Breaking

Tuesday, December 31, 2019

រឿង សមុទ្រ ភាគទី១


រឿង សមុទ្រ
ភាគទី១
និពន្ធដោយ Narong Sok
#Khmer_Novel69



សមុទ្រគឺជាឈ្មោះរបស់ក្មេងប្រុសម្នាក់ដែលរីកធំធាត់នៅក្នុងគ្រួសារមួយដែលរស់នៅលើកោះរ៉ុង ហើយគ្រួសាររបស់គាត់ជាអ្នកប្រកបរបរនេសាទសមុទ្រដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ថ្វីត្បិតតែជាកូនអ្នកនេសាទក៏ពិតមែន តែសមុទ្រមានសម្បុរសល្មម ដែលមើលទៅខុសពីអ្នកនេសាទផ្សេងទៀតដែលភាគច្រើនមានសម្បុរខ្មៅស្រអាប់។សមុទ្រមានកំពស់ខ្ពស់រហូតដល់ ១៨០សង់ទីម៉ែត្រ ទំងន់ ៦៥គីឡូក្រាម ដែលមើលទៅសមល្មមនឹងរូបរាងរបស់គេ (កូនអ្នកក្រុងដូចខ្ញុំសុំចាញ់តែម្តងហើយ😂😂😂😘😘😘)។ឆ្នាំនេះ សមុទ្រមានអាយុ២៥ឆ្នាំហើយជា រៀងរាល់ថ្ងៃ សមុទ្រតែងតែចេញទៅនេសាទជាមួយឪពុកម្តាយរបស់គេដើម្បីចិញ្ចឹមជីវិតរបស់ពួកគេ។ ថ្វីត្បិតតែមានកាយសម្បទារឹងមាំ ពេញលក្ខណះជាមនុស្សប្រុសពិតប្រាកដក្តី តែសមុទ្រជាមនុស្សម្នាក់ដែលមានចិត្តនិងអារម្មណ៏ស្រលាញ់មនុស្សប្រុសដូចគ្នា តែសមុទ្រមិនដែលប្រាប់រឺសំដែងចេញមកអោយអ្នកណាម្នាក់បានដឹងនោះទេ។ ដោយសារតែចំណាយពេលភាគច្រើននៅលើផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយ សមុទ្រមិនដែលមានពេលគិតពីបញ្ហាស្នេហានោះទេ គឺមួយថ្ងៃៗគិតតែពីបើកទូកដើម្បីរកផលនេសាទសមុទ្រតែប៉ុណ្ណោះ។ ដោយសារតែកោះរ៉ុងជាតំបន់ទេសចរណ៏ដែលស្រស់ស្អាត ហើយមានការទាក់ទាញច្រើនពីសំណាក់ភ្ញៀវជាតិ និង អន្តរជាតិ ក្រៅពីទំនេរពីការនេសាទ សមុទ្រក៏ឆ្លៀតបើកទូកសំរាប់ដឹកភ្ញៀវទេសចរណ៏ធ្វើរដំនើរកំសាន្តនៅលើកោះនោះដើម្បីបានចំនូលបន្ថែមក្នុងការផ្គត់ផ្គង់គ្រួសារផងដែរ។ សមុទ្រគឺជាមនុស្សម្នាក់ដែលមានចរិកស្លូតបូត សុភាពរាបសា ចេះអោនលំទោន គោរពចាស់ទុំ ហើយជាមនុស្សរួសរាយរាក់ទាក់ ជាហេតុធ្វើអោយភ្ញៀវដែលធ្លាប់មកលេងហើយជិះទូកដែលបើកបរដោយសមុទ្រពេញចិត្ត ហើយសរសើរពីថ្វីដៃក្នុងការបើកទូក និងភាពហ្មត់ចត់ក្នុងការងាររបស់គាត់ផងដែរ។អោយតែពិធីបុណ្យទាន រឺថ្ងៃឈប់សំរាកមកដល់ សមុទ្រ មិនដែលចេញទៅនេសាទជាមួយឪពុកម្តាយនោះទេ គឺគាត់នៅចាំទទួលភ្ញៀវទេសចរណ៏ដែលបានកក់គាត់ទុកជាហូរហែរសំរាប់ដំនើរកំសាន្តនៅលើកោះរ៉ុងនេះ។ដោយសារតែរវល់សឹងតែរកពេលសំរាកមិនបាន កំលោះសង្ហារសមុទ្រមិនដែលមានពេលគិតរឿងស្នេហានោះទេ គឺថាបេះដូងរបស់សមុទ្រនៅទំនេរស្អាតមិនដែលធ្លាប់ដាក់អ្នកណានោះទេ។ បុណ្យចំរើនព្រះជន្មព្រះបាទសម្តេចនរោត្តមសីហមុនីបានមកដល់គឺថ្ងៃ ១៣ ១៤ ១៥ ខែឧសភា ឆ្នាំ ២០១៩ មានភ្ញៀវជាតិ និង ភ្ញៀវអន្តរជាតិជាច្រើនដែលបានទៅកំសាន្តនៅកោះរ៉ុង។ សមុទ្រមានតួនាទីដឹកភ្ញៀវទេសចរណ៏ជាតិមួយក្រុមមកពីភ្នំពេញដើម្បីមកកំសាន្តនៅលើកោះនេះនៅថ្ងៃទី ១៤ និង ១៥។ ម៉ោងប្រហែលជា ៣ល្ងាច ថ្ងៃទី ១៣ ទូរស័ព្ទរបស់សមុទ្របានរោទ៏ឡើងជាមួយសំលេងមនុស្សស្រីម្នាក់យ៉ាងពីរោះដែលបាននិយាយមកកាន់សមុទ្រ:
-កញ្ចនា: អាឡូ ជំរាបសួរបង! បងឈ្មោះសមុទ្រមែនទេ???
-សមុទ្រ: អាឡូ ជំរាបសួរបាទ! បាទខ្ញុំសមុទ្រកំពុងតែនិយាយ។ អ្នកណាគេហ្នឹង? មានការអីអោយខ្ញុំជួយដែរបាទ?
-កញ្ចនា: ខ្ញុំបានលេខទូរស័ព្ទបងពីខាងមិត្តភក្កិរបស់ខ្ញុំដែលបានកក់ទូកបង សំរាប់ដំនើរកំសាន្តជុំវិញកោះនេះ នៅថ្ងៃស្អែក និង ថ្ងៃខាងស្អែក។
-សមុទ្រ: អូ បាទ។ ចឹងថ្ងៃស្អែកយើងជួបគ្នានៅណា ហើយម៉ោងប៉ុន្មានដែរ?
-កញ្ចនា: ចាស ស្អែកជួបគ្នាម៉ោង ៩ នៅចំនតទូកកោះរ៉ុងនេះឯង។ គ្នាខ្ញុំទាំងអស់មាន១០នាក់បង ចឹងជួយត្រៀមអោយខ្ញុំផង។ ប្រសិនបើមានអ្វីប្រែប្រួល រឺ ផ្លាស់ប្តូរខ្ញុំនឹងទាក់ទងប្រាប់ជាមុននៅយប់នេះ។
-សមុទ្រ: បាទ អរគុណបង ចឹងជំរាបលាសិនហើយ
-កញ្ចនា: ចាស ជួបគ្នាថ្ងៃស្អែក
ក្រោយពីបញ្ចប់ការសន្ទនាគ្នារួចរាល់ហើយ សមុទ្របានទៅត្រួតពិនិត្យទូករបស់ខ្លួន នឹងរៀបចំអីវ៉ាន់មួយចំនួនសំរាប់ភ្ញៀវដែលត្រូវធ្វើដំនើរកំសាន្តនៅថ្ងៃស្អែកផងដែរ។ ក្រោយពីត្រួតពិនិត្យទូក និង រៀបចំសំភារះរួចរាល់ហើយ សមុទ្របានដើរត្រលប់ទៅផ្ទះរបស់គេវិញដែលនៅក្នុងភូមិនោះ។ពេលដែលកំពុងដើរត្រលប់ទៅផ្ទះវិញនោះ ដោយមិនបានប្រយ័ត្នសមុទ្របានដើរបុកជាមួយមនុស្សស្រីម្នាក់ដែលកំពុងតែកាន់អីវ៉ាន់សំពីងសំពោងពេញដៃ ហើយធ្វើអោយអីវ៉ាន់នោះជ្រុះរាយប៉ាយពេញផ្លូវប្រលាក់ពេញដោយដីខ្សាច់អស់។កំពុងតែធ្ងន់ស្រាប់ផង មានគេដើរមកបុកអោយជ្រុះទៀត ធ្វើអោយកញ្ញាដ៏ស្រស់សោភារបស់យើង មានអារម្មណ៏ខឹង😠😠😠😠សមុទ្រយ៉ាងខ្លាំង ហើយស្រែកញ៉ែតៗដាក់សមុទ្រថា ដើរអត់បើកភ្នែកទេអី???បានជាមកបុកមនុស្សទាំងរស់ហ្អា?? ងាកទៅមើលកំលោះសង្ហារសមុទ្រវិញ បានត្រឹមតែអោនរើស និង ប្រមែប្រមូលរបស់ដែលជ្រុះទៅអោយកញ្ញាយើងព្រមជាមួយពាក្យថា សុំទោស ខ្ញុំគ្មានចេតនានោះទេលើកក្រោយដើរបើកភ្នែកហើយអោយចេះប្រយ័ត្នប្រយែងផង នេះមនុស្សមិនមែនសត្វទេណា វាចារពីកញ្ញាស្រស់ស្អាតរបស់យើងតបតទៅកាន់សមុទ្រ។ សុំទោស ខ្ញុំពិតជាគ្មានចេតនាមែន លើកក្រោយខ្ញុំនឹងប្រយ័ត្នជាងនេះ។ អរគុណ សុំលាសិនហើយបាទ។ ក្រោយពីសុំទោសកញ្ញាយើងរួចហើយ សមុទ្រក៏បានបន្តដំនើរទៅផ្ទះរបស់ខ្លួន។ ដើរបណ្តើរ រអ៊ូម្នាក់ឯងបណ្តើរ រវល់តែគិតស្អីឯងបានជាដើរទៅបុកគេទាំងរស់ចឹង??? និយាយបណ្តើរគ្រវីក្បាលហួសចិត្តនឹងខ្លួនឯងបណ្តើរ។
សូរិយារៀងរះបញ្ជាក់ថាពេលព្រឹកហើយ សមុទ្រមិនភ្លេចពីតួនាទីដែលត្រូវដឹកភ្ញៀវកំសាន្តក្នុងថ្ងៃនេះនឹងថ្ងៃស្អែកនោះទេ។ ម៉ោង៨ ៣០នាទី សមុទ្របានទៅដល់ទូកដើម្បីត្រួតពិនិត្យមើលពីស្ថានភាពទូក និង សំភារះដែលត្រៀមបំរុងសំរាប់ភ្ញៀវមុនពេលដែលពួកគេមកដល់។ម៉ោងប្រហែល៩ កញ្ចនាបានខលមកសមុទ្រដើម្បីរកទូកដែលពួកគេត្រូវជិះសំរាប់ដំនើរកំសាន្តមួយនេះ។ក្រោយពីខលរកគ្នាឃើញហើយ ក្រុមរបស់កញ្ចនាបានមកជួបជាមួយកំលោះសង្ហារសមុទ្រដើម្បីយកអីវ៉ាន់ទៅដាក់លើទូក។ ចៃដន្យល្អណាស់ កញ្ញាដែលសមុទ្រដើរបុកកាលពីម្សិលមិញនោះគឺជាមិត្តភក្កិរបស់កញ្ចនាដែលត្រូវរួមដំនើរជាមួយគ្នាលើកនេះផងដែរ (រឿងរ៉ាវចៃដន្យពិតជាមានច្រើនណាស់នៅក្នុងលោកនេះ)។ ក្រោយពីរៀបចំអីវ៉ាន់ដាក់លើទូករួចរាល់អស់ហើយ សមុទ្របានយកអាវពោងចំនួន១០មកចែកដល់ក្រុមរបស់កញ្ចនាដើម្បីពាក់ ចៀសវាងគ្រោះថា្នក់ដែលកើតមានដោយចៃដន្យ។គ្រប់គ្នាបានទទួលអាវពោងហើយបានពាក់វាគ្រប់ៗគ្នាដើម្បីការពារខ្លួនព្រោះម្នាក់ៗមិនមែនជាកូនអ្នកនេសាទដូចសមុទ្រនោះទេ។ទូកបានរំកិលទៅមុខបន្តិចម្តងៗរហូតដល់មើលទៅដាច់កន្ទុយភ្នែកគ្មានឃើញកោះត្រើយនោះទេ គឺឃើញតែផ្ទៃទឹកយ៉ាងថ្លាឆ្វង់ លាតសន្ធឹងល្វឹងល្វើយធំធេងឥតឧបមា។ក្រោយពីធ្វើដំនើរអស់រយះពេលប្រហែលមួយម៉ោងកន្លះ ទូកដែលបញ្ជាដោយសមុទ្របានទៅដល់កោះមួយដែលមានទូកជាច្រើនបានកំពុងធ្វើដំនើរមកកាន់ទីនេះ។នៅលើកោះនោះមានវត្តតូចមួយ ហើយមានតែលោកសង្ឃមួយអង្គគត់ដែលគង់នៅវត្តនោះ (ចេះនៅកើតដែរហ្ន បើអោយអ្នកនិពន្ធទៅនៅវិញប្រហែលស្លាប់ឆាប់មិនខានទេ
😂😂😂😂😂)។ក្រោយពីទូកចូលចតរួចរាល់អស់ហើយ ក្រុមរបស់កញ្ចនាក៏បានរកន្លែងសមរម្យមួយដើម្បីរៀបចំសំរាប់អាហារថ្ងៃត្រង់ដែលបានត្រៀមមកពីកោះរួចជាស្រេច។មុនពេលស្រស់ស្រូបអារហារពេលថ្ងៃត្រង់ ពួកគេក៏បានឡើងទៅកាន់វត្តនោះដើម្បីសុំសេចក្តីសុខក្នុងដំនើរកំសាន្តរបស់ពួកគេផងដែរ។ ក្រោយពីបន់ស្រន់ បួងសួងសុំសុខសប្បាយរួចរាល់អស់ហើយ ពួកគេនាំគ្នាចុះមកវិញដើម្បីញ៉ាំបាយថ្ងៃត្រង់ជុំគ្នាយ៉ាងសប្បាយរីករាយ (មួយជីវិតហ្នឹងញ៉ាំបាយនៅលើកោះជាមួយពួកម៉ាកបានម៉ានដង អត់សប្បាយម៉េចស្ទាវ😊😊😊😊😊 )។ ក្រោយពីអារហារថ្ងៃត្រង់រួចរាល់អស់ហើយ សមុទ្របាននាំពួកគេទៅមុជទឹកមើលផ្កាថ្មនៅជិតនោះ។ ក្រុមរបស់កញ្ចនាទាំងអស់បាននាំគ្នាពាក់អាវពោង ហើយចុះទៅលេងទឹក និង មើលផ្កាថ្មយ៉ាងជក់ចិត្តដិតអារម្មណ៏ជាមួយទេសភាពនៅបាតសមុទ្រដែលធ្លាប់មើលតែតាមទូរទស្សន៏ (មិនងាយបានមើលផ្ទាល់ទេ ទាល់តែអ្នកហ៊ានបានមើល)។ក្រោយពីលេងទឹក និង មើលផ្កាថ្មអស់ចិត្តហើយ ពួកគេក៏បាននាំគ្នាឡើងទូកវិញដើម្បីបន្តដំនើរទៅលេងទឹកនៅឆ្នេរមួយទៀតដែលនៅក្បែរនោះគឹឆ្នេរឡង់ប៊ិច(ទេសភាពស្អាតកប់ៗ😘😘😘)។ ពេលទៅដល់ឆ្នេរនោះគ្រប់គ្នាលាន់មាត់សរសើរមិនដាច់ពីមាត់ពីទេសភាព និង ទឹកដ៏ថ្លាឆ្វង់ដែលឆ្លុះមើលឃើញដល់បាតដី។ដោយសារតែទ្រាំជាមួយសភាពទឹកដ៏ថ្លាឆ្វង់នេះមិនបាន គ្រាន់តែទូកឈប់មិនទាន់ស្រួលបួលផង ពួកគេនាំគ្នារត់ចុះទៅលេងទឹកព្រាតដោយទុកអោយសមុទ្រជាអ្នកនៅចាំអីវ៉ាន់នឹងចាំមើលពីសុវត្ថិភាពរបស់ពួកគេ ព្រោះពួកគេទាំងអស់មិនប្រសព្វក្នុងការហែលទឹកនោះទេ។ កំពុងតែលេងសប្បាយសុខៗស្រាប់តែ មេសា កំលោះចាស់ដែលមានសម្បុរសណ្តែកបាយ អាយុ៣២ឆ្នាំ មានកំពស់១៦៨សង់ទីម៉ែត្រ ទំងន់ ៦៥គីឡូក្រាម មានមុខមាត់ជាកូនកាត់ចិន មិនបានប្រយ័ត្នក៏បានមុតជើងជាមួយផ្កាថ្មនៅពេលដែលលេងទឹកមុននេះ ហើយមានឈាមហូរចេញមកយ៉ាងច្រើន។ឃើញដូចនេះមិត្តភក្កិរបស់មេសានាំគ្នាភ័យហើយមិនដឹងធ្វើយ៉ាងម៉េចក្រៅពីយកក្រម៉ាទៅរុំឃាត់ឈាមកុំអោយវាហូរចេញមក។ តែមិនបានការនោះទេ ទោះបីជាមិត្តភក្កិគាត់ធ្វើបែបនេះក៏ឈាមវានៅតែហូរមកអត់ឈប់។ដោយសារតែសមុទ្រមើលពីចំងាយមិនដឹងថាមានរឿងអីកើតឡើងចំពោះមេសានោះទេ តែពេលដែលឃើញមិត្តភក្កិមេសានាំគ្នាឡើងគោកហើយជុំគ្នារោមមើលអ្វីមួយទើបសមុទ្រចុះពីលើទូកហើយសំដៅមកមើលកន្លែងដែលពួកគេនាំគ្នារោមនោះ។ដោយសារឃើញឈាមហូរចេញមកមិនឈប់ សមុទ្រនិង មិត្តភក្កិប្រុសៗរបស់មេសានាំគ្នាសែងមេសាដាក់នៅលើទូកដើម្បីមើលពីអការះរបស់មេសា។ ក្រោយពីដាក់មេសានៅលើទូកហើយ សមុទ្របានទៅយកទឹកកកអនាម័យមួយដុំមកជូតនៅលើមុខរបួស(ដើម្បីឃាត់ឈាម) ហើយយកប្រអប់ថ្នាំដែលគាត់បានរៀបចំទុកនៅលើទូកមកធ្វើការលាងរបួសអោយមេសា។ ដោយសារមុតជ្រៅពេលលាងរបួសនោះធ្វើអោយមេសាមានការឈឺចាប់ហើយស្រែកនិងរើម្តងៗដែលធ្វើអោយសមុទ្រពិបាកក្នុងការលាងរបួស (មិត្តភក្កិដែលទៅជាមួយនឹងប្រុសៗអត់ចេះលាងរបួសទេចឹងបានត្រឹមតែឈរមើលពីចំងាយ ហើយស្រីៗខ្លាចឈាមមិនទាន់ហ៊ានឡើងមកលើទូកមើលនោះទេ)។លាងរបួសបណ្តើរ សមុទ្របាននិយាយប្រាប់មេសាបណ្តើរថា ទ្រាំតិចទៅ ហើយនៅអោយស្ងៀមព្រោះរបួសជ្រៅចឹងពេលលាងវាពិបាកហើយបើនៅតែរើចឹងវារឹតតែឈឺ ហើយមិនដឹងពេលណាបានលាងហើយនោះទេ😤😤😤 រីឯមេសាវិញដោយសារតែការឈឺចាប់មុខរបួសក៏តបតទៅវិញ បើឈឺអ្នកណាទ្រាំបាន មិនអោយរើយ៉ាងម៉េច មនុស្សមិនមែនរូបចំលាក់ទេ😞😞😔😔 ។ សមុទ្រក៏បានតបតទៅមេសា យីស គ្រាន់បើ ឈឺហើយនៅខ្លាំងទៀត ចឹងបើចង់ឈឺជាងនេះ រើអោយខ្លាំងទៅ😠😠😠។ក្រោយពីលឺសមុទ្រនិយាយបែបនេះមេសាក៏នៅស្ងៀម រីឯសមុទ្រវិញគិតតែពីលាងរបួសអោយមេសាយ៉ាងយកចិត្តទុកដាក់ ដោយមិនបានដឹងថាមេសាកំពុងតែលួចមើលកាយវិការរបស់សមុទ្រនោះទេ។ ក្រោយពីលាងរបួសរួចរាល់ហើយ សមុទ្របានយកថ្នាំលាបនិងបង់រុំរបួសទៅរុំអោយមេសាដើម្បីការពារកុំអោយមុខរបួសត្រូវទឹក។ក្រោយពីលាងរបួសចប់សព្វគ្រប់ហើយ សមុទ្របានគ្រាមេសាឡើងដើម្បីរកកន្លែងសំរាកគួរសម តែចៃដន្យអីពេលកំពុងតែគ្រាមេសារលកធំបានបោកបក់មកធ្វើអោយទូកឃ្លីងឃ្លោងពិបាកទប់ខ្លួនធ្វើអោយពួកគេទាំង២ដួលសង្កត់លើគ្នាដោយមេសានៅពីក្រោម ហើយសមុទ្រនៅពីលើដោយដៃរបស់សមុទ្រពេលនេះត្រូវសង្កត់ដោយខ្នងមេសាស្ទើរតែបាក់ទៅហើយ (ពេលរលកធំបោកទូក សមុទ្រខំទប់ខ្លួនដែរតែទប់មិនជាប់ ហើយពេលដួលសមុទ្រយកដៃត្រកងខ្លួនមេសាដើម្បីកុំអោយមានរបួស)។ពេលនេះភ្នែករបស់ពួកគេទាំង២កំពុងតែប្រសព្វរកគ្នា😊😊😊ហើយម្នាក់ៗមានអារម្មណ៏ចំលែកៗរៀងខ្លួន ពេលដែលខ្សែភ្នែកបាញ់ចំគ្នាបែបនេះ។ដោយទ្រាំនឹងអារម្មណ៏ខុសប្រក្រតីនេះមិនបាន ហើយទូកមានសភាពធម្មតាវិញហើយនោះ សមុទ្របានស្ទុះក្រោកចេញពីលើមេសា ហើយជួយគ្រាមេសាម្តងទៀតទៅកាន់កន្លែងសំរាកនៅលើទូក ហើយសមុទ្រក៏បានទៅកាន់កន្លែងរបស់ខ្លួនដើម្បីបើកទូកត្រលប់ទៅវិញព្រោះម៉ោងប្រហែលជា៤ល្ងាចទៅហើយ។ នៅពេលជិះទូកត្រលប់មកវិញ កញ្ចនាបានសួរទៅកាន់សមុទ្រ:
-កញ្ចនា: បង នៅទីនេះពេលយប់ យើងអាចទៅលេងនៅណាបានទេ?
-សមុទ្រ: បាទ បន្ទាប់ពីក្រុមបងញ៉ាំអាហារពេលល្ងាចរួច ខ្ញុំនឹងជូនបងទៅមើលប្លង់តុង (ណាគេស្គាល់ប្លង់តុងខ្លះ ប្រាប់ផងណា
😁😁😁😁 )។ហើយមកវិញបើបងចង់ច្រៀងខារ៉ាអូខេ និងញ៉ាំស្រា បងអាចទៅ Jungle Bar (ណាគេខ្លះ អត់ស្គាល់ ចាំខ្ញុំជូនទៅ) បានបង។
-កញ្ចនា: អូ ពិសេសមែន។ ម៉េចដែរគ្នាយើង យប់នេះអាចទៅរួចទេមើលទៅ???
-មិត្តភក្កិកញ្ចនា: អូខេពួកម៉ាក (ជាសំលេងរបស់មិត្តភក្កិទាំងអស់គ្នា លើកលែងតែមេសាម្នាក់ប៉ុណ្ណោះដែលកំពុងតែលង់លក់។
-កញ្ចនា: អូខេ សំរេចថាយប់នេះទៅមើលប្លង់តុងហើយទៅលេង Jungle Bar ទាំងអស់គ្នា។តែថាពួកខ្ញុំអត់ដែលស្គាល់ទេ ចឹងបងជូនពួកខ្ញុំទៅបានអត់?
-សមុទ្រ: បាទ ដោយក្តីរីករាយ។
-កញ្ចនា: សំរេចថាចឹងចុះ។ ហើយពួកយើងជួបគ្នាម៉ោងប៉ុន្មានដែរ?
-សមុទ្រ: ជួបគ្នាម៉ោង ៧ ៣០នាទីយប់នេះនៅកន្លែងដដែល។
-កញ្ចនា: អូខេ។
សន្ទនាគ្នាចប់សព្វគ្រប់ហើយ ទូកក៏បានមកដល់ចំនត មេសាក៏ភ្ញាក់ល្មម។
ម៉េចហើយពួកម៉ាក មុខរបួសឈឺអត់ សំនួររបស់កញ្ចនាទៅកាន់មេសា មិនអីទេ រាងគ្រាន់បើតិចហើយ តែវានៅរាងឈឺតិច មេសាឆ្លើយទៅកាន់កញ្ចនា។ កញ្ចនាបន្ត ល្ងាចនេះបន្ទាប់ពីបាយល្ងាចហើយ យើងនាំគ្នាជិះទូកទៅមើលប្លង់តុង ហើយមកវិញនាំគ្នាទៅលេង Jungle bar. ទៅរួចអត់ពួកម៉ាក?? បំនាច់នឹងមកដល់ទៅហើយ មិនចូលរួមម៉េចកើត អូខេ មេសាឆ្លើយតប។បន្ទាប់មកពួកគេនាំគ្នាចុះពីលើទូកម្តងម្នាក់ៗជាមួយការជួយពីសមុទ្រ។មិត្តភក្កិរបស់មេសាចុះអស់ហើយជាមួយអីវ៉ាន់យួរគ្រប់ដៃ ហើយដើរទៅកន្លែងស្នាក់នៅមុនមេសា។មេសាដើរប៉ាំងស្ញើកៗមកដល់មុខសមុទ្រដែលនៅចាំជួយ។ ហុចដៃមក ចាំខ្ញុំជួយ សមុទ្រនិយាយទៅកាន់មេសា។ដោយសារតែឈឺហើយពិបាកដើរផងនោះ មេសាបានហុចដៃរបស់ខ្លួនដើម្បីអោយសមុទ្រជួយតោង។គ្រាន់តែប៉ះដៃគ្នា ភ្នែករបស់ពួកគេចាប់ផ្តើមប្រសព្វគ្នាជាលើកទី២ ហើយអារម្មណ៏ច្របូកច្របល់របស់ពួកគេចាប់ផ្តើមកើតមានម្តងទៀតដោយម្នាក់ៗមិនដឹងថាមកពីអ្វីអោយប្រាកដនោះទេ។
ក្រោយពីអាហារពេលល្ងាចរួចរាល់អស់ហើយ ពួកគេបាននាំគ្នាមកកាន់ចំណតទូកតាមការណាត់ពីល្ងាច។ក្រោយពីឡើងទូករួចរាល់ហើយ សមុទ្របានបញ្ជាទូកចេញពីកោះប្រហែល៣០នាទីហើយពន្លត់ម៉ាស៊ីនទូកនៅកន្លែងមួយដែលគ្រប់គ្នាអាចមើលប្លង់តុងឃើញ។ ទិដ្ឋភាពទូកចតស្ងៀមជាមួយសភាពងងឹតស្លុបនៅលើផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយជាមួយខ្យល់បក់មកត្រសៀកៗគឺពិតជាមានអារម្មណ៏ថាព្រឺឆ្អឹងខ្នងណាស់ ស្រៀវៗយ៉ាងម៉េចមិនដឹងទេ តែពន្លឺផ្លេកៗដែលចេញមកពីទឹកសមុទ្រគឺពិតជាស្អាតដែលធ្វើអោយអ្នកបានឃើញបាត់អស់ការភ័យខ្លាចដោយសារតែឈ្លក់វង្វេងនឹងវា។ ដោយសារតែជាអ្នករស់នៅសមុទ្រហើយជាអ្នកបើកទូកជូនភ្ញៀវទេសចរណ៏ដើរលេងស្រាប់ សមុទ្រមិនបានចាប់អារម្មណ៏ជាមួយប្លង់តុងនោះទេ គឺកំលោះសង្ហារយើងអង្គុយស្ងៀម ហើយសញ្ជឹងគិតពីអារម្មណ៏របស់ខ្លួននិងមេសា។
គ្រប់គ្នាកំពុងតែលង់នឹងសម្រស់របស់ប្លង់តុង ផ្ទុយពីមេសាជារឿយៗបានលួចមើលកំលោះសង្ហារសមុទ្រ ហើយយូរៗម្តងខ្សែភ្នែករបស់ពួកគេទាំង២ប្រសព្វគ្នាពីចំងាយ។ពេលដែលខ្សែភ្នែកទាំង២របស់ពួកគេទាំង២ប្រសព្វគ្នា ពួកគេបានត្រឹមតែបែរគេចចេញពីគ្នាហើយបន្លប់មើលអីផ្សេងតែប៉ុណ្ណោះ។ក្រោយពីគយគន់ប្លង់តុងប្រហែល៣០នាទីហើយ ពួកគេក៏បានវិលត្រលប់មកកាន់កោះរ៉ុងវិញ។ក្រោយពេលមកដល់កោះវិញ សមុទ្រក៏បាននាំផ្លូវពួកគេទៅកាន់ Jungle bar ហើយសុំពួកគេត្រលប់មកវិញមុនដើម្បីរៀបចំត្រួតពិនិត្យទូក និង ចងទូកទុកដាក់អោយបានស្រួលបួលសំរាប់ដំនើរកំសាន្តនៅថ្ងៃស្អែកបន្តទៀត។ក្រុមរបស់កញ្ចនានៅពេលដែលទៅដល់ jungle bar ហើយនាំគ្នាហៅគ្រឿងក្លែម beer និងស្រាក្រឡុកមកញ៉ាំជុំគ្នា។ញ៉ាំបណ្តើរ ច្រៀងបណ្តើរ មានអ្នកខ្លះក៏ឡើងរាំបណ្តើរទៅតាមការសប្បាយរបស់ពួកគេនាពេលរាត្រីនៅលើកោះ។ក្រលេកទៅមើលមេសាវិញ របួសចាប់ផ្តើមរើឡើង ធ្វើអោយកំលោះចាស់នេះមានអារម្មណ៏ថាឈឺ ហើយក្តៅខ្លួនភាយៗ។
ពួកម៉ាកគ្នាដូចមិនសូវស្រួលខ្លួនទេ សុំទៅសំរាកមុនហើយណា។ ហើយមានណាគេដាក់ថ្នាំមកអត់ មានអារម្មណ៏ថាក្តៅខ្លួនហើយមុខរបួសដូចជាចាប់ផ្តើមឈឺហើយ ជាសំនួរដែលមេសាសួរទៅកាន់មិត្តភក្កិរបស់គេទាំងអស់គ្នា។ អត់បានដាក់មកទេពួកម៉ាកអើយ អូសាកទៅសួរសមុទ្រលមើលព្រោះឃើញគាត់មានប្រអប់ថ្នាំ ប្រហែលជាគាត់មានកញ្ចនាតបក្រោយពីសួរនាំមិត្តភក្កិហើយ។ ចឹងគ្នាសុំទៅមុនហើយណា នាំគ្នានៅលេងអោយសប្បាយចិត្តចុះ។ ក្រោយពីលាមិត្តភក្កិរបស់គេហើយ មេសាដើរសំដៅទៅទូក ដើម្បីរកមើលសមុទ្ររកសុំថ្នាំពីគេ (នៅលើកោះ ហ្វាម៉ាស៊ីមិនមានច្រើនទេ ណាមួយម៉ោង ៩ ១០ហើយ គេបិទដេកអស់ហើយ)។ ពេលដើរដល់លើទូក មេសាឃើញសមុទ្រកំពុងតែអង្គុយនៅលើក្បាលទូកមើលព្រះច័ន្ទតែម្នាក់ឯង(ដូចអណ្តែតអណ្តូងដល់ហើយ)យ៉ាងកណ្តោចកណ្តែងមើលពីក្រោយទៅគួរអោយសង្វេគ ចំនែកសមុទ្រវិញកំពុងតែស្លុងអារម្មណ៏ជាមួយសម្រស់របស់ព្រះច័ន្ទមិនបានដឹងថាមេសាឡើងមកលើទូកតាំងពីពេលណានោះទេ។ អេ អាអូន សំលេងមេសាហៅទៅកាន់សមុទ្រ (២នាក់នេះមិនទាន់ស្គាល់ឈ្មោះគ្នានោះទេ😁😁)។សមុទ្រដែលកំពុងតែលង់អារម្មណ៏ជាមួយច័ន្ទហាក់ភ្ញាក់ព្រើតព្រោះមិនដឹងថាមានអ្នកឡើងមកលើទូកតាំងពីអង្កាល។សមុទ្របែរក្រោយមកហាក់រាងស្រឡាំងកាំងពេលដែលឃើញកំលោះចាស់មេសាមកតែម្នាក់ឯង។ បងយប់ថ្មើរនេះហើយ បងមកទីនេះតែម្នាក់ឯងមានការអីដែរ?? សមុទ្រសួរទៅកាន់មេសា។
-មេសា: អូ គឺខ្ញុំរាងឈឺនៅត្រង់មុខរបួស ហើយដូចជារាងក្តៅខ្លួន។ ចឹងចង់មកសុំថ្នាំParacetamol ២គ្រាប់យកទៅញ៉ាំ។ សួរមិត្តភក្កិដែរតែគ្មានណាគេយកមកទេ ហើយគេអោយមកសួរអាអូនឯងហ្នឹង (ហេហហេហេ អាអូនពេញៗមាត់តាហ្មង
😁😁😁)
-សមុទ្រ: អូ បាទ ចាំតិចខ្ញុំរកមើលក្នុងប្រអប់ថ្នាំខ្ញុំសិន។ រកបណ្តើររអ៊ូបណ្តើរ
គេធំប៉ុណ្ណាណីហើយ នៅហៅគេថាអាអូនទៀត?😔😔
-មេសា: បើមិនអោយហៅថាអាអូន អោយហៅថាម៉េច បើបងមិនស្គាល់ឈ្មោះអាអូនឯងផងហ្នឹង? មេសាលឺនៅពេលដែលសមុទ្ររអ៊ូតែម្នាក់ឯង។
-សមុទ្រ: យីស នៅលឺទៀត (គិតក្នុងចិត្ត)។ ខ្ញុំឈ្មោះ សមុទ្រ។ហៅខ្ញុំថាសមុទ្រទៅ កុំហៅខ្ញុំថាអាអូន ខ្ញុំធំហើយ។
-មេសា: ធំណា ឃើញតូចញ៉េបសោះហ្នឹង
😁😁??? ហាហហាហ រីករាយដែលបានស្គាល់សមុទ្រ ខ្ញុំឈ្មោះ មេសា។
-សមុទ្រ: ដែលឃើញពីកាលណាមកថាតូចធំអីហ្នឹង??? បាទ ដូចគ្នារីករាយដែលបានស្គាល់បងមេសា។នេះថ្នាំ paracetamol ដែលបងចង់បាន។
ពេលដែលមេសាក្រោកមកយកថ្នាំ សមុទ្របានឃើញមានឈាមហូរចេញមកហើយប្រលាក់ពេញបង់ដែលសមុទ្ររុំអោយកាលពីពេលល្ងាច។
-សមុទ្រ: បងមេសា ជើងបងយ៉ាងម៉េចហើយ?? មានឈាមហូរចេញមកទៀតហើយ។
-មេសា: អូ មិនអីទេ ដើរឡើងទូកមិញ មិនប្រយ័ត្នបុកជាមួយគែមទូកហ្នឹងណា។
-សមុទ្រ: បង់ប្រលាក់ឈាមអស់ហើយ មោះខ្ញុំលាងរបួស និង ដូរបង់អោយបងម្តងទៀត។
-មេសា: បាទ ចឹងក៏បាន។
មេសាអង្គុយស្ងៀមដើម្បីអោយសមុទ្រលាងរបួសរបស់ខ្លួន ហើយសំលឹងមើលសមុទ្រមិនដាក់ភ្នែកនោះទេ។មេសាមានអារម្មណ៏ច្របូកច្របល់ និយាយក៏មិនចេញ នៅពេលដែលខ្លួនបាននៅជិតសមុទ្រម្តងៗ។ សមុទ្រវិញមិនបានចាប់អារម្មណ៏ជាមួយមេសានោះទេ គឺគិតតែពីលាងរបួសហើយរុំបង់ថ្មីអោយមេសា។ក្រោយពីរុំបង់ថ្មីរូចរាល់ហើយសមុទ្រងើបមុខឡើង ក៏បានប្រទះនឹងភ្នែកទាំងគូរបស់មេសាដែលកំពុងតែមើលមកខ្លួនជាយូរមកហើយ។ពេលនេះក្រសែភ្នែកទាំង២របស់ពួកគេកំពុងសម្លឹងគ្នាទៅវិញទៅមកយ៉ាងចម្លែករហូតដល់សមុទ្រងាកមុខចេញហើយនិយាយថា
-សមុទ្រ:
រួចរាល់ហើយបងមេសា ហើយនេះជាថ្នាំនឹងបង់សំរាប់ដូរនៅថ្ងៃស្អែកពេលព្រឹក ហើយប្រយ័ត្នកុំអោយត្រូវទឹក
- មេសា:
បាទ អរគុណសមុទ្រ ហើយអត់ទៅផ្ទះទេយប់ហើយ? ហើយផ្ទះសមុទ្រនៅណាដែរ?
-សមុទ្រ: បាទ ផ្ទះមិនទៅទៅណា មានលុយណាដេកផ្ទះសំណាក់ដូចបងទៅ (ហេហហេហេហឌឺណាស់ដែរហ្នឹងណា)។ផ្ទះខ្ញុំនៅក្នុងភូមិនេះឯងមិនឆ្ងាយពីពួកបងស្នាក់នៅនោះទេ។
-មេសា: បាទ ចឹងតោះទៅផ្ទះដែរទៅ គ្រាន់បានគ្នា។
-សមុទ្រ: ខ្លាចខ្មោចមែនបង? ហេហេហហេ មិនបាច់បបួលទេ ព្រោះរៀបចំទៅផ្ទះដូចគ្នាហ្នឹងណា។
ពួកគេទាំង២នាក់ក៏បាននាំគ្នាដើរទៅច្រាំងហើយសមុទ្រជូនមេសាទៅកាន់ផ្ទះសំណាក់កោះរ៉ុង (ផ្ទះសំណាក់ដែលមេសាត្រូវស្នាក់នៅ)។
ដល់ផ្ទះសំណាក់របស់បងហើយ ចូលទៅខ្ញុំសុំលាទៅផ្ទះហើយ សមុទ្រពោលទៅកាន់មេសា បាទ ដើរទៅផ្ទះវិញប្រយ័ត្នផង ជាសំដីរបស់មេសា ទៅកាន់ សមុទ្រ។ ក្រោយពីលាគ្នាហើយ សមុទ្រក៏បានដើរចាកចេញទៅ រីឯមេសាវិញតាមមើលសមុទ្ររហូតដល់មើលលែងឃើញទើបមេសាដើរចូលទៅបន្ទប់ដែលខ្លួនស្នាក់នៅ។ចូលដល់បន្ទប់ភា្លម មេសាយកដៃអង្អែលរបួសរបស់ខ្លួនហើយអារម្មណ៏នឹកឃើញតែសកម្មភាពលាងរបួសរបស់សមុទ្រនៅនឹងមុខ។មេសាសំងំគេង ដែរតែអារម្មណ៏នៅតែដក់ជាប់ជាមួយរូបភាពមួយចំនួនដែលបានកើតឡើងជាមួយសមុទ្រនៅជាប់ពេញខួរក្បាល ធ្វើអោយគេរសាប់រសល់គេងមិនលក់ស្ទើរតែពេញមួយយប់។ ក្រឡេកទៅមើលសមុទ្រវិញ ក៏មិនខុសគ្នាប៉ុន្មានដែរគឺថាគេងមិនលក់ដូចគ្នា បិទភ្នែកឃើញតែរូបភាពដែលខ្លួនប្រសព្វខ្សែភ្នែកជាមួយមេសា។ដោយសារតែរសាប់រសល់គេងមិនលក់ មេសាបានខលទៅកញ្ចនាដើម្បីសុំលេខទូរស័ព្ទរបស់សមុទ្រ។ក្រោយពីបានលេខទូរស័ព្ទរបស់សមុទ្រហើយ មេសាក៏បានខលទៅសមុទ្រភ្លាមៗ។ទូរស័ព្ទរបស់សមុទ្របានបន្លឺឡើង ទីង ទីង តុង តុង ហេហហេហេ:
-សមុទ្រ: អាឡូ ជំរាបសួរ! អ្នកណាហ្នឹងខលមកទាំងយប់មានការអីដែរបាទ?
-មេសា: អាឡូ សមុទ្រ បងមេសានិយាយ។
-សមុទ្រ: មានការអីដែរបាទ?? យប់ហើយនៅមិនទាន់គេងទេ??
-មេសា: អត់មានការអីធំដំទេ គ្រាន់តែភ្លេចអរគុណដែលបានជួយលាងរបួស និង រុំរបួសអោយបងនៅថ្ងៃនេះហ្នឹងណា(អូសកាលាអោយច្បាស់កាឡែត)។បិទភ្នែកគេងដែរ តែគេងមិនលក់សោះ។ចុះសមុទ្រវិញមិនទាន់គេងទេ នេះយប់ជ្រៅហើយណា។
-សមុទ្រ: អូ រឿងហ្នឹងទេអីបង មិនអីទេ អត់មានអីធំដុំទេបង តិចតួចហ្នឹង។ ចុះហេតុអីគេងមិនលក់បង?? ខ្ញុំគេងអត់លក់ដែរហ្នឹង ហេហហេហេ
-មេសា: ប្រហែលប្លែកកន្លែង ឈឺមុខរបួសហើយបានគេងមិនលក់។ ចុះសមុទ្រវិញ ហេតុអីបានគេងមិនលក់ដែរ??
-សមុទ្រ: មិនដឹងដែរបង។ ចឹងសុំគេងសិនហើយណាបង។ រាត្រីសួស្តី!
-មេសា: បាទ រាត្រីសួស្តី! ជំរាបលា!
ក្រោយពីផ្តាច់ទូរស័ព្ទរួចហើយ មេសាក៏បាន save លេទទូរស័ព្ទរបស់សមុទ្រនៅក្នុងទូរស័ព្ទរបស់ខ្លួន ហើយស្រាប់តែលោតតេលេក្រាមរបស់សមុទ្រមកក្នុងទូរស័ព្ទរបស់មេសាភ្លាមៗ។ដោយសារតែគេងមិនលក់មេសាបានឆាតទៅតេលេក្រាមរបស់សមុទ្រ ពេលសមុទ្រឃើញហើយក៏ឆ្លើយតបមេសាវិញជាហូរហែរ។ ពួកគេបន្តឆាតលេងជាមួយគ្នាជាហូរហែររហូតដល់ម្នាក់ៗគេងលក់រៀងៗខ្លួន។
ព្រឹកឡើងសមុទ្របានទៅចាំក្រុមរបស់កញ្ចនានៅទូកនៅម៉ោង ៨ ៣០នាទី ហើយនៅម៉ោង៩ ក្រុមរបស់កញ្ចនាបានមកដល់ទូកដើម្បីធ្វើដំនើរទៅលេងកោះរ៉ុងសន្លឹម។ក្រោយពីចំនាយពេលក្នុងការបើកទូកប្រហែលមួយម៉ោង ពួកគេបានមកដល់កោះរ៉ុងសន្លឹមហើយ សមុទ្របានចូលចតទូកនៅផែដើម្បីអោយពួកគេបានគយគន់ និង ដើរលេងនៅលើកោះរ៉ុងសន្លឹមនោះ។ ក្រោយពីគយគន់ និង ផ្តិតយកទេសភាពនៅលើកោះរួចហើយ ពួកគេទាំងអស់បានចុះលេងទឹកលើកលែងតែមេសាម្នាក់ប៉ុណ្ណោះដែលមិនបានចុះលេងទឹកព្រោះគាត់ឈឺជើង។ មេសាបានដើរសំដៅទៅទូកដើម្បីចាំមិត្តភក្កិរបស់គេនៅទីនោះ ស្របពេលដែលសមុទ្រកំពុងតែនៅអង្គុយលេងនៅលើទូកដើម្បីចាំអីវ៉ាន់អោយពួកគេ។
-សមុទ្រ: បងមេសា ម៉េចមកវិញលឿនម៉េះ? ហើយមិត្តភក្កិដទៃទៀតនៅណា?
-មេសា: អូ ពួកគាត់ចុះលេងទឹកនៅខាងនោះ។ បងមកចាំនៅទូកមុនព្រោះអត់ចុះលេងទឹកទេ ខ្លាចរីកជើង។
-សមុទ្រ: អូបាទ ចុះជើងបងយ៉ាងម៉េចហើយ?
-មេសា: មិនអីទេ រាងគ្រាន់បើតិចហើយ បងលាងនិងដូរបង់ព្រឹកមិញតាមសមុទ្រប្រាប់រួចហើយ។អរគុណម្តងទៀតសំរាប់ថ្នាំរបស់សមុទ្រ។
-សមុទ្រ: មិនអីទេបង តិចតួចទេ មិនបាច់អរគុណអីច្រើនដងពេកទេ។
ក្រោយពីនិយាយគ្នាជាហូរហែរមក សមុទ្របានដើរទៅយកកូកាដែលក្លាសេនៅក្នុងធុងទឹកកកមួយកំប៉ុងមកអោយមេសា តែពេលដែលដើរជិតដល់មេសា ស្រាប់តែសមុទ្រជំពប់ជើងដួលលើមេសា ធ្វើអោយរាងកាយដ៏មាំមួនរបស់សមុទ្រពេលនេះកំពុងតែនៅក្នុងរង្វង់ដៃរបស់មេសាហើយមាត់របស់ពួកគេទាំង២ពេលនេះគឺកំពុងតែប៉ះគ្នាជាមួយខ្សែរភ្នែកទាំងគូប្រសព្វគ្នាប្រៀបដូចជាកំពុងតែឆ្លងចរន្តអគ្គិសនី។ដោយសារតែអារម្មណ៏របស់ពួកគេទាំង២មានលើគ្នាទៅវិញទៅមក ពួកគេក៏បានថើបគ្នាយ៉ាងកក់ក្តៅទៅតាមកំសួលអារម្មណ៏របស់ពួកគេទាំង២។
ក្រោយពីថើបគ្នា ពួកគេទាំង២នាក់បានអង្គុយអោបគ្នានៅលើទូកយ៉ាងផ្អែមល្ហែមប្រៀបដូចជាគូស្នេហ៏ដែលស្រលាញ់គ្នាតាំងពីយូរណាស់មកហើយចឹង។ ដោយសារតែដល់ពេលត្រលប់ទៅកោះវិញ ហើយណាមួយខ្លាចពួកម៉ាករបស់មេសាមកឃើញផងនោះ សមុទ្របានក្រោកចេញពីមេសាហើយបានដើរទៅតាមហៅមិត្តភក្កិរបស់មេសាអោយប្រញាប់ទៅវិញ ព្រោះខ្លាចមិនទាន់ពេលទូកចេញទៅខេត្តវិញ។ក្រោយពីឡើងទូកជុំគ្នាហើយ សមុទ្របានបើកទូកឆ្ពោះទៅកោះរ៉ុងវិញ តែពេលនេះមុខកំលោះយើងដូចជាក្រៀមក្រំខុសប្លែកពីរាល់ដងដូចជាមានរឿងអ្វីដែលលាក់ក្នុងទុកក្នុងចិត្តនិយាយមិនបាន។មេសាតែងតែលួចមើលសមុទ្រជារឿយៗ ហើយពេលឃើញសមុទ្របែបនេះ មេសាក៏មានអារម្មណ៏មិនសប្បាយចិត្តដូចគ្នា តែមេសាមិនបានបង្ហាញចេញមកនោះទេដោយសារមានមិត្តភក្កិនៅជុំវិញខ្លួន។ទូកធ្វើដំនើរសន្សឹមៗមកដល់កន្លែងចូលចត ហើយក៏បញ្ជាក់ថាពេលដែលពួកគេត្រូវបែកគ្នាចូលមកដល់ដែរ។ក្រោយពីទទួលលុយពីកញ្ចនាហើយ សមុទ្របានលាក្រុមរបស់កញ្ចនាទៅផ្ទះវិញ ព្រោះដល់ពេលដែលខ្លួនបានបញ្ចប់ការងារហើយ។ពេលដែលសមុទ្រកំពុងដើរទៅផ្ទះ មេសាក៏បានរត់ទៅតាមក្រោយហើយប្រគល់បន្តោងគុជរូបព្រះមួយអោយទៅសមុទ្រដើម្បីទុកជាការកាដូអនុស្សាវរីយ៏មុនពេលដែលបែកគ្នា។ក្រោយពីទទួលកាដូពីមេសារួចហើយ សមុទ្របានចាកចេញទៅដោយនិយាយទៅកាន់មេសាថា
សំណាងល្អណាបងមេសា ថែរក្សាខ្លួនផង មាននិស្ស័យពួកយើងនឹងបានជួបគ្នាទៀត ហើយសមុទ្រក៏ចាកចេញទៅ។មេសាឈរមើលសមុទ្រដើរចេញទៅទាំងទឹកមុខក្រៀមក្រំ និង ចិត្តនឹករលឹកដល់សមុទ្រជាខ្លាំង (ចិត្តមិនចង់ឃ្លាតទេ តែធ្វើយ៉ាងម៉េចបើដល់ពេលត្រូវបែកហើយ គ្មានជំរើសនោះទេ)។ រវល់តែឈរភ្លឹកមើលសមុទ្រ មិត្តភក្កិរបស់មេសាក៏មកដល់ រវល់តែឈរភ្លឹកមើលអីហ្អា?? តោះលឿនឡើងទៅរៀបចំខោអាវដល់ម៉ោងទូកចេញលូវហើយ។ ថារួចពួកគេក៏នាំគ្នាចាកចេញពីទីនោះ ហើយដើរសំដៅទៅកាន់ផ្ទះសំណាក់របស់ពួកគេដើម្បីរៀបចំខោអាវ និង សំភារះរៀងៗខ្លួនដើម្បីត្រលប់ទៅភ្នំពេញវិញ។ ក្រោយពីរៀបចំអីវ៉ាន់រួចរាល់អស់ហើយ មេសា និង មិត្តភក្កិរបស់គាត់ទាំងអស់បានចាកចេញពីកោះរ៉ុងដើម្បីឆ្ពោះដំនើរទៅកាន់ក្រុងព្រះសីហនុរួចបន្តដំនើរទៅកាន់ទីក្រុងភ្នំពេញបន្តទៀត។ម៉ោងប្រហែលជា១១យប់ មេសាបានទៅដល់ផ្ទះរបស់ខ្លួននៅភ្នំពេញ ហើយក៏មិនភ្លេចឆាតប្រាប់សមុទ្រដែរថា បងមកដល់ផ្ទះដោយសុវត្ថិភាពហើយ គេងនៅហ្នឹង? ក្រោយពីបានឃើញសារដែលមេសាផ្ញើរទៅហើយ Sound so good to hear that, កំពុងតែរៀបចំគេង។សំរាកចុះបងហត់ហើយថ្ងៃនេះ ជាការឆ្លើយតបរបស់សមុទ្រទៅកាន់មេសា។
ទំនាក់ទំនងរបស់ពួកគេទាំង២កាន់តែស្និទ្ធិស្នាលនឹងគ្នាពីមួយថ្ងៃទៅមួយថ្ងៃ សមុទ្រចាប់ផ្តើមបាក់ចិត្តស្រលាញ់មេសាដោយមិនដឹងខ្លួន។ប៉ុន្តែអ្នកណាទៅដឹងភាពផ្អែមល្ហែមដែលធ្លាប់មានវាកើតឡើងបានត្រឹមតែមួយអាទិត្យដំបូងប៉ុណ្ណោះ។សមុទ្រចាប់ផ្តើមមានអារម្មណ៏ថាមេសាប្លែកមិនដូចកាលពីមុន ឆាតទៅមេសាមិនសូវតប ហើយសំដែងមកដូចជាមិនសូវចង់តប លើសពីនេះទៅទៀតសូម្បីតែសមុទ្រខលទៅក៏មេសាមិនលើកទូរស័ព្ទរបស់សមុទ្រដែរ។សមុទ្រចាប់ផ្តើមក្រៀមក្រំ មានអារម្មណ៏នៅមិនសុខ ប៉ុន្តែសមុទ្រក៏មិនបានបោះបង់ការព្យាយាមក្នុងការទាក់ទងទៅកាន់មនុស្សជាទីស្រលាញ់របស់ខ្លួននោះដែរ។ សមុទ្រកាន់តែព្យាយាមទាក់ទងមេសា មេសាកាន់តែព្រងើយកន្តើយ ពេលខ្លះឃើញសាររបស់មេសាហើយមិនតបទៀតផង។សមុទ្រចាប់ផ្តើមមានអារម្មណ៏ថា មេសាមិនបានស្រលាញ់ខ្លួនដូចខ្លួនដាក់ចិត្តស្រលាញ់មេសានោះទេ ហើយអ្វីៗដែលបានកើតឡើងនៅថ្ងៃនោះប្រហែលវាគ្រាន់តែគេចង់លេងសើចជាមួយខ្លួនតែប៉ុណ្ណោះ។ មេសាចាប់ផ្តើមមានអារម្មណ៏ស្រងូតស្រងាត់ដូចជាបទចំរៀងដែលបានលើកឡើងថា
ហត់ទេស្រលាញ់គេម្នាក់ឯង គេមិនបានស្រលាញ់យើងទេ”…….etc. ជារឿយៗ សមុទ្រតែងតែអង្គុយបណ្តែតអារម្មណ៏មើលច័ន្ទតែម្នាក់ឯងនៅលើទូកនៅពេលដែលគេមានអារម្មណ៏ថាមិនសប្បាយចិត្ត រឺពេលដែលគេនឹកដល់មេសា។ពីមួយថ្ងៃទៅមួយថ្ងៃ សមុទ្រនឹកមេសាកាន់តែខ្លាំងឡើងៗ តែសមុទ្រមិនដែលឆាត រឺខលទៅរកមេសានោះទេ ព្រោះគិតថាខ្លួនរំខានមេសា។សមុទ្រតែងតែប្រាប់ខ្លួនឯងថា គេមិនបានស្រលាញ់យើងទេហតុអីនៅគិតពីគេទៀត?? គេមានហេតុផលផ្ទាល់ខ្លួនរបស់គេដែលសំរេចចិត្តធ្វើបែបនេះ រួចហើយសមុទ្របានបោះចោលបន្តោងដែលមេសាបានអោយមុនពេលចាកចេញទៅចូលក្នុងសមុទ្រដ៏ធំល្វឹងល្វើយបាត់ទៅ។សមុទ្របានលប់ចោលកម្មវិធីតេលេក្រាមរបស់ខ្លួន ហើយគេមិនសូវនៅលើកោះដូចមុននោះទេ គឺគិតតែពីចេញទូកទៅនេសាទបាត់ៗ ដោយប្តូរអោយឪពុករបស់ខ្លួនជាអ្នកនៅបើកជំនួស ហើយខ្លួនចេញទៅនេសាទបាត់ៗ ជួនកាលមួយខែមិនទាន់មកវិញម្តងផង។សមុទ្របានជ្រើសរើសយកផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយដើម្បីកាត់ចិត្តពីមនុស្សដែលខ្លួនស្រលាញ់។និយាយពីមេសាវិញ គ្មានអ្នកណាម្នាក់ដឹងថាមេសាគាត់ទៅជាយ៉ាងណា ហើយក៏មិនដឹងថាហេតុអីមេសាធ្វើបែបនេះចំពោះសមុទ្រនោះទេ វានៅតែជាអាថ៏កំបាំងរហូតមកដល់ពេលនេះសូម្បីអ្នកនិពន្ធក៏មិនដឹងដូចគ្នា៕
មនុស្ស២នាក់អាចស្រលាញ់គ្នាបានដោយសារអារម្មណ៏ មិនចាំបាច់ស្គាល់គ្នាយូររឺឆាប់នោះទេ ហើយស្នេហាមួយនេះអាចទៅមុខបាន វាអាស្រ័យលើភាគីទាំង២ ហ៊ានចាប់ដៃគ្នាប្រឈមមុខនឹងបញ្ហាដែលកើតមានចំពោះមុខរឺអត់។បើសិនមានភាគីណាមួយចុះចាញ់ នោះស្នេហាមួយនេះនឹងបរាជ័យ។
សូម្បីតែអ្នកសរសេររឿងនេះក៏បរាជ័យដែរ! ពេលមិនសប្បាយចិត្តម្តងៗ ក៏ចូលចិត្តទៅសមុទ្រដើម្បីបន្ធូរភាពតានតឹង និង អារម្មណ៏សៅហ្មងដែរ។
ក្រោយពីមេសាបាត់ខ្លួនដោយគ្មានដំនឹង (ទាំងឆាត និង ខលតាមទូរស័ព្ទ) សមុទ្រក៏ប្រើជីវិតស្ទើរតែទាំងស្រុងនៅលើផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយគ្មានកោះត្រើយ។ កំពុងតែដេកសុខៗដូចធម្មតាស្រាប់តែ:
-សមុទ្រ: អាឡូ! អ្នកណាគេហ្នឹង? ហើយថ្មាហ្នឹងហើយខលមករកអីអត់មើលម៉ោងទេអី
😠😠😠😠😠 នេះម៉ោង ២ជាងហើយណា?
-មេសា: អាឡូ (សំលេងរបស់មនុស្សប្រុសម្នាក់ដែលសមុទ្រស្គាល់យ៉ាងច្បាស់បានបន្លឺឡើងតាមទូរស័ព្ទ)! សមុទ្រនៅណា?
-សមុទ្រ: បងមេសា
😲😲😲😲???? (គ្រាន់តែលឺសំលេងមេសាធ្វើអោយសមុទ្រស្វាងចែស) ថ្ងៃនេះខ្ញុំនៅផ្ទះនៅលើកោះ (ចៃដន្យល្អម៉េះ ចៃដន្យដូចអ្វីដែលអ្នកនិពន្ធបានប្រឌិត😊😊😊😊)។ ហើយមានការអីខលមកម៉ោងនេះអត់ទាន់ដេកទេ🤔🤔🤔🤔?
-មេសា: បានអីដេកបើមិនទាន់ទៅផ្ទះផងហ្នឹង។ ថ្ងៃនេះមិនសប្បាយចិត្ត
😔😔😔មកផឹកនៅខាងក្រៅជាមួយមិត្តភក្កិ លូវជ្រុលម៉ោងហើយទៅផ្ទះមិនកើតទេ មិត្តភក្កិក៏គេទៅផ្ទះចោលអស់ដែរហើយ។ អោយបងសុំទៅគេងជាមួយផងបានអត់?
-សមុទ្រ: ហើយមកម៉េចកើត
😔😔 ផ្ទះបងនៅភ្នំពេញហ្នឹង?? ហើយហ៊ានមកដែរម៉ាក់ប៉ាបងប្អូនខ្ញុំនៅពេញផ្ទះ???
-មេសា: កុំសួរច្រើនពេក ទៅបានរឺមិនបាន??? ឆ្លើយតែប៉ុណ្ណឹងមកបានហើយ។
-សមុទ្រ: បាទ បានអោយតែមកបានមកៗចឹង។
-មេសា: អូខេ ចឹង ៣០នាទីក្រោយទៅដល់ហើយ។ចាំដល់ពេលបងទៅដល់ចំនតទូក បងខលទៅរកសមុទ្រ (មិនដឹងថាផ្ទះសមុទ្របែរទៅផ្លូវណាទេ)។
ក្រោយពីនិយាយទូរស័ព្ទរួចរាល់ហើយ សមុទ្រមិនហ៊ានគេងនោះទេព្រោះខ្លាចមេសាខលមកមិនលឺ។ស្រាប់តែ៣០នាទីក្រោយមក មេសាបានខលមកហើយប្រាប់សមុទ្រថា
បងមកដល់ហើយ មកយកបងផងនៅចាំនៅកន្លែងដដែល បាទបងចាំតិច ទៅដល់លូវហើយ សំលេងសមុទ្រឆ្លើយទៅកាន់មេសា។ ពេលទៅដល់ចំនតទូកស្រាប់តែសមុទ្រឃើញមេសាកំពុងឈរចាំខ្លួនយ៉ាងពិតប្រាកដ។ពួកគេទាំង២បានជួបគ្នាម្តងទៀត ហើយសមុទ្របាននាំមេសាទៅកាន់បន្ទប់គេងរបស់ខ្លួន (ជិតភ្លឺហើយ នៅសន្ទនាគ្នាដល់ណាទៀត??)។ពេលទៅដល់បន្ទប់គេងរបស់សមុទ្រហើយ មេសាបានគេងដោយមិនបានផ្លាស់ប្តូរខោអាវនោះទេ ហើយខ្លួនវិញនិយាយពីថាធំក្លិនស្រាហួង 😔😔😔(មិនដឹងកើតអីបានផឹកអីក៏ផឹកដល់ថ្នាក់នេះ ក្លិនល្មុតទុំពេញបន្ទប់សមុទ្រហើយ មិនដឹងដេកយ៉ាងម៉េចទេខ្ញុំ)។ ក្រោយពីសមុទ្ររៀបចំបិទទ្វារផ្ទះរួចរាល់អស់ហើយ សមុទ្របានឡើងមកគេងក្នុងបន្ទប់ជាមួយមេសា។ សមុទ្រនៅតែគិតមិនយល់ថាហេតុអីបានជាមេសាសំរេចចិត្តមកគេងនៅផ្ទះរបស់ខ្លួននៅយប់នេះ🤔🤔🤔🤔?? គិតបណ្តើរ សមុទ្របានមើលមុខមេសាបណ្តើរ( គិតថាមេសាស្រវឹងហើយគេងលក់បាត់ហើយ) ស្រាប់តែមេសាបែរមកចំមុខរបស់សមុទ្រហើយបើកភ្នែកទាំងគូរមើលមកសមុទ្រក្នុងក្រសែភ្នែកស្រទន់ពោរពេញដោយមន្តស្នេហ៏😘😘😘😘។ ពេលនេះភ្នែកទាំងគូរកំពុងសំលឹងគ្នាដោយមិនព្រិចភ្នែក ហើយបេះដូងរបស់ពួកគេទាំង២កំពុងតែលោតយ៉ាងញាប់សឹងតែចេញមកក្រៅទៅហើយព្រោះតែអារម្មណ៏នឹករលឹកគ្នាដែលមិនអាចបរិយាយចេញមកត្រឹមការនិយាយ។សមុទ្រចាប់ផ្តើមថើបថ្មាសរបស់មេសា😊😊ដើម្បីបញ្ជាក់ពីក្តីស្រលាញ់ និង ការនឹករលឹករបស់ខ្លួនចំពោះមេសាជាមួយសំនួរ ហេតុអីសំរេចចិត្តមកគេងនៅទីនេះថ្ងៃនេះ?? ។ មេសាមិនបានតបសំនួររបស់សមុទ្រនោះទេ តែមេសាបានយកបរបូរមាត់របស់ខ្លួនមកផ្តិតលើបបូរមាត់របស់សមុទ្រយ៉ាងរោលរាល ហើយមេសាបន្តមកថើបថ្ពាល់ទាំងសងខាង និង ថ្ងាសរបស់សមុទ្រទៅតាមអារម្មណ៏របស់ខ្លួន។ រីឯសមុទ្រវិញមិនបាននៅស្ងៀមនោះទេ សមុទ្របានតបតជាមួយមេសាទៅតាមអារម្មណ៏ដែលនឹករលឹកដល់មេសាស្ទើររៀងរាល់ថ្ងៃ។ យប់នោះសមុទ្រមិនសូវបានគេងនោះទេ ព្រោះតែអារម្មណ៏នឹករលឹកដល់មេសា សមុទ្រលួចមើលមុខមេសាគេង ហើយយកដៃទៅអង្អែលថ្ពាល់ មុខ ច្រមុះរបស់មេសា(ដែលពេលខ្លះធ្វើអោយមេសារសើបបើកភ្នែកគេងមិនបាន) ហើយញញឹមតែម្នាក់ឯង។ យប់នេះសមុទ្រពិតជាកក់ក្តៅខ្លាំងណាស់ព្រោះរង្វង់ដៃរបស់មេសាបានគេងអោបខ្លួនយ៉ាងជាប់ផ្អិបក្នុងប្រអប់ទ្រូងរបស់គេ។ព្រះអាទិត្យចាប់ផ្តើមបញ្ចេញរស្មីចាំងចូលដល់ក្នុងបន្ទប់របស់សមុទ្រ ធ្វើអោយសមុទ្របើកភ្នែកឡើងហើយមិនបានឃើញអ្វីក្រៅពីខ្នើយអោបនោះទេ។សមុទ្របានត្រឹមតែអង្អែលក្បាលខ្លួនឯងហើយនិយាយថា តាមពិតគ្រាន់តែជាសុបិនសោះ។ ថ្វីត្បិតតែជាសុបិនតែវាក៏បានធ្វើអោយសមុទ្រមានអារម្មណ៏រីករាយ ហើយទឹកមុខដែលស្រពាប់ស្រពោនរបស់សមុទ្រក៏អាចបញ្ចេញនៅស្នាមញញឹមយ៉ាងស្រស់ស្អាតឡើងវិញបានដែរ។ ទោះបីត្រឹមជាក្តីស្រមៃ តែស្រមោលរបស់មេសាហាក់ដូចជានៅដិតដានជាប់នៅក្នុងបន្ទប់របស់សមុទ្រចឹង ព្រោះរាល់ពេលដែលសមុទ្រចូលក្នុងបន្ទប់គេងរបស់ខ្លួន សមុទ្រតែងតែនឹកឃើញពីសុបិនដ៏សែនកក់ក្តៅរបស់ខ្លួនជានិច្ច។ មេសាតើបងនៅទីណា? មានដឹងអត់ថាសមុទ្រនឹកមេសារាល់ថ្ងៃ??
តើមានរឿងអីទៀតកើតឡើងចំពោះ ហើយជីវិតពួកគេទៅជាយ៉ាងណាហើយ??ចាំមើលជាមួយអ្នកនិពន្ធទាំងអស់គ្នាណាបាទ!!


No comments:

Post a Comment