រឿង រទេះ
ដោយ៖ តំណក់ទឹកភ្លៀង (ចេវ ភារុន)
ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨
#Khmer_Novel69
ផ្ទៃមេឃងងឹតអ៊ួអាប់ដោយដុំពពកខ្មៅ តំណក់ទឹកភ្លៀងចាប់ផ្តើមស្រក់ចុះមកលាយឡំនឹងខ្យល់បក់មកចួនតិចចួនខ្លាំងទៅតាមទំនើងចិត្ត។
ភាពមិនទៀងទាត់នៃធម្មជាតិបានធ្វើឲ្យដំណើរជីវិតមនុស្សប្រែប្រួលឥតឈប់ទៅតាមគន្លងផ្លាស់ប្តូររបស់ព្រះអាទិត្យ
និងព្រះចន្ទ។ ស្នាមញញឹមដូចផ្កាពេលព្រឹកព្រហាមអាចនឹងត្រូវរុះរោយចោលទងទៅវិញបាននៅពេលដែលខ្យល់បក់មកកាត់ផ្តាច់ទងផ្កា។
ចំណែកផ្កាដែលធ្លាប់ស្វិតក្រៀមស្រពោនអាចនឹងរីកស្រស់ចោលក្លិនគន្ធានៅក្រោយពេលដែលមានភ្លៀងធ្លាក់ធំ។
ប្រៀបបីដូចជាជីវិតក្មេងៗលក់អាវភ្លៀងដែលកំពុងរីករាយសាទរចំពោះភ្លៀងដែលកំពុងធ្លាក់។ “អាវភ្លៀងទេបង...១ពីរពាន់ៗៗ”
នេះជាប្រយោគមួយដែលក្មេងៗបួនប្រាំនាក់កំពុងឈរលក់អាវភ្លៀងនៅម្តុំស្តុបមួយនៃទីក្រុងភ្នំពេញបានទន្រ្ទិញជាប់មាត់។
វាជាថ្ងៃស៊យរបស់អ្នកមិនដាក់អាវភ្លៀងមកជាមួយ ប៉ុន្តែជាថ្មីដែលនាំហេងសម្រាប់ពួកក្មេងៗទាំងនោះ។
ចុះពីឡានតាក់ស៊ី ដៃម្ខាងខ្ញុំអូសវ៉ាលិសខោអាវដ៏ធំមួយរបស់ខ្ញុំ
ដៃម្ខាងខ្ញុំពកូនប្រុសសំណព្វចិត្តដែលទើបមានអាយុ២ឆ្នាំ ហើយអ្នកដែលឈរនៅក្បែរខ្ញុំគឺជាប្រពន្ធសម្លាញ់ខ្ញុំ។
ពេលនេះពូកយើងកំពុងត្រៀមឡើងយន្តហោះទៅលេងសាំងហ្គាពួរឆ្លៀតពេលឈប់សម្រាកពីការងារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
ខណៈពេលដែលពួកយើងកំពុងរង់ចាំជើងយន្ដហោះដែលត្រូវចេញដំណើរ ស្រាប់តែទទួលបានដំណឹងថាជើងហោះហើរដែលនឹងហោះទៅសាំងហ្គាពួត្រូវបានពន្យារពេលព្រោះតែអាកាសធាតុមិនអំណោយផល។
ដូច្នេះខ្ញុំ ប្រពន្ធនិងកូននៅបន្ដអង្គុយរង់ចាំទម្រាំដល់ពេលដែលអាចធ្វើដំណើរបាន។
“ប៉ាប៉ា
ដេវីតស្រែកទឹក”
“បាទ! ចាំប៉ាប៉ាទៅទិញឱ្យកូន
ចាំប៉ាប៉ាបន្តិចទៅណា៎....បងទៅរកទិញទឹកឱ្យកូនបន្តិច អូននៅមើលកូនត្រង់ហ្នឹងចុះ”
ខ្ញុំនិយាយទៅកូន និងងាកទៅប្រាប់ប្រពន្ធខ្ញុំដែលឈ្ងោកលេងទូរស័ព្ទ។
ខ្ញុំដើរចេញពីពួកគេឆ្ពោះត្រង់ទៅកន្លែងលក់ទំនិញ។ ក្រឡេកទៅក្រៅតាមកញ្ចក់ខ្ញុំបានឃើញមនុស្សម្នាជាច្រើនកំពុងរង់ចាំសាច់ញាតិ
ហើយខ្លះទៀតក៏កំពុងជូនដំណើរសាច់ញាតិឡើងយន្តហោះផងដែរ។ ក្នុងចំណោមមនុស្សទាំងនោះ ភ្នែកខ្ញុំបានពើបប្រទះអ៊ំស្រីចំណាស់ម្នាក់ដែលកំពុងអង្គុយលើរទេះសម្រាប់ជនពិការក្នុងទឹកមុខអន្ទះសា
និងព្រួយបារម្ភ។ ខ្ញុំនឹកថាប្រហែលជាគាត់កំពុងរង់ចាំ និងព្រួយបារម្ភពីសុវត្ថិភាពសាច់ញាតិដែលនឹងមកដល់
តែត្រូវបានពន្យារការចុះចតដោយសារអាកាសធាតុហើយមើលទៅ។ អាកាសធាតុនេះហើយដែលធ្វើឱ្យគាត់កាន់តែបារម្ភ
និងអន្ទះសារបែបនេះ។
ខ្ញុំទិញទឹក២ដប និងនំ១កញ្ចប់ រួចដើរត្រឡប់មកវិញ។ ចិត្តខ្ញុំនៅតែមិនអាចអាល័យនឹងកាយវិការរបស់អ៊ំស្រីម្នាក់នោះ
ហើយវាបានបញ្ជាឲ្យភ្នែកខ្ញុំក្រឡេកទៅមើលគាត់ម្តងទៀត។ ចៃដន្យហ្វូងមនុស្សបានដើរកាត់ភ្នែកខ្ញុំ
ធ្វើឲ្យភ្នែកខ្ញុំមិនអាចមើលឃើញគាត់បាន។ ខ្ញុំឈប់ដំណើរបន្តិច ហើយហ្វូងមនុស្សទាំងនោះក៏ចេញផុតពីភ្នែកខ្ញុំ។
ភ្នែកខ្ញុំក៏បានប្រទះនឹងក្មេងប្រុសអាយុប្រហែលម្ភៃស្តើងម្នាក់បានទម្លាក់វ៉ាលិសចោល រួចរត់ទៅក្រាបសំពះបាតជើងស្រ្តីដែលកំពុងអង្គុយលើរទេះរុញទាំងទឹកភ្នែក។
មនុស្សអ៊ូអរខ្លាំង តែសំឡេងស្រ្តីចំណាស់ម្នាក់នោះនៅតែអាចហោះចូលត្រចៀកខ្ញុំបានដោយងាយ។
“កូនទៅធ្វើការកូរ៉េ៤ឆ្នាំ
កូនឯងស្គមខ្លាំងណាស់ ម៉ែនឹកកូនណាស់”
ប្រយោគសម្តីមួយនេះធ្វើឲ្យខ្ញុំដឹងយ៉ាងច្បាស់ពីការនឹករលឹក សេចក្តីក្រៀមក្រំរបស់អ្នកជាម្តាយដែលត្រូវឃ្លាតឆ្ងាយពីកូន។
ស្នាមញញឹមក្រោមតំណក់ទឹកភ្នែកក្រោយការបែកបាក់កូននិងម្តាយក្នុងរយៈ៤ឆ្នាំ។ ខ្ញុំដកដង្ហើមធំ
អួលដើមក តែក៏អាចលេចចេញស្នាមញញឹមលើផ្ទៃមុខព្រោះតែបានមកប្រទះនឹងហេតុការណ៍ដ៏រំភើបមួយនេះ។
ស្របពេលនឹងអារម្មណ៍បែបនេះវាស្ថិតក្នុងខ្លួនខ្ញុំ អារម្មណ៍១ទៀតក៏លេចរូបរាងមក។ ខួរក្បាលខ្ញុំចាប់ផ្តើមគិតពីអ្វីមួយដែលធ្វើឲ្យខ្ញុំបោះដំណើរយ៉ាងលឿនសម្តៅទៅកន្លែងដែលប្រពន្ធនិងកូនខ្ញុំកំពុងស្ថិតនៅ។
“ណារី ឯណាដេវីត?”
ខ្ញុំសួរទៅប្រពន្ធខ្ញុំទាំងរន្ធាន់ស្របពេលដែលនាងកំពុងអង្អុយលេងទូរស័ព្ទដោយមិនបានចាប់អារម្មណ៍ថាបាត់កូនប្រុស។
“អូនរវវល់តែធ្វើអីទើបមិនមើលកូន?”
“គឺអូន...!”
ខ្ញុំគ្រវីក្បាលព្រោះតែខកចិត្តចំពោះទង្វើដ៏សែនធ្វេសប្រហែសរបស់នាង។
ពួកយើងបានរត់ចែកផ្លូវគ្នាដើម្បីរកដេវីតក្នុងក្តីព្រួយបារម្ភ
ចំណែកណារីរត់បណ្តើរយំបន្តព្រោះតែនឹកស្តាយចំពោះកំហុសរបស់នាង។ ពួកយើងខំស្វះស្វែងរកកូន
និងបានរាយការណ៍ឲ្យខាងព្រលានជួយស្វែងរក។ មួយសន្ទុះក្រោយមកស្រ្តីម្នាក់ដែលជាអ្នកបំរើការខាងផ្នែកអនាម័យដោយយើងអាចមើលដឹងបានតាមរយៈសម្លៀកបំពាក់របស់គាត់បាននាំដេវីតមកឲ្យពួកយើង។
“នេះជាកូនប្រុសរបស់ក្មួយមែនទេ? ខ្ញុំបានឃើញគេឈរយំនៅខាងក្រៅ”
“បាទ!...
បាទ...! អរគុណអ៊ំស្រីខ្លាំងណាស់”
ខ្ញុំលើកដៃសំពះក្នុងន័យថ្លែងអំណរគុណ ចំណែកណារីរត់ទៅអោបដេវីតដោយក្តីរំភើបលាយលំនឹងទឹកភ្នែក។
“ចា៎! មិនបាច់គួរសមអ្វីទេលោកក្មួយ
ការជួយគ្នាគឺជាទង្វើដែលមនុស្សគ្រប់គ្នាត្រូវតែធ្វើ ម្យ៉ាងគ្មានទុក្ខអ្វីដែលឈឺចាប់ជាងការបែកបាក់
...ព្រាត់ប្រាស់សាច់ញាតិ និងក្រុមគ្រួសារឡើយ ខ្ញុំសុំលាសិនហើយព្រោះខ្ញុំត្រូវប្រញ៉ាប់ទៅស្រុកជុំកូនចៅផង
សូមឲ្យពួកក្មួយរីករាយសម្រាប់ការជួបជុំគ្រួសារក្នុងថ្ងៃភ្ជុំបិណ្ឌនេះផងដែរ”
សម្តីរបស់អ៊ុំស្រីម្នាក់នោះធ្វើឪ្យខ្ញុំភ្ញាក់ខ្លួនដូចខ្មោចប្រាំពីរថ្ងៃ។
ខ្ញុំនឹកឃើញដល់ក្មេងប្រុសម្នាក់ដែលខំស្កាត់ពីកូរ៉េដើម្បីមកជួបម្តាយក្នុងថ្ងៃភ្ជុំបិណ្ឌ
ស្រ្តីចំណាស់ម្នាក់ដែលដើរមិនរួចប្រឹងរង់ចាំជួបមុខកូនគ្រាដែលបែកគ្នា៤ឆ្នាំ។ នេះហើយគឺព្រោះតែការចង់ជួបជុំក្រុមគ្រួសារ។
ខ្ញុំបានសម្រេចរំសាយការធ្វើដំណើរ។ ពួកខ្ញុំបានស្រូតដំណើរទៅស្រុកកំណើតរបស់ឪពុកម្តាយខ្ញុំ។
មេឃបន្តធ្លាក់ភ្លៀងមិនឈប់ ក្នុងអារម្មណ៍ខ្ញុំមិនស្ងប់ដូចជាភ្លៀងដែលកំពុងធ្លាក់ចុះ។
នៅតាមដងផ្លូវខ្ញុំចេះតែស្រមៃឃើញមុខប៉ារបស់ខ្ញុំ ប៉ាប្រហែលជាកំពុងរង់ចាំខ្ញុំបំពេញសន្យាជូនប៉ា។
ជាង៣ម៉ោងលើដងផ្លូវបាននាំខ្ញុំទៅដល់ផ្ទះមួយនៅជនបទ ផ្ទះដែលមានតែស្រ្តីចំណាស់ម្នាក់ និងបុរសជាប្តីដែលជាជនពិការជើងម្នាក់។
រថយន្តបានទៅឈប់នៅខាងមុខផ្ទះ ខ្ញុំហាក់ទទួលអារម្មណ៍ប្លែកកាន់តែខ្លាំងព្រោះផ្ទះដែលធ្លាប់តែស្ងប់ស្ងាត់ប្រែមានមនុស្សអ៊ូអរ។
ខ្ញុំបើកទ្វារឡានរត់ឡើងទៅលើផ្ទះ ព្រះអើយ! ខ្ញុំកំពុងតែសុបិនមែនទេ? តើប៉ាខ្ញុំគាត់ឈឺមែនទេទើបគាត់សម្រាន្តស្តូកនៅលើគ្រែ? ចុះភួយទៅណាអស់ទើបមិនយកមកគ្របដណ្តប់ឲ្យប៉ាខ្ញុំបែរជាជំនួសដោយក្រណាត់សទៅវិញ? អំពូលភ្លើងក៏ភ្លឺចាំបាច់អីត្រូវដុតទៀនបំភ្លឺ? ជង្គង់ខ្ញុំទន់អស់ហើយ
ខ្ញុំផ្នែកខ្នងនឹងសសរផ្ទះរួចសម្រួតដាក់គូទអង្គុយចុះលើរនាបក្តាររលោងស្រិលដែលម៉ាក់ខ្ញុំដុសជូតរាល់ថ្ងៃ។
កែវភ្នែកដ៏ល្អក់ទាំងគូរបស់ខ្ញុំសម្លឹងមើលទៅមុខប៉ាដែលសម្រាន្តលក់ មើលទៅប៉ាសម្រាន្តស្ងប់ស្កល់ណាស់។
ខ្ញុំយកដៃខ្ទប់មុខ និងជ្រោងសក់ក្បាល។ ដៃដ៏ទន់ត្រជាក់ ញ័រតិចៗបានមកប៉ះនឹងស្មាខ្ញុំ
ខ្ញុំស្គាល់យ៉ាងច្បាស់ថាដៃនោះជាដៃរបស់នរណា។ ខ្ញុំបើកភ្នែក រួចសម្លឹងទៅម្ចាស់ដៃទាំងអារម្មណ៍ក្តុកក្តួលពិបាកនឹងពណ៌នា។
ទឹកភ្នែកពោរពេញដោយការឈឺចាប់បានរមៀលស្រក់ចុះកាត់ផែនថ្ពាល់ជ្រីវជ្រួញ ផ្ទៃមុខដ៏គួរឪ្យខ្លាចសម្រាប់ខ្ញុំបានផុសចេញលើមុខរបស់ស្រ្តីចំណាស់ដែលជាម៉ាក់របស់ខ្ញុំ
ផ្ទៃមុខដែលបង្ហាញពីទុក្ខសោកនៃការបាត់បង់មនុស្សដែលខ្លួនស្រឡាញ់បំផុតបានផុសនៅពីមុខខ្ញុំ។
ខ្ញុំស្រវាអោបម៉ាក់យ៉ាងណែនដូចកូនក្មេងដែលខ្ញុំខានអោបម៉ាក់ជាងម្លៃឆ្នាំមកហើយ។ ម៉ាក់អង្អែលក្បាលខ្ញុំតិចៗ
លួងប្រលោមចិត្តខ្ញុំទាំងដែលទឹកភ្នែកគាត់កំពុងហូរស្រក់ចុះមិនដាច់ តំណក់ទឹកភ្នែកដែលផ្ទុកពេញដោយការឈឺចាប់
ការស្រណោះអាល័យវាប្រដេញគ្នាស្រក់មិនឈប់។ ពេលនេះទើបខ្ញុំយល់ថាគ្មានការឈឺចាប់ណាដែលឈឺចាប់ជាងការបែកបាក់
ហើយក៏គ្មានក្តីសុខណាស្មើនឹងការជួបជុំឡើយ។
“សង្វាកូនម្តាយ
ប៉ាឯងគាត់បានទៅចោលយើងហើយកូន គាត់បានទៅហើយកូន”
“ម៉ាក់!
ហេតុអីបានជាប៉ាស្លាប់?”
“ព្រឹកមិញ
គាត់បានអង្គុយរង់ចាំកូននៅមាត់ជណ្តើរ គាត់ថាកូននឹងមកជូនគាត់ទៅវត្តទាំងអស់គ្នាក្នុងថ្ងៃនេះ
គាត់និយាយទៀតថាកូនបានសន្យានឹងគាត់ថាភ្ជុំឆ្នាំនេះនឹងមកផ្ទះជុំគ្នា មិនដូចឆ្នាំមុនៗទៀតទេ
ដូច្នេះទើបគាត់ស្លៀកពាក់និងអង្គុយចាំកូនតាំងតែពីព្រឹក ម៉ាក់ប្រាប់ឲ្យគាត់សម្រាកក៏គាត់មិនព្រមស្តាប់
ហើយ២ម៉ោងមុននេះ ប៉ាឯងគាត់ក៏ធ្លាក់ពីលើរទេះដាច់សរសៃឈាមស្លាប់ រទេះនោះគាត់ស្រឡាញ់ណាស់
ព្រោះជារបស់ដែលកូនទិញជូនគាត់ ទោះបីវាចាស់ វាខូចក៏គាត់មិនចោលវា នៅតែជួសជុលវាប្រើទៀត
ហើយពេលនេះគាត់បានទៅចោលវា និងពួកយើងហើយកូនអើយ”។
ស្តាប់សម្តីម៉ាកបេះដូងខ្ញុំស្ទើរតែផ្ទុះចេញមកក្រៅទៅហើយ សម្តីម៉ាក់បានចាក់ទំលុះបេះដូងខ្ញុំឲ្យរហែកប្រេះបែកគ្មានសល់បំណែកណាមួយឡើយ។
វានៅសល់តែវិប្បដិសារីដែលកំពុងតែជេរស្តី និងសើចចំអកឲ្យរូបខ្ញុំតែប៉ុណ្ណោះ។ ខ្ញុំជាកូនដែលអកតញ្ញូជាទីបំផុត
ខ្ញុំគិតតែក្តីសុខខ្លួនឯង ខ្ញុំចោលគ្រួសារដែលផ្តល់កំណើត និងអ្វីៗគ្រប់យ៉ាងដល់ខ្ញុំដូចសព្វថ្ងៃនេះ។
ខ្ញុំនឹកឃើញថាកាលពីរៀនថ្នាក់ទី២ ប៉ាបានប្រាប់ខ្ញុំឲ្យខំរៀននោះប៉ានឹងទិញកង់ឲ្យកូនបានជិះទៅសាលា។
ពេលកូនរៀនដល់ថ្នាក់វិទ្យាល័យប៉ាក៏សន្យាថានឹងទិញម៉ូតូឪ្យកូន។ ពេលកូនចូលដល់មហាវិទ្យាល័យប៉ានឹងទិញកូនឡានឲ្យកូន។
ប៉ាតែងលើកទឹកចិត្តកូន និងនៅក្បែរកូនគ្រប់ពេលវេលា។ ពេលកូនរៀនចប់មហាវិទ្យាល័យប៉ាក៏លក់ផ្ទះឲ្យកូនបានទៅរៀននៅបរទេសដោយប៉ាយកលេសថាលក់ផ្ទះក៏ព្រោះប៉ាចូលនិវត្តន៍ហើយ
ប៉ាមិនចង់នៅក្នុងក្រុង ប៉ាចង់ទៅនៅជនបទ ព្រោះបរិយាកាស និងអាកាសធាតុល្អ។ ពេលកូនរៀនចប់ត្រឡប់មកស្រុកខ្មែរវិញមិនទាន់បានជួយគ្រួសារ
មើលថែប៉ាម៉ាក់ផងកូនក៏រៀបការសាងគ្រួសារថ្មីមួយ ហើយទុកគ្រួសារមួយនេះឲ្យរស់នៅក្នុងឯកាឯជនបទ១ឆ្នាំកូនមកលេងប៉ាម៉ាក់យ៉ាងច្រើន២ដង
ចំណែកឆ្នាំខ្លះក៏អត់។ រាល់ខែកូនផ្ញើលុយជូនប៉ាម៉ាក់តិចតួចសម្រាប់ចាយវាយប្រចាំថ្ងៃក៏ព្រោះកូនត្រូវគិតពីការទំនុកបំរុងក្នុងគ្រួសារកូន។
២ឆ្នាំមុនកូនឈឺប៉ាក៏លះបង់ក្រលៀនមួយចំហៀងដើម្បីកូនប្រុសអកតញ្ញូម្នាក់នេះ។
ពេលឈឺថ្កាត់យប់ព្រលប់គឺមានតែប៉ានិងម៉ាក់ជាអ្នកមើលថែគ្នា លោកទាំង២បានលះបង់ពេញមួយជីវិតដើម្បីកូន។
កូនទទួលបានជីវិតដ៏ល្អដូចសព្វថ្ងៃក៏ព្រោះតែលោកទាំង២ តែពេលកូនរឹងមាំកូនមិនបានតបស្នងអ្វីសោះដល់លោក។
កង់ ម៉ូតូ ឡាន ផ្ទះវីឡាដែលប៉ាផ្តល់ឲ្យកូន ប៉ុន្តែកូនអាចតបស្នងជូនលោកវិញត្រឹមតែរទេះមួយដែលកំដរជីវិតប៉ាសម្រាប់ដង្ហើមចុងក្រោយ។
ភាពកក់ក្តៅ សេចក្តីស្រឡាញ់ ថ្នាក់ថ្នម មើលថែ ព្រួយបារម្ភដែលលោកទាំងពីរផ្តល់ឲ្យកូន បែរជាកូនផ្តល់ជូនលោកវិញនូវភាពឯកា
និងការទន្ទឹងរង់ចាំដែលគ្មានន័យទៅវិញ។ ប៉ាឲ្យកូនសុំទោស! កូនខុសធ្ងន់ណាស់ដែលទុកឲ្យប៉ារស់នៅរង់ភាពឯកា
បិទភ្នែកដោយមិនបានឃើញមុខកូនប្រុសអកតញ្ញូម្នាក់នេះ។
កូនពិតជាសោកស្តាយខ្លាំងណាស់ដែលការដឹងខ្លួនខុសរបស់កូនវាហាក់ដូចជាហួសពេលបន្តិចសម្រាប់ប៉ា។
ប៉ុន្តែកូនសន្យានឹងប៉ាថា កូននឹងមើលថែម៉ាក់ឲ្យបានល្អ កូននឹងមិនធ្វើឲ្យម៉ាក់រស់នៅ និងចាកចេញទៅជាមួយភាពឯកាដូចលោកប៉ាឡើយ។
កូនសន្យាថា កូននឹងធ្វើជាឪពុកដ៏ល្អសម្រាប់ចៅប៉ាដូចដែលអ្វីដែលប៉ាបានធ្វើចំពោះកូន។ បើផែនដីអាចបង្វិលថយក្រោយវិញបាន
កូននឹងបង្វិលវាថយក្រោយ ហើយកូននឹងតបស្នងរឿងគ្រប់យ៉ាងដែលកូនពុំបានធ្វើសម្រាប់លោកប៉ា។
ប៉ុន្តែផែនដីមិនអាចផ្តល់ឱកាសជាលើកទី២សម្រាប់កូនឡើយ កំហុសដ៏ធំមួយសម្រាប់ជីវិតកូន គឺទុកមនុស្សដែលតែងគិត
និងបារម្ភពីខ្ញុំឲ្យនៅឯកា។
ទោះបីជាប៉ាចាកចេញទៅទីកន្លែងដ៏សែនឆ្ងាយមិនអាចវិលត្រឡប់ តែទង្វើ
និងបេះដូងប៉ានៅតែដក់ជាប់ និងនៅក្នុងទ្រូងកូនជានិច្ច។ មេរៀនជីវិតមូយនេះកូននឹងចងចាំមួយជីវិត។
មនុស្សអាយុកាន់តែច្រើន ការគិតកាន់តែច្រើន ភាពឯកា និងបាក់ទឹកចិត្តតែងតែរង់ចាំវាយប្រហារគ្រប់ពេលវេលា។
មនុស្សកើតមកតែម្នាក់ឯង ស្លាប់តែម្នាក់ឯង ប៉ុន្តែមនុស្សមិនអាចរស់នៅតែម្នាក់ឯងបានឡើយ។
សេចក្តីសុខដែលមនុស្សវ័យចំណាស់តែងប្រាថ្នាចង់បានមុននឹងចាកចេញពីពិភពលោកមួយនេះលែងជាទ្រព្យសម្បត្តិ
លុយកាក់ មាសប្រាក់ និងអំណាចទៀតហើយ ប៉ុន្តែវាគ្រាន់តែជាភាពកក់ក្តៅដែលទទូលបានពីគ្រួសារ
និងមនុស្សជុំវិញខ្លួនតែប៉ុណ្ណោះ។ ចូរកុំទុកឲ្យពួកគាត់ចាកចេញទៅជាមួយនឹងភាពឯកា!
No comments:
Post a Comment