Breaking

Monday, June 17, 2019

រឿង ម្ចាស់គ្រងបេះដូង💜 ភាគទី៣៣

រឿង ម្ចាស់គ្រងបេះដូង💜 
ភាគទី៣៣
និពន្ធដោយ Pii Chhay



ខ្ញុំចុះមកដល់ក្រោមក៏បានឃើញឡានបងករុណានៅចតចាំមុខសាលារួចជាស្រាច់។ មិនឲ្យបូរបាច់ច្រើនខ្ញុំក៏ដើរចូលទៅអង្គុយក្នុងឡានដោយមិនចាំបាច់មានអ្នកចេញមកទទួល។ ពួកយើងបានចេញដំនើរទៅយកនាងរិទ្ធម្នាក់ទៀត ហើយក៏បន្តបេសកកម្មរុករកន្លែងញ៉ាំអី និងដើរលេងមើលគេមើលឯងយ៉ាងសប្បាយភ្លេចអស់ទុក្ខកង្វល់។
ម៉ោងប្រហែលជា៩យប់ ទើបពួកយើងដាច់ចិត្តត្រលប់មកវិញដោយទំលាក់មនុស្សតាមលំដាប់លំដោយ គឺនាងរិទ្ធមុនគេព្រោះផ្ទះវាក្បែរក្រុងជាងគេ។
🧑🏻”បើកទៅវិញប្រយត័្នប្រយែងណា” នាងរិទ្ធផ្តែផ្តាំមុននឹងចុះពីឡាន។
👱🏻♂️”បាទ” ហើយបងករុណាក៏ឆ្លើយបាទយ៉ាងពិរោះទៅស្រីល្អវិញ។
💜”បាយ បាយ” ខ្ញុំក៏បានត្រឹមលាដៃបាយៗវាទៅ។
💜”តោះ ល្មមទៅផ្ទះបានហើយ” នាងនោះដើរចូលដល់ក្នុងហើយ គាត់នៅចង់ចាំអីទៀត។
👱🏻♂️”ហឹមមមម បងមិនចង់ឲ្យពេលនេះមកដល់សោះ ទើបតែសប្បាយមិនបានប៉ុន្មានផង តិចទៀតមកត្រូវត្រលប់ទៅនៅម្នាក់ឯងទៀតហើយ” បងករុណានិយាយដូចអស់សង្ឃឹមណាស់ចឹង។
💜”អ្នកណាថាបងត្រូវទៅនៅម្នាក់ឯងវិញ”
💜”ថ្ងៃនេះខ្ញុំនឹងនៅកំដរបងពេញមួយថ្ងៃតែម្តង😊” 😃ត្រឹមតែបានលឺដូចនេះបងករុណាក៏ប្រែទឹកមុខពីសោកសៅមកសើចញញឹមបាត់ទៅហើយ។
👱🏻♂️”ពេញមួយថ្ងៃមែនណា?”
💜”បាទ ពេញមួយថ្ងៃតាមការសន្យា”
👱🏻♂️”បងសប្បាយចិត្តណាស់ ចឹងយើងទៅផ្ទះបងតែម្តង ឬក៏ទូចង់ទៅសុំអ្នកផ្ទះសិន”
💜”ទៅផ្ទះបងតែម្តងទៅ ខ្ញុំតេប្រាប់ហ៊ាបានហើយ” គ្រាន់តែបានលឺបែបនេះបងករុណាសុតឡានចេញទៅយ៉ាងលឿន។
បើកអស់រយះពេលជិតកន្លះម៉ោងទើបយើងមកដល់ផ្ទះបងករុណា។ ខ្ញុំចុះពីលើឡានមកជាមួយនឹងរបស់របរបន្តិចបន្តួចដែលពួកយើងបានឈប់ទិញតាមផ្លូវមក។ ខ្ញុំរៀបចំរបស់របរដាក់ចានហើយ ក៏ដើរទៅរួមតុនិយាយគ្នា ក្លែមនំលេងជាមួយនឹងបងករុណាបានបន្តិចរួចក៏សុំខ្លួនទៅ
2 / 16
ងូតទឹកម្តង។ បងករុណាលឺដូចនេះក៏បាននាំខ្ញុំឡើងទៅបន្ទប់គាត់ ដែលខ្ញុំធ្លាប់បានស្គាល់ម្តងមកហើយនោះ។ គាត់គឺជាអ្នកចាត់ចែងរៀបការស្លៀកពាក់ខ្ញុំយប់នេះវិញម្តង។
♂️”ទូ ពិតជាគេងជាមួយបងបានមែនហ៎?” ខ្ញុំកំពុងតែដើរអោបកន្សែងនិងខោអាវផ្លាស់ចូលក្នុងបន្ទប់ទឹក បងករុណាក៏ហាសួរកាត់។
💜”អឺមម គឺបានស្រាប់ហើយ មិចបានសួរចឹង?”
👱🏻♂️”បងខ្លាចទូមិនទំលាប់ ហើយ…”
💜”ហើយអី?” ការពិតខ្ញុំមិនទាន់ទំលាប់នឹងគេងម្នាក់ឯងនៅឡើយទៅវិញទេ។
👱🏻♂️”ហើយខ្លាចបងទប់មិនបាន” 😳😂
💜”ហាហាហា ទប់មិនបានក៏ចាត់ការទៅ”
👱🏻♂️”មែនហ៎?”
💜”និយាយលេង បានហើយខ្ញុំចូលងូតទឹកហើយ” អូសផ្លូវវែងឆ្ងាយណាស់ បើនៅទៀតរកផ្លូវទល់មិនឃើញទេ។
ទីងតង់ៗ ខ្ញុំដើរចូលមកដល់មាត់បន្ទប់ទឹកក៏បានលឺសំលេងកន្តឹងផ្ទះបន្ទរឡើង។ លឺថានៅម្នាក់ឯងសោះ លូវមានអ្នកមករកទាំងយប់។
👱🏻♂️”បងទៅបើកទ្វារមួយភ្លែតណា”
💜”តាមសម្រួល” ខ្ញុំនិយាយហើយក៏ដើរបន្តចូលទៅក្នុងបន្ទប់ទឹកវិញ។ កំពុងតែស្រាតខោអាវ លើកជើងចូលទៅក្នុងអាងទឹកទៅហេីយស្រាប់តែ..
😈”ទូ? ទូ?” សំលេងគេមកនៅក្នុងផ្ទះនេះបានយ៉ាងមិចហ្នឹង? ខ្ញុំឯណេះញីញ័រស្លន់ស្លោ មិនគិតទាញខោអាវមកពាក់វិញទេ តែបែរជាចាប់យកតែកន្សែងមករុំខ្លួនហើយរត់ចេញពីបន្ទប់ទឹកវឹងតែម្តង។
👱🏻♂️”អាហ៊ាង ឆាប់ចេញទៅវិញភ្លាម” ខ្ញុំបើកទ្វារចេញមកក៏បានលឺសំលេងបងករុណាស្រែកដេញហ៊ាងខ្ទរពេញផ្ទះ។ គឺពិតជាគេមែន ហើយគេមកបានយ៉ាងមិចហ្នឹង?
😈”ទូ… ទូ…” ហើយនេះគឺជាសំលេងគេដែរគិតតែពីស្រែកហៅឈ្មោះខ្ញុំដោយមិនខ្វល់ពីការស្រែកដេញរបស់បងករុណា។
💜”លោកមោធ្វើអីនៅទីនេះ?”
3 / 16
😈”ទូ? មិចបានចេញមកតែកន្សែងចឹង?”
គ្រាន់តែឃើញខ្ញុំដើរចូលទៅរកគេទាំងខ្លួនមានត្រឹមតែកន្សែងដូចនេះ គេទៅជាភាំងបើកភ្នែកមើលខ្ញុំភ្លឹះៗ។
💜”អឺ ចង់ខ្ញុំស្រាតចេញមក ក៏វាជាខ្លួនខ្ញុំ លោកមោចេះដឹងអី?”
😈”អូនចូលមកសម្ងំក្នុងផ្ទះវាធ្វើអី?” គេនិយាយដោយទឹកមុខដូចជាពិបាកទទួលយកនូវអ្វីដែលគេបានឃើញចឹង។
💜”ចុះលោកគិតថាពួកខ្ញុំកំពុងធ្វើអី?”
😈”ទូ……😠” សម្រែកដ៏ខ្លាំងមហិមាបានផ្ទុះចេញពីមាត់គេមកកាន់ខ្ញុំសឹងតែបែកក្រដាសត្រចៀកដោយសារតែពាក្យសំដីឌឺដងទៅគេ។ ខ្ញុំឈរសំលឹងមុខគេទាំងស្លុតចិត្ត គេទៅចេះរៀនស្រែកដាក់មនុស្សតាំងពីពេលណា?
😈”អូនមិនបានធ្វើអីដូចដែលបងគិតទេមែនទេ?”
💜”គិតអី? លោកគិតថាខ្ញុំបានធ្វើអី?” ពួកយើងទាំង២ឈរសំលឹងមុខគ្នាទៅវិញទៅមកដោយគ្មាននរណាម្នាក់ព្រមទំលាក់ភ្នែកចុះចាញ់។
😈”គឺធ្វើរឿងដូចដែលអូនគិតថាបងធ្វើជាមួយនឹងឡាវីននោះអី” … … ស្ងាត់! ខ្ញុំដូចជាមានអីមកទាក់នៅនឹងករដល់និយាយមិនចង់ចេញ។ មិចក៏វាមានអារម្មណ៍ថាចុកៗនៅពេលដែលបានដឹងថាគេមានគំនិតគិតថាខ្ញុំជាមនុស្សអារ៉ត់អារាយបែបនេះ។
💜”វានៅសំខាន់ទៀតទេ?” ខ្ញុំហើបមាត់សួរគេសឹងតែមិនចេញជាសំលេង។
😈”ហា៎?” គេជ្រួញចិញ្ចើមដូចមិនយល់នូវអ្វីដែលខ្ញុំបានសួរទៅគេ។
💜”ខ្ញុំសួរលោកថាតើវានៅសំខាន់សំរាប់លោកទៀតទេ?” គ្រប់យ៉ាងត្រូវបានស្ងប់ស្ងាត់ម្តងទៀត គឺមានត្រឹមតែសំលេងដកដង្ហើមមនុស្សបីនាក់ទល់មុខគ្នាតែប៉ុណ្ណោះឯង។ ខ្ញុំចង់ដឹងណាស់ថាបើខ្ញុំទៅដើរដេកជាមួយគេគ្រប់គ្នាដូចដែលគេគិតបែបនេះតើគេនឹងឈឺចាប់ទេ។
💜”មិចបានមិនឆ្លើយ?” តែគេមាត់រឹងណាស់។ គេបានត្រឹមតែខាំមាត់មើលមកខ្ញុំដោយគ្មានពាក្យណាធ្លាក់ចុះ។
💜”អូ ខ្ញុំភ្លេចទៅថាវាជាជំនាញរបស់លោក អារឿងខាងលាក់បាំងនិងអារឿងបិទមាត់មិនឆ្លើយហ្នឹង” ខ្ញុំក៏ដាក់ឲ្យចំចំនុចរបស់គេរហូតដល់គេទំលាក់ទឹកមុខចុះ។ នេះទំលាប់អាក្រក់របស់គេដែលខ្ញុំចង់តែខ្វះចេញមកកម្ទេចចោលឲ្យខ្ទេចនៅនឹងមុខហ្នឹងទេ។
💜”លោកទៅវិញទៅ” ខ្ញុំអស់វិធីដែលត្រូវកែប្រែចរិកគេទៀតហើយ គឺមានតែដើរចេញដោយខ្លួនឯងទេ។
😈”តែអូនត្រូវទៅជាមួយបង”
4 / 16
👱🏻♂️”ឯងចង់នាំទូទៅណា?” ម្ចាស់ផ្ទះដែលកំពុងតែឈរមើលសង្គ្រាមរវាងខ្ញុំនិងហ៊ាងមកជាយូរហើយនោះបានចូលមកចាប់ទាញដៃខ្ញុំចេញពីដៃហ៊ាងដែលកំពុងតែចាប់ដៃខ្ញុំមិនឲ្យទៅណា។
😈”អញចង់នាំទូទៅណា វាជារឿងរបស់ពួកអញ” ហ៊ាងចូលទៅរុញបងករុណាចេញ ហើយចាប់ទាញដៃខ្ញុំសឹងតែដាច់ចេញពីខ្លួន ឯកន្សែងវិញសឹងតែរបូតជ្រុះដល់ដី។
💜”ហ៊ាងងងង” លើកនេះវាគឺជាសំលេងស្រែករបស់ខ្ញុំវិញម្តង។ ខ្ញុំបានស្រែកនិងទាញដៃចេញពីគេមួយទំហឹងដល់គ្រប់សកម្មភាពត្រូវបានបញ្ឈប់។
💜”រឿងរបស់ពួកយើងវាលេងមានទៀតហើយ វាលេងមានតាំងពីថ្ងៃដែលលោកបានមើលងាយនិងបំផ្លាញការស្រលាញ់របស់ខ្ញុំមកម្ល៉េះ”
💜”ចង់ខ្ញុំទៅជាយ៉ាងមិចក៏វាលេងមានន័យសំរាប់លោកទៀតដែរ ហើយឥលូវលោកនៅមកពាក់ពន្ធនឹងខ្ញុំធ្វើអីទៀត” ខ្ញុំប្រឹងស្រែកទៅកាន់គេតែម្នាក់ឯងដោយមិនទុកពេលឲ្យគេបានតបតរ។ វាបានចប់ទៅហើយ ហេតុអីក៏គេនៅតែតាមចងកម្មចងពៀរនឹងខ្ញុំទៀត។ តើគេចង់តាមបំផ្លាញខ្ញុំដល់ណាទៀតទៅ?
😈”ទូ អូន…”
💜”លោកចង់ទៅណាក៏ទៅៗ ហើយឈប់មករំខានខ្ញុំនិងដៃគូររបស់ខ្ញុំទៀត ពួកខ្ញុំត្រូវការពេលសប្បាយតែ២នាក់” បើគេជ្រុលជាគិតថាខ្ញុំជាមនុស្សស្មោកគ្រោកទៅហើយ ក៏មានតែបណ្តោយតាមហ្នឹងទៅ។ សង្ឃឹមថាគេលឺហើយនឹងយល់ថាខ្ញុំត្រូវការឲ្យគេចេញឆ្ងាយពីខ្ញុំដូចដែលគេធ្លាប់ធ្វេីមកកាន់ខ្លាំងកំរិតណា។
😈”ទូ…”
👱🏻♂️”ទូ…” គេទាំង២ស្រែកលឺឡើងព្រមគ្នាជាមួយនឹងទឹកមុខដែលពួកគេស្មានមិនដល់ថានឹងលឺចេញពីមាត់ខ្ញុំ។
😈”មិចបានអូនក្លាយទៅជាមនុស្សបែបនេះ?” ខ្ញុំខំគិតថាគេនឹងស្រែកឆោឡោដាក់ខ្ញុំបន្តទៀត តែផ្ទុយទៅវិញគេបែរជាគេសំលឹងមុខខ្ញុំដោយកែវភ្នែកដែលពោរពេញទៅដោយភាពសោកសៅ។
💜”វានៅមានច្រើនទៀតដែលលោកមិនទាន់ដឹង លោកគិតថាមានតែលោកតែម្នាក់មែនដែលចេះតែរឿងឡើងគ្រែហ្នឹង” បរិយាកាសកាន់តែតានតឹង ដូចចិត្តខ្ញុំដែលខំប្រឹងនិយាយបញ្ឈឺទៅគេដូចគ្នា។
😈”អូនចង់សងសឹកនូវអ្វីដែលបងបានធ្វើទៅលើអូនមែនទេ?”
5 / 16
💜”ខ្ញុំទៅសងសឹកលោកបានប្រយោជន៍អី លោកនិយាយមកថាខ្ញុំទទួលបានប្រយោជន៍អីខ្លះ បើខ្ញុំមិនដែលមានសារៈសំខាន់សំរាប់លោកផង”
💜”លោកនៅក្បែរខ្ញុំប្រើពាក្យសំដីស្មោះស្ម័គ្រដាក់ខ្ញុំព្រោះចង់តែបានសិចសប្បាយមួយពេលៗប៉ុណ្ណោះ ខ្ញុំទៅមានតម្លៃអីយកមកប្រើដើម្បីសងសឹកឲ្យលោកឈឺចាប់ដូចជាខ្ញុំទៅ” សំលេងដួលដើមករប្រជែងគ្នានឹងទឹកភ្នែកដែលរកស្រក់មកគ្រប់វិនាទី។
😈”បងដឹងថាបងបានធ្វើឲ្យអូនឈឺចាប់ បងដឹងថាបងជាមនុស្សអាក្រក់ តែហេតុអីបានអូនត្រូវធ្វើខ្លួនដល់ថ្នាក់នេះ?” គេរកដើរចូលមករកខ្ញុំតែខ្ញុំគេចចេញទៅឈរក្បែរបងករុណាជំនួសវិញ។
💜”លោកមិនដឹងទេថាខ្ញុំឈឺចាប់ប៉ុណ្ណា ហើយលោកក៏មិនដឹងដែរថាខ្លួនលោកអាក្រក់ខ្លាំងដល់កំរិតណា លោកដឹងតែរឿងមួយគត់គឺបោកប្រាស់ការពិត ការពិតដែលកន្លងមកលោកតែងតែកុហកថាស្រលាញ់ខ្ញុំ” ស្រក់ចុះមកឥលូវហើយ ទឹកភ្នែកអើយឯងអាណិតចិត្តយើងផង។ កុំបន្តស្រក់នៅមុខគេអី….
😈”បងអាចលាក់បាំងអូនគ្រប់យ៉ាង តែបងមិនដែលកុហកពាក្យថាបងស្រលាញ់អូនទេ”
💜”ត្រឹមតែអារម្មណ៍មួយឆាវរបស់ខ្ញុំ និងរយៈពេលបបោសអង្អែលបន្តិចបន្តួចវាក៏អាចឲ្យយើងឆ្កួតនឹងខ្ញុំបាត់ទៅហើយ សុំទោសផងណាដែលលេងសើចជាមួយអារម្មណ៍របស់យើងកន្លងមក ពាក្យមួយឃ្លានេះខ្ញុំចង់ចាំគ្មានថ្ងៃភ្លេចទេ ហើយវាក៏បានចេញពីមាត់លោកផ្ទាល់ដូចគ្នា”
💜”ខ្ញុំងប់ងល់នឹងពាក្យសំដីកន្លងមករបស់លោកច្រើនលើសលុបហើយ ហើយខ្ញុំក៏មិនចង់ឲ្យលិទ្ធផលចុងក្រោយរបស់ខ្ញុំវាដដែរៗទៀតដូចគ្នា”
💜”ក្រែងលោកចង់បែកពីខ្ញុំណាស់មិនចឹងហី៎ មិចក៏មិនព្រមធ្វើឲ្យដូចមាត់លោកទៅ ខ្ញុំធុញទ្រាន់នឹងឃើញមុខលោកណាស់” ខ្ញុំនិយាយផងធ្វើកាយវិការធុញផងចង់ឲ្យគេដឹងថា ខ្ញុំទ្រាំលេងបានទៀតហើយ។ តែគេបានត្រឹមតែបិទមាត់មើលចូលមកភ្នែកខ្ញុំដូចកំពុងតែស្វែងរកអ្វីម្យ៉ាង។
💜”ល្មមទៅបានហើយ លោកយកពេលដែលតាមមករញ៉េរញ៉ៃនឹងជីវិតខ្ញុំ ទៅមើលថែគូដណ្តឹងលោកវិញទៅ ព្រោះខ្ញុំក៏ត្រូវយកពេលមកមើលថែអ្នកដែលខ្ញុំកំពុងតែចាប់ផ្តើមស្រលាញ់ដូចគ្នា”
😈”អូនអាចកាត់ចិត្តពីបងបានឆាប់ដល់ថ្នាក់នេះមែនទេ?” គេកំពុងតែអានចិត្តខ្ញុំមែនទេ? គេគិតថាគេគឺជាមនុស្សតែម្នាក់ដែលខ្ញុំមិនអាចខ្វះបានមែនទេ? គ្មានថ្ងៃទៀតទេ
💜”កាត់បានមិនបានលោកគង់តែឃើញទេ”
6 / 16
ជូបបបបប ខ្ញុំបែរទៅរកបងករុណាមួយរំពេចរួចក៏ចាប់ទាញគាត់មកបឺតមាត់ពេញៗនៅនឹងមុខហ៊ាងដែលខ្ញុំមិនបានដឹងថាគេមានទឹកមុខយ៉ាងណាទេ។ បើនិយាយគ្នាពិបាកស្តាប់ ចាំខ្ញុំសម្តែងឲ្យឃើញ ឲ្យដូចអ្វីដែលគេធ្លាប់ធ្វើដាក់ខ្ញុំ។
👱🏻♂️”ទូ ទូលេងអីហ្នឹង?” បងករុណាធ្វើមុខឡេឡើសួរមកខ្ញុំក្រោយពីខ្ញុំដកបបូរមាត់ចេញពីគាត់។
💜”គឺលេងឈុតក្តៅសាច់ឲ្យគេមើល” ខ្ញុំនៅតែតោងករបងករុណាជាប់ហើយ ផ្តល់ក្តីស្រលាញ់យ៉ាងពេញទីឲ្យទៅគាត់។
💜”លោកឃើញហើយ….” 😐 ទឹកភ្នែក? ទឹកភ្នែកគេស្រក់មកធ្វើអី? ខ្ញុំចង់ឲ្យគេចេញពីជីវិតខ្ញុំមិនមែនឲ្យមកឈរសំរក់ទឹកភ្នែកនៅនឹងមុខខ្ញុំទេ។ វាស្រក់មកព្រោះចង់ប្រាប់ខ្ញុំថាគេកំពុងតែឈឺចាប់ឬក៏កំពុងតែសង្វែកខ្ញុំទៅវិញទៅ?
😈”បងយល់ហើយ បងមិននឹកស្មានថាកំហុកបងមួយនេះ វាបែរជាមកទូទាត់វិញយ៉ាងសាហាវបែបនេះសោះ” គេដើរចូលមករកខ្ញុំកាន់តែជិតជាងមុន ដោយទឹកភ្នែកស្រក់ចុះមកមិនឈប់។
😈”រឿងទាំងអស់គឺបងជាអ្នកចាប់ផ្តើម ចាប់តាំងពីវិនាទីដំបូងដែលបងបាននៅក្បែអូនគឺបងមិនដែលធ្វើតាមអ្វីដែលធ្លាប់សន្យាជាមួយអូនថានឹងនៅមើលថែអូនឲ្យល្អបំផុតអស់មួយជីវិតបងឡើយ…”
😈”អូននិយាយត្រូវ បងគឺមនុស្សដែលអាក្រក់ណាស់ សូម្បីរឿងដែលអូនតែងតែផ្តល់សិទ្ធផ្ទាល់ខ្លួនឲ្យបងរហូតក៏បងបែរជាប្រើវាមកលាក់បាំងការពិតនឹងអូនជានិច្ច ទាំងដែលបងដឹងថាការស្រលាញ់ដែលមានចំពោះគ្នាគឺមិនគួរមានពាក្យថាអាថ៌កំបាំងទេ”
😈”ក្រៅពីមិនអាចមេីលថែអូនឲ្យល្អហេីយ អ្វីដែលបងអាចធ្វើឲ្យអូនបានគឺមានតែឲ្យជីវិតអូនត្រូវមកលំបាកជាមួយបងរហូត បងធ្វើបានត្រឹមតែឲ្យអូនឈឺម្តងហើយម្តងទៀត រួចជាអ្នកដែលធ្វើឲ្យអូនយំមិនចេះអស់ ហើយចុងក្រោយបងក៏ជាមនុស្សតែម្នាក់ដែលបញ្ចប់វាដោយខ្លួនឯង បញ្ចប់ទៅដោយបន្សល់ទុកស្នាមរបួសដល់អូនដែលគ្មានថ្ងៃនឹងអត់ទោសបាន”
😈”បងនឹងទៅ ហើយក៏គ្មានថ្ងៃឲ្យអូនត្រូវគ្រាំចិត្តនឹងឃើញមុខបងទៀតដែរ”
😈”អរគុណសំរាប់ពេលវេលាដែលអូនធ្វើឲ្យបងស្គាល់ក្តីសុខពិតប្រាកដ ហើយក៏សុំទោសសំរាប់ពេលវេលាដែលត្រូវឈឺចាប់”
😈”តម្លៃនិងសារៈសំខាន់របស់អូនគឺមានលើសលុបខ្លាំងណាស់សំរាប់បង លាហើយមនុស្សល្អរបស់បង” គ្មានភាពខឹងសម្បារ គ្មានការស្រែកគំហក គ្មានអារម្មណ៍ឆេវឆាវអ្វីទាំងអស់ គឺមានតែទឹកភ្នែកដែលស្រក់ចេញពីកែវភ្នែកទាំងគូររបស់គេដូចជាកំពុងតែរៀបរាប់ពីការឈឺចាប់ដែលបានកប់ទុកក្នុងចិត្តមកកាន់ខ្ញុំ។ លោកឈឺចាប់រឿងអីទៅ? លោកឈឺចាប់ដែលឃើញខ្ញុំនៅតែអាចមានសេចក្តីសុខបន្តទៀតបានមែនទេ? ឬក៏លោកពិតជាឈឺចាប់នូវអ្វីដែលលោកបានធ្វើមកលើខ្ញុំពិតមែន? គេបែរខ្លួនត្រលប់ចេញទៅប្រៀបដូចជាកំពុងតែយកដង្ហើមខ្ញុំទៅព្រមគ្នា។ ខ្ញុំពិតជាមនុស្សដែលឈឺមិនចេះចាំពិតមែន ត្រឹមតែបានលឺគេរៀបរាប់តែបន្តិចសោះខ្ញុំសឹងតែចិត្តទន់ម្តងទៀតទៅហើយ។ តម្លៃនិងសារៈសំខាន់មានលើសលុប? ចុះហេតុអីក៏គេបំផ្លាញវាដោយផ្ទាល់ដៃគេ?
7 / 16
👱🏻♂️”ទូ? ទូអូខេទេ?” គេទៅបាត់ហេីយអ្នកដែលនៅបន្តគឺមានតែខ្ញុំហេីយនឹងបងករុណា។ ចូលមកដល់ក្នុងបន្ទប់វិញខ្ញុំរៀបនឹងដើរចូលបន្ទប់ទឹកបន្តទៅហើយ ក៏បានលឺសំលេងបងករុណាសួរមក។
💜”មិនអូខេទេ” ឲ្យអូខេតាមផ្លូវណាទៅ បើរឿងផ្អើលផ្ទះហ្នឹង។
👱🏻♂️”ទូ… បង”
💜”ខ្ញុំចូលងូតទឹកសិនហើយ” ខ្ញុំនិយាយចប់ហើយក៏ដើរចូលក្នុងបន្ទប់ទឹកតែម្តង។ ខ្ញុំមិនចង់គិតរឿងអ្វីទៀតទេ សុំត្រឹមតែភាពស្ងប់ស្ងាត់សំរាប់ខ្លួនឯងតែប៉ុណ្ណោះ។ គ្រប់យ៉ាងវាទៅតាមអ្វីដែលយើងម្នាក់ៗចង់បានហើយ ខ្ញុំក៏សង្ឃឹមថារឿងទាំងអស់នឹងបានបញ្ចប់នៅថ្ងៃនេះទៅចុះ។ រឿងរ៉ាងដែលបានកើតឡើងកន្លងមក ចាត់ទុកថាជាចំនេះដឹងថ្មីមួយដែលជីវិតបានបង្រៀនយើងឲ្យបានឃើញនិងបានលឺថា គ្មានអ្វីដែលអាចស្ថិតស្ថេរជារៀងរហូតបានឡើយ។ ដូច្នេះយើងគ្រប់គ្នាមិនគួរឃាំងខ្លួនឲ្យលិចលង់ក្នុងរឿងដដែរៗបានទេ។។។ ហេីយខ្ញុំក៏មិនចង់លិចលង់នឹងទឹកភ្នែកខ្លួនឯងគ្មានថ្ងៃស្វាងទៀតដែរ។
ក្រោយពីរៀបចំខ្លួនរួចរាល់អស់ហើយដើរចេញពីបន្ទប់ទឹកវិញ ខ្ញុំក៏ត្រូវភ្ញាក់ពេលដែលបានឃើញបងករុណាកំពុងតែឈរបង្ហាញរាង សាច់ដុំសខ្ចីញ៉េញដោយមានតែកន្សែងរុំមួយកំណាត់ខ្លួនចុះក្រោមតែប៉ុណ្ណោះ។ ខ្ញុំដឹងភ្លាមថាគាត់កំពុងតែឈរចាំចូលបន្ទប់ទឹកបន្តពីខ្ញុំ។
💜”អឺស មកឈរចាំយូរនៅ?”
👱🏻♂️”ល្មមចុកជើង” បងករុណានិយាយញឹមៗដូចកំពុងតែចង់លរលេងនឹងខ្ញុំ តែខ្ញុំសើចមិនចេញ។
💜”ចឹងមិចមិនព្រមគោះទ្វារហៅខ្ញុំ” ខ្ញុំឯនេះមិនដឹងថាមានអ្នករងចាំក៏លេងសម្ងំត្រាំងទឹកជិត១ម៉ោង។
👱🏻♂️”បងមិនចង់រំខានពេលវេលាទូ”
💜”រំខានអី… នេះបើខ្ញុំមិនទាន់រងាបែបចង់ឈរចាំ១ម៉ោងទៀតមែន?”
👱🏻♂️”ហេសៗៗ បើនៅយូរតែមួយម៉ោងទៀត បងអាចនឹងទំលុះទ្វារចូលតែម្តង” ឈរសើចកាច់រាងសមណាស់។
💜”ល្អណាស់… ចូលទៅងូតទឹកទៅ”
👱🏻♂️”ឈប់សិន”
💜”ហឹមម?” ខ្ញុំកំពុងតែដើរចេញពីមាត់ទ្វារបន្ទប់ទឹកដើម្បីឲ្យគាត់បានចូលបន្តស្រាប់តែគាត់ស្ទុះយកដៃមកពាំងមុខខ្ញុំមិនឲ្យទៅណាទៅវិញ។
8 / 16
👱🏻♂️”បងខំមកឈរបញ្ចេញសាច់ប៉ុណ្ណឹងហើយ អត់មានអារម្មណ៍ចង់លេងឈុតក្តៅសាច់ទេហ៎” 😳😳 នេះកំពុងតែលេងខ្ញុំវិញហើយតាស។
💜”ខ្ញុំងូតទឹកត្រជាក់សាច់ហើយ” ខ្ញុំនិយាយហើយក៏ចាប់ដៃគាត់ចេញ តែគាត់យកដៃម្ខាងទៀតមកចាប់ដៃខ្ញុំពីលើថែមទៀត។
👱🏻♂️”តែបងសំរួលមិនទាន់បានទេ មុននឹងទូលេងបងឡើងក្តៅខ្លាំងពេក”
💜”បើក្តៅក៏ប្រញាប់ចូលបន្ទប់ទឹកទៅ ចូលឲ្យលឿនទៅ” ខ្ញុំនិយាយផងរុញខ្នងគាត់ឲ្យចូលបន្ទប់ទឹកផង។ បើនៅយូរទៀតខ្ញុំអាចនឹងក្តៅវិញលូវហើយ។
👱🏻♂️”លេងបន្តិចសិនទៅ…”
គ្រឺងងងងងងៗ រុញបងករុណាចូលមិនទាន់ផុតទ្វារផងសំលេងទូរស័ព្ទរបស់ខ្ញុំបានរោទ៍ឡើងកាត់កណ្ដាលភាពប្រទាញប្រទង់គ្នារបស់ពួកយើងរហូតត្រូវបញ្ឈប់សកម្មភាព។
ខ្ញុំលេងដៃចេញពីការរុញគាត់រួចក៏ដើរចេញមកទទួលទូរស័ព្ទនៅលើតុជិតគ្រែវិញម្តង ហើយលេខដែលខ្ញុំបានឃើញក៏ធ្វើឲ្យខ្ញុំហត់ចិត្តសារជាថ្មី។
💜”អាឡូបងយុទ្ធ”
😇”ទូទំនេរអាចនិយាយជាមួយបងតិចបានអត់?”
💜”បងមានរឿងអីចង់និយាយ?”
😇”គឺរឿងរបស់អាប៉ប…”
💜”បានហើយ បើនិយាយរឿងហ៊ាងខ្ញុំសុំមិននិយាយអីទៀតទេ ព្រោះពួកយើងបាននិយាយគ្នារួចរាល់ហើយ”
😇”នៅមិនទាន់រួចរាល់ទេ បងមានរឿងជាច្រើនទៀតដែលត្រូវប្រាប់ទូ”
💜”តែខ្ញុំសុំមិនស្តាប់អ្វីដែលពាក់ព័ន្ធនឹងគេទៀតទេ បើបងតេមកមានតែរឿងគេទេប៉ុណ្ណឹងចុះ ខ្ញុំចូលដេកហើយ”
😇”ទូ ឈប់…” តឺតៗៗ មិនអាចឈប់បានទេ បើនៅតែចង់ដឹងលឺរឿងគេទៀតជាតិនេះខ្ញុំមិនអាចទទួលជីវិតថ្មីបានទេ។ ចប់គឺចប់កុំនៅជ្រាំដែរច្រើនទោះវាត្រូវចុកចាប់ប៉ុណ្ណាក៏ខ្ញុំត្រូវតែធ្វើវាឲ្យបាន។
👱🏻♂️”មានអីឬអត់ហ្នឹង?” បងករុណានៅមិនទាន់ចូលបន្ទប់ទឹកទៀត។
💜”អត់មានអីទេ ខ្ញុំឡើងដេកហើយ” ហើយខ្ញុំក៏ទាញភួយប្រាស់ខ្លួនដេកតែម្តង។
9 / 16
👱🏻♂️”ទូ?....” ខ្ញុំកំពុងតែដេកសុខៗស្រាប់តែបានលឺសំលេងបងករុណាហៅឈ្មោះខ្ញុំ។
💜”បងមាន… បងចង់ធ្វើអីហ្នឹង?” ខ្ញុំភ្ញាក់ស្ទើរតែងើបមកជល់ក្បាលគ្នានឹងបងករុណទៅហើយ នៅពេលដែលបើកភ្នែកមកឃើញគាត់កំពុងតែឈ្ងោកមុខមករកខ្ញុំយ៉ាងជិតបំផុត ហើយដែលសំខាន់គឺខ្លួនទទេរអាវទៀត។
👱🏻♂️”អត់មានទាន់បានធ្វើអីទេ” បានន័យថាបន្តិចទៀតនឹងធ្វើហើយ គាត់ចង់និយាយចឹងមែន?
💜”បើមិនធ្វើអី មិចក៏អោនមុខមកជិតអីថ្នាក់ហ្នឹង?” ខ្ញុំយកដៃខ្ទប់មុខគាត់ចេញហើយក៏ប្រាស់ខ្លួនងើបអង្គុយម្តង។
👱🏻♂️”បងចង់ដឹងថាទូគេងលក់មែនអត់” ថាហ៊ាងទៅអាឡារិកដេកមិនដែលស្លៀកពាក់ព្រោះធ្លាប់បានជិះសេះជាមួយគ្នាហើយ ចុះគាត់ម្នាក់នេះមកសម្ញែងខ្លួនស្លៀកតែWoven boxers អីដែរ។ អត់មានយល់ថាថ្ងៃនេះថ្ងៃពិសេសមានភ្ញៀវមកលេងអីសោះ។
💜”រៀបនឹងលក់ទៅហើយ បងមានការអី?”
👱🏻♂️”បងអត់មានអីទេ គ្រាន់តែចង់មានគ្នានិយាយលេងមុនគេងព្រោះមិនងាយមានឱកាសបានទូមកនៅកំដរបែបនេះទេ”
💜”ចឹងក៏ឡើងមកដេកមោ ចង់ឈរនិយាយត្រង់នឹងមែន?” ខ្ញុំសួរគាត់ហើយក៏ទម្រេតខ្លួនដេកមកវិញម្តង។
👱🏻♂️”ហេសៗៗ ទូគ្មានអារម្មណ៍អីបន្តិចសោះម៉ង់ណ៎” បងករុណាសើចហើយក៏វារឡើងមកលើពូកដេកក្បែរខ្ញុំម្តង។ ពួកយើងកំពុងតែដេកបែរមុខសំលឹងមើលគ្នាទៅវិញទៅមក ព្រោះគាត់ចង់បបួលគ្នានិយាយលេង។
💜”អត់មានទេ” មិនយល់ដែរ ក្រៅពីខ្លួនប្រាណហ៊ាងខ្ញុំដូចគ្មានអារម្មណ៍ជ្រួលជ្រើមនឹងអ្នកណាសោះ។
👱🏻♂️”ចឹងទាល់តែស្រាតទាំងអស់ហើយមើលទៅបានមានអារម្មណ៍” 😏 ស្អី? ញាក់មុខស្អី? ខ្ញុំមិនមែនពួកស្រែកឃ្លានតែរឿងទះដៃនឹងទេ។
💜”បងករុណា ខ្ញុំគ្មានអារម្មណ៍លេងទេណា”
👱🏻♂️”អូខេៗ បងដឹងហើយថាទូគ្មានអារម្មណ៍” មុខញញឹមដូចមិនស្រស់សោះ។
💜”បានហើយ ប្តូររឿងនិយាយទៅ” តែគ្មានបានរឿងអីត្រូវបានលើកឡើងមកនិយាយគឺម្នាក់កំពុងតែស្ងាត់រកនឹកពាក្យមកជជែក។
👱🏻♂️”ទូ?” ស្ងាត់បានបន្តិចគាត់ក៏ហាមាត់ឡើង។
10 / 16
💜”ហឹម?”
👱🏻♂️”ទូ អូខេនៅ?” ចង់និយាយពីអាការះខ្ញុំហ៎។
💜”អូខេ តាំងពីបានត្រាំទឹកម៉េស” ខ្ញុំក៏ឆ្លើយតាមបែបធម្មតាៗទៅ។
👱🏻♂️”ប្រសើរណាស់” ហើយគ្រប់យ៉ាងក៏ត្រលប់មកស្ងាត់សារជាថ្មី។ បើដេកតែម្តងទៅដូចជាគ្នាខ្លួនជាង នៅទ្រាំមកដេកសំលឹងមុខគ្នារនឹករឿងមកនិយាយទៅកើត។
👱🏻♂️”ទូ អាចមកនៅកំដរបងបែបនេះញឹកញាប់បានទេ?” ខ្ញុំរៀបនឹងហើបមាត់goodnightគាត់ទៅហើយ តែគាត់បែរជាមានប្រធានបទថ្មីមួយចូលមកទៀត។
💜”អឺ… មិនបានទេ”
👱🏻♂️”ហេតុអីទៅ? ទូខ្លាចបងធ្វើបាបទូមែន?”
👱🏻♂️”បងសន្យាថានឹងមិនធ្វើអីទូទេ” និយាយធ្វើមើលតែឯងស្រីក្រមុំ។
💜”ខ្ញុំមិនបានខ្លាចរឿងនឹងទេ តែខ្ញុំខ្លាចថាខ្ញុំនឹងធ្វើឲ្យបងពិបាកទៅថ្ងៃមុខ”
👱🏻♂️”អត់ពិបាកទេ បងអាចធ្វើតាមទូបានគ្រប់យ៉ាង”
💜”ខ្ញុំមិនមែនចង់មានន័យដល់រឿងទូទៅទេ ខ្ញុំចង់មានន័យដល់ទំនាក់ទំនងយើង”
👱🏻♂️”ទំនាក់ទំនងយើងយ៉ាងមិច? ទូអាចគិតត្រឹមកំដរបងជាមិត្តម្នាក់ក៏បាន”
💜”ចុះបងវិញ? បងអាចគិតខ្ញុំត្រឹមតែប្អូនម្នាក់បានអត់?” គឺប្រាកដជាមិនបានហើយទើបស្ងាត់មាត់បែបនេះ។
💜”បងករុណា…”
👱🏻♂️”បាទទ” (មនុស្សប្រុសស៊ិចស៊ីបំផុតនៅពេលនេះឯង សំលេងបាទយ៉ាងស្រទន់មានមន្តស្នេហ៍) សំដីអ្នកសរសេរ។
💜”ខ្ញុំសុំទោសដែលមុននឹងខ្ញុំបានលេងសើចនឹងអារម្មណ៍របស់បងទាំងដែលបងមិនបានដឹងអី ខ្ញុំស្តីឲ្យគេថាជាមនុស្សអាក្រក់តែខ្ញុំក៏មិនខុសពីគេដែរ ខ្ញុំសុំទោសពិតមែន” រឿងទាំងនេះគឺខ្ញុំជាអ្នកសាងឡើងដោយខ្លួនឯង។ ខ្ញុំអាក្រក់ណាស់មែនទេដែលគ្រាន់តែចង់ឈ្នះចិត្តមនុស្សម្នាក់ មកលេងសើចនឹងអារម្មណ៍អ្នកដែលមិនដឹងអីមួយផ្សេងទៀត។
11 / 16
👱🏻♂️”ទូ កុំចឹងអី… បងមិនបានខឹងដែលទូធ្វើបញ្ឈឺវាទេ បងដឹងថាទូធ្វើទៅដើម្បីអី ហើយបងក៏ពេញចិត្តដូចគ្នា” សំលេងរអាក់រអួលនិយាយបន្លំចិត្តចេញពីមាត់គាត់ ព្រោះដើម្បីមិនចង់ឲ្យខ្ញុំគិតច្រើន។
💜”តែខ្ញុំមិនពេញចិត្ត ខ្ញុំមិនចង់ធ្វើខ្លួនជាមនុស្សដែលយល់តែពីអារម្មណ៍ខ្លួនឯងធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃទេ អារម្មណ៍មនុស្សម្នាក់ៗមិនមែនទុកសំរាប់ឲ្យនរណាម្នាក់មកលេងសើចទេ”
👱🏻♂️”ទូអាចនឹងលេងសើចជាមួយបងថ្ងៃនេះ តែថ្ងៃក្រោយវាអាចអារម្មណ៍ពិតវិញម្តងក៏ថាបាន ព្រោះពេលនេះបងនៅមានសង្ឃឹមសំរាប់ខ្លួនឯងដែរហើយមែនទេ?😊” ថ្ងៃនេះបងករុណាធ្វើរឿងគួរឲ្យស្រលាញ់ដាក់ខ្ញុំច្រើនណាស់។ សម្បីតែស្នាមញញឹមម្តងនេះក៏ព្យាយាមទាញចិត្តខ្ញុំដែរ។
💜”បងកុំមកខាតពេលជាមួយខ្ញុំអី ខ្ញុំលេងទទួលយករឿងនេះទៀតហើយ”
👱🏻♂️”តែបងចង់សាកល្បងម្តងទៀត បងសុខចិត្តខាតពេលធ្វើនូវរឿងដែលបងពេញចិត្តប្រសើរជាងបង្ខំចិត្តទៅធ្វើរឿងដែលបងមិនចង់ យូរឬក៏ឆាប់ឬអាចនឹងគ្មានថ្ងៃយ៉ាងមិចក៏ដោយក៏បងមិនចំណាយពេលទៅតាមអ្នកណាក្រៅពីទូដែរ”
💜”ខ្ញុំមិនចង់ឲ្យនរណាម្នាក់មកត្រូវឈឺចាប់ដោយសារខ្ញុំទេ ព្រោះខ្ញុំយល់អារម្មណ៍មួយនេះច្បាស់”
👱🏻♂️”ចុះបើថ្ងៃមុខទូលេងឈឺចាប់ ទូអាចនឹងជ្រើសយកអ្នកថ្មីទេ?” លឺសំនួរនេះហើយ ខ្ញុំក៏បែរមុខចេញពីគាត់មកសំលឹងមើលពិដានវិញម្តង។
💜”ខ្ញុំប្រាប់បងហើយថាខ្ញុំលេងទទួលយកអ្នកណាទៀតហើយ”
👱🏻♂️”ព្រោះតែទូនឹងគ្មានថ្ងៃបំភ្លេចហ៊ាងមែនទេ?”
ដុកដាក់ៗៗ ឈប់ភ្លាមទៅអាបេះដូងចង្រៃ ឬក៏ឯងពិតជាមិនចង់បំភ្លេចគេមែន? ឯងគ្មានឈាមសំរាប់ហូរទេឬបានជាមិនចេះរៀងបែបនេះ។
💜”ខ្ញុំងងុយហើយ goodnight” បើយើងមិនចេះឆ្លើយ គឺមានតែសុំលើកទង់សរព្រមចុះចាញ់ទៅ។ ខ្ញុំមិនដឹងថាថ្ងៃអនាគតទៅខ្ញុំនឹងអាចមានអ្នកណាបានទៀតទេ ឬក៏អាចត្រូវមានគ្រួសារដើម្បីបំពេញកាតព្វកិច្ចជាកូនកត្តញ្ញូផងក៏មិនដឹង រឿងថ្ងៃមុខអ្នកណាអាចទាយទុកមុនបានទៅ។
👱🏻♂️”ហឹមម សុបិន្តល្អណា”
💜”សុបិន្តល្អ” រួចរាល់ហើយខ្ញុំក៏បែរខ្នងឃ្លុំភួយដេកតែម្តង។ សូមឲ្យថ្ងៃស្អែកនេះជាថ្ងៃដែលមានតែរឿងល្អៗវិញម្តងទៅចុះ សាធុ🙏🏻
12 / 16
ព្រឹកព្រលឹមស្រាងៗ ភ្នែកខ្ញុំគឺកម្រើកបើកដោយស្វ័យប្រវត្តិតែម្តង វាក្លាយទៅជាទំលាប់ខ្ញុំទៅហើយ ព្រោះដេកមិនដែលលក់ស្រួលទេ បិទភ្នែកមានតែគំនិតអណ្តែត។ ខ្ញុំងាកសំលឹងមើលទៅស្តាំដៃក៏ឃើញបងករុណានៅដេកសសៀរៗអោបដៃរួញជើងក្បែរដៃខ្ញុំតែម្តង។ មើលទៅរងាមិនណយទេ បើភួយវាលេងមករុំខ្លួនខ្ញុំទាំងអស់ហើយហ្នឹង។ ខ្ញុំក្រោកខ្លួនចេញពីពូកហើយក៏ទាញភួយដណ្តប់ឲ្យគាត់ម្តង ឲ្យបានកក់ក្តៅខ្លះ រួចក៏ចូលបន្ទប់ទឹកបន្ត។ ព្រឹកនេះពួកយើងត្រូវមានថ្នាក់រៀនទៀត ទើបខ្ញុំត្រូវដាស់មកបងករុណាឲ្យជូនខ្ញុំត្រលប់ទៅផ្ទះវិញ ព្រោះខ្ញុំមិនបានត្រៀមឈុតសិស្សមកតាមខ្លួនទេ។ ក្រោយពីបានមកផ្ទះផ្លាស់ឈុតរៀនហើយ ពួកយើងក៏បានបន្តទៅរៀនជាមួយគ្នាតែម្តងព្រោះតែបងករុណាគាត់ដាក់ចិត្តថាថ្ងៃនេះនឹងនៅកំដរខ្ញុំពេញមួយថ្ងៃវិញ ចឹងហើយទើបខំនៅអង្គុយចាំជូនខ្ញុំយ៉ាងនេះ។ សូម្បីតែរៀនថ្ងៃក៏គាត់សុំធ្វើជាអ្នកបើកឡានជូនខ្ញុំទៅ ខ្ញុំចង់ប្រកែកក៏គាត់មិនព្រម។ ថ្ងៃនេះចម្លែកណាស់ ព្រោះមិនបានឃើញមកយុទ្ធមករៀនដូចរាល់ដងទេ តែក៏ល្អដែរព្រោះខ្ញុំនឹងមិនចាំបាច់ត្រូវមកស្តាប់រឿងរបស់ហ៊ាងដែរគាត់ចង់ប្រាប់ខ្ញុំទៀត។ ពេលដែលខំធ្វើខ្លួនឲ្យនៅឆ្ងាយពីរឿងសោកសៅបានច្រើនមក ខ្ញុំក៏ចាប់ផ្តើមមានសតិក្នុងការរឿនបានច្រើនដូចគ្នា ហើយបើខ្ញុំប្រឹងបន្តបែបនេះជារឿយៗទៅ ថ្ងៃណាមួយខ្ញុំច្បាស់ជាអាចចេញផុតពីទុក្ខសោកមួយនេះបានមិនខាន។
ក្រោយពីចប់ម៉ោងរៀនរួចមក បងករុណាក៏បានមកទទួលខ្ញុំទាន់ពេលវេលាល្អណាស់។
👱🏻♂️”ទូ ឃ្លានអត់?” បងករុណាសួរខ្ញុំភ្លាមពេលដែលចូលមកដល់ក្នុងឡាន។
💜”អឹមម តិចៗ”
👱🏻♂️”ចឹង ទៅញ៉ាំបាយល្ងាចជាមួយបងសិនណា”
💜”ហឹមម បានតើ”
👱🏻♂️”អូខេ ចឹងបងនាំទូទៅកន្លែងប្រចាំរបស់បងម្តង” និយាយរួចហើយ គាត់ក៏បើកឡានចេញទៅតែម្តង។ ជិះបានបន្តិចខ្ញុំក៏ឃើញឡានបងយុទ្ធបើកកាត់ពីមុខឡានបងករុណា តែគាត់មិនបានចាប់អារម្មណ៍មើលខ្ញុំទេ ឃើញគាត់គិតតែពីចុចទូរស័ព្ទដូចកំពុងតែមានការអីបន្ទាន់។ គាត់តេទៅរកអ្នកណាហ្នឹង មើលទៅដូចតក់ក្រហល់ម៉េស។ តែមិនមែនជារឿងយើងទេ អាចនឹងប្រញាប់ទៅរកគ្នាគាត់ក៏ថាបាន។
👱🏻♂️”ទូ ចង់ទៅណាទៀតអត់?” ក្រោយពីអាហារពេលល្ងាចរួចរាល់ហើយ បងករុណាក៏សួរឡើង។
💜”អឹមមម ខ្ញុំចង់ទៅហាងការ៉េម” (ប្រាប់ថាលេងមានមុខទៅជាន់ហាងគេទៀតហេីយ លូវអត់ឃ្លានដដែរ។ ទៅអាណិតគ្នាបណ្តោយម្តងចុះ)។
👱🏻♂️”ទូ ចូលចិត្តការ៉េមហ៎?”
💜”ហឹមមម ព្រោះពេលញ៉ាំហើយធ្វើឲ្យមានអារម្មណ៍ថាស្រស់ថ្លាបាន”
13 / 16
👱🏻♂️”ក៏ល្អម្យ៉ាង មួយថ្ងៃៗឃើញតែរៀនស្មុគណាស់”
💜”ចឹង ចេញឡានទៅ” ក្រោយពីកំណត់គោលដៅរួចរាល់ហើយ ពួកយើងក៏បានចេញទៅហាងបងលីនទាំងអស់គ្នា។ ល្ងាចថ្ងៃនេះក្នុងហាងមានមនុស្សច្រើនមែនទែន រហូតពួកខ្ញុំរកកន្លែងអង្គុយមិនចង់មាន។
🐾”សួស្តីទូ! ថ្ងៃនេះហ៊ាងមិនមកជាមួយទេហ៎” បុគ្គលិកម្នាក់ដែលខ្ញុំក៏ស្និតស្នាលគួរសមដែល ចូលមករាក់ទាក់ខ្ញុំជាមួយនឹងសំនួរចាក់ដុតទៀត។ ប្រហែលថ្ងៃមានរឿងគាត់មិននៅហាងហើយមើលទៅទើបបានមិនដឹងរឿងខ្ញុំប្រកែកគ្នាផ្អើលហាងម្តងមកហើយ។
👱🏻♂️”វាលេងបានមកជាមួយទូទៀតហើយ” ហើយបងករុណាជាអ្នកឆ្លើយជំនួសខ្ញុំវិញរហូតដល់អ្នកសួរទៅជាបើកភ្នែកធំវិញ។
💜”បង? ថ្ងៃនេះបងលីននៅទេ” ខ្ញុំឃើញមិនសូវស្រួលក៏ប្តូររឿងសួរវិញម្តង។
🐾”អរ គាត់ចេញទៅក្រៅតាំងពីថ្ងៃមកម្ល៉េស ថ្ងៃនេះទូយករសជាតិអីដែរ” ថ្ងៃនេះមានអារម្មណ៍ថាគ្រប់គ្នាដូចជារត់គេចពីខ្ញុំយ៉ាងមិចមិនដឹងទេ។
💜”យកដូចរាល់ដងក៏បានដែរ”
🐾”ចុះលោកចង់កុម្ម៉ង់អីថែមទេ” ខ្ញុំឃើញបងស្រីគាត់សំលឹងមើលទៅបងករុណាដូចខ្លាចៗអាមិចទេ។ សង្ស័យតែគិតថាអ្នកថ្មីមកជំនួសហ៊ាងហើយមើលទៅបានជាមិនហ៊ានសួរនាំពីហ៊ាងទៀត។
👱🏻♂️”យកដូចគ្នា២ចានមក”
🐾”ចា សូមចាំបន្តិចណា” គ្រាន់តែហើយភ្លាមគាត់ក៏ដើរចេញទៅភ្លាមដូចគ្នា ព្រោះបងករុណាសំលឹងមើលបងស្រីនឹងខ្លាំងណាស់។ ខ្ញុំហួសចិត្តក៏អង្គុយសើចតែម្តងទៅ។ រំលោងទៅបានមួយសន្ទុះចានការ៉េមធំៗ២បានឡេីងចេញមកដាក់ចំពីមុខយេីងទាំង២។ ក្រោពីនាំគ្នាចាត់ការញ៉ាំការ៉េមរួចហេីយ ពួកយើងក៏បន្តជិះដើរលេងលំហែអារម្មណ៍បន្តិចទៀតសិន ព្រោះតែខ្ញុំនៅមិនទាន់ចង់ទៅផ្ទះវិញ ខ្ញុំមិនចង់ទៅសម្ងំនៅតែម្នាក់ឯងទេ ខ្ញុំខ្លាចថាខ្ញុំនឹងអាចគិតច្រើនទៀត។ ហើយបងករុណាក៏បានដូចចិត្តណាស់ ជូនខ្ញុំជិះដើរលេងពេញទីក្រុង ថែមទាំងឆ្លៀតឈាងចូលបារ ដកមេបន្តិចទៀត។ ខ្ញុំមិនបានជំទាន់អីទេ នឹកឃើញថាជ្រុលជាបានដើរហើរទៅហើយ ដើរឲ្យអស់ចិត្តតែម្តងទៅ។ ទម្រាំតែបានមកចេញមកផ្ទះវិញគឺម៉ោងជិត១០ទៅហើយ។
💜”បងករុណាបន្ថយល្បឿនតិច” កំពុងតែជិះឡានជិតមកដល់ផ្លូវបត់ទៅផ្ទះទៅហើយ ស្រាប់តែខ្ញុំបានឃើញមនុស្សមួយហ្វូងធំកំពុងតែឈរព័ទ្ធឡានមួយគ្រឿងនៅទទឹងថ្នល់ឡើងជិតឈឹង។
💜”មានរឿងអីនឹង?”
14 / 16
👱🏻♂️”ពួកអាស្រវឹង វាបើកឡានមិនចេះប្រយ័ត្នគឺបុកគ្នាចឹងហើយ” បុកគ្នាជាមួយអ្នកណា មិចបានឃើញមានតែឡានមួយ។ ខ្ញុំខំអើតមើលម្ចាស់ឡានដែរ តែមនុស្សមកឈរបាំងជិត។
💜”យើងឈប់មើលតិចទៅ…ក្រែងជាអ្នកស្គាល់” ខ្ញុំងាកទៅរកឲ្យបងករុណាឈប់ឡានសិន ស្រាប់តែបានឃើញថ្មពុះចែកផ្លូវ២,៣កង់វៀចឆ្វេងវៀចស្តាំម្នាក់មួយកង់ ហើយក្បាលឡានទាំងមូលខ្ទេចខ្ទីមើលមិនយល់ជាម៉ាក់ឡានអី ឯអ្នកក្នុងឡានមិនដឹងជាយ៉ាងមិចទៅហើយទេ ឃើញមានគេជួយទាញផងជួយវៃកញ្ចក់ទ្វារផងដើម្បីជួយសង្គ្រោះ។ ខ្ញុំដែលនៅក្នុងឡាននេះខំអើតលើមៗរកមើលចំនុចដែលស្គាល់មិនឃើញសោះ។ ឬក៏អាចមិនមែនជាអ្នកស្គាល់ទេមើលទៅ
👱🏻♂️”កុំអីល្អជាង បងគិតថាជាពួកអាក្មេងស្ទាវវាបើកបង្អួតគេឯងហ្នឹង មើលតែឡានវាក៏ដឹងថាកូនអ្នកមិនអន់ដែរ” ឡានខ្ទេចប៉ុណ្ណឹងហើយនៅមើលយល់ថាជាឡានអីទៀត។
💜”អឹមមម ទៅផ្ទះទៅចឹង” តែហេតុអីក៏ចិត្តខ្ញុំចង់ប្រាប់ថាឲ្យឈប់មើលគេសិនទៅ មើលគេសិនទៅ។
👱🏻♂️”នៅអាល័យដល់ណាទៀត តិចទៀតសាច់ញាតិគេមករកហើយ” ចេញឡានមកជិតផុតហើយ តែខ្ញុំនៅតែខំងាកមើលតាមកញ្ចក់ចំហៀងរកឃើញអ្នកគ្រោះថ្នាក់រហូត។ ធម្មតាខ្ញុំមិនសូវចូលចិត្តរឿងបែបនេះទេ ព្រោះវាធ្វើឲ្យខ្ញុំនឹកដល់អតីតកាល តែម្តងនេះខ្ញុំចេះតែជ្រួលច្របល់ចង់តែរត់ចុះពីឡានទៅមើលណាស់។ ខ្ញុំដូចជាមានអារម្មណ៍ថាមើលឡានកាន់តែស្រដៀងជាឡានរបស់អ្នកណាហើយ។ ចុះហេតុអីក៏ចិត្តខ្ញុំចង់តែគិតដល់ហ៊ាងម៉្លេះ? កុំៗ កុំគិតអាក្រក់ គេមិនអាចមានរឿងចឹងៗកើតឡើងបានទេ។ ឡានម៉ាកនឹងវាមានគេជិះច្រើនណាស់។
💜”បើកឡានទៅវិញប្រយ័ត្នប្រយែងណា កុំទៅប្រជែងគ្នាជាមួយគេមិញណា” មុននឹងចុះពីលើឡាន សុំមួយគ្រាប់សិន។ 😂
👱🏻♂️”បាទ អរគុណដែលបារម្ភពីសុវត្ថិភាពបង” ឌឺប៉ុណ្ណឹងហើយនៅញញឹមស្រស់ទៀត។
💜 បាយ បាយ ខ្ញុំចូលផ្ទះហើយ”
👱🏻♂️”បាទ បាយបាយ” កិច្ចសន្ទនាក៏បានចប់ត្រឹមហ្នឹង។
នៅក្នុងផ្ទះដូចជាស្ងាត់ណាស់ គ្រប់គ្នាបែបឡើងទៅគេងអស់ហើយ។ ខ្ញុំយួរខ្លួនឡើងមកលើ បន្ទប់ទាំងអស់កំលាំង។ ខ្ញុំនៅតែនឹកឃើញពីទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍អំបាញ់មិញមិនបាត់សោះ។
គ្រឺងងងងងងៗ ទូរស័ព្ទរោទិ៍ទៀតហើយអ្នកណាតេមោស្មាលនឹងហ្នឹង។
ហឺមមម បងយុទ្ធដូចជាព្យាយាមក្នុងការទាក់ទងមកខ្ញុំដល់ហើយ។ ខ្ញុំទំលាក់ទូរស័ព្ទទៅលើពូកហើយក៏អូសជើងចូលបន្ទប់ទឹកសិន។ សុំងូតទឹកឲ្យស្រលះខ្លួនសិនចាំមកនិយាយគ្នា។
15 / 16
oh my goddd ហើយតេមកអីក៏តេមកម្ល៉ឹងៗ មានទាំងបងលីន ហើយមានទាំងនាងរិទ្ធទៀត ថ្ងៃនេះគេគ្រប់គ្នានឹកខ្ញុំម្ល៉េះ។ ហើយខ្ញុំត្រូវតេទៅអ្នកណាមុនទៅ។
គ្រឺងងងងងង នាងរិទ្ធ។
💜”អាឡូ”
🧑🏻”ឯងនៅណា?” សំលេងដូចប្លែក។
💜”យើងនៅផ្ទះ”
🧑🏻”ឯងមកពេទ្យបន្តិចបានមក?”
💜”ឯងកើតអី? ហើយឯងនៅពេទ្យណា?” ខ្ញុំសួរវាទាំងភ្ញាក់ផ្អើល ព្រោះព្រឹកមិញនៅឃើញវាស្រស់ៗសោះ។
🧑🏻”ឯងមកពេទ្យសិនមក ហឹកក យើងនិយាយមិនចេញទេ” ធ្ងន់ធ្ងរហើយៗ វាឈឺអីវាបានដល់ថ្នាក់យំចឹង។
💜”អឺៗ ឯងនៅពេទ្យណា?” ក្រោយពីវាប្រាប់ពីទីតាំងពេទ្យមកហើយ ខ្ញុំក៏រត់ចុះមករកសោរឡានទាំងឈុតដេកយប់តែម្តង។ បងយុទ្ធ បងលីនអើយយ ចាំខ្ញុំមកពីពេទ្យវិញសិនចាំខ្ញុំតេត្រលប់ទៅវិញ។
😎”ទូ? ឯងចេញទៅណាទាំងយប់ហ្នឹង?” ខ្ញុំរត់ចេញមកដល់ទ្វារហ៊ាក៏ស្រែកសួរពីលើមក។
💜”ខ្ញុំទៅពេទ្យហ៊ា មិត្តភ័ក្តិខ្ញុំវាមានបញ្ហា”
😎”ហ៊ាជូនទៅ” ហ៊ានិយាយហើយក៏ដើរចុះមកខ្ញុំយ៉ាងលឿន។
💜”អូខេ លឿនឡើងហ៊ា” គ្មានពេលនៅតវ៉ាគ្នាទេ នាងនោះមិនដឹងយ៉ាងមិចទេ។
ក្រោយពីបានព្រមព្រៀងគ្នាហើយពួកយើងក៏បាននាំគ្នាចេញទៅពេទ្យដែលនាងរិទ្ធបានប្រាប់ សំណាងណាស់ដែលវាចេះមកដេកពេទ្យនៅជិតផ្ទះ កុំអីទម្រាំតែបានទៅដល់ខ្ញុំស្ទះខ្យល់ស្លាប់។ ហើយហ៊ាក៏ណាស់ដែរស្ងាត់មាត់ជ្រាប សួរនាំពីមិត្តឯងបន្តិចក៏គ្មានដែរ។ ជិះមិនដល់១៥នាទីផងឡានក៏បានចូលមកដល់មុខមន្ទីរពេទ្យទៅហើយ។ ទាន់ចិត្តល្អ
💜”អាឡូរិទ្ធ ឯនៅបន្ទប់ណា?”
🧑🏻”បន្ទប់សង្គ្រោះបន្ទាន់”
💜”ហា៎?”
🧑🏻”កុំទាន់អាលសួរអី ឯងមកបន្ទប់សង្គ្រោះបន្ទាន់ឲ្យលឿនសិនមក”
16 / 16
💜”អឺៗ” ខ្ញុំកំពុងតែឆ្ងល់ថាវានិយាយទូរស័ព្ទមិចកេីតបេីវានៅបន្ទប់ហ្នឹង? ឬក៏អ្នកឈឺមិនមែនជាវាទេ។
💜”រិទ្ធ?”
💜”បងយុទ្ធ? បងលីន?” ខ្ញុំរត់មកដល់មុខបន្ទប់ក៏បានឃើញនាងរិទ្ធ បងយុទ្ធ បងលីនមកនាំគ្នានៅឈរក្រៅបន្ទប់សង្គ្រោះបន្ទាន់ទៅវិញ។ ហើយអ្នកណាជាអ្នកឈឺនឹង? វាហៅខ្ញុំឲ្យមកមេីលអ្នកណាគេ? 😐😳 កុំប្រាប់ណាថា…
🧑🏻😎👩🏼”ទូ…”
💜”អ្នកណាកើតអី? ក្រែងឯងឈឺហី៎”
🧑🏻”យើងឈឺមិនស្មើអ្នកដែលនៅខាងក្នុងទេ” ផ្ទៃមុខដែលនៅមានស្នាមទឹកភ្នែកនៅឡើយរបស់រិទ្ធ កំពុងតែរលីងរលោងសាររើទឹកភ្នែកត្រលប់មកជាថ្មីម្តងទៀត។
💜”អ្នកណាគេ?”
💜”យើងសួរឯង ថាអ្នកណាគេ?”
😎”គឺហ៊ាង”
សូមរងចាំតាមដានភាគបន្ត

No comments:

Post a Comment