២ វិធីក្នុងការនិយាយទាញយកសមានចិត្ត………
1. ការនិយាយអំពីគំនិតត្រូវការយល់របស់អ្នកស្តាប់ៈ
មនុស្សខ្មែរច្រើនណាស់ ពេលស្តាប់អ្នកណានិយាយពន្យល់តាមប្រព័ន្ធផ្សព្វផ្សាយ
គាត់រកចាប់ចំណុចខ្លាំងចំណុចខ្សោយអ្នកនិយាយនោះមិនបានទេ។ អ្នកស្តាប់ច្រើនណាស់
ដែលស្តាប់ហើយសរសើរអ្នកនិយាយនោះថា និយាយល្អហើយគាំទ្រ ស្រឡាញ់ចូលចិត្ត ព្រោះតែអ្នកនិយាយនោះ
និយាយត្រូវនឹងការដែលខ្លួនធ្លាប់យល់ថាអីចឹងដែរ។ អ្នកគិតមើលដោយស្មោះត្រង់ចុះ
បើអ្វីដែលអ្នកគិតឃើញថាអីចឹងទៅហើយ ហើយដល់អ្នកនិយាយតាមប្រព័ន្ធផ្សព្វផ្សាយ
គាត់និយាយដូចតែអ្នកស្តាប់យល់ឃើញដែរ
តើឯណាទៅដែលថាអ្នកនិយាយនោះបានផ្តល់ចំណេះដឹងអោយអ្នកស្តាប់នោះ បើអ្នកស្តាប់
ហើយនិងអ្នកនិយាយពន្យល់បានយល់រឿងមួយហ្នឹងស្របគ្នាថាអីចឹងដែរទៅហើយហ្នឹង។
ត្រង់ចំណុចនេះហើយដែលគេនិយាយថា មនុស្សខ្មែរ អោយតែអ្នកណានិយាយស្របតាមការយល់របស់ខ្លួន
តាំងចាប់ផ្តើមមានសមានចិត្តនឹងអ្នកនោះ ថាអ្នកនោះនិយាយត្រូវ និយាយល្អ
ហើយក៏គាំទ្រជាសមានចិត្តផង ចូលទាំងលុយទៅក្នុងកម្មវិធីផ្សព្វផ្សាយរបស់អ្នកនោះទៅទៀត។
អ្នកនិយាយដែលខ្លាំង មិនមែនប្រភេទមនុស្សដែលនិយាយបានអ្នកគាំទ្រដោយសារតែ
អ្នកនោះនិយាយមកស្របនឹងការយល់របស់ខ្លួននោះទេ
តែជាមនុស្សដែលអាចពន្យល់មនុស្សអោយទៅគិតរឿងដែលពួកគេមិនធ្លាប់គិតដល់ វាជាគំនិតថ្មី
ប្លែកតែមានហេតុផលដែលយើងគិតយូរៗទៅទើបដឹងថា អូត្រូវមែន។ អ្នកពន្យល់ប្រភេទនេះ
គេហៅថាអ្នកផ្តល់ចំណេះដឹង
ហើយមនុស្សអ្នកអាចពន្យល់គំនិតថ្មីៗដល់អ្នកស្តាប់អោយយល់បានអីចឹង
ជាមនុស្សដែលមានគុណសម្បត្តិអាចកសាងធនធានមនុស្សដោយខ្លួនឯង។
ចំណែកអ្នកនិយាយត្រូវការយល់របស់អ្នកស្តាប់ដែលធ្លាប់យល់ថាអីចឹងដែរនោះ មិនបានកសាងធនធានមនុស្សថ្មីដោយខ្លួនឯងទេ
គឺនិយាយបានតែអ្នកគាំទ្រខ្លួនតែប៉ុណ្ណោះ។
មនុស្សអីចឹងគ្មានសមត្ថភាពកសាងធនធានមនុស្សទេ តែអ្នកស្តាប់យល់ថា
អ្នកនិយាយនោះនិយាយល្អណាស់ ខ្លួនស្រឡាញ់ហើយគាំទ្រអ្នកនិយាយហ្នុងណាស់។
នេះជាការផ្តល់តំលៃខុស សំរាប់អ្នកនិយាយពន្យល់មនុស្ស។
២:ការនិយាយរបៀបក្រពើក្នុងទឹកបងមិនសូវហ៊ានចាប់
ក្រពើងាប់ស្រាប់បងចាប់អោយស្រីមើលៈ
ជារបៀបនិយាយទាញយកសមានចិត្តរបស់អ្នកស្តាប់មួយប្រភេទទៀត។
ការនិយាយទីពីរនេះភាគច្រើនផ្តោតទៅលើរឿងរ៉ាវ
តែជួនកាលក៏មាននិយាយទាក់ទងនឹងគំនិតខ្លះដែរ តែមិនជាច្រើនទេ
តែដែលច្រើនគឺផ្តោតទៅលើរឿងរ៉ាវដែលអ្នកស្តាប់ទូទៅបានដឹងថាត្រូវឬមិនត្រូវរួចជាស្រេចដូចតែចំណុចទីមួយដែរ
តែម្តងនេះ គឺផ្តោតទៅលើការដឹងស្រាប់យល់ថាអីចឹងស្រាប់ទៅហើយ
តែផ្តោតលើរឿងដែលមហាជនទូទៅដឹងថារឿងហ្នឹងវាខុសអីចឹង វាត្រូវអីចឹងរួចទៅហើយ។
នេះក៏ជារបៀបនិយាយកៀងយកការគាំទ្រឬសមានចិត្តមួយប្រភេទដែរ។ ដូចជាអ្នកនិយាយអាចលើកយកប្រធានបទ
យាយរាំគ្រវីសក់មកធ្វើជាប្រធានបទដើម្បីរិះគន់ថាវាជារឿងមិនត្រឹមត្រូវ។
តើមនុស្សទូទៅអ្នកណាមិនដឹងថាគាំទ្រមនុស្សគ្មានអ្វីសោះក្នុងខ្លួនតួយ៉ាងយាយរាំក្រវីសក់នោះថាជារឿងមិនគួរទៅ? យើងមិនបាននិយាយដល់ការមិនគាំទ្រព្រោះភេទជាអ្វីរបស់គាត់ទេ
ហើយក៏មិនមែនមិនគាំទ្រព្រោះគាត់មានមុខមាត់មិនស្អាតអីក៏ទេដែរ តែយើងឆ្ងល់ថា
តើគាត់មានទេព្យកោសល្យស្អីដែលយើងអាចចាត់ទុកថាជាភាពខុសល្អដាច់ដោយឡែកពីមនុស្សធម្មតារបស់គាត់ទៅ
បើគ្រាន់តែរាំគ្រវីសក់ មានមនុស្សរាំស្អាតជាងគាត់ឆ្ងាយណាស់
ចុះយើងនាំគ្នាគាំទ្រចំណុចស្អីដែលជាចំណុចពិសេសរបស់គាត់ទៅ? គឺវាអត់មានស្អីដែលជាចំណុចពិសេសល្អរបស់គាត់ដែលយើងគួរផ្តល់ការគាំទ្រ
តែមានកូនខ្មែរមួយចំនួនទៅគាំទ្រមនុស្សទទេស្អាតដូចគាត់ហ្នុងទៅកើត។
ដល់តែមានមនុស្សច្រើនយល់ថាការគាំទ្ររបៀបហ្នឹងមិនត្រូវ
តាំងអ្នកនិយាយរបៀបក្របីសុីស្រូវបងមិនសូវហ៊ានដេញ ក្របីដើរចេញបងដេញអោយស្រីមើល
គេលើកយកប្រធានបទហ្នឹងយកមកនិយាយដើម្បីទាញយកសមានចិត្តអ្នកស្តាប់ដែលយល់ថារឿងរ៉ាវគាំទ្រមនុស្សទទេស្អាតគ្មានទេព្យកោសល្យអីសោះអីចឹងជារឿងមិនត្រូវទាំងនោះភ្លាម។
អ្នកនិយាយនោះក៏តាំងលើកយករឿងនេះមកនិយាយរិះគន់
ស្របតាមទំនោរមនុស្សទូទៅក្នុងសង្គមហ្នឹង យកមកនិយាយធ្វើដូចជារឿងធំដំ រឿងសំខាន់
រឿងពិបាកយល់ ត្រូវការមនុស្សមានសមត្ថភាពវែកញែកខ្ពស់យកមកពន្យល់អីចឹង
តែតាមការពិតរឿងមិនទំនងបែបហ្នឹង មនុស្សជាទូទៅគេដឹងគ្រប់គ្នាទៅហើយ
និយាយនេះគឺដើម្បីទាញសមានចិត្តអ្នកយល់ស្របគ្នាថារឿងហ្នឹងមិនត្រូវតែប៉ុណ្ណោះ។
អ្នកនិយាយដែលក្នុងចិត្តដើម្បីទាញយកសមានចិត្តអ្នកស្តាប់ធុននេះ គេដឹងច្បាស់ថា
គេនិយាយរិះគន់រឿងបែបហ្នឹង ប្រាកដជាមានអ្នកប្រឆាំងខ្លះហើយ
តែសន្ទុះនៃការប្រឆាំងនោះគឺជាក្រុមតូចទេ
ដូច្នេះគេនិយាយសំដៅទៅរកការគាំទ្រនៃមនុស្សជាទូទៅឯណោះទេ។
អ្នកនិយាយក្នុងទំរង់ក្រពើក្នុងទឹកបែបនេះ
អាចទាញបានសមានចិត្តអ្នកស្តាប់មិនមែនត្រឹមថាលោកអ្នកនិយាយនេះ មានគំនិតត្រឹមត្រូវប៉ុណ្ណោះទេ
ថែមទាំងទាញបាន ថាលោកអ្នកនិយាយនេះ លោកនិយាយឆ្ងាញ់ណាស់ មិនខ្លាចអ្នកណាខឹងអីទេ
លោកនិយាយតែមួយត្រូវ លោកអត់ខ្វល់ថាអ្នកណាខឹងទេ លោកជាអ្នកបដិវត្តន៍ផ្លាស់ប្តូរសង្គម
និយាយអត់ខ្លាចខាតប្រយោជន៍ខ្លួនឯងទេ។ ការពិតអ្នកនិយាយនោះគេដឹងច្បាស់ណាស់ថា
និយាយស្អីក៏មានអ្នកយល់ថាមិនត្រូវនិងមានអ្នកប្រឆាំងនឹងគំនិតខ្លួនដែរ
តែគេដឹងថាក្រុមប្រឆាំងនោះកំលាំងតូចណាស់ មិនអាចវាយបកអ្នកនិយាយនោះអោយខ្លាំងក្លាបានទេ
ទើបលោកអ្នកនិយាយហ៊ាននិយាយរិះគន់រឿងនោះ
មិនមែនជាឈាមអ្នកបដិវត្តន៍ផ្នត់គំនិតដែលហ៊ានប្រឆាំងនឹងគំនិតខុស
របស់មនុស្សស្ទើរទាំងអស់ក្នុងលោក តួយ៉ាងព្រះពុទ្ធ
ប្រឆាំងនឹងគំនិតរបស់មនុស្សក្នុងលោកដែលខំបង្កើតកូនថាជារឿងសប្បាយ
តែព្រះពុទ្ធសំដែងបញ្ច្រាសទៅវិញ ទេជីវិតជាទុក្ខ បើជីវិតជាទុក្ខ
កាផ្តល់កំណើតឬផ្តល់នូវជីវិត គឺការបង្កើតអោយនូវទុក្ខដល់ជីវិតថ្មីនោះ។
ជាគំនិតប្រឆាំងនឹងមនុស្សស្ទើរមួយផែនដី តែលោកអ្នកត្រាស់ដឹងដ៏អស្ចារ្យលោកមិនបានមានចិត្តជាប់លោកធម៌ខ្លាចគេមិនគាំទ្រឬនិន្ទាលោកទេ
តែលោកគិតតែពីសុខទុក្ខដល់មនុស្សដែលលោកពន្យល់តែប៉ុណ្ណោះ។ តាមការសង្កេតរបស់ខ្ញុំ
តេជគុណសាន សុជាពូកែជាងគេក្នុងចំណោមអ្នកនិយាយរឿងនិយាយបែបក្របីសុីស្រូវនេះ។
ជួនកាលលោកបន្ថែមថា អាត្មានិយាយតែមួយត្រូវ
អាត្មាអត់ខ្វល់រឿងអ្នកណាប្រឆាំងជេរអាត្មានោះទេ
ហើយលោកសើចតិចធ្វើរបៀបជាមនុស្សមិនជាប់ជំពាក់នឹងពាក្យសរសើរឬនិន្ទាទៅទៀត។
លោកច្រើននិយាយថា អ្នកខ្លះគេស្អប់អាត្មា គេថាអាត្មានិយាយត្រង់ រិះគន់គេ
អោយអាត្មាថាម៉េចបើរឿងហ្នឹងវាអីចឹងមែន អាត្មាសុំនិយាយត្រង់ហើយ អ្នកណាគេស្អប់អាត្មាក៏ស្អប់ទៅ។
ការពិតការនិយាយបែបនេះគឺដើម្បីទាញយកសមានចិត្តអ្នកស្តាប់ល្ងង់ដែលបានយល់ថាគំនិតហ្នឹងវាមិនត្រូវ
ធ្វើអីចឹងគឺជាការមិនត្រឹមត្រូវរួចជាស្រេចតែប៉ុណ្ណោះ
ដូចជាលោកធ្លាប់រិះគន់រឿងអុជធូបបន់ស្រន់ជាដើមថាជារឿងខុស។
វាសុទ្ធតែជារឿងដែលមនុស្សទូទៅយល់ថាខុសរួចជាស្រេចទៅហើយហ្នឹង
ចាំបាច់អីខំនិយាយចំណុចនេះម្លេះ វាគ្មានជាគំនិតបដិវត្តន៍ ឬទឹកចិត្តបដិវត្តន៍ស្អីផង
តែនិយាយក្នុងបំណងបានការគាំទ្រថា លោកនិយាយត្រឹមត្រូវ
និងលោកហ៊ាននិយាយមិនខ្លាចគេស្អប់តែប៉ុណ្ណោះ ហើយពេលលោកនិយាយរួច
បានការគាំទ្រពីមនុស្សចិត្តរាក់ៗដូចលោករំពឹងទុកមែន។ មានឧទាហរណ៍រាប់មិនអស់ទេ
ដែលអ្នកនិយាយដើម្បីទាញយកការគាំទ្រក្នុងទំរង់ក្របីសុីស្រូវបងមិនសូវហ៊ានដេញនេះ។ដូចជាអ្នកនិយាយខ្លះលើកយកប្រធានបទ
ការបញ្ចូលសិល្ប៍តាមប្រដាប់ភេទយកមកនិយាយ ព្រោះគេបានអានកាសែតឬមើលFacebook ចុះផ្សាយថា
មានស្រីជំទង់ចាញ់បោកគ្រូដោះអំពើ រឿងបញ្ចូលសិល្ប៍តាមប្រដាប់ភេទនេះ។
តើអ្នកណាគេមិនដឹងថាការបញ្ចូលសិល្ប៍តាមប្រដាប់ភេទជារឿងបោកប្រាសទៅ
ចុះហេតុអីអ្នកនិយាយនោះនៅតែលើកប្រាធានបទដែលគេយល់អស់ហើយថាខុសមកខំធ្វើជារិះគន់ថាមិនត្រូវទៅទៀត? គឺក្នុងតែបំណង
អោយអ្នកស្តាប់យល់ថាខ្លួងហ្នឹងជាអ្នកហ៊ានរិះគន់
លះបង់កំលាំងកាយចិត្តដើម្បីជួយកែសង្គមតែប៉ុណ្ណោះ
ហើយអ្នកស្តាប់ដែលធ្លាប់តែមានសមានចិត្តគាំទ្រអ្នកនិយាយនោះទៅហើយ
លែងមើលឃើញចេតនាមនុស្សអ្នកនិយាយនោះហើយ
ព្រោះខ្លួនវាមានភាពលំអៀងដោយស្រឡាញ់ទៅបុគ្គលនោះទៅហើយ
បើលោតែមានអ្នកបើកបង្ហាញចំណុចបែបៗនេះ ទៅជាខឹងអ្នកខំពន្យល់ការពិតទៅវិញទៅទៀត។
គ្រប់សកម្មភាពរបស់មនុស្ស តាមកាយក៏ដោយ តាមវាចាក៏ដោយ
គឺផ្តើមចេញពីចេតនានៅក្នុងបេះដូងឯណោះ។ មនុស្សពិតគឺចេតនានោះឯង
ដូច្នេះអោយតំលៃមនុស្សគឺអោយតំលៃទៅលើជំរៅចេតនា ការអោយតំលៃសកម្មភាពណាមួយរបស់មនុស្ស
គឺត្រូវវាយតំលៃលើចេតនានោះឯង។
មនុស្សដែលចេញមកនិយាយក្នុងចេតនាដើម្បីទទួលបានសមានចិត្តរបស់អ្នកស្តាប់ គឺចេតនាចេញសកម្មភាពដើម្បីប្រយោជន៍ខ្លួនឯងទេ។
ទោះសកម្មភាពរបស់បុគ្គលនោះបានប្រយោន៍ទៅដល់សង្គមកុំថាតិចតួច
ទោះក្នុងចំណែកធំប៉ុណ្ណាក៏ដោយ ក៏តំលៃសប្បុរសធម៌របស់បុគ្គលនោះគឺសូន្យ
គឺពិន្ទុសូន្យតែម្តង ព្រោះតំលៃនៃសកម្មភាពមនុស្សត្រូវអារកាត់នៅលើចេតនានោះឯង។
មនុស្សដែលចេះបែងចែកតំលៃបានត្រឹមត្រូវប្រកបដោយមនសិការខ្ពស់
គេគ្រាន់តែទុកមនុស្សដែលបានធ្វើការងារបានជាប្រយោន៍ទៅសង្គមក្នុងចំណែកណាមួយ
តែក្នុងចេតនាដើម្បីខ្លួនឯងក្នុងទំរង់ណាមួយនោះ អោយពួកគាត់ធ្វើចុះ បើគាត់ចង់ធ្វើ
បើជារបៀបនៃចិត្តលាក់កំបាំងរបស់គាត់គឺអីចឹងទៅហើយ ជួនកាលយើងអាចនឹងជួយជុំរុញសកម្មភាពបុគ្គលដែលយកការងារសប្បុរសមកបាំងមុខដើម្បីប្រយោជន៍មុខមាត់របស់ខ្លួន
ទៅទៀត ព្រោះគេយល់ថាវាបានប្រយោជន៍ទៅសង្គមខ្លះដែរ
តែតំលៃអ្នកឯងក្នុងចិត្តខ្ញុំថាជាជនសប្បុរសដែលចិត្តខ្ញុំត្រូវលំឱនគោរពគឺទេ
តំលៃសប្បុរសរបស់អ្នកចំពោះចិត្តខ្ញុំគឺសូន្យ៕
បញ្ជាក់ៈ ដែលហៅថាប្រយោជន៍ផ្ទាល់ខ្លួន
មិនមែនចាំទាល់តែបានលុយ បានដំណែងនោះទេ
សូម្បីតែគ្រាន់តែចង់អោយមានគេគាំទ្រខ្លួនថាជាមនុស្សមិនជាប់ជំពាក់នឹងលុយ នឹងមុខមាត់
ចង់អោយគេយល់ថាខ្លួនជាមនុស្សមិនចង់បានអី ជាមនុស្សមិនមែនធ្វើដើម្បីលុយ
តែជាការធ្វើការងារដើម្បីជួយមនុស្សតែប៉ុណ្ណោះ ក៏ទាំងនេះនៅតែត្រូវបានចាត់ទុកថាធ្វើដើម្បីប្រយោជន៍ផ្ទាល់ខ្លួនទាំងអស់
ហើយតំលៃជាជនសប្បុសរបស់បុគ្គលនោះគឺសូន្យ។ ជនសប្បុរសទាំងឡាយ
លោកធ្វើការងារសប្បុរសព្រោះលោកអាណិត លោកគោរព លោកដឹងគុណគេ
បង្កើតបានជាការងារក្នុងជំរៅចេតនាដើម្បីតែផ្តល់អោយ
សូម្បីតែធ្វើដើម្បីបានឈ្មោះជាជនសប្បរសក៏ទេដែរ៕
ដោយលោក ខឹម វាសនា
No comments:
Post a Comment