Breaking

Thursday, December 5, 2019

សេចក្ដីស្នេហាពិតត្រូវមានចិត្តអាណិតនិងចិត្តគោរព


ស្នេហាមនុស្ស ឬស្នេហាពិតត្រូវមាន?



ស្នេហាមនុស្ស ឬស្នេហាពិតត្រូវមានចិត្តអាណិត និងចិត្តគោរពនៅក្នុងទំនាក់ទំនងស្នេហ៍។
ចិត្តគោរពកើតមកពីចិត្តបានទទួលថាភាគីម្ខាងទៀតជាភាគីត្រឹមត្រូវ ឬបានទទួលដោយផ្ទាល់នូវចិត្តផ្តល់អោយដែលបុគ្គលនោះបានផ្តល់អោយខ្លួន ដូច្នេះខ្លួនមានចិត្តអំណរដែលព្រះពុទ្ធហៅថាបដិទាន នេះជាចិត្តបុគ្គលដែលដឹងគុណគេ ឬចិត្តកត្តញ្ញូ ចិត្តនេះមិនមែនមានត្រឹមចំពោះគូស្នេហ៍គេទេ គឺមានចំពោះគ្រប់មនុស្សដែលមានទឹកចិត្តល្អ។ ដូច្នេះយើងនិយាយបានថា ស្នេហាពិត ឬស្នេហាមនុស្សត្រូវមានធាតុសំខាន់ពីរដែលមិនអាចខ្វះបានគឺ ចិត្តអាណិតនិង ចិត្តគោរពដែលចិត្តទាំងពីរនេះមានចិត្តកតញ្ញូជាបាតគ្រឹះ ត្រង់នេះហើយដែលព្រះពុទ្ធសំដែងថាកត្តញ្ញូជាបាទគ្រឹះនៃសេចក្តីល្អទាំងឡាយ។ ដូច្នេះយើងអាចសន្និដ្ឋានបាន មនុស្សដែលគ្មានចិត្តកត្តញ្ញូ គេគ្មានស្នេហាពិតទេ។
ចិត្តអកត្តញ្ញូ មិនអាចបង្កើតបានស្នេហាពិត មនុស្សគ្មានចិត្តកត្តញ្ញូ បង្កើតបានតែស្នេហាភេទ ឬស្នេហាប្រយោជន៍ផ្ទាល់ខ្លួនប៉ុននោះ។ ក្នុងស្នេហាពិត ត្រូវមានចិត្តគោរព ឬចិត្តអាណិត ឬចិត្តទាំងពីរដែលចិត្តទាំងពីរនេះជាចិត្តផ្តល់អោយ ចិត្តនេះជាចិត្តហូរចេញ ហើយភាគីខាងទទួលត្រូវមានចិត្តបដិទាន គឺចិត្តសាទរដែលមានចិត្តកត្តញ្ញូជាបាតគ្រឹះទើបគូនេះបង្កើតបានជាគូស្នេហាពិត។ ដៃគូស្នេហាពិតមិនដែលចាប់ចំណុចខ្សោយដៃគូម្ខាងទៀតទុកធ្វើជាចំណាប់ខ្មាំងទេ បើគេដឹងថានោះជាចំណុចខ្សោយរបស់ដៃគូស្នេហ៍ខ្លួន គេមានតែចិត្តសន្តោស ចិត្តអនុគ្រោះហើយជួយបំពេញអោយដៃគូខ្លួនម្ខាងទៀត។ ចំណុចខ្សោយនៅត្រង់នេះមិនមែនជាចំណុចអាក្រក់ទេ តែវាជាសេចក្តីត្រូវការ ឧទាហរណ៍ គូស្នេហ៍ម្ខាងពូកែខាងរកលុយជាង ឯដៃគូម្ខាងទៀតមិនពូកែរកលុយទេតែស្ថានភាពគ្រួសារមានតម្រូវការលុយច្រើនជាងដៃគូដែលពូកែរកលុយជាងនោះ មនុស្សកត្តញ្ញូមានការខ្លាចក្រែងរអែងចិត្តគេណាស់ មានការពិបាកក្នុងការហាមាត់ប្រាប់ពីទុក្ខលំបាករបស់ខ្លួនដល់ដៃគូម្ខាងទៀត តែគូស្នេហ៍ដែលមានចិត្តកត្តញ្ញូដូចគ្នាតែងតែមានចិត្តគិតដល់សុខទុក្ខដល់ដៃគូខ្លួន មើលឃើញយ៉ាងច្បាស់នូវតម្រូវការដៃគូរបស់ខ្លួន ហើយគេតែងតែបង្ហូរនូវចិត្តអាណិតរបស់ខ្លួនដោយការផ្តល់អោយនូវអ្វីដែលជាសេចក្តីត្រូវការរបស់ដៃគូរបស់ខ្លួននោះ ហើយក៏តែងតែពន្យល់ប្រាប់ជារឿយៗដល់ដៃគូរបស់ខ្លួនដើម្បីកុំអោយគ្នាមានការខ្លាចក្រែងរអែងចិត្ត ព្រោះពួកគេគឺជាដៃគូជីវិតនឹងគ្នា រូបពីរវិញ្ញាណតែមួយ សេចក្តីសុខទុក្ខរបស់ដៃគូម្ខាងទៀត ក៏ជាសេចក្តីសុខទុក្ខរបស់ខ្លួនដែរ។ មានឧទាហរណ៍មួយទៀត ក្នុងចំណោមគូស្នេហ៍មួយគូដែលដៃគូម្ខាងជាមនុស្សដែលមានតម្រូវភេទច្រើនជាង ដៃគូម្ខាងទៀតត្រូវមានចិត្តសណ្តោស និងចិត្តអនុគ្រោះដល់ដៃគូរបស់ខ្លួន។ មនុស្សផ្សេងគ្នាអាចមានតម្រូវការផ្សេងគ្នា គូស្នេហាពិតមិនដែលចាប់ចំណុចខ្សោយដៃគូខ្លួនទុកធ្វើជាចំណាប់ខ្មាំងទេបើគេមើលឃើញថាតម្រូវការនោះជារៀងត្រឹមត្រូវ មិនមែនជារឿងអាត្មានិយម។ ហើយដៃគូដែលជាមនុស្សកត្តញ្ញូដែលទទួលបានការផ្តល់អោយពីដៃគូខ្លួន គេមិនមានអំណួតចំពោះខ្លួនឯងដែលជាធាតុលុបបំបាត់សេចក្តីល្អដៃគូខ្លួនទេ។ បើគេមានចិត្តអំណួតគឺជាការជាន់ឈ្លឺទឹកចិត្តល្អរបស់ដៃគូខ្លួនដែលមានចំពោះគេហើយ អំណួតជាសភាពលក្ខណៈចិត្តអញ ចិត្តអាត្មានិយម ឬចិត្តអក្តញ្ញូហ្នឹងឯង ហើយបើដៃគូម្ខាងមានចិត្តអកត្តញ្ញូនេះហើយ គូស្នេហ៍មួយនេះមិនអាចបង្កើតបានជាគូស្នេហាពិតបានទេ។
ស្មោះត្រង់គឺជាបាតគ្រឹះនៃស្នេហាពិត ឬស្នេហាមនុស្ស ដូច្នេះចិត្តហួងហែងក្នុងស្នេហាពិតគឺគ្រាន់តែជាលក្ខខណ្ឌមួយប៉ុននោះ ព្រោះចិត្តដែលជឿជាក់ទៅលើសេចក្តីស្មោះត្រង់គឺធ្វើអោយចិត្តហួងហែងនៅជាចំណុចកណ្តាលឬជាលក្ខខណ្ឌ ទោះភាគីម្ខាងមានការទៅដល់កន្លែងណា ភាគីម្ខាងទៀតក៏គ្មានចិត្តបារម្មណ៍ពីរឿងផិតក្បត់ឡើយ នេះហើយជាចិត្តហួងហែងដែលគ្រាន់តែជាលក្ខខណ្ឌ។ ចិត្តហួងហែងដែលមានត្រឹមជាលក្ខខណ្ឌនេះហើយ ទើបស្នេហានោះជាស្នេហាពិត ព្រោះភាគីស្នេហ៍ទាំងសងខាងបានដឹងតម្លៃនៃភាពស្មោះត្រង់ និងដឹងគោលដៅនៃស្នេហាគឺចង់រកសេចក្តីសុខ សុភមង្គលអោយជីវិតគូ។ អញជាធាតុចង្រៃបំផុតនៅគ្រប់រឿងអ្វីៗទាំងអស់ ក្នុងករណីនេះគឺនាំចង្រៃដល់រឿងស្នេហា ចិត្តមោទនភាពក្នុងភាពជាអ្នកអោយក៏មិនបាន នេះគឺជាចិត្តអញ គឺត្រូវអោយដោយក្តីសណ្តោស ដោយក្តីអនុគ្រោះ អោយដោយមិនអោយភាគីម្ខាងទៀតខ្លាចចិត្ត ហើយចិត្តមោទនភាពក្នុងភាពជាអ្នកទទួលក៏មិនបានដែរ នេះក៏ជាចិត្តអញដែរ មោទនភាពដោយគិតថាអញគ្រាន់បើត្រង់នេះ អញគ្រាន់បើត្រង់នោះ ទើបបានគេអោយនេះអោយនោះមកអញហ្នឹងណា។ ចិត្តហួងហែងដែលទៅហួសពីការហួងហែងដែលត្រឹមតែជាលក្ខខណ្ឌ គឺហួងហែងដើម្បីអោយគេធ្វើតម្រូវតាមខ្លួន ជាចិត្តហួងហែងអាត្មានិយម ហួងហែងដើម្បីតែអញ ចិត្តហួងហែងបែបនេះគ្មានក្នុងស្នេហាមនុស្សទេ តែមាននៅក្នុងស្នេហាភេទ។ ស្នេហាមនុស្សគឺចិត្តស្រលាញ់ចិត្តទោះបីក្នុងករណីភាគីម្ខាងធ្លាក់ខ្លួនពិការមិនអាចរួមភេទអស់មួយជីវិត ក៏ស្នេហាមនុស្សនៅតែរស់ជាដរាបក្នុងជីវិតគូស្នេហ៍មួយគូនេះដែរ។ ស្នេហាមនុស្សដាច់ខាតត្រូវមានចិត្តគោរព និងចិត្តសណ្តោស នេះគឺជាស្នេហាផ្តល់អោយដោយគូស្នេហ៍ទាំងពីរជាមនុស្សដែលមានចិត្តកត្តញ្ញូ ដូច្នេះចិត្តបដិទានក៏កើតមានដោយស្វ័យប្រវត្តិក្នុងទំនាក់ទំនងស្នេហាពិត ឬស្នេហាមនុស្ស។ ចិត្តគោរពជាចិត្តដែលមានចាំបាច់នៅក្នុងស្នេហាមនុស្ស តើគោរពអ្វី? គឺគោរពថាភាគីម្ខាងជាមនុស្សត្រឹមត្រូវ ជាមនុស្សស្មោះត្រង់នេះហើយជាចិត្តគោរពតម្លៃ។ តើចិត្តគោរពតម្លៃបែបនេះ នៅពេលដែលខ្លួនដឹងថាភាគីម្ខាងទៀត បានធ្វើរឿងមិនត្រឹមត្រូវ ដូចជារឿងផិតក្បត់ជាដើម តើចិត្តធ្លាប់គោរពឯណា អាចទៅវាយ ទៅជេរ ទៅរកគេធ្វើបាបភាគីទីបីដើម្បីដណ្តើមយកគូស្នេហ៍របស់ខ្លួនត្រឡប់មកវិញទៅ? មានតែឈឺចិត្ត ស្រក់ទឹកភ្នែក ហើយបើគូស្នេហ៍របស់ខ្លួនមកអង្វរ មិនដឹងថាត្រូវសុំទោសកម្រិតណាទេ ទើបអាចផ្សាចិត្តរបួសរបស់ខ្លួនអោយអនុគ្រោះដល់គូស្នេហ៍របស់ខ្លួនបាន។ ចុះបើភាគីដែលបានធ្វើកំហុសមិនដឹងថាត្រូវសុំទោសកម្រិតណាផង ដើម្បីផ្សាចិត្តរបួសរបស់ខ្លួនអោយអនុគ្រោះ តើទៅមានចិត្តឯងណាទៅវាយ ជេរ ឬធ្វើបាបភាគីទីបីដើម្បីដណ្តើមយកគូស្នេហ៍មកវិញនោះ? ត្រឡប់ទៅវិញ បើគេអាចទៅវាយ ជេរ ធ្វើបាបភាគីទីបីដើម្បីដណ្តើមយកគូស្នេហ៍គេមកវិញមែន នោះស្នេហានោះមិនដែលមានធាតុគោរពតាំងពីដំបូងដែលជាធាតុមាននៅក្នុងស្នេហាពិត ឬស្នេហារបស់មនុស្សនោះឡើយ ច្បាស់ណាស់ វាគឺជាស្នេហាភេទ ជាស្នេហាប្រយោជន៍ហ្នុងឯង។ បើកូនៗរបស់ពួកគេអាចប្រាស្រ័យរស់នៅយ៉ាងធម្មតាជាមួយឪពុកម្តាយដែលមានលក្ខណៈបែបនេះ នោះកូនៗរបស់ពួកគេក៏ជាមនុស្សអកត្តញ្ញូដូចឪពុកម្តាយរបស់ពួកគេដែរ ហើយច្បាស់ណាស់គេមិនដែលមានចិត្តគោរពឪពុកម្តាយរបស់គេទេតាំងពីដើមរៀងៗមក មានតែចិត្តខ្លាចព្រោះថាគោរពឪពុកម្តាយលុះត្រាតែឪពុកម្តាយនោះមានគុណធម៌ទាញចិត្តកូនអោយគោរព ប្រៀបដូចខ្សែភ្លើង ទាល់តែមានចរន្តភ្លើងក្នុងខ្សែភ្លើងនោះទើបឆក់បាន។ ព្រះពុទ្ធសម្តែងថាកត្តញ្ញូជាមេហ្វូងនៃកុសលធម៌ទាំងឡាយ អកត្តញ្ញូជាក៏ជាមេហ្វូងនៃអកុលសធម៌ទាំងឡាយដែរ។ ដូច្នេះបើឃើញទំនាក់ទំនងស្នេហ៍៍នោះ មានធាតុចេញពីចិត្តអកុសលដូចជាប្រច័ណ្ឌខុសរឿង ទាមទារដើម្បីអញ ផ្តល់អោយខុសរឿងដែលយើងហៅថាជាការផ្គាប់ផ្គុន គឺប្រាកដណាស់ភាគីណាមួយក្នុងគូស្នេហ៍នោះជាមនុស្សអកត្តញ្ញូ ឬភាគីទាំងពីរជាមនុស្សអកត្តញ្ញូ។
ចំណាំៈ គូស្នេហ៍ដែលភាគីម្ខាងជាមនុស្សអន់ជាង ធ្វើតាមភាគីម្ខាងទៀតជាដរាបអាចមិនមែនជាការផ្តល់អោយទេ តែអាចជាមនុស្សអាត្មានិយមព្រោះដឹងខ្លួនថាបើប្រឆាំងនឹងធ្វើអោយបាត់បង់ប្រយោជន៍ខ្លួន ប្រយោជន៍នេះមានទាំងការស្រលាញ់គេដើម្បីខ្លួនឯងផង មិនមែនជាការផ្តល់អោយដែលជាការលះបង់ដែលធ្វើឡើងក្នុងចិត្តដើម្បីគូស្នេហ៍របស់ខ្លួនឡើយ តែជាការបណ្តោយតាមគេដើម្បីខ្លួនឯងប៉ុននោះ ទោះខុសចិត្តខ្លួន ឬខុសការយល់ឃើញរបស់ខ្លួន ក៏នៅតែបណ្តោយតាមកើត នេះជាការតាមដែលមិនមែនជាការលះបង់ទេ តែជាការតាមដើម្បីខ្លួនឯងតែប៉ុននោះ។
ដោយ​ លោក ខឹម​ វាសនា


No comments:

Post a Comment