Breaking

Saturday, June 9, 2018

រឿង វាសនា (ភាគ៤)

រឿង វាសនា
(ភាគ៤)
និពន្ធដោយ . Rainy Son

#Khmer_Novel-69


ក្រោយពីបានយកតារាដាក់ទៅក្នុងរថយន្តរួចមក រថយន្តបានបើកចេញទៅដោយពូឈឿនជាអ្នកបើក។ វិសុទ្ធបានផ្តេកក្បាលតារាទៅលើស្មារបស់គេ ដៃស្តាំខ្ទប់ក្បាលតារាឯដៃឆ្វេងអោបតារា ទឹកភ្នែកវិសុទ្ធបានហូរកាត់ស្នាមឈាមដែលប្រឡាក់នៅលើថ្ពាល់របស់គេ។ ក្នុងចិត្តវិសុទ្ធស្ទើរតែស្ទះទៅហើយ ចំនែកក្បាលតារាក៏ចេះតែហូរឈាមខ្លាំងឡើងៗ វិសុទ្ធចេះតែជំរុញអោយពូឈឿនបើឡានអោយលឿន ហើយពូឈឿនក៏ខំបើកលឿងណាស់ដែរ។ ឯអ្នកស្រីវិជ្ជនីវិញគាត់អង្គុយនៅខាងមុខជាមួយពូឈឿន អ្វីដែលគាត់ធ្វើបាននៅពេលនេះមានតែលើកដៃទាំងពីរប្រណម្យបួងសួងអោយទេវតាជួយថេរក្សាជីវិតរបស់តារាតែប៉ុណ្ណោះ។
មួយសន្ទុះក្រោយឡានបានមកដល់មន្ទីរពេទ្យ វិសុទ្ធមិនបានបង្អង់យូរឡើយគេលើកតារាដាក់ទៅលើខ្នងរបស់គេ រួចអ៊ៀវតារាតម្រុងទៅកាន់គ្រូពេទ្យ អ៊ៀវតារាដោយរត់ផង ស្រែកសុំជំនួយពីគ្រូពេទ្យផង។ មនុស្សម្នាជាច្រើនបានចោលភ្នែកមកកាន់វិសុទ្ធនិងតារាដោយសារសម្រែកស្រែករកគ្រូពេទ្យដើម្បីសង្រ្គោះជីវិតតារា សម្លេងនេះបានធ្វើអោយអ្នកដែលបានស្តាប់គ្រប់គ្នាមានសេចក្តីសង្វែគជាពន់ពេក។
គ្រូពេទ្យបានដាក់អោយតារាគេងនៅលើគ្រែរួចក៏រុញគ្រែនោះទៅកាន់បន្ទប់សង្រ្គោះបន្ទាន់។ វិសុទ្ធរត់តាមគ្រែដោយដៃទាំងពីររបស់គេកាន់ដៃតារាយ៉ាងណែន ទឹកភ្នែកវិសុទ្ធដូចជាមិនខ្សោះសោះវាចេះតែហូរមករហូត។ ពេលចូលទៅដល់បន្ទប់សង្គ្រោះបន្ទាន់គ្រូពេទ្យមិនបានអនុញ្ញាតិអោយវិសុទ្ធឬនរណាម្នាក់ក្រៅពីគ្រូពេទ្យចូលនោះឡើយ គ្រូពេទ្យបានស្នើរសុំអោយវិសុទ្ធនិង អ្នកស្រីវិជ្ជនីរងចាំនៅខាងក្រៅ។ វិសុទ្ធបានផ្អែកខ្នងរបស់គេទៅនឹងជញ្ជាំង ដៃទាំងគូរខ្ទប់មុខ ជើងទាំងពីរញ័រគ្មានកំលាំងនឹងឈរបានទៀត ជាហេតុធ្វើអោយវិសុទ្ធសម្រូតខ្លួនអង្គុយទៅលើឥដ្ឋផ្ទាល់តែម្តង។ សម្លេងយំខ្សិបខ្សួលអួលអាក់ណែនពេញដើមទ្រូង វិសុទ្ធបាននឹងឃើញទាំងអស់នូវអំពើទាំងឡាយដែលគេបានធ្វើបាបទៅលើតារា។ វិសុទ្ធបានបង្ហើបសម្តីតិចៗ”អោយខ្ញុំសុំទោស កំហុសគ្របើយ៉ាងគឺមកពីខ្ញុំ” និយាយបណ្តើរវិសុទ្ធបានស្ទុះទៅដាល់ជញ្ជាំងជាច្រើនដៃ។ អ្នកស្រីវិជ្ជនីឃើញកូនមានសភាពបែបនេះមានចិត្តខ្លោចផ្សារអាណិតកូនជាខ្លាំង ក៏បានស្ទុះទៅទាញដៃកូន អោបកូនយ៉ាងណែន ឯទឹកភ្នែកក៏ចេះតែហូរមកដែរ។
-កុំបន្ទោសខ្លួនឯងណាកូន អ្វីដែលវានឹងកើតវាគង់តែកើតទេ។ ចំណែកតារាគេប្រាកដជាមិនអីទេ ព្រោះម៉ាក់បានអោយគ្រូពេទ្យល្អមកជួយសង្រ្គោះគេ តារាជាក្មេងល្អព្រះនឹងនៅតាមថែរក្សាគេ ឈប់បារម្ភទៅណាកូន។
-ម៉ាក់អោយខ្ញុំសុំទោស កំហុសគ្របើយ៉ាងបើខ្ញុំស្តាប់តាមម៉ាក់ និងបើកចិត្តអោយទូលាយចំពោះតារាប្រហែលជាគ្មានរឿននេះកើតឡើងទេ។
-គ្មានអ្នកណាដែលមិនចេះខុសនោះទេណាកូន សំខាន់តើគេទទួលស្គាល់និងមានគំនិតចង់កែប្រែកំហុសនោះដែរឬទេ។ មិនត្រូវអោយកំហុសដដែលៗកើតឡើងចំពោះយើងនោះទេ ត្រូវចេះកែនិងអភិវឌ្ឍន៍ខ្លួននោះជិវិតនឹងបានប្រពៃ ជឿសម្តីម៉ាក់ទៅណាកូន។
បានលឺសម្តីអ្នកស្រីវិជ្ជនី តារាស្រវ៉ាអោបគាត់យ៉ាងណែន ទឹកភ្នែកម្តាយនឹងកូនពេលនេះបានប្រជែងគ្នាហូរ។ អ្នកស្រីវិជ្ជនីបានយកដៃរបស់គាត់មកជូតទឹកភ្នែកវិសុទ្ធដែលកំពុងហូរស្រក់ចុះដូចទឹកបាក់ទំនប់។
ប៉ុន្មានម៉ោងក្រោយមកលោកគ្រូពេទ្យបានចេញពីបន្ទប់សង្គ្រោះបន្ទាន់។ វិសុទ្ធ និង អ្នកស្រីវិជ្ជនីស្ទុះយ៉ាងលឿនទៅរកលោកគ្រូពេទ្យ។ លោកគ្រូពេទ្យបានប្រាប់ថា “តារាបានរួចពីសេចក្តីស្លាប់ហើយ តែរាងកាយគេទន់ខ្សោយខ្លាំង ត្រូវសម្រាកអោយបានច្រើន គ្រូពេទ្យនឹងតាមដានអាការះរបស់តារាបើគ្មានអ្វីប្រែប្រួលទេក្នុងពេល១អាទិត្យតារាអាចចេញទៅផ្ទះបានហើយ”។ និយាយតែប៉ុណ្ណឺងគ្រូពេទ្យក៏ដើរចេញទៅ។ វិសុទ្ធ និងអ្នកស្រីវិជ្ជនីមានសេចក្តីសប្បាយរីករាយយ៉ាងខ្លាំង ទឹកភ្នែករបស់ពួកគេចាប់ផ្តើមដណ្តើមគ្នាហូរស្រក់ទៀត តែលើកនេះគឺខុសពីពេលមុនទឺកភ្នែកលើកនេះគឺបានហូរឆ្លងកាត់នូវស្នាមញញឹម និង សេចក្តីរំភើប។ តារាត្រូវបានរុញចេញមកក្រៅវិញ គេគេងនៅលើគ្រែ និង បំពាក់ទៅដោយអុកស៊ីសែនហាក់គ្មានការឈឺចាប់ តែរូបរាងកាយគេពិតជាមានសភាពស្លេកស្លាំងអាចនិយាយបានថាខ្មោចពាក់កណ្តាលទៅហើយ។ តារាត្រូវបាននាំទៅកាន់បន្ទប់អ្នកជំអឺធម្មតា។
គេងនៅលើគ្រែស្តូកស្តឹង អ្នកកម្លោះតារាមើលទៅគួរអោយអាណិតណាស់ ដៃស្តាំជាប់សារ៉ូម ឯនៅនិងមុខបំពាក់ដោយអុកស៊ីសែន ចំនែកឯក្បាលវិញរុំដោយបង់រុំរបួស។ ចុះចំណែកឯដៃឆ្វេង? អង្គុយនៅលើកៅអីក្បែរគ្រែ និង ជាប់ខ្លួនតារា គឺវិសុទ្ធ។ វិសុទ្ធកាន់ដៃឆ្វេងតារាយ៉ាងណែន ចំណែកឯភ្នែកសម្លឹងមើលទៅមុខតារាមិនដាក់ភ្នែកឡើយ។ ពេលខ្លះវិសុទ្ធបានលើកដៃតារាមកដាក់ជាប់និងដើមទ្រូងរបស់គេ ពេលខ្លះដាក់ជិតនិងបបូរមាត់និងច្រមុះរបស់គេ ហើយពេលខ្លះគេក៏បានយកដៃទៅអង្អែលថ្នមៗទៅលើថ្ពាល់ និង ដៃតារាផងដែរ។ ទឹកមុខក្រៀមក្រំ រូបរាងកាយស្លេកស្លាំង សម្លៀកបំពាក់នៅឆ្អាបឆ្អេះឈាមនៅឡើយ។ អ្នកស្រីវិជ្ជនីមានដើរចូលមកដោយកាន់សម្លៀកបំពាក់មួយកំភ្លេមកជាមួយផង។ ចំណែកវិសុទ្ធបានសម្រួលឥរិយាបថយក្រោយពេលដែលដឹងថាម៉ាក់គេមកដល់ ដោយទម្លាក់ដៃតារាចុះ។
-វិសុទ្ធកូន កូនដូចជានឿយហត់មួយថ្ងៃហើយ ទៅមុជទឹកហើយសម្រាកចុះកូន ចំណែកតារាទុកអោយម៉ាក់នៅកំដរគេ។ នេះខោអាវកូនយកទៅផ្លាស់សិនទៅ។
និយាយបណ្តើរអ្នកស្រីវិជ្ជនីបានហ៊ុចខោអាវទៅអោយតារា។
-បាទ មិនអីទេម៉ាក់ខ្ញុំអាចនៅកំដរគេបាន ម៉ាក់ទៅផ្ទះសម្រាកចុះទុកអោយខ្ញុំនៅកំដរតែម្នាក់ឯងបានហើយ។ ព្រោះម៉ាក់ក៏ហត់នឿយណាស់ដែរ ខ្ញុំមិននៅផ្ទះប៉ុន្មានខែ ម៉ាក់ស្គមច្រើនណាស់ អោយកូនសុំទោស។
-គ្មានម្តាយឯណានៅក្នុងលោកនេះ ដែលតាមចាប់កំហុស និង មិនអត់ទោសចំពោះកូននោះទេ។ ទឹកចិត្តម្តាយគ្រប់រូបតែងតែមានចិត្តសណ្តោសប្រោសប្រណីចំពោះកូនគ្រប់រូប។ ទោះបីជាកូនខុសឆ្គងយ៉ាងណា កូនក៏នៅតែជាកូនរបស់ម៉ាក់ជានិច្ច។
វិសុទ្ធបានលត់ជង្គង់ក្រាបសំពះបាតជើង អ្នកស្រីវិជ្ជនី។ ចំណែកអ្នកស្រីវិជ្ជនី បានយកដៃទាំងគួទៅប្រគៀកស្មាវិសុទ្ធអោយងើបឡើង និង យកដៃអង្អែលក្បាលកូន។
-ឈប់ធ្វើខុសអោយម៉ាក់ពិបាកចិត្តទៀតណាកូន។ ម៉ាក់ចង់អោយកូនក្លាយជាកូនល្អរបស់ម៉ាក់ជារៀងរហូត។
និយាយចប់អ្នកទាំងពីរក៏អោបគ្នាម្តងទៀត។ អារម្មណ៍អ្នកម្តាយពេលនេះពិតជារកអ្វីនឹងហាថ្លែងមិនបាន មានតែអង្អែលក្បាលកូនបង្ហាញពីសេចក្តីមេត្តាចំពោះកូន។ ក្រោយមកវិសុទ្ធក៏បានលាអ្នកស្រីវិជ្ជនីទៅមុជទឹក និង ផ្លាស់ប្តូរសម្លៀកចំពាក់។ ចំណែកអ្នកស្រីវិជ្ជនីនៅមើលតារាទម្រាំតែវិសុទ្ធត្រឡប់មកវិញ។
ពេលវេលាកន្លងទៅមួយយប់ទៅហើយតារានៅតែមិនទាន់ដឹងខ្លួន។ ចំណែកអ្នកដែលទន្ទឹងរងចាំការដឹងខ្លួនរបស់តារាពិតជាអន្ទះសារខ្លាំងណាស់។ ពួកគេតែងតែទៅសាកសួរជារឿយៗ តែត្រូវបានគ្រូពេទ្យពន្យល់ថានេះជារឿងធម្មតាទេ កុំអោយបារម្ភអី១ថ្ងៃទៀតតារាប្រាកដជាបានដឹងខ្លួនហើយ។
អង្គុយនៅលើកៅអីមួយក្បែរគ្រែតារា ដោយយកក្បាលដាក់ទៅលើគ្រែដែលយើងអាចនិយាយបានថា ការគេងអង្គុយនោះវិសុទ្ធបានកាន់ដៃតារាយ៉ាងណែន ហាក់មិនចង់អោយគេចាកចេញទៅណាឡើយ វិសុទ្ធគេងលក់យ៉ាងស្កប់ស្កល់។ តារាបានបើកភ្នែកឡើងតិចៗ ដៃចាប់ផ្តើមកំរើក វិនាទីដែលតារាបើកភ្នែក មនុស្សដំបូងដែលតារាបានឃើញគឺវិសុទ្ធ តារាមានការភ្ញាក់ផ្អើលតិចៗដែរ តែគេក៏សប្បាយចិត្តមិនតិចដែរដែលបានឃើញវិសុទ្ធយកចិត្តទុកដាក់ និង ខ្វល់ខ្វាយពីខ្លនយ៉ាងនេះ។ តារាសម្លឹងមើលទៅមុខវិសុទ្ធដោយស្នាមញញឹមនិងការពេញចិត្ត គេមិនហ៊ានដកដៃចេញឡើយព្រោះខ្លាចវិសុទ្ធគេភ្ញាក់ ដៃគេមួយចំហៀងទៀត បានយកមកអង្អែលថ្ពល់វិសុទ្ធថ្នមៗ។ ទឹកភ្នែកហូររឹមៗចាកផែនថ្ពាល់ដ៏ម៉ត់រលោងរបស់តារា តារាពិតជាមានសេចក្តីសុខណាស់។ កំពុងតែផ្តោតអារម្មណ៍ជាមួយនឹងវង់ភក្រ្តដ៏ស្រស់ផូរផងរបស់វិសុទ្ធ ទ្វាបន្ទប់ក៏បានបើក តារាបានដក់ដៃចេញពីថ្ពល់វិសុទ្ធយ៉ាងរហ័ស ចំណែកវិសុទ្ធក៏បានដឹងខ្លួនស្របពេលនោះដែរ។
-តារា បានដឹងខ្លួនហើយកូន? ម៉ាក់ពិតជាមានការសប្បាយរីករាយណាស់ដែលបានឃើញកូនម៉ាក់ទាំងពីរត្រឡប់មករកម៉ាក់វិញ។
អ្នកស្រីវិជ្ជនីបាននិយាយទាំងទឹកភ្នែកនិងស្នាមញញឹម ព្រមទាំងរត់ទៅអោបតារា។ ចំណែកវិសុទ្ធក៏មានស្នាមញញឺមនៅលើបបូរមាត់ដ៏ក្រៀមក្រោះនោះដែរ វិសុទ្ធសម្លឹងមើលមុខតារា ឯតារាដូចជាអៀនបន្តិចគេបានងាកមុខចេញ។ ស្នាមញញឹមរបស់ពួកគេទាំងបីបានផុសឡើងស្របពេលជាមួយគ្នា បើគេមើលទៅពិតជាគ្រួសារមួយដែលមានសុភមង្គលខ្លាំងណាស់។
ក្នុងកំឡុងពេលដែលតារានៅមន្ទីរពេទ្យ វិសុទ្ធតែងតែនៅក្បែរ និង មើលថែតារាដោយសារតែអ្នកស្រីវិជ្ជនីមានកិច្ចជាប់រវល់និងការងារសណ្ឋាគារ។ ជារាងរាល់ព្រឹកវិសុទ្ធតែងតែជួយជូតសំអាតខ្លួនប្រាណតារា បញ្ចុកអាហារ ហើយពេលខ្លះវិសុទ្ធក៏បានរុញតារាដោយអោយតារាអង្គុយនៅលើរទេះ ពួកគេទាំងពីរដូចជាមានការជិតស្និតជាងមុន ការយកចិត្តទុកដាក់ មើលថែរក្សា ហាក់បីដូចជាគូស្នេហ៍មួយគូដែលទើបចាប់ផ្តើមពន្លកស្នេហ៍នាគ្រាដំបូង។
មួយអាទិត្យក្រោយមក សុខភាពតារាបានប្រសើរឡើងវិញ គ្រូពេទ្យបានអនុញ្ញាតិអោយតារាត្រឡប់ទៅកាន់ផ្ទះវិញ តែគ្រូពេទ្យបានផ្តាំថា ត្រូវអោយតារាមកពិនិត្យមើលស្ថានភាពក្បាលរបស់គេជារៀងរាល់ខែ។ វិសុទ្ធបានយកឡានមកទទួលតារាត្រឡប់ទៅផ្ទះពួកគេនិយាយផ្តោះផ្តងគ្នាពីនេះពីនោះមិនចេះចប់ មិនដូចជាពេលមុនដែលតែងតែសម្លក់សម្លឹងគ្នារហូតដល់ផ្ទះ។ ពេលទៅដល់ផ្ទះអ្នកស្រីវិជ្ជនីបានអោយមីងសយរៀបចំអាហារជាស្រេចទុកទទួលការមកដល់របស់តារានិងវិសុទ្ធ។ ការទទួលទានអាហារពេលល្ងាចជាមួយនិងការជួបជុំគ្រួសារដែលមិនដែលមានពីមុនមកនៅក្នុងគ្រួសារនេះបានកើតមានឡើង។ គ្រួសារមួយដែលពោរពេញដោយភាពសោះកក្រោះ គ្មានសុភមង្គល ស្ងប់ស្ងាត់ តែពេលនេះបែជាពោរពេញទៅដោយសំណើចសើចក្អាកក្អាយ។ អាហារពេលល្ងាចដែលមានរសជាតិឆ្ងាញ់ពិសា និង អមដោយសុភមង្គលដែលមិនអាចកាត់ថ្លៃ និង បំភ្លេចបាន។ គ្មានការជួបជុំណាដែលសប្បាយរីករាយ និង ជាទីគួរចងចាំអស់មួយជីវិតជាការប្រើប្រាស់ពេលវេលាជាមួយមនុស្សដែលយើងស្រលាញ់ឡើយ។
ថ្លែងពីវិសុទ្ធវិញ វិសុទ្ធមិនទាន់បានផ្តាច់ការប្រើប្រាស់គ្រឿងញៀននៅឡើយទេ។ គេនៅតែមានចំណង់ក្នុងការប្រើប្រាស់វា។ អ្នកស្រីវិជ្ជនីបាននាំវិសុទ្ធទៅពិគ្រោះជាមួយអ្នកជំនាញខាងបន្សាបគ្រឿងញៀន។ ពួកគេបានប្រាប់អ្នកស្រីវិជ្ជនី និង វិសុទ្ធថា វិសុទ្ធគេគ្រាន់តែប្រើប្រាស់ថ្នាំញៀនក្នុងកម្រឹតដំបូងប៉ុណ្ណោះ មិនទាន់ធ្លាក់ចូលទៅកាន់កម្រឹតមួយដែលធ្ងន់ធ្ងរនៅឡើយទេ។ ដើម្បីផ្តាចគ្រឿនញៀនបានគឺត្រូវមានការសហការពីបុគ្គលដែលប្រើប្រាស់ សមាជិកគ្រួសារ និង អ្នកដែលនៅជុំវិញ។ ពួកគេបានផ្តល់នូវដំបូន្មាន និង វិធីសាស្ត្រជាច្រើនដល់វិសុទ្ធក្នុងការផ្តាច់ការប្រើប្រាស់គ្រឿងញៀន។ ចំណែកឯវិសុទ្ធវិញក៏បានតាំងចិត្តថា និងផ្តាច់គ្រឿងញៀនអោយបាន។ ជាការពិតណាស់នៅពេលដែលបុគ្គលម្នាក់ត្រូវបានគ្រឿងញៀនគ្របដណ្តប់ហើយ វាពិតជាពិបាកក្នុងការបញ្ឈប់វាណាស់។ ចំពោះវិសុទ្ធ ដោយសារតែការតាំងចិត្តដ៏រាំងមាំគ្មានថ្ងៃរុញរា និងបោះបង់ចោលនៅគោលបំណងរបស់គេ ព្រមជាមួយនិងការអោយកំលាំងចិត្តពីសំណាក់គ្រួសារនិងជាវិសេសគឺតារានោះធ្វើអោយវិសុទ្ធបានផ្តាច់គ្រឿងញៀន។ គួររំលឹកផងថា កំឡុងពេលដែលវិសុទ្ធស្ថិតនៅដំណាក់កាលផ្តាច់គ្រឿងញៀន តារាជាបុគ្គលមួយរូបដ៏សំខាន់សំរាប់ជួយវិសុទ្ធ។ តារាតែងតែដាស់តឿនវិសុទ្ធអោយមានសតិប្រុងប្រយ័ត្ន និង ភ្ញាក់រលឹក ហើយគេតែងតែនៅក្បែរវិសុទ្ធជានិច្ច ដូចជានៅពេលហាត់ប្រាណ ញ៉ាំអាហារ និង ដើរកំសាន្ត។ ពួកគេតែងតែនាំគ្នាទៅមើលកុន និង ដើរកំសាន្តជារៀងរាល់ចុងសប្តាហ៍។ ហាត់ប្រាណរៀងរាល់ព្រឹក និង ពេលល្ងាច ពូកគេមានភាពងាយស្រួលដោយសារតែនៅក្នុងផ្ទះមានបន្ទប់ហាត់ប្រាណដ៏ធំមួយ ដែលមានឧបករណ៍ហាត់ប្រាណមិនចេះខ្វះ និង ទំនើប។ រាងកាយដែលខ្សោះខ្សោយបែជាមាំមួន សាច់ឈាមស្រស់ថ្លា រាងកាយដែលស្គមបានប្រែក្លាយជាមានសាច់ដុំប្រៀបបានទៅនឹងតារាបង្ហាញម៉ូតដ៏ស្រស់ស្អាត។ យើងមិនគួរមើលរំលងចំណុចពិសេសមួយទៀតឡើយ ដោយសារតែតារាជាមនុស្សម្នាក់ដែលអាចនិយាយបានថា ពូកែ និង ជំនាញខាងវីយួឡុង នៅពេលល្ងាចបន្ទាប់ពីញ៉ាំបាយរួច តារាតែងតែកូដវីយូឡុងអោយអ្នកនៅក្នុងផ្ទះទាំងអស់គ្នាស្តាប់មិនដែលខកខានឡើយ។ ស្នាដៃនៃការកូដវិយូឡុងរបស់តារាបានធ្វើអោយអ្នកទាំងអស់គ្នាដែលបានស្តាប់ទទួលស្គាល់នូវទឹកដៃរនិងសរសើរតារាគ្រប់ៗគ្នា ជាពិសេសអ្នកស្រីវិជ្ជនី ចំណែកឯវិសុទ្ធក៏មិនណយដែរ គេបានឈ្លក់វង្វែងនិងមន្តសណ្តំនៃសម្លេងវិយូឡុងរបស់តារាដែលជាហេតុធ្វើអោយគេស្តាប់មិនចេះជិនណាយ។ ជាពិសេសនៅពេលដែលថ្នាំធ្វើទុកតារាតែងតែកូដវិយូឡុងអោយវិសុទ្ធស្តាប់ ដើម្បីបន្លប់អារម្មណ៍។ មិនតែប៉ុណ្ណោះវិសុទ្ធបានស្នើរអោយតារាបង្រៀនគេទៀតផង តែដោយគ្មានទេពកោសល្យក្នុងការលេងវិយូឡុង វិសុទ្ធហាក់ដូចជាមិនសូវចាប់បានសោះ តែគេនៅតែព្យាយាមជានិច្ច។ ចំណងមិត្តភាព និង ការជិតស្និតរវាងតារា និង វិសុទ្ធហាក់ដូចជាមានការកាន់តែកើនឡើងជារាងរាល់ថ្ងៃ ពួកគេពិតជាមានការពេញចិត្តនិងអ្វីដែលពួកគេទទួលបានខ្លាំងណាស់។ ចំណែកឯអ្នកស្រីវិជ្ជនីក៏មានអារម្មណ៍បែបនេះដែរ ពួកគេតែងតែចំណាយពេលជាមួយគ្នាច្រើនជាងពេលមុន។ ប៉ុន្មានខែក្រោយមកវិសុទ្ធបានផ្តាច់សារធាតុញៀននៅក្នុងខ្លួនបាន១០០ភាគរយ។ បន្ទាប់ពីការធ្វើតេស្តឈាម ធ្វើអោយពួកគេសប្បាយរីករាយជាក្រៃលែងរកអ្វីនិងថ្លៃងមិនបាន។ ក្រោយមកវិសុទ្ធ និង តារាបានត្រឡប់ទៅកាន់សាលារៀនវិញ ទោះបីជាមានអ្នកខ្លះនិយាយមិនល្អពីសកម្មភាពមិនល្អជាច្រើនដែលខ្លួនបានធ្វើកន្លងមកក៏ដោយចុះ តែវិសុទ្ធនៅតែខិតខំជំនះមិនហារស្តីតបតអ្វីឡើយ។ ទំនាក់ទំនងរវាងវិសុទ្ធនិងតារាកាន់តែបង្ហាញអោយឃើញពីការស្រឡាញ់គ្នាដ៏ជ្រាលជ្រៅ ហាក់ខុសប្លែកពីស្នេហា ការស្រឡាញ់រវាងបង និង ប្អូន ឬរវាងមិត្តភក្តិ។ ពាក្យចរចាមអារាមចេះតែលេចលឺនៅក្នុងថ្នាក់ក៏ដូចជាក្នុងសកលវិទ្យាល័យទាំងមូលថា វិសុទ្ធ និង តារាគឺជាមនុស្សស្រឡាញ់ភេទដូចគ្នា ហើយពួកគេមិនមែនជាបងប្អូនធម្មតានោះទេ តែពួកគេគឺជាគូសង្សារមួយគូ។ ក្រោយពីបានលឺនូវពាក្យទាំងអស់នោះ វិសុទ្ធមានសកម្មភាពច្រឡោតជាខ្លាំងតែត្រូវបានតារាឃាត់។ ក្រោយពីបានលឺនូវពាក្យសម្តីទាំងអស់នោះ មកដល់ផ្ទះវិញម្នាក់រត់ចូលទៅក្នុងបន្ទប់រៀងៗខ្លួន។ ពួកគេចាប់ផ្តើមគិតពីទង្វើ និង ទំនាក់ទំនងរបស់ពួកគេ តើវាគ្រាន់តែជាមិត្តភាពរវាងបងប្អូន ឬ ក៏សង្សារ។ ពួកគេហាក់ដូចជាមិនទាន់យល់ច្បាស់ពីអារម្មណ៍របស់ខ្លួនគេនៅឡើយទេ។
ក្រោយពីគិតអស់ពេលមួយយប់ តារាបានទទួលស្គាល់ថាខ្លួនជាមនុស្សដែលស្រឡាញ់ភេទដូចគ្នា ហើយមនុស្សដែលតារាស្រឡាញ់គឺវិសុទ្ធ។ ចំណែកវិសុទ្ធវិញ គេនៅតែប្រកាន់គំនិតថា គេមិនមែនជាក្រុមមនុស្សស្រឡាញ់ភេទដូចគ្នាឡើយ។ គេជាមនុស្សប្រុសសុទ្ធ១០០%។ គេរំលឹកប្រាប់ខ្លួនឯងថា ពីមុនគេជាមនុស្សប្រុសម្នាក់ដែលខិលខ្លាំងណាស់ មានសង្សារជាមនុស្សស្រីច្រើនរាប់មិនអស់ ដូរពីមួយទៅមួយមិនស្រាកស្រាន្ត ហើយបើគេងមួយស្រីវិញមិនបាច់និយាយទេ គឺមិនអាចរៀបរាប់បាន ចុះហេតុអីគេថាខ្លួនជាមនុស្សស្រឡាញ់ភេទដូចគ្នា? វិសុទ្ធនៅតែប្រកាន់គំនិតថា គេមិនមែនជាមនុស្សខ្ទើយ។
ស្អែកឡើងពេលទៅសាលាតារាបាននិយាយទៅកាន់វិសុទ្ធជាធម្មតា ខុសប្លែកតែវិសុទ្ធដែលសម្តែងនូវកាយវិការប្លែកៗហាក់ចង់បិតបាំងអ្វីមួយ។ នៅពេលនិយាយជាមួយតារាគេមិនហ៊ានមើលមុខតារាដូចមុនទេ។ ឃើញវិសុទ្ធបែកញើសនៅលើថ្ងាសតារាបានយកកន្សែងទៅជូតអោយ ដោយសកម្មភាពនេះជារឿងធម្មតាដែលពួកគេតែងតែធ្វើរវាងគ្នានឹងគ្នាកន្លងមក។ តែពេលនេះវិសុទ្ធបានគៀសដៃតារាចេញ ឃើញបែបនេះតារាក៏ដកដៃចេញហើយអង្គុយនៅស្ងៀម។ វិសុទ្ធហាក់ដូចជាដកខ្លួនចេញពីតារាបន្តិចម្តងៗ ទម្លាប់ដែលធ្លាប់ទៅមើលកុនជាមួយគ្នាជារៀងរាល់ចុងសប្តាហ៍ត្រូវបានកាត់បន្ថយ ភាពជិតស្និតនិងផ្អែមល្ហែមពីមុនក៏ប្រែប្រួលដែរ។ វិសុទ្ធចាប់ផ្តើមទាក់ទងមនុស្សស្រីដើម្បីបង្កើតស្នេហាដូចកាលគ្រាដើម។ ទង្វើនេះធ្វើអោយតារាហាក់ដូចជាមិនពេញចិត្ត តែដោយមិនដឹងធ្វើយ៉ាងណាក៏ចេះតែបណ្តោយទៅ។ ដោយមានការនិយាយពីទំនាក់ទំនងតារា និង វិសុទ្ធកាន់តែខ្លាំង ធ្វើអោយវិសុទ្ធក៏កាន់តែខ្លាំង ក្តៅក្រហាយផងដែរ គេបានស្នើរអោយតារាប្រកាសជាសាធារណះថា គេនិងតារាគ្មានអ្វីត្រូវទាក់ទងគ្នាទេ។ ជាដំបូងតារាក៏មានការស្ទាក់ស្ទើរដែរ តែដើម្បីបំពេញបំណងមនុស្សដែលខ្លួនស្រឡាញ់តារាក៏សុខចិត្ត។ ការនិយាយអ្វីដែលខុសពីការពិត និង ក្បត់បេះដូងរបស់ខ្លួនពិតជាធ្វើអោយតារាមានការឈឺចាប់ខ្លាំងណាស់។ តារាបានរត់ទៅសម្ងំពូនយំតែម្នាក់ឯងនៅក្នុងបន្ទប់ទឹក ចំណែកវិសុទ្ធបានឃើញតារាក្នុងសភាពបែបនេះ ក៏រត់ទៅតាមក្រោយ។ នៅពេលដែលឃើញវិសុទ្ធដោយក្តីស្រឡាញ់តារាបានស្ទុះទៅអោបវិសុទ្ធ តែត្រូវវិសុទ្ធរុញច្រានចេញថែមទាំងដាល់មួយដៃដែលធ្វើអោយតារាដួលទៅលើឥដ្ឋ ដោយពោលពាក្យ “ឯងឆ្កួតទេអី យើងមិនមែនជាខ្ទើយទេ”។ និយាយតែប៉ុណ្ណឹងគេក៏រត់ចេញទៅ។ ចាប់តាំងពីពេលនោះមកទំនាក់ទំនងតារា និង វិសុទ្ធកាន់តែមានភាពឃ្លាតឆ្ងាយពីគ្នា។ ចំណែកវិសុទ្ធ ក្រោយពេលដែលធ្វើបែបនោះទៅលើតារាគេបែជាមានអារម្មណ៍សោកស្តាយនូវកំហុសខ្លួនឯង ចំណែកស្នេហារវាងគេនិងសង្សារស្រីៗរបស់គេហាក់ដូចជាមិនមានភាពល្អប្រសើរ វិសុទ្ធចាប់ផ្តើមសង្កេតខ្លួនឯង គេមានអារម្មណ៍ថា នៅពេលដែលគេនៅជាមួយតារាបេះដូង និង ចិត្តរបស់គេពិតជាមានភាពកក់ក្តៅដែលគេមិនដែលទទួលបានពីមនុស្សណាម្នាក់ពីមុនមក។ ហើយនៅពេលដែលគេបានឃ្លាតឆ្ងាយពីតារាបេះដូង ប្រម៉ាត់គេពិតជាឈឺចាប់ខ្លាំងណាស់ គេនឹក គេខ្វល់ បារម្ភ និង មានអាម្មណ៍ផ្សេងៗទៀតជាច្រើនបានរូមបញ្ចូលគ្នាដែលធ្វើអោយគេពិបាកនិងយល់ពីខ្លួនគេ។ ពេលខ្លះវិសុទ្ធសួរខ្លួនឯងថា “តើខ្ញុំពិតជាស្រឡាញ់តារាមែនទេ? បើអញ្ចឹងខ្ញុំគឺជាខ្ទើយ? ទេខ្ញុំមិនមែនជាខ្ទើយទេ?” សួរខ្លួនឯង ឆ្លើយខ្លួនឯង តែចម្លើយហាក់ដូចជាមិនបំពេញនូវការពិតសោះ។
អង្គុយត្រម៉ុងត្រម៉ោចតែម្នាក់ឯងនៅក្នុងបន្ទប់ទទួលភ្ញៀវ ពូឈឿនបានចូលមកហើយយកដៃអង្អែលខ្នងវិសុទ្ធ។
-ត្រូវតែស្វែងយល់ពីបេះដូងខ្លួនឯងអោយបានច្បាស់ណាលោកប្រុសតូច យើងមិនអាចរស់នៅដោយបិទបាំងបេះដូងនិងធាតុពិតរបស់ខ្លួន បើយើងស្គាល់ខ្លួនឯងច្បាស់ហើយ យើងងាយស្រួលក្នុងការរកសេចក្តីសុខដាក់ខ្លួន។ កុំខ្លាចនិងបង្ហាញបេះដូងរបស់ខ្លួនឯង ស្រឡាញ់មនុស្សម្នាក់ និង ទទួលយកការស្រឡាញ់ពីមនុស្សម្នាក់ ដែលយើងគិតថាបេះដូងយើងត្រូវការ វាមិនមែនជាកំហុសឡើយ។ ខ្ញុំស្គាល់លោកប្រុសតូច ទាំងពីលោកប្រុសកើតមកភ្លាមម្លេះ ដូច្នេះខ្ញុំយល់ពីអារម្មណ៍លោកប្រុសច្បាស់ណាស់។
និយាយតែប៉ុណ្ណឹងពូឈឿនក៏ងើបដើរចេញទៅ។ ចំណែកវិសុទ្ធភាំងស្មារតីដោយសារសម្តីរបស់ពូឈឿន គេហាក់ដូចជាស្រឡះនៅក្នុងខ្លួនពេលដែលបានលើសម្តីបែបនេះ។ គេខិតខំស្វះស្វែងដើម្បីស្វែងយល់ពីអារម្មណ៍ពិតរបស់គេ ហើយគេក៏បានដឹងថាបេះដូងរបស់គេពិតជាត្រូវការមនុស្សម្នាក់មកគ្រប់គ្រងនិងថែរក្សាយ៉ាងពិតប្រាកដ មិនមែនជាស្នេហាដែលជាការបន្លំភ្នែកអ្នកដទៃ និង ខ្លួនឯងនោះទេ។ វិសុទ្ធបានបើកភ្នែកធំៗ ក្រោកឈរឡើង ធ្វើទឺកមុខយ៉ាងក្លាហាន រួចរត់ទៅយ៉ាងលឿននិងស្វាហាប់ មិនបានមួយនាទីផងវិសុទ្ធបានទៅដល់បន្ទប់តារា។ គេបើកគោះទ្វាបន្ទប់តារា ចំណែកតារាក៏បានបើកទ្វា គ្រាន់តែបើក វិសុទ្ធបានឃើញតារាភ្លាមគេស្ទុះទៅអោបតារាយ៉ាងណែន។ ចំណែកតារាភាំងដោយឈរឆ្កឹងដូចរូបចម្លាក់ ហើយបើកភ្នែកធំៗ។
-វិសុទ្ធ តារា យើងពិតជាស្រឡាញ់ឯងណាស់។
វិសុទ្ធនិយាយតែមួយប្រយោគនេះដដែលៗសារទៅសារមក។ ចំណែកឯតារាវិញមានការភ្ញាក់ផ្អើល និង ពេញចិត្តចំពោះប្រយោគមួយនេះណាស់ ទោះបីជាវិសុទ្ធនិយាយដដែលៗរាប់រយដងក៏ដោយ ក៏គេហាក់មិនធុញទ្រាន់និងសម្តីមួយប្រយោគនេះដែរ។ វិសុទ្ធបានរុញតារាចេញពីគេបន្តិច រួចអោនក្បាលចុះ និង ចាប់មុខតារាអោយងើយឡើងដើម្បីអោយបបូរមាត់របស់គេទៅប៉ះនិងបបូរមាត់ដ៏ទន់ល្មើយរបស់តារា។ តារាបើកភ្នែកកាន់តែធំ តែគេមិនរើបំរះឬនិយាយអ្វីឡើយ គេតបទៅវិសុទ្ធវិញដោយកាយវិការពេញចិត្តជាទីបំផុត។ នៅពេលនោះដែលអ្នកទាំងពីរបានអោបដងខ្លូនវិគ្នាយ៉ាងណែន ហើយពេលនេះដែលពួក គេទាំងពីរបានយល់នូវអារម្មណ៍គ្នាទៅវិញទៅមក។ បន្ទាប់ពីសម្រែកនៃការស្រឡាញ់បានបញ្ចេញតាមកាយវិការនេះមកតារាចាប់ផ្តើមមានចម្ងល់ថាតើហេតុអ្វីបានជាមនុស្សប្រុសដែលរឹងរួស មានសង្សារជាច្រើនដែលសុទ្ធតែមនុស្សស្រីនោះ បែមកស្រឡាញ់ខ្លួនទៅវិញ?
-ហេតុអ្វីបានជាស្រឡាញ់ខ្ញុំ គ្រែងថាជាមនុស្សប្រុស១០០%?
តារាបានសួរទៅកាន់វិសុទ្ធដោយការអឹមអៀន កែវភ្នែកទាំងគូរសម្លាំងទៅកាន់កែវភ្នែកវិសុទ្ធ។
-តាមពិតទៅ ខ្ញុំមានអារម្មណ៍បែបនេះយូរណាស់មកហើយ គ្រាន់តែខ្ញុំមិនបានដឹងច្បាស់ពីវាតែប៉ុណ្ណោះ។ ខ្ញុំតែងព្យាយាមលាក់អារម្មណ៍និងបេះដូងខ្លួនឯងរហូតមក។ ខ្ញុំព្យាយាមទាក់ទងមនុស្សស្រីដើម្បីលាក់បាំង និង បំបាត់អារម្មណ៍បែបនោះ។ តែនៅពេលដែលខ្ញុំទាក់ទងនិងនៅជាមួយពួកគេខ្ញុំគ្មានសេចក្តីសុខនោះឡើយ តែជាហេតុខ្ញុំតែងតែផ្លាស់ប្តូរសង្សារជាញឹកញាប់ ពីព្រោះខ្ញុំគិតថា ខ្ញុំមិនទាន់បានជួបនិងមនុស្សដែលខ្ញុំពេញចិត្ត និង បេះដូងខ្ញុំត្រូវការ តែវានៅតែមិនបានជួប។ រហូតដល់ពេលដែលបានពួបនិងឯងលើកដំបូង បេះដូងខ្ញុំលោតខុសធម្មតា ហើយពេលដែលខ្ញុំបាននៅក្បែរឯង ខ្ញុំពិតជាមានអារម្មណ៍កក់ក្តៅខ្លាំងណាស់ តែដោយខ្លាចអារម្មណ៍នេះកាន់តែកើនឡើង ខ្ញុំបានធ្វើគ្រប់យ៉ាងដើម្បីអោយឯងចាក់ចេញឆ្ងាយពីខ្ញុំ។ តែនៅពេលដែលខ្ញុំធ្វើបែបហ្នឹង ខ្ញុំមានអារម្មណ៍កាន់តែឈឺចាប់ ពិតជាឈឹចាប់ខ្លាំងណាស់។ តែនៅពេលនេះខ្ញុំបានដឹងច្បាស់ណាស់ថាបេះដូងរបស់ខ្ញុំត្រូវការតារា។ ខ្ញុំពិតជាស្រឡាញ់តារាខ្លាំងណាស់។
នៅពេលដែលលឺសម្តីវិសុទ្ធនិយាយបែបនេះតារាបានស្ទុះទៅអោបវិសុទ្ធទាំងទឺកភ្នែក។ ចាប់ពេលពេលនោះមកពួគគេបន្តទំនាក់ទំនងស្នេហាយ៉ាងស្អិតរមួតលើសដើម។
តើនឹងមានអ្វីកើតឡើងនៅភាគបន្ទាប់? សូមរងចាំអានជាបន្តទៀ!

No comments:

Post a Comment