Breaking

Saturday, June 9, 2018

រឿង វាសនា (ភាគ៧)

រឿង វាសនា
(ភាគ៧)
និពន្ធដោយ . Rainy Son

#Khmer_Novel-69


នៅភាគមុនយើងទាំងអស់គ្នាបានដឹងហើយថា ក្រោយពីតារាបានទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យ គ្រូពេទ្យបានបញ្ជាក់ថា តារាមានជំងឺឈាមកកនៅក្នុងខួរក្បាលហើយត្រូវវះកាត់ជាបន្ទាន់ តែការវះកាត់មានសង្ឃឺមតែ១០ភាគរយប៉ុណ្ណោះ តែបើមិនវះកាត់ទេតារាអាចរស់បានតែប៉ុន្មានជា៥ទៅ៦ខែប៉ុណ្ណោះ។ ក្រោយពីបានដឹងហើយថាខ្លួនមានបញ្ហាដ៏ធ្ងន់ធ្ងរបែបនេះ តើតារានឹងធ្វើយ៉ាងណា? ចុះស្នេហាដែលកំពុងតែផ្អែមល្ហែមដូចជាទឺកឃ្មុំខែប្រាំងនឹងប្រែក្លាយទៅជាយ៉ាងណាដែរ? ហើយចុះវិសុទ្ធនឹងបានដឹងថាតារាមានជំងឺឈាមកកនៅក្នុងខួរក្បាល ហើយត្រូវវះកាត់ជាបន្ទាន់ដែរឬទេ? តើពួកគេនឹងជួបបញ្ហាអ្វីខ្លះទៀត?
ស្ថិតនៅតាមដងផ្លូវមួយដែលអមដោយដើមរុក្ខជាតិតម្រាបជាជួរ និង មានសួនច្បារមានក្លិនក្រអូបភាយឈ្ងុយឈ្ងប់។ មនុស្សម្នាជាច្រើនដើរកុះករទៅរកទីដៅរបស់ខ្លួនរៀងៗខ្លួន ក្នុងចំណោមមនុស្សដ៏ច្រើនសន្ធឹកដែលកំពុងតែដើរនោះ គេបានឃើញអ្នកកំលោះម្នាក់ដើរអូសដំណើរមួយៗដូចជាមិនចង់លើកជើងដើរ។ មុខអោនឈ្លក់ទៅរកដី ខ្នងស្ពាយវីយូឡុង ម្នាក់នោះគឺតារា។ តារាដើរនៅចំកណ្តាលនៃហ្វូងមនុស្ស គេដើរហាក់ដូចជាគ្មានវិញ្ញាណនៅក្នុងខ្លួន អារម្មណ៍រវើរវាយហោះហើរទៅតាមការគិតរបស់គេ។ ដើរមួយៗពេលខ្លះតារាបានយកដៃមកជូតទឹកភ្នែករបស់គេដែលហូរមករឹមៗនៅលើផែនថ្ពាល់ដ៏ស្លេកស្លាំងរបស់គេ។ ដើរបានបន្តិចតារាបានឈប់ ហើយទៅអង្គុយនៅកៅអីមួយក្រោមម្លប់ឈើមួយដ៏ធំ គេយកដៃទាំងពីរខ្ទប់មុខ នេះបញ្ជាក់អោយឃើញថាពេលនេះអ្នកកំលោះតារាកំពុងតែមានវិបត្តិធ្ងន់ធ្ងរណាស់ដែលពិបាកនិងរកដំណោះស្រាយ។ អង្គុយបានបន្តិចតារាក៏បានបន្តដំណើរបន្តទៀតព្រោះវាដូចជារសៀលណាស់ទៅហើយ។ និយាយពីវិសុទ្ធវិញ ថ្ងៃនោះវិសុទ្ធបានទៅផ្សារទំនើបរកទិញគ្រឿងផ្សំសម្រាប់ធ្វើនំខួបកំណើតអោយតារាដោយគេចង់អោយតារាភ្ញាក់ផ្អើលសម្រាប់ថ្ងៃខួបកំណើតរបស់គេ។ មិនមែនមានតែគ្រឿងផ្សំតែប៉ុណ្ណោះទេ តែវិសុទ្ធបានទិញសៀវភៅណែនាំពីរបៀបធ្វើនំផងដែរ ពីព្រោះតែគេមិនចេះធ្វើវាឡើយ។ វិសុទ្ធចំណាយពេលកន្លះថ្ងៃដើម្បីរៀន និង ធ្វើនំ។ ម្តងនំខ្លោច ម្តងឆៅ គេព្យាយាមធ្វើម្តងជាពីរដងក្នុងគោលបំណងផ្គាប់ចិត្តមនុស្សជាទីស្រឡាញ់ ទីបំផុតគេក៏មានសម្រេចនៃបំណងរបស់គេតែវាហាក់ដូចជាពិបាកមើលបន្តិចចំពោះរូបរាងខាងក្រៅរបស់វា ចំណែកឯរសជាតិវិញយើងមិនទាន់បានដឹងឡើយ។ ម៉ោងប្រមាណជា៨យប់តារាបានមកដល់ពីមុខផ្ទះ ចំណែកវិសុទ្ធដូចជាមិនទាន់រៀបចំរួចរាល់នៅឡើយ។ តារាមានភាពចំលែកនៅក្នុងចិត្តដោយបានមើលឃើញថាផ្ទះដូចជាមានសភាពស្ងាត់ជ្រងំគ្មានមនុស្សនៅ ភ្លើងក៏មិនបានបើក គេបានឈរនៅថ្មឹងនៅនឹងមាត់ឆ្នេរសមុទ្រ ក្នុងចិត្តគិតថា ប្រហែលជាវិសុទ្ធទៅរត់ហាត់ប្រាណនៅមាត់សមុទ្រមិនទាន់ត្រលប់មកវិញ។ រៀបនឹងបោះជំហានដើរទៅមុខពន្លឺភ្លើងអំពូលតូចៗរាប់ពានបានបំភ្លឺឡើងនៅតាមដើមឈើ ផ្ទះក៏ចាប់ភ្លឺដែរ ចំណែកដើមទៀនជាច្រើនដែលដោតនៅលើឆ្នេរខ្សាច់ត្រូវបានដុតបំភ្លឺឡើងជារូបបេះដូង និង អក្សរអង់គ្លេសដែលសរសេរថា “Happy Birthday to My Love” នៅតាមដងឆ្នេរទាំងមូលពោរពេលដោយពន្លឺនៃអំពូលភ្លើងអគ្គីសនី និង ភ្លឺងទាន វាប្រៀបបានទៅនិងពិធីជប់លាងមួយរបស់ព្រះរាជបុត្រតូចនៃប្រទេសណាមួយដូច្នេះដែរ។ សម្លេងចម្រៀងជូនពរថ្ងៃកំណើតបានបន្លឺឡើងអមអោយវិរបុរសកំពូលស្នេហ៍របស់តារាគឺវិសុទ្ធបានដើរមកដោយដៃកាន់នូវនំខួបកំណើតមួយ។ វិសុទ្ធដើរមកបណ្តើរច្រៀងបណ្តើរពោរពេញដោយស្នាមញញឹម។ ចំណែកឯតារាវិញដោយក្តីរំភើបគេបានត្រឹមតែឈរស្ងៀមនៅនឹងមួយកន្លែងញញឹមដោយក្តីពេញចិត្ត និង មានទឺកភ្នែកហូរលាយឡំមកជាមួយផងដែរ។ វិសុទ្ធបានយកនំដើម្បីអោយតារាផ្លុំពន្លត់ទៀន តារាសម្លឹងមើលទៅមុខវិសុទ្ធហើយញញឺមតិចៗគេចាប់ផ្តើមបិទភ្នែកបួងសួង រួចក៏ផ្លុំទៀនពន្លត់ នៅពេលនោះដែរកាំជ្រួចក៏បានបាញ់ឡើងទៅលើមេឃ ជះពន្លឺភ្លឺច្រាលនិងមានសម្លេងកក្រើកផ្ទៃមេឃ។ ក្រោយពីពន្លត់ទៀនរួចវិសុទ្ធបានលូកក្នុងហ៊ោប៉ៅខោយកកញ្ចប់កាដូតូចមួយអោយទៅតារា ចំណែកតារាញញឹមទទួលយកកាដូ។
-<តើបងមានអ្វីអោយខ្ញុំនៅថ្ងៃនេះ?>
-<អូនបើកមើលសិនទៅ>
វិសុទ្ធឆ្លើយតបទៅកាន់តារាព្រមជាមួយនឹងស្នាមញញឺមមិនចេះរីងស្ងួត។ តារាក៏បើកកញ្ចប់កាដូដែលជាអំណោយរបស់វិសុទ្ធ នៅពេលដែលបើករួចមកតារាពុំមានបានឃើញអ្វីទាំងអស់ គេមានចំងល់ចំពោះកាដូមួយនេះ។
-<ហេតុអីក៏ខ្ញុំមិនឃើញមានអ្វីនៅក្នុងកាដូនេះ?>
តារាសួរទៅកាន់វិសុទ្ធដោយទឹកមុខពោរពេញទៅដោយចំងល់។ ចំណែកវិសុទ្ធវិញឆ្លើយតបទៅតារាវិញដោយសម្តីទន់ភ្លន់និងផ្អែមល្ហែម។
-<បងមិនអាចរកកាដូមួយណាដែលអាចដាក់អ្វីៗទាំងអស់ដែលបងចង់អោយអូនបាននោះទេ មានតែកាដូមួយនេះគត់។ បងចង់អោយអ្វីគ្រប់យ៉ាងអោយអូនទាំងអស់មិនថាឡើយមេឃ ដី សមុទ្រឬក៏ជិវិតរបស់បងឡើយ ហើយក្នុងកាដូនេះគឺមានអ្វីគ្រប់បែបយ៉ាងទាំងអស់ដែលបងចង់អោយអូន។បងសុំតែម្យ៉ាងគឺសុំអោយអូនរស់នៅជាមួយបងអស់មួយជីវិត យើងនឹងរស់នៅទីនេះជាមួយគ្នារហូតដល់ពួកយើងចាស់ ហើយចង់អោយអូនមើលថែលោកតាចាស់ម្នាក់នេះរហូតដល់ថ្ងៃស្លាប់។ អូនត្រូវសន្យាណា? >
គ្រាន់តែបានលឺសម្តីនេះភ្លាមធ្វើអោយតារារំជួលចិត្តយ៉ាងខ្លាំង ទឹកភ្នែកគេចាប់ផ្តើមរមាលស្រក់ចុះបន្តគ្នាគ្មានឈប់។ គេស្ទុះអោបវិសុទ្ធយ៉ាងណែនស្ទើរតែវិសុទ្ធដកដង្ហើមមិនរួច។ ចំណែកឯវិសុទ្ធវិញញញឺមដោយការពេញចិត្ត គេយកដៃអង្អែលក្បាលតារាតិចៗ យកបបូរមាត់ថើបទៅលើថ្ងាសតារា ហើយក៏បន្តយកដៃមកជូតទឺកភ្នែកតារាទៀត។
-<ហេតុអីក៏យំដូចក្មេងចឹង? យំចឹងទៅមិនស្អាតទេ មុខអាក្រក់ស្រាប់ផងដល់ពេលយំទៅរឹតតែអាក្រក់។ ឈប់យំទៅក្មេងឆ្តួតរបស់បង បងមិនចង់ឃើញក្មេងល្ងង់មួយនេះយំទេ ពិបាកលួងណាស់>។
លឺសម្តីវិសុទ្ធបែបនេះតារាចាប់ផ្តើមយកដៃមកជូតទឺកភ្នែកនៅលើថ្ពាល់ ចំណែកវិសុទ្ធក៏បានជួយជូតដែរ។ ពួកគេសើចដាក់គ្នា ជូតទឹកភ្នែកអោយគ្នា។ រំពេចនោះវិសុទ្ធក៏បានអោយតារាកាត់នំដែរជាស្នាដៃរបស់ខ្លួន។
-<អូនដឹងទេនេះគឺជានំដែលទេវបុត្ររបស់អូនធ្វើដោយផ្ទាល់ដៃ បងខំចំណាយពេលមួយថ្ងៃដើម្បីធ្វើវា ដឹងអត់វាឆ្ងាញ់ខ្លាំងណាស់ណា? បើមិនជឿសាកញាំទៅ>
វិសុទ្ធបានយកនំមួយដុំមកបញ្ចុកតារា នៅពេលដាក់ចូលមាត់តារា តារាធ្វើមុខដូចជាពិបាកលេបបន្តិច តែគេខំប្រឹងលេបដោយសារតែនំនិងខ្លោចដោយកន្លែង និង ឆៅដោយកន្លែង។ ចំណែកវិសុទ្ធពេលដែលបានឃើញទឺកមុខតារាគេក៏ដឹងភ្លាមថាមិនឆ្ងាញ់តែគេក៏ធ្វើជានិយាយ។
-<ម៉េចហើយនំបងឆ្ងាញ់រហូតមិនចង់លេបមែនទេ? បងថាឆ្ងាញ់គឺឆ្ងាញ់ហើយប្រហែលជាពួកយើងត្រូវឈប់ដើរកូដវិយូឡុង និងត្រូវបើកហាងនំវិញម្តងហើយ>។
បានលឺសម្តីបែបនេះធ្វើអោយតារាទប់សំណើចមិនបាន ក៏ព្រួសនំដែលនៅក្នុងមាត់ទៅពេញមុខនឹងក្បាលវិសុទ្ធ។ ពេលដែលឃើញមុខនិងក្បាលវិសុទ្ធពោរពេញដោយនំបែបនេះគេក៏ប្រញាប់យកក្រដាសមកជូតអោយ។
-<សុំទោស សុំទោស អូនគ្មានចេតនាទេ តែទប់សំណើចមិនបាន ចាំអូនជូតអោយស្អាតណាកុំខឹង>។
-<គ្រាន់តែនិយាយសុំទោសអាចរួចខ្លួនហើយ? បើបែបនេះមែនប្រហែលជាមិនមានប៉ូលីសទេ។> វិសុទ្ធធ្វើជាខឹងនឹងតារា។
-<ចុះបងចង់អោយខ្ញុំធ្វើយ៉ាងម៉េច?>
-<ត្រូវតែ………ត្រូវតែ…..>
-<Ok បានហើយខ្ញុំយល់ហើយ។>
និយាយតែប៉ុណ្ណឺងតារាក៏យកនំមួយដុំមកប៉ាតលើមុខ និង ក្បាលរបស់គេ។ ចំណែកវិសុទ្ធនៅពេលដែលឃើញបែបនេះគេលួចញញឺម។
-<អត់ទេ នៅមិនទាន់ពេញចិត្តទេ ត្រូវលាបនៅកន្លែងនេះ និង កន្លែងនេះទៀត>
វិសុទ្ធនិយាយបណ្តើរយកនំមកលាបពីលើមុខនិងក្បាលតារាបណ្តើរ។ ចំណែកតារាវិញបានដណ្តោយអោយវិសុទ្ធធ្វើតាមចិត្ត ដោយគេធ្វើជាមុខក្រញ៉ូវមិនញញឺម។
-<បានហើយតែត្រូវតែញញឺម និង អោយបងថើបមួយសិនទើបរួចខ្លួន។>
និយាយមិនទាន់ចប់ផងវិសុទ្ធប្រុងនិងថើបតារា តែត្រូវតារាងាកមុខចេញ និងទាញបាននំមកដាក់ពេញមាត់និងផ្ទៃមុខវិសុទ្ធ ហើយគេក៏ច្រានមុខវិសុទ្ធ និង រត់ចេញទៅ។ ឃើញបែបនេះវិសុទ្ធក៏អស់សំណើចដែរ គេយកដៃជូតនំនៅលើផ្ទៃមុខចេញ ហើយក៏រត់ទៅតាមតារា។ ពួកគេរត់ប្រលែងលេងជាមួយគ្នានៅតាមមាត់ឆ្នេរក្រោមពន្លឺព្រះចន្ទ និង ពន្លឺនៃកាំជ្រួចរាប់រយបាញ់បន្តគ្នា។ ដោយសារតែការសប្បាយធ្វើអោយតារាភ្លេចនូវបញ្ហាទាំងប៉ុន្មានដែលបានកើតឡើងចំពោះរូបគេកាលពីថ្ងៃ។ ចំណែកឯវិសុទ្ធវិញមិនបានដឹងនូវរឿងអ្វីឡើយគេគិតតែពីសប្បាយដែលបានរស់នៅក្បែរមនុស្សដែលខ្លួនស្រឡាញ់តែប៉ុណ្ណោះ។
ក្រោយពិរត់ប្រដេញគ្នាពួកគេបែជាដើរចាប់ដៃគ្នានៅតាមមាត់ឆ្នេរទៅវិញ។ ទឹករលកសមុទ្របានបក់បោកមកតិចៗដែលសាចប៉ះជើងគូរស្នេហ៍ទាំងពីរ។ តារាចេះតែលួចសម្លឹងមើលទៅមុខវិសុទ្ធ តារាយកដៃថ្នមៗទៅអង្អែលមុខវិសុទ្ធរូចពោលទៅកាន់វិសុទ្ធទាំងទឹកមុខក្រៀមក្រំ។
-<បងដឹងទេ នេះគឺជាលើកទីមួយហើយក្នុងរយះពេល១៥ឆ្នាំនេះដែលមានអ្នកធ្វើខួបកំណើតអោយខ្ញុំ។ កាលពី១៥ឆ្នាំមុខថ្ងៃនេះជាថ្ងៃកំណើតខ្ញុំម៉ាក់ប៉ាបានរៀបចំកម្មវិធីអោយខ្ញុំដូចរាល់ឆ្នាំ តែឆ្នាំនោះពួកយើងរីករាយខុសធម្មតាដោយសារតែបងស្រីខ្ញុំគាត់ទទួលបានសញ្ញាប័ត្រតន្រ្តីខាងវីយូឡុងពីប្រទេសជប៉ុន នៅល្ងាចនោះដែរអាហារនិងរបស់សំខាន់ៗមានគ្រប់នៅលើតុអាហារ ពួកយើងរង់ចាំការមកដល់របស់បងស្រីខ្ញុំ ម៉ាក់ខ្ញុំបានទូរស័ព្ទទៅបងស្រីខ្ញុំគាត់ថាមកដល់ព្រលានយន្តហោះហើយ ហើយនិងមកដល់ប្រហែលជា៣០នាទីទៀត។ ពួកយើងអង្គុយចាំគាត់យ៉ាងអន្ទះសាអស់រយះពេល១ម៉ោងតែនៅតែមិនឃើញគាត់មកដល់ទៀតពួកយើងបារម្ភខ្លាំងណាស់។ បន្តិចក្រោយមកទូរស័ព្ទចាប់ផ្តើមរោទិ៍ប៉ាគាត់ទទួលទូរស័ព្ទ ប៉ូលីសបានប្រាប់ថាបងស្រីខ្ញុំជួបគ្រោះថ្នាក់ចរាចរណ៍ពេលនេះគាត់បានស្លាប់ហើយ។ គ្រួសារខ្ញុំទាំងមូលពិតជាទទួលមិនបានឡើយនូវរឿងទាំងអស់នោះ ម៉ាក់ខ្ញុំគាត់យំ យំរហូតដួលសន្លប់ហើយខ្ញុំក៏មិនដឹងជាធ្វើអ្វីដែរគឺមានតែយំតែប៉ុណ្ណោះ។ បងស្រីខ្ញុំបានបន្សល់ទុកនូវវីយូឡុងមួយដែលគាត់ស្រឡាញ់ជាខ្លាំងមកអោយខ្ញុំ ហើយខ្ញុំតែងតែដាក់វាជាប់នឹងខ្លួនជានិច្ច។ ចាប់តាំងពីឆ្នាំងនេះមកថ្ងៃខួបកំណើតរបស់ខ្ញុំប្រែក្លាយទៅជាថ្ងៃកាន់ទុក្ខបងស្រីរបស់ខ្ញុំ ហើយថ្ងៃខួបកំណើតក៏លែងមានទៀតដែរ។ ខ្ញុំបានបាត់បង់មនុស្សដែលខ្ញុំស្រឡាញ់មួយម្តងៗចាប់ពីបងស្រីខ្ញុំ រហូតដល់ប៉ាម៉ាក់ខ្ញុំ ពួកគាត់សុទ្ធតែចាកចោលខ្ញុំ។ ចុះបើថ្ងៃណាមួយខ្ញុំត្រូវស្លាប់ចោលបង តើបងគិតយ៉ាងណា?>
គ្រាន់តែបានលឺរឿងរ៉ាវទាំងប៉ុន្មានដែលបានកើតឡើងលើតារាបានធ្វើអោយវិសុទ្ធមានចិត្តក្តុកក្តូលអាណិតសង្សារសំណព្វចិត្តយ៉ាងខ្លាំង គេយកដៃខ្ទប់មាត់តារាតិចៗ។
-<គ្មានថ្ងៃដែលអួនចាកចោលបងទេ ហើយក៏គ្មានថ្ងៃដែលបងអោយអូនទៅចោលបងដែរ។ បងធ្លាប់សន្យាហើយថាបងនឹងកានដៃអូនអោយជាប់មិនលែងដៃអូនឡើយទោះជាមានរឿងអ្វីកើតឡើងក៏ដោយ។ ហើយអូនក៏ត្រូវសន្យាដែរថាមិនលែងដៃបង។ ចំណែករឿងពីមុខអោយវាកន្លងផុតទៅចុះ យើងចាប់ផ្តើមសារជាថ្មី។ បងជាព្រះរាជបុត្រជិះសេះសរបស់អូន បងនិងកែរប្រែជីវិតពួកយើងទាំងអស់គ្នាអោយជួបតែសុភង្គល បងសន្យាថាទោះជាបងស្លាប់ក៏បងនៅក្បែរអូនដែរ ហើយបងនឹងធ្វើខួបកំណើតអោយអូនជារៀងរាល់ឆ្នាំ និង ផ្តល់សេចក្តីសុខអោយអូនគ្រប់បែបយ៉ាង។>
បានលឺសម្តីបែបនេះធ្វើអោយតារារំជួលចិត្តទៀតហើយគេមានអារម្មណ៍ថាកក់ក្តៅខ្លាំងណាស់នៅពេលដែលបានលឺបែបនេះ។ ហើយគេក៏មានអារម្មណ៍ថាសោកស្តាយដែលគេមិនអាចរស់នៅបានយូរជាមួយនិងមនុស្សដែលខ្លួនស្រឡាញ់ តែគេសច្ចាក្នុងចិត្តថានិងចំណាយពេលដែលនៅសេសសល់ទាំងប៉ុន្មានជាមួយនិងវិសុទ្ធ ហើយក៏មិនប្រាប់ពីជំងឺរបស់គេទៅវិសុទ្ធដែរ។ ទឺកភ្នែកគេរៀបនឹងហូរទៀតទៅហើយតែត្រូវវិសុទ្ធឃាតទាន់។
-<នែ ក្មេងឆ្កួតម៉េចក៏យំទៀតហើយ? បងប្រាប់ហើយថាមិនត្រូវយំទេ ឆាប់ជូតទឹកភ្នែកចេញភ្លាម។ តោះយប់ជ្រៅហើយទៅគេង សន្សើមចាប់ផ្តើមធ្លាក់ហើយ បើយើងនៅទៀតប្រយ័ត្នឈឺ។>
តារាប្រញ៉ាប់ជូតទឹកភ្នែគយ៉ាងលឿនចេញពីថ្ពាល់។ ចំណែកវិសុទ្ធក៏ដោះអាវក្រៅរបស់គេមកគ្របដណ្តប់អោយតារា រួចក៏ចាប់ទាញដៃតារាអោយងើប។
-<ហត់នឿយណាស់មែនទេប្រពន្ទសម្លាញ់របស់បង់ បើហត់ណាស់មកបងអ៊ៀវទៅគេង។>
វិសុទ្ធបានអ៊ៀវតារានៅលើខ្នងដើរទៅផ្ទះ។ ពួកគេមើលទៅដូចជាមានសេចក្តីសុខខ្លាំងណាស់។ តារាផ្អិបត្រចៀកម្ខាងទៅលើខ្នងវិសុទ្ធ ចំណែកវិសុទ្ធបោះជំហានមួយៗដោយភាពស្វាហាប់គ្មានហត់នឿយ ទោះបីជាប្រើអស់នៅកំលាំងកាលពីថ្ងៃដើម្បីរៀបចំខួបកំណើតអោយតារាក៏ដោយ។ គេនៅតែពេញចិត្តក្នុងការអ៊ៀវមនុស្សដែលខ្លួនស្រឡាញ់ជានិច្ច។
-<នៅពេលដែលបងបានអ៊ៀវអូនបែបនេះ វាធ្វើអោយបងនឹកឃើញនៅពេលដែលអូនរង់របួសជំនួសបង។ ពេលនេះបងពិតជាភ័យខ្លាំងណាស់ បងខ្លាច បងខ្លាចមែនទែន គឺបងខ្លាចអូនចាកចេញឆ្ងាយពីបង ហើយក៏ជាពេលដែលបងចាប់ផ្តើមដឹងថាបងស្រឡាញ់អូន ស្រឡាញ់ខ្លាំងបំផុត។ ពេលនោះបងគិតក្នុងចិត្តថា បើអូនត្រូវស្លាប់បងប្រាកដជាមិនអត់អោនអោយខ្លួនឯងឡើយ ហើយអ្នកដែលសម្លាប់អូនគឺជាបង។>
នៅពេលនោះតារាកាន់មានទឺកចិត្តអាណិត និង ស្រឡាញ់ចំពោះវិសុទ្ធកាន់តែខ្លាំងលើសដើម។ គេលួចយំតិចៗនៅពីក្រោយខ្នងវិសុទ្ធ។ គេគិតនៅក្នុងចិត្តតែម្នាក់ឯងថា (ឱបងវិសុទ្ធម្ចាស់ជីវិតអូន នៅពេលដែលបងបានដឹងថានៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះអូននឹងត្រូវចាកចេញឆ្ងាយពីបងដោយគ្មានថ្ងៃនិងវិលត្រឡប់ ហើយការចាកចេញនោះគឺដោយសារតែហេតុការណ៍កាលពីប៉ុន្មានឆ្នាំមុននោះឯង តើបងនិងមានអារម្មណ៍ឈឺចាប់ប៉ុណ្ណាទៅ? តើហេតុអ្វីបានជាព្រះជាម្ចាស់ដាក់ទោសពួកខ្ញុំម្លេះ?) គេនិយាយទៅកាន់វិសុទ្ធដោយសម្លេងតិចៗថា៖
-<ខ្នងបងពិតជាកក់ក្តៅណាស់ អូនសូមអរគុណចំពោះរឿងរ៉ាវគ្រាប់យ៉ាងដែលបងបានធ្វើល្អមកលើអូន ហើយអូនក៏សូមអរគុណចំពោះកម្មវិធីនៅល្ងាចនេះដែរ។ អូននិងចង់ចាំវានៅក្នុងបេះដូងអស់មួយជីវិតទោះបីជាអូនត្រូវស្លាប់ក៏ដោយ។>
វិសុទ្ធសើចតិចៗមិនតបអ្វីទេ ឯតារាចេះតែគិត ចំណែកវិសុទ្ធនិងពេលវេលាក៏ចេះតែដើរទៅមុខគ្មានពេលណាឈប់។ នៅក្នុងបន្ទប់គេងដោយសារតែអស់កំលាំងកាលពេលពីថ្ងៃវិសុទ្ធក៏គេងលង់លក់ទៅយ៉ាងស្កប់ស្កល់ នៅសល់តែតារាទេដែលចេះតែគិតពីនេះពីនោះមិនចេះចប់។ ដោយសារគេងមិនលក់គេយកសៀវភៅកំណត់ត្រារបស់គេ ដែលទុកនៅលខ្នងទូយកមកសរសេរ។ គេសរសេររៀបរាប់ពីរឿងរ៉ាវដែលបានកើតឡើងនៅក្នុងថ្ងៃនេះ។
ថ្ងៃថ្មីបានមកដល់ ព្រះអាទិត្យចាប់ផ្តើមរះបំភ្លឺភពផែនដីសារជាថ្មី។ ព្រះអាទិត្យរះជារៀងរាល់ថ្ងៃដោយមិនចេះនឿយហត់សោះឡើយ។ម៉ោងប្រមាណជា៧ព្រឹកទៅហើយវិសុទ្ធនៅមិនទាន់ភ្ញាក់ពីគេងនៅឡើយ មិនទាន់បានបើកភ្នែកផងវិសុទ្ធបានលឺសំលេងវីយូឡុងរបស់តារាលឺសូរល្វើយៗពីឆ្នេរសមុទ្រតាមការបក់បោកនាំមកដោយជំនោរនៃខ្យល់សមុទ្រ។ សម្លេងវីយូឡុងរបស់តារាធ្វើអោយវិសុទ្ធលង់ស្លុងអារម្មណ៍ចង់បន្តនៃការគេងរបស់គេបន្តទៀត តែគេខំបើកភ្នែករួចដើរទៅរានហាលមុខបន្ទប់ដើម្បីសម្លឹងមើលទៅតារា។ ឈរនៅពីរានហាលមុខបន្ទប់វិសុទ្ធបានឃើញតារាកំពុងតែកូដវីយូឡុងដោយបែរមុខទៅរកសមុទ្រ និង ព្រះអាទិត្យដែលកំពុងតែរះ។ វិសុទ្ធញញឺមតិចៗ រួចក៏ដើរត្រលប់មកគ្រែវិញ ប្រាវ គឺជាសម្លេងនៃការធ្លាក់ស៊ុមរូបថតរបស់តារា និង វិសុទ្ធ។ វិសុទ្ធគ្រលែកភ្លាមទៅរកកន្លែងដែលបន្លឺសម្លេង គេបានឃើញយ៉ាងច្បាស់ថាជាស៊ុមរូបថតរបស់ពួកគេទាំងពីរនាក់។ វិសុទ្ធដើរតម្រុងទៅកាន់រូបថតនឹងបានរើសវាថ្នមៗ ផ្ទាំងកញ្ចក់នៅពីមុខត្រូវបានបែកគ្មានសល់ឡើយ។ នៅពេលដែលវិសុទ្ធចាប់លើកស៊ុមរូចថតចេញមក គេបានឃើញកូនសៀវភៅមួយក្បាល។ វិសុទ្ធបានចាប់យកសៀវភៅនោះមកអាន គេបានដឹងភ្លាមថាសៀវភៅនោះជាសៀវភៅកំណត់ហេតុរបស់តារា ដោយចាប់ផ្តើមអានពីទំព័រទីមួយដែលមានខ្លឺមសារ៖
-ថ្ងៃទី១២សីហាឆ្នាំ២០០៧ ជាថ្ងៃដែលរោងចក្រ និង ក្រុមហ៊ុនរបស់គ្រួសារខ្ញុំត្រូវចានឆេះគ្មានសេសសល់អ្វី។
-៣០ សីហា ២០០៧ ប៉ាម៉ាក់បានសម្រេចចិត្តលក់ទ្រព្យសម្បត្តិ និង ភាគហ៊ុនទាំងប៉ុន្មានដែលសេសសល់ដើម្បីសងដល់ដៃគូពាណិជ្ជកម្ម និង បើកអោយកម្មករ។
-២ តុលា២០០៧ ប៉ាចាប់ផ្តើមឈឺរហូតត្រូវចូលសម្រាកនៅមន្ទីរពេទ្យម៉ាក់បានទៅខ្ចីលុយពីធនាគារដើម្បីព្យាបាលប៉ា។
-១០ វិច្ឆិកា២០០៧ ប៉ាបានចេញពីមន្ទីរពេទ្យ។
-៧ មករា ២០០៨ ម្ចាស់បំណល់ និង ធនាគារបានមកទារប្រាក់ពីម៉ាក់និងប៉ា តែពួកគាត់គ្មានលុយមួយរៀលទេ។
-១៥ មីនា ២០០៨ ម៉ាក់និងប៉ាបានទៅខ្ចីប្រាក់ពីមិត្តភក្តិនៅទីក្រុង តែជាអកុសលពួកគាត់ត្រូវជួបគ្រោះថ្នាក់ចរាចរណ៍ និង បនស្លាប់នៅមន្ទីរពេទ្យ។
-១៦ មីនា ២០០៨ បុណ្យសពរបស់ម៉ាក់ និង ប៉ាខ្ញុំមានតែខ្ញុំ អ្នកមីងវិជ្ជនីដែលជាមិត្តភក្តិម៉ាក់ខ្ញុំ និង មិត្តភក្តិប៉ាប្រមាណជា១០នាក់បានចូលរួម។
-៧ មេសា ២០០៨ ខ្ញុំសម្រេចចិត្តថាលក់ផ្ទះដែលនៅសល់ជាកេរ្តិ័ចុងក្រោយរបស់ក្រុមគ្រួសារខ្ញុំដើម្បីសងធនាគារ។
-៨ តុលា ២០០៩ ខ្ញុំសម្រេចចិត្តទៅរស់នៅទីក្រុងដើម្បីបន្តការសិក្សាដោយស្នាក់នៅផ្ទះរបស់អ្នកមីងវិជ្ជនីដែលជាមិត្តភត្កិរបស់ម៉ាក់។ ល្ងាចនោះដែរខ្ញុំបានទៅដល់ផ្ទះគាត់។
-៩ តុលា ២០០៩ ខ្ញុំបានជួបជាមួយកូនប្រុសតែមួយគត់របស់អ្នកមីងវិជ្ជនី គេឈ្មោះវិសុទ្ធ។ ថ្ងៃនោះគេដូចជាសម្តែងកាយវិការហាក់ដូចជាមិនសូវពេញចិត្តនិងវត្តមានរបស់ខ្ញុំឡើយ។ មើលទៅគេមនុស្សក្រអឺតក្រទោម និង វាយឬកណាស់។
-១២ តុលា ២០០៩ លោកវិសុទ្ធបាននាំខ្ញុំទៅទិញខោអាវ និង សម្ភារះសម្រាប់សិក្សា នៅថ្ងៃនោះដំបូងគេបាននាំខ្ញុំទៅផ្ទះរបស់សង្សារគេ រួចបន្តទៅផ្សារទំនើប។ នៅផ្សារទំនើបពួកយើងបានចូលភោជនីយដ្ឋានមួយ តែមិនទាន់បានញាំផងគេបានអោយខ្ញុំទៅទិញសំបុត្រកុនអោយគេ។ ពេលបានសំបុត្រកុនអោយគេ គេបានអោយលុយខ្ញុំមួយចំនួនដើម្បីទិញសម្ភារះសិក្សា រួចពួកគេទាំងពីរនាក់បានទៅមើលកុនបាត់ដោយណាត់មកជួបគ្នានៅកន្លែងដដែល។ តែពេលដែលខ្ញុំត្រឡប់មករងចាំពួកគេ គេមិនបានមកទេ ខ្ញុំអស់លុយរលីងពីខ្លួន ក្រពះក៏ឃ្លាន ភ័យក៏ភ័យព្រោះមិនដែលស្គាល់ទីនោះ។ ខ្ញុំចាំពួកគេរហូតដល់ផ្សារបិទ ហើយសន្តិសុខផ្សារបានដេញខ្ញុំចេញ ពេលនោះខ្ញុំមិនបានដឹងថាត្រូវទៅណានោះទេ ខ្ញុំចេះតែដើរដើរទៅ។ ម៉ោង១២យប់ទៅហើយ អត់បាយមួយថ្ងៃ ពេលនោះមេឃភ្លៀងទៀតមិនដឹងទៅជ្រកទីណាឡើយ ខ្ញុំបានទៅជ្រកភ្លៀងជាមួយជនអនាថា ពេលនោះរាងកាយខ្ញុំស្ទើរតែដួលសន្លប់ទៅហើយ។ ប៉ូលីសបាននាំយកខ្ញុំនិងជនអនាថាមួយចំនួនទៅប៉ុស្តិ័ប៉ូលីស តែខ្ញុំបានបាត់បង់ស្មារតីទៅហើយ ពេលដឹងខ្លួនគឺនៅមន្ទីរពេទ្យ។
-២០ តុលា ២០០៩ ជាថ្ងៃដែលខ្ញុំចូលរៀនដំបូង ខ្ញុំបានជិះឡានទៅជាមួយវិសុទ្ធ។ ភ្នែកគេសម្លក់ខ្ញុំរហូត ខ្ញុំមានអារម្មណ៍ថាខ្លាចគេ តែចង់យល់ពីគេ។
-២១ តុលា ២០០៩ ខ្ញុំបានជិះឡានទៅជាមួយគេ តែដល់ពាក់កណ្តាលផ្លូវគេបានអោយចុះដើរទៅសាលា។ គេធ្វើបែបនេះជារៀងរាល់ថ្ងៃមកលើខ្ញុំ។
-១៩ មករា ២០១០ ខ្ញុំបានដឹងថាវិសុទ្ធបានប្រើប្រាស់គ្រឿងញៀន។
-២៥ មករា ២០១០ ខ្ញុំមានអារម្មណ៍ដឹងថាខ្ញុំអាណិត និង ស្រឡាញ់គេខ្លាំងណាស់ទោះជាគេធ្លាប់ធ្វើបាបខ្ញុំយ៉ាងណាក៏ដោយ។
-២ កុម្ភះ ២០១០វិសុទ្ធបានរត់ចេញពីផ្ទះ។
-៣ កុម្ភះ២០១០ ខ្ញុំបានចេញដើររកវិសុទ្ធគ្រប់ទិសទី។
-១០ កក្កដា ២០១០ខ្ញុំបានដឹងពីកន្លេងដែលវិសុទ្ធកំពុងស្នាក់នៅ។ ខ្ញុំបានប្រាប់ទៅអ្នកម៉ាក់វិជ្ជនី។ ហើយថ្ងៃនោះដែរជាថ្ងៃដែលខ្ញុំត្រូវរងគ្រោះជំនួសវិសុទ្ធ។
-១៤ កក្កដា ២០១០ នៅពេលដែលខ្ញុំបើកភ្នែកបានឃើញវិសុទ្ធគេងកំដរខ្ញុំ ហើយដៃគេកាន់ដៃខ្ញុំយ៉ាងណែន។ ចាប់ពីពេលនោះមកវិសុទ្ធតែងតែធ្វើអំពើល្អមកលើខ្ញុំ ហើយខ្ញុំក៏បានខិតខំជួយគេដើម្បីផ្តាច់គ្រឿងញៀន។ ខ្ញុំមានអារម្មណ៍ដឹងច្បាស់ថាខ្ញុំស្រឡាញ់វិសុទ្ធ។
-១០ សីហា ២០១២ មនុស្សដែលតែងតែស្អប់ និង ធ្វើបាបខ្ញុំ បានសារភាពថាស្រឡាញ់ខ្ញុំ ខ្ញុំពិតជាមានក្តីសុខខ្លាំងណាស់។
-៧ មករា ២០១៣ ពួកយើងបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ហើយពួកយើងក៏បានធ្វើការនៅសណ្ឋាគាររបស់អ្នកម៉ាក់វិជ្ជនី។
-២៥ កញ្ញា ២០១៣ស្នេហាខ្ញុំនិងបងវិសុទ្ធបានដឹងដល់ម៉ាក់ បងវិសុទ្ធបាននាំខ្ញុំចាកចេញឆ្ងាយពីផ្ទះ។
- ២ វិច្ឆិកា ២០១៣ ថ្ងៃនេះជាថ្ងៃខួបកំណើតខ្ញុំបងវិសុទ្ធបានធ្វើអោយខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង។ គាត់បានរៀបចំកម្មវិធីខួបកំណើតមួយអោយខ្ញុំដែលធ្វើអោយខ្ញុំមិនអាចបំភ្លេចបានឡើយខ្ញុំពិតជាស្រឡាញ់បងណាស់ បងវិសុទ្ធ។ តែនៅថ្ងៃនោះដែរខ្ញុំបានទៅពីគ្រោះជំងឺជាមួយគ្រូពេទ្យ ដោយសារតែខ្ញុំចេះតែឈឺក្បាលមិនបាច់សោះ។ គ្រូពេទ្យបានប្រាប់ខ្ញុំថា ខ្ញុំមានជំងឺឈាមកកនៅក្នុងខួរក្បាល ត្រូវធ្វើការវះកាត់ជាបន្ទាន់ តែការសង្ឃឺមមានត្រឺមតែ១០ភាគរយប៉ុណ្ណោះ តែបើមិនវះកាត់ទេខ្ញុំអាចរស់បាន៥ទៅ៦ខែទៀតប៉ុណ្ណោះ។ ខ្ញុំពិតជាខ្លាចខ្លាំងណាស់ ខ្ញុំមិនចង់បាត់បង់មនុស្សដែលជាទីស្រឡាញ់របស់ខ្ញុំឡើយ ហើយបើខ្ញុំស្លាប់ទៅតើបងវិសុទ្ធមានអារម្មណ៍យ៉ាងណា គាត់ឈឺចាប់យ៉ាងណា? ខ្ញុំមិនដាច់ចិត្តហារស្តីប្រាប់គាត់ពីរឿងនេះឡើយ។
អានចប់ដល់ចំណុចនេះវិសុទ្ធស្ទើរតែគាំងបេះដូង។ ដៃគេទាំងគូញ័រកាន់សៀវភៅស្ទើរតែមិនជាប់ កែវភ្នែកស្រវាំង ជោរជន់ទៅដោយទឺកភ្នែក។ វិសុទ្ធស្ទើរតែមិនជឿនូវអ្វីដែលគេបានអានដោយផ្ទាល់ភ្នែក គេគិតថាតារាគ្រាន់តែចង់លេងសើចនឹងគេ តែនេះជាការពិតដែលមិនអាចបំភ្លៃបានឡើយ។ ពេលនេះវិសុទ្ធទទួលបាននូវអារម្មណ៍មួយថាបេះដូងគេចាប់ផ្តើមឈឺចាប់ ខ្ទេចខ្ទាំប្រេះបែកជាបំណែកអស់ទៅហើយ។ ស្នេហាដែលគេសង្ឃឹមថានឹងមានសេចក្តីសុខនឹងគ្នារហូតដល់ចាស់រៀងខ្លួនពេលនេះកំពុងតែប្រឈមនឹងការបាត់បងទៅហើយ។ តើអ្នកណាមួយមិនស្លុត អ្នកណាមួយមិនភ័យ អ្នកណាមួយមិនខ្លាច នៅពេលដែលបានដឹងថាមនុស្សដែលខ្លួនស្រឡាញ់ស្មើនិងជីវិតនឹងត្រូវចាកចេញដោយគ្មានថ្ងៃវិលត្រឡប់នៅរយះពេលតែកន្លះឆ្នាំខាងមុខ? ពិតជាឈឺ ពិតជាភ័យ ពិតជាខ្លាចខ្លាំងណាស់ ប្រៀបបាននឹងការយកកាំបិតដ៏មុតមកពុះទ្រូងរូងយកបេះដូងអោយចេញមកក្រៅ។ ពេលនេះវិសុទ្ធបានត្រឹមតែសម្រក់ទឹកភ្នែកតែប៉ុណ្ណោះ គេគ្រវីក្បាលតិចៗ និង និយាយតែម្នាក់ឯងថា (ទេ ទេ ទេ បងមិនអោយអូនចេញពីបងទេ មិនអាចទេ អូនបានសន្យារួចហើយថានឹងនៅជាមួយបង ពួកយើងនឹងនៅជាមួយគ្នារហូតដល់ពួកយើងចាស់ បងមិនព្រមលែងដៃអូនទេ។) និយាយបណ្តើរ ទឹកភ្នែករបស់គេស្រក់ចុះមកមិនដាច់ គេយកសៀវភៅកំណត់ហេតុរបស់តារាអោបជាប់នៅនឹងដើមទ្រូងរបស់គេយ៉ាងណែន។
តើនឹងមានអ្វីកើតឡើងនៅភាគទី៨? នៅពេលដែលវិសុទ្ធបានដឹងថាតារានឹងត្រូវស្លាប់នៅរយះពេលតែ៥ឬ៦ខែទៀត តើវិសុទ្ធនឹងធ្វើយ៉ាងណា? តើស្នេហាដ៏ស្មោះស្ម័គ្រ នឹង ផ្អែមល្ហែមមួយគូនេះនឹងត្រូវព្រាត់ប្រាស់គ្នាមែនទេ? សូមរង់ចាំអាននៅភាគបន្តទៀត!

No comments:

Post a Comment