Breaking

Saturday, June 9, 2018

រឿង វាសនា (ភាគ៥)

រឿង វាសនា
(ភាគ៥)
និពន្ធដោយ . Rainy Son

#Khmer_Novel-69


កាលពីភាគមុនយើងបានដឹងហើយថា វិសុទ្ធបានស្វែងរក និង ទទួលស្គាល់នូវអារម្មណ៍របស់គេ។ មិនតែប៉ុណ្ណោះវិសុទ្ធបានទាំងហ៊ានហែកដើមទ្រូងរបស់ខ្លួនដើម្បីបង្ហាញពីបេះដូងដែលស្រែកទាមទារសេចក្ដីស្នេហាពីអ្នកកម្លោះមុខស្រស់តារា។ ចំណែកឯតារាវិញ មិនរុញរានឹងទទួលយកសេចក្តីស្នេហាពីបុរសដែលខ្លួនស្រឡាញ់ស្ទើរលេបឡើយ។ តើអ្នកណាដឹងថានឹងមានអ្វីកើតឡើងចំពោះគូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូនេះ? តើស្នេហាមួយគូនេះពិតជាស្នេហាខុសធម្មជាតិមែនទេ? ហើយតើអ្វីទៅជាធម្មជាតិ? សំណួរទាំងអស់នេះនឹងត្រូវបានបង្ហាញនៅភាគជាបន្តបន្ទាប់នៅក្នុងប្រលោមលោករឿង “វាសនា”។
ពិតណាស់ពាក្យចាស់តែងតែនិយាយតំណាលតៗគ្នាថា គ្រាប់សភាវះទាំងអស់សុទ្ធតែមានគូ ខ្មៅគូនឹងស ល្អគូនឹងអាក្រក់ ទឹកគូនឹងដី ស្រីគូនឹងប្រុស។ ចំឡែកតែស្នេហាតារានិងវិសុទ្ធគេជាប្រុសដូចគ្នា ហេតុអ្វីពួកគេស្រឡាញ់គេកើត?
ក្រោយពីវិសុទ្ធបានសារភាពស្នេហ៍ចំពោះមុខតារា ពួគគេទាំងពីរបានកសាងស្នេហាមួយនេះអោយចាក់គ្រឹះយ៉ាងមាំនៅក្នុងក្រអៅនៃបេះដូងដ៏ល្អស្អាតរបស់ពួកគេ។ គូស្នេហ៍មួយគូនេះស្រឡាញ់គ្នាចាក់ទឹកមិនលិច ពួកគេតែងតែទៅណាមកណាជាមួយគ្នារហូត រៀនក៏នៅថ្នាក់ជាមួយគ្នា អង្គុយកៅអីជាប់គ្នាទៀត ឯបន្ទប់គេងវិញវិសុទ្ធបានរើបន្ទប់មកនៅជាមួយតារាដោយរស់នៅដូចជាប្តីប្រពន្ធទៅហើយដោយគ្មានខ្វាយខ្វល់ពីក្រសែភ្នែកជាច្រើនដែលតែងតែលួចសម្លឹងមករកពួកគេ។ ចំណងស្នេហ៍នេះត្រូវបានវិញចូលគ្នាយ៉ាងណែនពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់ពួកគេទាំងពីបញ្ចប់ការសិក្សា ពួកគេទាំងពីរបានទទួលលទ្ធផលដ៏ល្អចំពោះការសិក្សារបស់ពួគគេ ដែលធ្វើអោយអ្នកស្រីវិជ្ជនីមានសេចក្តីពេញចិត្តជាក្រៃកន្លង។ គាត់បានប្រគល់តំណែងនាយកប្រតិបត្តិសណ្ឋាគារអោយទៅវិសុទ្ធដែលជាកូនប្រុសតែមួយ ចំណែកតារាវិញបានក្លាយជាជំនួយការផ្ទាល់របស់វិសុទ្ធ ដោយមើលឃើញថាពួកគេជាបងប្អូន និង ជាដៃគូដ៏ល្អសម្រាប់ការពង្រឹងនិងពង្រីកសណ្ឋាគារទាំងមូល។ អ្នកស្រីវិជ្ជនីពីតជាមិនបានដឹងអំពីទំនាក់ទំនងស្នេហារបស់វិសុទ្ធនិងតារាឡើយ ដែលជាហេតុធ្វើអោយពួកគេទាំងពីរកាន់តែមានពេលវេលាគ្រប់កាន់តែច្រើននៅជាមួយគ្នា។ 
ការងារ និង ស្នេហាចេះតែមានភាពល្អប្រសើរ។ វិសុទ្ធ និង តារា បានសម្រេចនូវគោលដៅជាច្រើនដែលសណ្ឋាគារបានកំណត់ ឯស្នេហាពួកគេក៏ចេះតែមានការប្រាស្រ័យទាក់ទង យល់ចិត្តថ្លើមគ្នាជាលំដាប់។ ទំនាក់ទំនងរបស់ពួកគេនៅក្នុងសណ្ឋាគារគ្រាន់តែជានាយក និង ជំនួយការ ចំណែកនៅផ្ទះជាបង និង ប្អូន។ តែនៅខាងក្រៅពួកគេបានលួចបញ្ចេញនូវអារម្មណ៍និងទំនាក់ទំនងពិតប្រាកដរបស់ពួកគេ។ ពេលទៅមើលកុនពួកគេតែងតែដើរកាន់ដៃគ្នា ពេលញ៉ាំអាហារតែងតែ ចាប់អោយគ្នា ទង្វើគ្រប់យ៉ាងគឺបង្ហាញអោយឃើញនូវការស្រឡាញ់ ការខ្វល់ខ្វាយ យល់ចិត្ត យោគយល់គ្នាដូចនឹងស្នេហារវាងបុរសនិងស្រ្តីដែរ។
ដូចពាក្យចាស់ពោលមែន ក្រដាស់មិនអាចខ្ចប់ភ្លើងបានទេ។ ទំនាក់ទំនងក្លែងបន្លំរបស់ពួកគេត្រូវបានបង្ហាញបន្តិចម្តងៗ។ ពួកគេតែងតែលេចលឺពាក្យចរចាមអារាមពីស្នេហាលួចលាក់របស់ពួកគេ ជាដំបូងតារាពិតជាមានការព្រួយបារម្ភចំពោះរឿងនោះណាស់តែត្រូវបានវិសុទ្ធលួងលោម។ រឿងស្នេហារបស់ពួកគេត្រូវបានបែកខ្ញែកពីមាត់មួយទៅមាត់មួយពេញសណ្ឋាគារ។ ថ្ងែមួយពួកគេបានដើរទៅបន្ទប់ប្រជុំទាំងពីរនាក់ ក៏ពើបប្រទះនិងបុគ្គលិកពីរបីនាក់កំពុងតែនិយាយពីទំនាក់ទំនងខុសធម្មតារបស់ពួកគេ។
-បុគ្គលិក១: នែក ខ្ញុំលឺថាលោកនាយកវិសុទ្ធ មានទំនាក់ទំនងស្នេហាប្រុសដូចគ្នាជាមួយជំនួយការផ្ទាល់ខ្លួនឯងគឺលោកតារា។
-បុគ្គលិក២: ឯងឆ្កួតទេអី ពួកគាត់ទាំងពីរគឺជាបងប្អូននឹងគ្នាណា។
-បុគ្គលិក៣: បើឯងមិនដឹងសួរគ្នា ពួកគាត់មិនមែនជាបងប្អូនបង្កើតទេ ហើយពួកគាត់ពិតជាស្រឡាញ់គ្នាមែន ខ្ញុំបានឃើញពួកគាត់ថើបគ្នាជាច្រើនដង។ ហើយមិត្តភក្តិខ្ញុំបានឃើញពួកគេបណ្តើរគ្នាទៅមើលកុន កាន់ដៃគ្នាដូចសង្សារមួយគូដ៏ផ្អែមល្ហែមអញ្ចឹង។ គេនាំគ្នានិយាយពេញទាំងសណ្ឋាគារទៅហើយពេលនេះ។ ហ្អើយ សម័យនេះផ្តាស់ប្តូរអស់ហើយ ស្រីៗស្អាតម៉ាគំនរមិនស្រឡាញ់ទេបែជាស្រឡាញ់ប្រុសដូចគ្នា មិនខ្លាចរន្ទះបាញ់ទេ ស្នេហាខុសធម្មជាតិបែបហ្នឹង?
ពួកគេនាំគ្នានិយាយជាច្រើនពីវិសុទ្ធ និង តារា។ តារាធ្វើមុខស្រពាប់ស្រពោននៅពេលដែលលឺរឿងនេះ គេថែមទាំងចង់ទៅប្រាប់បុគ្គលិកទាំងនេះអោយឈប់និយាយតែត្រូវបានវិសុទ្ធចាប់ដៃជាប់។ វិសុទ្ធបានចាប់ដៃតារាយ៉ាងណែន និង អូសតារាទៅលើដំបូលសណ្ឋាគារ ទៅដល់ទីនោះ វិសុទ្ធបានទាញតារាអោយបែមុខនិងខ្លួនមករកគេ ភ្នែកវិសុទ្ធបាញ់ទៅរកភ្នែកតារា ដៃវិសុទ្ធទាំងពីរចាប់កាន់ស្មារបស់តារា។
-វិសុទ្ធ: តើឯងស្រឡាញ់យើងទេ? 
វិសុទ្ធសួរទៅកាន់តារាដោយមិនពព្រិចភ្នែកទាំងគូ ចំណែកឯតារាវិញហាក់ដូចជាងឿងឆ្ងល់និងសំណួរមួយនេះរបស់វិសុទ្ធ គេហាក់ឈរធ្មឹងមិននិយាយ។
-វិសុទ្ធ: ហេតុអីមិនឆ្លើយ? ឯងមិនស្រឡាញ់យើងទេ? និយាយតែមួយមាត់មក។
“បាទ បាទ ស្រឡាញ់ ស្រឡាញ់ខ្លាំងណាស់” នេះជាសម្តីរបស់តារាតបទៅនឹងសំណួររបស់វិសុទ្ធ។ ចំណែកវិសុទ្ធពេលដែលបានលឹសម្តីនេះគេស្រវ៉ាអោបរាតាយ៉ាងណែនដើម្បីផ្តល់ភាពកក់ក្ដៅទៅតារា។ ការពិតវិសុទ្ធបានដឹងយ៉ាងច្បាស់ថាតារាពិតជាស្រឡាញ់គេណាស់តែសំណួរនេះគ្រាន់តែចង់បញ្ជាក់ និង រំលឹកតារាតែប៉ុណ្ណោះ។
-វិសុទ្ធ: “សន្យាណា ថាយើងនិងកាន់ដៃគ្នាអោយជាប់ទោះបីមានបញ្ហាអ្វីកើតឡើងក៏ដោយ ខ្ញុំសូមស្បថថានឹងកាន់ដៃឯងមិនលែងជាដាច់ខាត ហើយឯងក៏ត្រូវស្បថដែរថា និងមិនលែងដៃខ្ញុំឡើយ។ ខ្ញុំដឹងថាស្នេហាយើងពិតជាមានឧបសគ្គច្រើនណាស់ តែយើងនឹងនាំគ្នាជំនះអោយទាល់តែបាន គ្មានអ្នកណាអាចបំបែកបំបាក់ពួកយើងទាំងពីរបានឡើយ កុំខ្វល់ពីអ្នកដទៃទោះបីអ្នកណានិយាយអ្វីអោយគេនិយាយទៅចុះ សំខាន់គឺបេះដូងរបស់ពួកយើង យើងធ្វើអ្វីតាមបេះដូងយើងត្រូវការ ហើយវាក៏មិនមែនជាស្នេហាខុសធម្មជាតិដែរ ព្រោះថាធម្មជាតិជាអ្នកបង្កើតពួកយើងអោយមានអារម្មណ៍បែបនេះ អោយយើងស្រឡាញ់គ្នា អ្វីគ្រប់យ៉ាងរួមទាំងបេះដូងយើងគឺធម្មជាតិជាអ្នកបង្កើត ឈប់គិតអ្វីទាំងអស់តែត្រូវចាំថាពួកយើងស្រឡាញ់គ្នា មិនចោលគ្នា មិនបែកគ្នា និង កាន់ដៃគ្នាជារៀងរហូត”។
បានលឺសម្តីនេះចេញពីមាត់វិសុទ្ធ ធ្វើអោយតារាមានចិត្តរំភើបយ៉ាងខ្លាំង។ គេគ្រាន់តែបានងក់ក្បាលដែលជាសញ្ញាបញ្ជាក់ពីការទទួលយល់ព្រមអ្វីដែលជាសំណូមពររបស់វិសុទ្ធ។ តារាបានទាញយកដៃវិសុទ្ធមកកាន់យ៉ាងណែន។ ពួគគេញញឺមទៅរកគ្នានិងផ្តល់ក្តីសង្ឃឹមនឹងទំនុកចិត្តរវាងញគ្នានឹងគ្នាទៅវិញទៅមក។ ដៃឆ្វេងតារាកាន់ដៃស្តាំរបស់វិសុទ្ធយ៉ាងណែនរួចលើកទៅលើ “ខ្ញុំស្រឡាញ់ឯង វិសុទ្ធ” “យើងក៏ស្រឡាញ់ឯងដែរ តារា” ពួកគេស្រែកខ្លាំងទៅលើមេឃ។ បន្ទាប់ពីស្រែកពួកគេសម្លឹងមើលមុខគ្នាដោយស្នាមញញឹមនិងភាពជឿជាក់។
ក្រោយពីការសន្ទនា ការផ្តល់ទំនុកចិត្ត និង កំលាំងចិត្តអោយគ្នារួចរាល់មកពួគគេទាំងពីរបានបណ្តើរគ្នាទៅកាន់បន្ទប់ប្រជុំ។ ថ្ងៃនេះគឺជាថ្ងៃពិសេសដែលគ្រប់ម្ចាស់ភាគហ៊ុនទាំងអស់ត្រូវចូលរួមកិច្ចប្រជុំដើម្បីបូកសរុបលទ្ធផលការងារ។ កិច្ចប្រជុំចាប់ផ្តើមនៅម៉ោង៩ ព្រឹកដូច្នេះម្ចាស់ភាគហ៊ុន និង ប្រធានផ្នែកនានាត្រូវចូលរូមក្នុងសាលប្រជុំអោយបានមុនម៉ោង៩។ វិសុទ្ធ និង តារា ដើរចូលទៅកាន់សាលប្រជុំជាធម្មតា តែអ្វីដែលប្លែកគឺកែវភ្នែកអ្នកដែលនៅក្នុងសាលប្រជុំមានសម្លឹងមករកពួកគេហាក់បីដូចជាមនុស្សចម្លែក ហើយមានអ្នកខ្លះលួចខ្សិបគ្នាទៀតផង។ ទង្វើបែបនេះធ្វើអោយពួកគេទាំងពីរនាក់ដូចជារឹងខ្លួន និង អៀនប្រៀន។ វិសុទ្ធ បានយកដៃកេះតារា និង ញាក់ភ្នែកជាសញ្ញាអោយទៅកាន់កៅអីអង្គុយ។ បន្ទាប់ពីទៅកាន់កន្លែងអង្គុយដែលគេបានរៀបជាស្រេចនោះ អ្នកស្រីវិជ្ជនីដែលជាម្ចាស់ភាគហ៊ុនដ៏ធំនៅក្នុងសណ្ឋាគារបានមកដល់ រួមជាមួយនិងម្ចាស់ភាគហ៊ុនជាច្រើនទៀត។ បន្ទាប់ពីកិច្ចស្វាគមន៍ និងរាក់ទាក់គ្នាមកកិច្ចប្រជុំក៏ចាប់ផ្តើមដោយរលូន។ ក្រោយពីកិច្ចប្រជុំអ្នកស្រីវិជ្ជនីបានជួបពិភាគ្សាជាមួយនិងលោក សត្យារាជ ដែលជាម្ចាស់ភាគហ៊ុនធំបន្ទាប់ពីអ្នកស្រីវិជ្ជនី នៅក្នុងជំនូបជាឯកជននេះលោកសត្យារាជ ក៏បានលើកឡើងពីកូនស្រីរបស់លោកដែលទើបតែបញ្ចប់ការសិក្សានៅប្រទេសស្វីស ដែលមានអាយុស្របាលទៅនឹងវិសុទ្ធដែរ នាងឈ្មោះ ដូរីកា។ ដូរីកា គឺជាក្មេងស្រីដែលឆ្លាត និង មានរូបសម្បត្តិស្រស់ស្អាត ហើយផ្នត់គំនិតរបស់នាងគឺទៅរកពួកអឺរ៉ុប។ លោក សត្យារាជ ចង់បង្ហាញពីគំនិតភ្ជាប់សាច់ឈាមរវាងគ្រួសារអ្នកទាំងពីរ។ ចំណែកអ្នកស្រីវិជ្ជនីហាក់ដូចជាស្ទើរស្ទាក់ចំពោះគំនិតរបស់លោកសត្យារាជ តែគាត់ក៏បានយកវាទៅពិចារណាដែរ។
ស្នេហារវាងវិសុទ្ធ និង តារាបានរីកសុះសាយពេញទាំងសណ្ឋាគារតាមរយះការនិយាយខ្សិបខ្សាវពីមាត់មួយទៅមាត់មួយ រហូតទៅដល់អ្នកស្រីវិជ្ជនី។ ជាដំបូងគាត់ដូចជាមិនសូវជាចាប់អារម្មណ៍ និង ជឿពីពាក្យចរចាមអារាមទាំងនោះប៉ុន្មានទេ តែដោយសារតែចេះតែមានគេនិយាយច្រើនឡើងៗធ្វើអោយគាត់មានការចាប់អារម្មណ៍ និង សង្កេតមើល។ គាត់សង្កេតពីទង្វើពួកគេទាំងពីរនាក់ដែលធ្លាប់ធ្វើពីពេលមុខមក និង ពេលបច្ចុប្បន្ន តាមការសង្កេតនិងការនិយាយតៗគ្នារបស់បុគ្គលិកធ្វើអោយអ្នកស្រីវិជ្ជនីមានការសង្ស័យ។
ល្ងាចមួយក្រោយពីបាយល្ងាចរួច អ្នកស្រីវិជ្ជនីបានហៅវិសុទ្ធមកជួប។ គាត់បានប្រាប់វិសុទ្ធពីគោលបំណងចង់អោយវិសុទ្ធទៅបន្តការសិក្សានៅប្រទេសបារាំង ដោយមូលហេតុចង់អោយគេបញ្ចប់ថ្នាក់បណ្ឌិតនៅទីនោះ។ តែធាតុពិតគឺចងអោយគន្លាតពីវិសុទ្ធ និង តារានៅឆ្ងាយពីគ្នា។ ទោះជាយ៉ាងណាក៏ដោយគំនិតថាចង់អោយវិសុទ្ធទៅបន្តការសិក្សាត្រូវបានបដិសេធន៍ ដោយវិសុទ្ធយកលេសមិនចង់ទៅណាឆ្ងាយពីអ្នកស្រីវិជ្ជនី។ អ្នកស្រីវិជ្ជនីកាន់តែដឹងច្បាស់ពីចំណងទាក់ទងរបស់វិសុទ្ធ និង តារាក្រោយពេលដែលវិសុទ្ធស្នើរអោយតារាទៅជាមួយគេ តែបើតារាមិនទៅគេក៏មិនទៅដែរ។ ចំណែកអ្នកស្រីវិជ្ជនីបាននិយាយថាបើវិសុទ្ធទៅ តារានៅ តែបើតារាទៅ វិសុទ្ធនៅ ព្រោះមិនអាចទៅចោលសណ្ឋាគារទាំងពីរអ្នកបានឡើយ។ចំណោទ និង ការដោះស្រាយរវាងម្តាយនិងកូនបានកើតមានឡើងជាងពីម៉ោង លទ្ធផលដែលទទួលបានគឺវិសុទ្ធមិនព្រមទៅបរទេសដោយយកលេសមិនចេះចប់ ដោយបញ្ហាមួយនេះអ្នកស្រីវិជ្ជនីជាអ្នកចាញ់។ ក្រោយពីបានដឹងច្បាស់ពីទំនាក់ទំនងខុសប្រក្រតីរបស់កូនប្រុសទាំងពីរ គាត់ពិតជាមានអារម្មណ៍ពិបាកចិត្ត និង ទទួលយកមិនបាន។ គាត់ស្ទើរតែមិនជឿនូវអ្វីដែលគាត់បានលឺ និង បានឃើញ តែទោះជាយ៉ាងណាវាជាការពិត។
ថ្ងៃទី១១ ខែធ្នូ គឺជាថ្ងៃខួបកំណើតរបស់អ្នកស្រីវិជ្ជនី។ នៅល្ងាចថ្ងៃនោះនៅផ្ទះមានកម្មវិធីជួបជុំគ្រួសារដ៏តូចមួយនេះ នៅតុបាយមានអ្នកស្រីវិជ្ជនី វិសុទ្ធ តារា មីងសយ និង ពូឈឿន។ ការចាប់ផ្តើមនៃកម្មវិធីពិតជាសប្បាយរីករាយ និង សេចក្តីសុខខ្លាំងណាស់ ដែលបានស្ថិតក្រោយស្នាមញញឺមនៃអ្នកចូលរួមទាំងអស់គ្នា។វិសុទ្ធបានយកអំណោយរបស់គេដែលជាដង្កៀបសក់មួយដ៏ស្រស់ស្អាតដែលមានដាំទៅដោយត្បូងពេជ្រទៅអោយអ្នកស្រីវិជ្ជនី ចំណែកតារាវិញ បានយកអំណោយដែលជាកន្សែងសូត្រមួយដ៏ស្រស់ស្អាត ពណ័ភ្លឺរលោងស្រិលដូចស្លាបក្ងោកមាស។ បទចម្រៀងជូនពរខួបកំណើតត្រូវបានបញ្ចប់ ការជូនពរក៏បានបន្លឺឡើងពីម្នាក់ទៅម្នាក់ចំពោះអ្នកស្រីវិជ្ជនី។ អ្នកស្រីវិជ្ជនីបាននិយាយថា “ម៉ាក់មិនចង់បានអ្វីទេ ម៉ាក់ចង់បានរៀបការជាមួយមនុស្សស្រីម្នាក់ដ៏ល្អ និង មានចៅជាច្រើនអោយម៉ាក់”។ គ្រាន់តែបានលឺសម្តីនេះភ្លាម វិសុទ្ធ ក្រឡេកមកមើលមុខតារា ឯដៃកាន់ដៃតារាយ៉ាងជាប់។ អ្នកស្រីវិជ្ជនីបានបន្តទៀតថា “កូនស្រីលោកសត្យារាជស្អាតណាស់ នាងជាមនុស្សស្រីឆ្លាត សាកសមនិងវិសុទ្ធកូនម៉ាក់ ហើយម៉ាក់និងលោកសត្យារាជ មានគំរោងនិងផ្គូផ្គងកូនទាំងពីរ តើកូនគិតយ៉ាងណាដែរ?”
-អត់ទេម៉ាក់កូនមិនចង់រៀបការនៅពេលនេះទេ។ វិសុទ្ធតបទៅម្តាយវិញដោយសម្តីមិនសូវជាពេញចិត្តនឹងទៅនិងសំណើររបស់ម្តាយ។ ចំណែកឯអ្នកស្រីវិជ្ជនីរឹតតែគៀបសង្កត់វិសុទ្ធនៅពេលដែលវិសុទ្ធកាន់តែប្រកែក ហើយគាត់បានទាំងសុំអោយតារាជួយនិយាយបញ្ចុះបញ្ចូលវិសុទ្ធថែមទៀតផង។ ពិធីខួបកំណើតត្រូវបានបញ្ចប់ដោយភាពតានតឹងនៃការជជែកវែកជែកគ្នា វិសុទ្ធបានដើរចេញពីតុបាយដោយការមិនពេញចិត្ត និង សៅហ្មង បន្សល់ទុកតែតារា អ្នកស្រីវិជ្ជនី មីងសយ និង ពូឈឿនមើលមុខគ្នា។
ក្រោយពីថ្ងៃខួបកំណើតអ្នកស្រីវិជ្ជនីបានបញ្ចប់ អ្នកស្រីវិជ្ជនីបានរិះរកវិធីជាច្រើនដើម្បីអោយវិសុទ្ធរៀបការ និង ផ្តាច់ទំនាក់ទំនងស្នេហាជាមួយតារា។ គាត់តែងតែណាត់អោយវិសុទ្ធទៅជួបដូរីកាជាញឹកញាប់តែត្រូវបានវិសុទ្ធបដិសេដ តែពេលខ្លះក៏មិនអាចបដិសេដបានដែរ។ វិសុទ្ធ និង ដូរីកា ដូចជាគ្មានអ្វីចាប់ផ្តើមនិង រីកចម្រើនឡើយរវាងទំនាក់ទំនងគេទាំងពីរ ពីព្រោះតែវិសុទ្ធចេះតែរកលេសគេចចេញពីដូរីការហូត។

.......អង្គុយនៅក្នុងការរិយាល័យធ្វើការ អ្នកស្រីវិជ្ជនីហាក់ដូចជាកំពុងតែគិតវែងឆ្ងាយ។ ដៃទាំងពីររបស់គាត់ពេលខ្លះក៏យកមកជ្រោងសក់ និង ពេលខ្លះក៏យកមកខ្ទប់មុខ។ គាត់កំពុងតែគិតពីកូនសម្លាញ់ទាំងពីររបស់គាត់ គាត់ពិតជាមានការព្រួយបារម្ភចំពោះពួកគេទាំងពីរខ្លាំងណាស់ ព្រោះតែសេចក្តីស្រឡាញ់ សេចក្តីអាណិត កិត្តិយស កេរ្តិ៍ឈ្មោះ ភាពថ្លៃថ្នូរ ប្រពៃណីទំនៀមទម្លាប់ និង ការបន្តពូជពង្សគ្រួសារ បានធ្វើអោយអ្នកស្រីវិជ្ជនីមានអារម្មណ៍វិលវល់ពិបាកនិងរកដំណោះស្រាយចំពោះស្នេហារវាងតារា និង វិសុទ្ធ។ តែជាលទ្ធផលចុងក្រោយគាត់នៅតែប្រកាន់គំនិតថា និងបំបែកពួកគេទាំងពីរ។
នៅពេលល្ងាចក្រោយទទួលទានអាហាររួចអ្នកស្រីវិជ្ជនីបានហៅអោយតារាទៅជួបនៅក្នុងបន្ទប់របស់គាត់។ នៅពេលនោះអ្នកស្រីវិជ្ជនីមានគំរោងច្បាស់លាស់ហើយថាគាត់និង និយាយដោយបើកចំហរពីស្នេហារបស់តារា និង វិសុទ្ធ។ គាត់មានគំនិតថានឹងសុំអោយតារាដើរចាកចេញពីវិសុទ្ធ គាត់យល់ថាបើគាត់និយាយរឿងនេះទៅកាន់តារា ហាក់មានភាពងាយស្រួលជាងនិយាយជាមួយនឹងវិសុទ្ធ ពីព្រោះគាត់បានដឹងច្បាស់ពីចរិករឹងរួស មានះ របស់វិសុទ្ធ។ តារាបានចូលមកដល់ក្នុងបន្ទប់របស់អ្នកស្រីវិជ្ជនី អ្នកស្រីវិជ្ជនីបានអោយតារាមកអង្គុយជិត ដៃម្ខាងគាត់ដាក់ទៅលើស្មារបស់តារា និង ម្ខាងទៀតអង្អែលក្បាលតារា។ ចំណែកតារាវិញហាក់បីដូចជាមានអារម្មណ៍ថាប្លែក តែគេមិនសូវជាចាប់អារម្មណ៍ប៉ុន្មានទេ។
-<តារា ម៉ាក់គិតថាកូនដូចជាមានអាយុកាន់តែច្រើនណាស់ហើយ ហើយម៉ាក់គិតថាកូនគួរតែដល់ពេលរកគួស្រករហើយ តើកូនមានបានចាប់អារម្មណ៍ទៅលើនារីម្នាក់ណាហើយឬនៅ?>
អ្នកស្រីវិជ្ជនីបានសួរសំណួរនេះទៅកាន់តារា ទាំងបានដឹងហើយថាតារាកំពុងតែមានទំនាក់ទំនងស្នេហាយ៉ាងផ្អែមល្ហែមជាមួយវិសុទ្ធនោះ។ ចំណែកឯតារាវិញហាក់មានភាពភ្ញាក់ផ្អើលនិងសំណួរនេះ គេអង្គុយនៅថ្មឹងមួយសន្ទុះ រួចក៏ឆ្លើយដោយសម្តីស្ទាក់ស្ទើរនិង ញ័រៗទៅកាន់អ្នកស្រីវិជ្ជនី។
-<ម៉ាក់ ហេតុអីក៏ម៉ាក់សួរខ្ញុំពីបញ្ហានេះ? ខ្ញុំមិនទាន់គិតពីរឿងនេះទេ ខ្ញុំចងចំណាយពេលអោយបានច្រើនដើម្បីនៅជួយម៉ាក់ និង សណ្ឋាគារសិន។>
-<ចំពោះម៉ាក់ និង សណ្ឋាគារកូនកុំបារម្ភ ព្រោះម៉ាក់នៅមានវិសុទ្ធម្នាក់ទៀត ហើយពេលរៀបការរួចកូនក៏នៅតែអាចជួយម៉ាក់បានដដែល។ ចំណែកឯវិសុទ្ធវិញម៉ាក់បានផ្គូផ្គងគេជាមួយនឹងកូនស្រីលោកសត្យារាជរួចហើយ ហើយម៉ាក់ក៏មានគំរោងអោយគេរៀបការនៅពេលឆាប់ៗនេះ។>
គ្រាន់តែបានលឺសម្តីបែបនេះធ្វើអោយបេះដូងរបស់តារាស្ទើរតែគាំងលែងដើរ ហើយពេលខ្លះក៏ចង់ផ្ទុះចេញមកក្រៅម្តងៗផងដែរ។ ទឹកមុខគេចាប់ផ្តើមប្រែប្រួលទៅជាស្លេកស្លាំង ញើសចាប់ផ្តើមហូរចេញពីថ្ងាស់។ ចំណែកអ្នកស្រីវិជ្ជនីវិញបានសង្កេតនិងបានដឹងយ៉ាងច្បាស់ពីប្រតិកម្មរបស់តារា គាត់បានសួរទៅកាន់តារាភ្លាម។
-<តារា តើកូនមិនស្រួលខ្លួនមែនទេ? មុខមាត់កូនដូចជាស្លេកស្លាំងខ្លាំងណាស់។>
-<បាទ បាទ ម៉ាក់កូនមិនអីទេ កូនធម្មតាតាសម៉ាក់>
-<បានហើយ ទៅសម្រាកទៅអញ្ចឹង ម៉ាក់មើលទៅកូនដូចជាមិនស្រួលខ្លួនហើយ ឆាប់ចូលគេង ហើយបើមានបញ្ហាអីប្រាប់ម៉ាក់ ម៉ាក់មានតែពួកឯងពីរនាក់ណឹងទេ ដែលជាអ្នកបន្តការងារកេរ្តិ៍ឈ្មោះក្រុមគ្រួសារ និង ក្រុមហ៊ុនទាំងមូល ម៉ាក់ពិតជាចង់បានចៅខ្លាំងណាស់ ហើយក៏មិនចង់បាត់បង់នរណាម្នាក់រវាងពួកកូនទាំងពីរដែល ម៉ាក់ចង់អោយពួកឯងទាំងពីរនៅជាមួយម៉ាក់រហូត តែវាមិនអាចទេពួកកូនត្រូវតែមានក្រុមគ្រួសារផ្ទាល់ខ្លួន កសាងគ្រួសារមួយដែលមានសុភមង្គល មានប្តីប្រពន្ធ និង កូន។ ហឹម ម៉ាក់ដូចជានិយាយច្រើនពេកហើយទៅសម្រាកចុះកូន ម៉ាក់ក៏ចង់សម្រាកដែរ។>
អ្នកស្រីវិជ្ជនីនិយាយទៅកាន់តារាដោយបង្កប់ទៅដោយមានន័យជ្រៅដែលធ្វើអោយតារាមានការងើងឆ្ងល់ និង មន្ទិលនៅក្នុងចិត្ត។ ចំណែកអ្នកស្រីវិជ្ជនីវិញ ហាក់ដូចជានិយាយមិនទាន់អស់សេចក្តីគាត់ដូចជានៅមានរឿងជាច្រើនដែលលាក់នៅក្នុងចិត្ត ហើយដូចជាចង់និយាយចេញមកក្រៅបន្តិចអត់បន្តិច។ ឯតារាវិញក្រោយពីអ្នកស្រីវិជ្ជនីនិយាយចប់គេក៏និយាយលាទៅកាន់អ្នកស្រីវិជ្ជនី ហើយគេក៏ងើបប្រុងនឹងដើរចេញទៅ រៀបនឹងចាកចេញទៅហើយអ្នកស្រីវិជ្ជនីបានចាប់ដៃតារាជាប់ រួចសម្លឹងមើលមុខតារា ចំណែកតារាហាក់ដូចជាភ្ញាក់ផ្អើលបន្តិចហើយក៏បានមើលមុខអ្នកស្រីវិជ្ជនីវិញដោយក្តីចម្ងល់។
-<តារា តើកូន និង វិសុទ្ធពួកឯងទាំងពីរពិតជាមានទំនាក់ទំនងស្នេហាជាមួយគ្នាដូចអ្វីដែលគេគ្រប់គ្នានិយាយមែនទេ?ប្រាប់ម៉ាក់អោយត្រង់មក ឈប់លាក់បាំងនឹងម៉ាក់ទៀត។ >
គ្រាន់តែបានលឺនូវសំណួរនេះភ្លាមតារាស្ទើរតែភ្លេចដក់ដង្ហើម ភ្នែកទាំងគូរបើកធំៗ ជើងទាំងពីរស្ពឹក ឯជង្គង់វិញញ័រហាក់ឈរលែងចង់នឹង ញើសកាន់តែហូរចេញពីថ្ងាស និង ខ្នងជោគេអាវ បេះដូងលោតញាប់ខុសពីប្រក្រតីរាប់រយលានសែនដង ចំណែកខួរក្បាលខំគិតថានឹងរកចម្លើយបែបណានឹងឆ្លើយតបចំពោះសំណួរអ្នកស្រីវិជ្ជនី នៅពេលនោះស្ថានការណ៍ទាំងមូលហាក់ដូចជារៀបនឹងផ្ទុះសង្រ្គាមលោកលើកទី៣ ផែនដីត្រូវក្រឡាប់ចាក់ ចំណែកតារាដូចជាឈ្លើយសឹកសង្រ្គាមម្នាក់ដែលត្រូវបានគេចាប់មកសួរចម្លើយ។ ចំណែកឯអ្នកស្រីវិជ្ជនីហាក់បីដូចជារាជសីដែលកំពុងតែស្រែកគ្រហឹមគំរាមទៅកាន់កូនប្រើសដ៏តូចមួយដូច្នេះដែរ។
-<ម៉ាក់ ម៉ាក់ ម៉េចម៉ាក់សួរបែបនេះ? ហើយម៉ាក់បានដឹងមកពីណា? ខ្ញុំមិនយល់ពីអ្វីដែលម៉ាក់និយាយទេ។>
-<បានហើយតារាកូនម៉ាក់ ឈប់កុហកម៉ាក់ទៀតទៅ ម៉ាក់បានដឹងរឿងគ្រប់យ៉ាងអស់ហើយ ហើយម៉ាក់ក៏មិនបណ្តោយអោយកូនម៉ាក់ទាំងពីរធ្វើខុសបែបនេះទៀតដែរ វាគ្មានអនាគតទេណាកូន។ ចាប់ពីពេលនេះតទៅម៉ាក់សុំអោយតារាផ្តាច់ទំនាក់ទំនងស្នេហាដែលខុសធម្មជាតិ ហើយដែលមនុស្សគ្រប់គ្នាគេខ្ពើមរអើមតទៅទៀត បើកូនជាស្រី ម៉ាក់ពិតជាសប្បាយចិត្តណាស់ បើយម៉ាក់រីករាយនឹងទទួលយកកូន តែនេះវាមិនអាចទេកូននិងវិសុទ្ធគឺជាមនុស្សប្រុសដូចគ្នា។ ម៉ាក់សង្ឃឹមថាកូននឹងបានយល់ពីទឹកចិត្តរបស់ម៉ាក់។>
និយាយបានដល់ចំណុចនេះវិសុទ្ធបានបើកទ្វារបន្ទប់ចូលមក ដែលធ្វើអោយតារា និង អ្នកស្រីវិជ្ជនីភាំងស្មារតីធ្វើភ្នែកស្លឹងមួយសន្ទុះចំពោះវត្តមានរបស់វិសុទ្ធនៅពេលនោះ។
-<ម៉ាក់ចង់អោយពួកខ្ញុំយល់ពីទឹកចិត្តនិងអារម្មណ៍របស់ម៉ាក់ តែម៉ាក់មានគិតពីអារម្មណ៍ពួកខ្ញុំទេ? ថាតើពួកយើងត្រូវការអ្វី? ពួកខ្ញុំធ្វើអ្វីតាមបេះដូងរបស់យើងទាមទារ ហើយមិនបានប្រព្រឹត្តកំហុសឆ្គងទៅលើអ្នកណាម្នាក់ឡើយ។> វិសុទ្ធបាននិយាយទៅកាន់អ្នកស្រីវិជ្ជនី។
-<តែស្នេហាបែបនេះ វាខុសពីធម្មជាតិ សង្គមមិនទទួលស្គាល់ គេស្អប់ខ្ពើម កិត្តិយសគ្រួសារនិងត្រូវអាប់អោនបានត់បង់ភាពថ្លៃថ្នូរនៅពេលដែលមនុស្សគ្រប់គ្នាបានដឹង តើគ្រួសារយើងនឹងត្រូវអាម៉ាសប៉ុណ្ណា? ចំណុចដែលសំខាន់ ថាតើមានអ្នកណាបន្តពូជពង្សរង្សត្រកូលពួកយើង? ស្នេហាបែបនេះគ្មានអនាគតទេកូន ពួកឯងត្រូវតែបញ្ឈប់វា។>
-<ម៉ាក់ ហេតុអីម៉ាក់នឹងមនុស្សគ្រប់គ្នាយល់ថាស្នេហានេះជាស្នេហាខុសធម្មជាតិ? ធម្មជាតិជាអ្នកបង្កើតរូបយើងគ្រប់គ្នា ធម្មជាតិជាអ្នកបង្កើតបេះដូង ការស្រឡាញ់ រូបរាងកាយ និង ចរិកលក្ខណះ ធម្មជាតិបង្កើតពួកខ្ញុំអោយស្រឡាញ់គ្នាមានចិត្តដូចគ្នា មិនមែនខ្ញុំជាអ្នកបង្កើតវាដោយខ្លួនឯងឡើយ។ ហើយធម្មជាតិក៏មិនបានហាមអោយពួកយើងមិនអាចស្រឡាញ់គ្នាដែរ ដូច្នេះពួកយើងគ្មានកំហុស និង ធ្វើខុសពីធម្មជាតិឡើយ។ ចំណែកការស្អប់ខ្ពើមពីសង្គមដោយសារតែពួកគេមិនទាន់បានយល់ពីពួកយើង ហេតុអីត្រូវស្អប់ខ្ពើមពួកយើង? ពួកយើងជាមនុស្សដូចគ្នា មិនបានប្រព្រឹត្តអំពើទុច្ចរឹតឡើយ ពួកយើងអាចធ្វើការ រៀនសូត្រ បង្កើតជាគ្រួសារមួយដែលមានសុភមង្គលដូចមនុស្សទូទៅដែរ។ ចំពោះកិត្តិយស កេរ្តិ៍ឈ្មោះវិញ ខ្ញុំមិនខ្វល់ឡើយ ខ្ញុំខ្វល់តែធ្វើយ៉ាងណាអោយពួកយើងមានសេចក្តីសុខរស់នៅក្នុងសុភមង្គល ឯការបន្តពូជពង្សគ្រួសារវិញ ទោះបីជាពួកយើងមិនអាចមានកូនតែ ពួកយើងអាចធ្វើអោយគ្រួសារ និង មុខជំនួញមួយនេះមានភាពរុងរឿងបាន។ ម្យ៉ាងទៀតមិនខ្វះទេ អ្នកដែលបានរៀបការរវាងប្រុសស្រី តែពួកគេគ្មានកូន តែគេនៅតែរស់នៅមានសុភមង្គលនឹងគ្នា។ ខ្ញុំមិនចង់រស់នៅដោយលាក់ពីអារម្មណ៍ខ្លួនឯងអស់មួយជីវិតឡើយ វាពិតជាពិតបាកណាស់។ ដូចម៉ាក់បានដឹងហើយថា ខ្ញុំបានខិតខំលាក់អារម្មណ៍ និង បេះដូងរបស់ខ្ញុំអស់រយះពេលជិត២០ឆ្នាំដែលខ្ញុំមិនទទួលស្គាល់ថាខ្ញុំស្រឡាញ់មនុស្សប្រុសដូចគ្នា តែក្រោយពេលដែលខ្ញុំស្គាល់តារា ធ្វើអោយខ្ញុំបានស្គាល់ពីធាតុពិត និង បេះដូងពិតរបស់ខ្ញុំ ខ្ញុំស្គាលថាខ្ញុំជានរណា។ វាពិតជាពិបាកណាស់ដែលយើងរស់នៅជាមួយមនុស្សដែលយើងមិនបានស្រឡាញ់អស់មួយជិវិត ហើយវាពិតជាគ្មានសេចក្តីសុខឡើយ ខ្ញុំចង់ចំណាយពេលវេលាដែលនៅសល់ជាមួយមនុស្សដែលខ្ញុំស្រឡាញ់ ហេតុអីខ្ញុំត្រូវចំណាយឆាកជីវិតខ្ញុំទាំងមូលជាមួយមនុស្សដែលខ្ញុំមិនបានស្រឡាញ់? ហើយត្រូវក្បត់និងសតិខ្លួនឯងអស់មួយជីវិតនោះ? តើវាមិនមែនជាទណ្ឌកម្មជីវិតមួយដ៏ធ្ងន់ពេកទេសម្រាប់ខ្ញុំ? ម៉ាក់ពួកខ្ញុំទាំងពីរនាក់ស្រឡាញ់គ្នាខ្លាំងណាស់ ហើយខ្ញុំសង្ឃឹមថាម៉ាក់នឹងយល់ពីពួកយើងបានខ្លះ។>
-<វិសុទ្ធ កូនកំពុងតែនិយាយស្អីណឹង? ពួកឯងទាំងពីរឆ្កួតហើយមែនទេ? ពួកឯងធ្វើអោយម៉ាក់ឆ្កួតតាមពួកឯងហើយ។ តើកូនៗដែលធ្លាប់តែផ្តល់ក្តីសង្ឃឹមមកអោយម៉ាក់គេទៅណាអស់ហើយ? ម៉ាក់មិនព្រមទទួលយកនូវអ្វីដែលពួកឯងបានធ្វើឡើយ ម៉ាក់ទទួលមិនបាន។ ថ្ងៃស្អែកម៉ាក់នឹងនាំពួកឯងទៅស្រោចទឺកចេញ កុំអោយគិតអ្វីដែលឆ្កួតៗបែបនេះទៀត ហើយម៉ាក់នឹងCall ទៅលោកសត្យារាជបញ្ជាក់ពីថ្ងៃភ្ជាប់ពាក្យរវាងវិសុទ្ធ និង ដូរីកា។ ពួកឯងគ្មានសិទ្ធជំទាស់ឡើយ។>
នៅពេលនេះអ្នកស្រីវិជ្ជនីគាត់ សម្តែងអោយឃើញពីការមិនពេញចិត្តចំពោះទង្វើរបស់តារា និង វិសុទ្ធ។ គាត់ខឹងខ្លាំងមែនទែន ឈាមក្រហមច្រាលនៅលើផ្ទៃមុខអ្នកស្រីវិជ្ជនី គាត់និយាយទៅកាន់ពួកគេទាំងពីរអោយសម្តីដាច់អហាំងកាតែម្តង។ ដែលធ្វើអោយតារា ជាពិសេសវិសុទ្ធ មានការមិនពេញចិត្តចំពោះសម្តីនិងទង្វើរបស់ម្តាយរបស់ពួកគេ។ តែលទ្ធផលនេះពួកគេបានគិតទុកជាមុនរួចទៅហើយ ថាវានឹងកើតមានឡើងនៅថ្ងៃណាមួយ ហើយវាក៏បានកើតឡើងមែន។ វិសុទ្ធបាននិយាយទៅកាន់អ្នកស្រីវិជ្ជនីដោយសម្តីស្រាលៗនិងទឹកមុខក្រៀមក្រំ:
-<ម៉ាក់ ការពិតកូនមិនបានឆ្កួតទេនៅពេលនេះ កូននៅមានសតិគ្រប់គ្រាន់ក្នុងការគិតដឹងថាអ្វីដែលត្រូវធ្វើហើយអ្វីដែលមិនត្រូវធ្វើ។ វិសុទ្ធកាលពីរ៥ឆ្នាំមុនបានជាមនុស្សឆ្កួត គេឆ្កួតនឹងខ្លួនឯង ឆ្កួតមិត្តភក្តិ ទ្រព្យសម្បត្តិ សម្ភារះនិយម ឆ្គួតនឹងគ្រឿនញៀន បោះបង់ការសិក្សា មិនដែលចូលរៀនសូត្រ ឈ្លក់វង្វែងនិងការដើរលេង ការសប្បាយ ខ្ញុំឆ្កួតរហូតដល់លែងស្គាល់ថាខ្លួនជានរណា។ តែក្រោយពេលដែលខ្ញុំបានស្គាល់តារា ខ្ញុំបានកែប្រែក្លាយទៅជាមនុស្សម្នាក់ផ្សេង ខ្ញុំបានដឹងថាខ្ញុំជានរណា បេះដូងខ្ញុំត្រូវការអ្វី ខ្ញុំឈប់ប្រើប្រាស់គ្រឿងញៀន ចូលរៀន ធ្វើខ្លួនជាមនុស្សល្អនៅក្នុងគ្រួសារ សាលារៀន និង នៅក្នុងសង្គម ទាំងអស់នេះគឺបានមកពីស្នេហា ស្នេហាដែលម៉ាក់ និង អ្នកគ្រប់គ្នាគិតថាជាស្នេហាខុសធម្មជាតិ ស្នេហាឆ្កួតលីលា គួរអោយខ្ពើមរអើម តែចំពោះខ្ញុំវាពិតជាមានតំលៃខ្លាំងណាស់ ហើយខ្ញុំនឹងមិនធ្វើអោយវាបាត់បង់ឡើយទោះបីជាត្រូវលះបង់អ្វីក៏ដោយ។>
-<សូម្បីតែម៉ាក់?> អ្នកស្រីវិជ្ជនីសួរសំណួរនេះទៅកាន់វិសុទ្ធទាំងទឹកភ្នែក។
-<អត់ទេ ខ្ញុំមិនបោះបង់ម៉ាក់ទេ ខ្ញុំនៅតែស្រឡាញ់ គោរពម៉ាក់ជានិច្ច តែខ្ញុំគ្រាន់តែធ្វើអ្វីទៅតាមបេះដូងរបស់ខ្ញុំ។ អោយកូនសុំទោស។>
-<ល្អ ល្អ ឯងនិយាយបានល្អណាស់ សម្តីនេះធ្វើអោយម៉ាក់ស្ទើរតែក្អួតឈាមទៅហើយតើពួកឯងដឹងទេ? បើពួកឯងនៅតែប្រកាន់ជំហបែបនេះទៀត ពួកឯងចេញអោយឆ្ងាយទៅ កុំអោយម៉ាក់បានឃើញនូវទង្វើរបស់ពួកឯងទៀត ម៉ាក់ស្អប់ពួកឯងណាស់ ចេញទៅ ម៉ាក់នឹងចាំមើលថាតើពួកឯងពូកែដល់ពេលណាទៀត ពួកឯងនឹងស្តាយក្រោយនៅពេលដែលឯងជ្រើសរើសយកជម្រើសនេះ ហើយម៉ាក់ក៏មិនស្តាយក្រោយក្នុងការបាត់បង់ពួកឯងទាំងពីរនាក់ដែរ។>
បានលឺសម្តីបែបនេះធ្វើអោយតារាមានអារម្មណ៍ក្តុកក្តុលយ៉ាងខ្លាំង គេមិនដែលនឹកស្មានថានឹងបានលឺនូវពាក្យសម្តីទាំងអស់នេះ។ ដោយគិតថាខ្លួនជាអ្នកទីបី នឹងជាជនបង្កអោយវិសុទ្ធ និង អ្នកស្រីវិជ្ជនីមានទំនាស់គ្នារហូតបណ្តេញវិសុទ្ធ និង ខ្លួនចាកចេញពីផ្ទះ។ គេបានលុតជង្គង់បង្ហូរទឹកភ្នែក សុំក្តីអនុគ្រោះពីអ្នកស្រីវិជ្ជនី ដោយសុខចិត្តដកខ្លួនចេញតែម្នាក់ឯង។ តែសំណើរនេះត្រូវបានវិសុទ្ធជំទាស់ ហើយវិសុទ្ធសុខចិត្តដើរកាន់ដៃតារាជារៀងរហូតអស់មួយជិវិត។ វិសុទ្ធបានអូសដៃតារាចេញ នៅក្រោមក្រសែភ្នែក និង ទឹកភ្នែករបស់អ្នកស្រីវិជ្ជនី។ វិសុទ្ធបានអោយតារា រៀបចំខោអាវទៅតែបន្តិចបន្តួចដោយមិនតម្រូវអោយយកអ្វីផ្សេងឡើយ។ តារារៀបខោអាវគេ និង វិសុទ្ធមួយចំនួនតូចទៅក្នុងសាក់កាដូសម្រាប់គេជាមួយនិង វិសុទ្ធ តារាគេមិនបានភ្លេចវីយូឡុងរបស់គេទេ។ វិសុទ្ធ និង តារាបានចូលទៅជួបអ្នកស្រីវិជ្ជនីជាលើកចុងក្រោយ ចូលទៅដល់បន្ទប់អ្នកស្រីវិជ្ជនីកំពុងអង្គុយនៅលើគ្រែ វិសុទ្ធបានដាក់សៀវភៅធនាគារ កាតATM និងប្រាក់មួយចំនួនដែលជារបស់គេនឹងតារានៅលើគ្រែ ក្បែរអ្នកស្រីវិជ្ជនី ហើយពួកគេបានក្រាបសំពះបាតជើងអ្នកស្រីវិជ្ជនី។ ចំណែកអ្នកស្រីវិជ្ជនីវិញ ខំទប់ទឺកភ្នែកមិនអោយហូតស្រក់ គាត់ធ្វើជារឹងមាំ តែធាតុពីតបេះដូងគាត់ស្ទើរតែផ្ទុះចេញមកក្រៅ ឯបបូរមាត់ចងហារឃាត់ពួកគេទាំងពីរ តែត្រូវបានគំនាបនៃការមានះខ្ទប់មាត់គាត់ជាប់។ ក្រោយពីក្រាបសំពះលាអ្នកស្រីវិជ្ជនីរួចមក ពួកគេទាំងពីរបានដឹកដៃគ្នាចេញទៅដោយម្នាក់ៗគ្មានរបស់មានតំលៃ ឬ ក៏លុយមួយរៀលជាប់ខ្លួនឡើយ។ ចំណែកអ្នកស្រីវិជ្ជនីវិញក្រោយពេលដែល កូនសម្លាញ់ទាំងពីរចេញទៅគាត់បានត្រឹមតែស្រែកយំតែប៉ុណ្ណោះ។ ការមិនបានយល់ស៊ីជម្រៅពីស្នេហាភេទដូចគ្នា ការរឹងមានះ គំនាបសង្គម និង ប្រពៃណី បានធ្វើអោយអ្នកស្រីវិជ្ជនីបាត់បង់កូនប្រុសដ៏ល្អដល់ទៅពីរនាក់ ចំណែកឯតារា និង វិសុទ្ធត្រូវបានចាកចេញពីម្តាយដែលជាអ្នកមានគុណ គ្រួសារដែលធ្លាប់ដែលផ្តល់ភាពសុខសាន្ត។
ពូឈឿន និង មីងសយ បានឈរចាំតារា និង វិសុទ្ធនៅនឹងច្រកទ្វារចេញ ពួកគាត់ទាំងពីរមានទឹកមុខស្រងូតស្រងាត់ ពោរពេញដោយសេចក្តីអាណិតអាសូរចំពោះតារា និង វិសុទ្ធ។ ពួកគាត់ដឹងថា តារា និង វិសុទ្ធគ្មានកន្លែងនឹងទៅឡើយ ដូច្នេះពួកគាត់ក៏បានប្រាប់អោយពួកគេទៅស្នាក់នៅផ្ទះពូឈឿនដែលនៅឯមាត់សមុទ្រ។ ពួឈឿនបានជូនតារា និង វិសុទ្ធទៅកាន់ស្ថានីយ៍រថយន្តក្រុងទាំងគណ្ដាលយប់។ ពួឈឿនបានអោយអាស័យដ្ឋានទៅពួកគេ និង បានសូកលុយទៅក្នុងហ៊ោប៉ៅតារាចំនួន១០០ដុល្លា ដោយគាត់ដឹងថាពួកគេទាំងពីរគ្មានលុយមួយសេនឡើយ។ តារានិងវិសុទ្ធបានចេញដំណើរទាំងយប់ទៅកាន់ផ្ទះពូឈឿនដែលនៅឯមាត់សមុទ្រជាទីដែលតារា និង វិសុទ្ធចូលចិត្ត និង ត្រូវរស់នៅ។
តើពួកគេនឹងជួបបញ្ហាអ្វីទៀត? សូមកុំភ្លេចរង់ចាំអាននៅភាគទី៦តទៀត។ សន្យាថាភាគទី៦នឹងចេញនៅពេលឆាប់។ សូមមេត្តាជួយគាំទ្រផងណា សង្ឃឹមថា និងទទួលបានការLike and Comment កាន់តែច្រើន។ អរគុណចំពោះការចំណាយពេលក្នុងការអាន។

No comments:

Post a Comment