Breaking

Saturday, June 9, 2018

រឿង វាសនា (ភាគ៣)

រឿង វាសនា
(ភាគ៣)
និពន្ធដោយ . Rainy Son

#Khmer_Novel-69


កាលពីភាគមុនយើងបានដឹងមកហើយនូវដំណើររឿងរបស់តារាដែលត្រូវចូលមន្ទីរពេទ្យ។ តែយើងមិនទាន់បានដឹងនូវឡើយទេពីដំណើររបស់វិសុទ្ធ ថាតើវិសុទ្ធបានទៅណាក្រោយពេលដែលបានទាស់ពាក្យសម្តីជាមួយអ្នកស្រីវិជ្ជនី ហើយបានបើករថយន្តទៅក្រៅទាំងភ្លៀង និង យប់កណ្តាលអធ្រាត្រ?
ក្រោយពីចាកចេញពីផ្ទះវិសុទ្ធបានបើករថយន្តរបស់គេយ៉ាងលឿន ចាកចេញទៅ។ កំដៅនៃកំហឹង ដែលកើតឡើងពីការច្រណែនបានដុតរោលរូបរាងកាយ និង បេះដូងរបស់វិសុទ្ធ។ វិសុទ្ធបានទៅកាន់ក្លិបកំសាន្តមួយ នៅទីនោះគេបានជួបនិងមិត្តភក្តិចាស់ៗមួយចំនួនដែលធ្លាប់ស្គាល់គ្នាកាលនៅវិទ្យាល័យ។ ពួកបានផឹកស្រាបៀរជាច្រើនរហូតដល់ស្រវឹង ហើយក៏បានបន្តទៅកាន់KTV ទៀត។ មិត្តភក្តិវិសុទ្ធបានវង្វក់ស្មារតីរបស់វិសុទ្ធអោយវង្វែងនិងការសប្បាយភ្លេចខ្លួនរហូតដល់ប្រើប្រាស់គ្រឿងញៀន និង ប្រព្រឹត្តអំពើដែលសង្គមស្អប់ខ្ពើមថែមទៀត។ វិសុទ្ធបានចាប់ផ្តើមដើរចូលទៅក្នុងរណ្ដៅនៃគ្រឿងញៀន និង អំពើអាវ៉ាសែដោយមិនដឹងខ្លួន។ តើវិសុទ្ធធ្លាក់ចូលទៅកាន់រណ្តៅនេះជ្រៅប៉ុណ្ណា? តើគេអាចដកខ្លួនបានទេ? ទាំងអស់នេះនិងត្រូវបកស្រាយជាបន្តបន្ទាប់។
ព្រះអាទិត្យចាប់បានរះបំភ្លឺផែនពសុភាពដែលជាទីឃ្លាំងផ្ទុកនូវសេចក្តីសប្បាយរីករាយ ទុក្ខលំបាកការប្រកួតប្រជែង ការច្រណែនឈ្នានីសមិនចេះចប់មិនចេះហើយ។ ជីវិតមនុស្សមានការផ្លាស់ប្តូរជារៀងរាល់ថ្ងៃ ទៅតាមដំណើរវិវត្តន៍នៃជិវិតរបស់មនុស្សលោកនាវស្សាដ៏ធំល្វឹងល្វើយនេះ។ និយាយពីតារាវិញ ក្រោយពីបានសម្រាកនៅមន្ទីរពេទ្យអស់ពេលមួយយប់ក្រោយមក ក៏បានត្រឡប់មកផ្ទះអ្នកស្រីវិជ្ជនីវិញ។ មកដល់ផ្ទះវិញអ្នកស្រីវិជ្ជនីបានអោយមីងសយរៀបចំអាហារដើម្បីបំប៉នសុខភាពតារា អោយបានប្រសើរឡើងវិញ។
-អ្នកស្រីវិជ្ជនី: សម្រាក និង ញ៉ាំអោយបានច្រើនទៅណាតារា នឹងឆាប់បានទៅរៀននៅអាទិត្យក្រោយ។ ចំណែករឿងដែលកើតឡើងកាលពីម្សិលមិញអោយម៉ាក់សុំទោស ហើយម៉ាក់នឹងអោយវិសុទ្ធមកសុំទោសកូន នូវអ្វីដែលគេបានធ្វើមកលើកូន។
-កុំអីអ្នកមីង វាមិនមែនជារឿងធំដុំអីទេ កុំអោយវាមានបញ្ហាច្រើនជាងនេះទៀត។ ហើយខ្ញុំបាទក៏សូមអរគុណនូវទឹកចិត្តសណ្តោសប្រោសប្រណី ដ៏មានទឹកចិត្តស្មោះរបស់អ្នកមីងមកលើរូបខ្ញុំដែរ។
តារានិយាយបណ្តើរអមដោយការលើកដៃសំពះចំពោះអ្នកស្រីវិជ្ជនី។ ចំណែកអ្នកស្រីវិញបានតបទៅតារាថា:
-បានហើយ ឈប់ហៅខ្ញុំថាមីងទៀតទៅ តារាចាត់ទុកខ្ញុំជាម៉ាក់របស់ឯងទៅ ចាប់ពីពេលនេះតទៅយើងនឹងក្លាយជាម្តាយនឹងកូន។ ចំពោះរឿងវិសុទ្ធវិញម៉ាក់សូមអរគុណជំនួសគេ។ តោះ សម្រាកទៅណា ម៉ាក់ឈប់រំបានហើយ ម៉ាក់ចេញទៅវិញហើយ និងទៅរកសម្រាកដែរ។
-បាទ ម៉ាក់។
សម្តីមួយម៉ាត់នេះធ្វើអោយស្នាមញញឺមបានលេចឡើងនៅលើវង់ភ័ក្រ្តអ្នកស្រីវិជ្ជនី តែចំពោះតារាវិញដូចជានៅរឹងៗបន្តិច។ អ្នកស្រីបានចាកចេញពីបន្ទប់ ចំណែកតារាវិញមិនបានសម្រាកទេ គេនៅគិតពីហេតុការណ៍ដែលបានកើតឡើងចំពោះគេកាលពីម្សិលមិញ។ គេគិតក្នុងចិត្តថា “តើមូលហេតុអ្វីដែលធ្វើអោយលោកវិសុទ្ធស្អប់ខ្ញុំយ៉ាងនេះ? តើខ្ញុំធ្លាប់ធ្វើអ្វីខុសចំពោះគេមែនទេ? តែខ្ញុំនឹងគេទើបតែស្គាល់គ្នាបានប៉ុន្មានថ្ងែប៉ុណ្ណោះគេហានធ្វើបាបខ្ញុំយ៉ាងនេះ តើខ្ញុំនឹងត្រូវរងអំពើអ្វីខ្លះទៀតពីគេ? ខ្ញុំពិតជាត្រូវទ្រាំរស់នៅទីនេះរហូតមែនទេ? តែបើចាកចេញតើខ្ញុំមានកន្លែងឯណាដែលត្រូវទៅ បើគ្មានសាច់ញាតិម្នាក់ផងនោះ?” សំនួរជាច្រើនដែលតារាបានចោទសួរខ្លួនឯង តែសំនួរទាំងនោះគឺគ្មានអ្នកណាអាចឆ្លើយសម្រាប់តារាបានឡើយ មានតែវាសនាទេដែលដឹង។ ដោយភាពហត់នឿយផងនោះតារាក៏បិទភ្នែកសម្ងំគេងលក់ទៅ។
ម៉ោងប្រមាណ១២ថ្ងៃត្រង់វិសុទ្ធបានត្រឡប់មកផ្ទះវិញ។ អ្នកស្រីវិជ្ជនីបានឃើញវិសុទ្ធដើរតម្រង់ទៅកាន់បន្ទប់របស់គេយ៉ាងលឿន ឃើញដូចនេះអ្នកស្រីវិជ្ជនីមានដើរទៅតាមវិសុទ្ធពីក្រោយ។ ទៅដល់មុខបន្ទប់រៀបនិងបើទ្វា អ្នកស្រីបាននិយាយទៅកាន់វិសុទ្ធ:
-វិសុទ្ធ ឈប់សិនកូន ម៉ាក់មានរឿងខ្លះចង់និយាយជាមួយកូន តោះចូលបន្ទប់ទៅ។
-តែខ្ញុំគ្មានរឿងអីនិយាយជាមួយម៉ាក់ទេ។ ខ្ញុំត្រូវការសម្រាក សូមម៉ាក់កុំមករំខានខ្ញុំ។
វិសុទ្ធបានបើកទ្វានិងដើរចូលទៅ។ ចំណែកអ្នកស្រីវិជ្ជនីក៏បានចូលទៅតាមដែរ។ ទៅដល់បន្ទប់វិសុទ្ធបានប្រាស់ខ្លួនទៅលើគ្រែ ឯអ្នកស្រីវិជ្ជនីបានទៅអង្គុយនៅជិតនោះ។
-វិសុទ្ធ ម៉ាក់ពិតជាសុំទោសដែលម៉ាក់បណ្តោយអោយកូនក្លាយជាបែបនេះ។ ដំបូងម៉ាក់គិតថា ម៉ាក់នឹងខិតខំយ៉ាងណាដើម្បីរកលុយអោយបានច្រើនដើម្បីផ្គត់ផ្គង់កូនប្រុសម៉ាក់មិនអោយខ្វះខាតឡើយ។ កូនចង់បានឡាន ម៉ាក់ទិញឡានអោយ កូនចង់បានទូរស័ព្ទទំនើប របស់ប្រើប្រាស់ទំនើបទាន់សម័យ រៀននៅសាលាដែលថ្លៃ គឺម៉ាក់អាចបំពេញបំណងអោយកូនប្រុសម៉ាក់បាន។ ម៉ាក់ពិតជាឈ្លក់វង្វែងនឹងការងារ ភ្លេចខ្វល់ពីទឹកចិត្តកូន ម៉ាក់មិនបានបំពេញនូវភាពកក់ក្តៅខាងក្នុងនៃបេះដូងកូន។ អោយម៉ាក់សុំទោស ម៉ាក់សន្យាថាម៉ាក់នឹងបំពេញនូវចំណុចខ្វះខាតនានាតបស្នងទៅកូនវិញ។កូនដឹងទេយប់មិញគេត្រូវគេងហាលភ្លៀងមួយយប់ដោយអត់អាហារក្នុងក្រពះតាំងពីព្រឹករហូតដល់យប់ ហើយត្រូវបានប៉ូលីសនាំយកទៅប៉ុស្តិ៍ប៉ូលីសទៀត គង់តែម៉ាក់ទៅជួបគេនៅទីនោះមិនដឹងជាយ៉ាងណានោះទេ។ កូនធ្វើដាក់គេបែបនេះដូចជាជ្រុលពេក កុំអោយមានរឿននេះកើតឡើងទៀតណាកូន។ តារាជាក្មេងល្អណាស់កូនធ្វើបាបគេប៉ុណ្ណឹងហើយ គេនៅមិនប្រកាន់ទោសអូសដំណើរនឹងកូនទៀត។ គេជាក្មេងកម្ររកបានណាស់ ម៉ាក់មើលមនុស្សមិនខុសទេ ម្យ៉ាងទៀតគេជាមនុស្សមានអធ្យាស្រ័យល្អកាត់ទៅរកប៉ាម៉ាក់គេ។ ហើយកូនកុំបារម្ភថា សេចក្តីស្រឡាញ់ដែលអ្នកម៉ាក់មានចំពោះកូនត្រូវបែងចែកទៅតារាអោយសោះ។ ម៉ាក់នៅតែស្រឡាញ់កូនដូចដើម គ្មានថ្ងៃប្រែ ឯតារាម៉ាក់ក៏ស្រឡាញ់រូបគេដូចជាកូនម៉ាក់ម្នាក់ដែរ។ ថ្ងៃច័ន្ទសប្តាហ៍នេះកូនត្រូវនាំតារាទៅសាលា ហើយត្រូវចេះស្រឡាញ់និង មើលថែគ្នា។ ម៉ាក់ស្គាល់វិសុទ្ធកូនម៉ាក់ច្បាស់ណាស់ គេគឺជាកូនល្អ គ្មានចិត្តសាហាវ គ្មានធម្មមេត្តានោះទេ។ ទោះបីខាងក្រៅគេបញ្ចេញអោយឃើញនូវក្រញ៉ាំខ្លាដ៏សាហាវ តែធាតុពិតនៅខាងក្នុងគេជាកូនទន្សាយមួយដ៏គូរអោយស្រឡាញ់។ អារម្មណ៍របស់គេខុសដាច់ស្រឡះនឹងទង្វើ និង សម្តីដែលចេញមកក្រៅ។ ម៉ាក់សង្ឃឹមថាកូននឹងយល់ពីអ្វីដែលម៉ាក់បាននិយាយ។ អញ្ចឹងគេងចុះម៉ាក់ឈប់រំខានហើយ គេងអោយស្កប់ស្កល់ណាកូន។
វិសុទ្ធធ្វើជាគេងលក់នៅពេលដែលអ្នកស្រីវិជ្ជនីកំពុងនិយាយ ហើយអ្នកស្រីក៏ដឹងថាវិសុទ្ធមិនទាន់គេងលក់ដែរ។ នៅពេលដែលអ្នកស្រីវិជ្ជនីបាននិយាយរៀបរាប់ពីតារាដំបូងវិសុទ្ធមានអារម្មណ៍ថាខឹងនិងម៉ាក់គេដែរ តែដល់ពីគិតយូរទៅក៏មានអារម្មណ៍ថាខ្លួនពិតជាបានប្រព្រឹត្តនូវអំពើមិនគាប់បីមែន។ តែគេនៅតែមានអាម្មណ៍មួយនៅគិតចង់ធ្វើបាបតារាដដែល។
-វិសុទ្ធ “ចាំមើលអាក្មេងស្រុកស្រែហ្នឹងវាពូកែប៉ុណ្ណា? យើងនិងធ្វើអោយឯងស្គាល់លោកប្រុសតូចវិសុទ្ធថាជាអ្នកណា?”
ថ្ងៃវិស្សមកាលបានមកដល់ ព្រលឹមស្រាងៗតារាបានរៀបចំខ្លួនជាស្រេចសម្រាប់ការចូលរៀនថ្ងៃដមបូង។ បន្ទាប់ពីរៀបចំខ្លួនរួចស្រេច គេបានចុះមកក្រោយនិងចូលទៅកាន់ផ្ទះបាយ។ នៅក្នុងផ្ទះបាយតារាបានឃើញមីងសយកំពុងតែចំអិនអាហារពេលព្រឹក។ តារាដើរចៅលដោយថ្នមៗ កែវភ្នែកតម្រង់ទៅកាន់មីងសយ។
-មីង កំពុងធ្វើអីហ្នឹង? មានអីអោយខ្ញុំជួយធ្វើ?
-អូ លោកប្រុសតូចតារាទេហ្អ? ស្មានថាអ្នកណា ចាស ខ្ញុំកំពុងតែបបរត្រីលោកស្រី ជាពិសេសលោកប្រុសតូចវិសុទ្ធចូលចិត្តណាស់។ លោកប្រុសតូចតារាចេះការងារបែបហ្នឹងដែរ?
-បាទ បាទ ខ្ញុំចេះតិចតួចដែរ អាចធ្វើសម្រាប់ខ្លួនឯងកើត តែមិនប្រសប់ទេ។
និយាយផងដៃចេះតែជួយជូតចាន និង រៀបចំតុអាហារ។ កំពុងតែរៀបចំដូសដាក់ចានអ្នកស្រីវិជ្ជនីក៏មកដល់ ឃើញតារានៅទីនោះគាត់មានរម្មណ៍ដូចជាភ្ញាក់ផ្អើលបន្តិចដែរ។
-តារា ម៉េចក៏ក្រោកលឿនម៉េសកូន? គេចាប់ផ្តើមចូលរៀននៅម៉ោង៨ ឯណោះ។
-បាទ មិនអីទេអ្នកម៉ាក់វាជាទម្លាប់ខ្ញុំទៅហើយ។
-ចុះវិសុទ្ធគេមិនទាន់ចុះមកទេ? មីងសយជួយទៅហៅកូនវិសុទ្ធអោយចុះមក នឹងញ៉ាំអាហារពេលព្រឹកទាំងអស់គ្នា។
-មិនបាច់ទេម៉ាក់ខ្ញុំមកដល់ហើយ ហើយខ្ញុំក៏អត់ចង់ញ៉ាំដែរ ចាំនៅញ៉ាំជាមួយមិត្តភក្តិ។ (វិសុទ្ធបានមកដល់និងនិយាយាទៅកាន់អ្នកស្រីវិជ្ជនី)។
-មីងសយ: តែព្រឹកនេះមានបបរត្រីដែលលោកប្រុសតូចចូលចិត្តណា។
វិសុទ្ធមិននិយាយអ្វីទាំងអស់ គេគ្រាន់តែដើរចេញទៅយ៉ាងលឿន ព្រមទាំងសម្លក់ទៅតារា។ ឯតារាក៏ចេះតែអោនមុខចុះ ព្រោះដឹងថាវិសុទ្ធមិនសូវជាពេញចិត្តនឹងការបរិភោគអាហារពេលព្រឹកជាមួយគេនោះទេ។ ឯអ្នកស្រីវិជ្ជនីបានត្រឹមតែគ្រវីក្បាលដែលនេះគឺជាទម្លាប់របស់គាត់ទៅហើយ។ គាត់បានដើរតាមក្រោយវិសុទ្ធ ឯតារាក៏ដើរតាមក្រោយដែរ ពូឈឿនបានចតឡានវិសុទ្ធនៅមុខផ្ទះរួចជាស្រេច។ វិសុទ្ធបានដើរចូលទៅចាំក្នុងឡានដោយប្រើទឹកមុខមាំ អ្នកស្រីវិជ្ជនីបានអោយតារាឡើងចូលឡានជាមួយនឹងវិសុទ្ធ។
-ត្រូវចេះមើលថែទាំងគ្នាណាកូន។ បើកឡានអោយប្រយ័ត្នប្រយែង កុំបើកលឿនពេក ហើយកុំភ្លេចញ៉ាំអាហារពេលព្រឹកផង។
តារាបានសំពះលាអ្នកស្រីវិជ្ជនី និង មីងសយ។ រថយន្តវិសុទ្ធបានបើកចេញទៅយ៉ាងលឿន។ វិសុទ្ធមើលមុខតារា ឯតារាក៏ក្រឡេកមើលមុខវិសុទ្ធ ពួកគេទាំងពីរនាក់គ្មានបាននិយាយអ្វីឡើយ។
មិនបានប៉ុន្មានផងរថយន្តវិសុទ្ធបានទៅដល់សកលវិទ្យាល័យ។ សកលវិទ្យាល័យនេះជាសកលវិទ្យាល័យលំដាប់អន្តរជាតិ ដែលមានតែកូនអ្នកដែលមានទ្រព្យសម្បត្តិនិងជនបរទេសទេដែលមករៀននៅទីនេះ។ គ្រាន់តែរថយន្តចតភ្លាម មានមិត្តភក្តិវិសុទ្ធជាច្រើនមានប្រុសមានស្រីបានមកស្វាគមន៍វិសុទ្ធ។ ដោយអ្នកខ្លះមានសក់វែង ខ្លះសក់ខ្លី ជាប្រុសតែពាក់ក្រវិល ខ្លះលេងស្ទាយស៍កូរ៉េ ឯខ្លះទៀតលេងស្ទាយស៍តាមបែបអឺរ៉ុប ពិតជាសាលាអន្តរជាតិមែន។ បើមើលពីសភាពខាងក្រៅគេប្រាកដជាគិតថាវិសុទ្ធជាសិស្សដែលមានគេរាប់អានច្រើណាស់ តែតាមពិតគេមានមិត្តភក្តិតែប៉ុន្មាននាក់ទេ ពួកគេសុទ្ធតែជាកូនមន្រ្តីធំៗ និង អ្នកជំនួញលំដាប់កំពូលនៅក្នុងប្រទេស។ ឯមនុស្សមួយចំនួនដែលនៅជុំវិញគេគ្រាន់តែជាអ្នកដែលសុំអាស្រ័យ តោងជើងខោតែប៉ុណ្ណោះ។ វិសុទ្ធក៏មិនមែនជាសិស្សពូកែដែរ គេមិនសូវជាចូលរៀនឡើយ គេតែងតែយកម៉ោងសិក្សាទៅដើរលែងជាមួយមិត្តភក្តិគេ។ មិត្តភក្តិជាច្រើនបានសួរនាំអំពីប្រវត្តិតារា ថាតើតារាជាអ្នកណា? តែវិសុទ្ធមិនដែលនិយាយឡើយ គេគ្រាន់តែនិយាយថាជាអ្នកស្នាក់អាស្រ័យជាមួយ។
បន្ទាប់ពីចូលរៀនថ្ងៃដំបូងតារាតែងតែត្រូវវិសុទ្ធធ្វើបាប។ វិសុទ្ធតែងតែអោយតារាចុះដើរនៅពាក់កណ្តាលផ្លូវដោយយកលេសថា គេត្រូវទៅយកសង្សារ ឬ ក៏មិត្តភក្តិគេ។ ថ្ងៃមួយគេបានយកលេសដោយប្រាប់ថាឡានខូច ដោយអោយតារារុញឡានជាច្រើនរយមែត្រទើបបញ្ឆះម៉ាស៊ីនឡាន។ គេមានការសប្បាយរីករាយនៅពេលដែលបានធ្វើបែបនោះ។ ចំពោះតារាវិញគេនៅតែអត់ទ្រាំ ខាំមាត់សង្កត់ចិត្តជានិច្ចដោយគិតក្នុងចិត្តថា នឹងពុះពារដើម្បីចំណេះដឹង និងក្តីស្រមៃចុងក្រោយរបស់ម៉ាក់ប៉ារបស់គេ។ ថ្ងៃមួយតារាបានកញ្ចប់ថ្នាំញៀនមួយកញ្ចប់នៅក្នុងឡានវិសុទ្ធដែលក្នុងនោះមានថ្នាំចំនួន៥គ្រាប់។ តារាចាប់ផ្តើងសង្ស័យថាវិសុទ្ធប្រើប្រាស់គ្រឿងញៀន ចាប់តាំងពីពេលនោះមកគេតែងតែតាមដានគ្រប់សកម្មភាពរបស់វិសុទ្ធដោយមិនអោយវិសុទ្ធបានដឹងខ្លួនឡើយ។
នៅពេលនោះវិសុទ្ធកំពុងតែងប់ងល់និងគ្រឿងញៀនខ្លាំងមែនទែនហើយ។ គេឈប់ទៅរៀនសោះតែម្តង ហើយតែងតែគម្រាមតារាមិនអោយប្រាប់អ្នកស្រីវិជ្ជនីឡើយ។ បើហ៊ានតែលឺដល់អ្នកស្រីវីជ្ជនីគេនឹងសម្លាប់តារាចោល។ ការគម្រាមបែមនេះមិនបានធ្វើអោយតារាមានការព្រួយបារម្ភ ឬ ភ័យខ្លាចអ្វីឡើយ តែផ្ទុយទៅវិញគេបែបជាអាណិតវិសុទ្ធទៅវិញ។ គេតែងតែព្យាយាមចូលជិតវិសុទ្ធ ចំណែកវិសុទ្ធតែងតែរុញច្រានតារាអោយទៅឆ្ងាយពីគេ តារាតែងតែបានឃើញវិសុទ្ធត្រូវថ្នាំធ្វើទុក្ខជាញយដង ពេលខ្លះគេថែមទាំងឈប់ឡានចាក់បញ្ចូលថ្នាំនៅក្នុងសាច់កំឡុងពេលដែលបើកឡានជូនតារាទៅផ្ទះ និង ទៅសាលាក៏មាន។ នៅពេលនោះភាពខ្មាស់អៀន ភ័យខ្លាចបានបាត់បង់គ្មានសេសសល់នៅក្នុងខ្លួនវិសុទ្ធ។ ដោយការអាណិត និង ស្រឡាញ់ចំពោះវិសុទ្ធ តារាមានបំណងនិងពន្យល់ប្រាប់វិសុទ្ធអោយឈប់ប្រើប្រាស់គ្រឿងញៀន។ ថ្ងៃមួយតារាបានគោះទ្វាបន្ទប់វិសុទ្ធក្នុងគោលបំណងយកសំបុត្រដែលនាយកសាលាផ្ញើអោយវិសុទ្ធ តែទោះជាគោះយ៉ាងណាក៏វិសុទ្ធមិនបើកទ្វាដែរ។ ដោយឃើញបែបនេះតារាបានសម្រេចបើកទ្វាចូល នៅពេលចូលទៅដល់បនទប់ សភាពបន្ទប់ហាក់បីដូចជាមានអ្នកណារុះរើ ពីមួយជំហានទៅមួយជំហាន តារាដើរដោយប្រុងប្រយ័ត្ន។ អ្វីដែលតារាបានឃើញនោះគឺបុរសដែលតែងតែរឹងមាំ បែបជាមានសភាពភ័យខ្លាច ខ្លួនប្រាណទាំងមូលញ័រកន្រ្តាក់បីដូចជាកូនមាន់ធ្លាក់ទឹក។ តារាបានដើរចូលទៅជិតវិសុទ្ធ គេលូកដៃថ្នមៗទៅចាប់ដៃវិសុទ្ធ ដែលវិសុទ្ធពេលនោះកំពុងតែអង្គុយអោបក្បាលជង្គុងញ័រនៅគៀនគ្រែ។
-វិសុទ្ធ ហេតុអ្វីបានជាលោកប្រុសក្លាយខ្លួនដល់ថ្នាក់ហ្នឹង? ហេតុអ្វីបណ្តោយអោយថ្នាំញៀនអូសទាញលោកបាន? ឈប់ទៅណា បើមិនអាណិតខ្លួនឯងទេ អាណិតអ្នកម៉ាក់លោកផងគាត់ខិត្ខំរាល់ថ្ងៃដើម្បីតែកូនតែម្នាក់របស់គាត់ គឺលោក។ សូមកុំធ្វើអោយគាត់អស់សង្ឃឹមដោយសារលោក អនាគតលោកនៅវែងឆ្ងាយណាស់ កុំបញ្ចប់វាត្រឹមហ្នឹងអោយសោះ។
វិសុទ្ធមិនបានស្តាប់សម្តីតារាឡើយ សម្តីទាំងប៉ុន្មានបានចូលត្រចៀកខាងឆ្វេង និង ចេញទៅវិញខាងស្តាំ។
-ចេញ ចេញ ចេញទៅ ចេញអោយឆ្ងាយពីយើងទៅ យើងមិនចង់ស្តាប់អ្វីទាំងអស់។
វិសុទ្ធបានស្រែកសន្ធាប់ទៅកាន់តារា ដើម្បីអោយតារាចេញ។ តែតារានៅតែមិនចេញ ព្រមទាំងកញ្ឆក់យកសារ៉ាំង និង ថ្នាំដែលវិសុទ្ធបានកាន់នៅនិងដៃ។ ការប្រទាញប្រទង់ចាប់ផ្តើមកើតមានឡើង ដោយម្នាក់ៗបញ្ចេញនូវថាមពលអស់ពីខ្លួន។ ដោយទាញមិនឈ្នះតារា វិសុទ្ធបានស្ទុះទៅដាល់តារាមួយដៃ ដែលធ្វើអោយតារាដួលទៅនិងឥដ្ឋ ឈាមហូចេញពីមាត់។ វិសុទ្ធបានបង្អាក់សម្មភាពប្រមាណ៣០វិនាទី ដោយឈរស្រឡាំងកាំងដោយមើលឃើញតារាហូរឈាមចេញពីមាត់ តែគេក៏កញ្ឆក់ថ្នាំនិង សារ៉ាំងពីតារានឹងបានរត់ចេញពីក្រៅបន្ទប់បើករថយន្តចេញបាត់ទៅ។ បន្ទាប់ពីវិសុទ្ធចាកចេញទៅ មីងសយបានមកដល់ ហើយអ្នកស្រីវិជ្ជនីក៏បានមកដល់តាមក្រោយ។
-តារា តើមានរឿងអ្វីកើតឡើង កូន?
អ្នកស្រីវិជ្ជនីបានស្រែកសួរតារាទាំងសម្លេងតក់ស្លត់ និង បានស្ទុះទៅគ្រៀរលើកតារាអោយអង្គុយទៅលើគ្រែ។ ចំណែកតារាក៏បានប្រាប់រឿងរ៉ាវទាំងប៉ុន្មានទៅកាន់អ្នកស្រីវិជ្ជនី ដោយទប់ស្មារតី និង ទ្រាំទ្រនឹងរឿងនេះមិនបានអ្នកស្រីវិជ្ជនីក៏បានដួលសន្លប់នៅពេលនោះទៅ។
ថ្លែងពីវិសុទ្ធម្តង ក្រោយពីបានចាកចេញពីផ្ទះគេបានទៅរកមិត្តភក្តិរបស់គេដែលបាននាំគ្នារស់នៅជាក្រុម។ ប្រាកដណាស់ពេលនេះវិសុទ្ធ គេបានក្លាយខ្លួនទៅជាសមាជិកនៃជនក្រៅសង្គម និង ជាជនរងគ្រោះម្នាក់ដោយសារឥទ្ធិពលនៃគ្រឿងញៀន។ ជាដំបូងវិសុទ្ធបានដកប្រាក់ពីគណនេយ្យធនាគាររបស់គេគ្មានសេសសល់សូម្បីមួយសេន។ សម្ភារះដែលមាននៅជាប់នឹងខ្លួនទាំងប៉ុន្មានដែលរួមមាន ចិញ្ជៀនពេជ្រ ខ្សែដៃ ខ្សែក នាឡិកា ទូរស័ព្ទ និង រថយន្តត្រូវបានវិសុទ្ធនឹងមិត្តភក្តិគេលក់ជាបន្តបន្ទាប់រហូតអស់ពីខ្លួន។ ពេលនេះវិសុទ្ធនៅសល់តែខ្លួនទេ រូបរាងកាយចុះស្គមយ៉ាងខ្លាំង ភ្នែកគេឡើងរូងទៅក្នុង ស្បែកដែលធ្លាប់ស្រស់ថ្លាបែប្រែជាអាប់ស្រពោនគ្មានទឹកដម សម្លៀកបំពាក់ដែលធ្លាប់តែស្លៀកមានរបៀបរៀបរយបែទៅជាស្លៀកសម្លៀកបំពាក់ដែលហាក់បីដូចជាជនអនាថា។ នៅពេលអស់លុយអ្វីៗក៏ប្រែប្រួលដែរ មិត្តភក្តិវិសុទ្ធចាប់ផ្តើមសុះអង្គើយនឹងវិសុទ្ធ អស់លុយ គឺអស់ថ្នាំ ពាក្យនេះគឺជាអ្វីដែលវិសុទ្ធទទួលបានពីមិត្តភក្តិរបស់គេ។ ជម្លោះរវាងពាក្យសម្តីនិងកម្លាំងបានកើតមានឡើងជារើយៗស្ទើរតែរាល់ថ្ងៃ វិសុទ្ធចង់វិលត្រឡប់ទៅកាន់ផ្ទះវិញតែគេមិនហ៊ាន ថ្ងៃមួយគេបានសម្រេចចិត្តទៅផ្ទះប៉ុន្តែក្នុងគោលបំណងទៅយកលុយ និងទ្រព្យសម្បត្តិមានតម្លៃមកលក់ដើម្បីទិញថ្នាំតែប៉ុណ្ណោះ តែទៅដល់របងទ្វាគេបែជាមិនហ៊ានចូល។
ចំណែកអ្នកស្រីវិជ្ជនីវិញបានខិតខំស្វះស្វែងរកកូនប្រុសតែមួយគ្រប់ច្រក់ល្ហកគ្មានពេលសម្រាក គាត់បានទុកការងារទៅមួយឡែកសិនហើយឈប់ខ្វល់ពីវា។ ចិត្តមួយចង់ប្តឹងប៉ូលីសអោយជួយតែចិត្តមួយទៀតខ្លាចប៉ូលីសចាប់កូន ដូច្នេះហើយជាហេតុធ្វើអោយអ្នកស្រីសម្រេចជួលអ្នកស្វែងរកជាលក្ខណះឯកជន ដោយមិនអោយពាក់ពាន់នឹងផ្លូវច្បាប់។ បាត់វិសុទ្ធអស់ប៉ុន្មានខែពីផ្ទះគឺគ្មានដំណឹងទាល់តែសោះ ទូរស័ព្ទគេក៏ត្រូវបានបិទ ចំណែករថយន្តរបស់គេដែលបំពាក់ដោយប្រព័ន្ធGPSក៏ត្រូវបានវិសុទ្ធលក់បាត់ ដែលជាហេតុធ្វើអោយការស្វែករកវិសុទ្ធមានការលំបាក។ មានថ្ងៃមួយវិសុទ្ធបានcallមកអ្នកស្រីវិជ្ជនីដើម្បីទារប្រាក់ គេបានអោយអ្នកស្រីវិជ្ជនីផ្ទេរប្រាក់ចូលគណនេយ្យធនាគាររបស់គេ តែអ្នកស្រីបានសុំអង្វរកូនអោយវិលត្រឡប់មកវិញលះបងគ្រឿងញៀនទាំងនោះចោលអោយអស់។
-ម៉ាក់ ម៉ាក់ខ្ញុំគឺវិសុទ្ធ នៅពេលនេះខ្ញុំត្រូវការលុយខ្លាំងណាស់សូមម៉ាកផ្ទេរប្រាក់ចូលគណនេយ្យធនាគាររបស់ខ្ញុំចំនួន៥០០០ដុល្លាមកម៉ាក់។
វិសុទ្ធនិយាយដោយសម្លេងញ័រៗស្ទើរតែស្តាប់មិនបាន។ ចំណែកអ្នកស្រីវជ្ជនីគ្រាន់តែដឹងថាវិសុទ្ធcallមកគាត់មានអាម្មណ៍សប្បាយរីករាយជាខ្លាំង។ គ្រាន់តែបានលឺសម្លេង “ម៉ាក់ខ្ញុំគឺវិសុទ្ធ” ទឹកភ្នែកអ្នកម្តាយម្នាក់នេះបានហូរធ្លាក់មកមិនឈប់រកពាក្យអ្វីនឹងតបទៅវិសុទ្ធមិនបាន។
-វិសុទ្ធកូនប្រុសម៉ាក់ ហេតុអ្វីកូនធ្វើបែបនេះ? ម៉ាក់ខិតខំធ្វើការទាំងយប់ទាំងថ្ងៃតើដើម្បីអ្នកណា? អ្វីៗក៏ម៉ាក់អាចអោយកូនបានដែរ តែហេតុអីបានជាកូនមិនមករកម៉ាក់? ត្រឡប់មកផ្ទះវិញមកណាកូន ម៉ាក់មិនខឹងនឹងកូនឡើយ កូនចង់បានអ្វីម៉ាក់ព្រមអោយទាំងអស់ ម៉ាក់នឹងចំណាយពេលអោយបានច្រើនជាងពេលមុនដើម្បីនៅជាមួយកូន ម៉ាក់នឹងធ្វើជាម្តាយដ៏ល្អម្នាក់សម្រាប់វិសុទ្ធកូនតែម្នាក់របស់ម៉ាក់។
-សុំទោសម៉ាក់ខ្ញុំបានជ្រុលខ្លួនហើយ ខ្ញុំមិនអាចត្រឡប់ថយក្រោយបានទេ។
និយាយចប់វិសុទ្ធបានបិទទូរស័ព្ទ ទឹកភ្នែកវិសុទ្ធបានធ្លាក់ចុះមក ដោយសារតែអារម្មណ៍ក្តុកក្តួលចំពោះសម្តីនិងទឹកភ្នែករបស់អ្នកមានគុណនិងបានដឹងនូវកំហុស ទង្វើដែលខ្លួនបានធ្វើខុសកាលពីពេលមុន។ នេះហើយគឺជាឥទ្ធិពលនៃគ្រឿងញៀនដែលធ្វើអោយគ្រួសារមួយជួបនូវបញ្ហាទាំងអស់នេះ។
ចំណែកតារាវិញក៏បានខិតខំស្វះស្វែងរកវិសុទ្ធដែរ គេបានទៅរកគ្រប់ទៅកន្លែងដែលវិសុទ្ធធ្លាប់ទៅ សាកសួរមិត្តភក្តិដែលធ្លាប់រៀនជាមួយវិសុទ្ធតែនៅតែមិនបានឃើញ។ ក្រោយពីបានដឹងដំណឺងថាវិសុទ្ធបានកំពុងតែរស់នៅក្នុងតំបន់អាណាធិបតេយ្យមួយ តារាបានសម្រេចចិត្តcallទៅប្រាប់អ្នកស្រីវជ្ជនីពីទីតាំងដែលវិសុទ្ធកំពុងនៅនិងបានទៅរកវិសុទ្ធដល់ទីនោះ។ នៅពេលដែលបានឈានជើងចូលទៅកាន់ទីនោះតែម្នាក់ឯងតារាមានអារម្មណ៍ភ័យខ្លាច តែគេនៅតែហ៊ានប្រថុយទៅ។ នៅទីនោះមនុស្សម្នាបានក្រឡេកមកមើលតារាហាក់បីដូចជាមនុស្សចំលែក។ មនុស្សនៅទីនោះគេរស់នៅជាក្រុមពេលថ្ងៃគេសម្រាក អ្នកខ្លះក៏លេងល្បែងស៊ីសង ផឹកស្រា និង ប្រើប្រាស់គ្រឿងញៀន។ ហើយនៅពេលយប់គេចែកជើងគ្នាទៅរកស៊ីរៀងៗខ្លួន។ តារាបានដើរជាមួយក្មេងប្រុសម្នាក់អាយុ៧ឆ្នាំដែលជាអ្នកនាំផ្លូវ ពួកគេបានចូលតាមច្រកមួយដើម្បីទៅកាន់កន្លែងដែលវិសុទ្ធស្នាក់នៅ។ ក្មេងប្រុសតូចបានចង្អុលប្រាប់តារានូវកន្លែងនោះពេលជិតទៅដល់ដោយក្មេងនោះមិនហ៊ានទៅទេ គឺអោយតារាទៅតែម្នាក់ឯង។ តារាបានដើរទៅទីនោះពេលជិតទៅដល់ តារាបានលឺសម្លេងឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង តារាបានស្គាល់យ៉ាងច្បាស់ថាសម្លេងនោះគឺជាសម្លេងរបស់វិសុទ្ធ គេបានស្ទុះទៅយ៉ាងលឿន។ នៅពេលទៅដល់តារាបានឃើញវិសុទ្ធកំពុងតែប្រវ៉ាយប្រតប់ជាមួយបុរសម្នាក់ ដែលតារាក៏បានស្គាល់ដែរថាជាមិត្តភក្តិវិសុទ្ធ គេឈ្មោះសីហា។ សីហា និង វិសុទ្ធបានបើកឆាកឈុតប្រយុទ្ធគ្នាយ៉ាងពេញទំហឹង ដោយពួកគេវាយគ្នាដោយដៃទៅមកទៅមក។ តារាបានចូលទៅឃាត់ តែឃាត់មិនឈ្នះឡើយ សីហាកញ្ឆក់បានដំបងមួយយារសំដៅទៅកាន់វិសុទ្ធ ដោយឃើញបែបនេះតារាបានផ្តួលខ្លួនទៅរងជំនួសវិសុទ្ធ។ ផាំង!សម្លេងនេះបានលឺឡើងក្រោយពេលដែលតារាយកខ្លួនទៅពាំងវិសុទ្ធ ឈាមបានហូរស្រោចពេញក្បាលតារា និង ដៃវិសុទ្ធ។ ពេលនោះតារាបានសន្លប់បាត់បងស្មារតីទៅហើយ ចំណែកវិសុទ្ធមានការតក់ស្លុតជាខ្លាំង ដៃគេទាំងពីរបានអោបនិងខ្ទប់ក្បាលតារា ហើយមាត់ហៅឈ្មោះតារារហូត។ ឯសីហា ដោយបានឃើញនូវសភាពតារាបែបនេះគេក៏បានរត់ចាក់ចេញពីទីនោះទៅ។ ក្រោយសីហាចាកចេញ អ្នកស្រីវិជ្ជនី និង ពូឈឿនបានមកដល់ ពួកគេមានការរន្ធត់និងតក់ស្លុតឥតឧបមាដោយសារតែឃើញហូរជោគទាងខ្លួន និង នៅលើកំរាលឥដ្ឋ។
-អ្នកស្រីវិជ្ជនី: វិសុទ្ធ តារាមានរឿងអីកើតឡើងកូន? ហេតុអ្វីក៏ឈាមច្រើនយ៉ាងនេះ?
-ពូឈឿន: កុំទាន់សួរច្រើនអ្នកស្រី ពេលនេះយើងឆាប់នាំយកអ្នកប្រុសតូចតារាទៅកាន់មន្ទីរពេទ្យទៅ។
តារាស្ទុះងើបឡើង ឯពួឈឿនក៏បានជួយលើកតារាដាក់ទៅលើខ្នងវិសុទ្ធ។ វិសុទ្ធបានអ៊ៀវតារាសំដៅទៅកាន់រថយន្តដែលចតនៅចាំ។ ដោយសារតែកម្លាំងនៃការភ័យខ្លាចបានធ្វើអោយអ្នកប្រុសកម្លោះវិសុទ្ធដែលពេលនោះមានរូបរាងស្គមមានតែស្បែកដណ្ដប់ឆ្អឹងមានកម្លាំងអ៊ៀវតារាដោយគ្មានដឹងថាធ្ងន់បន្តិចឡើយ។ ឈាមបានហូរមកជោគខ្នងរបស់វិសុទ្ធ ចំណែកអ្នកស្រីវិជ្ជនីបានរត់យំពីក្រោយវិសុទ្ធ ទិដ្ឋភាពពេលនោះគួរអោយខ្លោចផ្សារជាទីបំផុត។
តើមានអ្នកណាដឹងថាតើវិសុទ្ធមានអារម្មណ៍យ៉ាងណានៅពេលដែលមនុស្សដែលខ្លួនតែធ្វើបានគ្មានថ្ងៃស្រាកស្រាន្តយកក្បាលមករងជំនួសគេបែបនេះ? ហើយហេតុអ្វីបានជាតារាហ៊ានលះបងបែបនេះចំពោះមនុស្សដែលតែងតែធ្វើបាបខ្លួននោះ? ហើយតើរបួសរបស់តារាមានសភាពធ្ងន់ធ្ងរយ៉ាងណា? តើវិសុទ្ធអាចផ្តាច់គ្រឿនញៀនបានទេ? បើបានតើដោយវិធីណា?
សូមរងចាំអាននៅភាគទី៤ជាបន្តទៀតណា សង្ឃឹមថាអ្នកទាំងអស់គ្នានឹងជួយគាំទ្រ។ បើមើលឃើញនូវចំណុចខ្វះខាតសូមជួយកែតម្រូវ។ អរគុណសម្រាប់ការយកចិត្តទុកដាក់ក្នុងការអាន។

No comments:

Post a Comment