្តម្នាក់របស់អ្នកទាំងអស់គ្នា។ សូមអរគុណ”
ហើយគ្រប់គ្នាក៏បានទះដៃឡើងម្តងទៀតជាកិច្ចបង្ហើយបុណ្យ>,<។ បន្ទាប់ពីណែនាំខ្លួនរួចខ្ញុំក៏លួចដៀងភ្នែកទៅមើលបុរសគល់ឈើម្នាក់នោះម្តងទៀតតែគ្មានប្រតិកម្មអ្វីពីគេសោះក្រៅសំលឹងមើលខ្ញុំដោយខ្សែភ្នែកដដែរ។ ខ្ញុំក៏គេចភ្នែកចេញហើយដើរសំដៅមកកៅអីខ្លួនឯងអង្គុយវិញដោយមិនដឹងឡើយថាអ្នកណាសំលឹងមើលមកខ្លះទេ។ តែមិនទាន់បានដាក់គូទអង្គុយចុះស្រួលបួលផងអ្នកដែលនៅខាងក្រោយក៏ស្ទុះងើបមុខមកម្តងទៀត ហើយនិយាយក្បែរត្រចៀកខ្ញុំធ្វើឲ្យឯងនេះព្រឺរសំបុរខ្ងាក។  
 “បងឈ្មោះរ៉ាយុទ្ធណា  រីករាយដែលបានស្គាល់” ខ្ញុំងាកទៅញឹមៗរួចក៏តប
”បាទ រីករាយដែលបានស្គាល់” ហើយគាត់ក៏បន្តទៀតថា
“នេះមិត្តភិក្តបង ឈ្មោះអាហ៊ាង” គាត់ងាកចង្អុលទៅអ្នកអង្គុយជាប់ដៃ តែអ្វីដែលទទួលបានគឺ តឺតតតតតតតត(សា្ងត់ជ្រាប) ល្អណាស់ធ្វើដូចពិភពលោកនេះរស់នៅម្នាក់ឯងចឹងណា។ ដោយឃើញមិត្តរបស់ខ្លូនអសុជីវធម៌បែបនេះMr យុទ្ធក៏ងាកទៅកេះមិត្តខ្លួនឲ្យងាកមក ហើយពិតជាបានដូចចិត្តមែនងាកមុខមកដូចចង់ហុតឈាមឯងទាំងរស់ចឹង ពេលនេះមុខស្អាតប៉ុនណាក៏មើលលេងយល់ដែល សូមរៀបរាប់ប្រាប់ពេលក្រោយចុះ។ ឃើញបែបនេះហេីយខ្ញុំក៏ប្រែពីទឹកមុខញញឹមមកធម្មតាវិញព្រោះបើគេមិនចង់ស្គាល់យើងហើយមានរឿងអីដែលយើងត្រូវចង់ស្គាល់គេដែលនោះ។  
“កុំប្រកាន់វាអី អាមួយនឹងវាតែចឹង តែបើបានស្គាល់វានឹងដឹងថាវាយ៉ាងមិច”កំពុងតែគិតនេះគិតនោះMr យុទ្ធក៏និយាយឡើង។  
“អរ បាទមិនអីទេ ប៉ុណ្ណឹងខ្ញុំដឹងហើយ”  មិនចាំបាច់ដល់ស្គាល់ទេតែប៉ុណ្ណឹងដឹងថាយ៉ាងមិចហើយ មនុស្សស្អីញញឹមបន្តិចក៏គ្មាន មិនបាច់ស្គាល់គ្នាក៏ល្អដែរ ខ្លាចឆ្លងមុខជ្រួញតាមណាស់។
“មិនប្រកាន់ទេណាដែលខ្ញុំហៅទូអូនចឹង តែបើគិតទៅទូក៏ប្អូនបងស្រាប់ហើយ ហៅអូនៗទៅវាស្រួលស្តាប់”ខ្ញុំមិនអស់ចិត្តក៏ដាច់ចិត្តសួរ
“ចុះលោកអាយុម៉ានដែរ?”
“បង21ឆ្នាំ ប៉ុណ្ណឹងអាចហៅអូនបាននៅ?  ឬបើមិនពេញចិត្តហៅបងវិញក៏បានដែលណា” និយាយហើយក៏សើច ខ្ញុំនិយាយអីលេងចេញបានត្រឹមតែខ្នាញ់នឹងអត្តចរិកជ្រលើមរបស់គាត់ សំដីពិតជាមិនខុសពីមុខមែន។  
“ ចង់ហៅខ្ញុំយ៉ាងមិចក៏ហៅចុះ ខ្ញុំមិនមែនជាមនុស្សប្រកាន់ច្រើនអីទេ”ខ្ញុំរាងតំឡើងសំលេងកន្ទុយបន្តិចព្រោះចង់ឲ្យអ្នកអង្គុយជាប់នោះបានលឺ។ ឆ្ងល់ដែរអត្តចរិក2នាក់គេខុសគ្នាយ៉ាងនេះចេះមកដើរជាមួយគ្នារួចដែរដូចមិនសមសោះ។  
ក្រោយពីរាក់ទាក់គ្នារួចហើយខ្ញុំក៏បែរមកមុខដើម្បីស្តាប់គ្រូពន្យល់មេរៀនវិញ ហើយគ្រប់យ៉ាងក៏ទៅតាមប្រក្រតី។ រៀនបាន1ម៉ោងក៏ដល់ពេលសម្រាកថ្ងៃត្រង់ដែលមានរយៈពេល៣០នាទី។ ខ្ញុំកំពុងរៀបចំនឹងចុះទៅរកបន្ទប់ទឹកក៏បានលឺសំលេងលើកដំបូងរបស់លោកហ៊ាងបុរសមហារាប់ញាតិនិយាយទៅ បងយុទ្ធ(ហៅបងម៉ងទៅរៀងស្និតស្នាលតិចហិហិហិ)  
“តោះអាយុទ្ធទៅក្រោមរកអីស៊ី អញឃ្លានណាស់” ពិតជាសំលេងដ៏សែនអត់ជាតិមែនហាសហា សំលេងមានទំងន់ល្អតែគ្មានទឹកដបសោះ កំបុតៗ ហឿយ ស្តាប់ហើយគ្រោធគ្រាតចិត្តជំនួសបងយុទ្ធណាស់។  បងយុទ្ធមិនតបតែមកកេះបបួលខ្ញុំ
“ទូទៅរកអីញុំជាមួយគ្នាទេ មករៀនថ្ងៃដំបូងចឹងក្រែងមិនទាន់មានមិត្តកំដរណា”
☺☺ ពិតជាមនុស្សល្អមែនចេះយល់ដឹងទុកធុរៈគេណាស់ ខ្ញុំរៀបនឹងឆ្លើយថា ok yes I do អីហើយក៏ត្រូវលោកអត់ញាតិនិយាយកាត់
“អានេះអញបបួលហែងណា មិនមែនឲ្យហែងទៅបបួលគេតទេ”បងយុទ្ធក៏ងាកទៅតប
“ហើយវាថីហែងដែរហ៎ាអាប៉ប ប្អូនទើបចូលរៀនថ្ងៃដំបូងមិនទាន់ស្គាល់អ្នកណា ហែងជាសិស្សច្បងគេមិនរាក់ទាក់ប្អូនហើយនៅមកហាមអញមិនឲ្យហៅប្អូនទៀត” ខ្ញុំឃើញលោកអត់ញាតិរកហាមាត់បកមកវិញក៏និយាយកាត់ភ្លាម ព្រោះមិនចង់ឲ្យរឿងកាន់តែឆ្ងាយ។  
 “មិនអីទេ ខ្ញុំក៏មិនឃ្លានអីដែរបងទៅជាមួយគាត់ចុះ”គ្រាន់តែស៊ីអីសោះធ្វើដូចអាណាច្របាច់ករចឹងម្នាក់ៗ។ តែបងយុទ្ធមិនព្រមហើយក៏និយាយទៀតថា
“ទោះមិនឃ្លានក៏ចុះទៅណា ទៅអង្គុយលេងក៏បានដែរ ក្នុងថ្នាក់គ្មានមនុស្សទេ អផ្សុកស្លាប់ហើយ” ខ្ញុំក៏គិតចឹងដែរតែមកពីអាល្បងមុខខ្មោចឆៅម្នាក់នោះទើបខ្ញុំមិនហ៊ានទៅ។ ខ្លាចទៅមិនដល់កន្លែងស៊ីអីអាគាត់នឹងចាប់ហែកឯងស៊ីមុនទេ
“ខ្ញុំគិតថា កុំអីល្អជាងព្រោះមិនចង់ឲ្យមានបញ្ហា”ខ្ញុំធ្វើជានិយាយយកគួរតាមពិតក៏ចង់ឲ្យគេហៅទៀតដែរ មិនចង់នៅក្នុងថ្នាក់ម្នាក់ឯងសោះ។
“មានបញ្ហាអី? អូរឿងអាមួយនឹងហេ៎កុំភ័យមានបងនៅនឹងហើយវាមិនហ៊ានធ្វើអីផ្តេសផ្តាសទេ” ហើយខ្ញុំក៏លួចដៀងភ្នែកទៅមើលមុខល្បងមុខខ្មោចឆៅ ឃើញថាមុខយ៉ាបមើលខ្លាំងណាស់ តែខ្ញុំមិនខ្វល់ក៏តបទៅបងយុទ្ធថា
“ចឹងក៏បានតែខ្ញុំសុំចូលបន្ទប់ទឹកម៉ាភ្លែតសិន”
“អូខេ ចឹងបងចាំនៅមាត់ជណ្តើរចុះណា”  
“បាទ”គ្រាន់តែលឺសន្ទនារវាងខ្ញុំនឹងបងយុទ្ធហើយ ល្បងខ្មោចឆៅក៏ដើរចេញទៅតាំងៗដោយមិនពេញចិត្ត ហាសហាសមមុខ។
សូមរងចាំតាមដានភាគបន្ត!


No comments:

Post a Comment