រឿង ម្ចាស់គ្រងបេះដូង
ភាគទី៨
និពន្ធដោយ Pii Chhay
#Khmer_Novel69
ព្រឹកនេះខ្ញុំក្រោកមុននាឡិការោទិ៍ទៀតព្រោះគ្មានបានដេកអីទេយប់មិញ។ បិទភ្នែកនឹកឃើញតែមុខសោកសៅរបស់គេ។ ហឿយតើគេបាត់ខឹងខ្ញុំនៅណ៎? តេីខ្ញុំត្រូវរៀបពាក្យសុំទោសគេយ៉ាងមិចទៅ? អូយយយយ កាន់តែគិតកាន់តែស្មុគ ងូតទឹកទៅរៀនវិញ។ ក្រោយពីងូតទឹករៀបចំខ្លួនរួចខ្ញុំក៏ចុះទៅក្រោមញ៉ាំអាហារពេលព្រឹកជុំគ្នា។ ម៉ាក់ឃើញខ្ញុំភ្លាមក៏និយាយឡើង
”ថ្ងៃនេះក្រោកលឿនម៉េសកូន” មើលទៅម៉ាក់ដូចជាបាត់ខឹងនឹងខ្ញុំហើយ រៀងធូរចិត្តតិច។
”ភ្ញាក់ដឹងខ្លួនទាបភ្លឺហើយក៏ក្រោកម៉ងទៅម៉ាក់”
”អង្គុយចុះទៅម៉ាករៀបបបរឲ្យ” ម៉ាកដែលកំពុងរៀបចំអាហារពេលព្រឹកស្រាប់នោះក៏ដួសបបរដាក់ឲ្យខ្ញុំមុនគេ។
”ម៉ាក់ឲ្យខ្ញុំសុំទោសរឿងពីម្សិលមិញណា ដែលធ្វើឲ្យម៉ាក់អារម្មណ៍មិនល្អ” ម៉ាក់ដើរមកអង្អុយទល់មុខខ្ញុំហើយនិយាយ
”អ្នកដែលគួរលឺពាក្យនឹងគឺហ៊ាងបានត្រូវ ម៉ាក់មិនដែលខឹងឬអារម្មណ៍មិនល្អដាក់កូនទេ ព្រោះកូនជាកូនម៉ាក់” សូម្បីម៉ាក់ក៏គិតដូចហ៊ាដែរ។
”វ៉ាវៗៗ ថ្ងៃនេះមានអ្នកមកចាំតុមុនទៀត” តួឈ្នានីសមកទៀតហេីយ។ ហ៊ាដើរចុះមកឃើញខ្ញុំក៏និយាយឌឺភ្លាម។ ខ្លាំងដៃណាស់
”ក្មេងល្អចឹងហើយ”
”បាទល្អគ្មានពីរទេឯងនឹងនោះ” មុននឹងដាក់គូទអង្អុយមិនភ្លេចឡើយអារឿងញីសក់ក្បាលនឹង។
”បើដឹងចឹងល្អហើយ” ខ្ញុំនិយាយលាតអណ្តាតដាក់គាត់។ ហើយប៉ានឹងបងស្រីក៏ចុះមកដែរ ពួកយើងក៏ចាប់ផ្តើមអាហារពេលព្រឹកទាំអស់គ្នា។ ក្រោយពីអាហារពេលព្រឹកហើយហ៊ាក៏មកប្រចាំកន្លែងដើម្បីជូនខ្ញុំទៅរៀនដូចរាល់ដង។
លឿនណាស់ៗៗ ចេញចូលៗដាច់អស់មួយព្រឹកទៀតហើយ ហ៊ាក៏មកទទួលខ្ញុំដូចសព្វដង។ ពេលវេលាដើរលឿនមែន រកតែខ្ញុំឆ្លៀតពេលធ្វេីអីក៏មិនចង់ទាន់ដែរ។ មកដល់ផ្ទះញ៉ាំបាយរៀបចំងូតទឹកអីហើយក៏ជិតដល់ម៉ោងទៅរៀនថ្ងៃបន្តទៀត ខ្ញុំនៅធ្វើចិត្តមិនទាន់រួចផង។ អាននេះអាននោះចុចមើលនេះមើលនោះហ៊ាក៏ឡើងមកហៅ ដល់ម៉ោងទៅសាលាទៀតហើយ។
”មិចហើយរៀបពាក្យនិយាយជាមួយគេហើយនៅ” ជិះបានពាក់កណ្តាលផ្លូវហ៊ាក៏និយាយឡើង។
”គ្រាន់តែសុំទោសសោះចាំបាច់រៀបពាក្យដែរ”
”ពាក្យសុំទោសវាស្តាប់ទៅដូចធម្មតាមែន តែបើអ្នកនិយាយមិនឲ្យតំលៃលើវា វាក៏គ្មានន័យដែរ” គ្រូអាចារ្យចូលខ្លួនហើយហ៊ាខ្ញុំ។
2 / 8
”បាទ ខ្ញុំម្ចាស់ជ្រាបហើយ” ខ្ញុំលេីកដៃក្រាបសំពញហ៊ា តែគាត់មកខោកក្បាលខ្ញុំលឺសូរ ឃ្លូសសស
ទីបំផុតក៏បានមកដល់សាលាហើយ។ ខ្ញុំរុញទ្វារថ្នាក់ចូលហើយកន្លែងដែលខ្ញុំសំលឹងមើលមុនគេគឺតុដែលនៅក្រោយខ្នងខ្ញុំ។ ខ្ញុំរាងចម្លែកចិត្តបន្តិចដែលឃើញមានតែបងយុទ្ធម្នាក់។ បងយុទ្ធញញឹមដាក់ខ្ញុំតាំងពីមាត់ទ្វារមកខ្ញុំក៏ញញឹមតបទៅវិញ។ តើគេទៅណាគេនឹង?
”Hiទូ ស្មានតែមិនមករៀនទៀតហើយ” ដាក់គូទអង្គុយចុះមិនទាន់ស្រួលផងបងយុទ្ធក៏រាក់ទាក់មក។
”អត់មកមិចបានបងខាតរៀនអស់មួយថ្ងៃហៃ”
ក្រាកកកក និយាយជាមួយបងយុទ្ធចប់ហើយខ្ញុំក៏បានលឺសំលេងទ្វារថ្នាក់បើក។ ខ្ញុំងាកទៅក៏ឃើញថាជាគ្រូសោះ ខំនឹកគិតថាជាគេម្នាក់នោះ។ នេះគេមិនមករៀនទេហៃ ចង់ងាកទៅសួរបងយុទ្ធដែរតែខ្លាចគាត់គិតថាយើងខ្វល់ពីគេ។ ចាំមើលតិចទៀតសិនមើលក្រែងគេមានការរវល់មកយឺត។
”Ok class this is your homework for today. see you guys tomorrow” ម៉ោងទីមួយត្រូវបានបញ្ចប់ទៅហេីយ តែខ្ញុំនៅមិនទាន់ឃើញសូម្បីស្រមោលរបស់គេទៀត។ គេកើតអីគេនឹងបានមិនមករៀនចឹង។ ខ្ញុំកាន់តែអន្ទះសារ បងយុទ្ធក៏មកបបួលទៅកន្លែងបងស្នាទៀត។ ខ្ញុំដើរបណ្តើរជាមួយបងយុទ្ធដោយមិនមាត់អីទាំងអស់រហូតមកដល់កន្លែងបងស្នា។
”សួស្តីប្រុសស្អាត” បងស្នារាក់ទាក់ខ្ញុំភ្លាមគ្រាន់តែមកដល់
”បាទ សួស្តីបងប្រុសមិនសូវស្អាតហាហាស”ខ្ញុំវៃបកទៅគាត់វិញ
”ធ្វើមិចគេបានសម្រស់”
”ធម្មតាៗ”
”ហាហាហា សួស្តីយុទ្ធ ថ្ងៃនេះមកតែពីរនាក់ទេហ៎ ឯណាហ៊ាង?” ជាសំនួរដែលខ្ញុំចង់ដឹងបំផុត។ ខ្ញុំខំនៅស្ងៀមកុំឲ្យបងយុទ្ធដឹងថាខ្ញុំចាប់អារម្មណ៍
”សួស្តីបង អាហ៊ាងមិនបានមកទេ វាមានបញ្ហាតិចតួច” បញ្ហាតិចតួចនឹងពាក់ព័ន្ធជាមួយខ្ញុំអត់ទេ។
”អឹម មោះចឹងចូលអង្គុយសិនមក”
”បាទបង” ខ្ញុំនិងបងយុទ្ធក៏នាំគ្នាចូលក្នុងហាង ខ្ញុំអង្គុយទល់មុខគាត់។ គាត់ក៏សួរឡើង
”ទូញ៉ាំអី?“
”អឹមម យកដូចលើកមុនក៏បាន”
3 / 8
”អូខេចាំបងទៅកុម្ម៉ងឲ្យ” ហើយគាត់ក៏ដើរទៅបាត់ដោយមិនចាំបងស្នាមកទទួលការកុម្ម៉ង។ ស្ងាត់ៗខ្ញុំក៏នឹកឃើញដល់គេទៀតហើយ ចង់ដឹងណាស់តើគេបាត់ទៅណា? តើវាមានពាក់ព័ន្ធអីនឹងខ្ញុំអត់?
”អេទូ រវើរវាយដល់ណាទៀតហើយ?” បងយុទ្ធចូលមកកាត់ចង្វាក់អស់អាលីង។
”គិតនេះគិតនោះតិចតួចនឹងណា”
”គិតដល់អាប៉បមែន?” មិចបានគាត់ដឹង
”មានរឿងអីខ្ញុំត្រូវគិតដល់គេ”
”បងមិនមែនល្ងង់ដល់ថ្នាក់មើលមិនដឹងទេ អាសារងាកក្រោយនឹងបើរមិនរកវាតើរកអ្នកណា?” នេះនៅក្នុងថ្នាក់បងយុទ្ធសង្កេតខ្ញុំរហូតផង។
”ខ្ញុំមានបានងាករកមើលគេឯណា”
”មិនបាច់កុហកបងទេ វាផ្អាករៀនមួយរយះសិន”
”មិចបានចឹង? គេមានបញ្ហាអី? គេឈឺមែន? ហេតុអីបានចង់ឈប់រៀន…..ហេីយយ ហេីយ”
”ឈប់ៗ ក្រែងមិញថាមិនគិតដល់គេ ហី៎មិចបានសួរសុទ្ធតែទាក់ទងពីគេ” គាត់ដាក់មួយឃ្លានេះមកខ្ញុំក្តៀនតែម្តង។ ខ្ញុំអួលណែនដល់បាក់ទឹកមុខភ្លាមៗ។
”ដោយសារតែរឿងម្សិលមិញមែន? នេះគេលេងមែនតែនដល់ថ្នាក់នឹងផងហ៎”
”បើចង់ដឹងអាចទៅសួរវាផ្ទាល់បាន”
”គេអាចមិនចង់ឃេីញមុខខ្ញុំទៀតទេ”
”ប្រហែលជាខឹងខ្ញុំខ្លាំងណាស់ហើយ បានដល់ថ្នាក់ហ៊ានធ្វើបែបនេះ” ខ្ញុំនិយាយឈ្ងោកទាំងមុខ។
”មែនហើយតាំងពីបងស្គាល់វាមកវាមិនដែលខឹងនរណាខ្លាំងបែបនេះឡើយ” ហ្អាហ្អា ថាមែនៗ ស្តាប់ពាក្យសំដីគាត់នេះហើយខ្ញុំរឹតតែវេទនាទ្រូងថែមទៀត។
”តែបងក៏មិនដែលឃើញវាខ្វល់ខ្វាយពីអារម្មណ៍អ្នកណាដូចអូនពីមុនមកដូចគ្នា”
”បងចង់មានន័យថាមិច?” លឺពាក្យនេះភ្លាមខ្ញុំងើយមើលមកបងយុទ្ធផ្លឹសៗ ដូចមិនសូវច្បាស់ន័យសោះ។
4 / 8
”តាំងពីតូចមកក្រៅពីបង បងមិនដែលឃើញវាយកចិត្តទុកដាក់នឹងអ្នកណា បារម្ភពីអ្នកណា និយាយច្រើនជាមួយអ្នកណាឡើយ សឹងតែមនុស្សស្រីដែលវាធ្លាប់ទាក់ទងក៏វាមិនដែលខ្វល់ខ្វាយដែរ ទើបតែបានមកជួបទូ អ្វីៗបានផ្លាស់ប្តូរទាំងស្រុង” ខ្ញុំស្តាប់គាត់និយាយយ៉ាងយកចិត្តទុកដាក់បំផុត។ គាត់ចង់ប្រាប់អ្វីម្យ៉ាងដល់ខ្ញុំមែននឹង។
”បងចង់និយាយពីអីឲ្យប្រាកដនឹងខ្ញុំវង្វេងអស់ហើយ រឿងខ្ញុំវាទៅពាក់ពន្ធ័អីនឹងអ្នកដែលគេធ្លាប់ស្គាល់ទៅ?”
”មិនយូរទេទូនឹងដឹងខ្លួនឯងហើយ” អឹមម ស្អប់ណាស់អាបង្ហើបឲ្យគេដឹងហើយមិនប្រាប់ឲ្យអស់នឹងហេ។ ចូលចិត្តណាស់អាសើយសារ៉ុងហើយខ្ចិបវិញនឹងហ៎ា។
”លូវផ្អាកឈប់និយាយរឿងនឹងសិនទៅ ឆាប់ញ៉ាំទៅជិតដល់ម៉ោងចូលរៀនហើយ” លឺបែបនេះខ្ញុំក៏លើកនាឡិកាមើលឃើញថាខ្វះ១០នាទីទៀតចូលរៀនហើយ ក៏ឈប់សួរនាំទៀត។ គិតតែពីញ៉ាំបណ្តើរគិតពីពាក្យសំដីបងយុទ្ធនិយាយអំប្បាញ់មិញរហូត។ តេីខ្ញុំបានទៅធ្វេីស្អីឲ្យគេផ្លាស់ប្តូរខ្លះទៅ បានបងយុទ្ធធ្វេីដូចជារឿងធំដុំម៉េស? ហេីយបងយុទ្ធក៏ចឹងដែរ បេីជ្រុលនិយាយហេីយមិនព្រមនិយាយមកឲ្យចប់ៗទេ នៅផុតលេីផុតក្រោយហ្នឹង។ ហ៊េីយយស៊ីបាយសិនទៅ ចាំតាមសួរពេលក្រោយទៀត។ បន្ទាប់ពីញ៉ាំអីរួចរាល់ហើយពួកយើងក៏ឡើងមកថ្នាក់វិញ។ អូ នៅមានរឿងមួយទៀតដែលចាប់អារម្មណ៍ ខ្ញុំគិតថាបងយុទ្ធដូចជាចំលែកដោយថ្ងៃនេះគាត់មិនសូវនិយាយលេងច្រើនជាមួយដូចរាល់ដងសោះ ព្រោះតាំងពីដើរឡើងមកគាត់មិននិយាយអ្វីសំដីមួយមាត់។ សូម្បីតែពេលនេះក៏ចឹងដែរ គាត់គិតតែពីងេីយសំលឹងមេីលក្តារខៀនភ្លឹកៗរហូត។ មេីលទៅដូចមានរឿងអីក្នុងចិត្តច្រេីនជាងខ្ញុំទៀត។
គ្រឺងៗៗៗៗ យេយយយ ដល់ម៉ោងទៅផ្ទះហើយ។ ថ្ងៃនេះខ្ញុំគ្មានអារម្មណ៍រៀនផង បន់ឲ្យតែដល់ម៉ោងចេញឲ្យលឿនៗទេ។ គ្រាន់តែលឺសំលេងកន្តឹងភ្លាម ខ្ញុំក៏ប្រញាប់រៀបចំសៀវភៅយ៉ាងលឿនព្រោះមានកន្លែងមួយដែលត្រូវទៅដោះស្រាយ។
”ទូថ្ងៃនេះបងប្រុសមកយកមែន?”រៀបសៀវភៅសុខៗបងយុទ្ធក៏សួរ។ ក្រោយេពីមិនបាននិយាយគ្នាពេញមួយម៉ោង។
”បាទបង”
”អឹម គាត់មកដល់នៅ?”
”យប់តិចបានគាត់មកយក”
”មិចចឹង ទូត្រូវទៅណាមែន?”
”បាទ ខ្ញុំចង់ទៅផ្ទះហ៊ាងជាមួយបងដែរ”
”បងមានបញ្ហាអីមែន ឬក៏បងមានធុរះកន្លែងផ្សេង?” គាត់ស្ងាត់មិនសួរតទៀត។ ខ្ញុំក៏សួរបន្ថែម
”អរ អត់ទេបងគ្រាន់តែចម្លែកចិត្ត”
5 / 8
”ខ្ញុំក៏ចម្លែកចិត្តដូចគ្នាដែរ ហិហិហិ តោះខ្ញុំហើយៗឆាប់ទៅ”
ថ្ងៃនេះបងយុទ្ធយកឡានមកខ្លួនឯងព្រោះមិត្តសំលាញ់មិនបានមក។ និយាយទៅគេពីរនាក់ហ្នឹងទ្រព្យមានប្រជែជគ្នា លោកហ៊ាងនោះMercedesទៅ ឯបងយុទ្ធវិញBMWទៅ គេចេះរកគ្នាឃើញណ៎។
”ទូឃ្លានទេ?” ចូលមកដល់ក្នុងឡានហើយបងយុទ្ធក៏និយាយមុន។
”អត់ទេ ខ្ញុំចង់ទៅផ្ទះហ៊ាងច្រើនជាង” ដូចជាភ្លាត់ស្នៀត។
”មើលទៅទូដូចជាចង់ជួបអាប៉បខ្លាំងណាស់”
”ការពិតទៅមិនចង់ជួបអីទេ គ្រាន់តែចង់ទៅសុំទោសគេតែប៉ុណ្ណោះ”
”ច្បាស់ណាថាគ្រាន់តែប៉ុណ្ណឹង?”
”ច្បាស់ហើយ បងគិតថាខ្ញុំនឹងចង់ទៅឈ្លោះគ្នាជាមួយគេណាស់ទៅហី៎?”
”អាសៗ បងជឿក៏បាន”
”គឺត្រូវតែចឹង” ហើយខ្ញុំញញឹមស្ញេញដាក់គាត់។ គាត់បានត្រឹមញញឹមតបមកខ្ញុំវិញរួចក៏បើកឡានចេញទៅបន្ត។ ថ្ងៃនេះឡានដូចមិនសូវស្ទះទេទើបធ្វើឲ្យការធ្វើដំណើរមានភាពងាយស្រួល។ នៅក្នុងឡានពួកយើងមិនបាននិយាយអីច្រើនឡើយក្រៅពីមេរៀនព្រោះមុននឹងខ្ញុំស្តាប់មិនសូវយល់រវល់តែគិតរឿងផ្សេង។ បងយុទ្ធក៏មិនបានបង្វែងរឿងរញ៉េរញ៉ៃអីដែរ។ ជិះបានបន្តិចឡានក៏បានបត់ចូលក្នុងបុរីមួយដែលប្រមូលផ្តុំទៅដោយផ្ទះវីឡាធំៗដែលមានស្ទាយនិយមដូចខាងពួកបស្ចិមប្រទេស វ៉ាវ ពិតជាមានបោះគេមែន។ ឡានបេីកទៅតាមបណ្តោយផ្លូវជារឿយៗ រហូតបងយុទ្ធបេីកមកឈប់ពីមុខខ្លោងទ្វារផ្ទះវីឡាទោលមួយដែលមានការរចនាយ៉ាងទាន់សម័យ ត្រសងដោយសួរផ្កាអមសងខាងផ្លូវដើរទៀតពិតជាស្អាតមែន។
”នេះផ្ទះរបស់គេមែន?” សួរឲ្យប្រាកដចិត្ត
”ហ្នឹងហើយ តោះចុះទៅបងនាំទៅខាងក្នុងជួបវា” និយាយហើយគាត់ក៏បើកទ្វារចុះទៅចុចកន្តឹងផ្ទះ ខ្ញុំក៏ចុះទៅតាម។ ស្រាប់តែមានស្រ្តីម្នាក់ដើរមកបើកទ្វារឲ្យយើង។
”អ៉ាវវវ ក្មួយយុទ្ធទេអី បងរកអ្នកប្រុសតូចមែន?”
”បាទអ៊ុំសយ វានៅអត់?”
6 / 8
”នៅតើ ថ្ងៃនេះសម្ងំក្នុងបន្ទប់ពេញមួយថ្ងៃហើយ បានក្មួយយុទ្ធមកចឹងល្អហើយ មោះចូលមកសិនមក” ហើយគាត់ក៏បើកទ្វារឲ្យយើងចូល
”អ៊ុំសយ នេះទូមិត្តភក្តិនៅសាលា” បើកទ្វាហើយភ្លាមបងយុទ្ធក៏ណែនាំខ្ញុំឲ្យអ៊ុំសយស្គាល់។
”ជំរាបសួរអ៊ុំស្រី” ខ្ញុំលើកដៃសំពះជំរាបសួរគាត់ ហើយគាត់ក៏ញញឹមតបមកវិញ។ គាត់មើលទៅប្រហែលជាអ្នកនៅជាមួយហើយ អាយុប្រហែល៥០ជាង។
”ចា ថ្វាយព្រះក្មួយ មិត្តដំបូងហើយនៀកដែលក្មួយយុទ្ធនាំមកជួបអ្នកប្រុសតូច”
”បាទអ៊ុំ” ពួកគាត់និយាយគ្នាបណ្តើរដើរចូលក្នុងផ្ទះបណ្តើរ។ ចូលមកដល់ក្នុងផ្ទះខ្ញុំក៏បានឃើញមនុស្សស្រីម្នាក់អាយុប្រហែលនឹងម៉ាក់ខ្ញុំដែរកំពុងអង្គុយលើសាឡុងមើលទូរទស្សន៍។ ខ្ញុំដឹងភ្លាមថាជាម្តាយរបស់គេ កូនហើយម្តាយពិតជាមិនខុសគ្នាមែន។ ជំទាវស្រីតែម្តង
”ស្មានតែអ្នកណា ក្មួយយុទ្ធសោះ ហើយចុះនេះអ្នកណាដែរ?” គាត់និយាយជាមួយបងយុទ្ធហើយក៏ងាកមកមើលខ្ញុំ។
”ជំរាបសួរអ្នកមីង ខ្ញុំឈ្មោះទូត្រូវជាមិត្តរួមថ្នាក់ជាមួយបងយុទ្ធនិងហ៊ាង” ខ្ញុំលើកដៃសំពះជំរាបសួរគាត់
”មិនដឹងសោះក្រៅពីយុទ្ធទៅ អាកូនមួយនឹងនៅមានមិត្តមកលេងដល់ផ្ទះទៀត” គាត់និយាយហើយសើចមកខ្ញុំ ខ្ញុំមិនដឹងតបយ៉ាងមិចបានត្រឹមញឹមៗទៅគាត់វិញ។
”បែបមានតែមួយនឹងទេដឹងអ្នកមីង”
” យាយចឹងអាប៉បនៅក្នុងបន្ទប់មែនអ្នកមីង?”
”ចា តាំងពីចេញពីរៀនព្រឹកមិញមកគិតតែពីសម្ងំក្នុងបន្ទប់មីងហៅញ៉ាំបាយក៏មិនចុះហៅទៅរៀនប្រាប់ថាមិនចង់ មិនដឹងកើតស្អីគាត់ទេថ្ងៃនេះ” ខ្ញុំលឺហើយដូចកាន់តែយ៉ាប់ចិត្តយ៉ាងមិចមិនដឹងទេ។
”ចឹងខ្ញុំសុំនាំមិត្តម្នាក់នេះទៅជួបវាបន្តិចណាអ្នកមីង”
”ចាជួយមើលគេផងណា មីងបារម្ភ”
”បាទអ្នកមីង” ហើយបងយុទ្ធក៏នាំខ្ញុំឡើងមកលើបន្ទប់របស់គេ។
តុតៗៗ សំលេងគោះទ្វារបានបន្លឺហេីយ តែអ្នកនៅខាងក្នុងដូចគ្មានប្រតិកម្មអីសោះ។
”អាប៉បបើកទ្វារ អញណា” មិនឃេីញមានចសកម្មភាពតបតរអីបងយុទ្ធក៏ស្រែកពីក្រៅទៅម្តង។
7 / 8
ក្រាកកកកក ស្ងាត់បានបន្តិចទ្វារក៏បើកឡើង។ គេបើកទ្វារចេញមកក្នុងឈុតគេងពណ៌ស្វាយក្រម៉ៅ។ គេប្រហែលជាភ្ញាក់ផ្អើលហើយមើលទៅដែរឃើញមុខខ្ញុំមកឈរពីមុខបែបនេះព្រោះឃើញគេបើកភ្នែកធំៗសម្លឹងមកខ្ញុំ។
”មានការអីអាយុទ្ធ?” តែពេលនេះគេបែរមុខចេញពីខ្ញុំទាំងគ្មានអារម្មណ៍អីទាំងអស់។
”អញនាំភ្ញៀវមកជួប” គេក៏បែរមើលមកខ្ញុំម្តងទៀត ម្តងនេះជាខ្សែភ្នែកសោះកក្រោះមែនទែន វាធ្វើឲ្យខ្ញុំពិបាកទទួលយកជាងម៉ែជេរទៅទៀត។
”ភ្ញៀរបស់ហែងតើ អញមិនបានអញ្ចើញមកទេ” ផាច់ ដូចគេទះមួយដៃចំកណ្តាលមុខ។ ខ្ញុំស្ពឹកមុខទះលែងដឹងឈឺអស់ហើយ
”ល្មមៗបានហើយអាប៉ប ប្អូនខំមករកដល់ផ្ទះស្វាមគន៍បន្តិចវាងាប់អីហា” គេស្ងាត់មាត់តែបែរជាសម្លឹងមកខ្ញុំដោយកែវភ្នែកដែលចាក់ជ្រៅដល់ចិត្ត។
”មានការអី ឆាប់និយាយមកខ្ញុំនឹងអាលបានដេកត” ខ្ញុំមិនដឹងថាបងយុទ្ធទទួលស្តាប់ពាក្យគ្រោធគ្រាតពីគេបានយ៉ាងមិចទេ។ តែសំរាប់ខ្ញុំវាពិបាកទទួលយកណាស់។
”ទូគេ….”
”ឈប់ភ្លាមអាយុទ្ធ អញមិនបានសួរហែង” បងយុទ្ធស្ងាត់មាត់ដូចគេរូតបិទជិត។
”បងយុទ្ធបងចុះទៅក្រោមសិនទៅ ខ្ញុំអរគុណច្រេីនហេីយ”
”ចឹងទូនិយាយគ្នាជាមួយវាសិនទៅណា មានការអីស្រែកហៅបងមក”
”ហែងខ្លាចអញហែកស៊ីប្អូនហែងមែន”សម្តីមួយម៉ាត់ៗមកចត់បាយ
”អឺ ហើយហែងចង់ស៊ីមែនអត់” បងយុទ្ធដាក់ទៅវិញធ្វើឲ្យគេប្រែទឹកមុខ។ ទឹកមុខដែលខ្ញុំស្មានមិនត្រូវ។ ស្អីស៊ីស្អី ខ្ញុំមិនមែននំចំនីទេវើយ
”បានហើយបងយុទ្ធ បងទៅក្រោមចុះ ខ្ញុំសុំនិយាយជាមួយគេតែម៉ាភ្លែតទេ” ខ្ញុំចូលកាត់ព្រោះមិនចឹងខ្ញុំអស់បាននិយាយហើយ។ បងយុទ្ធលឺបែបនេះក៏ព្រមដើរចុះទៅក្រោមនិយាយលេងជាមួយម៉ាក់គេវិញ។
”វាទៅបាត់ហើយបានការអីនិយាយមក” ពាក្យសម្តីស្តាប់មើលទៅដូចស្អប់ខ្ពើមខ្ញុំណាស់ចឹង។ ឈឺចិត្តណាស់
”ខ្ញុំចង់ដឹងថាលោកកើតអីឬអត់បានជាមិនឃើញទៅសាលា។” ដឹងហើយនៅសួរទៀត។ សំនួរដូចមិនសូវស៊ីសោះ
”តែប៉ុណ្ណឹងទេ? ខ្ញុំមិនងាយងាប់ទេ” មួយម៉ាត់ៗមកដូចលេបគ្រោះចឹង
8 / 8
”បើអស់អីហើយសុំអញ្ចើញទៅវិញចុះ” គេឃេីញខ្ញុំមិនទាន់តបក៏និយាយបន្ត ហើយបែរខ្នងបម្រុងបិទទ្វារទៅហើយ ខ្ញុំក៏ស្រែកកាត់មុន
”ខ្ញុំសុំទោស”
សូមរងចាំតាមដានភាគបន្ត
សូមរងចាំតាមដានភាគបន្ត
No comments:
Post a Comment