Breaking

Saturday, June 9, 2018

រឿង វាសនា (ភាគ២)

រឿង វាសនា
(ភាគ២)
និពន្ធដោយ . Rainy Son

#Khmer_Novel-69


ព្រលឹមស្រាងៗ ព្រះអាទិត្យរះពីទិសខាងកើតដែលជាសញ្ញាប្រាប់ថាថ្ងៃថ្មីបានចូលមកដល់។ ឆាកជីវិតមនុស្សពិតជាពុំទៀងទាត់ឡើយ ម្តងសុខម្តងទុក្ខ ម្តងស្អប់ម្តងស្រឡាញ់ ទាំងអស់នេះគេហៅថាជីវិត។ ចុះជីវិតអ្នកកម្លោះតារានឹងមានអ្វីកើតឡើងក្រោយពេលបានទៅនៅក្រោមដំបូលផ្ទះអ្នកស្រីវិជ្ជនីដែលមានចិត្តស្រឡាញ់និងចាត់ទុកគេដូចជាកូនប្រុសបង្កើតរបស់ខ្លួន និង ជាមួយនឹងកម្លោះវិសុទិ្ធដែលជាមនុស្សម្នាក់ដែលយល់តែចិត្តខ្លួនឯង និងហាក់ដូចជាមិនសូវពេញចិត្តនឹងវត្តមានតារានៅក្នុងផ្ទះជាមួយគ្នាផងនោះ? អ្វីទាំងអស់នឹងត្រូវបានបង្ហាញអោយបានដឹងជាបន្តបន្ទាប់។
ម៉ោងប្រមាណជា៦ ព្រឹកតារាបានភ្ញាក់ពីដំណេកដោយរៀបចំបន្ទប់គេង និង ចេញមកក្រៅសំអាតបរិវេណភូមិគ្រឹះ និង ស្រោចទឹកផ្កា។ អ្នកស្រីវិជ្ជនីបានឃើញដូចនោះក៏មានចិត្តស្រឡាញ់តារាទ្វេរដង។ គាត់បានហៅតារាអោយទៅជួប និង បានប្រាប់គេថាកុំអោយធ្វើកិច្ចការទាំងនោះ ពិព្រោះតែមានអ្នកធ្វើហើយ។ ហើយគាត់បានអោយតារាទៅស្លៀកពាក់នឹងអាលទៅក្រៅដើម្បីនឹងរកទិញសំលៀកបំពាក់ រួមទាំងប្រដាប់ប្រើប្រាស់ និងសិក្សាសម្រាប់តារា។ តារាក៏ធ្វើមាននូវអ្វីដែលអ្នកស្រីវិជ្ជនីបានប្រាប់។ តែចៃដន្យទូរស័ព្ទអ្នកស្រីវិជ្ជនីបានរោរទិ៍ ខាងសណ្ឋាគារបានខលមកប្រាប់ថានៅឯសណ្ឋាគារមានរឿងត្រូវដោះស្រាយជាបន្ទាន់។ គាត់ក៏បានទៅប្រាប់វិសុទ្ធអោយជួយជូនតារាទៅផ្សារ។
ម៉ោងប្រមាណជា៨ព្រឹកទៅហើយកម្លោះវិសុទ្ធពុំទាន់ភ្ញាក់ពីគេងនៅឡើយ។អ្នកស្រីវិជ្ជនីបានឈរនៅមុខបន្ទប់ គោះទ្វារព្រមទាំងស្រែកហៅអោយវិសុទ្ធបើកទ្វារ។
-វិសុទ្ធ វិសុទ្ធកូនម៉ាក់ ភ្ញាក់ពីគេងនៅកូន? ម៉ាក់មានរឿងមួយចង់ពឹងកូនអោយជួយ ឆាប់ប់កទ្វារអោយម៉ាក់វិសុទ្ធ។
៥នាទីក្រោយវិសុទ្ធបានបើទ្វារដោយស្លៀកខោខ្លីពាក់កណ្តាលភ្លៅ និង ពាក់អាវវាលក្លៀកពណ៍ស ចេញមកដោយសភាពមនុស្សមិនទាន់អស់ងងុយ។
-ម៉ាក់មានការស្អីទៀតហើយជាមួយកូនទាំងព្រលឹម ម៉ាក់? វិសុទ្ធសួរទៅអ្នកស្រីវិជ្ជនីហារមាត់ស្ងាបទៅជាមួយ។
-ម៉ាក់គ្មានរឿងអ្វីសំខាន់ទេ តែម៉ាក់ចង់អោយកូនជូនតារាទៅផ្សារដើម្បីទិញរបស់ប្រើប្រាស់បន្តិច។ ពីព្រោះម៉ាក់មិនអាចជូនគេទៅបានទេ ម៉ាក់ត្រូវទៅសណ្ឋាគារជាបន្ទាន់។
និយាយមិនទាន់ទាំងចប់ស្រួលបួលផង វិសុទ្ធតប
-ម៉ាក់ ខ្ញុំមិនមែនជាអ្នកបំរើនាយម្នាក់នោះទេ ហេតុអ្វីអ្នកជូនទៅត្រូវជាខ្ញុំទៅវិញ? មនុស្សជាច្រើននៅក្នុងផ្ទះនេះហេតុអីមិនប្រើ? ហើយនាយម្នាក់នោះក៏អញ្ចឹងដែរ គេធំហើយមិនបាច់មានអ្នកណាជូនទៅទេ គេអាចទៅខ្លួនឯងបានហើយ។
-តែតារា គេមិនស្គាល់ទីក្រុងទេកូន ហើយតារាគេក៏ជាប្អូនឯងម្នាក់ដែរ កុំគិតថាគេជាអ្នកដទៃអីណាកូន។
-ខ្ញុំបានប្រាប់ម៉ាក់ម្តងរួចហើយថា ខ្ញុំគ្មានប្អូនទេ ហើយខ្ញុំក៏គ្មានថ្ងៃទទួលស្គាល់ទទួលគេជាប្អូនខ្ញុំដែរ។ បានហើយម៉ាក់ខ្ញុំត្រូវការសំរាក ម៉ាក់ទៅវិញចុះ។
គ្រាន់តែនិយាយចប់វិសុទ្ធក៏ទាញទ្វារបិទ ហើយចូលទៅក្នុងបន្ទប់បាត់។ ចំណែកអ្នកស្រីវិជ្ជនីគ្មានពាក្យអ្វីនិងតបបានត្រឹមតែគ្រវីក្បាលប៉ុណ្ណោះ។ អង្គុយលើគ្រែក្នុងបន្ទប់វិសុទ្ធមានអារម្មណ៍មួរម៉ៅជាខ្លាំង។ គេមានអារម្មណ៍កាន់តែមិនពេញចិត្តចំពោះតារាដោយសេចក្តីច្រណែន។ គេអង្គុយបណ្តើរគិតបណ្តើរ រំពេចនោះស្នាមញញឹមពោរពេញទៅដោយភាពគួរអោយខ្លាច ហើយគេក៏ស្ទុះចេញទៅក្រៅបន្ទប់នឹងស្រែកទៅកាន់អ្នកស្រីវិជ្ជនី:
-ម៉ាក់ ម៉ាក់ មិនអីទេចាំកូនជូនគេទៅ ព្រោះកូនទើបនឹកឃើញថាកូនក៏ត្រូវទិញរបស់ប្រើប្រាស់ខ្លះដែរ។
-ល្អហើយកូន ត្រូវចេះស្រឡាញ់គ្នា និងមើលថែគ្នា ពីព្រោះតារាគេមិនដែលស្គាល់ទីក្រុងទេ។
អ្នកស្រីវិជ្ជនីនិយាយដោយញញឹមដោយការសប្បាយចិត្ត។ ក្នុងចិត្តគិតថាពួកគេទាំងពីរនាក់ប្រាកដណាស់និងក្លាយជាបងប្អូនដ៏ល្អ។ ហើយអ្នកស្រីក៏បានដើរទៅរថយន្តនិងបានប្រាប់ទៅតារាដែលរងចាំនៅទីនោះថា:
-មីងមិនបានជូនឯងទៅទេ ព្រោះតែមីងមានការបន្ទាន់នៅសណ្ឋាគារ។ តែមីងក៏បានអោយវិសុទ្ធជូនឯងទៅ ហើយគេក៏យល់ព្រមដែរ។ ពេលនេះគេកុំពុងតែស្លៀកពាក់ តារាទៅជាមួយវិសុទ្ធចុះណា មីងទៅសណ្ឋាគារសិនហើយ។ តារាគ្មានពាក្យអ្វីតបក្រៅពីពាក្យ
-បាទ អរគុណអ្នកមីង។
បន្តិចក្រោយមកវិសុទ្ធបានដើរចេញមក មើលទៅគេដូចជាសប្បាយចិត្តខុសប្លែកពីធម្មតា។ ដៃស្តាំគ្រវីសោរឡាន ដៃឆ្វេងដាក់ចូលទៅក្នុងហោប៉ៅខោខូវប៊យ ដែលលេងម៉ូតរហែកលើភ្លៅទាំងសងខាង អមទៅដោយការហ៊ួចផងនោះធ្វើអោយកម្លោះវិសុទ្ធកាន់តែមានភាពសង្ហា។
-បានហើយឡើងឡានទៅ ខ្ញុំនាំទៅផ្សារ។
វិសុទ្ធនិយាយទៅកាន់តារា ដោយស្នាមញញឹម និង កែវភ្នែកបង្កប់ទៅដោយភាពមិនច្បាស់លាស់ដែលសម្លឹងទៅរកតារា។ ចំណែកតារាបានត្រឹមតែអោនមុខចុះ នឹងបើទ្វារឡានចូលតែប៉ុណ្ណោះ។ ស្ថិតនៅក្នុងរថយន្តពេលធ្វើដំណើរវិសុទ្ធបានបើកនូវចម្រៀងប្រភេទKPOP ពីមួយបទទៅមួយបទ។ ដោយមិនសូវជាពេញចិត្តនឹងតន្ត្រីទាំងនោះ តារាក៏បានដកយកកាសទូរស័ព្ទពីក្នុងហោប៉ៅមក ដាក់ត្រចៀកដោយធ្វើព្រងើយ។ វិសុទ្ធបានដៀងភ្នែកមើល ហើយក៏បន្ថែមសម្លេងតន្រ្តីទៀត។ តែតារានៅតែធ្វើព្រងើយ ហាក់បីដូចជាជាគ្មានអ្វីកើតឡើង។ ទង្វើបែបនេះកាន់តែធ្វើអោយវិសុទ្ធមានអារម្មណ៍កាន់តែក្តៅក្រហាយថែមមួយកម្រឹតទៀត។ មួយសន្ទុះក្រោយមករថយន្តវិសុទ្ធបានទៅចតនៅមុខវីឡាទំនើបមួយ រំពេចនោះនារីស្រស់ស្អាតម្នាក់បានចេញមក ដោយស្លៀកសំពត់កឲខ្លីពាក់កណ្តាលភ្លៅពណ៏ក្រហម អមដោយអាវវាលក្លៀកពណ៏ខៀវ និងស្បែកជើងកែងចោតពណ៏ខ្មៅ មើលទៅគេអាចដឹងថានាងគឹជានារីទាន់សម័យម្នាក់ នាងឈ្មោះឆវី គឺជាសង្សារថ្មីរបស់វិសុទ្ធនិងចាកូនរបស់ឯកឧត្តមម្នាក់ផង។
-ចង់ដើរលេងហេតុអ្វីទើបតែប្រាប់អូន ដឹងទេអូនមិនបានរៀបចំខ្លួនទុកជាមុនទេ? ឆវីនិយាយទៅកាន់តារា។
-បងស្រាប់តែនឹកអូន ក៏ខលប្រាប់អូនតែម្តងទៅ។ វិសុទ្ធតប។
-ឯងចុះទៅ ហើយទៅអង្គុយនៅខាងក្រោយទៅ។
វិសុទ្ធនិយាយទៅកាន់តារាព្រមជាមួយនិងកែវភ្នែកដ៏មុតមាំ។ តារាបានបើទ្វារឡានចុះហើយក៏ទៅអង្គុយនៅកៅអីខាងក្រោយ។ ឆវីសម្លឹងមើលទៅតារាដោយក្រសែភ្នែកចម្ងល់ និង មិនសូវជាពេញចិត្តចំពោះវត្តមានតារា។ បើទ្វាឡានចូលឆវីចាប់ផ្តើងសួរទៅវិសុទ្ធ។
-តើគេជាអ្នកណាបងវិសុទ្ធ? ហេតុអ្វីគេត្រូវទៅជាមួយយើង?
-កុំខ្វល់ជាមួយគេគិតតែរឿងយើងបានហើយ។ តើអូនចង់ទៅណាខ្លះថ្ងៃនេះ?
វិសុទ្ធបានសួរទៅកាន់ឆវី តែភ្នែកបាញ់ទៅរកតារាក្នុងន័យចំអក និង ឌឺ។ តែតារានៅតែមិនខ្វល់ពីទង្វើរបស់វិសុទ្ធ។ រថយន្តបានទៅសំចតនៅផ្សារទំនើមួយ។ ឆវីដើរអោបដៃវិសុទ្ធ ឯតារាដើរពីក្រោយ។ ពួកគេបានចូលទៅភោជនីយដ្ឋានមួយ អង្គុយរងចាំអាហារ វិសុទ្ធបានអោយលុយទៅតារា ហើយបានប្រាប់ទៅតារាអោយជួយទៅទិញសំបុត្រកុនអោយពួកគេ២ផង ហើយលុយទាំងប៉ុន្មានយកទៅទិញរបស់ប្រើប្រាស់ដោយខ្លួនឯង។
-នេះលុយយកទៅ ជួយទៅទិញសំបុត្រអោយយើង២មក ហើយលុយដែលនៅសល់យកទៅទិញស្អីទិញទៅ។ តែត្រូវទៅទិញសំបុត្រកុនអោយយើងសិន។
-តែគេមិនទាន់បានញ៉ាំអីទេ ណាបង? តែបើគេទៅក៏ល្អដែរ។ ឆវីនិយាយទៅកាន់វិសុទ្ធ។
តារាមិនបានតបទេ គ្រាន់តែទទួលយកលុយហើយ ក៏ដើរចេញទៅ។ កែវភ្នែកវិសុទ្ធបានសម្លឹងមើលទៅតារារហូតដល់តារាដើរបាត់ទៅឆ្ងាយ។ ឆវីក៏សម្លឹងទៅមើលវិសុទ្ធដែរ។ មួយសន្ទុះក្រោយមកតារាក៏ត្រឡប់មកវិញរួចហ៊ុចសំបុត្រអោយទៅវិសុទ្ធ។
-នេះគឺជាសំបុត្រកុន បងប្រុស។
-កុំហៅយើងថាបងប្រុស យើងមិនមែនជាបងប្រុសឯងទេ។ ហើយយើងក៏គ្មានជាប់សាច់ឈាមនឹងគ្នាដែរ។ វិសុទ្ធតប។
-បាទ សុំទោសលោកវិសុទ្ធ។
-Ok បានហើយឯងទៅណាទៅទៅ ចាំ២ម៉ោងក្រោយចាំមកជួបគ្នានៅទីនេះ។
និយាយមិនទាន់ទាំងចប់ស្រួលផង វិសុទ្ធបានទាញដៃឆវីដើរចេញទៅ។ ចំណែកតារាវិញមិនដឹងទៅណាទេ គេដើររេទៅរេមកនៅតែកន្លែងដដែល។ គេក៏សម្រេចចិត្តដើរចាកចេញទៅ។ នៅពេលដែលដើរតារាបានជួបនឹងហាងលក់សៀវភៅមួយ គេក៏ដើរចូលទៅចាប់យកសៀវភៅមួយក្បាលដែលជាសៀវភៅប្រលោលោករឿង Romeo and Juliet. ម៉ោងប្រមាណ១២ ថ្ងៃត្រង់ពោះតារាបានបន្លឺនូវសម្លេងដែលបញ្ជាក់ប្រាប់ថា ក្រពះត្រូវការអាហារ។ តារាក៏ដើរតម្រង់ទៅហាងអាហារដែលនៅក្បែរនោះ ហូតដកយកកាបូបលុយពីហោប៉ៅដើម្បីមើល តែពេលនោះមានក្មេងប្រុសតូចម្នាក់អាយុប្រមាណ១០ឆ្នាំបានឆក់កាបូបលុយតារានិងរត់គេចបាត់។ តារាស្រែកចោរ ចោរ តែហាក់ដូចជាគ្មានអ្នកណាខ្វល់ពីគេឡើយ។ ក្រពះក៏ស្រែកឃ្លាន រូបរាងកាយក៏អស់កម្លាំង ហើយក៏មិនដឹងថានិងទៅទីណាទៀតព្រោះនៅក្នុងខ្លួនគ្មានលុយសម្បីតែមួយសេន។ តារាបានដើរទៅអង្គុយរង់ចាំវិសុទ្ធ និង ឆវីនៅកន្លែងដែលបានណាត់។ អង្គុយចាំពីមួយម៉ោងទៅមួយម៉ោងនៅតែមិនទាន់ឃើញពួកគេទាំងពីរមកទៀត ទូរស័ព្ទក៏មិនដឹងខលទៅណាព្រោះគ្មានស្គាល់លេខអ្នកណាម្នាក់។ តារាអង្គុយដោយសភាពសោះកក្រុស ដៃទាំងពីរខ្ទប់ពោះ អស់ពីអង្គុយក៏ងើប អស់ពីងើបក៏អង្គុយនេះបង្ហាញអោយឃើញពីការទន្ទឹងរងចាំយ៉ាងអន្ទះសា។ ម៉ោង១០យប់ទៅហើយវិសុទ្ធ និង ឆវីនៅតែមិនទាន់ត្រឡប់មកវិញទៀត។ គ្រប់ហាងទាំងអស់ចាប់ផ្តើមបិទទ្វារ កំពុងលង់លក់នៅលើកៅអីមួយ តារាត្រូវបានដាស់អោយភ្ញាក់ដោយបុរសម្នាក់ដែលគេស្គាល់ច្បាស់ថាជាសន្តិសុខប្រចាំផ្សារ?
-អត់ទោស ប្អូនប្រុសពេលនេះផ្សារត្រូវបិទហើយ។ បុរសសន្តិសុខនិយាយទៅកាន់តារា។
-បាទ បាទ សុំទោសបងប្រុស។ តាមតបទៅវិញ។
ដៃស្រវ៉ាកាន់សៀវភៅរួចក៏ធ្វើដំណើរចាក់ចេញទៅ។ ការចាក់ចេញពីផ្សារហាក់ដូចជាគ្មានគោលដៅឡើយ ពីព្រោះតារាមិនបានស្គាល់ទីក្រុងនេះ ហើយក៏ពុំបានស្គាល់នរណាម្នាក់ដែរ។ មេឃក៏ងងឹត ចរាចរណ៍ក៏ចាប់ផ្តើមស្ងាត់ នៅតាមដងផ្លូវមានរថយន្តបើកបរ ជាហូរហែរតែមិនដូចជានៅពេលថ្ងៃទេ។ នាវេលាពេលហ្នឹងមានតែអ្នកដែលស្វែងរកការសប្បាយពេលយប់ និង បំរើរការកំសាន្តពេលយប់តែប៉ុណ្ណោះ។ នៅតាមហាងគេឃើញមាននារីក្មេងៗជាច្រើនអង្គុយតម្រាបគ្នាជាជួរ ស្លៀកពាក់ស្រស់ឆើតឆាយ និង មានមនុស្សម្នាជាពិសេសបុរសៗចេញចូលមិនដាច់។ រីឯនៅក្រោមស្ពានគេឃើញមានជនអនាថាមួយចំនួននាំគ្នាយកធ្វើជាកន្លែងស្នាក់អាស្រ័យដ៏មានក្តីសុខបំផុត។ ចំណែកនៅតាមសួនច្បារគេឃើញមានគូសង្សារមួយៗអង្គុយសាសងគ្នានៅតាមបង់ ឯអ្នកខ្លះក៏ដើរជជែកគ្នាផ្តោះផ្តងវាចារស្នេហាក្រោមពន្លឺនៃអំពូលអគ្គីសនី។ ចំណែកឯអ្នកកម្លោះដ៏កំសត់របស់យើងវិញដើរដោយដំណើរមួយៗហាក់ដូចជាមិនចង់ទៅមុខ ដៃមួយខ្ទប់ពោះ ឯដៃមួយទៀតកាន់សៀវភៅ។ ដោយសភាពអស់កម្លាំងតារាក៏អង្គុយនៅបង់មួយដែលនៅឆ្ងាយដាច់ពីគេនៅក្រោមបង្គោលភ្លើងមួយ។ មេឃចាប់ផ្តើមគ្រហឹមគម្រាមដល់មនុស្សម្នាទាំងអស់អោយបានដឹងថាព្រះភិរុណនិងបង្អុលភ្លៀងនាពេលបន្តិចទៀត។ ក្រោយសម្លេងគម្រាមរបស់មេឃា មនុស្សម្នាចាប់ផ្តើមរត់រកទិសដៅរបស់ខ្លួន ដោយអ្នកខ្លះតម្រុងទៅកាន់យានយន្តរបស់ខ្លួនដើម្បីទៅផ្ទះឫបន្តដំណើរទៅកន្លែងកំសាន្តផ្សេងទៀតដែលគេចង់ទៅ។ តែកំសត់តែអ្នកកម្លោះតារាយើងទេ គេគ្មានគោលដៅថានិងទៅទីណាឡើយ បានត្រឹមតែងើយមើលមេឃដ៏សែនខ្ពស់ និង គ្មានមេត្តាចំពោះមនុស្សគ្មានទីស្នាក់អាស្រ័យដូចជារូបគេ។ មេឃចាប់ផ្តើមភ្លៀងតារាបានរត់ទៅជ្រកនៅក្រោមសំយ៉ាប់ភោជនីយដ្ឋានមួយ ដោយអោបសៀវភៅនៅនឹងដើមទ្រូង ជើងទាំងពីរជ័រលែងមានលំនឹង ដោយសារតែរងារនៃឥទ្ធិពលទឹកភ្លៀង។ រាងកាយដ៏មាំមួនត្រូវបានចុះថបថយដោយការខ្វះអាហារមកឧបត្ថម្ភអស់ពេលមួយថ្ងៃ រួមជាមួយនឹងត្រូវភ្លៀងផងនោះរាងកាយតារាហាក់ដូចជាលែងទប់ទល់បាន។
.........វិសុទ្ធពុំបានមកជួបតារាតាមការណាត់ទេ។ ហើយតារាក៏ត្រូវបានចោរឆក់យកកាបូបលុយទៀត ដែលជាហេតុធ្វើអោយគេមិនអាចត្រឡប់ទៅផ្ទះវិញបាននឹងត្រូវដើររសាត់អណ្តែតគ្មានគោលដៅ។ ថ្លែពីវិសុទ្ធវិញ ក្រោយពីគេពុំបានទៅមើលកុនជាមួយឆវីឡើយ បន្ទាប់ពីចាកចេញពីតារាគឺពួកគេបានត្រឡប់ទៅផ្ទះវិញតែម្តង ដោយមានគំរោងការណ៍ចង់ទុកអោយតារាចោលតែម្នាក់ឯង។ បន្ទាប់ពីជូនឆវីទៅដល់ផ្ទះគេក៏ត្រឡប់ទៅផ្ទះវិញដែរ ក្រោយទៅដល់ផ្ទះវិសុទ្ធបានចូលទៅបន្ទប់របស់គេដោយធ្វើព្រងើយ ហាក់ដូចជាគ្មានអ្វីកើតឡើង ទោះបីជា ពូឈឿន និង មីងសយ សួរក៏គេមិនព្រមឆ្លើយដែរ ហើយថែមទាំងស្រែកគំរាមថែមទៀតផង។
-ពូឈឿន: លោកប្រុសតូចវិសុទ្ធ ឯណាលោកប្រុសតូចតារា គ្រែងទៅជាមួយគ្នា?
-មីងសយបន្ទោរពីក្រោយ: មែនហើយលោកប្រុសតូចឯណាលោកប្រុសតូចតារា?
វិសុទ្ធឈប់ឆ្ងក់ ភ្នែកសម្លក់ទៅកាន់ម្ចាស់សំនួរទាំងពីរ និងសម្តែងនូវទឹកមុខដ៏គួរអោយខ្លាចដូចជាសត្វតោ សម្លឹងទៅកាន់កូនក្តាន់ ធ្វើអោយអ្នកទាំងពីរអោនមុខចុះ។
-តារា: តើនៅក្នុងផ្ទះនេះមានលោកប្រុសប៉ុន្មាននាក់? ហើយអ្នកណាអោយហៅនាយម្នាក់នោះថាលោកប្រុស? ត្រូវចាំក្នុងខួរថាក្នុងផ្ទះនេះមានលោកប្រុសតែម្នាក់គត់។ ហើយរឿងនាយម្នាក់នោះគេទៅណាគឺជារឿងរបស់គេ កុំមាត់វែងឆ្ងាយយកទៅប្រាប់អ្នកម៉ាក់អោយសោះបើមិនចង់អត់ការងារធ្វើ។ បានហើយខ្ញុំទៅសម្រាកហើយ មីងសយជួយយកទឺកក្រូចស្រស់អោយខ្ញុំមួយកែវផង ហើយអំឈឿនជួយយកឡានទៅទុកផង។
- បាទ ចាស លោកប្រុសតូច។ ពូឈឿន និង មីងសយនិយាយតំណាលគ្នាទាំងសំលេងញ័រ។
វិសុទ្ធក៏ដើរចាកចេញទៅ តម្រុងទៅកាន់បន្ទប់គេ។ ចំណែកពូឈឿន និង មីងសយ ក៏បែកជើងគ្នាទៅបំពេញតួនាទីជូនចៅហ្វាយតូចរបស់ពួកគេ។
ម៉ោងប្រមាណជា៩ យប់ទើបអ្នកស្រីវិជ្ជនីត្រឡប់មកពីសណ្ឋាគារវិញ។ គ្រាន់តែមកដល់ភ្លាមមីងសយបានរត់យ៉ាងត្រហេបត្រហបមកជួបអ្នកស្រីវិជ្ជនី។
-មីងសយ: អ្នកស្រី អ្នកស្រី លោកប្រុសតូច……
-មីងសយមានអីធ្វើទៅធ្វើទៅ កុំនិយាយច្រើនពេក។ ហើយម៉ាកគួរតែឆាប់ចូលបន្ទប់ហើយចូលសម្រាកទៅ ព្រោះធ្វើការមួយថ្ងៃទៅហើយ។
វិសុទ្ធបានមកដល់រួចក៏និយាយកាត់មីងសយដោយភ្នែកសម្លក់ទៅកាន់គាត់។ មីងសយអោនមុខចុះ រួចក៏ដើរចេញទៅ។
-អ្នកស្រីវិជ្ជនី: ចា អរគុណកូនដ៏ល្អរបស់ម៉ាក់ដែលខ្វល់ពីម៉ាក់ គ្រាន់តែបានលឺសម្តីកូននិយាយបែបនេះគឺធ្វើអោយម៉ាក់អស់នូវភាពនឿយហត់កាលពីថ្ងៃអស់រលីង។ កូនដឹងទេ កូនគឺជាកែវភ្នែកតែមួយគត់របស់ម៉ាក់ ម៉ាក់ធ្វើអ្វីគ្រប់យ៉ាងសព្វថ្ងៃក៏ព្រោះតែកូន។ ម៉ាក់ចង់បានតែម្យ៉ាងគឺចង់អោយកូនម៉ាក់ធ្វើជាមនុស្សល្អ និង ស្តាប់ដំបូន្មានចាស់ទុំនិងមិនដើរផ្លួវខុសណាកូន។
-បាទ ម៉ាក់។ វិសុទ្ធតបដោយសម្តីខ្លីតែប៉ុណ្ណឹង។
-អញ្ចឹងម៉ាក់ទៅងូតទឹកសិនហើយ ព្រោះខានងូតមួយថ្ងៃទៅហើយ។ អូ និយាយចឹង កូនបាននាំតារាប្អូនប្រុសឯងទៅផ្សារកាលពីព្រឹកមិញតើបានអីខ្លះ កូន?
គ្រាន់តែបានលឺអ្នកស្រីវិជ្ជនីរំលឹកពីឈ្មោះតារាធ្វើអោយ វិសុទ្ធមានរម្មណ៍ខឹងក្តៅក្រហាយភ្លាមមួយរំពេច។
-ហេតុអីក៏ម៉ាក់ចាប់អារម្មណ៍ពីនាយម្នាក់ហ្នឹងម៉េសម៉ាក់? ម៉ាក់ដូចជាមិនដែលខ្វល់ពីកូនដូចគេសោះ។ ហេតុហេតុអីបានជាម៉ាក់អោយតំណែងគេស្មើនឹងខ្ញុំ ដោយអោយអ្នកនៅក្នុងផ្ទះនេះហៅគេថាលោកប្រុសដែរ។ មិនតែប៉ុណ្ណោះនៅអោយខ្ញុំចាត់ទុកគេជាប្អូនទៀត ខ្ញុំពិតជាធ្វើមិនបានទេ ហើយខ្ញុំក៏ប្រាប់ម៉ាក់ហើយតាំងពីលោកប៉ាចែកឋានទៅថាខ្ញុំមិនចង់បានប៉ា ឫ ក៏ប្អូនទៀតនោះទេ ហេតុអ្វីម៉ាក់មិនយល់ពីកូន?
-វិសុទ្ធកូន ហេតុអ្វីកូនមានចិត្តចង្អៀតចង្អុលយ៉ាងនេះ? តារាគេគឺជាក្មេងគួរអោយអាណិតណាស់ ប៉ាម៉ាក់គេបានស្លាប់ចោលគេអស់ហើយ ហើយគេក៏គ្មានសាច់ញាតិឯណាក្រៅពីម៉ាក់ដែរ ពីព្រោះម៉ាក់ធ្លាប់បានសន្យាជាមួយម្តាយគេហើយថានិងថែរក្សាគេអោយបានល្អ និង ចាត់ទុកគេដូចជាកូន និង ប្អូនកូនបង្កើតអញ្ចឹង។ ហើយតើកូនបានធ្វើអ្វីទៅលើគេខ្លះកូន ម៉ាក់សុំចិត្តណាកូនកុំធ្វើបាបគេ គេជាក្មេងគួរអោយអាណិតណាស់។
វិសុទ្ធបានស្រែកទាំងកំហឹងទៅម៉ាក់របស់គេ ដោយការមិនពេញចិត្តនិងស្តាប់មិនចូលទាល់តែសោះនូវអ្វីដែលអ្នកស្រីវិជ្ជនីបាននិយាយប្រាប់គេ។ ដោយសារតែការច្រណែន និង ខ្លាចបាត់បង់ ធ្វើអោយវិសុទ្ធបង្កើនសេចក្តីស្អប់តារាពីមួយកម្រឹតទៅមួយកម្រឹតទៀត។
-ហើយ មួយម៉ាត់ណាក៏តារា មួយម៉ាត់ណាក៏គួរអោយអាណិត ចុះខ្ញុំនេះម៉ាក់ដែលគិតពីខ្ញុំទេ? គ្មានប៉ាតាំងពីតូច ហើយម៉ាក់ក៏មិនដែលខ្វល់ពីខ្ញុំទៀត បានតែនិយាយថា ធ្វើអ្វីគ្រប់យ៉ាងដើម្បីខ្ញុំ តែខ្ញុំដូចជាមិនដែលទទួលបានសោះ។ តាំងពីតូចដល់ធំខ្ញុំទៅរៀនដោយខ្លួនឯងមិនដែលម៉ាក់បានជូនទៅម្តងទេ។ ថ្ងៃបើកវិស្សមកាលមានតែមីងសយ និងអំឈឿនតែប៉ុណ្ណោះដែលជូនខ្ញុំទៅ។ សូម្បីតែពេលញ៉ាំបាយ និង ខួបកំណើតខ្ញុំក៏ម៉ាក់គ្មានពេលដែរ។
គ្រាន់តែនិយាយចប់វិសុទ្ធក៏រត់ចេញតម្រង់ទៅកាន់រថយន្ត ហើយក៏បើកទៅក្រៅបាត់។ ចំណែកអ្នកស្រីវិជ្ជនីបាន តែរត់ទៅឃាត់កូនតែឃាត់មិនទាន់។ ទឹកភ្នែកអ្នកម្តាយម្នាក់នេះបានរមាលធ្លាក់ចេញពីដួងនេត្រាទាំងគូ ដោយហួរប្រដេញគ្នាអត់ស្រាកស្រាន្ត។ អារម្មណ៍ក្តុកក្តុលដើមទ្រូងអួលឈឺចាប់ដោយសារតែសម្តីកូនប្រុសបណ្តូលចិត្តតែមួយ។ សម្រូតខ្លួនអង្គុយទៅលើសាឡុងដែលនៅក្បែរនោះ អ្នកស្រីវិជ្ជនីយកដៃខ្ទប់មុខយំ។ សភាពនៃស្ត្រីម្នាក់នេះមើលទៅពិតជាគួរអោយសង្វែកខ្លាំងណាស់។ រំពេចនោះមានដៃមកអង្អែលខ្នងអ្នកស្រីវិជ្ជនីថ្នមៗបង្ហាញពីការយកចិត្តទុកដាក់និងការយល់ពីអារម្មណ៍។
-កុំគិតច្រើនពេក អ្នកស្រី លោកប្រុសតូចវិសុទ្ធគេនៅក្មេង គេមិនទាន់បានគិតវែងឆ្ងាយទេ។ បន្តិចទៀតគេនិងបានយល់ពីទង្វើរបស់អ្នកស្រី ថាតើទឹកចិត្តម្តាយដែលស្រឡាញ់កូនមានទំហំប៉ុណ្ណា។ ហើយអ្នកស្រីក៏គួរតែប្រើពេលវេលាខ្លះជាមួយគេ ពីព្រោះគេពិតជាខ្វះភាពកក់ក្តៅពីអ្នកស្រី គេចង់ទទួលបានភាពកក់ក្តៅដែលកូនគ្រប់រូបតែងតែចង់ទទួលបាន។ ការផ្តត់ផ្គង់សម្ភារះខាងក្រៅនោះទេ តែត្រូវផ្តល់នូវការយកចិត្តទុកដាក់ខាងផ្លូវចិត្តផងដែរ។
មីងសយនិយាយបណ្តើរដៃមួយជួយជូតទឹកភ្នែក ឯដៃម្ខាងទៀតអង្អែលខ្នង។
-អរគុណណាស់បងសយ ដែលតែងតែផ្តល់គំនិតល្អដល់ខ្ញុំ ខ្ញុំពិតជាពុំបានមើលឃើញនូវចំណុចនេះមែន។
-ណ្ហើយបានហើយ យើងគិតពីអ្នកប្រុសតារាវិញ ពេលនេះមិនដឹងជានៅទីណាទេ ហើយមិនដឹងជាយ៉ាងណានោះទេ។
-ថាម៉េច បងសយ? តារាមិនទាន់ត្រឡប់មកវិញទេ? គ្រែនគេទៅមួយវិសុទ្ធ?
-ចា ទៅគឺទៅជាមួយអ្នកប្រុសតូចវិសុទ្ធ តែពេលមកវិញគឺអ្នកប្រុសតូចវិសុទ្ធមកតែម្នាក់ឯងទេ ហើយខ្ញុំសួរក៏អ្នកប្រុសតូចមិនបានប្រាប់ដែរ ខ្ញុំបារម្ភណាស់។
-តើយើងត្រូវទៅរកតារានៅឯណាទៅ ពេលនេះមេឃភ្លៀងខ្លាំងណាស់បងសយ? តើគេទៅសម្រាកនៅឯណាបើគេមិនស្គាល់នរណាម្នាក់ផងនៅទីនេះ ហើយវាយប់ណាស់ហើយនោះ?
អ្នកស្រីវិជ្ជនីបានងើបឈរ ដើរចុះដើរឡើងដោយសម្តែងនូវអារម្មណ៍អន្ទះសា។ គាត់បានប្រាប់អោយពូឈឿនយកឡានចេញ និង ជូនគាត់ទៅរកតារា។ រថយន្តអ្នកស្រីវិជ្ជនីបានបើកកាត់តំណត់ភ្លៀងរៀចរយលានគ្រាប់ដើម្បីទៅរកតារា។ ជាដំបូងអ្នកស្រីបានអោយពូឈឿនជូនអ្នកស្រីទៅផ្សារទំនើបដែលវិសុទ្ធនាំតារាទៅ។ តែវាគ្មានប្រយោជន័ឲ៍នោះទេ ពីព្រោះតែពេលថ្មើរហ្នឹងផ្សារត្រូវបានបិទគ្មានសេសសល់ឡើយ។
-អ្នកស្រី តើយើងទៅរកលោកប្រុសតូចតារានៅឯណាទៅបើទីក្រុងនេះធំណាស់ ហើយយប់ក៏កាន់តែជ្រៅទៀត? ពូឈឿនសួរទៅកាន់អ្នកស្រីវិជ្ជនី។
-ចេះតែបើទៅពូ។ បើយើងប្តឹងប៉ូលីសយ៉ាងម៉េចដែរពូ?
-បាទ គំនិតល្អណាស់អ្នកស្រី។
-អញ្ចឹងបើកទៅកាន់ប៉ុស្តិ៍ប៉ូលីសទៅ។
ពូឈឿនបានបើករថយន្តជូនអ្នកស្រីវិជ្ជនីតម្រង់ទៅកាន់ប៉ុស្តិ៍ប៉ូលីស។ ភ្នែកទាំងគូរបស់អ្នកស្រីរេចុះរេឡើងមិនឈប់ ងាកឆ្វេងងាកស្ដាំ ដើម្បីស្វែករកតារា តែនៅតែមិនឃើញ។ រថយន្តបានទៅដល់ប៉ុស្ដិ៍ប៉ូលីសនៅម៉ោងប្រមាណ១រំលងអាត្រាធ។ យប់នេះនៅប៉ុស្ដិ៍ប៉ូលីសហាក់ដូចជាមានសភាពមមារញឹកខុសពីធម្មតា។ មានរថយន្តធំៗចំនួន២ទៅបីបានមកដល់ពីក្រោយការមកដល់របស់អ្នកស្រីវិជ្ជនី អ្នកស្រីមិនខ្វល់ពីរថយន្តទាំងនោះទេ គាត់តម្រង់ទៅរកតែមន្រ្តីប៉ូលីស។ ចូលទៅដល់គាត់បានជួបនិងមន្រ្តីប៉ូលីសម្នាក់ដែលអង្គុយរង់ចាំនៅទីនោះ គាត់បានស្ទុះទៅរកមន្រ្តីប៉ូលីសម្នាក់នោះ ហើយរៀបរាប់ពីដំណើររឿង។
-អ្នកស្រីវិជ្ជនី: អត់ទោសលោក ខ្ញុំចង់មកប្តឹង ខ្ញុំបានបាត់កូនប្រុសម្នាក់។
-មន្រ្តីប៉ូលីស: តើគេឈ្មោះអ្វី? អាយុប៉ុន្មាន? ហើយរូចរាងយ៉ាងណាដែរ?
-អ្នកស្រីវិជ្ជនី: ចា គេឈ្មោះ វង្ស រតន៍តារា មានអាយុប្រមាណ២៤ឆ្នាំ មានសម្បុរស កំពស់ប្រមាណមួយមែត្រចិតសិប។
មន្រ្តីប៉ូលីសសួរបណ្តើរនិងកត់ត្រាបណ្តើរ។ រំពេចនោះមានមន្រ្តីប៉ូលីសម្នាក់ផ្សេងទៀតបានដើរចូលមករូចប្រាប់មន្រ្តីប៉ូលីសដែលកំពង់កត់ត្រាអោយទៅជួយ ធ្វើប្រវត្តិរូបជនអនាថាដែលក្រុមមន្រ្តីប៉ូលីសទើបតែប្រមូលមក។ អ្វីដែលនឹកស្មានមិនដល់នោះគឺមន្រ្តីប៉ូលីសពីរនាក់បានគ្រៀរក្មេងកម្លោះម្នាក់ដែលមានសភាពស្លេកស្លាំ រូបរាងកាយញ័រដូចជាកូនសត្វដោយសារគ្រាប់ភ្លៀង បបូរមាត់ហាក់ដូចជាគ្មានឈាមមួយដំណក់ ភ្នែកទាំងគូបើកស្ទើរតែមិនរួចព្រិលរកមើលអ្វីមិនយល់ ជើងទាំងគូទន់ដូចសំលីហាក់បីដូចជាគ្មានឆ្អឹង។ គ្រាន់តែក្រឡេកឃើញ ធ្វើអោយអ្នកស្រីវិជ្ជនីស្គាល់ភ្លាមថាក្មេងប្រុសដ៏គួរអោយសង្វែគនោះគឺជាតារា។ តារាត្រូវបានក្រុមមន្រ្តីប៉ូលីសបោសសំអាតជនអនាថានាំមកជាមួយនឹងជនអនាថាជាច្រើនទៀត។ គ្រាន់តែបានឃើញភ្លាមបេះដូងអ្នកស្រីហាក់បីចង់កាំង និង ផ្ទុះចេញមកម្តងៗ។ទឹកភ្នែកហូរកាត់ផែនថ្ពាល់ដ៏ស្រស់ស្អាតរបស់ស្រ្តីចំណាស់ម្នាក់នេះ ដោយក្តីអាណិត ស្រឡាញ់និងខ្លោចផ្សាជាទីបំផុត។
-តារា តារា តើកូនយ៉ាងម៉េចហ្នឹង? តើមានអ្វីកើតឡើងចំពោះកូន? តើអ្នកណាគេធ្វើអ្វីកូន?
អ្នកស្រីវិជ្ជនីបានស្ទុះទៅអោបតារា និងបានស្រែកសួរសំនួរជាច្រើនទៅតារា តែតារាមិនបានឆ្លើយឡើយដោយសារតែពេលនេះគេបានបាត់បងស្មារតីទៅហើយ។ ប៉ូលីសបានប្រាប់អ្នកស្រីថាពួកគេបានឃើញតារាដេកនៅតាមសំយ៉ាបនៃភោជនីយដ្ឋានមួយ ពួកគេក៏បាននាំមកកាន់ទីនេះ។
-សុំទោស អោយម៉ាក់សុំទោស ដែលធ្វើអោយឯងក្លាយជាបែបនេះ។ ម៉ាក់ពិតជាខុសធ្ងន់ណាស់ចំពោះឯង និងប៉ាម៉ាក់ឯង។
អ្នកស្រីបានស្នើរសុំអោយមន្ត្រីប៉ូលីសជូនយកតារាទៅក្នុងរថយន្ត និង អោយពូឈឿននាំទៅមន្ទីរពេទ្យ។ នៅក្នុងមន្ទីរលោកគ្រូពេទ្យបានមកពិនិត្យ ក្រោយពីនិត្យគ្រូពេទ្យបានបញ្ជាក់ប្រាប់ថា តារាមិនមានអ្វីធ្ងន់ធ្ងរទេ គេត្រូវការសម្រាកអោយបានច្រើនដោយសារតែរូបរាងកាយគេចុះខ្សោយយ៉ាងខ្លាំង។ ពេលព្រឹកស្អែកតារាអាចចេញពីមន្ទីរពេទ្យទៅសម្រាកនៅផ្ទះបានហើយ។ អ្នកស្រីវិជ្ជនីមានអារម្មណ៍ធូរស្បើយយ៉ាងខ្លាំងពីភាពតានតាំងកាលពីពេលមុននេះ។ គាត់បានទៅអង្គុយលើគ្រែជិតតារាដែលដេកស្តូកស្តឹងគ្មានដឹងអ្វីសោះ អ្នកស្រីបានយកទៅអង្អែលក្បាលតារាញញឹមលាយលំនឹងទឹកភ្នែក។ គាត់បានសម្រាកនៅមន្ទីរពេទ្យកំដរតារារហូតដល់ព្រឹក។
សូមអគុណសម្រាប់ការអានភាគទី២។ រង់ចាំសម្រាប់ការកែតម្រូវ និង សូមរងចាំអានភាគទី៣ជាបន្តទៀតណា។

No comments:

Post a Comment