Breaking

Thursday, December 20, 2018

រឿង បំណុលទ្រព្យភ្ជាប់បេះដូង(ភាគទី ១២)

រឿង: បំណុលទ្រព្យភ្ជាប់បេះដូង
ភាគទី ១២
និពន្ធដោយ កវីឯកា
#Khmer_Novel_69



លោកអភិឆាត៖ អ៎រ ! គឺឯងទេអ្ហេស? ឯងអាចមកទីនេះដោយរបៀបណា? ម៉េចក៏ហ៊ានមកលួចស្ដាប់យើងនិយាយគ្នាបែបនេះ? ឯងមិនចង់រស់ហើយមើលទៅ។
រ៉ាវុធ៖ ភ័យផង ឈឺពោះផង និយាយទាំងញ័រមាត់មិនចង់ចេញស្ដី ខ្ញុំមិនលឺអីទេ។ ឲ្យខ្ញុំទៅវិញទៅលោក !
លោកអភិឆាត៖ ឯងគិតថាអ្នកដែលបានដឹងរឿងសម្ងាត់របស់យើងហើយអាចចេញទៅវិញស្រួលៗមែនទេ? ពួកឯងឆាប់យកវាចេញពីទីនេះ។ ហើយយកវាទៅកន្លែងស្ងាត់ ឃុំវាទុកសិន។ ចាប់វាឲ្យជាប់កុំឲ្យអ្នកណាដឹងឲ្យសោះរួចហើយឆាប់ត្រឡប់មកវិញ។ បន្ទាប់ពីការងារនៅទីនេះ បានសម្រេចហើយចាំត្រឡប់ទៅសម្លាប់វាចោល។
រ៉ាវុធ៖ លែងយើងៗ...! នេះឯងចង់នាំយើងទៅណា? ជួយផងៗ... !!!
ជនដៃដល់ ៖ បន្តិចទៀតឯងនឹងដឹងហើយ ! គេក៏បានរុញ រ៉ាវុធចូលទៅក្នុងឡានមួយរួចក៏បើកចេញទៅ។
បុរី៖ នោះៗ... ! ដូចជារ៉ាវុធទេតើ។ មើលទៅដូចជាត្រូវបានគេចាប់ទេដឹង? ដូចជាមិនស្រួលទេត្រូវតែទៅតាមហើយទើបបាន។ បងម៉ូតូឌុប ! ជួយតាមឡានខ្មៅនោះអោយផង តែកុំឲ្យគេដឹងថាយើងតាមគេឲ្យសោះ។
ជនដៃដល់ ក៏បាននាំរ៉ាវុធមកដល់កន្លែងមួយដែលស្ងាត់។ ហើយក៏បានចាក់ច្រវ៉ាក់ រ៉ាវុធ យ៉ាងជាប់។ រួចពួកវាក៏ត្រឡប់ទៅវិញ។
បុរី នៅពេលដែលបានឃើញ ជនដៃដល់ត្រឡប់ទៅវិញហើយ។ គេក៏ចូលទៅក្នុងហើយក៏បានឃើញវុធដែលកំពុងតែ ជាប់ច្រវ៉ាក់។
បុរី៖ វុធ ឯងយ៉ាងម៉េចទៅហើយ? ហេតុអីពួកគេចាប់ឯងមកទីនេះចឹង?
រ៉ាវុធ៖ គឺៗ... ឯងទេ ! តើឯងមកទីនេះបានដោយរបៀបណាទៅ?
បុរី៖ កុំអាលទាន់និយាយរឿងហ្នឹងអី ! គិតតែពីរឿងឯងសិនទៅ។ ចាំយើងទៅរកគេមកជួយ។
រ៉ាវុធ៖ កុំទាន់អី ! សូមឯងជួយខ្ញុំរឿងមួយ។ សូមឯងប្រញាប់ទៅក្រុមហ៊ុន WBS ដែលជាកន្លែងឯងបានឃើញខ្ញុំត្រូវគេចាប់។ ឯងទៅកន្លែងនោះកុំឲ្យយឺតយ៉ាវឲ្យសោះ។ បើមិនអីចឹងទេ នឹងមានមនុស្សជាច្រើននឹងត្រូវស្លាប់។ ពេលឯងទៅដល់កុំឆ្លេឆ្លាឲ្យសោះត្រូវធ្វើធម្មតាហើយទៅកាន់កន្លែងផ្ដល់ព័ត៌មានហើយត្រូវប្រាប់គេថា ឈ្មោះរ៉ាវុធ ចង់ជួបលោកផាយុ។ ពេលនោះគាត់នឹងមកជួបឯងហើយ។ ឯងប្រញាប់ទៅៗ ។
បុរី៖ ចុះឯងនៅទីនេះ គិតយ៉ាងម៉េចទៅ?
រ៉ាវុធ៖ កុំបារម្ភអី ! ខ្ញុំមិនអីទេ ដរាបណាគម្រោងពួកវាមិនទាន់ជោគជ័យ គេមិនទាន់សម្លាប់ខ្ញុំទេ ឆាប់ទៅៗ ។
បុរី៖ អីចឹងខ្ញុំទៅហើយមើលថែខ្លួនឯងផង។
ផាយុ៖ តើគេទៅណាទៅ? នេះជិតដល់ម៉ោងហើយ។
លេខា៖ លោក ផាយុៗ ! លោកប្រធានអញ្ជើញលោកចូលក្នុង។
ផាយុ៖ ឈប់សិនអ្នកនាងលេខា ! ប្រសិនបើមានមនុស្សឈ្មោះ រ៉ាវុធ មករកខ្ញុំសូមឲ្យគេចូលក្នុងងមកណា៎ !
លេខា៖ ចា៎ស លោក !
ផាយុ៖ បាទ អរគុណ ។
ពិធីប្រគល់ដំណែងក៏ជិតចាប់ផ្ដើម ពេលនោះជនដៃដល់ដែលបន្លំជាអ្នករត់តុ។ ក៏បានត្រៀមយកទឹកក្រូចបីកែវដែលមានថ្នាំពុលយកទៅឲ្យប្រធានៗញុំា។
ទីបំផុត បុរី ក៏បានមកដល់ក្រុមហ៊ុន។ ហើយរត់ចូលក្នុងទាំងប្រញាប់ប្រញាល់។ អត់ទោស អ្នកនាង ខ្ញុំឈ្មោះ បុរី ! អូ៎ស ! មិនមែនទេ ឈ្មោះរ៉ាវុធសូមជួបលោកផាយុបន្តិច។
@@@
អ្នកផ្ដល់ព័ត៌មាន៖ តើលោកមានការអ្វីជាមួយគាត់មែនទេ?
បុរី៖ បាទ ! គឺគាត់អញ្ជើញខ្ញុំមកទីនេះ។ ខ្ញុំបានព្យាយាមទាក់ទងគាត់ច្រើនដងដែរ។ តែមិនមានការឆ្លើយតបសោះ។ សូមអ្នកនាងជួយទាក់ទងគាត់ឥឡូវនេះបានទេ ព្រោះជាការប្រញាប់។
អ្នកផ្ដល់ព័ត៌មាន៖ ចា៎ស បាន ! សូមចាំមួយភ្លែត ។ ហាឡូ ! លោកផាយុ ហាឡូៗ ! ទទួលបានទេ ចា៎ស?
សូមទោស ផងលោក ! ប្រហែលខាងក្នុងអ៊ូរអរពេកស្ដាប់មិនសូវបានទេ។
បុរី ក៏មើលទៅម៉ោង ស្លាប់ហើយបើនៅតែចាំទៀត។ ច្បាស់ជាមិនទាន់នោះទេ។ ចឹងខ្ញុំសូមសួរបន្តិចតើកន្លែងប្រារព្ធកម្មវិធីនៅជាន់ទីប៉ុន្មាន?
អ្នកផ្ដល់ព័ត៌មាន៖ គឺជាន់ទី២២ ! តែលោកមិនអាចចូលទៅបានដោយគ្មានការអនុញ្ញាតនោះទេ។
រ៉ាវុធ៖ តែខ្ញុំពិតជាមានរឿងសំខាន់ខ្លាំងណាស់ ! ទាក់ទងនឹងជីវិតប្រធានរបស់អ្នកនាង និងអ្នកទាំងអស់គ្នា។
អ្នកផ្ដល់ព័ត៌មាន៖ ទោះជាយ៉ាងណាក៏មិនអាចូលទៅបានដែរ។
រ៉ាវុធ មិនស្ដាប់ឡើយ គិតតែពីរត់ឡើងតាមជណ្ដើរជើងរហូតដល់ជាន់ទី២២។ បើទោះបីជាមានបុគ្គលិកហាមឃាត់គេយ៉ាងណាក៏គេមិនឈប់។
អ្នកយាម៖ សូមទោស លោក ! មានលិខិតអញ្ជើញទេ?
រ៉ាវុធ៖ បាទ អត់មានទេ !
អ្នកយាម៖ ចឹងលោកមិនអាចចូលបានទេ !
រ៉ាវុធ៖ តែខ្ញុំមានរឿងសំខាន់ត្រូវចូលឲ្យបាន។
អ្នកយាម៖ សូមទោស លោក ! បើលោកមិនស្ដាប់ទេ ខ្ញុំនឹងហៅសន្តិសុខមកចាប់លោកហើយ ។
រ៉ាវុធ៖ ស្រែកពីខាងក្រៅ លោកផាយុៗ !!
ពេលនោះលេខានៅខាងក្នុងបន្ទប់ដែលឈរនៅជិតមាត់ទ្វារបានលឺសម្លេងប្រកែកគ្នានៅខាងក្រៅក៏បានចេញមកមើល។
លេខា៖ តើលោករ៉ាវុធមែនទេ?
បុរី ដែលក្លែងបន្លំឈ្មោះជារ៉ាវុធ ឆ្លើយ៖ បាទ គឺខ្ញុំ !
លេខា៖ ឆាប់ឲ្យគេចូលមក !
ពេលចូលដល់បន្ទប់ភ្លាម...!
រ៉ាវុធ៖ ឈប់ៗ...!! កុំផឹកទឹកក្រូចនឹងឲ្យសោះ។ ក្នុងកែវទឹកក្រូចមានថ្នាំពុល។
@@@
ម្នាក់ៗនៅពេលដែលបានលឺដូចនេះ ហាក់បីដូចជាមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បូករួមទាំងជនដៃដល់ផងដែរ។ អ្នកដែលយកទឹកក្រូចឲ្យពួកលោកផឹកគឺជាឃាតករ ដែលគេជួលមកសម្លាប់ពួកលោក។ ពេលនេះលោកអភិឆាតក៏បានរកវិធីទប់ទល់នឹងអាក្មេងនេះ។ តើឯងជាអ្នកណា? ហើយតើឯងចូលមកបានដោយរបៀបណាហ៎ាស? ចុះឯងអីក៏ថ្លើមធំម្ល៉េះហ៊ានចូលមកស្រែកឆោឡោពេញកម្មវិធី? ហើយថែមទាំងនិយាយថាក្នុងកែវទឹកក្រូចមានថ្នាំពុលទៀតនោះ? តើឯងមានអីមកពិសោធន៍?
រ៉ាវុធ៖ បាទ មាន។
លោកអភិឆាត៖ ចុះបើឯងពិសោធន៍ហើយឃើញថាគ្មានថ្នាំពុល តើឯងគិតយ៉ាងម៉េច?
រ៉ាវុធ៖ រៀងភាំងនឹងសំនួរនេះបន្តិច។ រួចក៏តបទៅវិញថា៖ បើអ្វីដែលខ្ញុំនិយាយទៅជាការបំផ្លើសពីការពិត ខ្ញុំនឹងព្រមទទួលកំហុសគ្រប់បែបយ៉ាង។លោកចង់ដាក់ទោសយ៉ាងម៉េចក៏បាន។
លោកអភិឆាត៖ ឆ្លើយទាំងអារម្មណ៍មិនស្រលះក្នុងចិត្ត។
រ៉ាវុធ៖ ក៏បានដើរទៅយកកែវពីលោកផាយុ។ ពេលនោះ ផាយុក៏បានដឹងថាគឺជារូបបុរីទេតើ ! តើគេអាចមកដល់ទីនេះដោយរបៀបណាទៅ? ហើយហេតុអីបានជាគេសម្រុកចូលមក ថែមទាំងស្រែកថាក្នុងទឹកក្រូចមានថ្នាំពុលទៅវិញ? ពេលរ៉ាវុធយកកែវទឹកក្រូចពីលោកផាយុ រួច គេក៏ដើរសំដៅទៅកាន់លោកអភិឆាត បន្ទាប់មកហុចកែវទឹកក្រូចទៅលោកអភិឆាត។
លោកអភិឆាត៖ នេះឯងចង់ធ្វើអី?
រ៉ាវុធ៖ ពិសោធន៍ ហ្នឹងហើយ ។ បើលោកគិតថាក្នុងទឹកក្រូចគ្មានថ្នាំពុលនោះទេ។ លោកនឹងមិនខ្លាចញញើតនឹងការញុំានោះទេ។
ពេលនោះលោកអភិឆាតក៏រកនឹកឃើញទាន់ ដើម្បីវាយបកទៅវិញ។ យើងមិនអាចផឹកទឹកក្រូចបានទេ។ ព្រោះយើងមានជាតិអាស៊ីតក្នុងខ្លួន មិនអាចទទួលរបស់ជូរបានឡើយ។
រ៉ាវុធ៖ បើអីចឹងគួរតែយកឲ្យអ្នកណាផឹកជំនួសទៅ។
លោកអភិឆាត៖ យើងគិតថាឯងធ្វើល្មមៗបានហើយ កុំឲ្យយើងអស់ការអត់ធ្មត់។ ឯណាសន្តិសុខឆាប់មកចាប់អាក្មេងនេះចេញភ្លាមទៅ។ កុំឲ្យវាមករំខានក្នុងកម្មវិធីទៀត។
@@@
ផាយុ ក៏បានស្រែកឲ្យឈប់សិន។ រួចក៏និយាយទៅកាន់លោកប្រធានក្រុមហ៊ុនធំដើម្បីពិភាក្សារឿងនេះ។
ផាយុ៖ លោកប្រធាន ខ្ញុំគិតថាគួរតែអោយគេសាកល្បងពិសោធន៍ក៏មិនខូចខាតអីដែរ។
លោកប្រធាន៖ ខ្ញុំយល់ស្របតាមលោកផាយុ។
ពេលនេះ ផាយុរៀបនឹងខលទៅពេទ្យប្រចាំការក្រុមហ៊ុន។ តែត្រូវថាវ៉ាត់និយាយកាត់ភ្លាម។
ថាវ៉ាត់៖ ខ្ញុំគិតថាមិនចាំបាច់ហៅពេទ្យមកទេ។ ខ្ញុំមានវិធីមួយដែលអាចដឹងថានរណាជាអ្នកដាក់ថ្នាំពុល។ ដោយថាវ៉ាត់និយាយបណ្ដើរភ្នែកបាញ់ទៅអ្នករត់តុបណ្ដើរ។ រហូតដល់អ្នករត់តុនោះឃើញកែវភ្នែកសម្លឹងមកបែបនេះ រឹតតែធ្វើឲ្យគេភ័យ។ រួចគេបំរុងនឹងដើរចេញតែត្រូវបានឃាត់ដោយសម្លេងរបស់ ថាវ៉ាត់ !
ថាវ៉ាត់៖ នេះឯងគិតចង់ទៅណា? ឈប់សិន ! ហើយដើរមកទីនេះភ្លាម ។
អ្នករត់តុនោះ ភ័យផង នៅឈរអេះអុញៗ ក៏សម្លឹងទៅលោកអាភិតឆាត ហាក់ដូចជាត្រូវការជំនួយបន្ទាន់អញ្ចឹង តែលោកអភិឆាតមិនខ្ចីមើលតបកុំឲ្យគេសង្ស័យ។
ថាវ៉ាត់៖ ឯងមានលឺយើងហៅ ឲ្យមកនេះទេ?
អ្នករត់តុក៏បានមើលទៅកាន់លោកថាវ៉ាត់។ ហើយលោកថាវ៉ាត់ ក៏បានយកទឹកក្រូចទៅឲ្យអ្នករត់តុ។
ថាវ៉ាត់៖ ឯងសាកផឹកវាទៅ !
អ្នករត់តុ៖ តែខ្ញុំមិនស្រេកទឹកទេ !(គេនិយាយទាំងញ័រមាត់)
ថាវ៉ាត់៖ ហេតុអីចាំបាច់ភ័យដល់ថ្នាក់នេះ? ឬមួយក៏ឯងបានដឹងថា...!
អ្នករត់តុ៖ បើផឹកក៏ស្លាប់ មិនផឹកក៏ស្លាប់ ចឹងមានតែផឹកទៅចុះ។ រួចគេក៏យកកែវទឹកក្រូចមកផឹក។
មួយសន្ទុះក្រោយមក ស្រាប់តែដួលទៅដល់ដី ហើយក៏បានបែកពពុះមាត់ស្លាប់ភ្លាមៗនឹងកន្លែងតែម្តងទៅ។ ម្នាក់ៗមានការភ្ញាក់ផ្អើលនូវរឿងនេះយ៉ាងខ្លាំង។
@@@
លោកប្រធានធំ៖ ឆាប់ទៅហៅគ្រូពេទ្យភ្លាម មិនអាចឲ្យគេស្លាប់បែបនេះនោះទេ។ ព្រោះខ្ញុំគិតថានឹងមានមេខ្លោងនៅឈរពីក្រោយខ្នងរឿងនេះទៀត។
ពេលនេះ បុរីដែលយកឈ្មោះ រ៉ាវុធ មកប្រើក៏បាននិយាយប្រាប់ទៅកាន់លោកទាំងបី។ ខ្ញុំគិតថាគ្រូពេទ្យមកមិនទាន់ទេ។ បើចង់ដឹងការពិតថាមេខ្លោងជានរណា ពួកលោកឆាប់មកតាមខ្ញុំ។ ពេលនេះលោកអភិឆាតក៏បានលឺ។ ហើយក៏ដឹងពីអ្វីដែលក្មេងនេះកំពុងតែធ្វើដែរ។ គេក៏បានខលទៅអង្គរក្សរបស់គេ ឲ្យប្រញាប់នាំរ៉ាវុធទៅកន្លែងផ្សេងដើម្បីកុំឲ្យពួករកឃើញ។
ពេលនោះ ទាំងលោកប្រធានធំ ថាវ៉ាត់ នឹងផាយុរួមទាំងបុរី បានជិះឡានជាមួយគ្នាដែលមានបុរីជាអ្នកនាំផ្លូវ។
បុរី៖ នោះៗ...!! គឺកន្លែងនោះហើយ ។
ផាយុ និងថាវ៉ាត់ ៖ តើពេលណាទើបឯងប្រាប់យើងបានថា ! ម្នាក់នោះជានរណាដែលឯងឲ្យយើងទៅជួប?
បុរី៖ នៅពេលទៅដល់លោកនឹងដឹងហើយ ! ឆាប់ចូលទៅជួបគេភ្លាមទៅ។
ពេលដែលបើកចូលដល់ក្នុងនោះភ្លាម បែរជាគ្មានអ្នកណានៅក្នុងនោះទៅវិញ។
បុរី៖ មិនអាចទេ ! ប្រាកដជាមានមនុស្សចាប់ខ្លួនគេទៅកន្លែងផ្សេងបាត់ហើយ។
លោកអភិឆាត ក៏មកដល់ហើយក៏និយាយទៅកាន់បុរី។ ខ្ញុំគិតថាឯងលេងសើចល្មមៗបានហើយ។ យើងនឹងឲ្យប៉ូលិសអូសក្បាលឯងចូលគុកជាមិនខាន។ លោកប៉ូលិស ឆាប់នាំក្មេងប្រុសនេះទៅប៉ុស្ដិ៍ប៉ូលិសភ្លាមទៅ។ កុំឲ្យវាមករំខានដល់ពួកខ្ញុំទៀត។
ថាវ៉ាត់៖ ឈប់សិនលោក ប៉ូលិស ! ខ្ញុំគិតថាអ្វីដែលក្មេងប្រុសម្នាក់នេះកំពុងនិយាយគឺជាការពិត។
លោកអភិឆាត៖ ចុះលោកថាវ៉ាត់មានអីមកបញ្ជាក់ទៅ ថាមានគេចាប់ឃុំខ្លួនមនុស្សនៅទីនេះនោះ?
ថាវ៉ាត់៖ នេះហើយគឺជាភស្តុតាង។ នេះហើយគឺជាទូរសព្ទមនុស្សរបស់ខ្ញុំដែល បានបាត់ខ្លួនមួយរយៈ។
ផាយុ៖ នេះលោកចង់សំដៅ ទៅលើរ៉ាវុធ មែនទេ?
ថាវ៉ាត់៖ ត្រូវហើយ ! កាលដែលគេនៅជាមួយខ្ញុំ ខ្ញុំបានទិញទូរសព្ទនេះទុកឲ្យគេប្រើហើយថែមទាំងមានលេខខ្ញុំក្នុងហ្នឹងទៀតផង។
@@@
ផាយុ៖ ហ៎ាស ! ហេតុអីក៏ជារ៉ាវុធទៅវិញ? ហេតុអីឯងមិនប្រញាប់ប្រាប់យើងពីរឿងនេះ បុរី។
បុរី៖ ខ្ញុំគិតថាយើង មិនមានពេលមកបកស្រាយរឿងនឹងនៅពេលនេះទេ។
ផាយុ៖ ខ្ញុំគិតថា ការដែលគេចាប់រ៉ាវុធគឺជាប់ទាក់ទងហ្នឹងរឿងនេះ។ មើលទៅពេលនេះគេមិនទាន់នាំរ៉ាវុធទៅណាឆ្ងាយពីទីនេះប៉ុន្មានទេ។ យើងឆាប់បំបែកគ្នាតាមរកទៅ។
លោកអភិឆាត៖ យ៉ាងម៉េចហើយពួកឯង យកវាទៅដល់ណាហើយ។
ក្រោយពីកូនចៅលោកអភិឆាតបានប្រាប់ពីទីតាំងរួចមក គេក៏បានទៅដល់កន្លែងដែលរ៉ាវុធត្រូវចាប់ខ្លួន។ យ៉ាងម៉េចហើយអាល្អិត យើងមិនចង់សម្លាប់ឯងនៅពេលនោះទេ។ តែមកពីឯងចេះដឹងរឿងយើងច្រើនពេក ដូច្នេះយើងមិនអាចទុកឯងបានទៀតឡើយ។
រ៉ាវុធ អូនមិនអាចមានរឿងអីទេណា។បងមិនអោយនរណាធ្វើបាបអូនបានឡើយ។ ថាវ៉ាត់ក្នុងចិត្តនៅមិនស្ងប់ឡើយ
កំពុងតែជិះឡានតាមរក រ៉ាវុធ ថាវ៉ាត់ក៏បានចុចចូរទូរសព្ទរបស់រ៉ាវុធមើល ហើយក៏បានចូលទៅដល់កន្លែងថតសម្លេង។ ពេលនេះថាវ៉ាត់ក៏បានបើកស្តាប់ដើម្បីឲ្យបានលឺទាំងអស់គ្នា.
បុរី៖ តើពេលនេះពួកលោកជឿខ្ញុំហើយឬនៅ? ថាអ្វីដែលខ្ញុំបាននិយាយគឺមិនបានកុហកនរណាម្នាក់នោះទេ។
ថាវ៉ាត់៖ យើងមិននឹកស្មានថា លោកហ៊ានធ្វើដល់ថ្នាក់នេះសោះ។ តើហេតុអ្វីបានជាលោកចង់សម្លាប់ពួកយើងទាំងបីនាក់ដូច្នេះទៅវិញ។
ផាយុ៖ ក៏នឹកគិតថា ឬមួយការស្លាប់របស់ប៉ាលោក ហើយនិងប៉ារបស់ខ្ញុំក៏ទាក់ទងលោកអភិឆាតដែរ?
ថាវ៉ាត់៖ ឯងកុំកើតអីឲ្យសោះណា វុធ យើងមិនអាចបាត់បង់ឯងម្នាក់ទៀតបានទេ។ ទោះជាត្រូវយកជីវិតយើងមកប្ដូរក៏ដោយ។
ប៉ូលិស៖ អាឡូ  លោកថាវ៉ាត់ ! នៅពេលនេះខ្ញុំបានមកដល់កន្លែងដែលពួកវាបានចាប់ក្មេងហើយ។ លោកអាចមកតាមទីតាំងដែលខ្ញុំផ្ញើឲ្យលោក។
មកមើលពីរ៉ាវុធវិញ ត្រូវពួកវាវាយទ្រោមខ្លួន បែកមុខ បែកមាត់ទាំងដៃជើងជាប់ច្រវ៉ាក់ ហើយមិនបានញុំាអីចូលពោះទៀត។
@@@
រ៉ាវុធ ខ្ញុំពិតជាមិនយល់សោះឡើយ ថាហេតុអ្វីបានជាលោកអាក្រក់ខ្លាំងម្ល៉េះ? ដល់ថ្នាក់ចង់សម្លាប់ប្រធានក្រុមហ៊ុនលោកថាវ៉ាត់និងលោកផាយុចោលបែបនេះ។
លោកអភិឆាត៖ ចង់ដឹងណាស់មែនទេ? បានចាត់ទុកថាយើងធ្វើបុណ្យជាមួយអ្នកដែលជិតស្លាប់ម្ដងទៅចុះ។ អ្នកណាក៏ដោយឲ្យតែដណ្ដើមមុខមាត់និងដំណែងជាមួយយើងពួកនោះត្រូវតែស្លាប់។ យើងទ្រាំរស់នៅក្រោមគេ មើលទឹកមុខគេយូរឆ្នាំមកហើយ។ ដូច្នេះដល់ពេលហើយដែលត្រូវឲ្យពួកវាសងយើងវិញទាំងអស់។
រ៉ាវុធ៖ លោកពិតជាឆ្កួតនឹងអំណាចហើយ។ រហូតដល់ហ៊ានសម្លាប់មនុស្សបែបនេះ។ ហើយចុះលោកផាយ៉ា ហើយនិងប៉ារបស់លោកថាវ៉ាត់ដែលត្រូវបានគេសម្លាប់ជាស្នាដៃរបស់លោកដែរមែនទេ?
លោកអភិឆាត៖ ហា៎ស ហ៎ាស ហា ! មិនត្រឹមតែពួកគេទេ សូម្បីតែអ្នកបម្រើដែលធ្លាប់រស់នៅជាមួយគ្រួសាររបស់ពួកគេក៏ត្រូវបានយើងសម្លាប់ដែរ។ នៅពេលនេះនៅតែពួកឯងប៉ុន្មាននាក់នេះទេដែលយើងត្រូវសម្លាប់បន្ទាប់។
សម្ដីរបស់លោកអភិឆាតទាំងអស់ត្រូវ ប៉ូលិស លោកប្រធាន ផាយុ និងថាវ៉ាត់ស្ដាប់បានទាំអស់។
សម្លេងមេក្រូរបស់ប៉ូលិសក៏បាន បន្លឺឡើងសូមចំណាត់ខ្មាំងទម្លាក់អាវុធចុះ ហើយព្រមប្រគល់ខ្លួនតាមសម្រួល។
លោកអភិឆាតនិងកូនចៅ ក៏មានការស្លន់ស្លោហើយអ្នកណាជាអ្នកទៅប្រាប់ប៉ូលិស។ ហេតុអីក៏ពួកវាដឹងថាយើងនៅទីនេះ?
ពួកខ្ញុំមិនបានដឹងទេចៅហ្វាយ(កូនចៅដែលជាដៃជើងរបស់លោកអភិឆាតឆ្លើយតប)។
ផាយុ និងថាវ៉ាត់បានចេញមុខ។ លោកពិតជាអាក្រក់ពេកហើយ។ ពិតជាពូកែពេកហើយ មិននឹកស្មានសោះថា ឃាតករដែលខ្ញុំខំតាមរកមុខជាយូរឆ្នាំមកនេះ តាមពិតគឺនៅក្បែរខ្លួនខ្ញុំសោះ។
លោកអភិឆាត៖ ហា៎ស ហ៎ាស ហា ! ទម្រាំតែពួកឯងដឹងគឺហួសពេលអស់ទៅហើយ។ ឯងគិតថាប៉ូលិសប៉ុន្មាននាក់ហ្នឹងអាចធ្វើអីយើងបានមែនទេ?
ដោយសារតែកូនចៅលោកអភិឆាតច្រើនពេក ក៏បានកម្ចាត់ចោលប៉ូលិសអស់។
@@
ថាវ៉ាត់៖ លោកល្មមភ្ញាក់គំនិត ហើយឆាប់ដោះលែងក្មេងម្នាក់នេះទៅគេមិនដឹងអីទេ។
អភិឆាត៖ កុំស្រម៉ៃ ! អ្នកដែលជាប់ទាក់ទងនឹងពួកឯងត្រូវតែស្លាប់ទាំងអស់។ ពេលនោះ បុរីក៏បានទាក់ទងទៅប៉ូលិសបន្ថែមដើម្បីសុំជំនួយ។ មួយសន្ទុះក្រោយមក ប៉ូលិសក៏បានមកដល់កន្លែងហេតុការណ៍ហើយបានចាប់កូនចៅអភិឆាតបានមួយចំនួន។
លោកអភិឆាត៖ បើឯងមិនចង់ឲ្យក្មេងម្នាក់នេះស្លាប់ទេ ឆាប់ឲ្យប៉ូលិសដកថយភ្លាម។ បើមិនដូច្នេះ យើងនឹងបាញ់វា។
ថាវ៉ាត់៖ លោកដាក់កាំភ្លើងចុះ ហើយព្រមប្រគល់ខ្លួនឲ្យប៉ូលិសតាមសម្រួលទៅ។ កុំឲ្យគ្រួសារលោកកាន់តែធ្ងន់ធ្ងរបែបនេះអី។ ហើយម្យ៉ាងវិញទៀត ប្រពន្ធកូនរបស់លោកត្រូវប៉ូលិសចាប់បានអស់ហើយពីបទដែលទាក់ទងនិងការជួញដូរគ្រឿងញៀន។
លោកអភិឆាត៖ កុំស្រម៉ៃឲ្យសោះ ! បើយើងមិនបាននូវអ្វីដែលយើងចង់បាននោះទេ ពួកឯងក៏មិនបានដូចគ្នា។
ពេលនោះ អភិឆាតក៏តម្រង់កាំភ្លើងទៅ រ៉ាវុធ ទាំងដែលគេកំពុងតែខ្សោយកម្លាំងអស់ពីខ្លួនទៅហើយ។
ផាំង ! ១គ្រាប់ដំបូងបាញ់តំរង់ទៅរ៉ាវុធតែត្រូវថាវ៉ាត់រងគ្រាប់ជំនួស។
លោកអភិឆាត៖ ការពារគ្នាផងអី ! អញ្ចឹងយើងនឹងបញ្ជូនពួកឯងឲ្យទៅស្លាប់ជាមួយគ្នាទៅចុះ។ ផាំង ! គ្រាប់ទី២ ក៏តំរង់ទៅរ៉ាវុធម្ដងទៀត។ តែក៏ត្រូវបានផាយុរត់ទៅជំនួសទៀត។
ផាំងៗ !! ពេលនោះប៉ូលិសក៏បានបាញ់សំដៅមករកលោកអភិឆាត ធ្វើឲ្យគេដួលដេកស្លាប់ភ្លាមៗ។
រ៉ាវុធ៖ ពួកបងឆ្កួតហើយ !
សូមរងចាំតាមដានភាគបន្ត!

No comments:

Post a Comment