Breaking

Wednesday, June 12, 2019

រឿង ម្ចាស់គ្រងបេះដូង💜 ភាគទី២៧

រឿង ម្ចាស់គ្រងបេះដូង💜 
ភាគទី២៧
និពន្ធដោយ Pii Chhay



ខ្ញុំបើកទ្វារបន្ទប់ចេញទៅបន្ទប់ទទួលភ្ញៀវរកមើលហ៊ាងតែនៅតែមិនឃើញ។ បន្ទប់ខាងលើ បន្ទប់ខាងក្រោម បន្ទប់ទឹក បន្ទប់ទទួលភ្ញៀវ ចង្ក្រានបាយ បន្ទប់ដាក់ឥវ៉ាន់ គឺស្ងាត់សូន្យឈឹង។ គេចេញទៅណាគេទាំងព្រឹកហ្នឹង? ហេតុអីបានទុកខ្ញុំឲ្យនៅម្នាក់ឯងចឹង?
ខ្ញុំត្រលប់ចូលទៅក្នុងដេកវិញ ដើម្បីរកទូរសព្ទតេរទៅគេម្តង ហើយក៏បានឃើញកូនក្រដាសNote១ដាក់ពីក្រោមទូរសព្ទរបស់ខ្ញុំ ដោយមានពាក្យពេចន៍ថា “បងចេញទៅធ្វើធុរះខាងក្រៅមួយភ្លែត ហាមអូនចេញទៅណាដាច់ខាត បងស្រលាញ់អូន~(^з^)-♡” ធុរះអីទៅទាំងព្រឹកព្រលឹមបែបនេះ ម៉ោងទើបតែ៧:៣០ហ្នឹង។
ទឺតតត ទឺតតត ទឺតតត ទឺតតតត មិចក៏គេមិនលើកទូរសព្ទចឹង? ចុចទៅប៉ុន្មានដងហើយក៏គេមិនលើកដែរ។ រវល់អីក៏រវល់ដល់ថ្នាក់លើកទូរសព្ទបន្តិចមិនបានហ្នឹង រកតេរទៅបងយុទ្ធវិញក្រែងនៅជាមួយគ្នា។
ទឺតតត ទឺតតត
😇”អាឡូទូ” សំលេងម្ខាងទៀតបានបន្លឺឡើង។
💜”អាឡូបងយុទ្ធ”
😇”មានការអីនឹងបានតេរមកបងទាំងព្រឹកហ្នឹង?”
💜”ហ៊ាងមានបានទៅរកបងអត់?” មិនចង់អូសក្រឡាស៊ីពេលច្រើនអីទេ សុំចូលសាច់រឿងតែម្តង។
😇”អត់មានទេ តាំងពីវាជាមកបងមិនដែលបានទាក់ទងជាមួយវាទ”
💜”អរ មិនអីទេចឹងបង”
😇”ទូនៅម្នាក់ឯងមែន?”
💜”នឹងហី៎បង បើកភ្នែកមកបាត់គេមិនដឹងទៅណា”
😇”អឹមម កុំទៅណាចឹង តិចទៀតបងទៅដល់”
💜”អូខេបង” ការសន្ទនារវាងខ្ញុំនិងបងយុទ្ធក៏ត្រូវបានបញ្ចប់។ ខ្ញុំក៏ចូលបន្ទប់ទឹកចាត់ការការងារប្រចាំព្រឹករបស់ខ្ញុំ ហើយក៏ឈ្លៀតពេលរៀបចំខោអាវកាលពីយប់ទុកក្នុងទូវិញ។
ទីងតង់ៗៗ សំលេងកណ្តឹងបន្ទប់បានបន្លឺឡើង។ ខ្ញុំក៏ដើរសំដៅទៅមាត់ទ្វារអើតមើលតាមប្រលោះភ្នែកទ្វារមុនសិនព្រោះខ្លាចមិនមែនជាមនុស្សដែលខ្ញុំស្គាល់។ នៅម្នាក់ឯងផង វរៗពួកនោះតាមមកចាក់កដល់បន្ទប់អីទៅ។ (មាត់ចង្រៃៗ)
2 / 7
ខ្ញុំអើតមើលតាមភ្នែកទ្វារក៏បានឃើញមនុស្សម្នាក់ពាក់ឈុតខ្មៅក្រឹប ថែមទាំងមានពាក់មួកបាំងមុខជិតទៀត។ អញសង្ស័យណាស់អញ ដូចចង់ភ័យៗមិចទេ ដៃញ័រៗមិនចង់ហ៊ានបើកទ្វារសោះ
ទីងតង់ៗៗ សំលេងកន្តឹងនៅតែបន្ទរ តែខ្ញុំមិនហ៊ានបើកទេ ខ្ញុំខ្លាចថាពិតជាពួកនោះពិតមែន។ ខ្ញុំអត់បើកទ្វារទេ តែរត់ទៅរកទូរសព្ទតេរទៅបងយុទ្ធវិញ
😇”អាឡូទូ” បងយុទ្ធលើកហើយ។
💜”បងយុទ្ធនៅណា”
😇”បងនៅតាមផ្លូវ ជិតទៅដល់Condoហើយ” បេះដូងខ្ញុំលោតញាប់ទៅៗ ព្រោះអ្នកដែលនៅពីមុខបន្ទប់ពិតជាមិនមែនបងយុទ្ធមែន។
💜”បងយុទ្ធមកឲ្យលឿនមក មានមនុស្សមិនស្គាល់មុខកំពុងនៅមុខបន្ទប់ខ្ញុំហើយ”
😇”អូខេៗ បងប្រញាប់ទៅហើយ ទូហាមបើកទ្វារដាច់ខាតណា”
💜”បាទបងលឿនៗមក” ខ្ញុំដាក់ទូរសព្ទចុះ ហើយក៏ដើរទៅមើលប្រលោះភ្នែកទ្វារម្តងទៀត តែមិនបានឃើញនរណាទេ។ វាបាត់ទៅណាហើយ តិចវាលាក់ខ្លួនចាំខ្ញុំបើកទ្វារទេដឹង។ ខ្ញុំឆ្លេឆ្លាមិនដឹងរត់ទៅឆ្វេងឬទៅស្តាំទេពេលនេះ។
គ្រឺងងងងៗ ហូយយ លស់ព្រលឹងអស់រលីង អាទូរសព្ទចង្រៃនេះមករោទ៍អីពេលនឹង។ ខ្ញុំរត់ទៅរកទូរសព្ទ ហើយក៏បានធូរស្រាលចិត្តមកវិញភ្លាមៗព្រោះតែលេខដែលបង្ហាញលើអេក្រក់ទូរសព្ទ គឺ💜😈(ជារូបតំណាងឲ្យបុរសក្នុងបេះដូង)
💜”ហ៊ាង? បងបាត់ទៅណានឹង មិចបានទុកអូនឲ្យនៅម្នាក់ឯងចឹង” មិនចាំឲ្យអ្នកម្ខាងទៀតបាននិយាយទាន់ទេ ខ្ញុំរាយរ៉ាប់ចេញទៅគ្មានសល់។
😈”បងសុំទោសដែលចេញទៅមិនប្រាប់អូន តែអូននៅណាវិញ”
💜”នៅក្នុងបន្ទប់ បងប្រាប់អូនមកថាបងនៅទីណាហា៎” ខ្ញុំវឹកវរក្នុងបន្ទប់យ៉ាងអន្ទះសា។ តែហ៊ាងបែរជានិយាយយ៉ាងធម្មតាវិញ
😈”បងនៅមុខបន្ទប់” នៅមុខបន្ទប់? ខ្ញុំស្ទុះវឹងទៅមាត់ទ្វារម្តងទៀត ហើយក៏ឃើញមនុស្សប្រុសពាក់ឈុតខ្មៅដដែរ ដែលកំពុងតែកាន់ទូរសព្ទនិយាយ។ ហាហាហា ការពិតម្នាក់មិញនឹងគឺជាហ៊ាងសោះ
ក្រាកកក បុរសម្នាក់ក្នុងឈុតខ្មៅសុទ្ធកំពុងតែសំលឹងមុខខ្ញុំភ្លឹះៗ ហើយគេឆ្កួតអីនឹងបានពាក់ឈុតបែបនេះទាំងព្រឹកនឹង ហើយនៅមានមួកទៀត ពីណាពីណីមកមិចមិនដែលឃើញពាក់ ធ្វើឲ្យឯងនេះភ័យចង់រត់ចាប់ខ្យល់។
😈”នៅធ្វើអីនឹងបានមិនព្រមបើកទ្វារ បងចុចកណ្ដឹងម៉្ងៃហី៎” គេដើរចូលបន្ទប់បន្តើររអ៊ូដាក់ខ្ញុំបន្តើរ។ យី នៅមានមុខមកថាឲ្យឯងទៀតណា
3 / 7
💜”អ្នកណាឲ្យបងពាក់ឈុតនេះធ្វើអី អូនឃើញអ្នកមិនស្គាល់ទើបមិនហ៊ានបើក” ខ្ញុំដើរដេញតាមគេដល់ក្នុងបន្ទប់ដេក។
😈”ធ្វើដូចមិនដែលឃើញបងពាក់ចឹងចឹង” គេដោះមួករៀបដាក់ក្នុងទូវិញហើយក៏ដោះអាវក្រៅខ្មៅចេញបង្ហាញឲ្យឃើញអាវក្នុងពណ៌សវិញម្តង។
💜”ហី៎ ក្រែងមានសោកាតដែរហី៎ មិចមិនបើកចូលមក”
😈”បងភ្លេចយកតាមខ្លួន ព្រឹកមិញប្រញាប់ពេក” ហើយមិចចេះតែដើរគេចមុខខ្ញុំរហូតចឹង។ អស់ពីដើរគេចមកបន្ទប់ដេកដោះមួកដោះអីហើយឥលូវដើរហួសទៅបន្ទប់ទឹកវិញម្តង។
គ្រាំងងង បិទទ្វារទៀត។
💜”ហ៊ាង? បើកទ្វារ នៅនិយាយគ្នាមិនទាន់ចប់ទេ” ខ្ញុំខំគោះផងអីផងក៏គេមិនបើក។
😈”បងជុះអឹសៗមួយសិន” អឺមមម ឈ្ងុយឈ្ងប់ណាស់លឺចឹងៗមក។
ទីងតង់ៗ ហ៊ើយយយ ហី៎អាណាគេទៀតហី៎ហ្នឹង។ ទុកឲ្យជុះឲ្យស្រួលសិនចុះ រត់ទៅមើលទ្វារសិន ហើយក៏ឃើញថាជាបងយុទ្ធម្តង។
ក្រាកកកក
😇”មិចហី៎ទូ បងមិនឃើញមានអ្នកណានៅមុខបន្ទប់ផង” លំបាកបងយុទ្ធទៀតហើយ។
💜”ហេសៗៗ លេងអីហើយបង មុននឹងគឺហ៊ាងទេ” ខ្ញុំខំសើចស្ញេញដាក់គាត់ទាំងអាម៉ាស់។
😇”ហូសស បងខំតែភ័យ ហើយវាទើបមកពីណា?” បងយុទ្ធដើរចូលមកជាមួយនឹងថង់ប្រអប់២ក្នុងដៃ។
💜”មិនទាន់បាននិយាយគ្នាដាច់ស្រាច់ផងលូវចូលបន្ទប់ទឹកបាត់ហើយ”
💜”បងយកអីមកហ្នឹង?” តាមដានណាស់អារឿងរបស់គេនឹង។
😇”អរ អាហារពេលព្រឹក របស់ទូចូលចិត្ត” ហឺម ដឹងខ្ញុំចូលចិត្តអីពីកាលនឹង។
💜”អរររ អរគុណណាស់បង” មិនហ៊ានដេញជើងសួរទេបានត្រឹមតែអរគុណហើយចប់។
😈”ហែងមោមានការអីអាយុទ្ធ” ចុំ ជុះលឿនម៉េស ហី៎គេជុះហើយចេញមករករឿងចឹងម៉ង់។
😇”ពីព្រឹកបាត់ហែងទើបអញមកកំដរទូ”
😈”ចឹងទៅវិញបានហើយ អញនៅកំដរជំនួសបាន” ស្អីគេនឹង? លាមកដេញឬក៏រដូវដេញនឹងបានចេញមកខុសរបៀបចឹង។
4 / 7
💜”បងយុទ្ធទើបមកដល់ទេដេញគាត់ទៅណា” ហ៊ាងងាកមកសំលក់ខ្ញុំខ្វាច់។
😇”មិនអីទេទូ បងក៏មានការរវល់ដែរចាំបងមកលេងថ្ងៃក្រោយចុះ”
💜”តែបងខំទិញបាយមកហី៎ នៅញ៉ាំជាមួយគ្នាសិនទៅ”
😇”ទុកឲ្យអាប៉បទៅ បងទៅសិនហើយ” និយាយមិនទាន់ចប់ស្រួលផង បងយុទ្ធក៏ដើរចេញទៅបាត់។ ទុកឲ្យខ្ញុំឈរប្រយុទ្ធគ្នាជាមួយនឹងហ៊ាងតែ២នាក់។
💜”កើតអីហា៎? នៅសុខៗបានចេញមករករឿងគេឯងចឹង?”
😈”គ្មានអីទេ” ចុំ មិចគំរោះគំរើយម៉េស ខ្មោចស្អីចូលខ្លួននឹង ថែមទាំងដើរគេចមុខពីខ្ញុំចូលបន្ទប់ដេកវិញទៀត។ អូយយយ ខ្ញុំឆ្កួតងាប់លូវហី៎ គេកើតអីគេហ្នឹង?
💜”ហ៊ាង កុំដើរគេចនិយាយគ្នាឲ្យដឹងរឿងសិន” ខ្ញុំអត់មិនបានក៏រត់ទៅស្ទាក់មុខគេភ្លាមៗ។
😈”បងអត់មានរឿងអីត្រូវនិយាយជាមួយអូនទេ” 😧😧 មានរឿងមិនប្រក្រតីច្បាស់ណាស់។
💜”តែអូនមាន ព្រឹកមិញបងទៅណា? ទៅជួបអ្នកណា? មិចបានមោវិញទៅជាចឹង?” ពួកយើងឈរប្រឈមគ្នានៅនឹងមាត់ទ្វារបន្ទប់។
😈”ក្រែងអូនថាមិនលូកដៃក្នុងរឿងផ្ទាល់ខ្លួនរបស់បងហី៎? មិចលូវអូនមកជីកសួរបងចឹង” អូរររ ពេលនេះគេយកពាក្យសំដីខ្ញុំមកសង្កត់កវិញចឹងហ៎។
💜”អររបាន រឿងផ្ទាល់ខ្លួន ល្អណាស់ពេលនេះសូម្បីតែសំនួរសួរចង់ដឹងសុខទុក្ខក៏ប៉ះពាល់ដែរ អូខេពីថ្ងៃនេះទៅអូនមិនហ៊ានសួរទៀតដែរ” ខ្ញុំខឹងណាស់ គេចេញទៅឲ្យមិនប្រាប់ខ្ញុំមួយម៉ាត់ហើយ នៅមានមុខមកជាន់ខ្ញុំជាមួយនឹងរឿងផ្ទាល់ខ្លួនគេទៀត។ ប្រសើរណាស់ មិនបាច់និយាយគ្នាតែម្តងនឹងល្អមើលទៅ។ ខ្ញុំដើរចេញពីមុខគេឡើងទៅបន្ទប់មួយទៀតនៅជាន់ខាងលើ ដោយមិននឹកនាឃ្លានបាយ។ ហើយគេក៏ចូលបន្ទប់បិទទ្វារលាន់លឺសូរដូចរន្ទះ។ ខ្លាំងណាស់ មិនតាមមកលួងឯងហើយនៅខ្លាំងដៃទៀត ចាំមើលអ្នកណាថោករកអ្នកណាមុន។
បន្ទប់ជាន់លើនេះមិនសូវបានរៀបចំស្អាតបាតអីទេ ព្រោះជាបន្ទប់ដែលលើស ទុកសំរាប់ឲ្យភ្ញៀវដេកតែប៉ុណ្ណោះ។ ប៉ុន្ដែមិនដែលបានប្រើឡើយព្រោះហ៊ាងគ្មានមិត្តច្រើនដែលត្រូវមកសុំស្នាក់អាស្រ័យពេលដាច់យប់ម្តងៗទេ។ ខ្ញុំក៏ចាត់ការជួយសំអាតវាបន្តិចទៅ ជ្រុលតែគ្មានអីធ្វើស្រាប់ហី៎ ហើយមិនចង់ទំនេរទៅនឹកដល់អាកាប៉បអាយនឹងដែរ។ ខ្ញុំចំណាយអស់មួយព្រឹកក្នុងការសំអាតបន្ទប់រហូតដល់សំលេងគោះទ្វារត្រូវបានបន្លឺ។
តុកៗៗ ស្មានតែខ្លាំងបានយូរ
😈”បងមានរឿងចង់និយាយ”
5 / 7
💜”ពាក់ព័ន្ធនឹងរឿងផ្ទាល់ខ្លួនអត់?” ស្លូតបូតអស់ត្រឹមខ្ញុំហើយ។
😈”ទូ កុំឌឺបង”
💜”គ្រាន់តែបង្កាឲ្យហើយតាស ក្រែងប៉ះពាល់ទៅមិនពេញចិត្ត” ខ្ញុំនៅតែផ្តល់ទឹកមុខប្រងើយកន្តើយដាក់គេដដែរ។
😈”ហឺមមម បងមិនឈ្លោះជាមួយអូនគេ” ធុញទ្រាន់ដល់ថ្នាក់ដកដង្ហើមធំផង។
😈”បងមកប្រាប់អូន ថាបន្តិចទៀតហ៊ាអូនមកយកអូនហើយ” 😥
💜”ដេញមែន?” ខ្ញុំហួសចិត្តនឹករកពាក្យនិយាយមិនឃើញ។
😈”កុំគិតចឹងអីណា បងគ្រាន់តែគិតថាបងយកអូនចេញពីផ្ទះមកយូរហើយ បងដឹងថាអូននឹកផ្ទះ នឹកម៉ាក់ នឹកគ្រប់គ្នា ហើយម្យ៉ាងពួកយើងក៏មិនបានទៅណាដែរ ចឹងបងក៏គ្មានសិទ្ធអីមកឃុំអូនឲ្យនៅជាមួយបងគ្រប់ពេលទេ” ហើយចុះសុវត្ថិភាពរបស់ខ្ញុំ? ក្រែងគេថានឹងនៅការពារខ្ញុំហេ៎? ក្រែងគេប្រាប់ខ្ញុំមិនឲ្យឃ្លាតពីគេសូម្បីតែមួយនាទីហេ៎? ចុះមិចពេលនេះគេបណ្តោយឲ្យខ្ញុំប្រឈមមុខតែម្នាក់ឯងចឹង។ ឬក៏គេមិនដឹងពិតមែនថាខ្ញុំកំពុងតែមានមនុស្សតាមសំលាប់។
😈”ហើយបងក៏ដោះស្រាយរឿងកូនចៅប៉ារួចហើយដែរ អូនមិនបាច់ខ្លាចអ្នកណាទៅតាមធ្វើបាបអូនទៀតទេ” 😱😱
រាល់ការសង្ស័យ រាល់ភាពកង្វល់ រាល់អារម្មណ៍តក់ស្លុត ត្រូវបានផ្អាកដំណើរការ។ គ្រប់យ៉ាងគឺគេដឹងទាំងអស់ គេពិតជាដឹងពិតមែនថាអ្នកណាជាអ្នកធ្វើរឿងនេះ គេដឹងពិតមែនថាខ្ញុំតែងតែរស់នៅក្នុងភាពគ្រោះថ្នាក់ជានិច្ច ហើយគេក៏ដឹងដែរថាមានរឿងអីកើតឡើងខ្លះមកលើខ្ញុំ។
💜”ហេតុអីក៏បងមិនប្រាប់អូនតាំងពីដំបូង?” ខ្ញុំសំលឹងមុខគេមិនព្រិច។
😈”បងសុំទោស បងមិនចង់ឲ្យអូនខ្លាច បងមិនចង់ឲ្យអូនបារម្ភ ហើយមិនចង់ឲ្យអូនមិនហ៊ាននៅក្បែរបងទៀត” ហើយគេក៏មើលមកខ្ញុំមិនដាក់ដូចគ្នា។
💜”ហើយមោប្រាប់អូននៅពេលនេះដើម្បីអី បើអូនក៏បានត្រូវប៉ាបងចាត់ការរួចហើយហី៎នឹង?”
😇”ដោយសារតែបែបនេះទើបបងមិនអាចទ្រាំនៅស្ងៀមបានទៀត”
💜”បងបានទៅធ្វើអីខ្លះ?” ខ្ញុំសំលឹងចុះមើលទៅដីយ៉ាងវិលមុខខ្ញាល់។ ខ្ញុំ…. ខ្ញុំត្រូវធ្វើយ៉ាងមិចចំពោះគេទៅ? គួរតែខឹងគេទេដែលគេលាក់បាំងការពិតពីខ្ញុំមករហូត ឬក៏គួរតែអាណិតគេដែលគេខំលាក់បាំងព្រោះមិនចង់ឲ្យខ្ញុំខ្លាចនឹងនៅក្បែរគេបន្តទៀត ឬក៏ព្រោះតែគេមិនចង់ឃើញខ្ញុំពិបាកចិត្ត។ ចុះខ្ញុំ? ខ្ញុំបានលាក់បាំងអីទៅគេខ្លះ? តើនេះឬគឺជាអ្វីដែលមនុស្សស្រលាញ់គ្នាគេមានចំពោះគ្នា? ខ្ញុំវែកញែកអារម្មណ៍ខ្លួនឯងមិនចេញទេ…។ ខ្ញុំមិនដឹងថាខ្លួនខ្ញុំវាល្ងង់ខ្លៅជ្រុលឬក៏គេពូកែបិទបាំងពេកទេ តែអ្វីដែលខ្ញុំចង់ធ្វើគឺខ្ញុំមិនចង់នៅល្ងង់នឹងអ្វីដែលគេធ្វើពី
6 / 7
ក្រោយខ្ញុំទៀតដែរ។ ខ្ញុំចង់ដឹងគ្រប់យ៉ាងទោះវាជារឿងដែលពិបាកនឹងដោះស្រាយឬពិបាកនឹងទទួលយកយ៉ាងណា ក៏ខ្ញុំអស់ចិត្តដែលបានស្តាប់ចេញពីមាត់គេផ្ទាល់ដែរ។ ហើយខ្ញុំក៏សង្ឃឹមថាគេនឹងបកស្រាយប្រាប់ខ្ញុំដូចគ្នា។
😈”បងគិតថា បងបានផ្តល់សំពាធដល់អូនច្រើនពេកហើយ…”
😈”ហើយបងក៏មិនអាចបណ្តោយឲ្យអូនឬអ្នកជុំវិញខ្លួនមកលំបាកវេទនាដោយសារតែបងទៀតដែរ” មិចបានគេទៅជាឆ្លើយចាកប្រធានបទវិញ។ តើគេកំពុងតែចង់ប្រាប់ខ្ញុំថាគេគឺជាដើមហេតុនៃរឿងទាំងអស់នេះចឹងមែន។
💜”អូនសួរបង ថាបងបានទៅធ្វើអីមោខ្លះ?” ខ្ញុំនៅតែអោនមុខគិតទៅនឹងពាក្យដែលគេបានប្រាប់។
😈”….អូនមិនបាច់ចង់ដឹងថាបងបានទៅធ្វើអីខ្លះទេ ដឹងត្រឹមតែថាអ្វីដែលបងធ្វើគឺដើម្បីអូនតែម្នាក់គត់” គេចង់មានន័យថាគេបានទៅដាក់លក្ខខណ្ឌអីម្យ៉ាងជាមួយនឹងប៉ារបស់គេទៀតឬយ៉ាងមិច ព្រោះពេលនេះអ្នកដែលប្រឹងពុះពារខាន់ចែកចំណងខ្ញុំហើយនិងគេគឺមានតែឳពុកគេម្នាក់គត់។
💜”ដើម្បីអូន? មិនមែនដើម្បីអូនទើបបងត្រូវទៅសេពគប់ជាមួយនឹងឡាវីនវិញ ចឹងមែន? អរ ឬក៏ដើម្បីអូនបងត្រូវរត់ទៅគំរាមប៉ាបងម្តងទៀត? ឬក៏នៅមានអីដោះដូរច្រើនទៀតដែលបងអាចធ្វើបានដើម្បីអូន? លក្ខខណ្ឌមួយណាដែលបងព្រមព្រៀងជាមួយគាត់? តើបងនៅមានរឿងអីខ្លះទៀតដែលលាក់បាំងនឹងអូន?” ខ្ញុំងើបមុខសំលឹងមុខគេយ៉ាងមាំង។ តែគ្មានបានសំលេងអីត្រលប់មកវិញឡើយមានតែទឹកមុខដែលពិបាកពិពណ៌នាតែប៉ុណ្ណោះ។
💜”មិចបានមិនឆ្លើយ បងបានទៅយល់ព្រមអីខ្លះជាមួយនឹងប៉ារបស់បង?” ខ្ញុំចង់យំទៀតហើយ។ គេក្លាយទៅជាមនុស្សគរតាំងពីពេលណា ទើបបានជាគេមិនព្រមបើកមាត់ហាស្តីឆ្លើយប្រាប់ខ្ញុំមួយម៉ាត់សោះចឹង។
💜”ហេតុអីក៏បងមិនឆ្លើយ? សំនួរអូនត្រង់ណាដែលបងស្តាប់ទៅមិនយល់ ទើបត្រូវប្រើការគិតយូរដល់ថ្នាក់នេះ” ហេតុអី? វាធ្ងន់នឹងឆ្លើយខ្លាំងណាស់មែនទេ ទើបគេធ្វើឲ្យខ្ញុំតឹងទ្រូងក្នុងការទន្ទឹងចាំចម្លើយគេដល់ម្លឹង។
💜”បាន បើសំនួរមុនវាពិបាកឆ្លើយខ្លាំង អូនសុំដឹងត្រឹមចម្លើយច្បាស់ចុងក្រោយមួយប៉ុណ្ណោះ…” ហូសសស
💜”ដើម្បីអូនទើបបងកំពុងចង់តែបញ្ចប់ទំនាក់ទំនងរបស់យើងបែបនេះមែនទេ?” ជាសំនួរតែខ្ញុំមិនដែលគិតឡើយថានឹងហ៊ានសួរទៅមនុស្សម្នាក់នេះ ជាសំនួរដែលខ្ញុំមិនដែលស្រមៃថានឹងមានថ្ងៃសួរ។
ទីងតង់ៗៗ សំលេងកន្តឹងបន្ទប់បានបន្ទរមកជំនួសការឆ្លើយរបស់គេ។
😈”ហ៊ាអូនមកដល់ហី៎” ហឹសស អូខេ ទីបំផុតខ្ញុំក៏មិនបានលឺចម្លើយអីបន្តិចសោះចេញពីមាត់គេដដែរ សំនួររបស់ខ្ញុំគឺស្មើនឹងដីដែលផាត់ប៉ះហើយក៏ត្រូវគេបោះចេញដោយមិនខ្វល់។ ខ្ញុំអស់សង្ឃឹមលើខ្លួនគេខ្លាំងណាស់ ព្រោះទង្វើដែលគេធ្វើពេលនេះប្រៀបបានដូចជាគេ
7 / 7
កំពុងតែប្រលែងដៃខ្ញុំឲ្យរសាត់ទៅតាមកំលាំងរុញច្រានរបស់អ្នកមានគុណគេទៅវិញ។ ទោះមិនបានស្តាប់ចម្លើយដែលចេញពីមាត់គេថាយ៉ាងមិចក៏ដោយ ក៏ខ្ញុំអាចទទួលអារម្មណ៍បានថាពាក្យសំដីដែលគេធ្លាប់បានខ្សឹបប្រាប់ខ្ញុំថានឹងមិនបោះបង់ខ្ញុំចោល វាទៅជាអស់បន្តិចម្តងៗទៅតាមជំហានជើងដែលខ្ញុំបានបោះម្តងមួយៗ។ ខ្ញុំដើរចេញពីមុខគេដោយមិននឹកនាលាគ្នាសម្បីតែមួយមាត់ ទោះជាខ្ញុំនៅទ្រាំចាំស្តាប់ទៀតក៏គ្មានបានប្រយោជន៍អី ក្នុងខណៈពេលដែលគេមិនហ៊ានប្រឈមនឹងទង្វើដែលខ្លួនបានធ្វើផងនោះ។ បាន បើនេះគឺជាអ្វីដែលគេបានសំរេចចិត្តធ្វើ ទោះដើម្បីអីក៏ខ្ញុំមិនអាចប្រកែកបានដែរ ព្រោះគ្រប់យ៉ាងគេបានកំនត់រួចរាល់ហើយ។ ខ្ញុំមានតែប្រឹងសង្កត់ចិត្តទទួលយកតែប៉ុណ្ណោះ។
😈”ទូ…” ខ្ញុំអាក់ជើងនៅពេលដែលបានលឺសំលេងស្រែកហៅរបស់គេដេញពីក្រោយខ្នង។
😈”បងសុំទោស បងសុំទោស” ខ្ញុំខំសង្ឃឹមថានឹងបានលឺអ្វីដែលគេបន្តវានឹងធ្វើឲ្យខ្ញុំបានសប្បាយចិត្តខ្លះ តែបែរជាខុសឆ្ងាយពីការរំពឹងទុករបស់ខ្ញុំទៅវិញ។ គេខ្សឹកខ្សួលពីក្រោយខ្នងខ្ញុំស្តាប់ស្ទើរតែមិនលឺ។
💜”វាមិនមែនជាអ្វីដែលអូនចង់លឺនៅពេលនេះទេ…” ខ្ញុំឈរនិយាយទល់មុខទ្វារដូចមនុស្សគ្មានវិញ្ញាណ។ ខ្ញុំឈឺចិត្តណាស់ដែលខំដើរមកដល់ចំនុចនេះហើយគេនៅតែមាត់រឹងមិនព្រមសារភាពគ្រប់រឿងប្រាប់ខ្ញុំទៀត តែបែរមកទទួលកំហុសទាំងដែលខ្ញុំមិនដឹងថាគេខុសអីទៅវិញ។
💜”អូនគ្រាន់តែសង្ឃឹមថាបងនឹងមិនភ្លេចពាក្យដែលបងធ្លាប់បាននិយាយប្រាប់អូន ថាបងនឹងមិនបោះបង់ចោលអូនជាដាច់ខាតទោះមានរឿងអីកើតឡើងចំពោះពួកយើងក៏ដោយ” ហើយខ្ញុំក៏បើកទ្វារចេញទៅដោយមិនចាំពាក្យគេបន្តទៀតដែរ ព្រោះទោះជាយ៉ាងណាក៏គេមិនហើបមាត់ដដែរ។
សូមរងចាំតាមដានភាគបន្ត!

No comments:

Post a Comment