Breaking

Saturday, June 9, 2018

រឿង វាសនា (ភាគ៦)

រឿង វាសនា
(ភាគ៦)
និពន្ធដោយ . Rainy Son

#Khmer_Novel-69


កាលពីភាគមុនមិត្តអ្នកអានទាំងអស់គ្នាបានដឹងរួចមកហើយថា ស្នេហារវាងអ្នកកម្លោះវិសុទ្ធ និង តារា ត្រូវបានបើកចំហអោយដឹងដល់ក្រុមគ្រួសារនឹងមនុស្សគ្រប់គ្នាដែលនៅក្នុងផ្ទះអ្នកស្រីវិជ្ជនី។ ពួកគេក៏សម្រេចចិត្តដើរចាកចេញពីផ្ទះទៅរស់នៅឯផ្ទះពូឈឿនដែលនៅឯមាត់សមុទ្រ ដោយពួកគេធ្វើដំណើរនិងចាកចេញទៅទាំងយប់។
ម៉ោងប្រមាណជា១២យប់ទៅហើយ ជាពេលដែលយប់គ្រប់គ្នាកំពុងដែលលង់លក់ទៅហើយ។ ទីក្រុងដែលធ្លាប់តែមមារញឺកនិងកកស្ទះចរាចរណ៍ ប្រែទៅជាស្ងប់ស្ងាត់មិនត្រូវមានចរាចរណ៍ឡើយ។ រថយន្តក្រុងបានចេញដំណើរទៅកាត់ស្បៃអន្ធកាល វិសុទ្ធ និងតារាអង្គុយនៅកៅអីខាងក្រោយ។ ពួកគេកាន់ដៃគ្នារហូត ចំណែកឯភ្នែកតារាចេះតែសម្លឹងមើ់លទៅដួងព្រះច័ន្ទដែលរះនៅឯលើវេហាដ៏ខ្ពស់ឈោងចាប់មិនដល់ តែព្រះច័ន្ទនៅតែរត់តាមរថយន្តក្រុងជានិច្ចដោយម្តងនៅពីក្រោយ ហើយម្តងនៅពីមុខ និង ពីចំហៀង។ តារាចេះតែគិតពីដំណើរជីវិតរបស់គេ និង វិសុទ្ធចំពោះបញ្ហាដែលកំពុងតែកើតឡើង និង ត្រូវកើតឡើងនៅពេលខាងមុខ។ ដោយយល់ពីអារម្មណ៍និងការគិតរបស់តារា វិសុទ្ធបានយកដៃអង្អែលក្បាលតារា និង ទាញក្បាលតារាអោយផ្អែកមកលើស្មារបស់គេ។ ក្បាលតារាបានកើយទៅលើស្មាដ៏សែនកក់ក្តៅ ដើមទ្រូងនិងបេះដូងដ៏បរិសុទ្ធរបស់វិសុទ្ធ ឯរូបកាយត្រូវបានទទួលភាពកក់ក្តៅដែលចេញពីរង្វង់ដៃទាំងពីរដែលអោបយ៉ាងណែនរបស់វិសុទ្ធ។ ចំពោះវិសុទ្ធវិញ គេហាក់ដូចជាគ្មានសេចក្តីសោកស្តាយ ឬ ក៏ព្រួយបារម្ភចំពោះការសម្រេចចិត្តរបស់គេឡើយ។ តែគេបែជាមានអារម្មណ៍មួយថា គេកាន់តែមានសេរីភាព ភាពកក់ក្តៅ និង ការជឿជាក់ចំពោះស្នេហារបស់គេ។ ហើយគេគិតថា ការជ្រើសរើសផ្លូវដើរមួយនេះពិតជាត្រឹមត្រូវបំផុតសម្រាប់រូបគេ។
រថយន្តក្រុងបានធ្វើដំណើរឆ្លងកាត់ពីខេត្តក្រុងមួយទៅកាន់ខេត្តក្រុងមួយទៀត។ ចំណែកឯអ្នកដំណើរក៏បានដេកលង់លក់គ្នាសល់ម្នាក់។ ចំណែកអ្នកកម្លោះយើងទាំងពីរគេងអោបគ្នាយ៉ាងជាប់ ព្រមជាមួយនឹងកាសស្តាប់ចម្រៀងម្ខាងម្នាក់នៅជាប់នឹងត្រចៀក ដែលគេបានដឹងច្បាស់ថាពួកគេកំពុងតែស្តាប់បទ Tonight, I celebrate my love របស់ Peabo Bryson & Roberta Flackនិង បទចម្រៀងមួយបទទៀតគឺ The power of love ដែលច្រៀងដោយ Celine Dion។ បទទាំងពីរនេះគឺជាបទដែលពួកគេតែតែស្លាប់ ពួកគេពិតជាចូលចិត្តបទនេះខ្លាំងណាស់ ហើយបទនេះដែរ ដែលបំពេរអោយពួកគេគេងលក់យ៉ាងស្កប់ស្កល់ព្រមទាំងបំភ្លេចនូវទុកកង្វល់ទាំងឡាយដែលកំពុងតែកើតមានឡើងចំពោះពួកគេ ក៏ដូចជាការហត់នឿយទាំងឡាយដែលបៀតបៀនលើរូបរាងកាយ និង បេះដូងរបស់ពួគគេអោយរសាត់ឆ្ងាយពីពួកគេដែរ។
ដោយសារតែដំណើរផ្លាស់ប្តូរនៃធម្មជាតិបានធ្វើអោយព្រះចន្ទដែលបានបញ្ចេញពន្លឺដ៏ស្រទន់សម្រាប់បំភ្លឺដល់ភពផែនដីនិងមនុស្ស សត្វទាំងអស់ ក្នុងរយះពេលមួយយប់នោះបានរំកិលខ្លួនបន្តិចម្តងៗទៅសម្ងំពួននៅនឹងប្រជុំភ្នំ ដែលធ្វើអោយព្រះអាទិត្យបានបង្ហាញខ្លួន និង ផុសចេញពីផ្ទៃទឹកសមុទ្របន្តិតម្តងៗ ដើម្បីបំភ្លឺផែនដីជំនួសព្រះចន្ទម្តង។ សូរ្យសែង និង កំដៅនៃព្រះទិនករបានធ្វើអោយអ្នកដំណើរមួយចំនួនភ្ញាក់ពីដំណេក តែក៏មានអ្នកខ្លះនៅតែលង់លក់នៅឡើយដែរ។ នៅក្នុងចំណោមអ្នកដែលមិនទាន់ក្រោកពីគេងក៏មានតារា និង វិសុទ្ធដែរ។ ម៉ោងប្រហែលជា៧ ព្រឺករថយន្តក្រុងបានទៅដល់ចំណត វិសុទ្ធ និង តារាទើបតែបើភ្នែកភ្ញាក់ពីគេង ពួកគេហាក់បីដូចជាភ្ញាក់ខ្លួននៅពេលដែលបើកភ្នែកឡើងមានភ្នែកជាច្រើនបានបាញ់មករកពួកគេទាំងពីរនាក់ដោយក្រសែភ្នែកចម្លែក ដោយការសម្លឹងនោះក្នុងន័យមួយចង់បញ្ជាក់ថាពួកគេជាមនុស្សចម្លែកដូច្នេះដែរ។ ការចោលក្រសែភ្នែកពីសំណាក់អ្នកដំណើរមកកាន់តារា និង វិសុទ្ធដោយសារតែពួកគេបានឃើញតារា និង វិសុទ្ធគេងអោបគ្នាដូចជាគូសង្សារឬប្តីប្រពន្ធដែលទើបតែរៀបការរួចហើយធ្វើដំណើរមកក្រេបទឹកឃ្មុំនៅមាត់សមុទ្រ តែពួកគេជាមនុស្សប្រុសដូចគ្នា ដែលជាហេតុដែលធ្វើអោយមានអ្នកដំណើរគ្រប់គ្នាគេចាប់អារម្មណ៍។ ចំណែកតារា និង វិសុទ្ធក៏មានការភ្ញាក់ផ្អើល និង ខ្មាស់អៀនចំពោះការសម្លឹង និង មានអ្នកខ្លះនិយាយថា “ពួកអាខ្ទើយ ស្រីច្រើនសន្ធឹកមិនទៅស្រឡាញ់មកស្រឡាញ់ប្រុសដូចគ្នា។” អ្នកខ្លះគេនិយាយដោយចំអក ហើយអ្នកខ្លះនិយាយជាការលេងសើច។ តែវិសុទ្ធហាក់ដូចជាមិនសូវខ្វល់ គេបានអូសដៃតារាចេញពីរថយន្តក្រុង តំរ៉ងទៅកាន់ទីកន្លែងដែលពូឈឿនបានប្រាប់ដោយថ្មើរជើង ពីព្រោះអី ផ្ទះនោះក៏នៅជិតនោះដែរ ហើយពួកគេក៏ចង់សន្សំការចំណាយផងដែរ។
ធ្វើដំណើរដោយជើងបានប្រមាណជា៣០នាទី តារា និង វិសុទ្ធបានទៅដល់ទីតាំងដែលគេស្វែងរក។ តារា និង វិសុទ្ធពិតជាមានការភ្ញាក់ផ្អើលជាខ្លាំននៅពេលដែលពួកគេបានទៅដល់កន្លែងដែលគេស្វែងរក និង ភ្ញាក់ផ្អើលចំពោះសោភណ្ឌភាពដ៏ស្រស់ស្អាតរបស់ផ្ទះ និង បរិយាយកាសនៅជុំវិញ។ ផ្ទះនោះគឺជាផ្ធះដែលកសាងឡើងនៅសម័យអាណានីគមបារាំង វាជាផ្ទះដែលក៏សាងឡើងសម្រាប់អោយពួកអភិជនបារាំងស្នាក់នៅកំសាន្ត។ តែវាត្រូវបានបោះបង់ចោល រហូតដល់ជិតាពូឈឿនទទួលបានកម្មសិទ្ធរបស់នៅផ្ទះនោះ ដោយសារតែជីតាពូឈឿនគឺជាអ្នកបើកឡានអោយបារាំងនៅសម័យនោះ។ រហូតដល់បារាំងត្រឡប់ទៅស្រុកវិញ ពួកគេក៏ប្រគល់ផ្ទះនោះមកអោយគាត់។ ហើយជីតាពូឈឿនក៏បានចែកផ្ទះនោះមកអោយពូឈឿន តែគាត់មិនបានមករស់នៅឡើយគឺទុកអោយវានៅទំនេរ។ ផ្ទះនោះមានទីតាំងនៅជាប់នឹងមាត់សមុទ្រ។ នៅពីមុខផ្ទះគឺជាសមុទ្រ និង នៅពីក្រោយផ្ទះគឺជាភ្នំ។ តារា និង វិសុទ្ធបានដើរពីឆ្នេរតម្រ៉ងចូលមកផ្ទះ ដើរពីនោះមកពួគគេបានដើរកាត់ឆ្នេរខ្សាច់ដ៏សក្បោះ និង ម៉ត់ទន់ល្មើយ។ បន្ទាប់ពីដើរកាត់លើឆ្នេរខ្សាច់ពួកគេមកដល់មុខផ្ទះនៅកាំជណ្តើរទីមួយដែលមាន៣កាំសម្រាប់ងាយស្រួលចុះទៅកាន់ឆ្នេរ។ នៅក្បែរនោះគេមានដាំដើមដូង និង ស្រស់តម្រៀបជាជួរយ៉ាងល្អ មានដើមដូង៣ទៅ៤ដើមដែលទេរត្រេតទៅរកសមុទ្រដែលជាភាពងាយស្រួលក្នុងការចងអង្រឹងសម្រាកលេង។ បន្ទាប់ពីឡើងផុតដំណាក់ទីមួយគេដើរមកដល់សួនច្បារដែលក្រៀមក្រោះគ្មានសេសសល់អ្វីក្រៅពីស្មៅ តែគេនៅតែស្គាល់ច្បាស់ថានេះជាសួនច្បារ ពីព្រោះតែនៅមានផើងផ្កាដែលនៅសល់ និង កូលាបមួយគុម្ភនៅទីនោះ។ នៅកៀនខាងឆ្វេងនៃផ្ទះមានដើមធុរេនមួយដើមយ៉ាងធំតែវាគ្មានផ្លែទេ មានតែមែកសាខាតែប៉ុណ្ណោះ។ ចំណែកកៀនខាងស្តាំនៃផ្ទះមាន កញ្ចោះអង្គុយលេងតូចមួយតែនៅជិតនោះមានដើមផ្កាចំប៉ីមួយដើមដែលមានផ្ការីកស្កុះស្គាយក្លិនក្រអូបសព្វទិសទី។ ពីមួយជំហានទៅមួយជំហាន នៅលើការ៉ូឡាដែលគេបានរៀបជាផ្លូវដើរនោះពួកគេបានទៅដល់កាំជណ្តើរឡើងផ្ទះដែលមាន៤កាំ ផ្ទះនេះសង់ជាប់និងដីដែលមានកំពស់ពីរជាន់ដែលធ្វើពីថ្មយកគំរូតាមបែបបស្ចឹមប្រទេស។ វិសុទ្ធបានយកសោរដែលពូឈឿនអោយយកមកចាក់បើកទ្វារ ទ្វារបានរបើកពួកគេដើរចូលទៅដោយគ្មានការភ័យខ្លាចអ្វីឡើយ។ ដោយសារតែការទុកចោលយូរឆ្នាំធ្វើអោយនៅលើកំរាលឥដ្ឋពោរពេញទៅដោយធូលីដីនៅជាន់ទីមួយជាបន្ទប់ទទួលភ្ញៀវដែលមានតែសាឡុងដែលធ្វើអំពីផ្តៅមួយតែប៉ុណ្ណោះ។ ពួកគេបានតម្រុងទៅកាន់ជាន់លើក្នុងបំណងស្វែងរកបន្ទប់គេង នៅទីលើមានបន្ទប់គេងចំនួនពីរ និងរាបហាលមួយដែលមានកូនតុអង្គុយលេងសម្រាប់កំសាន្តពេលថ្ងៃលិច និង មើលទឺកសមុទ្រ។ ក្រោយពីបានពិនិត្យគ្រប់ជ្រុងជ្រោយអស់ហើយ ពេលនេះជាពេលដែលពួកគេចាប់ផ្តើមធ្វើពលកម្មហើយ។ ពួកគេបានបែងចែកការងារគ្នាធ្វើដោយតារា សំអាតបន្ទប់ផ្នែកខាងលើ ឯវិសុទ្ធសំអាតផ្នែកខាងក្រោម។ ពួកគេបញ្ចេញកំលាំងអស់ពេញមួយព្រឹក។ ក្រោយពីសំអាតនិងរៀបចំបន្ទប់គេងរួចស្រេចមកតារាក៏ចុះមកជាន់ខាងក្រោម មកដល់ជាន់ខាងក្រោមគេបានឃើញវិសុទ្ធកំពុងតែគេងលក់ស្រួលនៅនឹងសាឡុងផ្តៅដោយសារការអស់កំលាំង។ តារាដើរចូលទៅថ្នមៗ ទៅអង្គុយនៅជិតវិសុទ្ធ តារាសម្លឹងមើលទៅមុខវិសុទ្ធដោយការស្រឡាញ់ អាណិត និង អស់សំណើច។ គេយកដៃទៅអង្អែលលើមុខដ៏គួរអោយស្រឡាញ់ ថ្ងាស់និងសក់របស់វិសុទ្ធថ្នមៗដោយស្នាមញញឺមនិងការពេញចិត្ត។ បន្ទាប់មកគេក៏ក្រឡេកមកមើលដៃរបស់វិសុទ្ធដែលមានស្នាមក្រហម មានស្នាមពង និង បែកដៃដោយសារតែការសំអាតផ្ទះ តារាពីតជាអាណិតវិសុទ្ធខ្លាំងណាស់នៅពេលនោះ។ ចំណែកវិសុទ្ធវិញគេបានដឹងខ្លួនតាំងតែពីពេលដែលតារាមកដល់ម្លេះ តែគេនៅតែធ្វើជាគេងលក់ គេពេញចិត្តនឹងការអង្អែលថ្នាក់ថ្នាមពីដៃដ៏សែនកក់ក្តៅរបស់តារាខ្លាំងណាស់។ តារាអោនតិចៗដោយយកបបូរមាត់ដ៏ទន់ល្មើយទៅថើមលើថ្ងាស់វិសុទ្ធថ្នមៗ ហាក់មិនបីចង់អោយជាប់ស្នាម។ ក្រោយពីថើមរួចតារាបានងើបដើរចេញ តែបម្រុងនឹងចាកចេញទៅវិសុទ្ធបានចាប់ និង កញ្ឆក់ដៃតារាយ៉ាងជាប់ដែលធ្វើអោយតារាដួលទ្រោបទៅលើវិសុទ្ធ។ នៅពេលនោះតារាដូចជាភ័យបន្តិច អៀនបន្តិច។ ចំណែកឯវិសុទ្ធវិញបានបញ្ចេញស្នាមញញឺមតិចៗនៅលើបបូរមាត់រួចសួរទៅកាន់តារា
-“អំបាញ់មិញអ្នកណាគេលួចថើបបង? លួចថើបគេហើយនៅចង់រត់ទៀត នេះគួរតែត្រូវពិន័យហើយ។” ចំណែកតារាវិញមិនបានតតបភ្លាមៗឡើគេនៅស្ងៀមបន្តិចរួចតប
-<មិនបានថើបទេ កុំចេះតែនិយាយ មុខអាក្រក់យ៉ាងណឹង អ្នកណាទៅថើបកើត? បានហើយកុំនិយាយច្រើនចង់ញាំបាយអត់?>
-<កុំប្រកែក នៅមាត់រឹងទៀតថើបគេហើយនៅថាអត់ទៀត? ហើយចុះបើមុខអាក្រក់ចឹងស្រឡាញ់បងអត់?>
វិសុទ្ធនិយាយតែប៉ុណ្ណេះធ្វើអោយតារាគាំងសម្តីបានតែញញឹមដោយការអៀន។ ឆ្លៀតពេលតារាញញឹមវិសុទ្ធក៏បានលោតទៅថើបថ្ពាល់តារា រៀបប្រុងនិងថើបមាត់តារាមួយទៀតទៅហើយ តែត្រូវតារា រុញក្បាលចេញនឹងរត់ចាកចេញទៅ។ ចំណែកវិសុទ្ធវិញបានតែញញឹម និង គ្រវីក្បាលតិចៗ។
អាហារពេលថ្ងៃត្រង់របស់ពួកគេមានតែនំបុ័ង និង ពងទាចៀនតែប៉ុណ្ណោះ ប៉ុន្តែពួកគេពិតជាសប្បាយនូវអ្វីដែលពួកគេទទួលបានខ្លាំងណាស់។ ពួកគេញាំនៅលើកូនតុមួយក្រោមដើមដូងមួយគូនាមាត់សមុទ្រដែលមានខ្សល់បក់មករំភើយត្រជាក់ដល់បេះដូង។ សេចក្តីសុខបែបនេះធ្វើអោយពួកគេភ្លេចនូវគ្រប់បញ្ហាដែលបានកើតឡើង និង រៀបនឹងកើតឡើងសម្រាប់ជីវិតពួកគេ។ជីវិតពួកគេពេលនេះប្រៀបបីដូចជាសត្វបក្សីដែលបានហើររួចផុតពីទ្រុង ដែលអាចហោះហើរទៅមានអ្វីដែលខ្លួនត្រូវការ គ្មានរនាំងបិទបាំងទៀតឡើយ។ ពេញមួយថ្ងៃនោះពួកគេសប្បាយរីករាយជាមួយគ្នា ដោយគ្មាននឿយហត់។
ការសប្បាយភ្លេចខ្លួនធ្វើអោយពួកគេភ្លេចគិតពីអាហារដែលត្រូវញាំនៅពេលល្ងាចនេះ។ រសៀលណាស់ទៅហើយទើបពួកគេនឹកឃើញពីបញ្ហានេះ តារា និង វិសុទ្ធបានកាន់ស្នចាក់ត្រីមួយម្នាក់ទៅចាក់ត្រីនៅក្បែរនោះ តែពួកគេចាក់មិនបានសោះ។ តារាដូចជាហត់នឿយ គេដាក់គូទអង្គុយទៅលើផ្ទាំងថ្មធំមួយ រួចសំឡឹងមើលទៅកាន់វិសុទ្ធគេគិតថា មនុស្សប្រុសម្នាក់ដែលជាមនុស្សរឹងរួស ឆ្មើងឆ្មៃ រស់នៅក្នុងគ្រួសារមួយដែលមានអ្វីទាំងអស់តែបែរជាមកក្លាយជាអ្នកនេសាទត្រីនៅពេលនេះ។ តើអ្នកណាធ្លាប់គិតថារឿងនេះកើតឡើង? តារាដូចជាក្រៀមក្រំបន្តិចតែ ក៏រីករាយដោយសារតែបាននៅក្បែរមនុស្សដែលខ្លួនស្រឡាញ់ គេញញឹមតិចៗចេញពីស្នាមញញឹមដ៏សុះកក្រោះទៅកាន់វិសុទ្ធ។ ចំណែកឯវិសុទ្ធក្រៅពីចាក់ត្រីមិនបានគេក៏ក្រឡេកមកមើលតារាដែលកំពុងតែភ្លឹកមើលមកគេដែរ។ ពេលនោះវិសុទ្ធបានក្បង់ទឹកបាចសាចទៅលើតារាដែលធ្វើអោយតារាភ្ញាក់ពីការអង្គុយភ្លឹក ឯតារាក៏បានចាប់បាចទឹកទៅលើវិសុទ្ធវិញដែរ។ ពួកគេបាចទៅកាន់គ្នាទៅវិញទៅមកជាការលេងសប្បាយរហូតដល់ថ្ងៃរៀបនិងលិច ពួកគេមិនបានត្រីសូម្បីតែមួយសម្រាប់ធ្វើម្ហូបពេលល្ងាច។ ដូច្នេះអាហារពេលល្ងាចដ៏អស្ចារ្យរបស់ពួកគេនៅល្ងាចនេះមានតែពងទាចៀនទេ ទោះបីជាញាំពងទាចៀនតែពួកគេនៅតែសប្បាយក្នុងការញាំវា នៅក្រោមពន្លឺនៃព្រះសូរិយាដែលរៀបនឹងអស្តង្គត់ នៅពេលនោះព្រះសូរិយាចរយាត្រាសន្សឹមៗមុជទៅក្នុងទឹកសមុទ្រ ដែលហាក់ដូចជាដុតកំដៅអោយទឹកសមុទ្រក្លាយទៅជាកម្រាលព្រំព៌ណមាសឆ្អិនឆ្អៅ គួរអោយចង់គយគន់មិនគួរអោយរំលងហួស។ ការហត់នឿយ ការសប្បាយរីករាយ ផ្អែមល្ហែម ការនៅជិតគ្នា បានធ្វើអោយអ្នកទាំងពីរកាន់តែយល់ចិត្តគ្នាកាន់តែខ្លាំង ចំណងស្នេហាដែលចាក់ស្រេះយ៉ាងជ្រៅនៅក្នុងក្រអៅនៃបេះដូងនៃអ្នកទាំងពីរពិតជាមិនអាចកាត់ថ្លៃបាន។
ក្រោយពីញាំបាយរួចវិសុទ្ធបានទៅអង្គុយនៅមាត់សមុទ្រតែម្នាក់ឯង គេអង្គុយគយគន់មើលទៅទឹកសមុទ្រដែលលាតសន្ធឹងដ៏សែនឆ្ងាយនិងធំល្វឹងល្វើយដល់ជើងមេឃ។ ខ្យល់ជំនោរសមុទ្របកមកល្វើយៗពិតជាទីដ៏រីករាយខ្លាំងណាស់។ តារាដើរមួយៗមកឈរនៅពីក្រោយខ្នងវិសុទ្ធ តារាលូកដៃទាំងពីរីក្រោយខ្នងវិសុទ្ធទៅក្រសោបអោបចង្កេះវិសុទ្ធ ក្បាលផ្តេកទៅលើខ្នងវិសុទ្ធ គេអោបវិសុទ្ធយ៉ាងណែនពេញក្នុងវង្វង់ដៃ។ ចំណែកវិសុទ្ធវិញនៅស្ងៀមដោយសារតែភាពកក់ក្តៅដែលពួកគេបានផ្ទេរអោយគ្នាទៅវិញទៅមក។ វិសុទ្ធបានបន្លឺសំលេងតិចៗសូរទៅកាន់តារា:
-<តើអូនមកតាំងពីពេលណា? ហើយមកអោបកូនប្រុសគេ?>
-<បាទមកយូរហើយ គឺមករកមនុស្សម្នាក់ដែលខ្ញុំកំពុងអោបណឹងហើយ មិនជួយលាងចានទេ គេចមកអង្គុយម្នាក់ឯង។>
តារានិយាយតបតិចៗពីក្រោយខ្នងរបស់វិសុទ្ធ ចំណែកវិសុទ្ធញញឹមទទួលសម្តីដែលតារាបាននិយាយ។ វិសុទ្ធបានប្រែខ្លួនចេញពីដៃតារាដោយបែរមុខមករកតារាវិញ ពេលនោះមុខរបស់ពួកគេស្ទើរតែបះគ្នាទៅហើយ ខ្យល់ដង្ហើមក្តៅតិចៗបានជះទៅរកគ្នា វិសុទ្ធយកដៃទាំងទ្វេរទៅអង្អែលលើថ្ពល់ដ៏ម៉ត់រលោងរបស់តារា រីឯតារាវិញបិទភ្នែកសឹមៗ ទៅតាមដៃវិសុទ្ធ។ វិសុទ្ធទោមុខទៅរកមុខតារា ដៃទាំងពីរចាប់ផ្តើមផ្ងើយមុខរបស់តារា ខ្យល់ដង្ហើមកាន់តែជិតគ្នា បបូរមាត់ដ៏កក់ក្តៅរបស់វិសុទ្ធបានទៅបះបបូរមាត់ដ៏ទន់ភ្លន់របស់តារា។ វិសុទ្ធថើបបបូរមាត់តារាថ្នមៗតិចៗ ហាក់មិនចេះជិនណាយ ខ្យល់ជំនោរបោកបក់ទឹកសមុទ្របង្ករអោយមានជារលកតិចៗបោកបក់មកប៉ះច្រាំង នឹងប្រគុំជាតន្រ្តីដ៏ពិរោះប្រៀបបាននឹងតន្រ្តីពីឋានសួគ៍ កូនក្តាមតូចៗបានចេញមករកចំណីជាគូៗសាសងគ្នា ពន្លឺភ្លើងតូចៗជាច្រើនបានអណ្តែតនៅលើផ្ទៃសមុទ្រដូចជាប្រទីបភ្លើងព៌ណរាប់រយលានសែនដែលពិតប្រាកដវាគឺជាភ្លើងនៃទូកអ្នកនេសាទ។ ចំណែកឯព្រះចន្ទវិញក៏ចាប់ផ្តើមបញ្ចេញនូវពន្លឺដ៏ស្រទន់បាចសាចមកលើផ្ទៃសមុទ្រ និង ផែនដីដ៏ស្រស់ត្រកាលទាំងមូល ហាក់ជួយអបអរនៃភាពផ្អែមល្ហែមនៃគូស្នេហ៍ទាំងពីរ។ ពួកគេបានសាងស្នេហាដ៏ផ្អែមល្ហែមនៅក្រោមពន្លឺនៃព្រះចន្ទ និង ជំនោរនៃខ្យល់សមុទ្រ។
ក្រោយពីបានសាងស្នេហាដ៏ផ្អែមល្ហែមនៅផ្ទះឯមាត់សមុទ្របានប្រមាណពីពីរបីក្រោយមក វិសុទ្ធ និង តារាបានចាប់ផ្តើមចេញទៅទីក្រុងដើម្បីស្វែងរកការងារធ្វើ។ ពួកគេបានដើរសាកសួរគ្រប់ក្រុមហ៊ុនពេញទាំងទីក្រុង តែគ្មានក្រុមហ៊ុនណាមួយទទួលពួកគេធ្វើការឡើយ។ ដោយសារតែគ្រប់ក្រុមហ៊ុនដែលនៅទីនេះទាំងអស់ត្រូវបានហាមប្រាមដោយអ្នកស្រីវិជ្ជនីមិនអោយទទួលយកតារា និង វិសុទ្ធធ្វើការឡើយ។ ការហាមប្រាមវិសុទ្ធបានដឹងដោយសារតែមីងសយបានខលមកប្រាប់វិសុទ្ធ ចំណែកឯវិសុទ្ធ និង តារា ក្រោយពីបានដឹងនូវដំណឹងនេះពួកគេក៏អស់សង្ឃឹមក្នុងការស្វែងរកការងារធ្វើ។ លុយក៏អស់ចាយ ការងារក៏គ្មានធ្វើ ជាហេតុដែលធ្វើអោយស្ថានភាពរបស់ពួកគេឋិតនៅក្នុងការលំបាកមួយ ពួកគេពិបាកចិត្តជាខ្លាំង។ ថ្ងៃមួយវិសុទ្ធបានទៅអង្គុយនៅមាត់សមុទ្រ ដែលគេកំពុងតែគិតរកវិធីយ៉ាងណាដើម្បីដោះស្រាយបញ្ហាដែលកើតឡើង ចំណែកតារានៅពេលដែលឃើញវិសុទ្ធពិបាកចិត្តយ៉ាងនេះគេក៏ពីបាកចិត្តណាស់ដែរ។ ដោយសារចិត្តចង់លួងលោមវិសុទ្ធ តារាបានយកវិយូឡុងដែលជារបស់ជាទីស្រឡាញ់របស់ខ្លួនកូដប្រគុំជាតន្រ្តីដើម្បីបំពេរ និង លួងលោមអារម្មណ៍របស់វិសុទ្ធ។តារាឈរកូដវិយូឡុងនៅឯយ៉ខាងមុខនៃបន្ទប់បែរមករកសមុទ្រ វិសុទ្ធបានងាកមករកម្ចាស់វីយូឡុងដោយស្នាមញញឹម។ សម្លេងវីយូឡុងបានយំទួញថ្ងូ សូរស័ព្ទពិរោះអន្លង់អន្លោចទៅតាមអាម្មណ៍ និង ទឹកដៃនៃអ្នកកូដ។ សម្លេងវីយូឡុងធ្វើអោយវិសុទ្ធ នឹកឃើញនូវអនុស្សាវរីយ៍ជាច្រើនរបស់គេនឹងតារា ការលំបាក ការឈឺចាប់ ការជួប ការខឹង ស្អប់ ច្រណែន និង ការស្រឡាញ់ និង ការព្រាត់ប្រាស់បានធ្វើអោយពួកគេបានជួបគ្នា។ ដោយសារតែជំនោរនៃខ្យល់សមុទ្រផងនោះបានធ្វើអោយសម្លេងវីយូឡុងរបស់តារាកាន់តែពិរោះនិងអន្លង់អន្លោច ទៅតាមអារម្មណ៍នៃអ្នកស្តាប់ ចំណែកឯវិសុទ្ធវិញក៏បានធូរស្បើយអារម្មណ៍ដោយសារតែសម្លេងវីយូឡុងដែរ។
នៅថ្ងៃរសៀលព្រះអាទិត្យរៀបនឹងលិចចោលភពផែនដី គូស្នេហ៍ដ៏ផ្អែមល្ហែមរបសើយើងបានចេញទៅកំសាន្ត និង ស្វែងរកការងារនៅទីប្រជុំមួយនាមាត់សមុទ្រដែលជាទីដែលសំបូរដោយភ្ញៀវទេសចរមកកំសាន្តសប្បាយ។ ថ្ងៃនេះតារា និង វិសុទ្ធទៅជាមួយនឹងវីយូឡុងរបស់គេ។ ពួកគេដើរកាន់ដៃគ្នារហូត ដោយដំបូងអ្នកនៅទីនោះក៏មានការចាប់អារម្មណ៍ និង ចម្លែកអារម្មណ៍ចំពោះកាយវិកាស្និតស្នាលរបស់ពួកគេទាំងពីរនាក់ដែរ តែដល់ពេលយូរទៅវាក្លាយទៅជារឿងធម្មតាសម្រាប់ពួកគេ។ អ្នកស្រុកនៅទីនោះអាណិត និង ស្រឡាញ់ពួកគេទាំងពីរនាក់ណាស់ទោះបីដឹងថាពួកគេជាមនុស្សស្រឡាញ់ភេទដូចគ្នាក៏ដោយ។ ពេលទៅដល់ទីនោះពួកគេតែងតែទទួលបានការស្វាគមន៍ពីអ្នកស្រុកដែលប្រកបរបនិងរស់នៅទីនោះ។
ដើរបណ្តើរពួកគេសម្លឹងមើលទៅមនុស្សម្នាដ៏ច្រើនកកកុញបណ្តើរ។ វាពិតជាមានភាពអ៊ូរអរខ្លាំងណាស់ មានទាំងភ្ញៀវអឺរ៉ុប និង អាស៊ីមកកំសាន្តនៅទីនោះ។ ដើរដល់ឆ្នេរខ្សាច់មួយតារាបានឃើញ បុរសវ័យកណ្តាលម្នាក់កំពុងតែលេងហ្គីតា ហើយមានមនុស្សជាច្រើនបានមកចោមរោមស្តាប់ ហើយនិងបានដាក់លុយមួយចំនួនទៅក្នុងធុងមួយនៅពីមុខនោះ។ ទង្វើនេះធ្វើអោយតារាមានគំនិតចង់ធ្វើបែបនេះដែរ។ គេបានទាញដៃវិសុទ្ធរត់ទៅកាន់ទីដែលមានមនុស្សច្រើនមួយដែលឆ្ងាយពីកន្លែងនោះ។ តារាចាប់ដកវីយូឡុងចេញពីប្រអប់ ចំណែកវិសុទ្ធវិញនៅឈរធ្នឹងមើលតារា ពីព្រោះតែគេមិនបានដឹងថាតារា និងធ្វើអ្វីឡើយ។ តារាចាប់ផ្តើមកូដវីយូឡុង អ្នកដែលបានឈរស្តាប់សម្លេងវីយូឡុងរបស់តារាដំបូងគេបង្អស់នៅពេលនោះគឺមានតែវិសុទ្ធទេ តែដោយសារតែទឹកដៃនៃការកូដបានធ្វើអោយធ្វើអោយសម្លេងវីយូឡុងប្រគុំលាន់លឺពេញទីនោះ។ សម្លេងវីយូឡុងរបស់តារាបានអន្ទង់ និង បរបោសអង្អែលហៅដួងចិត្ត និង ព្រលឹងមនុស្សដែលបានលឺអោយងាកនិងចោលភ្នែកមករកកន្លែងដែលតារាឈរ។ មានមនុស្សចេះតែដើរមករកស្តាប់ជាបន្តបន្ទាប់ពីតិចទៅច្រើនរហូតដល់កកណែន។ វីយូឡុងមួយបទបានបញ្ចប់ គ្រប់អ្នកដែលបានឈរស្តាប់សុទ្ធតែទះដៃអបអរ ហើយបានដាក់លុយទៅក្នុងប្រអប់វីយូឡុងដែលតារាបានដាក់នៅពីមុខគេ។ ចំណែកវិសុទ្ធវិញមុនដំបូងគេដូចជាមានអារម្មណ៍ខ្មាស់អៀន និង មិនយល់ព្រមអោយតារាធ្វើបែបនេះតទៅទៀតទេ ព្រោះគឺគិតថាវាធ្វើអោយតារាលំបាក និង ហាក់បីដូចជាសុំទានគេ។ តែដោយការអង្វរនឹងផ្តល់ហេតុផលពីតារាបានធ្វើអោយវិសុទ្ធយល់ព្រមអោយតារាបន្តទៅទៀត តែគេបានដាក់កិច្ចសន្យាថា ត្រូវអោយតារាបង្រៀនគេអោយចេះកូដវីយូឡុង ហើយនៅពេលដែលគេចេះតារាត្រូវតែឈប់រកលុយដោយបែបនេះ ទុកអោយគេជាអ្នកធ្វើ។
ក្រោយពីបានប្រាក់ចំណូលពីការដើរកូដវីយូឡុននៅតាមមាត់សមុទ្រ ធ្វើអោយជិវិតតារា និង វិសុទ្ធបានរួចផុតពីការអត់ឃ្លាន និង ទុកលំបាក។ ពួកគេសប្បាយរីករាយទៅនឹងប្រាក់ដែលពួកគេទទួលបានជារៀងរាល់ថ្ងៃ។ តារា ជាអ្នកកូដវិយូឡុង ចំណែកឯវិសុទ្ធជាអ្នកហៅភ្ញៀវទេសសរអោយចូលមកមើលការសម្តែងរបស់តារា។ ពួក គេទទួលបានប្រាក់កំរៃកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃដែលធ្វើអោយជីវភាពរបស់ពួគគេកាន់តែធូរធារ។
ព្រឹកមួយ វិសុទ្ធបានដាស់អោយតារាទៅរត់ហាត់ប្រាណនៅតាមឆ្នេរជាមួយគេដូចសព្វមួយដង។ តែថ្ងៃនោះតារា បានប្រាប់អោយវិសុទ្ធទៅតាមម្នាក់ឯង ដោយគេប្រាប់ថាគេមិនស្រួលខ្លួនចង់គេងបន្ត។ ពេលនោះវិសុទ្ធក៏មានចិត្តព្រួយបារម្ភចំពោះតារាដែរ តែត្រូវតារាដេញអោយទៅដោយប្រាប់ថាគេមិនអីទេ ហើយវិសុទ្ធក៏បានទៅរត់តែម្នាក់ឯង។ ក្រោយពីមកពីរត់ហាត់ប្រាណវិញ វិសុទ្ធនៅតែឃើញតារាដេកនៅលើគ្រែដដែល គេស្ទុះទៅស្ទាបក្បាល់តារាបានដឹងថាក្បាលតារាមានកំដៅខ្លាំង។ គេបានយកកន្សែងនិង ដាំបបរនិងយកថ្នាំអោយតារាញាំ។ ហើយអោយតារាបន្តសម្រាកនៅលើគ្រែ ដោយសារតែតារាប្រាប់ថាគេមិនមានជំងឺធ្ងន់ធ្ងរទេ។ នៅពេលដែលវិសុទ្ធចង់នាំគេទៅមន្ទីរពេទ្យ តារាតែងតែប្រកែក។ ក្រោយពីបានសម្រាកមួយថ្ងៃសភាពជំងឺតារាបានប្រសើរដូចដើម គេអាចទៅសម្តែងដូចដើម។ តែយូរៗម្តងក្បាលរបស់គេឈឺស្ទើរតែប្រេះ ហើយគេតែងតែព្យាយាមលេបថ្នាំបំបាត់ឈឺក្បាល។ ជាដំបូងថ្នាំនោះពីតជាមានប្រសិទ្ធិភាពតែដល់ពេលយូរៗទៅថ្នាំកាន់តែអស់ប្រសិទ្ធិភាពទៅៗ តែតារាមិនបានប្រាប់អោយវិសុទ្ធបានដឹងឡើយគឺគេព្យាយាមលាក់តារារហូត។ ថ្ងៃមួយតារាបានលួចទៅមន្ទីរពេទ្យតែម្នាក់ឯងដោយមិនអោយវិសុទ្ធដឹងឡើយ។ ថ្ងៃទទួលលទ្ធផលបានមកដល់ វិជ្ជបណ្ឌិតបានបញ្ជាក់ប្រាប់តារាថា គេមានជំងឺឈាមកកនៅក្នុងខួរក្បាលជាយូរណាស់មកហើយ តែវាទើបតែបង្ករជាបញ្ហានៅពេលនេះ គ្រូពេទ្យបានស្នើរអោយតារាធ្វើការវះកាត់ជាបន្ទាន់ បើមិនដូច្នេះទេ វានឹងបណ្តាអោយប៉ះពាល់ដល់ជីវិត តែការវះកាត់នោះសោធគឺមានសង្ឃឺមតែ១០ភាគរយប៉ុណ្ណោះ តែបើអត់វះកាត់តារាអាចនឹងស្លាប់ក្នុងរយះពេលប្រាំទៅប្រាំមួយខែទៀតតែប៉ុណ្ណោះ។
តើតារានឹងដោះស្រាយបញ្ហានេះដោយវិធីណា? រឿងរ៉ាវទាំងអស់នឹងមានបកស្រាយនោះភាគបន្តបន្ទាប់ទៀត។

No comments:

Post a Comment