Breaking

Friday, January 17, 2020

រឿង សមុទ្រ ភាគទី៣


រឿង សមុទ្រ
ភាគទី៣
និពន្ធដោយ Narong Sok



ក្រោយពីទៅកំសាន្ត សំរាកលំហែរកាយ និង ដើរលេងនៅប្រទេសបារាំងមួយរយះ មេសាមានអារម្មណ៏ល្អប្រសើរច្រើនទាំងស្ថានភាពជំងឺ និង ផ្លូវអារម្មណ៏។ដោយសារតែអ្វីៗហាក់ប្រសើរឡើងហើយ មេសាបានសំរេចចិត្តត្រលប់មកកាន់មាតុភូមិកំណើតវិញកាលពីថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៩។ ត្រលប់មកពីបារាំងមិនបានប៉ុន្មានថ្ងៃផង មេសាបានទៅចូលរួមពិធីមង្គលការមួយជំនួសប៉ាម៉ាក់របស់គេនៅកោះពេជ្រ។ ពេលដែលមេសាកំពុងតែអង្គុយញ៉ាំអាហារនៅក្នុងពិធីសុខៗ ស្រាប់តែមេសាក្រលេកឃើញមនុស្សម្នាក់ដើរកាត់តុដែលខ្លួនកំពុងអង្គុយ ធ្វើអោយខ្លួនស្រឡាំងកាំងមួយរំពេចព្រោះមេសាប្រាកដយ៉ាងច្បាស់ថាម្នាក់ដែលដើរកាត់ខ្លួនមុននេះ គឺជាសមុទ្រដែលខ្លួននឹករាល់ថ្ងៃ។ភ្លាមៗនោះមេសាបានក្រោកពីតុអាហារហើយដើរតាមរកមើលម្នាក់ដែលដើរកាត់មុខខ្លួនមុននេះ តែរកមិនឃើញសោះ ហើយគិតក្នុងចិត្តថាខ្លួនឯងស្រវាំងភ្នែក ប្រហែលមកពីនឹកគេពេកហើយបានឃើញគេបែបនេះ។ យប់នោះមេសាដេកមិនលក់នោះទេ រសាប់រសល់នឹកដល់មនុស្សម្នាក់ដែលដើរកាត់មុខរបស់ខ្លួននៅក្នុងពិធីមង្គលការនោះ ច្បាស់ណាស់គឺជាគេ តែហេតុអីគេបាត់ទៅណាលឿនម៉េះ?? រឺមួយខ្ញុំពិតជានឹកគេរហូតដល់ស្រវាំងភ្នែកឃើញគេមែន? តែខ្ញុំពិតជាបានឃើញគេច្បាស់ណាស់ តើគេពិតជាមិនទាន់ស្លាប់ទេមែនទេ?? បើគេមិនទាន់ស្លាប់ ហេតុអីមិនទាក់ទងមកខ្ញុំ?? តើគេអស់ចិត្តពីខ្ញុំហើយមែនទេ? តើគេមានដែលនឹកខ្ញុំដូចខ្ញុំនឹកគេទេ? ហេតុអីបានជាឪពុកម្តាយគេមិនទាក់ទងអោយដំណឹងមកខ្ញុំ?? ទាំងនេះគឺជាសំនួរដែលកំពុងចោទសួរ ពេញក្នុងខួរក្បាលមេសា។ ដោយសារតែចិត្តមិនស្ងប់ អារម្មណ៏រសាប់រសល់ មេសាបានយកទូរស័ព្ទប្រុងនឹងខលទៅឪពុកម្តាយរបស់សមុទ្រ តែចិត្តមួយទៀតគិតថានេះយប់ជ្រៅពេកហើយ ខលទៅរំខានពួកគាត់ដូចជាមិនសម មេសាក៏បានទុកទូរស័ព្ទនៅជ្រុងម្ខាង ហើយសំងំគេងដែរ តែគេងមិនលក់សោះ។ មេសាបានក្រោកហើយមើលទៅកាន់ច័ន្ទហើយនិយាយតិចៗតែម្នាក់ឯង សមុទ្រមានដឹងអត់ថា បងនឹកអូនណាស់! រាល់ពេលដែលបងនឹកអូនបងតែងតែមើលទៅព្រះច័ន្ទព្រោះវាជាអនុស្សាវរីយ៏របស់យើងទាំង២ បងពិតជាមិនអាចភ្លេចបានទេ រួមទាំងទឹកភ្នែកស្រក់ហូរចុះមកដោយមិនដឹងខ្លួន។
ព្រឹកស្អែកមេសាបានទូរស័ព្ទទៅកាន់គ្រួសារសមុទ្រដើម្បីសួរបញ្ជាក់អោយច្បាស់នឹង អោយប្រាកដក្នុងចិត្ត:
-មេសា: អាឡូ ជំរាបសួរអ្នកមីង!
សុខសប្បាយទេ?ខ្ញុំមេសាកំពុងនិយាយ មីងចាំខ្ញុំបានទេ???
-ម្តាយសមុទ្រ: អូ មីងចាំបានក្មួយ។ មីង សុខសប្បាយទេ ចុះក្មួយវិញ?
-មេសា: ខ្ញុំ សុខសប្បាយទេ អរគុណមីង។ និយាយចឹង មីងមានបានដំណឹងអីពីសមុទ្រទេ? ហើយមានខាងទូកនេសាទណាដែលបានជួបប្រទះសាកសពរបស់សមុទ្រទេមីង??
-ម្តាយសមុទ្រ: អឺម! តាំងពីថ្ងៃសមុទ្របាត់ខ្លួនរហូតមកដល់ពេលនេះ ពួកយើងមិនទាន់បានទទួលដំណឹងអីដែលពាក់ព័ន្ធជាមួយកូនសមុទ្រនោះទេ មីងបានដាក់ពាក្យ និងរាយការណ៏ជូនប៉ូលីសដែនសមុទ្រហើយនៅតែមិនទាន់បានទទួលដំណឹងអីពីគេដដែល។ ចំពោះរឿងសាកសពរបស់សមុទ្រក៏នៅតែគ្មានអ្នកណាម្នាក់បានប្រទះឃើញដែរណាក្មួយ។ ចុះហេតុអីបានជាក្មួយសួរដូចនេះ?
-មេសា: អូ អត់អីទេអ្នកមីង ខ្ញុំគ្រាន់តែចង់ដឹង។ តែថាថ្ងៃមុន ខ្ញុំដូចជាបានឃើញមនុស្សម្នាក់ដែលមានមុខមាត់ដូចសមុទ្រចឹង អាយុ និងមុខមាត់ដូចគ្នាណាស់ សឹងតែមនុស្សតែម្នាក់ តែបើមីងនិយាយចឹងប្រហែលខ្ញុំស្រវាំងភ្នែកហើយមើលទៅនោះ។
-ម្តាយសមុទ្រ: (អួលដើមក ទឹកភ្នែកចាប់ផ្តើមស្រក់ចុះមកដោយមិនដឹងខ្លួន) ក
..ក្មួយនិយាយមែន?
-មេសា: បាទអ្នកមីង! តែប្រហែលជាខ្ញុំនឹកសមុទ្រដល់ថ្នាក់ស្រវាំងភ្នែកហើយ។ សុំទោសដែលរំលឹករឿងរបស់សមុទ្រធ្វើអោយអ្នកមីងពិបាកចិត្ត។
-ម្តាយសមុទ្រ: មិនអីទេក្មួយ ចឹងប៉ុណ្ណឹងសិនហើយណា ជំរាបលាក្មួយប្រុស។
ក្រោយពីនិយាយទូរស័ព្ទជាមួយម្តាយសមុទ្ររួចហើយ មេសាគិតថាខ្លួនស្រវាំងភ្នែកពិតប្រាកដមែន ម្នាក់នោះមិនមែនជាសមុទ្រនោះទេ ខ្លួនគ្រាន់តែនឹកគេរហូតដល់ស្រមើស្រមៃឃើញគេតែប៉ុណ្ណោះ។
រឿងរ៉ាវចៃដន្យនៅក្នុងលោកនេះពិតជាមានច្រើនរហូតដល់នឹកស្មានមិនដល់ ល្ងាចថ្ងៃមួយដោយសារតែមានអារម្មណ៏មិនសូវល្អមេសាបានទៅដើរយកខ្យល់អាកាសនៅសួនសម្តេចតាដើម្បីបន្ធូរអារម្មណ៏ដែលតានតឹងរបស់ខ្លួន ដើរបានមួយសន្ទុះស្រាប់តែមេសាបានជួបមិត្តភក្កិម្នាក់ដែលបានបែកគ្នាជាយូណាស់មកហើយនៅទីនោះដោយចៃដន្យ។ដោយសារតែមានការនឹករលឹក និង ខានជួបគ្នាយូរផងនោះ មេសានិងមិត្តភក្កិរបស់គេបានអង្គុយជជែកគ្នាលេងយ៉ាងជក់ចិត្តដិតអារម្មណ៏ដោយមិនបានចាប់អារម្មណ៏ពីអ្វីទាំងអស់។
កំពុងតែជក់ចិត្តដិតអារម្មណ៏សុខៗស្រាប់តែមានសំលេងមនុស្សម្នាក់និយាយមកកាន់មិត្តរបស់មេសា រិទ្ធិនេះទឹករបស់បង ធ្វើអោយមេសាងើបមុខឡើងដើម្បីមើលទៅមុខរបស់មនុស្សដែលនិយាយមកកាន់មិត្តរបស់ខ្លួន។ គ្រាន់តែងើបមុខឡើងឃើញមុខម្ចាស់សំលេងភ្លាម មេសាស្រឡាំងកាំងរកអ្វីនិយាយមិនត្រូវ អារម្មណ៏ចាប់ផ្តើមច្របូកច្របល់ ទឹកមុខចាប់ផ្តើមប្រែប្រួលភ្លាមៗ សមុទ្រ នេះសមុទ្រមែនទេ? អូនមិនទាន់ស្លាប់ទេមែនទេ? ហេតុអីអូនមកទីនេះដោយមិនប្រាប់បងមួយម៉ាត់? ហើយអូនទៅស្គាល់រិទ្ធិដោយរបៀបណា? និយាយដោយចាប់ម្ចាស់សំលេងអោបជាប់ដោយមិនខ្វល់ពីក្រសែភ្នែកអ្នកនៅជុំវិញខ្លួននោះឡើយ។ រំពេចនោះកម្លោះសង្ហាររបស់យើងបានរើហើយដាល់មេសាមួយដៃដើម្បីជាការតបស្នងដែលមេសាចាប់អោបខ្លួននៅកណ្តាលហ្វូងមនុស្សដែលកំពុងតែដើរហាត់ប្រាណពេញសួនច្បារ។
- ម្ចាស់សំលេង: លោកជាអ្នកណា ខ្ញុំមិនដែលស្គាល់លោកទេ ម៉េចធ្វើបែបនេះមកលើខ្ញុំ?
- រិទ្ធិ: មែនហើយ មេសាកើតអីឯង សុខៗម៉េចក៏បែបនេះគ្នាដូចជាមិនយល់ទេ?
ហើយនេះឈឺទេដែលត្រូវវេហាដាល់មួយដៃចឹង? ហើយឯងស្គាល់វេហាដែរមែនទេ?
- មេសា: វេហា?????
- វេហា: បាទ ខ្ញុំឈ្មោះ វេហា មិនមែនសមុទ្រ អីលោកនោះទេ។ ខ្ញុំគិតថាលោកប្រហែលច្រលំមនុស្សហើយ។
- រិទ្ធិ: មែនហើយ គ្នាក៏គិតចឹងដែរ។ ឯងប្រហែលច្រលំមនុស្សហើយ គ្នាស្គាល់វេហាយូរដែរហើយ។ គេពិតជាវេហាពិតមែន មិនមែនសមុទ្រអីឯងទេ សង្ស័យនឹកគេដល់ថ្នាក់ជិតឆ្កួតហើយដឹង?
- មេសា: ទេ ទេ ទេ គ្នាមិនច្រលំនោះទេ នេះគឺពិតជាសមុទ្រដែលគ្នាធ្លាប់បានស្គាល់ពិតមែន។
- វេហា: លោកច្រលំមនុស្សហើយ ខ្ញុំគិតថាលោកគួរតែទៅអោយពេទ្យពិនិត្យមើលម្តងហើយ។ បងរិទ្ធិ ខ្ញុំជំរាបលាបងទៅមុនហើយចឹង មិនចង់នៅជាមួយមនុស្សរោគចិត្តទេ។
- រិទ្ធិ: បាទទៅមុនចុះ សុខសប្បាយតាមផ្លូវ។ បងនៅមើលរបួសអោយគេតិចសិន។
ក្រោយពីវេហាបានចាកចេញទៅ មេសាបានសួររិទ្ធិដោយមិនអស់ចិត្ត:
-មេសា: រិទ្ធិ ម្នាក់នោះពិតជាវេហាមែន??? ហើយឯងស្គាល់គេប៉ុន្មានឆ្នាំហើយ??
-រិទ្ធិ: គ្នាស្គាល់វេហាមកប្រហែលជា៣ឆ្នាំហើយ គេគឺពិតជាវេហាមែន។
-មេសា: ចុះរាល់ថ្ងៃ វេហាគេរស់នៅជាមួយអ្នកណា? ហើយរស់នៅទីណាដែរ?
-រិទ្ធិ: គ្នាក៏មិនសូវជាដឹងច្បាស់ដែរពាក់ព័ន្ធនឹងរឿងឯកជនរបស់វេហា។ គ្នាដឹងត្រឹមថារាល់ថ្ងៃនេះ វេហាស្នាក់នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រា PSE ហើយចំពោះរឿងគ្រួសារវិញ តាំងពីស្គាល់គ្នារហូតមកដល់ពេលនេះគ្នាមិនដែលលឺវេហានិយាយសូម្បីតែម្តង។ ចុះមិញហ្នឹងគ្នាលឺឯងហៅវេហាថា សមុទ្រ សមុទ្រ តើសមុទ្រជាអ្នកណា ហើយម៉េចក៏ឯងច្រលំគេជាមួយវេហាទៅកើត??
-មេសា: សមុទ្រគឺជាឈ្មោះរបស់មនុស្សម្នាក់ដែលគ្នាស្គាល់។ តើឯងជឿទេថា នៅលើលោកនេះមានមនុស្ស២នាក់ដែលមានអាយុ មុខមាត់ដូចគ្នាបេះបិត
???
-រិទ្ធិ: មានគឺកូនភ្លោះ
-មេសា: កូនភ្លោះ????? រឺមួយពួកគេទាំង២គឺជាបងប្អូនភ្លោះពិតមែន??? រិទ្ធិគ្នាសុំលេខទូរស័ព្ទ និង អាខោនហ្វេសប៊ុករបស់វេហាបានអត់??
-រិទ្ធិ: ដូចជាមិនសមទេដឹង???
-មេសា: ណាៗគ្នាសុំអង្វរ គ្នាមិនធ្វើអ្វីផ្តេសផ្តាសនោះទេ គ្នាគ្រាន់តែចង់ដឹងការពិតតែប៉ុណ្ណោះ។
ក្រោយពីបាន fb អាខោនពីរិទ្ធិរួចហើយ មេសាក៏បានផ្ញើរ Friend Request ទៅកាន់វេហា ប៉ុន្តែវេហាមិនបានទទួលសំនើរជាមិត្តរបស់មេសានោះទេ។ មេសាបានឆាតនៅក្នុង messenger របស់វេហារួមជាមួយរូបថតមួយសន្លឹករបស់សមុទ្រទៅកាន់វេហា។ ក្រោយពីវេហាឃើញរូបថតមួយសន្លឹកដែលមេសាផ្ញើរអោយគេរួចហើយ វេហាក៏ទទួលសំនើរជាមិត្តរបស់មេសាភ្លាម ដោយសារតែវេហាពិតជាភ្ញាក់ផ្អើល ហើយរឹតតែមិននឹកស្មានដល់ថា នៅលើលោកនេះមានមនុស្សដែលមានរូបរាងដូចខ្លួនបេះបិត។
-វេហា: នេះលោកបានរូបនេះមកពីណា? គេជាអ្នកណា? ហេតុអីដូចជាខ្ញុំខ្លាំងម្ល៉េះ?
-មេសា: គេ ឈ្មោះសមុទ្រ ជាមនុស្សម្នាក់ខ្ញុំកំពុងតែតាមរក។ ខ្ញុំអាចសួរវេហាខ្លះៗទាក់ទងជាមួយរឿងផ្ទាល់ខ្លួនបានអត់?
-វេហា: ហេតុអីលោកចង់ដឹងពីរឿងជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ?? ហេតុអីខ្ញុំត្រូវប្រាប់លោក?
-មេសា: ព្រោះតែអាយុ និង មុខមាត់វេហាដូចនឹងសមុទ្រខ្លាំងពេក ធ្វើអោយខ្ញុំមិនគិតមិនបាន។ ខ្ញុំគិតថាអ្នកទាំង២ជាបងប្អូនភ្លោះ។
-វេហា: បងប្អូនភ្លោះ???? ខ្ញុំមិនដែលមានបងប្អូននោះទេ លោកប្រហែលជាច្រលំមនុស្សហើយ។ បានហើយខ្ញុំងងុយគេងហើយ ជំរាបសួរ
សិនហើយ រាត្រីសួស្តី។
ក្រោយពីបញ្ចប់ការសន្ទនាជាមួយមេសារូចមក វេហាមើលរូបថតដែលមេសាផ្ញើរមកអោយខ្លួន ហើយគិតពីសម្តីមេសាដែលបាននិយាយជាមួយខ្លួន។
ហេតុអ្វីក៏ឯងមានមុខមាត់ដូចខ្ញុំម្ល៉េះ??? តើពួកយើងជាអ្វីនិងគ្នាអោយពិតប្រាកដ?? រឺមួយក៏ពួកយើងពិតជាបងប្អូនភ្លោះពិតមែន? បើសូម្បីតែខ្ញុំមើលរួបថតនេះហើយក៏គិតថាជាខ្ញុំខ្លួនឯងដែរ។វេហានិយាយម្នាក់ឯងដោយភ្នែកសំលឹងទៅមើលរូបថតដែលមេសាបានផ្ញើរមកអោយខ្លួន។អារម្មណ៏ចាប់ផ្តើមរវើរវាយ ច្របូកច្របល់ ហើយចិត្តចាប់ផ្តើមអន្ទះសារចង់ជួបមនុស្សដែលនៅក្នុងរូបថតនៅ
ខាងក្រៅថាតើពិតជាដូចខ្លួនពិតប្រាកដមែនរឺអត់? ដោយសារតែអារម្មណ៏អន្ទះអន្ទែង វេហាគេងមិនលក់នោះទេ ហើយបានឆាតទៅកាន់មេសា:
-វេហា: បងមេសា មិនទាន់គេងទេ?
-មេសា: បាទ មិនទាន់គេងទេ ចុះវេហាក្រែងថាគេងហើយអី??? ហេតុអីនៅមិនទាន់គេងដែរ?
-វេហា: គេងមិនលក់ហ្នឹងណា។ បងខ្ញុំមានរឿងមួយចង់អោយបងជួយ?
-មេសា: មានរឿងអី និយាយមក ប្រសិនបើជួយបាន បងនឹងជួយ។
-វេហា:ខ្ញុំចង់ជួបមនុស្សនៅក្នុងរូបថតដែលបងបានផ្ញើរមកអោយខ្ញុំ បងជួយខ្ញុំបានទេ?
-មេសា: អ
……អឺម!!! បានតែគេមិននៅភ្នំពេញនោះទេ គឺគេនៅកោះរ៉ុង។ វេហាចង់ទៅពិតមែន?? បើសិនជាចង់ទៅពិតមែន ខ្ញុំនឹងជូនវេហាទៅ។
-វេហា: បាទ តែខ្ញុំសុំហៅបងរិទ្ធិទៅជាមួយដែរ ព្រោះខ្ញុំទើបតែស្គាល់បង មិនហ៊ានទៅជាមួយបងតែ២នាក់នោះទេ។
-មេសា: បាទ មានអី ចឹងវេហាចង់ទៅពេលណាដែរ??
-វេហា:ខ្ញុំចង់ទៅសប្តាហ៏នេះថ្ងៃសៅរ៏។ បងអាចជូនខ្ញុំទៅបានទេ?
-មេសា: អូខេ ចឹងសំរេចថាចាំជួបគ្នានៅបេនឡានក្រុងថ្ងៃសៅរ៏នេះចុះ។
-វេហា: បាទ បង! អរគុណច្រើន ជំរាបលា រាត្រីសួស្តីម្តងទៀត។
-មេសា: បាទ រាត្រីសួស្តី គេងលក់ស្រួល។
ពេលវេលាដែលពួកគេណាត់គ្នាបានចូលមកដល់ មេសា
រិទ្ធិ វេហា បានជួបគ្នានៅបេនឡានក្រុងមួយនៅភ្នំពេញ ហើយពួកគេបានបន្តដំនើរទៅកាន់ក្រុងព្រះសីហនុ។ក្រោយពីចំណាយពេលប្រហែលជា៥ម៉ោងពួកគេក៏បានទៅដល់ក្រុងព្រះសីហនុ ហើយពួកគេបានញ៉ាំបាយថ្ងៃត្រង់នៅទីនោះមុនពេលដែលពួកគេត្រូវបន្តដំណើរតាមទូកលឿនទៅកាន់កោះរ៉ុង។ ក្រោយពីធ្វើដំណើរតាមទូកលឿនប្រហែលជិតមួយម៉ោងរួចមកពួកគេទាំងបីនាក់ក៏បានមកដល់ចំណតទូកកោះរ៉ុងដោយសុវត្ថិភាព។ មេសាបាននាំផ្លូវរិទ្ធិ និង វេហាដើរឆ្ពោះទៅកាន់ផ្ទះរបស់សមុទ្រដើម្បីជួបគ្រួសាររបស់សមុទ្រ។មេសាបានគោះទ្វារពេលដែលមកដល់មុខផ្ទះរបស់សមុទ្រហើយ ឪពុករបស់សមុទ្របានមកបើកទ្វារ។ គ្រាន់តែទ្វារចាប់ផ្តើមបើកភ្លាម ឪពុករបស់សមុទ្របានស្រែកហៅប្រពន្ធរបស់គាត់ដែលនៅខាងក្រោយផ្ទះអោយចេញមកភ្លាមៗដូចជាមានការអីបន្ទាន់ណាស់ចឹង។គ្រាន់តែចេញមកឃើញវេហាភ្លាម:
-ម្តាយសមុទ្រ: វ
…….វ…….វេហា??? នេះពិតជាវេហាមែនទេ??
-មេសា: មីងស្គាល់គាត់មែនទេ?
-វេហា: មីងស្គាល់ខ្ញុំមែនទេ? ហេតុអីមីងស្គាល់ឈ្មោះខ្ញុំច្បាស់ម្ល៉េះ?? តែខ្ញុំមិនដែលស្គាល់មីង និងពូទេ ហើយខ្ញុំក៏មិនដែលមកទីនេះដែរ។ មីងប្រហែលជាច្រលំមនុស្សទេដឹង???
-ម្តាយសមុទ្រ: ទេ មីងមិនច្រលំមនុស្សនោះទេ។ មីងស្គាល់វេហាច្បាស់ណាស់ (និយាយដោយរត់ទៅអោបវេហាឡើងជាប់រួមជាមួយទឹកភ្នែកដែលស្រក់ចុះដោយមិនដឹងខ្លួន)។
-វេហា: មីងៗ ហេតុអីក៏មីងយំ??? ហេតុអីខ្ញុំមានអារម្មណ៏ថាកក់ក្តៅម្ល៉េះ ទាំងដែលខ្ញុំមិនដែលទទួលបានអារម្មណ៏បែបនេះពីមុនមកផង??
-ឪពុកសមុទ្រ: បានហើយនាំគ្នាចូលមកក្នុងផ្ទះសិនមកក្មួយទាំងអស់គ្នា
ចាំពូនិយាយប្រាប់។
ក្រោយពីនាំគ្នាចូលទៅអង្គុយក្នុងផ្ទះរួចហើយ ឪពុកម្តាយរបស់សមុទ្របាននិយាយរឿងប្រាប់ទៅកំលោះទាំង៣ដូចតទៅ:
កាលពី២៥ឆ្នាំមុន ប្រពន្ធរបស់ពូបានឈឺពោះហើយសំរាលបានកូនភ្លោះ២នាក់ ប្រុសទាំង២ ដោយម្នាក់ដាក់ឈ្មោះថា សមុទ្រ និង ម្នាក់ទៀតដាក់ឈ្មោះអោយថា វេហា។ ក្រោយពីសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកអស់រយះពេលមួយអាទិត្យ ពួកយើងទាំងអស់គ្នាក៏បានចេញមកសំរាកនៅផ្ទះ។ ចេញមកសំរាកនៅផ្ទះបានមួយខែ កូនទាំងពីរនិងម្តាយរបស់កូនចាប់ផ្តើមឈឺធ្ងន់ ហើយយកទៅអោយពេទ្យមើល ដាក់ថ្នាំអីក៏មិនជា ពុកក៏បានសំរេចចិត្តទៅរកគ្រូ (គ្រូទាយ អបិយជំនឿផ្លូវងងឹតរបស់ខ្មែរយើង)។ គ្រូទាយបានប្រាប់ថាកូនទាំង២ មិនអាចនៅជាមួយគ្នាបាននោះទេមុនពេលដែលកូនទាំង២មានអាយុ២៥ឆ្នាំ ដូចនេះពុកបានសំរេចចិត្តយកកូនទៅផ្ញើរជាមួយលោកយាយម្នាក់ដែលត្រូវជាបងប្អូនសាច់ឆ្ងាយម្នាក់របស់ម្តាយឯង។ក្រោយពីផ្ញើរកូន (វេហា)ជាមួយលោកយាយរួចមក ឃើញថាស្ថានភាពជំងឺរបស់កូនទាំង២ និង ម្តាយរបស់កូនចាប់ផ្តើមធូរស្រាល ហើយមានស្ថានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ ជារឿយៗពុកម៉ែតែងតែឡើងទៅកំពង់សោមដើម្បីលួចមើលកូន ប៉ុន្តែស្រាប់តែថ្ងៃមួយពេលដែលពុកម៉ែទៅមើលកូនដូចសព្វដងស្រាប់តែគេប្រាប់ថាលោកយាយបានលក់ផ្ទះ ហើយគាត់បានទៅរស់នៅភ្នំពេញបាត់ទៅហើយ។ពុកម៉ែបានព្យាយាមតាមរកកូននិងលោកយាយគ្រប់មធ្យោបាយទាំងអស់ក៏ប៉ុន្តែមិនដែលបានដំណឹងអីពីកូននោះទេ មានតែបន់ស្រន់សុំអោយកូនមានជីវិតរស់នៅប្រកបដោយក្តីសុខ។វេហាកូនដឹងទេថាពុកម៉ែតែងតែនឹកដល់កូនជានិច្ច ហើយសង្ឃឹមថា ថ្ងៃណាមួយពួកយើងនឹងបានជួបគ្នាជាក់ជាមិនខាន។ ពេលនេះពុកម៉ែពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានជួបកូនម្តងទៀត។
វេហាចាប់ផ្តើមមានអារម្មណ៏ច្របូកច្របល់រកស្មានមិនត្រូវ:
-វេហា: ធ្វើម៉េចអោយខ្ញុំជឿថាអ្វីដែលអ្នកទាំង២និយាយជាការពិត?
-ឪពុកម្តាយសមុទ្រ: កូនមានស្នាមខ្មៅដៅមួយនៅចំស្នាផ្នែកខាងស្តាំ ហើយកូនមានប្រជ្រុយធំមួយនៅក្រោមដោះផ្នែកខាងឆ្វេង។ ហើយបណ្តោងខ្សែកដែលកូនកំពុងតែពាក់នេះ មានឆ្លាក់ឈ្មោះរបស់កូននៅខាងក្រោម។បណ្តោងខ្សែកនេះពុកម៉ែធ្វើវា២ខ្សែដោយឆ្លាក់ឈ្មោះកូនម្នាក់មួយហើយវានៅជាប់ខ្លួនកូនម្នាក់មួយ។
-វេហា: ពុកម៉ែ កូនសប្បាយចិត្តណាស់។ កូនមិនដែលគិតថាបានជួបពុកម៉ែនោះទេ ព្រោះតាំងពីធំដឹងក្តីមក ឃើញមានតែលោកយាយម្នាក់តែប៉ុណ្ណោះ។
-ឪពុកម្តាយសមុទ្រ: ពុកម៉ែពិតជាត្រេកអរខ្លាំងណាស់រកអីប្រៀបផ្ទឹមមិនបាននោះទេដែលជួបកូនម្តងទៀត។ ពុកម៉ែសុំទោសដែលមិនបានមើលថែកូនដោយផ្ទាល់អស់រយះពេលជាច្រើនឆ្នាំមកនេះ។
-វេហា: ពុកម៉ែ
………..។ ហើយគេជាបងរឺជាប្អូនរបស់ខ្ញុំ???
-ម្តាយសមុទ្រ: សមុទ្រគឺជាប្អូនរបស់ឯង។ គេកើតក្រោយឯងប្រហែលកន្លះម៉ោង។
-វេហា: ចុះប្អូនសមុទ្រនៅឯណា??
-ម្តាយសមុទ្រ: គ្រាន់តែលឺសំនួរដែលវេហាបានសួរ ទឹកភ្នែករបស់ពុកម៉ែសមុទ្រចាប់ផ្តើមស្រក់ចុះម្តងទៀត រីឯទឹកមុខរបស់មេសាចាប់ផ្តើមប្រែជាស្រងូតស្រងាត់ កែវភ្នែកពោរពេញដោយទឹកនេត្រាដក់ពេញប្រៀប។
-វេហា: នេះមានរឿងអីកើតឡើង????ហេតុអីអ្នកទាំងអស់គ្នាយំ??? បងមេសា??
-ម្តាយសមុទ្រ: ប្អូនរបស់កូន សមុទ្របានជួបគ្រោះថ្នាក់លិចទូកនេសាទ កាលពី២ខែមុន រហូតមកដល់ពេលនេះពួកយើងនៅតែមិនទាន់បានទទួលដំណឹង រឺរកឃើញសាកសពរបស់ប្អូនឯងនោះទេ។មកនេះមក ម៉ែនាំកូនទៅមើលបន្ទប់របស់ប្អូនឯង។
ពុកម៉ែរបស់សមុទ្របាននាំវេហាទៅមើលក្នុងបន្ទប់របស់សមុទ្រ។ វេហាបានមើលរូបថតរបស់សមុទ្រហើយទឹកភ្នែកចាប់ផ្តើមស្រក់ហូរចុះមក
យើងទាំងពីរពិតជាដូចគ្នាណាស់ប្អូនប្រុស តែហេតុអីឯងទៅចោលបងលឿនយ៉ាងនេះ??? បងមិនទាន់បានជួបមុខឯងផង។ បានហើយកូនប្រុស ប្អូនប្រុសឯងទៅបានសុខហើយ យើងគួរតែសប្បាយចិត្តដែលពួកយើងបានជួបជុំគ្នាវិញ ចឹងយប់នេះគេងនៅទីនេះហើយ ចាំពុកម៉ែរៀបចំអាហារពេលល្ងាច និង កន្លែងគេងសំរាប់គេទាំង២ (មេសា និង រិទ្ធិ) ហើយកូនគេងជាមួយពុកនិងម៉ែក្នុងបន្ទប់របស់ប្អូនប្រុសឯង។ ក្រោយពីទទួលទានអាហារពេលល្ងាចជុំគ្នារួចហើយ ពួកគេបានអង្គុយជជែកគ្នាលេងមួយសន្ទុះ រួចហើយក៏បានបែកផ្លូវគ្នារៀងៗខ្លួន។ ដោយសារតែអស់កំលាំងពេញមួយថ្ងៃហើយនោះ រិទ្ធិបានទៅគេងនៅកន្លែងដែលពុកម៉ែវេហាបានរៀបចំអោយ វេហាបានទៅគេងនៅក្នុងបន្ទប់របស់សមុទ្រជាមួយពុកម៉ែរបស់គេ ខុសតែមេសាប៉ុណ្ណោះដែលបានដើរចេញមកក្រៅហើយសំលឹងទៅមើលច័ន្ទដែលរះតែម្នាក់ឯងជាមួយអារម្មណ៏នឹកសមុទ្រយ៉ាងកណ្តោចកណ្តែង សមុទ្រពេលនេះអូននៅទីណា?? បងមករកអូនហើយ ហេតុអីអូនមិនព្រមមកជួបបង??? មានដឹងទេថាបងនឹកអូនប៉ុណ្ណា?? មានលឺបងហៅអូនអត់? ជាពាក្យដែលសមុទ្រនិយាយមា្នក់ឯងទៅកាន់ច័ន្ទដែលកំពុងបញ្ចេញរស្មីដ៏ស្រទន់។ អង្គុយសំលឹងច័ន្ទជាមួយទឹកភ្នែកតិចៗស្រាប់តែរិទ្ធិដើរមកទះស្មាមេសាពីក្រោយ:
-រិទ្ធិ: កំសត់ដល់ហើយពួកម៉ាក នេះឯងកំពុងនឹកអ្នកណាបានជាមកអង្គុយមើលច័ន្ទបែបនេះ??
-មេសា: គ្នាកំពុងតែនឹកមនុស្សម្នាក់ដែលនៅសែនឆ្ងាយ ឆ្ងាយដូចជាខ្ញុំនិងច័ន្ទចឹង។
-រិទ្ធិ: អឺម ជាមនុស្សពិសេសរបស់ឯងហើយចឹង។ កុំគិតច្រើនពេក បើមាននិស្ស័យគង់តែជួប ហើយបើជាគូពិតមែនគឺមិនព្រាត់នោះទេ។ ល្មមទៅគេងហើយ នេះយប់ហើយណាមួយធ្វើដំនើរពេញមួយថ្ងៃហើយ តោះទៅគេង។
-មេសា: តោះចឹង គ្នាក៏មានអារម្មណ៏ថាងងុយគេងដែរ។
ពួកគេទាំង២នាក់ក៏បាននាំគ្នាទៅគេងនៅកន្លែងរៀងខ្លួនដែលពុកម៉ែរបស់សមុទ្របានរៀបចំអោយ។
សមុទ្រ សមុទ្រ នេះពិតជាអូនមែនទេ??? អូនមិនទាន់ស្លាប់ទេមែនទេ?? ជាសំលេងរវើរវាយរបស់មេសាដែលកំពុងតែនិយាយទាំងបិទភ្នែក។ សមុទ្រ នេះពិតជាប្អូនមែនទេ??? កុំទៅណាចោលបងទៀតណា បងសន្យាថានឹងមើលថែប្អូនអោយបានល្អ មិនអោយប្អូនលំបាកទៀតទេ ជាសំលេងរវើរវាយរបស់វេហាដែលកំពុងតែនិយាយទាំងបិទភ្នែក។ ក្រោយពីមមើរហើយពួកគេបានគេងលក់យ៉ាងស្កប់ស្កល់រហូតដល់ភ្លឺ។
ព្រឹកឡើងពួកគេទាំងអស់បានញ៉ាំអាហារពេលព្រឹកជុំគ្នា ហើយរិទ្ធិបានបន្លឺឡើង មេសា វេហាឯងដឹងអត់ថា២នាក់ឯងយប់មិញដេកមមើរហើយគ្នាលឺតែស្រែករកសមុទ្រ សមុទ្រ។ មែនហើយពុកម៉ែក៏លឺដែរ ពួកគាត់បានបន្ទរ។
មែនក៏អី គ្នាមិនដឹងផង ជាសំដីរបស់មេសានិងវេហាតបទៅកាន់ពួកគាត់។ ប្រហែលមកពីពួកឯងទាំង២នឹកដល់សមុទ្រខ្លាំងហើយបានជាគេងមមើរចឹងនោះ ម្តាយវេហាបន្ថែម។ បន្ទាប់ពីទទួលទានអាហារពេលព្រឹករួច ពុកម៉ែរបស់វេហាបាននាំពួកគេជិះទូកដើរលេងកំសាន្តនៅលើកោះនោះយ៉ាងសប្បាយរីករាយ។ បន្ទាប់ពីជិះទូកកំសាន្ត មើលទេសភាពជុំវិញកោះរួចមក ល្ងាចបន្តិចពួកគេបានត្រលប់មកកាន់កោះវិញ។ ក្រោយពីទទួលទានអាហារពេលល្ងាចរួចរាល់ហើយ ពួកគេបានចូលគេងទៅតាមកន្លែងដូចម្សិលមិញដែរ។ បងប្រុស ខ្ញុំមិនអីទេ សុំបងជួយមើលថែពុកម៉ែជំនួសខ្ញុំមួយរយះផង ខ្ញុំសុំលាបងសិនហើយណាបង! សមុទ្រ សមុទ្រ សមុទ្រ ជាសំលេងដែលវេហាស្រែកហៅឈ្មោះរបស់ប្អូនប្រុសរបស់គេទាំងដឹងខ្លួន ដែលធ្វើអោយពុកម៉ែក៏ភ្ញាក់ទៅតាមគេដែរ។
-ពុកម៉ែ: កូនមមើរទៀតហើយ??? នេះមានកើតអីអត់?
-វេហា: បាទ ខ្ញុំយល់សប្តិឃើញប្អូនប្រុសសមុទ្រ។ ខ្ញុំមិនបានកើតអីទេពុកម៉ែ។
-ពុកម៉ែ: ប្រហែលជាកូននឹកដល់ប្អូនពេកហើយ បានជាទៅជាចឹង។ កុំគិតច្រើនពេក ឆាប់គេងវិញទៅណា។
-វេហា: បាទពុកម៉ែក៏ឆាប់សំរាកដែរទៅ។
ក្រលេកទៅមើលមេសាវិញ
សមុទ្រនេះពិតជាអូនមែនទេ?? ចាប់ពីថ្ងៃនេះតទៅបងមិនអោយអូនទៅណាឆ្ងាយពីបងទៀតទេ បងនឹងតាមមើលថែអូនគ្រប់ជំហានទាំងអស់ បងមិនអោយអូនចាកចេញពីបងម្តងទៀតទេ និយាយដោយអោបកាយសមុទ្រជាប់នៅនិងដើមទ្រូងយ៉ាងណែន។
សុបិនបានធ្វើអោយមេសាគេងលក់យ៉ាងស្កប់ស្កល់ពោរពេញដោយភាពកក់ក្តៅ និងប្រកបដោយក្តីសុខនៅយប់នោះ🥰🥰🥰🥰។មេសាពិតជាមិនចង់ភ្ញាក់ពីសុបិនដ៏សែនផ្អែមល្ហែមមួយនេះទេ តែពេលវេលាដើរទៅមុខមិនអាចឃាត់បាននោះទេ ព្រះអាទិត្យចាប់ផ្តើមបញ្ចេញរស្មីបន្តិចម្តងៗរហូតដល់ចាំងចំមុខមេសា ធ្វើអោយកំលោះចាស់របស់យើងភ្ញាក់ពីសុបិនដ៏សែនកក់ក្តៅមួយនេះទាំងចិត្តមិនចង់។
ក្រោយពីភ្ញាក់ពីគេង មេសាបានទៅរៀបចំខ្លួន ហើយបានទៅញ៉ាំអាហារពេលព្រឹកជុំគ្នាជាមួយគ្រួសាររបស់សមុទ្រនិងរិទ្ធិផងដែរ។ ក្រោយពីស្រស់ស្រូបអារហារពេលព្រឹក និងជជែកគ្នាលេងរួចហើយ មេសានិងរិទ្ធិនាំគ្នាទៅរៀបចំអីវ៉ាន់របស់ពួកគេព្រោះពួកគេត្រូវត្រលប់មកទីក្រុងភ្នំពេញវិញ ចំនែកវេហាមិនបានត្រលប់មកភ្នំពេញជាមួយពួកគេនោះទេ វេហាសុំនៅទីនេះជាមួយឪពុកម្តាយរបស់គេមួយរយះ។ ម៉ោង
១ វេហាបានជូនដំនើរមេសានិងរិទ្ធិទៅកាន់ផែកោះរ៉ុង ហើយចាំនៅទីនោះរហូតដល់ពេលដែលទូកចេញដំនើរចាកចេញទៅទើបវេហាត្រលប់មកផ្ទះរបស់គេវិញ។ ក្រោយពេលដែលត្រលប់មកដល់ផ្ទះវិញ វេហាចាប់ផ្តើមរៀនស្វែងយល់ពីការងាររបស់ឪពុកម្តាយរបស់គេ និង ជួយសំរាលភារកិច្ចមួយចំនួនរបស់ឪពុកម្តាយគេផងដែរ។ ក្រោយពីទទួលទានអារហារពេលល្ងាចជាមួយគ្រួសាររួចរាល់ហើយ វេហាបានឆាតទៅសួរពីសុវត្ថិភាពរបស់មេសានិងរិទ្ធិ ដល់ផ្ទះហើយនៅបងទាំង២?
-មេសា: ដល់ហើយ
ទាំងសុវត្ថិភាព និងសំលេង។ អរគុណច្រើនបាទ!
-រិទ្ធិ: បងក៏ដល់ផ្ទះដែរ។ អរគុណបាទ!!
-វេហា: ពិតជាអរគុណបងទាំង២ណាស់ បើសិនគ្មានបងទាំង២នោះទេ ប្រហែលខ្ញុំមិនអាចជួបឪពុកម្តាយរបស់ខ្ញុំនោះទេ។ អរគុណមែនទែនណាបងៗ
😚😚😚😚
-មេសា: មិនអីទេ រីករាយស្វាគមន៏ ហើយក៏សប្បាយចិត្តដែលវេហាបានជួបជុំគ្រួសារវិញ!
-រិទ្ធិ: មិនអីទេ ពួកយើងជាមិត្តនិងគ្នាយូរណាស់មកហើយ មិនជាធំដុំអីនោះទេ។ សប្បាយចិត្តដែលវេហាបានជួបជុំគ្រួសារវិញ។ ចូលរួមអបអរសាទរផងណា!
-វេហា: អរគុណណាស់បងៗ! ចឹងឈប់រំខានហើយ បងៗធ្វើដំនើរហត់នឿយហើយថ្ងៃនេះ ល្មមទៅសំរាកហើយណាបាទ!
ពេលដែលខ្ញុំទៅភ្នំពេញ ចាំខ្ញុំប៉ាវពួកបងញ៉ាំត្រាវ ហេហេហហេ🤣🤣😂😂😂😂
-មេសា &រិទ្ធិ: បាទៗ ចឹងសុំទៅសំរាកសិនហើយណា! រាត្រីសួស្តី គេងលក់ស្រួលសុបិនល្អណាបាទ!!
-វេហា: បាទ បងទាំង២ក៏ដូចគ្នា។ រាត្រីសួស្តីបាទ!
ក្រោយពីបញ្ចប់ការឆាតជាមួយមេសា និង រិទ្ធិរួចហើយ វេហាបានចេញមកខាងមុខផ្ទះ ដើម្បីមើលច័ន្ទ(ហេតុតែបងប្អូនគេ ពិតជាមានចំនូលចិត្តដូចគ្នាមែនទែនហ្មង) ដែលកំពុងតែបញ្ចេញរស្មីយ៉ាងស្រទន់គ្របដណ្តប់ពាសពេញផ្ទៃមេឃា ធ្វើអោយអារម្មណ៏នឹកដល់មនុស្សម្នាក់ដែលបានបាត់ខ្លួនរយះពេល៣ឆ្នាំមកហើយដោយគ្មានវាចារថាលាសូម្បីតែមួយម៉ាត់
បងពិតជាចិត្តដាច់ណាស់ តើពេលនេះបងនៅទីណា? បងមានដឹងអត់ថាខ្ញុំនឹកបងរាល់ថ្ងៃ? មនុស្សល្អរបស់ខ្ញុំអើយ ហេតុអីបានជាបាត់ដំណឹងបងសូន្យឈឹង??
កាលពី៥ឆ្នាំមុន នៅពេលដែលលោកយាយធ្លាក់ខ្លួនឈឺធ្ងន់ វេហាបាននាំលោកយាយទៅសំរាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ ជំងឺរបស់លោកយាយវេហា ត្រូវពិនិត្យនឹងតាមដានដោយលោកគ្រូពេទ្យម្នាក់ឈ្មោះជីវ័ន្ត មានអាយុប្រហែល៣០ឆ្នាំ ជាកូនអ្នកមានមុខមាត់ និងទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់នៅក្នុងទីក្រុងភ្នំពេញ។ នៅក្នុងមន្ទីរពេទ្យនេះអ្នកណាក៏ដឹងហើយល្បីដែរថា លោកគ្រូពេទ្យកំលោះម្នាក់នេះមានអត្តចរិកម៉ឺងម៉ាត់ ជាមនុស្សម្នាក់ដែលរួសរាយ សម្តីសំដៅសុភាពរាបសាដាក់អ្នកជំងឺមិនរើសអើងមានក្រក្មេងចាស់ប្រុសស្រីនោះទេ។ ដោយសារតែគ្មានសាច់ញាតិបងប្អូនដូចគេ ការមើលថែលោកយាយត្រូវពឹងផ្អែកទាំងស្រុងទៅលើវេហា។ ថ្ងៃណាក៏ដូចថ្ងៃណា
រាល់ពេលដែលជីវ័ន្តទៅពិនិត្យជំងឺរបស់លោកយាយឃើញតែវេហាម្នាក់ប៉ុណ្ណោះដែលនៅកំដរលោកយាយ:
-ជីវ័ន្ត: នេះគ្រូសារបងប្អូនសាច់ញាតិលោកយាយទៅណាអស់? ហេតុអីបងឃើញប្អូននៅកំដរ និងមើលថែគាត់រាល់ថ្ងៃ??
-វេហា: បាទលោកគ្រូពេទ្យ រាល់ថ្ងៃនេះខ្ញុំនៅតែ២នាក់លោកយាយតែប៉ុណ្ណោះ។ ខ្ញុំមិនដែលឃើញមានសាច់ញាតិបងប្អូនណាមកលេងគាត់ ហើយក៏មិនដែលលឺគាត់និយាយពីសាច់ញាតិគាត់ប្រាប់ខ្ញុំដែរ។បើខ្ញុំមិនមើលថែគាត់រាល់ថ្ងៃបានអ្នកណាមើលថែគាត់នោះ??
-ជីវ័ន្ត: អូ ចឹងទេអី!!!! បងគ្រាន់តែឆ្ងល់ ព្រោះឃើញអ្នកជំងឺផ្សេងទៀត អ្នកកំដរគេសុទ្ធតែផ្លាស់ប្តូរគ្នា មានតែប្អូនម្នាក់ប៉ុណ្ណោះដែលនៅកំដរលោកយាយនៅទីនេះរាល់ថ្ងៃ។ ចឹងថែរក្សាសុខភាពផង បងលាសិនហើយប្អូន។
ពេលជីវ័ន្តចាកចេញពីបន្ទប់សំរាករបស់លោកយាយវេហា ប្រុងនឹងបន្តទៅពិនិត្យអការះអ្នកជំងឺផ្សេងទៀតស្រាប់តែលឺសូរ
គ្រាំង( ជាសំលេងដួលពីលើកៅអីរបស់វេហា ហើយពេលនេះវេហាសន្លប់ស្តូកស្តឹងដោយមិនដឹងខ្លួន)។ ក្រោយពីឃើញអការះរបស់វេហាបែបនេះ ជីវ័ន្តបានស្ទុះទៅចាប់បីវេហាសំដៅទៅបន្ទប់ពិនិត្យអ្នកជំងឺ។ពេលដែលពិនិត្យមើលអការះជំងឺរបស់វេហា ជីវ័ន្តមានអារម្មណ៏ចម្លែកដែលមិនអាចបកស្រាយបាន នៅពេលដែលក្រសែភ្នែករបស់គេបានសំលឹងចំមុខរបស់វេហា ទាំងដែលខ្លួនធ្លាប់ពិនិត្យនិងព្យាបាលជំងឺរបស់អ្នកជំងឺរាប់រយនាក់មកហើយមិនដែលមានអារម្មណ៏បែបនេះនោះទេ។ ហេតុអីក៏ខ្ញុំមានអារម្មណ៏បែបនេះជាមួយឯង?? រឺមួយខ្ញុំស្រលាញ់ឯង? ទេមិនអាចទេ​” ជាសំនួរដែលកំពុងតែហោះពេញខួរក្បាលរបស់ជីវ័ន្ត។ក្រោយពីពិនិត្យអការះរបស់វេហារួចហើយ ឃើញថាវេហាមានអាការះខ្សោយ អស់កំលាំង ជាពិសេសគឺខ្វះឈាមទៀតផង។មិនដឹងថាជារឿងចៃដន្យ ជានិស្ស័យ រឺជាភ័ព្វសំណាងរបស់វេហានោះទេ ឈាមរបស់វេហា និង ឈាមរបស់ជីវ័ន្តគឺជាក្រុមឈាមតែមួយ ហើយអ្វីដែលពិសេសនោះគឺជីវ័ន្តសុខចិត្តបរិច្ចាគឈាមរបស់ខ្លួនដើម្បីជួយសង្គ្រោះក្មេងម្នាក់នេះទៀតផង។ក្រោយពីទទួលបានការព្យាបាលនឹងតាមដានយ៉ាងយកចិត្តទុកដាក់ពីជីវ័ន្ត វេហាបានដឹងខ្លួនយ៉ាងឆាប់រហ័ស:
-វេហា: នេះខ្ញុំនៅទីណាលោកគ្រូពេទ្យ?? ហើយខ្ញុំកើតអីបានជាមកគេងនៅលើគ្រែពេទ្យចឹង?
-ជីវ័ន្ត: ប្អូនខ្សោយ នឹង អស់កម្លាំងហើយក៏បានសន្លប់បាត់បង់ស្មារតី។ ឃើញដូចនេះបងក៏បានយកប្អូនមកពិនិត្យហើយព្យាបាលនៅបន្ទប់ពិនិត្យអ្នកជំងឺហ្មងទៅ។
-វេហា: ពិតជាអរគុណណាស់លោកគ្រូពេទ្យ។ ចុះលោកយាយខ្ញុំយ៉ាងម៉េចហើយ?
-ជីវ័ន្ត: អការះរបស់លោកយាយ ពួកយើងកំពុងតែតាមដាន។ ប្អូនមិនបាច់បារម្ភទេ បងបានអោយគិលានម្នាក់គាត់ទៅមើលថែលោកយាយប្អូនហើយ។ប្អូនសំរាកអោយបានស្រួលចុះនឹងអាលមានកម្លាំងទៅថែលោកយាយប្អូនវិញ។
-វេហា: បាទ លោកគ្រូពេទ្យ ខ្ញុំពិតជាអរគុណលោកគ្រូពេទ្យខ្លាំងណាស់។ចឹងខ្ញុំសុំគេងតិចសិនណាបង។
-ជីវ័ន្ត: សំរាកចុះប្អូន។ ចឹងបងទៅមើលអ្នកជំងឺផ្សេងសិនហើយ។
និយាយរួចជីវ័ន្តក៏បានចាកចេញពីបន្ទប់ដែលវេហាសំរាកឆ្ពោះទៅកាន់បន្ទប់អ្នកជំងឺផ្សេងទៀត ដើម្បីពិនិត្យអការះជំងឺរបស់អ្នកជំងឺផ្សេងទៀត។ដើរបណ្តើរជីវ័ន្តស្រមៃឃើញមុខរបស់វេហាបណ្តើរ ញញឹមបណ្តើរ (មិនដឹងថាមកពីអ្វីនោះទេ) ហាក់ដូចជាមានអារម្មណ៏ថាសប្បាយចិត្តខុសពីធម្មតា។ ក្រោយពីពិនិត្យអការះអ្នកជំងឺរួចរាល់អស់ហើយ ជីវន្តបានត្រលប់មកបន្ទប់ដែលវេហាសំរាកវិញស្របពេលដែលវេហាភ្ញាក់ពីគេងល្មម។
-ជីវ័ន្ត: ម៉េចហើយអការះក្នុងខ្លួនរបស់ប្អូន???
-វេហា: បានធូរច្រើនហើយបង ដូចរាងស្រួលខ្លួនជាងមុនច្រើនហើយ។បងខ្ញុំចង់សុំទៅមើលថែលោកយាយវិញ បានអត់?
-ជីវ័ន្ត: បាន តែបងសុំពិនិត្យអការះជំងឺរបស់ប្អូនម្តងទៀតជាមុនសិន។
ស្របពេលដែលកំពុងពិនិត្យអការះរបស់វេហា កែវភ្នែកទាំងគូរបស់អ្នកទាំង២បាន
​​បាញ់ប្រសព្វគ្នា ធ្វើអោយម្នាក់ៗមានអារម្មណ៏ច្របូកច្របល់រៀងៗខ្លួន ពេលនេះដៃរបស់លោកគ្រូពេទ្យដែលធ្លាប់តែរឹងមាំចាប់ផ្តើមកាន់ឧបករណ៏ពិនិត្យជំងឺញ័រតិចៗ ចំណែកបេះដូងរបស់វេហាវិញនោះចាប់ផ្តើមលោតញាប់ខុសពីធម្មតាដែលពិបាកព៏ណនា។ពួកគេបានបណ្តែតបណ្តោយទៅតាមអារម្មណ៏ដែលពួកគេចង់បាននៅពេលនោះ ជីវ័ន្តកំពុងតែយកបបូរមាត់របស់ខ្លួនផ្អិបលើបបូរមាត់របស់វេហាយ៉ាងត្រេកត្រអាល ចំនែកវេហាបានត្រឹមតែនៅស្ងៀមមានអារម្មណ៏ស្រឡាំងកាំងមិនដឹងថាគួរតែធ្វើយ៉ាងម៉េច។ វេហាមានអារម្មណ៏អៀនៗហើយបានរុញជីវ័ន្តចេញទាំងកាយវិការទន់ភ្លន់គួរអោយខ្នាញ់។ ខ្ញុំសុំទៅមើលលោកយាយសិនហើយ វេហានិយាយរួចក៏បានក្រោកហើយដើរចេញទៅក្រោមក្រសែភ្នែកតាមសំលឹងពីក្រោយជាមួយស្នាមញញឹមរបស់ជីវ័ន្តផងដែរ។
ក្រោមការយកចិត្តទុកដាក់ពិនិត្យព្យាបាលនិងថែរក្សាពីលោកគ្រូពេទ្យជីវ័ន្ត ជំងឺរបស់លោកយាយវេហាមានសភាពល្អប្រសើរយ៉ាងលឿន។ សំរាកព្យាបាលនៅមន្ទីរពេទ្យបាន៥ថ្ងៃ ជំងឺរបស់លោកយាយបានជាសះស្បើយ ហើយពេទ្យក៏បានអនុញ្ញាតិអោយលោកយាយចេញពីពេទ្យទៅសំរាកព្យាបាលនៅផ្ទះ។ពេលដែលោកយាយសំរាកព្យាបាលនៅផ្ទះ ក្រោយចប់ម៉ោងការងារនៅមន្ទីរពេទ្យ ជីវ័ន្តតែងតែទៅផ្ទះវេហាដើម្បីពិនិត្យជំងឺជូនលោកយាយ ជាញឹកញាប់(លេសទេ តាមពិតគោលបំនងសំខាន់គឺទៅជួបវេហាទេ)។ទង្វើល្អរបស់លោកគ្រូពេទ្យជីវ័ន្ត ធ្វើអោយវេហាបាក់ចិត្តស្រលាញ់លើជីវ័ន្តដោយមិនដឹងខ្លួនថា ខ្លួនមានអារម្មណ៏ស្រលាញ់ជីវ័ន្តតាំងពីពេលណានោះទេ។ ជីវ័ន្តវិញក៏ដូចគ្នា បេះដូងរបស់គេបានដាក់វេហាពេញបេះដូងទៅហើយ មិនអាចដាក់អ្នកណាផ្សេងទៀតបាននោះទេ។ទំនាក់ទំនងរបស់ពួកគេកាន់តែជិតស្និទ្ធិឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ឪពុកម្តាយរបស់ជីវ័ន្តដឹងការពិត។ ពួកគាត់មិនគាំទ្រ ហើយតែងតែតាមបំបែកពួកគេទាំង២នាក់គ្រប់មធ្យោបាយទាំងអស់។ ថ្ងៃមួយពេលដែលជីវ័ន្តចុះបំពេញបេសសកម្មការងារនៅបរទេស ឪពុកម្តាយជីវ័ន្តបានទៅតាមរករឿងវេហាដល់ផ្ទះស្របពេលដែលមានវត្តមានលោកយាយនៅទីនោះផងដែរ។ភ្លាមៗនោះជំងឺរបស់លោកយាយវេហាបានរើឡើងភ្លាមៗ ហើយវេហាបានបញ្ជូនលោកយាយទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ តែជាអកុសលគាត់បានគាំងបេះដូងស្លាប់បាត់ទៅហើយ
😭😭🙁🙁😭😭😭
សូមរងចាំតាមដានភាគបន្ត

No comments:

Post a Comment