Breaking

Wednesday, November 20, 2019

រឿង «ភ្នែកខ្មោច» ភាគទី8


រឿង «ភ្នែកខ្មោច»ភាគទី8
និពន្ធដោយ : រដ្ឋធានី
#Khmer_Novel69



ថ្ងៃបន្ទាប់បានចូលមកដល់! ក្រោយពីរៀបចំខ្លួន និងញ៉ាំអាហារពេលព្រឹករួចរាល់ ដានីកំពុងតែរកវិធីដើម្បីចេញទៅកន្លែងមួយដើម្បីកុំឲ្យដារ៉ូដឹង នាងឈររ៉ែរ៉លួចមើលដារ៉ូកំពុងតែឈរលាងចាន នាងមិនដឹងថាត្រូវរកលេសអ្វីមកភូតភរដារ៉ូបាននោះទេ។ កំពុងតែឈរលបមើល ទូរសព្ទដារ៉ូលាន់សំលេងឡើងមក ដារ៉ូរលាស់ទឹកចេញពីដៃ ហើយជូតនឹងកន្សែងដែលនៅក្បែរ រួចក៏យកទូរសព្ទពីហោប៉ៅមកនិយាយ:
-''អ៉ើឯងមានការណ៍អីមែនទេ? . . . ថាម៉េច? មានអ្នកដាក់ច្បាប់សំរាក! . . . ខ្ញុំទៅអត់កើតទេ! តិចទៀតទៅមើលម៉ាក់នៅពេទ្យ! គ្មានពេលនោះទេ! . . . ហ៉ើយឯងបើខ្ញុំទៅបានខ្ញុំទៅហើយ!''
ឃើញឱកាសល្អបែបនេះដានីប្រញាប់ដើរចូល សួរធ្វើពើថា:
-''និយាយទូរសព្ទជាមួយអ្នកណាដារ៉ូ? បងឮថាទៅអត់កើត!ទៅអត់កើត! រឿងការងារមែនទេ?''
-''បាទបង! នៅកន្លែងមានអ្នកដាក់ច្បាប់ឈប់! ដល់អ៊ីចឹងទៅខ្វះគ្នាគ្មានអ្នកកាន់ការងារ! គេ Call មកឲ្យខ្ញុំទៅជួយគេ! តែទៅម៉េចកើតខ្ញុំត្រូវនៅមើលថែទាំបងស្រី! ហើយបន្តិចទៀតត្រូវនាំគ្នាទៅមើលម៉ាក់នៅឯមន្ទីរពេទ្យទៀត!''
-''អឺ... ពិបាកដែរហ្នឹងណា៎៎! គិតអ៊ីចេះក៏បានដែរ! ដារ៉ូទៅធ្វើការចុះ! បងអាចនៅផ្ទះម្នាក់ឯងបាន! ចាំពេលដារ៉ូត្រលប់មកវិញចាំពួកយើងទៅមើលម៉ាក់ក៏បានដែរ! ម៉េចល្អដែលទេ??''
ដារ៉ូគិតចុះគិតឡើង ក៏សំរេចចិត្តយ៉ាងនេះ:
-''អ៊ីចឹងក៏ល្អដែរ! ខ្ញុំទៅជួយការងារពួកគេ! ហើយចាំសុំមកផ្ទះមុនម៉ោងតិចអាលនឹងបានទៅមើលម៉ាក់!''
ដានីសប្បាយចិត្តខ្លាំងណាស់ នាងរុញខ្លួនដារ៉ូព្រមទាំងនិយាយបន្ថែមថា:
-''តោះៗប្រញាប់ទៅ! ហើយ Call ប្រាប់គេវិញផងថាដារ៉ូបានទៅ!''
បន្ទាប់ពីដារ៉ូចេញទៅបាត់ ដានីប្រញាប់រន្ថើនរត់ឡើងទៅបន្ទប់យកកូនកាបូបពាក់ស្ពាយព័ទ្ធចំហៀងខ្លួន ហើយបើកថតហឹបយកគំរូប្លង់ដែលនាងបានពឹងឲ្យស្រីនាងគូរបង្ហាញពីផ្លូវឆ្ពោះទៅអាគាររបស់ចែឡេង។ ដានីប្រញាប់ប្រញាល់ចេញពីផ្ទះ ដើរមករកផ្លូវជាតិក្រលេកមើលឆ្វេងស្ដាំរកមើលមធ្យោបាយធ្វើដំណើរ ចៃដន្យពេលនោះមានម៉ូតូឌុបជិះឆ្ពោះមករកនាង។ ពេលមកដល់ពូម៉ូតូឌុបបង្ហើបបើកមួកសុវត្ថិភាព សួរដានីថា:
-''រកម៉ូតូឌុបមែនទេមីនាង?''
-''ចាសពូ! នេះៗខ្ញុំចង់ឲ្យពូជូនទៅទីនេះ!!'' ដានីបង្ហាញប្លង់ឲ្យពូម៉ូតូឌុបមើល មើលរួចពូម៉ូតូឌុបតបវិញថា:
-''អូ!... ខ្ញុំស្គាល់ផ្លូវ! ប៉ុន្តែរាងឆ្ងាយបន្តិច! តំលៃក៏រាងថ្លៃដែរហើយមីនាង!''
-''ចាសៗពូថ្លៃប៉ុន្មានក៏បានដែរ! សំខាន់ឲ្យតែពូជូនខ្ញុំឲ្យដល់គោលដៅ!''
-''អ៊ីចឹងឡើងមកចុះ!'' ពូព្រមទាំងហុចមួកសុវត្ថិភាពឲ្យដានី ដានីទទួលយកមួកមកពាក់កឹបគន្លឹះត្រឹមត្រូវ ហើយឡើងទុំពីក្រោយពូម៉ូតូឌុប ធ្វើដំណើរចាកចេញទៅ។
នៅតាមផ្លូវដានីខ្វល់ខ្វាយខ្លាំងណាស់ នាងគ្រាន់តែសង្ឃឹមថាអ្វីដែលនាងយល់សប្តិឃើញវាមិនមែនជាការពិត វាគ្រាន់តែជាការស្រមើស្រម៉ៃគិតផ្ដេសផ្ដាស នាងគិតក្នុងចិត្តថា:
-''ឱព្រះអ្ហើយ! សុំកុំឲ្យវាក្លាយជាការពិតអី!! សុំត្រឹមតែមានអាគារនោះទៅបានហើយ! សុំកុំឲ្យមានមនុស្សឈ្មោះសុវណ្ណ! សុំកុំឲ្យម្ចាស់អាគារនោះស្គាល់បងណាខុន! ហ៉ើយ!... ចុះបើវាមានពិតមែន? ខ្ញុំ... ខ្ញុំគួរនិយាយជាមួយគេយ៉ាងម៉េច? បើបងណាខុនធ្វើបាបគេខ្លាំងយ៉ាងហ្នឹង?? តើខ្ញុំគួរជួយគេយ៉ាងម៉េចទើបល្អ? ជួយយកគេចេញពីទីនោះមែនទេ? ហ៉ើយ!...''
ម៉ូតូឆ្ពោះទៅមុខឆ្លងផុតចេញពីទីប្រជុំជនទីក្រុង ឆ្លងកាត់លើកំណាត់ផ្លូវជាតិដ៏វែងអន្លាយ ទើបពូម៉ូតូឌុបបត់ចង្កូតជិះចូលតាមផ្លូវបេតុងប្រហែលបួនគីឡូម៉ែត្រ ទើបបានមកដល់ទីប្រជុំជនមានមនុស្សអ៊ូអរ។ បន្តឆ្ពោះទៅមុខបន្តិចឃើញអាគារបីជាន់ មានដើមក្ងោកធំមួយដើមមានម្លប់ត្រឈឹងត្រឈៃ ដានីសឹងតែមិនជឿឡើយថារូបភាពដែលនាងកំពុងឃើញនេះ គឺដូចគ្នាបេះបិទទៅនឹងក្នុងយល់សប្តិ។ ម៉ូតូពន្លត់សំលេងនៅអែបក្បែរនោះ ដានីចុះពីលើម៉ូតូដោះមួកដាក់ក្នុងកន្ត្រក ផ្ដាំផ្ញើថា:
-''ពូចាំខ្ញុំនៅទីនេះសិនហើយ! ចាំជូនខ្ញុំទៅវិញផង!'' ដានីបែរខ្លួនបោះជំហ៊ានចូលក្នុងអាគាររបស់ចែឡេង។
ដើរមកដល់ពីមុខអាគារ ដានីឃើញអ៊ំស្រីម្នាក់កំពុងបុកគ្រឿងលើកូនគ្រែតូចមួយ នាងដើរចូលទៅរាក់ទាក់:
-''ជំរាបសួរអ្នកមីង!''
អ៊ំស្រីឃើញមនុស្សប្លែកមុខបែបនេះ គាត់បញ្ឈប់ការងារគាត់សិន លើកដៃសំពះតបហើយនិយាយថា:
-''ចាសលើកដៃថ្វាយព្រះ! ដូចមិនដែលឃើញមុខសោះ! មករកបងប្អូនមែនទេក្មួយ?''
ដានីចូលអង្គុយក្បែរអ៊ំស្រី ហើយចាប់ផ្ដើមសួរ:
-''ចាសមីង! មីងដែលស្គាល់ក្មេងប្រុសជំទង់ម្នាក់ទេមីង? គេមានឈ្មោះថាសុវណ្ណឮថាស្នាក់នៅទីនេះបន្ទប់លេខសាមសិប!''
អ៊ំស្រីឮហើយបើកភ្នែកធំៗប៉ុនៗពងមាន់ រួចក៏ស្ទុះចុះចាប់ត្បាល់និងអង្រែរត់ចូលក្នុងបន្ទប់បិទទ្វារបាត់ឈឹង ទុកឲ្យដានីឆ្លេឆ្លាចុះតាមស្រែកសួរ:
-''អ្នកមីង! អ្នកមីង! អ្នកមីង! អ្នកមីងកើតអីមែនទេ??'' ភ្លាមនោះដានីបានចាប់ភ្លឹកនឹងមនុស្សឯទៀតជុំវិញនាង កំពុងតែសំលឹងមករកនាងក្នុងអាកប្បកិរិយាប្លែកៗ។ ដានីព្យាយាមសំរួលអារម្មណ៍ រួចដើរឡើងតាមជណ្ដើរទៅឲ្យដល់ជាន់ទីបី។ ឡើងមកដល់ជាន់ទីបី ដានីលាន់មាត់:
-''ពុទ្ធោអ្ហើយសុទ្ធតែធូលីដី! នេះគ្មាននរណាម្នាក់ស្នាក់នៅជាន់នេះទេអី? ម៉េចក៏ស្ងាត់គួរឲ្យខ្លាចយ៉ាងនេះ???'' នាងបោះជំហ៊ានទាំងក្រលេកមើលបន្ទប់នីមួយៗគឺសុទ្ធតែចាក់សោរបិទទ្វារចោល រហូតដើរមកដល់បន្ទប់លេខសាមសិបបែរមិនមានចាក់សោរដូចបន្ទប់ឯទៀត។ ដានីលើកដៃចាប់បើកទ្វារបន្ទប់ ស្រាប់តែមានសំលេងមនុស្សស្រីស្រែកឡើងមក:
-''កុំបើក!! អ្នកនាងគ្មានសិទ្ធបើកវាទេ!''
ដានីទំលាក់ដៃចុះវិញ បែរខ្លួនសំលឹងមើលម្ចាស់សំលេង។ នារីម្នាក់ដែលកំពុងដើរចូលមកមានទំរង់មុខប្រហាក់ប្រហែលនឹងចែឡេង ដានីអាចសន្មត់បានថានាងជាអ្នកណា។ ដានីនិយាយឡើងភ្លាម:
-''ជាអាមួយឡាងកូនចែឡេងមែនទេ??''
មួយឡាងសំលឹងមើលមកដានីដោយប្លែកៗ តបវិញ:
-''នេះពួកយើងធ្លាប់ស្គាល់គ្នាដែរ? សុំទោស! ខ្ញុំដូចមិនដែលបានជួបអ្នកនាងទេ! មុននេះមានក្មេងរត់ទៅប្រាប់ខ្ញុំថាមានមនុស្សមករកអ្នកធ្លាប់ស្នាក់នៅបន្ទប់លេខសាមសិប! ទើបខ្ញុំមកមើលឲ្យអស់ចិត្តថាជាអ្នកណា?''
ដានីចូលមកក្បែរចាប់ដៃមួយឡាង រួចតបវិញដោយរីករាយ:
-''មែនហើយ! ពួកយើងមិនដែលស្គាល់គ្នាទេ! ខ្ញុំមកទីនេះដើម្បីមករកសុវណ្ណ! អាមួយឡាងជួយប្រាប់ខ្ញុំផងថាពេលនេះសុវណ្ណគេទៅណាបាត់ហើយ? ខ្ញុំចង់ជួបគេ!!!''
-''ស៊ូច!... កុំនិយាយឈ្មោះនេះឮៗពេកខ្ញុំសុំអង្វរ!''
-''មានរឿងអីមែនទេ?''
មួយឡាងដើរមកបង្ហើបទ្វារបន្ទប់ឲ្យដានីបានឃើញ នោះគឺចែឡេងកំពុងសំរាន្តផ្ទាល់លើឥដ្ឋ សក់ក្បាលកន្ទ្រីងកន្ទ្រើងមុខមាត់ប្រឡាក់ដី ឯសំលៀកបំពាក់កញ្ចាស់ដូចអ្នកមិនដែលបានផ្លាស់ខោអាវ។ ដានីឃើញហើយ លាន់មាត់បានត្រឹម:
-''ពុទ្ធោចែឡេង!!!''
មួយឡាងក៏អូសដៃដានីទៅជ្រុងម្ខាងទៀត សួរនាំបន្តថា:
-''អ្នកនាងជានរណា? ម៉េចមកស្គាល់ខ្ញុំនិងម៉ាក់ខ្ញុំបាន? ទាំងដែលពួកយើងមិនដែលធ្លាប់ជួបគ្នាពីមុនមក? ហើយមករកសុវណ្ណធ្វើអីគេបានបាត់ខ្លួនយូរខែហើយ!''
ដានីពេលនេះអារម្មណ៍រមួលបញ្ចូលគ្នា តបវិញភ្លាមៗ:
-''បាត់ខ្លួន?? បាត់ខ្លួនយ៉ាងម៉េច?''
-''នេះមិនទាន់ឆ្លើយសំណួរខ្ញុំទេអ្នកនាង! ហេតុអីបានជាអ្នកនាងមកស្គាល់ខ្ញុំបាន?''
-''បើខ្ញុំនិយាយទៅអាមួយឡាងជឿខ្ញុំទេ? ខ្ញុំយល់សប្តិឃើញទីនេះ! ឃើញចែឡេងបងណាខុននិងសុវណ្ណ!!''
មួយឡាងជ្រួញចិញ្ចើម រួចនិយាយ:
-''បងណាខុន? ហៅលោកថៅកែស្និទ្ធបែបនេះ! អ្នកនាងត្រូវជាអ្វីជាមួយគាត់? មែនហើយ! តាំងពីសុវណ្ណបាត់ខ្លួនមក! លោកថៅកែក៏មិនដែលឃើញមកដូចគ្នា!''
-''ខ្ញុំជាប្រពន្ធរបស់គាត់! ខ្ញុំសុំអង្វរណាអាមួយឡាង! ខ្ញុំសំពះក៏បានដែរ! ខ្ញុំពិតជាចង់ដឹងមែនថាហេតុអ្វីបានជាខ្ញុំចេះតែយល់សប្តិឃើញសុវណ្ណនោះរហូតបែបហ្នឹង?!''
ឃើញដានីលើកដៃសំពះបែបនេះ មួយឡាងទន់ចិត្ត ចាប់ដៃដានីឲ្យទំលាក់ចុះវិញ ហើយនិយាយថា:
-''កុំដល់ថ្នាក់ហ្នឹងអីអ្នកនាង! យ៉ាងណាអ្នកនាងជាភរិយាលោកថៅកែជាអ្នកមានគុណលើក្រុមគ្រួសាររបស់ខ្ញុំដែរ!''
-''និយាយតាមត្រង់ណាអាមួយឡាង! ខ្ញុំសេពគប់បងណាខុនប្រាំពីរឆ្នាំហើយ! តែខ្ញុំមិនដែលឮបងណាខុននិយាយពីឈ្មោះចែឡេងម្ដងណាសោះ!''
-''មែនហើយ! អ្នកនាងម៉េចនឹងអាចស្គាល់ម៉ាក់ខ្ញុំបានទៅ! ខ្ញុំធ្លាប់ឮម៉ាក់ប្រាប់ថាម៉ាក់ធ្លាប់ធ្វើជាមេផ្ទះនៅផ្ទះលោកថៅកែ! តាំងពីលោកថៅកែនៅតូចៗម្ល៉េះ! ធ្វើការនៅទីនោះយូរឆ្នាំណាស់! ក្រោយមកម៉ាក់បានស្គាល់គ្នាជាមួយប៉ា! ប៉ាខ្ញុំជាមិត្តជិតស្និទ្ធជាមួយប៉ាលោកថៅកែ! ទាក់ទងគ្នារហូតជ្រុលជ្រួសមានខ្ញុំ! ទើបដឹងថាប៉ាមានប្រពន្ធនិងកូនរួចហើយ! ដើម្បីលួងចិត្តម៉ាក់ប៉ាបានទិញដីនិងសង់អាគារនេះឡើង! ដើម្បីទុកឲ្យម៉ាក់មានលទ្ធភាពអាចចិញ្ចឹមខ្ញុំ! ម្យ៉ាងតាំងពីខ្ញុំធំដឹងក្ដីមកខ្ញុំតែងតែឃើញលោកថៅកែយកលុយមកឲ្យម៉ាក់ជារឿយៗ! ថាជាលុយប៉ាផ្ញើយកមកឲ្យ!''
-''អូ!... មានរឿងបែបនេះផង!!! ចុះក្មេងប្រុសឈ្មោះសុវណ្ណនោះវិញ? ហេតុអីបានជាគេបាត់ខ្លួន? គេបាត់ទៅណា? អាមួយឡាងដឹងទេ?''
ចែឡេងបើកភ្នែកព្រឹមៗ ត្រចៀកគាត់ស្រូបឮសំលេងដានីនិយាយពីសុវណ្ណ គាត់ក៏ភ្ញាក់មកដើរលបៗបង្ហើបទ្វារលួចស្ដាប់អ្នកទាំងពីរកំពុងនិយាយគ្នា។
មួយឡាងគ្រវីក្បាល តបទៅដានី:
-''គេបាត់ទៅដោយគ្មានមូលហេតុ! បីខែមុនម៉ាក់ប្រាប់ថាគេទៅសួរសុខទុក្ខម៉ាក់របស់គេដែលកំពុងឈឺធ្ងន់! តែខ្ញុំមិនជឿទេ!!! គេចេញទៅដោយគ្មានយកអ្វីទៅសោះ! ខោអាវរបស់របរប្រើប្រាស់នៅដូចដើមទាំងអស់! ម៉ាក់និងខ្ញុំជាអ្នកយករបស់របររបស់គេទៅបោះចោល!''
-''យកទៅបោះចោល? ហេតុអីមិនទុកក្រែងលោគេមកយកវិញ!''
-''កាលណោះខ្ញុំក៏បាននិយាយបែបនេះដែល! តែម៉ាក់អះអាងថាគេមិនមកវិញទេ! មកដល់ឥលូវខ្ញុំហ៊ានអះអាងថាសុវណ្ណនោះស្លាប់បាត់ហើយ!''
-''ថាម៉េច?? ស្លាប់បាត់ហើយ? (ដានីសួរដោយភិតភ័យ) គេកើតអីបានស្លាប់?''
-''ខ្ញុំមិនដឹងទេ! អ្នកនាងមើលសភាពទីនេះចុះគ្មាននរណាអាចនៅបានទេ!''
ចែឡេងក៏បើកទ្វាររត់មករកមួយឡាង ស្រែកដោយភិតភ័យ:
-''មែនហើយ! មែនហើយ! អាវណ្ណ! អាវណ្ណ! អាវណ្ណងាប់បាត់ហើយ! វាលង! វាលង! ខ្លាច! ខ្លាច! ខ្លាច!...'' មួយឡាងឱបម្ដាយ ហើយលួងលោមថា:
-''មិនអីទេម៉ាក់! មិនអីទេម៉ាក់! ខ្ញុំនៅក្បែរម៉ាក់ហើយ! ម៉ាក់កុំខ្លាចអី! (ងាកមករកដានី) អ្នកនាងឃើញទេ! ម៉ាក់ខ្ញុំធ្លាក់ដល់បែបនេះព្រោះតែគេ! គេមកលងបន្លាចធ្វើឲ្យម៉ាក់ក្លាយជាមនុស្សឆ្កួត! សូម្បីតែអ្នករស់នៅទីនេះគេក៏មិនលើកលែង! ម្នាក់ៗខ្លាចគេគ្រប់គ្នា!''
ដានីស្លុតចិត្តអាណិតចែឡេងពន់ពេក នាងបង្ខិតខ្លួនចូលទៅជិតអង្អែលចែឡេងថ្នមៗ។ ពេលនោះចែឡេងបែរមុខមករកដានី គាត់បានឃើញភ្នែកដានីប្រែជាពណ៌ក្រហម គាត់ក៏ស្រែកខ្លាំងៗ:
-''អាយ...... អាយ........!!!''
ដានីភ័យខ្លាំងណាស់ ឯមួយឡាងឱបម្ដាយជាប់ ខំលួងលោមគាត់:
-''ម៉ាក់កើតអី? ម៉ាក់កុំខ្លាចខ្ញុំនៅជិតម៉ាក់ហើយ!!!''
-''ខ្លាចភ្នែក! ខ្លាចភ្នែក! ភ្នែកខ្មោច! ភ្នែកខ្មោច!...''
ដានីឮហើយស្លុតចិត្តខ្លាំងណាស់ នាងបើកភ្នែកធំៗទាំងភិតភ័យ ប៉ុន្តែក៏ត្រូវមួយឡាងប្រាប់វិញថា:
-''កុំខ្លាចអីអ្នកនាង! គាត់បែបនេះឯង! ឃើញនរណាៗក៏ស្រែកបែបនេះដែរ! ខ្ញុំថាអ្នកនាងអាចអញ្ជើញទៅវិញសិនចុះ!'' មួយឡាងនាំម្ដាយដើរចូលទៅបន្ទប់លេខសាមសិប ពេលនោះខ្មោចសុវណ្ណលេចមកលងបន្លាច រឹតតែធ្វើឲ្យចែឡេងភ័យរឹតតែខ្លាំង ញ័រខ្លួនដូចពស់ត្រូវគេដាក់មួយដំបងចំក្បាល។
ដានីត្រលប់ខ្លួនមកវិញដើរបណ្ដើរគិតបណ្ដើរ ចេះតែយកដៃស្ទាបភ្នែកខ្លួនឯង ហើយគិតផ្ដេសផ្ដាស:
-''ភ្នែកខ្មោច?! ឬភ្នែកខ្ញុំជាភ្នែករបស់សុវណ្ណ? បងណាខុនគាត់...? គាត់សំលាប់សុវណ្ណមែនទេ? ហេតុអីចាំបាច់ធ្វើដល់ថ្នាក់នេះ??? ដើម្បីខ្ញុំគាត់ហ៊ានធ្វើដល់ថ្នាក់នេះឬ? ឬមានហេតុផលអ្វីផ្សេងទៀត? ឬគ្រប់យ៉ាងខ្ញុំគ្រាន់តែគិតម្នាក់ឯង??''
ចែឡេងនៅក្នុងបន្ទប់ឯណេះវិញ គិតតែពីស្រែក:
-''ខ្ញុំខ្លាចហើយ! ខ្ញុំខ្លាចហើយ!...'' ឥតឈប់។ ឯមួយឡាងព្យាយាមលួងលោមម្ដាយ និងងាករកមើលតាមចែឡេងតែមិនឃើញអ្វីឡើយ:
-''ម៉ាក់ខ្លាចអីគេម៉ាក់? អត់មានអីទេ! ម៉ាក់កុំខ្លាចអីណាម៉ាក់!''
រហូតដល់វិញ្ញាណសុវណ្ណចង្អុលទៅខាងក្រៅ ចែឡេងក៏ងើបឈរស្ងៀមលែងមាត់ រត់ចេញពីបន្ទប់លោតទំលាក់ខ្លួនចុះមកក្រោម ធ្វើឲ្យមួយឡាងរត់តាមស្រែកអស់មួយទំហឹង:
-''ម៉ាក់!...............''
ដានីដើរមកដល់ខាងមុខ ពេលឮសំរែករបស់មួយឡាង នាងងាកខ្លួនបែរមកឃើញចែឡេងលោតចុះមកដល់ខាងក្រោម ឮតែខ្ពិ...បាញ់ឈាមហូរមកក្រហមស្រស់ ក្បាលបែកចេញខួរមកដុំៗ ភ្នែកម្ខាងរបស់ចែប៉ះលើថ្មក៏បែកខ្ទេច ឯម្ខាងទៀតបើកក្រឡោតមករកនាង។ ឃើញបែបនេះហើយដានីរន្ធត់ភ័យព្រឺបះរោម ខ្ទប់មាត់ស្រែក:
-''អាយ!.........'' ចំណែកអ្នកនៅក្នុងអាគារផ្អើលឆោឡោ រត់មកមើលរួចស្រែកថា:
-''ចែឡេងលោតសំលាប់ខ្លួន! ចែឡេងលោតសំលាប់ខ្លួន!!!'' ទាំងភ្ញាក់ផ្អើល និងរន្ធត់គ្រប់ៗគ្នា។
ដានីដើរបកក្រោយបែរខ្លួនរត់ចេញពីកន្លែងកើតហេតុយ៉ាងលឿន រំពេចនោះវិញ្ញាណសុវណ្ណរំលេចឡើងក្បែរខ្លួនចែឡេង ដែលកំពុងតែប្រកាច់ត្រដរខ្យល់ រៀបនឹងផុតដង្ហើមស្លាប់។ ដានីរត់មកដល់ក្បែរពូម៉ូតូឌុប ហើយស្រែកយ៉ាងរន្ថើន:
-''តោះៗពូ! ប្រញាប់ទៅ! ទីនេះគួរឲ្យខ្លាចខ្លាំងណាស់!!!'' ពូម៉ូតូឌុបក៏ប្រញាប់ធាក់បញ្ឆេះដាក់លេខចេញទៅភ្លាមតាមការបញ្ជារបស់ដានី។ ដានីច្រកគៀវពីក្រោយទាំងភិតភ័យ រូបភាពដែលចែឡេងលោតមក និងភ្នែកសល់ម្ខាងរបស់គាត់សំលឹងមករកនាងនៅដិតជាប់ក្នុងខួរក្បាល។
ពេលត្រលប់មកដល់ផ្ទះវិញដានីនៅមិនទាន់បាត់ញ័រដៃញ័រជើងនៅឡើយ នាងចុះពីលើម៉ូតូរ៉ូតកាបូបហុចលុយឲ្យពូម៉ូតូឌុប ហើយដើរចូលទៅក្នុងផ្ទះទាំងញីញ័រ។ មើលទៅដានីហាក់នឹងគ្មានកំលាំងបើកទ្វាររបងធំ ដើម្បីចូលផ្ទះនោះទេ។ សំណាងល្អពេលនោះស្រីនាងជិះឡានមកដល់ល្មម នាងប្រញាប់អែបរថយន្តចូលខាង រួចរត់មកត្រកងខ្លួនដានី ជាមួយនឹងសំដី:
-''អានី! អានី! កើតអីហ្នឹងឯង? ម៉ោះចាំគ្នាជួយ!''
ស្រីនាងគ្រាហ៍ដានីដើរចូលទៅខាងក្នុង និយាយបណ្ដើរៗថា:
-''គ្នាបានទៅរកឯងនៅឯមន្ទីរពេទ្យ! គិតថាឯងប្រហែលជាទៅមើលម៉ាក់មីងនៅទីនោះ! តែមិនឃើញឯងនោះទេ! ទើបគ្នាត្រលប់មកមើលនៅផ្ទះឃើញទ្វារចាក់សោរ! គ្នាណាបើកឡានចេញទៅវិញហើយ! ស្រាប់តែឃើញឯងជិះម៉ូតូឌុបទៅវិញ! ហើយឯងទើបនឹងមកពីណា? ម៉េចសភាពឯងយ៉ាប់យ៉ាងនេះ? អានី! នេះឯងមានឮគ្នានិយាយទេ?'' ស្រីនាងអង្រួនស្មាដានី ទើបដានីព្រមងក់ក្បាល រួចមកនាងនាំដានីចូលអង្គុយលើសាឡុង ហើយនាងបានទៅយកទឹកមួយកែវមកឲ្យដានី:
-''ណេះ! ញ៉ាំទឹកសិនទៅ! ហើយសំរួលចិត្តឲ្យបានល្អ! ហើយនិយាយប្រាប់គ្នាម៉ោថាឯងទើបនឹងមកពីណា??''
ដានីញ៉ាំទឹកអស់មួយកែវ នាងខំដកដង្ហើមមួយៗសំរួលអារម្មណ៍មួយស្របក់ ទើបហារមាត់និយាយថា:
-''អានាង! ឯងដឹងទេ? តាំងពីគ្នាត្រលប់មកពីពេទ្យវិញ! គ្នាយល់សប្តិឃើញអាគារចែឡេង! រួមទាំងរឿងរ៉ាវមួយចំនួនទៀតដែលគ្នាស្ទើរតែមិនជឿ! រូបភាពនៃអាគារនោះវានៅដិតជាប់ក្នុងខួរក្បាលរបស់គ្នា! រហូតដល់គ្នាអាចគូរវាចេញមកបានទៀត! តែក៏មិននឹកស្មានថាអាគារនោះពិតជាមានមែន! មុននេះគ្នាបានទៅអាគារនោះដើម្បីចង់ដឹងនិងជួបមនុស្សម្នាក់! តែអានាងអើយ! ខ្ញុំបានឃើញចែឡេងលោតទំលាក់ខ្លួនចុះមក! បែកចេញសុទ្ធតែឈាម!... ចេញខួរ! បែកភ្នែកម្ខាង! ហើយម្ខាងទៀតបើកក្រឡោតសំលឹងមើលមកគ្នា! ឯងអើយគ្នា! គ្នា...''
-''បានហើយៗ! ឈប់និយាយទៅ!''
នៅមានត
អរគុណសំរាប់ការអាន និងសូមអធ្យាស្រ័យបើមានពាក្យពេចន៍មិនសមរម្យ!...

No comments:

Post a Comment