Breaking

Saturday, November 23, 2019

រឿង «ភ្នែកខ្មោច» ភាគទី9


រឿង «ភ្នែកខ្មោច»ភាគទី9និពន្ធដោយ : រដ្ឋធានី#Khmer_Novel69




ស្រីនាងឱបដានីដើម្បីកុំឲ្យនាងតក់ស្លុត រួចនាងក៏សួរដានីថា:
-''ហើយឯងយល់សប្តិឃើញអីហា៎៎? បានជាឯងត្រូវទៅដល់កន្លែងនោះដោយខ្លួនឯង? ឯងប្រាប់ខ្ញុំបានណា៎៎! កុំលាក់ទុកក្នុងចិត្តម្នាក់ឯងបែបនេះវាមិនល្អទេ!''
-''គឺឃើញក្មេងប្រុសម្នាក់ឈ្មោះសុវណ្ណ! ហើយនិង...'' ដានីងាកមើលមុខស្រីនាង នាងមានភាពអៀនខ្មាស បើសិននាងទំលាយរឿងគ្រប់យ៉ាងប្រាប់មិត្ត។
-''និងអីគេអានី?...''
ដានីទំលាក់មុខចុះលែងហ៊ានសំលឹងមើលមុខស្រីនាង នាងបង្វែងនិយាយតែរឿងរបស់សុវណ្ណ:
-''គ្មានស្អីទេ!! គ្នាយល់សប្តិឃើញសុវណ្ណនោះ! គ្នាចេះតែឆ្ងល់ថាហេតុអីបានជាបែបនេះ? ក៏ទៅដល់អាគារនោះតែម្ដង! តែមិនបានជួបគេនោះទេ! អាមួយឡាងកូនចែឡេងនាងអះអាងថាសុវណ្ណនោះស្លាប់បាត់ហើយ!''
-''មានរឿងបែបនេះផង! អីក៏ចំលែកខ្លាំងម្ល៉េះ?''
-''ចែឡេងក្លាយជាមនុស្សវិកលចរិត! អាមួយឡាងប្រាប់ថាជាស្នាដៃរបស់ក្មេងប្រុសឈ្មោះសុវណ្ណនោះ! សូម្បីតែជាន់ដែលគេធ្លាប់នៅ! គ្មានអ្នកណាម្នាក់រស់នៅបានឡើយ! តែឯងអើយ! ពេលចែឡេងឃើញខ្ញុំគាត់ថាខ្លាចភ្នែកខ្ញុំថែមទាំងថាជាភ្នែកខ្មោច! ពេលគ្នាត្រលប់មកវិញគាត់ក៏...''
-''អ៉ើៗនិយាយប៉ុណ្ណឹងបានហើយឯង! សង្ស័យតែភ្នែកថ្មីរបស់ឯងជារបស់ម្នាក់ឈ្មោះសុវណ្ណនោះហើយ!''
-''មែន! គ្នាគិតដូចឯងដែរ! គ្រប់យ៉ាងលើលោកនេះមិនមែនកើតឡើងមកដោយគ្មានហេតុផលនោះទេ! ខ្ញុំខ្លាចថាថ្ងៃណាមួយគេប្រាកដជាត្រលប់មកយករបស់គេវិញ!''
ស្រីនាងឮបែបនេះឈោងដៃខ្ទប់មាត់ដានី នាងគ្រវីក្បាលហើយនិយាយ:
-''កុំនិយាយបែបនេះ!'' នាងទំលាក់ដៃចុះមកចាប់ដៃដានីយ៉ាងណែន រួចបន្តថា:
-''ឯងមិនដឹង! ឯងគ្មានកំហុសនោះទេ! ចាំថ្ងៃស្អែកចាំពួកយើងនាំគ្នាទៅវត្ត! ទៅធ្វើបុណ្យបញ្ជូនកុសលឲ្យគេ! ទោះគេជាអ្វីក៏ដោយ! ណា៎៎!''
ដានីងក់ក្បាលយល់ស្របតាមសំដីរបស់ស្រីនាង ពេលនោះក៏ឮសំលេងឡានបើកចូលមក។ ស្រីនាងងាកមើល លាន់មាត់ថា:
-''ប្ដីឯងត្រលប់មកវិញហើយ! គ្នាប្រហែលលែងមានន័យសំរាប់ឯងហើយមែនទេ? ព្រោះថ្នាំដ៏ពូកែសក្តិសិទ្ធរបស់ឯង និងជាឱសថស្អំបេះដូងឯងបានមកដល់ហើយ!''
ដានីបានត្រឹមតែញញឹម មិនដឹងត្រូវតបតវិញយ៉ាងម៉េច ស្របពេលដែលណាខុនដើរចូលមក:
-''អេ៎៎ស្រីនាង! មកយូរហើយមែនទេហ្នឹង?''
-''ចាសសួស្ដីបង! ខ្ញុំទើបតែមកដែលហ្នឹង! មកដល់ឃើញអានីវាទើបតែ...''
ដានីប្រញាប់ចាប់ដៃស្រីនាង និយាយកាត់សំដី:
-''គ្មានស្អីទេ! (ធ្មេចភ្នែកដាក់) ទើបនឹងមកពីមើលម៉ាក់!''
-''អូ៎៎! ចាសៗហ្នឹងហើយ!!''
ណាខុនញញឹម ចូលមកអង្គុយជិតដានី រួចនិយាយថា:
-''មានរឿងអីលាក់បាំងបងមែនទេ? ឬជារឿងសំងាត់របស់ស្រីៗ?'' ដានីមិនស្ដីតប បានត្រឹមតែញញឹម ឯស្រីនាងក៏ងើបឈរហើយស្រដីថា:
-''បើបងត្រលប់មកវិញហើយ! អ៊ីចឹងក៏ដល់ពេលខ្ញុំត្រលប់ទៅដែរ! ជំរាបលាបងណាខុន! (ងាករកដានី) ឯងគ្នាទៅសិនហើយណា! ចាំជួបគ្នាថ្ងៃស្អែក!''
-''ក្រែងទើបនឹងម៉ោនោះអី! នៅអង្គុយលេងសិនទៅ!''
-''ចាសមិនអីទេ! យ៉ាងណាមានបងនៅមើលដានីហើយ!''
ស្រីនាងក៏ដើរចេញទៅ ឯណាខុនងាកមករកដានី រួចសួរថា:
-''ហើយនេះអូននិងស្រីនាងណាត់គ្នាទៅណាថ្ងៃស្អែក? ហើយដារ៉ូគេទៅណាបាត់ហើយ? ម៉េចអត់ឃើញគេអ៊ីចឹង?''
-''ខ្ញុំចង់សំរាក!!'' ស្រដីតែប៉ុននេះដានីងើបដើរឡើងទៅជាន់លើ ទោះបីណាខុនខំដេញសួរពីក្រោយ:
-''ដានី! ដានីអូន! ដានី! អូនកើតអីហ្នឹង? អត់ស្រួលខ្លួន ឬយ៉ាងម៉េចអូន? ដានី! ដានី!'' ប៉ុន្តែដានីមិនខ្វល់ពីណាខុនឡើយ នាងរត់ចូលបន្ទប់បិទទ្វារជាប់ ទោះណាខុនខំគោះខំស្រែកយ៉ាងណាក៏គ្មានបានប្រយោជន៍។
- - - - - - - - - - - - - - - - - - - -
ពេលរាត្រីឈានចូលមកដល់!!!
ណាខុនមុជទឹកដុសសំអាតខ្លួនដោយសាប៊ូធំក្លិនក្រអូបឈ្ងប់ មុជបណ្ដើរហួចបណ្ដើរដោយក្ដីរីករាយ។ បន្ទាប់ពីលាងជំរះសាប៊ូចេញពីស្បែកស្អាតហើយ ណាខុនបិទទឹកផ្កាឈូក ទាញយកកន្សែងពោះគោត្រដុសជូតខ្លួន ហើយរំុកន្សែងបាំងមួយកំណាត់ក្រោម ទើបទាញយកកន្សែងមួយទៀតជូតឈ្លីសក់ក្បាល ទាំងដើរចេញមកខាងក្រៅ។ ណាខុនឈរជូតនៅពីមុខកញ្ចក់លុះត្រាតែស្ងួត ទើបបើកទូរយកខោស្ដើងជើងវែងយកមកស៊កស្លៀក រួចលាតកន្សែងដាក់សំដឹល។ ណាខុនចូលទៅអង្គុយក្បែរដានី ដែលកំពុងអង្គុយលើពូក គេក្រសោបឱបថើបស្មាភរិយា រួចនិយាយថា:
-''បងរកនឹងទិញឡានថ្មីឲ្យអូន! អូនចង់ជិះឡានម៉ាកអីពណ៌អី? ប្រាប់មកចុះថ្ងៃស្អែកបងនឹងនាំទៅទិញឲ្យអូនភ្លាម!''
ដានីចាប់បេះដៃណាខុនចេញ នាងងើបដើរចេញមកឈរក្បែរមាត់បង្អួច ឯណាខុនងើបមកតាម សួរថា:
-''កើតអីដានី? ពេញមួយថ្ងៃនេះអូនតោះតើយដាក់បងរហូត! នេះបងគិតមិនឃើញឡើយ! ថាបងនេះបានធ្វើអ្វីឲ្យអូនថ្នាក់ថ្នាំងចិត្តរឿងអី?''
ដានីបែរខ្លួនឈរទល់មុខណាខុន នាងសួរថា:
-''បងមានរឿងអីលាក់បាំងខ្ញុំខ្លះ? ឆាប់ប្រាប់ខ្ញុំឥលូវមក!''
-''អុះអួយសំណព្វចិត្តបង! ជារឿងអាពេទ្យ? ស្រីនាងពួកម៉ាកអូនប្រាប់អូនអស់ហើយមែនទេ? បងខុសបងសុំទោស! ការណ៍ដែលបងមិនបានប្រាប់អូន! ព្រោះពេលនោះអូនទើបនឹងដឹងខ្លួន! ហើយអាពេទ្យត្រូវស្លាប់ដោយទាន់ហន់ភ្លាមៗ! បងខ្លាចអូនរន្ធត់ចិត្តទទួលយកមិនបាន! ទើបបង្ខំចិត្តប្រាប់អូនថាវាចេញទៅធ្វើការនៅស្រុកក្រៅ!''
ដានីសំលឹងមើលមុខណាខុនដោយមិនព្រិចភ្នែក នាងតបវិញ:
-''រយៈពេលប្រាំពីរឆ្នាំមកនេះ! បងជាមនុស្សល្អខ្លាំងណាស់! បងចូលមកក្នុងជីវិតរបស់ខ្ញុំ! ជួយស្រោចស្រង់គ្រួសារដ៏តូចមួយ! ផ្គត់ផ្គង់សព្វអ្វីៗគ្រប់បែបយ៉ាង! ខ្ញុំខំតែគិតថាបងជាមនុស្សល្អ! បងស្រលាញ់តែខ្ញុំម្នាក់! តែការពិតបងគ្រាន់តែយកខ្ញុំបិទបាំងធាតុពិតរបស់បងប៉ុណ្ណោះ!!''
ណាខុនចាប់ខ្លួនដានី សួរបញ្ជាក់វិញភ្លាម:
-''កំពុងនិយាយពីអីហ្នឹងអូន? បង... បងមិនយល់នោះទេ!''
ដានីរលាស់គៀសដៃណាខុនចេញ ខំប្រឹងតបវិញទាំងអួលដើមក:
-''បានហើយ! ឈប់សំដែងទៅ!!! ខ្ញុំដឹងអស់ហើយ! ចុះរឿងរបស់សុវណ្ណ?? បងមានអីចង់សារភាពទេ??''
ណាខុនបើកភ្នែកធំៗ ស្មានមិនដល់ឡើយថាដានីអាចដឹងរឿងនេះ គេខំនិយាយបន្លប់ពន្លើសការពិត:
-''សុវណ្ណ? សុវណ្ណណាទៅ? បងមិនដែលស្គាល់មនុស្សឈ្មោះនេះទេ!''
-''ហេតុអីក៏បងមិនព្រមទទួលស្គាល់! ហ៉ឹក! (ដានីរៀបរាប់ទាំងទឹកភ្នែក) បងដើរតួធ្វើជាមនុស្សល្អ! ជាមនុស្សសប្បុរស! ហ៉ឹកៗ! បងជួយគេផ្គត់ផ្គង់គេជួលកន្លែងឲ្យគេស្នាក់! តែការពិត! ហ៉ឹក! តែការពិត! បងទុកគេជាទាសករបំរើអារម្មណ៍ភេទរបស់បង! បងប្រាប់ខ្ញុំម៉ោ! បងប្រាប់ខ្ញុំម៉ោ! ហឺៗ!...'' នាងយារដៃគក់វ៉ៃទ្រូងណាខុនឌឹបៗ។
ណាខុនទោះត្រូវដានីវ៉ៃខ្លាំងយ៉ាងណា គេនៅតែប្រឹងខំប្រមូលស្មារតីលេងទឹកមុខធ្វើជាមិនដឹងអី:
-''ទោះអូនវ៉ៃបងដល់ស្លាប់! ក៏បងនៅតែអះអាងដដែល! បងមិនដែលស្គាល់មិនឮមិនដឹងមិនទទួលស្គាល់អ្វីទាំងអស់!''
-''ហេតុអី?....(ស្រែកឮៗ) ហឺៗ!!''
-''ឈប់យំទៅណាដានីអូន!!'' ណាខុនកញ្ជ្រោលមកចាប់ឱបដានី ប៉ុន្តែត្រូវដានីរុញខ្លួនគេចេញ:
-''កុំប៉ះខ្ញុំ! កុំប៉ះខ្ញុំ! ចេញទៅ! ចេញទៅ! ឆាប់ចេញទៅឲ្យបាត់ទៅ! ហឺៗ!''
ណាខុនមិនអាចហាមឃាត់ ឬលួងលោមដានីឲ្យបាត់យំនោះទេ គេបានត្រឹមតែឈរមើលបានបន្តិច ក៏ដើរចេញពីបន្ទប់មកខាងក្រៅ ប្រែទឹកមុខពីមនុស្សមិនដឹងអី មកជាកាចសាហាវខឹងសំបារ។ ដៃស្ដាំរបស់ណាខុនខំក្ដាប់ចេញសរសៃពេញដោយកំហឹង សង្ក្រឺតធ្មេញនិយាយថា:
-''គ្មានអ្នកណាដឹងរឿងនេះក្រៅពីចែឡេងនោះទេ!! ចាំមើលចុះ! លុយទាំងប៉ុន្មានយើងនឹងយកមកវិញឲ្យអស់! ហ៉ឹស! មីចែឡេងមាត់ដាច!!!'' គេពិតជាខឹងខ្លាំងណាស់ សន្មត់ថាដានីដឹងរឿងគ្រប់យ៉ាង ព្រោះតែចែឡេងជាអ្នកយកមកប្រាប់។
ដានីនៅតែស្រែកទ្រហោយំ រហូតដល់ខ្សោះអស់ពីខ្លួន ដេកក្រាញននៀលលើឥដ្ឋគិតតែពីយំ យំរហូតបិទភ្នែកគេងលក់ ហើយបានឃើញរូបភាពស្រពិចស្រពិលនៅក្នុងសុបិន។ ដំបូងឃើញណាខុនកំពុងយកខ្នើយសង្កត់លើមុខសុវណ្ណ ឃើញចែឡេងកំពុងឈរញញឹមក្នុងស្បៃអន្ធកាល ឃើញមីងពៅធ្លាក់ចុះពីលើកាំជណ្ដើរ ឃើញវឌ្ឍនាយកដៃបាំងភ្នែកគេចពីពន្លឺ រួមនឹងសំរែកដោយក្ដីភ័យខ្លាច ឃើញណាខុនកំពុងតែប្រតិបត្តិការចង្កេះខ្លួនននលគក និងសំលេងថ្ងូរយ៉ាងគ្រលួច ឃើញវឌ្ឍនាកំពុងវះយកគ្រាប់ភ្នែកពីសុវណ្ណ ឃើញចែឡេងលោតចុះពីលើអាគារ និងឃើញសុវណ្ណឈរអែបក្បែរចុងគ្រែពេលដានីនៅមន្ទីរពេទ្យ។ រូបភាពទាំងនេះបង្ហាញលាយឡំគ្នា ទៅវិញទៅមកច្របូកច្របល់ រហូតធ្វើឲ្យដានីព្យាយាមបើកភ្នែកឡើងមកវិញ ទាំងបេះដូងលោតញាប់ ញើសហូរជោគខ្លួន។ ដានីងើបឡើងបង្ខិតខ្លួន អង្កុញជើងខិតទៅក្បែរជញ្ជាំង អង្គុយឱបក្បាលជង្គង់ កែវភ្នែកនាងវឹកវរនិយាយទាំងញីញ័រ:
-''អីគេហ្នឹង?... ម៉ាក់!... ម៉ាក់!... ហឺៗ'' ដានីនឹកឃើញដល់មីងពៅភ្លាមទឹកភ្នែកក៏ហូរមកច្រោកៗ នាងងើបមុខឡើងនិយាយទាំងក្លាហាន:
-''គឺឯងមែនទេសុវណ្ណ?? ឯងជាអ្នកធ្វើបាបម៉ាក់របស់យើង!! បើឯងខ្លាំងឯងកុំលាក់ខ្លួន!! ឆាប់បង្ហាញមុខឥលូវមក!! ហើយប្រាប់មកថាឯងចង់បានអ្វីឲ្យប្រាកដ!! ឆាប់មក! មកនិយាយតទល់មុខគ្នា!! កុំកំសាកពេក!! អាខ្មោចអប្រិយទុរយស!!! (នាងស្រែកឮៗ)''
ភ្លើងក្នុងបន្ទប់រលត់ភ្លឹប! ដានីបាត់មាត់លែងហ៊ាននិយាយ នៅស្ងៀមមិនហ៊ានកំរើក។ ភ្លាមនោះនៅចំពីមុខដានី លេចចេញរង្វង់មុខរបស់ខ្មោចសុវណ្ណ ប្រឡោះភ្នែកទាំងសងខាងប្រហោងធ្លុងគ្មានអ្វីសោះ មុខសរស្លេកស្លាំង ក្នុងមាត់ប្រឡាក់សុទ្ធតែឈាមជាប់កំណកធ្មេញ ស្រែកឮៗថា:
-''យើងចង់បានគ្រាប់ភ្នែករបស់យើងមកវិញ!!!''
ដានីបើកភ្នែកធំៗស្ទើរតែលៀនគ្រាប់ភ្នែកចេញមក ពេលមុខខ្មោចស្ទើរនឹងកៀកខិតជិតនឹងផ្ទៃមុខនាងបែបនេះ នាងបិទភ្នែកស្រែកអស់មួយទំហឹង:
-''ហ្អាយ!!!.....................'' ប៉ុន្តែគួរឲ្យសោកស្ដាយសំរែករបស់ដានី មិនបានហើរទៅប៉ះនឹងត្រចៀករបស់អ្នកផ្ទះឡើយ ខ្មោចសុវណ្ណស្ទុះភ្លែតជ្រៀតចូលក្នុងរូបកាយដានី។
ភ្លើងក្នុងបន្ទប់បំភ្លឺឡើងមកវិញដូចធម្មតា!!!
- - - - - - - - - - - - - - - - - - - -
ស្របពេលដែលដានីស្ថិតក្នុងបន្ទប់តែម្នាក់ឯង ណាខុនដើរចុះមកខាងក្រោម គ្រលៀសភ្នែកទៅឃើញប្អូនថ្លៃនៅខាងក្រៅផ្ទះអង្គុយតែម្នាក់ឯង។ ឃើញភ្លាមណាខុនញញឹមយ៉ាងកំហូច គិតឃើញរឿងអាក្រក់ចេញមកភ្លាម។
នៅក្រោមស្បៃរាត្រី ដារ៉ូអង្គុយលើកៅអីក្បែរអាងហែលទឹក នៅឯចំហៀងខ្លួនគេមានដបស្រាបញ្ឈរអែបក្បែរនឹងកែវដាក់ពីលើកូនតុ។ អង្គុយមើលមេឃមើលផ្កាយតែម្នាក់ឯង ហើយលើកកែវស្រាផឹកក្អឹកៗ ក្នុងចិត្តចេះតែគិតនេះគិតនោះទាំងមុខក្រៀមក្រំ។ កំពុងតែស្លុងអារម្មណ៍ស្រាប់តែណាខុនដើរចូលមក ដៃមានកាន់កែវមកស្រាប់ចូលមកអង្គុយក្បែរ ហើយស្រវាយកដបស្រាមកចាក់ចូលក្នុងកែវ រួចនិយាយថា:
-''ចេះមកអង្គុយតែឯងបែបនេះកើត! បងមិនដែលដឹងសោះថាដារ៉ូចេះផឹកស្រាដែរ! ព្រោះនៅជាមួយគ្នាបីខែហើយ! បងមិនដែលឃើញដារ៉ូផឹកសូម្បីតែម្ដង!''
ដារ៉ូញាប់ញ័ររំជួលពេញទ្រូង ពេលឃើញបងប្រុសចូលមកក្បែរ ចំហរទ្រូងដ៏មូលក្លុំហាប់ណែនក្ដន់ សមនឹងរាត្រីនេះព្រះចន្ទមូលក្រឡង់ ចាំងឆ្លុះជាមួយនឹងទឹកចាំងភ្លឺផ្លេក ពេលមកប៉ះនឹងសាច់សរខ្ចីញេញរបស់ណាខុន រឹតតែធ្វើឲ្យសាច់របស់គេភ្លឺស្អាតមួយកំរិតទៀត។ ដារ៉ូព្យាយាមសង្កត់ចិត្តមិនឲ្យគិតច្រើន តបទៅវិញថា:
-''ធម្មតាទេបង! សម័យនេះគ្មានអ្នកណាដែលថាមិនចេះផឹកវានោះទេ! ម្យ៉ាងតាំងពីម៉ាក់ចូលទៅសំរាកព្យាបាលនៅពេទ្យ! ខ្ញុំត្រូវការវាទើបខ្ញុំអាចដេកលក់!''
-''ហេតុអីដារ៉ូ? អូនឯងកើតអី?''
-''យប់ដែលម៉ាក់ធ្លាក់ពីកាំជណ្ដើរ! ខ្ញុំរវល់តែផឹក ហើយចូលក្លឹបបន្តទៀត! តែបើខ្ញុំមកផ្ទះដូចសព្វដង! ហើយបើខ្ញុំនៅផ្ទះខ្ញុំប្រាកដជាអាចជួយម៉ាក់បានលឿនជាងនេះ! ខ្ញុំ.. ខ្ញុំពិតជាស្អប់ខ្លួនឯងណាស់!''
-''ណ្ហើយដារ៉ូ! នេះជាគ្រោះចង្រៃ! មិនមែនមកពីដារ៉ូនោះទេ! ឈប់គិតវាទៅ! យ៉ាងណាៗម៉ាក់ក៏នៅមានជីវិតឲ្យពួកយើងនៅថែទាំដែរណា៎៎!''
-''តែមកពីខ្ញុំ...'' ដារ៉ូងាកមុខមក ធ្វើឲ្យអ្នកទាំងពីរប្រទះប្រសព្វកែវភ្នែកនឹងគ្នា។ ណាខុនបណ្ដោយឲ្យកែវភ្នែកវិញត្របាញ់ចូលគ្នាបានបន្តិច គេក៏ហើបគូទពីកៅអីបង្ខិតខ្លួនហុចមុខទៅរកដារ៉ូ ឯដារ៉ូក៏នៅស្ងៀមទាំងបេះដូងលោតលឿនប្លែកពីសព្វមួយដង។ លុះពេលចំហាយក្ដៅភាយមកប៉ះចំពីមុខ ថែមទាំងបបូរមាត់ប៉ះលើបបូរមាត់ ស្រាប់តែដារ៉ូគេចមុខចេញលើកដបស្រាចាក់ចូលក្នុងកែវ លើកផឹកដាច់ផឹង រីឯណាខុនខកឱកាសទំលាក់គូទអង្គុយចុះវិញ លើកកែវយកមកផឹកដូចគ្នា។ ដារ៉ូទំលាក់កែវស្រាចុះនិយាយ:
-''ខ្ញុំ... អាចសួរអីពីបងខ្លះបានទេ?''
-''បានណា៎៎! ចង់សួរអីសួរមកចុះ!''
ដារ៉ូងាកមុខមកសារជាថ្មី ហើយសួរសំណួរ:
-''បងស្រលាញ់បងស្រីរបស់ខ្ញុំដែរទេ?''
ណាខុនហាក់រាងថមថយ ពេលឮសំណួរបែបនេះ គេគ្រលៀសភ្នែកចុះឡើង ឆ្លើយវិញថា:
-''អឺ... គឺ... គឺបងស្រលាញ់!!''
-''ស្រលាញ់ហ៎៎? តែបងចង់មកមានអីៗជាមួយខ្ញុំ! នេះឬដែលបងថាស្រលាញ់បងស្រីខ្ញុំ?''
ណាខុនលើកស្រាយកមកផឹកបន្តិច ទើបគេបែរមុខសំលឹងមើលទឹកក្នុងអាងរៀបរាប់ថា:
-''ទទួលស្គាល់ថាបងជា Gay!! រសនិយមរឿងលើគ្រែគឺជាមួយមនុស្សប្រុស! តែតាំងពីបងធំដឹងក្ដីមកបងត្រូវរងគំនាបពីគ្រួសារ! បងក៏មិនខុសពីដារ៉ូដែល! បងមានបងប្អូនពីរនាក់! ហើយជាកូនប្រុសតែម្នាក់! បងត្រូវការមានអ្នកតពូជពង្ស! ទើបបងជ្រើសរើសរៀបការជាមួយដានី! បងបានព្យាយាមកាត់ចិត្តឈប់គិត! ចង់បំពេញតួនាទីជាប្ដីល្អម្នាក់!!! តែបងត្រូវមកចាញ់ក្រោមឥទ្ធិពលរបស់ដារ៉ូ! រាល់ពេលបងឃើញអូន! បានឮបានស្ដាប់សំដី! ធ្វើឲ្យបេះដូងបងមានក្ដីសុខ! កន្លងទៅច្រើនឆ្នាំនេះបងសន្សំចិត្តលួចស្រលាញ់ដារ៉ូម្ដងបន្តិចៗ!! រហូតដល់ពួកយើងទាំងពីររស់ក្រោមដំបូលតែមួយ! បង... បងទប់អារម្មណ៍ខ្លួនឯងអត់បាន! ទើបបានជាបងចង់ស្និទ្ធចង់ក្បែរដារ៉ូ! ព្រោះបងមើលដឹងថាដារ៉ូក៏មានចិត្តលើបង! ដូចដែលបងមានចិត្តលើដារ៉ូដែរ!''
ដារ៉ូក្រោកងើបចេញពីកៅអីទាំងដកដង្ហើមធំ គេស្ដាប់ណាខុននិយាយទាំងទឹកភ្នែកហូរស្រក់ចុះមកដោយមិនដឹងខ្លួន គេឈោងដៃជូតទឹកភ្នែកចេញពីថ្ពាល់ រួចនិយាយថា:
-''បើខ្ញុំស្រលាញ់បងមែនវាយ៉ាងម៉េច? យ៉ាងណារវាងយើងទាំងពីរនាក់វាមិនអាចទៅរួចបានជាដាច់ខាត! ខ្ញុំថារវាងខ្ញុំនិងបងពួកយើងធ្វើធម្មតាដូចពេលមុនទៅល្អជាជាង!''
ណាខុនស្ទុះវឹងពីកៅអីមកចាប់ឱបដារ៉ូពីក្រោយ ខំលួងលោម:
-''យ៉ាងណាក៏បងស្រលាញ់ដារ៉ូទៅហើយ! បងសុំទៅចុះណា៎៎... បងចង់បានដារ៉ូមកជារបស់បង!! ត្រឹមតែម្ដងក៏បានដែរ!!!''
ដារ៉ូខំបេះដៃណាខុនចេញពីខ្លួន មានះមិនព្រម:
-''កុំអីបង!!! ខ្ញុំមិនចង់មានអារម្មណ៍ខុសលើបងស្រីរបស់ខ្ញុំទេ!!!'' ប៉ុន្តែណាខុនខំក្រសោបឱបថើបស្មាដារ៉ូ ព្យាយាមលួងលោមដើម្បីបានភាពសុខស្រួល:
-''ណាៗដារ៉ូ! ដានីគេងលក់បាត់ហើយ! នាងមិនដឹងឡើយ! បងសន្យាថានឹងលាក់រឿងនេះឲ្យជិត! ណា៎៎ៗ!!''
នៅមានត
អរគុណសំរាប់ការអាន និងសូមអធ្យាស្រ័យបើមានពាក្យពេចន៍មិនសមរម្យ!...

No comments:

Post a Comment