Breaking

Sunday, September 13, 2020

រឿង អ្នកជម្ងឺទី1 (ភាគ1)

រឿង អ្នកជម្ងឺទី1
(ភាគ1)
និពន្ធដោយ Wong Nau



From: Future bold man
* អ្នកគ្រូ ខុម ជួយខ្ញុំផង មិនដឹងវាកើតអីទេ ខ្ញុំសួរយ៉ាងមេចក៏មិនប្រាប់។ ហើយចរិតវាឆាប់មួម៉ៅ និយាយស្តីមិនល្អសោះ។ នេះជាសម្តី មីងម្នាក់ក្នុងសហគមន៍ ស្ទឹងមានជ័យ ដែលមករកសេវ៉ាប្រឹក្សាពីខាងខ្ញុំ។
👩 ច៎ា... មីង! មីងសួរគាត់ពេលនេះក៏អត់ទាន់បានអីដែរ។ ទាល់តែអ្នកមានជំនាញសួរដូចពួកខ្ញុំបាននិយាយជាមួយគាត់បាន។ អញ្ជើញ​ទៅវិញចុះមីង ចាំស្អែកជួបគ្នាម៉ោងបីរសៀល។
មីងស្រីពៅជំរាបលា ត្រឡប់ទៅផ្ទះវិញ។ នេះជាអ្វីដែលខ្ញុំបានឃើញ ក្នុង​ថ្ងៃការងារដំបូង ជា counselor។ បងខុមគាត់បានទុក case នេះអោយខ្ញុំបញ្ចេញសម្ថភាព ធ្វើការប្រឹក្សាយោបល់ កែប្រែ យុវជន ធារិត កូនមីងពៅ។ តាមពិតខ្ញុំជាគ្រូភាសាអង់គ្លេស ទេ តែដោយសារ ស្រលាញ់ចូលចិត្ត ការងារជា Counselor ទើបសុំខ្លួនជា ជំនួយការក្រៅម៉ោង អោយបងខុម ដើម្បីបានបទពិសោធន៍ថ្មីៗ យកមកដាក់ខ្លួន។
👩 អូនស្អែកម៉ោង3រសៀល។ តែមើលទៅប្រហែលនាំកូនមកមិនបានទេ បើសិនមិនបានមកទាល់តែយើងទៅរក ដល់ផ្ទះហើយអូន។
🧔 បាទបង!
ថ្ងៃស្អែក មីងពៅបាននាំកូនប្រុសគាត់មកគេ ជាក្មេងជំទង់អាយុ17ឆ្នាំ ត្បិតតែមីងស្រីពៅគាត់រូបរាងមិនសូវស្អាត(មុខជាំ សក់កន្ទ្រើង)​តែកូនប្រុសគាត់មិនដូចគាត់ទេ គ្នាសាច់ ស រាងស្តើង ខ្ពស់ រូបរាងគួសមដែរ។ ចំណែកមូលហេតុ​ដែល ធារិតត្រូវបង្ខំចិត្តមកទីនេះ ប្រាប់ដោយខ្លីចុះ គឺព្រោះ​តែគ្រួសារគេ ទទួល​ជំនួយពីអង្គការ។
👩ធារិត ជួយប្រាប់ម៉ាក់ខុមបានអត់ថា កូនមានរឿងអ្វី? បានជាមិនចូលរៀន? ម៉ាក់ចង់ជួយកូន... អ្នកនៅទីនេះគេស្រលាញ់កូន ចង់ដឹងសុខទុក្ខកូន។ កូនមានរឿងអី? វិបត្តិអី? កូននិយាយមក ម៉ាក់ជួយដោះស្រាយ ម៉ាក់អត់បន្ទោសកូនទេ កន្លងមកកូនជាក្មេងល្អតើ ហើយម៉ាក់ចង់អោយកូនរីករាយដូចកាលមុន។ បើមានរឿងអីសម្ងាត់ចង់និយាយតែ2នាក់សិនក៏បាន។ ម៉ាក់ធ្វើការផ្នែក counselor នេះ 3ឆ្នាំហើយ ម៉ាក់ធានា រាល់ការងារមិនបែកធ្លាយ វាជាក្រមសីលធម៌ របស់ម៉ាក់ កូនអាចទុកចិត្តបាន100%។ ធារិត កូនមើលមុខម៉ាក់ខុមតិចមើលកូន?
ដោយសារយុវជននោះ មិនព្រមមើលមុខទេ គិតតែពី ឈ្ងោកមុខចុះ....។
* វាធ្វើតាចឹងអ្នកគ្រូខុម បានជាខ្ញុំពិបាកចិត្តអើយពិបាកមិនដឹងថាធ្វើមេច? សួរវាខ្លាំងវាខឹងខ្ញុំទៀត (សម្តីមីងពៅ)​
🧔 មីងពៅ... ខ្ញុំ គិតថាទុកអោយបងខុម និយាយជាមួយគាត់តែ2នាក់សិនទៅ។ តោះមីង មកក្រៅសិនមក។ (ខ្ញុំ​ហៅគាត់មកក្រៅព្រោះគិតថា បើកូនគាត់ស្តាប់គាត់ច្បាស់ជានិយាយគ្នាបានយូរណាស់ហើយ មិនមែនរាំរ៉ៃចឹងទេ។)​
ពេលនៅក្រៅជាមួយមីងពៅ ខ្ញុំឆ្លៀតសួរនាំគាត់រកពត៌មានបន្ថែម ដើម្បីងាយស្រួលរកដំណោះស្រាយក៏ដូចជាដឹងថាគួរធ្វើយ៉ាងណាៗបន្ទាប់ទៀត។ តាមរយៈ​ការសួរមីងពៅ ខ្ញុំ​ដឹងថា ធារិតកូនគាត់មានសេពគប់ជាមួយ gay។ មីងពៅគាត់ហៅមិត្តកូនគាត់ថា អាខ្មៅ មីចរណៃជាអ្នកនាំដើរ,​ ធ្លាប់ដើរដាច់យប់... ។ មួយរយៈមុន ឃើញតែលេងទូរសព្ទ ហៅអោយជួយអីមិនចង់ក្រោកទេ។ ដល់ថ្មីៗនេះ ធ្វើមុខស្រពោនៗ សង្ងំដេក មិនចង់ធ្វើអ្វីទាំងអស់, ឆាប់ខឹងមួម៉ៅ,​ស្តីថាច្រើនសង្ងំយំ... ជាដើម ។ ខ្ញុំ​និិយាយលេងជាមួយមីងពៅ ប្រហែលជា ជិត1ម៉ោង ទើបឃើញធារិត ចេញមកវិញ គេហាក់គ្រាន់ជាងមុន រាងក្លាហាន ហ៊ានមើលមុខខ្ញុំ ចំៗតែប្រញ៉ាប់ដាក់ភ្នែកចុះ កាយវិការដូចមនុស្សគ្មានទំនុក ឬមួយក៏អៀននឹងប្រុសខ្ញុំ​ឆ្ងល់?
🧔 ធារិត បងសង្ឃឹមថា ប្អូននឹងមានអារម្មណ៍ល្អឡើងវិញណោះ... បន្ទាប់ពីបាន និយាយរឿងរ៉ាវប្រាប់បងខុម។ ខ្ញុំ និយាយផងញញឹមផងលើកកម្លាំងចិត្ត គាត់។
👦 បាទបង ខ្ញុំ​អរគុណ​🙏 🙏🙏​ពួកបងៗណាស់
ខ្ញុំ ញញឹមហើយប្រាប់មីងពៅ
🧔 មីងឈប់បារម្ភនិងដាក់សម្ពាធ ចង់ដឹងចង់លឺ ពីធារិតទៀតទៅ មីងធ្វើដូចធម្មតា ធម្មតា ដូចកាលគាត់មិនមានបញ្ហា។ និយាយចឹង ធារិត បងខុមណាត់មកពេលណាទៀត?
👦 បាទបង ថ្ងៃសុក្រណឹង។
🧔ណឹងហើយ...​ចាំជួបគ្នាម្តងទៀត ថ្ងៃសុក្រ
ពួកគាត់បណ្តើគ្នាត្រសង ទៅវិញ តែមីងពៅដូចជាមានរឿងសួរនាំកូនគាត់ច្រើន...ខ្ញុំ ឈរសម្លឹងទៅពួកគេ មួយសន្ទុះធារិតងាកមកញញឹមដាក់ខ្ញុំ... ខ្ញុំ គិតថាបែបគ្នាសប្បាយចិត្ត ព្រោះ​មានអ្នកជួយលើកទឹកចិត្ត ក៏ញញឹមទៅកាន់ក្មេងនោះវិញ មុុនចូលទៅដឹងរ៉ាវពីបងខុមថា។
🧔 បងខុមបងឯងដាក់ថ្នាំអីបង? មើលទៅរាងគ្រាន់។
👩 មានថ្នាំអីអូន បងនិយាយរឿងបងអោយគាត់ស្តាប់ណឹង! មើលទៅកូនណឹងបែបមានវិបត្តិ ស្នេហ៍​ព្រោះ​វានិយាយមករបៀបថា វាតូចចិត្ត វាមិនល្អដូចគេ អន់ជាងគេ ។ ដល់តែបងសួរថា មើលកូនឯង និយាយប្រាប់ម៉ាក់ខុមតិចមើលថា តូចចិត្តរឿងអីខ្លះ?​ យកអាងាយៗក៏បានមិនបាច់សុីជម្រៅទេ។ គាត់ថា <មិនដឹងថាមេចទេម៉ាក់ដឹងត្រឹមថា ខ្ញុំអន់ជាងគេ ដូចជាគ្រួសារក្រ>។ បងសួរវិញ ចុះពីមុនមេចរស់នៅសប្បាយចិត្តបាន ចុះលូវ មេចទើបចេះពិបាកចិត្ត? គាត់ថា <ឥលូវកាន់តែធំកាន់តែដឹង ចេះខ្មាស់អៀន។> បងសួរវឹបហ្មង ចឹងម៉ាក់សួរ មានសង្សារនូវ? ប្រាប់ម៉ាក់អោយត្រង់មើល? គាត់អេះអុញ... ក្តាប់​ដៃទៅមក រួចថា <អត់មានទេ> បងសួរទៀតចុះ ចេះលួចស្រលាញ់ ឬ មានលួចស្រលាញ់អ្នកណាអត់? កុំកុហក់ម៉ាក់ ម៉ាក់ធ្លាប់ឆ្លងកាត់វ័យប៉ុនៗកូនឯង។ គាត់ងក់ក្បាល។
🧔ចុះបងមានសួរថា លួចស្រលាញ់គេណឹងមានដែរប្រាប់គេឬលាក់បាំងតែឯងទេ?
👩 បងសួរគាត់ថា ដែលសារភាពអត់? តែគាត់អត់ឆ្លើយ ទើបបង សរុបថា ពីមុនអត់មានស្នេហា អត់ពិបាកចិត្តឥលូវមានស្នេហាចេះពិបាកចិត្ត។
🧔 បងខ្ញុំថា គាត់​ស្រលាញ់​ប្រុសដូចគ្នាទេដឹង? (ខ្ញុំ​និយាយកាត់)​
👩 មេចអូនយល់ចឹង?
🧔 ចុះបើមីងពៅថា កូនគាត់សេពគប់ខ្ទើយ ឈ្មោះចរណៃ ហើយថាអាមួយណឹងចេះនាំដើរលេងដាច់យប់... ហើយចរិតកូនគាត់ប្លែកតាំងពីពេលណឹង។
👩 បង​សង្ស័យ​ដែរ មើលទៅកូនណឹងវារម្យទម (ដូចស្រី)​ ហើយសំខាន់បងសួរថា ថីបានចេះតែគិតថាខ្លួនឯងអន់ជាងគេ? ស្រលាញ់ស្រីអ្នកមានជាងឬមេច? ស្រីគេល្អខ្លាំងពិបាកឈោងចាប់ឬមេច? ឬក៏វាអីអីយ៉ាងមេច? ... គាត់អត់ឆ្លើយសោះ មើលទៅបែបដូចអូនឯងថាហើយ។
🧔ចុះបងអែងចេះលួងអោយឆ្លើយអត់មើលទៅ?
👩 ចាំជួបលើកក្រោយ... (បងខុមនិយាយទាំងវាយចិញ្ចើមព្រើតផង)​ វាជារឿងខ្មាស់សុីជម្រៅដែរអូន... ក្រែងគ្នាមិនទាន់ហ៊ាននិយាយភ្លាមៗ។ ថ្ងៃណឹងបងគ្រាន់តែនិយាយកុំអោយគាត់អស់សង្ឃឹម ថាគ្រួសារ វាសនាមិនល្អដូចគេ។ បងនិយាយពីប្រវត្តិបង កំសត់ប្រាប់គាត់ ហូរហែរ ទើបបងប្រៀបធៀបថា ប៉ុនគាត់ វាគ្មានកំសត់អីលើសបងទេ បងស្រីផង បងនូវតស៊ូ ជំនះបាន។ គាត់ ស្តាប់យូរៗទៅក៏រាងធូចិត្ត។ មនុស្សណាអូន ពេលគេដឹងថាយើងឈឺចាប់លំបាកវេទនាដូចគេ គេក៏មានអារម្មណ៍ថា មិនមែនមានតែខ្លួនឯងដែលកំសត់ ហើយគេគិតថាយើងអាចយល់ចិត្តគេបាន យើងជាមនុស្សជជែកត្រូវរ៉ូវគ្នាជាមួយគេ។ អាណឹងហើយគេហៅថា វិធីបើកដួងចិត្តអ្នកជម្ងឺ។ បើកបានម្តងជាពីរដង បើកទាល់តែគាត់ទុកចិត្តយើង។ ពេលណឹងហើយយើងអាចហែកយើងអាចខ្វេះ អាថ៌កំបាំង​នៃវិបត្តិិពិតរបស់គាត់ចេញមកបានហើយ។
ខ្ញុំ​លើកមេដៃអោយបងខុម... ព្រោះ​សម្តីគាត់វាត្រូវចិត្តខ្ញុំ
🧔 បងឯង3ឆ្នាំនៅទីនេះ មិន​អត់ ប្រយោជន៍​ទេ
👩 យីអូន 3ឆ្នាំនៅនេះមែន តែ3ឆ្នាំនៅព្រះវិហារទៀតណា។
🧔 ណឹងហើយបានថា... សូមបងជួយណែរនាំផង,​ Idol
ពួកយើងនាំគ្នាសើចពេញ Office (3*4) របស់យើង ។ត្បិតតែបងខុមគាត់ ធាត់មើលទៅដូចមនុស្សចាស់ តែគាត់អាយុ បងខ្ញុំតែ1ឆ្នាំទេ ហើយខ្ញុំចូលចិត្តគាត់ត្រង់ គាត់ជាមនុស្សនិយាយត្រង់ៗ ច្បាស់ៗ មិនសូវលាក់លៀម អៀនប្រៀនអីទេ។ អ្វីដែលសំខាន់គាត់ចេះ រីលែកដោយធម្មជាតិ គឺ ធ្វើការតែស្មុគពេក គាត់ស្រែកច្រៀងគ្មានខ្វល់អ្នកណាលឺទេ បទសម័យៗក៏ចេះពីដើមក៏ចេះ ហើយបទលោកព្រាបសុវត្ថិក៏គាត់យកមកច្រៀងលេងដែរ។ ក្រៅពីស្រែកច្រៀងមិនរើសកន្លែង ហើយគាត់ ចេះអួតឬ និយាយលើកទឹកចិត្តខ្លួនឯងទៀត 
 💓💓 ពិតជាមនុស្សពូកែររករឿងសប្បាយដាក់ខ្លួនណាស់។ ពេលណាទំនេរអស់ case ដោះស្រាយគាត់បើករឿងមើល (កំផ្លែង)​ហើយអង្គុយសើច ហាស ហាស ហាស លឺៗ គ្មានជំពាក់អ្នកម៉ារៀល។ ថ្ងៃនេះ​ប្រធានសាខា ចង់រឹងពោះរបស់គាត់ គឺគាត់និយាយសើចៗ រហូតមេសាខា ទប់មិនបាន សើចតាមទាំងមិនដឹងរឿងអីសោះ... សើចឡើងចុកពោះ ម៉ាហត់បានទៅធ្វើការរៀងៗខ្លួន នេះហើយជីវិត បងស្រី counselor រួមបន្ទប់របស់ខ្ញុំ។ បើនិយាយពីការងារវិញ មិនមែនមានអ្នកមកទទួលសេវ៉ាប្រឹក្សាតែធារិតម្នាក់ទេ តែ Case ផ្សេងៗវាអត់សូវមានអីនិយាយ ដូចជាក្មេងឈ្លោះគ្នារឿងដណ្តើមរបស់ប្រើប្រាស់...បុគ្គលិកមើលក្មេងខឹងគ្នា...ឬធ្វើឥរិយាណាមួយមិនគប្បី ហើយក្មេងមកប្តឹង ក៏ជាការងារគាត់ដែរ... ពេលខ្លះប្តីប្រពន្ធឈ្លោះគ្នា.. និយាយទៅទីណាមានរឿងគឺមានគាត់ ដល់ថ្នាក់គេហៅថា បងមុខសន្សំរឿង😂 អូហ៍ ភ្លេច ក្រៅពីការងារខាងលើ បងខុមគាត់មានការងារមួយទៀតគឺ និទានរឿង អោយក្មេងជំទង់ៗ 13-15ឆ្នាំស្តាប់ បណ្តុះស្មារតីពួកគាត់ ជា Junior Leadership តែកម្មវិធីណឹងដូចជា មួយសប្តាហ៍ ម្តងទេ។ តែពេលខ្លះក្មេងៗចូលចិត្តគាត់ ចេះតែមកលេងរឿយៗ រាយការណ៍​ពីអារម្មណ៍ពួកគេ ឬ និយាយរឿងមិត្តភត្តិដែលមានបញ្ហាផ្សេងៗ ប្រាប់គាត់។ ឥលូវកុំអោយដាច់សាច់រឿងខ្ញុំលើករឿង ធារិតមកនិយាយបន្ត ។
ថ្ងៃសុក្របានមកដល់ ធារិតមករកពួកខ្ញុំតែម្នាក់ឯងទេ។ ទឹកមុខមិនស្រស់ថ្លាទេ តែក៏មិនស្រយ៉ុងឈ្ងោកដូចមុនៗពេកដែរ។
👦 ជំរាបសួរម៉ាក់ខុម និងលោកគ្រូ
ក្រោយពីសួរសុខទុក្ខពីនេះពីនោះ លក្ខណៈ​កំដៅភាពស្និតស្នាលហើយ បងខុមចាប់ផ្តើម
👩 អើធារិត ម៉ាក់ចង់និយាយជាមួយកូនត្រង់ៗតែម្តងទៅរឿង អារម្មណ៍​ស្រលាញ់របស់ធារិត។ តែដំបូងម៉ាក់ចង់ប្រាប់ពីអារម្មណ៍ម៉ាក់ចំពោះរឿងណឹងសិន។ ម៉ាក់ជាអ្នកកាន់ព្រះពុទ្ធសាសនាម្នាក់ បើទោះជាពីមុនមកម៉ាក់មានប្រវត្តិការងារពីព្រះវិហារគ្រឹស្តក៏ដោយ។ ដូចកូនដឹងស្រាប់ហើយថា អាថ៌កំបាំង​ទី1 ដែលធ្វើអោយម៉ាក់មានថ្ងៃនេះ គឺ... ម៉ាក់តស៊ូ... មកពីតស៊ូ ទើបម៉ាក់មានសំណាង... បានឈានមកដល់សព្វថ្ងៃនេះ។ ចឹងម៉ាក់ចង់ប្រាប់កូនថា កូនឯងនៅក្មេង នៅមានអនាគតវែងឆ្ងាយទៀត បើប្រៀបនឹងម៉ាក់កូនឯងមានចំនុចផ្តើមល្អជាងម៉ាក់ផង។ ម៉ាក់កាលវ័យ 17ឆ្នាំ គឺពេញយ៉ាប់ ដឹកនុំបញ្ចុក កាត់សាលាដងណា ស្រក់ទឹកភ្នែករហូត ឃើញមិត្តភត្តិបានរៀន ឯខ្លួនឯង ត្រូវទៅលក់នុំបញ្ចុក។ ចេះតែសួរខ្លួនឯង មិនដឹងអនាគតបានល្អដូចគេមេចទេ បើអត់វិជ្ជាជាស្ពានចំលង ចឹង? ល្ងាចយប់ជិះកាសាលាយំទៀតហើយ បានមួយរយៈម៉ាក់លក់ដូររៀងដាច់ មានលុយខ្លះ ទើបម៉ាក់ ជូតទឹកភ្នែកហើយប្រាប់ខ្លួនឯងថា កុំអស់សង្ឃឹម ម៉ាក់ធ្វើត្រឹមត្រូវហើយ ជាកូនស្រីច្បង ត្រូវតែលះបង់ ដើម្បីគ្រួសារ និង ប្អូនៗ។ ហើយអាថ៍កំបាំងទី2 ដែលធ្វើអោយម៉ាក់ទទួលបានសំណាងនោះគឺ ម៉ាក់ស្មោះត្រង់ចំពោះខ្លួនឯងក៏ដូចជាមនុស្សជុំវិញខ្លួន។ បើកាលណោះម៉ាក់ ខ្មាស់អៀនមិនហ៊ាននិយាយពីទុក្ខលំបាកប្រាប់ មីងជិតផ្ទះថាម៉ាក់ចង់រៀន បានខ្ពស់ដូចមិត្តភត្តិ បែបគាត់មិនហៅម៉ាក់អោយចូលព្រះវិហារ បានរៀនសូត្របន្តទេ។ ហើយបើម៉ាក់មិនស្មោះត្រង់ចំពោះបំណងខ្លួនឯង ម៉ាក់មិនហ៊ានសុំការងារគេធ្វើ... សុំអោយប្អូនបានចូលរៀន... ក៏ម៉ាក់មិនបានធ្វើជា counselor ដូចសព្វថ្ងៃនេះដែរ...។ ចឹងអ្វីៗត្រូវចាប់ផ្តើមពីការស្មោះត្រង់ចំពោះខ្លួនឯង ស្តាប់សម្លេងត្រូវការ របស់បេះដូងខ្លួនឯងណាកូន។ ដូចពេលនេះចឹង បើកូនមានបញ្ហាអី ចង់បានអ្វី កូននិយាយអោយអស់មក ចាំម៉ាក់ជួយអោយយោបល់ ថាគួរដោះស្រាយបែបណា ដើរតាមផ្លូវណា។
បងខុម ដកដង្ហើម វែងៗ ប្រើកែវភ្នែកដ៏ស្រទន់ បង្កប់ដូចថាមពលចិត្តអាណិតអាសូរបញ្ជូនទៅកាន់ធារិត។
👩 ម៉ាក់ចង់ប្រាប់កូនថា ក្នុងបន្ទប់នេះ ក្រៅពីម៉ាក់និងលោកគ្រូ គឺកូនជាអ្នកទី3 ហើយរាល់ពត៌មាន គឺដឹងតែយើង3នាក់ទេ។
🧔ត្រូវហើយធារិត អារម្មណ៍​ដែលច្របូកច្របល់ ខ្មាស់អៀនអ្នកណាៗក៏មានដូចតែគ្នាទេ។ តែបើយើងនិយាយចេញមកលើកទី1បាន លើកទី2យើងនឹងអាចនិយាយបានស្រួលជាងមុន។ ហើយជឿលោកគ្រូចុះ តែកាលណាបាននិយាយចេញគឺបានធូក្នុងចិត្តហ្មងទោះបញ្ហាមិនទាន់បានដោះស្រាយក៏ដោយ ព្រោះ​ហោចណាស់វាមិននៅស្ទះតែជាមួយយើងម្នាក់ឯង។
ធារិត មើលខ្ញុំ មើលលែងៗ
👩 ធារិតកូនឯង ស្រឡាញ់​ប្រុសគ្នាឯងត្រូវអត់? (បងខុមនិយាយខ្សឹបៗ)​
ធារិតបើកភ្នែកធំៗ ហើយដូចចង់ញ័រខ្លួន។ បងខុមគាត់ចាប់ដៃធារិត។ ពួកយើងព្យាយាមបង្ហាញចិត្តស្ងប់ សម្លឹងទៅគាត់
👩 ត្បិតតែសង្គមយើងគេមិនទទួលស្គាល់ តែម៉ាក់ទទួលស្គាល់និងយល់ដឹងពីរឿងនេះ កូនអត់មានអីខុសទេ ម៉ាក់អត់រើសអុើងកូនទេ។ មកពីកូនទន់ខ្សោយខាងស្មារតី ឬផ្នែកណាមួយនៃអារម្មណ៍ ទើបកូនមានទំនោរបែបនេះ។
🧔ធារិត កុំភ័យ ពួកបងយល់ចិត្តប្អូន រឿងនេះជារឿងសម្ងាត់។ កាលដែលបងសួរព្រោះបង ចង់ដឹងថាប្អូនឈានដល់កំរិតណា?
ធារិតហាក់នៅតែភ័យ ហើយមិនអាចនិយាយអ្វីបានដដែល។
👩 ចុះឥលូវមិត្តភត្តិ នៅតែដើរជាមួយគ្នាដដែលឬឈប់ហើយ?
👦 មិត្តភត្តិ ណាម៉ាក់?
👩 ម្នាក់មួយឈ្មោះចរណៃនោះ?
👨ខ្ញុំ​ឈប់ដើរជាមួយវាហើយ ម៉ាក់
👩មូលហេតុ​អីដែរ?
👦អាណឹងវាឈ្លោះគ្នា វាមើលងាយខ្ញុំ ខ្ញុំ​មិនចង់ដើរជាមួយវាទៀតទេ។
👩 ហេតុអ្វី​បានជាវាមើលងាយកូន? មើលងាយបែបណា?
👦 វាធ្វើអីចេញមក ដូចវាល្អពូកែរជាងខ្ញុំគ្រប់យ៉ាង... ខ្ញុំ​មិនដល់វា...​
👩 ស្នេហាត្រីកោណមែនកូន?
👦 អត់ទេ...​ខ្ញុំ​មិនដណ្តើមស្អីជាមួយវាទេ.....
ដោយមើលទៅ ធារិតមិនចង់និយាយអ្វីលើសពីណឹងទើបបងខុម សម្រួលអារម្មណ៍វា មកនិយាយពីរឿងរៀនសូត្រវិញម្តង
👩ចុះឥលូវកូនមានអារម្មណ៍បាត់ស្មុគស្មាញខ្លះឬនូវ កុំអោយគេមើលងាយត្រូវតែរៀនអោយល្អជាងគេ មានការងារល្អជាងគេ ទាល់តែយើងពូកែរ ទើបគេឈប់មើលងាយយើង។ តោះអាចត្រឡប់មកចូលរៀនទៀងទាត់វិញបាននូវ?
👦 ខ្ញុំ​ឈប់មួយរយៈចឹងរៀនវិញបែបមិនសូវទាន់គេទេ ត្រូវការប្រឹងប្រែងនិងពេលវេលាខ្លះ។
👩​ហើយតាំងចិត្តនូវកូន? ស៊ូស៊ូណា ម៉ាក់ចាំជួយកូន។ ហើយទៅបើកសម្ភារៈសិក្សា ជាមួយខាង Admin ទៅ ម៉ាក់ដាក់ request អោយហើយ ។

ពេលធារិតទៅបាត់ បងខុមនិយាយណឹងខ្ញុំ ថាពិតណាស់ ធារិតស្រលាញ់មនុស្សប្រុស ហើយបែបស្នេហាត្រីកោណនឹងចរណៃផង ទើបឈ្លោះគ្នា។ បងមិនទាន់សង្ខុញសួរ ព្រោះ​មើលទៅគ្នាមិនទាន់ Ready ក្នុងការប្រាប់។ ខ្ញុំស្រាប់តែរបូតមាត់ទៅបងខុមថា <ទុកអោយខ្ញុំសួរវិញ ក្រែងបានចម្លើយលឿនជាង> បងខុមគ្រាន់តែលឺចឹង គាត់សម្លឹងមកខ្ញុំដោយក្រសែភ្នែកចាក់រកចម្លើយម្យ៉ាងពីក្នុងខ្លួនខ្ញុំ (បែបសង្ស័យខ្ញុំ gay)​។ ខ្ញុំ​មានតែញញឹមនិងឆ្លើយកាត់សេចក្តីសង្ស័យរបស់បងខុម <ខ្ញុំ​ធ្លាប់មានមិត្តភត្តិញិញ៉ក់កាលនៅរៀន ចឹងខ្ញុំគិិតថាអាចជីកអាថ៍កំបាំងពី ធារិតបានខ្លះ>
[ លំហែរថ្ងៃសំរាក]​
ល្ងាច​ថ្ងៃសៅរ៍​ខ្ញុំ​អផ្សុកទាញកង់ជិះហាត់ប្រាណ ម្តុំស្ពានប៉ាឡេ គីឡូ ម៉ែត្រ​6 ជិះម៉ាហត់ ឃើញធុងទឹកអំពៅ ក៏ឈប់ដាក់មួយបំបាត់ស្រែកទឹក។ ពេលរង់ចាំយកទឹកអំពៅខ្ញុំរេភ្នែកចុះឡើងៗស្រាប់តែឃើញ ធារិត អង្គុយញាំប្រហិត ជាមួយមនុស្សប្រុសវ័យស្របាលៗគ្នា 2នាក់ ។ មើលក៏ដឹងថា 2នាក់ ណឹងជា ខ្មោច (gay)​ ការតុបតែង លាបសក់ក្រហម របៀបនិយាយ កាយវិការ។
🧔 ហេ ធារិតមកធ្វើអីទីនេះ?
👦 🙏 ជំរាបសួរលោកគ្រូ... ខ្ញុំ​មកញាំប្រហិតជាមួយមិត្តភត្តិ
🧔 សួស្តី ប្អូនៗ ហើយម្នាក់ណាឈ្មោះចរណៃ?
ពួកគេគ្រវីក្បាល ហើយថា អត់ស្គាល់ទេ...
🧔ចុះប្អូនៗ ឈ្មោះអីដែរ?
ពួកគេមានឈ្មោះ រីណា និង សីហា ខ្ញុំអង្គុយចុះ ណែនាំ ខ្លួន ហើយងាកមកធារិត។ ខ្ញុំ​សម្លឹងទៅគេ ហាក់ដូចជាអៀនប្រៀនជាងមុន ព្រោះ​មិត្តគេ បង្ហាញសភាពញិញ៉ក់ ហើយអាមួយស្គម សដូចចិនសក់ក្រហម ឈ្មោះ រីណា វាមើលមកខ្ញុំធ្វើដូចអៀនៗ ។ ខ្ញុំមើលទៅទំនងអាចក្របួចធារិត អោយនិយាយបាន ក៏កេះហៅ គេទៅមាត់ទន្លេ តែពីរនាក់។
👦 បងមានការអីដែរ?​
🧔 ធារិត ឧស្សាហ៍មកទីនេះ?
👦អត់ផង ខ្ញុំទើបមកបាន 2-3ដង ណឹង
🧔 ចុះរឿងរៀនសូត្រមេចហើយ កុំខ្លាចថ្នាក់រៀនណា សុទ្ធតែអ្នក សហគមន៍គ្នាឯងទេ កុំខ្លាចឬអៀនអី
👦 បាទបង
🧔 អើហើយពីរនាក់ណឹងស្គាល់គ្នាតាមណាណឹង?
ធារិតរៀងអេះអុញទៀតហើយ...
🧔បងដឹងថាពួកគេ ជា gay ម្នាក់រីណាណឹង លួចសម្លឹងបង ហើយអឹមអៀនៗទៀត។ បងប្រាប់ណាធារិត... បងនិយាយជាលក្ខណៈ​ឯកជនជាមួយប្អូន...កន្លងមក បងមានមិត្តភត្តិជា gay ច្រើននាក់ដែរ។
👦ថាមេចលោកគ្រូ មានមិត្តជា gay? (ធារិតគាត់ភ្ញាក់ផ្អើល)​
🧔បាទ មានតើ កាលនៅរៀន ហើយពួកគេប្រាប់បងត្រង់ៗថាពួកគេបានធ្វើអ្វីខ្លះ ដើរដល់កំរិតណា។ ឥលូវបងនិយាយរឿង gay ម្នាក់អោយប្អូនស្តាប់។ បងអត់ចង់ប្រាប់ឈ្មោះពិតទេ បងហៅគាត់ថា កល្យាណចុះ។ កល្យាណ​ក្នុងវ័យ ក្មេងដូចប្អូន អាយុ 19ឆ្នាំ ចប់បាក់ឌុប ឡើងមករៀនត នៅភ្នំពេញ។ មានអីជួលផ្ទះនៅស្រាប់តែប៉ះអ្នកជិតខាងជា gay ហើយវាក៏ចឹងផង បានតែប៉ុន្មានថ្ងៃ ស្និតគ្នាដូចស្គាល់រាប់ឆ្នាំ។ អានោះបបួលវា ដើរលេងយូរៗមានក្រុម ស្គាល់តៗគ្នា មានថប មាន បថម។ ថ្ងៃមួយ មានថបចាស់ម្នាក់បានឆាតមកញ៉ែវា តែវាអត់ស្រលាញ់ទេ ឆ្លើយចុងមាត់ចុងក។ តែថបណឹងតាមវាមិនឈប់ ចេះតែបបួលទៅក្រៅ ប៉ាវនេះប៉ាវនោះ វាប្រកែកម្តងជាពីរដង ទៅ ថបចាស់ណឹងថា វាឬកមិនចង់រាប់អីណា។ វាខ្ជិលសាំក៏ទៅជាមួយម្តងទៅ។ វាថាអាតាបុិកណឹងមារយាទអន់ណាស់ កញ្ចាស់ល្មោភកាម។ ក្រោយពីទៅញាំអីហើយ គាត់បបួលទៅផ្ទះគាត់ប្រាប់ថា មានរបស់ចង់អោយ ទោះជាមិត្តភត្តិបង ថាមិនចង់បានមេចក៏ដោយ។ គាត់អង្វរផង និយាយឌឺដងផងថា ស្អប់ខ្ពើម​បែបនេះបែបនោះ... ឡើងស្គេញត្រចៀក រហូតវាក៏ព្រមទៅជាមួយ។
(សូមរង់ចាំអាននៅវគ្គបន្ទាប់)

 

No comments:

Post a Comment