Breaking

Thursday, August 9, 2018

រឿង ទូរស័ព្ទផ្តើមស្នែហ៍ ( ភាគ6 )

រឿង ទូរស័ព្ទផ្តើមស្នែហ៍ 

( ភាគ6 )
និពន្ធដោយ មនុស្សថ្មី
#Khmer_Novel_69


បន្ទាប់ពីទទួលស្វាគមន៍គ្នារួច ពួកយើង   ដើរចេញមកក្រៅសំដៅទៅរកចំណតរថយន្ត  ពេលនោះខ្ញុំដើរមុខគេយ៉ាងលឿន ទៅរកម៉ូតូ និង អាលត្រៀមចេញដំណើរ អោយបានមុនគេ ព្រោះពួកគាត់សុទតែជិះឡាន ។ ខ្ញុំដើរចេញមកឆ្ងាយពីគេប្រហែល20ម៉ែត្រ ស្រាប់តែលឺបងសិលាស្រែកហៅ
-  
សុធា ! អូនអែងប្រញាប់ទៅណាលឿនម៉េះ?
*  
ទៅយកម៉ូតូចេញអោយហើយ ចាំលាប៉ាម៉ាក់បងអែងរួច ញ៉ុមសុំទៅមុនព្រោះញ៉ុមជិះម៉ូតូតែម្នាក់អែង
ឈប់សិន ចាំបងផង ចាំទៅទាំងអស់គ្នា
ញ៉ុមជិះម៉ូតូ ម៉េចទាន់ឡាន ទាល់តែទៅមុន
បងអត់ជិះឡានទេ បងជិះម៉ូតូទៅ2នាក់អូនអែង  យប់ស្ងាត់ហើយ អូនធ្វើដំណើរម្នាក់អែងម៉េចកើត ?
*  
មកជិះជាមួយខ្ញុំចឹង សង្សារបងអែងគិតម៉េច ?
គេយកឡានមកដែរ ចឹងគ្មានអីត្រូវគិតទេ
តែវាមិនសមទេ គាត់នឹកខំមកទទួលហើយ បែរជាមិនជិះជាមួយ កុំខ្វល់ពីញ៉ុម ញ៉ុមធ្លាប់ជិះហើយ  ញ៉ុមអត់ខ្លាចទេ
អូនមិនខ្លាចតែបងខ្លាច  អូនមកដើម្បីបង បើអូនមានរឿងអីទៅ បងនិងមានវិប្បដិសារីអស់មួយជីវិត
អូយ  !! វាមិនធ្ងន់ធ្ងរដល់ថ្នាក់និងទេ  ចុះប៉ាម៉ាក់បងអែងព្រមអោយបងអែងជិះម៉ូតូអត់ ?
បើពេលធម្មតាច្បាស់ជាគាត់មិនអោយជិះទេ តែក្នុងស្ថានភាពនេះគាត់ប្រហែលជាមិនហាមឃាត់ទេ ចាំមួយភ្លែតណា
បន្តិចក្រោយមក គ្រួសារបងសិលាមកដល់ចំណតរថយន្ត ពេលនោះបងសិលា ក៍និយាយទៅម៉ាក់គាត់ " ម៉ាក់ ខ្ញុំអត់ជិះឡានទេ ខ្ញុំទៅវិញជិះម៉ូតូជាមួយសុធា ព្រោះគ្នាទៅវិញម្នាក់អែង " ពេលនោះឃើញទឹកមុខម៉ាក់បងសិលាមិនសូវរីកសោះ តែគាត់ក៍ឆ្លើយតបវិញ  " ចឹងក៍បានដែរ តែជិះអោយស្រួលបួល កុំលឿនពេក បើងងុយគេងខ្លាំង ទៅសំរាកផ្ទះពូអែង នៅផ្សារតូចក៍បាន រឺ ផ្ទះអ៊ុំអែងនៅព្រែកលៀបក៍បានដែរ "  ផ្តាំផ្ញើរចប់ ខ្ញុំលើកដៃសំពះ ជំរាបលា ប៉ាម៉ាក់បងសិលា និងអ៊ុំៗរបស់គាត់ បន្ទាប់មកខ្ញុំឡើងម៉ូតូបំរុងនិងកាច់សោបញ្ឆេះទៅហើយ ស្រាប់តែបងសិលាឃាត់
ឈប់ចុះមកវិញ ទុកអោយបងអ្នកឌុប
ម៉េចចឹង  ខ្លាចញ៉ុមឌុបមិនរួចមែន ?
មែនចឹងហេ អូនអែងអត់ងងុយអស់កំលាំងហើយ  ខំមកទទួលបងតាំងពីថ្ងៃផង
ញ៉ុមបានគេងថ្ងៃរួចហើយ ហើយក៍បានហូបបាយរួចដែរ អត់អស់កំលាំងអីទេ គិតតែបងអែងទៅធ្វើដំណើរឆ្លងប្រទេស ប្រហែលជាហេវហត់អស់កំលាំងហើយ អត់ងងុយទៀត
មានអីត្រូវអត់ងងុយ បើគ្រាន់តែយន្តហោះឡើងភ្លាម  បងគេងភ្លាមនិង ហើយនៅលើយន្តហោះ ក៍មានម៉ោងគេចែកអាហារអោយហូបដែរ ម៉ោះកុំយ្យៃច្រើនបងឌុបវិញ
និយាយចប់ បងសិលាលាប៉ាម៉ាក់និងបងប្អូនគាត់ រួចឡើងបញ្ឆេះម៉ូតូ  ពេលនោះបងប្អូនគាត់នៅឈជុំគ្នាទាំងអស់ ពួកគាត់គ្រាន់តែសើចនិងជូនពរអោយសុខសប្បាយពេលធ្វើដំណើរ  ចំណែកពួកស្រីៗទាំងនោះវិញ ឈសំលឹងមកពួកយើងពីចំងាយ ដោយក្រសែភ្នែកចំឡែក មិនដឹងថាពួកគេកំពុងចាប់អារម្មណ៍លើនរណាម្នាក់នោះទេ  រឺមួយពួកគេសង្ស័យថាយើងទាំងពីរនាក់ជា...............។
បន្ទាប់ពីលាគ្នារួចហើយ បងសិលាជាតៃកុង ទំរាំបានចេញដំណើរ ម៉ោងជិត1រំលងអាធ្រាត តាមផ្លូវរាងស្ងាត់គាត់ជិះលឿនគួរសមដែរ ខ្ញុំមិនហ៊ានជិះឱបចង្កេះគាត់នោះទេ  ពេលពាក់អាវដៃខ្លីត្រូវខ្យល់ខែកត្តិកជាពេលទឹកសន្សើមធ្លាក់ ធ្វើអោយខ្ញុំមានអារម្មណ៍ថារងាខ្លាំងណាស់ឡើងញ័រមាត់ញ័រដៃម្តងៗ   យូៗម្តងខ្ញុំយកដៃត្រដុសគ្នាដើម្បីកុំអោយវាស្ពឹកពេក ហើយឱបដៃរហូត ខ្ញុំចង់អោយបងសិលាឈប់មួយភ្លែតដើម្បីយកអាវវែងពាក់ តែឃើញឡានម៉ូតូបើកលឿនៗពេក ម្យ៉ាងស្ងាត់ផងក៍ចេះតែទ្រាំៗទៅ ។   រហូតមកដល់ស្ពានអាកាស7មករា គល់ស្ពានត្រើយខាងលិច បងសិលាឃើញខ្ញុំឱបដៃ ស្រាប់គាត់ឈប់ម៉ូតូង៉ក់  ហើយចុះពីលើម៉ូតូ ដោះអាវក្រៅរបស់គាត់មកពាក់អោយខ្ញុំ រួចនិយាយ
ចេះសំងំរងារឡើងស្វាយបបូរមាត់ទៅកើត ម៉េចមិនអោយបងឈប់ម៉ូតូសិន
ឃើញផ្លូវស្ងាត់ពេក ហើយឡានម៉ូតូបើកលឿនៗទៀត គិតថាដល់ផ្ទះលូវហើយខ្ជិលប្រាប់ម៉ងទៅ
-
កុំចេះតែទ្រាំ ខែខ្យល់ធ្លាក់ពីជើងចឹងត្រជាក់ណាស់ ប្រយត្ន័ជិះៗរួញពង ហើយរឹងពោះធ្លាក់ពីលើម៉ូតូទៅ
ញ៉ុមក៍មានអាវវែងដែរ បងអែងយកអាវវិញទៅ បើពាក់អោយខ្ញុំ ចុះបងអែងបានអាវណាពាក់ ជាតៃកុងផង  មិនរងាររឹងពោះទៅហើយទេហី ណេះយកវិញទៅ
ត្រជាក់ប៉ុន្នេះគ្មានអីអស្ចារ្យទេ  បងធ្វើការនៅកូរ៉េ ត្រជាក់ឡើងធ្លាក់ព្រិលផងក៍មិនអីដែរ បងសុាំជាមួយអាកាសធាតុត្រជាក់ហើយ តោះយើងចេញដំណើរទៀត និងអាលឆាប់បានសំរាក ព្រោះមើលទៅអូនងងុយខ្លាំងហើយ បងសុំទោសណា ដែលនាំមកអោយពិបាក
*
កុំនិយាយចឹងបង ខ្ញុំជាអ្នកចង់មកដោយខ្លួនអែងទេ ខ្ញុំមានអារម្មណ៍ថាកក់ក្តៅលែងរងារទៀតហើយ អាចទៅបាន
ពេលពួកយើងធ្វើដំណើរមកដល់លើស្ពានជ្រោយចង្វារ ស្រាប់តែបងសិលាលូកដៃមកក្រោយ ហើយចាប់ច្របាច់ដៃខ្ញុំរួចទាញទៅដាក់លើក្បាលពោះគាត់ ដំបូងខ្ញុំអត់ហ៊ានប៉ះទេ ខ្ញុំដកដៃចេញវិញ តែគាត់ទាញទៅម្តងទៀតហើយប្រាប់ថា ឱបអោយខ្លាំងទៅកុំអោយស្ពឹកដៃ ព្រោះក្បាលពោះគាត់ក្តៅឧណ្ឌៗ ម្តងនេះខ្ញុំមិនបានដកដៃចេញវិញទេ តែឱបថើរៗប៉ុន្នោះ ។ នេះជាការពិត ពេលដែលអ្នករងារ សាកឱបក្បាលពោះមនុស្សដែលអ្នកស្រលាញ់ទៅ អ្នកប្រកដជាទទួលបានភាពកក់ក្តៅហើយមានអារម្មណ៍ល្អទៀតផង ខ្ញុំជិះឱបចង្កេះបងសិលា រហូតដល់ផ្ទះបងសិលា នៅវិហាសួគ៏ ។ មកដល់ហើយពួកយើងងូតទឹកម្នាក់ម្តង ទំរាំបានគេង ម៉ោង2ព្រឹក ។ ងូតទឹករួចភ្លាមបងសិលាទៅយកខោអាវកីឡារបស់គាត់មកអោយខ្ញុំស្លៀកពាក់ ។ ខោអាវទាំងនោះសុទតែថ្មីៗទើបហែកពីថង់មួយកំប្លេរ ភ្នែកខ្ញុំស្ទើរតែបើកលែងរួចទៅហើយ ព្រោះវាអស់កំលាំង ហើយងងុយយ៉ាងខ្លាំងទៀតផង  គ្រាន់តែស្លៀកពាក់រួច ខ្ញុំផ្តួលខ្លួនគេងលើ គ្រែពូកបងសិលា ហើយក៍លង់លក់ទៅ ។  ខ្ញុំគេងលក់អស់រយះពេលយូដែរ ស្រាប់តែភ្ញាក់វិញ នៅពេលដែលមានអ្វីម្យ៉ាងប៉ះខ្ញុំ ខ្ញុំដឹងខ្លួនហើយតែសំងំធ្វើជាកំពុងគេងលក់  ព្រោះចង់ដឹងថាគាត់ចង់ធ្វើអ្វី ? តាមពិតគាត់ដណ្តប់ភួយអោយខ្ញុំសោះ ខ្ញុំសំងំស្ងៀមរហូតដល់គាត់គេងលក់លែងបំរាស់ ទើបខ្ញុំញញឹមហើយបន្តគេងទៀតរហូតដល់ម៉ោង8ព្រឹកទើបភ្ញាក់ ។  ក្រោយពេលងូតទឹក និងហូបបាយព្រឹកមួយពេលជាមួយបងសិលារួច ខ្ញុំលាគាត់និងប៉ាម៉ាក់របស់គាត់ មកកន្លែងធ្វើការវិញ ។  1អាទិត្យក្រោយមក នៅយប់មួយម៉ោង10ទៅហើយ ខ្ញុំកំពុងគេងលេងហ្វេសបុក ស្រាប់តែទូរសព្ទខ្ញុំរោរ៍ឡើង ខ្ញុំមើលឃើញលេខបងសិលា ខ្ញុំក៍ចុចលើក
អាលោបង
*  
សុធា បងសុំរំខានអូនបន្តិច បង បង ភ័យ ណាស់
បងអែងកើតអីនិងដកដង្ហើមមួយៗ និយាយតាមសំរួល មានរឿងអី ?
ប៉ាបង ប៉ាបង គាត់ក្តៅខ្លាំងណាស់បាត់មាត់បាត់ក រឹងថ្គាមហាមាត់និយាយអត់រួចទេ បងភ័យណាស់
តាំងស្មារតីអោយនិង ន បង លោកអ៊ុំមិនអីទេ មកពីគាត់ក្តៅខ្លាំងចឹងហើយ ធ្វើតាមខ្ញុំ យកចង្កិះឈើ រឺ ឈើអីប៉ុនមេដៃដាក់ក្នុងមាត់គាត់កុំអោយខាំត្រូវអណ្តាត រួចដោះអាវគាត់ចេញ បើស្លៀកខោវែងត្រូវស្រាតចេញ ហើយយកកន្សែង រឺក្រម៉ា ជ្រលក់ទឹក ហើយជូតគាត់អោយសព្វកន្លែង ជាពិសេស ខ្នង ទ្រូងនិងពោះ
ចឹងចាំបងធ្វើសាកមើល អូនអែងកុំអាលបិទទូរសព្ទ
-  
បាទ ជូតអោយសព្វពេញខ្លួនទៅបង
.....
....
*  
អាលោ អាលោអូន ម៉េចចឹងអូន ពេលប៉ះទឹកទៅរងាញាក់ពេញគ្រែហើយ ចាប់អត់ឈ្នះទេ ប៉ា!! ប៉ា !!
កុំស្លន់ស្លោបង កាលណាក្តៅខ្លាំងប៉ះទឹកទៅរងាញាក់ចឹងហើយ កុំដណ្តប់ភួយអោយសោះ
អូនហ្អើយ មើលទៅដូចជាធ្ងន់ធ្ងរទៅៗ បងចង់ដាច់ខ្យល់ហើយនេះ
-  
លូវចេះ ចាំបន្តិច ចាំខ្ញុំទៅមើលប៉ុណ្ណឹងសិនហើយបង
មែនហសអូន  ចឹងបងមិនបាច់នាំគាត់ទៅពេទ្យទេណា បងចាំអូនឆាប់មកតិចណាបងភ័យចង់សន្លប់ហើយអូន បាយបាយ សំណាងល្អអូន
បិទទូរសព្ទរួច ខ្ញុំប្រញាប់ផ្លាស់ខោអាវ រួចចុះទៅរៀបចំសំភារះចាក់សេរ៉ូមមួយឈុត ខ្ញុំយកថង់ច្រកសេរ៉ូម  D5S ចំណុះ500ml 1ផ្លោក , NSS ចំណុះ1000ml 1ផ្លោក
និងថ្នាំចាក់ Dexamethasone 5mg  3អំពូល, Perfagan ( Paracetamol 1g ) 3ដប, Ceftiaxone 1g 3ដប, Gentamicin 80mg 3អំពូល,  Cimetidine 200mg 3អំពូល និងបន្ទះបិតបញ្ចុះកំដៅ Icy pad 3ប្រអប់ រួចរាល់ហើយខ្ញុំប្រញាប់បញ្ឆេះម៉ូតូយ៉ាងប្រញាប់ ។ ជិះតាមផ្លូវបងសិលាតេសួររហូត ម្យ៉ាងភ័យពីប៉ាគាត់ ម្យ៉ាងភ័យពេលខ្ញុំធ្វើដំណើរ រហូតទៅដល់ផ្ទះគាត់ ទើបឈប់តេ ។ ខ្ញុំជិះពីកន្លែងធ្វើការ ទៅផ្ទះបងសិលា ប្រើយះពេល21នាទី ទៅដល់ភ្លាម ។ មកដល់ឃើញបងសិលានៅឈចាំនៅមាត់ច្រករបងផ្ទះ ឡើងទៅដល់ខាងលើផ្ទះឃើញបងប្អូនគាត់ជាច្រើន នៅជុំគ្នា ខ្លះជួយច្របាច់ដៃជើង ខ្លះជូតខ្លួន ម៉ាក់បងសិលាយំផង ជូតខ្លួនផង ប្អូនស្រីបងសិលាយំបណ្តើរច្របាច់ជើងប៉ាគាត់បណ្តើរ ចំណែកប៉ាបងសិលាវិញ នៅលើគ្រែ រងាញាក់ទទ្រើត បាត់មាត់បាត់ក ឡើងរឹងថ្គាម ក្នុងមាត់ឃើញខាំចង្កិះជាប់ ទៅដល់ភ្លាមខ្ញុំវាស់ឈាម និង វាស់កំដៅមើលគឺ 40សង្សាសេ  បន្ទាប់មកខ្ញុំប្រញ៉ាប់ចាក់សេរ៉ូម និងបើកបង្ហូរPerfagan តាមខ្សែរទ្រូសសេរ៉ូមរហូតអស់មួយដប ទើបដូរ ដាក់សេរ៉ូមD5S វិញ រួចធ្វើតេសCeftriaxone បន្ទាប់មកហែកបន្ទះត្រជាក់បិតលើចិញ្ចើមគាត់ រង់ចាំរយះមើល10នាទីអត់អី ទើបខ្ញុំកាច់ថ្នាំមួយមុខ1អំពូល ចាក់តាមខ្សែរទ្រូសសេរ៉ូម រហូតគ្រប់មុខ ។ ចាក់ថ្នាំរួចប្រហែល20នាទី ឃើញថាគាត់លែងញាក់ទៀតហើយ ថែមទាំងហាមាត់ហៅអោយគេយកទឹកអោយគាត់ហូបទៀតផង លើផ្ទះបងសិលាក៍មានមនុស្សទៅសួរនាំច្រើនឡើងៗ ពេលឃើញគាត់បានធូរស្រាលបែបនេះ ធ្វើអោយម្នាក់ៗសប្បាយចិត្ត អរស្ទើរហោះ បរិយាកាសដែលដំបូងលឺតែសំលេងយំពេញផ្ទះ ប្រែមកជាសើចសប្បាយរីករាយគ្រប់គ្នា ។  មិនដល់30នាទីផង ប៉ាបងសិលាអាចនិយាយលឺច្បាស់ឡើងវិញ រួចហៅអោយគេលើកគាត់ងើបអង្គុយ ហើយនិយាយទៅរកគេគ្រប់គ្នាដូចគ្មានរឿងអីកើតឡើងចឹង ។ ខ្ញុំសាកវាស់កំដៅអោយគាត់ម្តងទៀត ចុះមកនៅត្រឹម 37.4អង្សាសេ វាគ្រាន់តែក្តៅលើសកំដៅធម្មតាតែបន្តិចប៉ុន្នោះ បងសិលាបក់ដៃហៅខ្ញុំចូលក្នុងបន្ទប់គាត់ ព្រោះខ្លាចខ្ញុំអង្គុយយូឈឺចង្កេះ ។ កំពុងតែរាងងងុយតិចៗផង ខ្ញុំដេកផ្កាប់មុខលើពូក នៅខាងស្តាំបងសិលា ជិតនិងមាត់ទ្វាបន្ទប់ ហើយចំហទ្វា ខ្លាចប៉ាគាត់ធ្វើទុកហៅមិនលឺ ខ្ញុំមិនបានគេងលក់នោះទេ ពេលចាស់ៗគាត់និយាយគ្នាលេង អ៊ូអរពេញផ្ទះ ពីនេះពីនោះ ស្រាប់តែលឺ អ៊ុំស្រីម្នាក់គាត់សួរម៉ាក់បងសិលា
-  
ពេទ្យ មិញមកពីណាដូចមិនដែលឃើញនៅភូមិយើង ?
*  
ប្អូនធម៏សិលា មិនមែននៅកន្លែងយើងទេ លឺសិលាប្រាប់ថានៅស្រុកពារាំង ខេត្តព្រៃវែង
យី សិលាម៉េចបានទៅស្គាល់ពេទ្យនៅដល់ណាដល់ណីនោះវិញ ? រូបរាងស្អាតបាទសមជាពេទ្យ សុភាពរៀបសារ ហើយជំនាញទៀត អែងអត់ដែលដឹងសោះវើយ ស្គាល់គ្នាយូនៅ ?
ខ្ញុំអត់ដឹងដែរបងហ្អើយ មិនដឹងគេរាប់អានគ្នាពីពេលណាផង ទើបតែជួបដំបូង ថ្ងៃបុណ្យភ្ជុំ សិលាបបួលមករាប់បាត្រជាមួយគ្នា នៅវត្តយើងនិងតើ
អូ !! ធ្លាប់មកដល់ផ្ទះនិងម្តងហើយចឹង ?
មិនមែនម្តងទេ ឡើងចុះៗ ញឹកញាប់ដែរហើយ ថ្ងៃដែលសិលាមកពីកូរ៉េ ក៍ទៅទទួលដែរ
អើ ហំបស់វា ចេះស្គាល់គេ ធ្វើពេទ្យចឹងទៅឈឺយប់ព្រលប់មិនសូវភ័យ
ហមមម ខ្ញុំចេះតែក្រែងចិត្តដែរ នៅដល់ណានោះ លឺតែឈឺ ខំជិះម៉ូតូមកមើលតាំងពីណាណីមក បើម៉ែឪគេដឹងរករឿងទៀតនុង ប្រើកូនគេទាំងយប់អាធ្រាតចឹង
អើ អ្នកណាចង់ បើវាទាន់ហន់ចឹង មើលរៀបចំអោយសំរាននិងមួយយប់ទៅកុំអោយទៅវិញថ្មាលនិងហើយចាំព្រឹកទៅ
ចា !!! ដឹងម៉េចទេ ចាំប្រាប់សិលាអោយឃាត់
អែងគិតរកទៅវិញសិនហើយ ចោលចៅនៅពីរនាក់តា តែភ្ញាក់មកមិនឃើញយំពេញមុងលូវហើយ
ចា អរគុណហើយអ៊ុំអើយ បានមកសួរទាំងយប់
សាច់ញាតិបងសិលាក៍ចាប់ផ្តើមសុំទៅផ្ទះរាងខ្លួនម្នាក់ម្តងៗ រហូតដល់អស់ នៅសល់តែខ្ញុំ និងគ្រួសារបងសិលាតែប៉ុន្នោះ  ខ្ញុំងើបទៅបង្ហូរសេ៉រ៉ូមអោយប៉ាបងសិលារាងញាប់បន្តិច ព្រោះថាពេលឡើងក្តៅខ្លាំង ធ្វើអោយរាងកាយបាត់បង់ជាតិទឹកអស់ច្រើនណាស់ ។ រយះពេលដែលខ្ញុំដាក់សេរ៉ូមអោយប៉ាបងសិលា ប្រហែល1ម៉ោង អស់សេរ៉ូមមួយផ្លោក អាការ:របស់គាត់កាន់តែប្រសើរឡើង កំដៅចុះមកនៅ 36.3អង្សាសេ ដែលជាកំដៅធម្មតារបស់មនុស្ស ខ្ញុំមើលម៉ោងជិត12រំលងអាធ្រាតទៅហើយ ខ្ញុំមិនទាន់ទាំងនិយាយថាទៅកន្លែងវិញផង បងសិលាយកសោម៉ូតូពីខ្ញុំ ចុះទៅជិះទុកក្នុងបន្ទប់ទាំងមិនបានសួរយោបល់ខ្ញុំមួយម៉ាត់ ។  ដោយយល់ពីបំណងរបស់បងសិលាទៅហើយនោះខ្ញុំក៍បានប្តូរដាក់សេរូ៉មអាចំណុះ1000ml និងលៃដំណក់អោយយឺតបន្តិចខ្លាចអស់មិនដឹង រួចក៍ចូលគេងក្នុងបន្ទប់បងសិលាទៅ ។ រហូតដល់ព្រឹកឡើងម៉ោង8លឺសំលេងគោះទ្វាដាស់ ដំបូងខ្ញុំស្មានថាប៉ាបងសិលាមានបញ្ហាអីទៀត ទើបស្ទុះប្រញាប់ទាំងពីរនាក់ បើកទ្វាឡើងឃើញម៉ាក់បងសិលា ញញឹមយ៉ាងស្រស់ គាត់មកហៅអោយងូតទឹក និងអាលហូបបបរមាន់ដែលគាត់ទើបតែចំអិនក្តៅៗ  ហូបរួចរាល់ហើយ ខ្ញុំចាក់ថ្នាំអោយប៉ាបងសិលាម្តងទៀត ហើយសួរពីអាការ:របស់គាត់ឃើញថាគាត់ជាស្រួលបួលវិញហើយ ទើបទុកសំលីអាល់កុលនិង បង់បិតសេរ៉ូម អោយបងសិលាដោះចេញពេលអស់សេរ៉ូម  មុនពេលត្រលប់មកវិញម៉ាក់បងសិលា និងរចនាបានអរគុណខ្ញុំ ថែមទាំងអោយលុយ 50$ មកខ្ញុំទៀតផង ប៉ុន្តែខ្ញុំមិនបានយកនោះទេ ខ្ញុំអោយគាត់វិញ ហើយក៍ជាលើកទី1 ដែលគាត់ឱបខ្ញុំហើយហៅខ្ញុំថាកូន " ម៉ាក់អរគុណច្រើនហើយកូន សុខសប្បាយណា " ខ្ញុំលឺពាក្យនេះហើយមានអារម្មណ៍រំភើបស្ទើរតែអណ្តែតខ្លួនឡើងលើ   បន្ទាប់មកខ្ញុំលាពួកគាត់មកកន្លែងធ្វើការវិញ ។
ចាប់តាំងពីពេលនោះមក ពួកយើងមានឱកាសច្រើនដើម្បីជួបគ្នា យ៉ាងយូ2ថ្ងៃម្តងគាត់ណាត់ខ្ញុំទៅកន្លែងគាត់រាល់ល្ងាច ហើយទៅតែ2នាក់ទៀត ទៅដល់បានតែត្រឹមអង្គុយហូបអីជាមួយគ្នា រួចដើរលេង រឺជិះអូ បរ លេងលើទឹក បើមិនចឹង ថតរូបលេងនៅតំបន់ Sky Land  រឺក៍ណាត់មកហូបអីនៅ កាចុស កំពង់ចំលងខេត្តកណ្តាល បើនិយាយពីចំនួនដងវិញគឺរាប់ភ្លេច រហូតដល់ម្ចាស់ហាងចំណាំមុខ ទៅដល់មិនបាច់កុុម្ម៉ង ក៍គេដាក់អោយត្រូវដែរ  ព្រោះហៅរបស់ហូបដដែលៗ ស៊ុប បាយឆា ស្រាABCដប  គ្រឿងសមុទ្រអាំង គ្រាន់តែចំណាយរាល់ខែនិង ចូលជិតខ្ទង់ពាន់ទៅហើយ បើខ្ញុំជាស្រីវិញច្បាស់ជាគិតថាអាគាត់និងយកចិត្តអញម្លឹងៗចង់អូសក្រលាសុីអញម៉ង  ប៉ុន្តែពេលស្រវឹងមិនដែលបានធ្វើអីគ្នានោះទេ ដេកលក់បាស់ដៃបាស់ជើងរាងខ្លួន ។ ស្គាល់គាត់3ខែ ខ្ញុំនៅមិនទាន់ប្រាកដចិត្តនៅឡើយទេថា គាត់ស្រលាញ់ខ្ញុំរឺក៍អត់  ? ព្រោះទង្វើរបស់គាត់ពិបាកសំគាល់ណាស់  ស្គាល់គ្នាយូហើយដែរ ក៍មិនដែលលឺគាត់ប្រាប់ថា បងស្រលាញ់អូន រាល់ពេលដែលនៅជាមួយគ្នាតែ2នាក់ ក៍គាត់មិនដែលបន្លំឱបថើបស្ទាបអីដែរ គាត់គ្រាន់តែចាប់ដៃជើងធម្មតា បើមិនចឹងយកដៃដាក់លើស្មាតែប៉ុណ្ណឹង  ។ ចំណែកខ្ញុំក៍មិនហ៊ាន ជ្រួលជ្រើមតាមអារម្មណ៍អីដែរ ព្រោះមើលទៅគាត់មិនសមស្រលាញ់មនុស្សប្រុសដូចគ្នានោះទេ រាងកាយមាំមួន សំដីសំដៅរឹងបុឹង មានទំនួលខុសត្រូវជាបុរសដើមទ្រូង5ហត្ថ សំខាន់គាត់កំពុងមានទំនាក់ទំនងជាមួយមនុស្សស្រីទៀត ខ្ញុំកំពុងរកឱកាសចង់ដឹងថា តើស្រីស្អាតម្នាក់ដែលទៅទទួលគាត់នៅព្រលានយន្តហោះនោះត្រូវជាអ្វីនិងគាត់ ព្រោះមើលទៅដូចជាស្និទ្ធស្នាលចំឡែក ។ គិតចាប់ថ្ងៃដែលខ្ញុំបានស្គាល់បងសិលាមក គឺជិត4ខែពួកយើងនៅតែមិនទាន់ដឹងចិត្តគ្នាទៅវិញទៅមក ថា តើរាល់ថ្ងៃពួកយើងទាក់ទងគ្នាក្នុងឋាន:ជាអ្វី ? បងប្អូន មិត្តភក្តិ សង្សា រឺជាអ្វី ? ខ្ញុំជាមនុស្សដែលមានការខ្មាសអៀនច្រើន ហើយ តែងតែមានការប្រុងប្រយ័ត្នខ្ពស់ ដូចនេះមុននិងធ្វើអ្វីមួយតែងតែគិតទៅដល់លទ្ធផលជាមុនសិន ម្យ៉ាងគិតពីមុខមាត់គ្រួសារ  ម្យ៉ាងការងារ ព្រោះខ្ញុំធ្វើការជាមួយមហាជន ហើយក៍មានអ្នកស្គាល់រាប់រយនាក់ ដូចនេះមិនងាយនិងធ្វើអីផ្តេសផ្តាសឡើយ ខ្លាចមានរឿងអាស្រូវកើតឡើង ខ្ញុំមិនដឹងរស់នៅបែបណានោះទេ ចំណែកបងសិលាក៍គាត់មិនដែលសំដែងអ្វីអោយឃើញ ចេះតែហីៗរាងខ្លួន តែបើខានជួបមុខគ្នាមួយថ្ងៃពីរថ្ងៃនឹកគ្នា ចាប់ផ្តើមណាត់ជួបគ្នា ពេលបានជួបគ្នា គ្រាន់ហូបអីនិងនិយាយគ្នាលេងហើយបំបែកផ្លូវគ្នាទៅផ្ទះរាងខ្លួន អត់យល់  ? ពួកយើងនៅតែបន្តទំលាប់នេះដដែលៗ រហូតមកដល់ថ្ងៃមួយទើបខ្ញុំអស់ចំងល់ ។ នៅថ្ងៃសៅរ៍ទី30 ខែធ្នូ ឆ្នាំ2017  ម៉ោង4រសៀល ខ្ញុំមកលេងផ្ទះនៅស្រុកកំណើត ស្រាប់តែបងសិលាតេមកខ្ញុំ
អាលោ !
អាលោអូន កំពុងធ្វើការមែន ?
អត់ទេស នៅស្រុក
អូ !! ទៅលេងផ្ទះហី ?
បាទ ស្អែកអត់ធ្វើការផង មេបិទទ្វាគ្លីនិក ព្រោះគាត់ដើរលេងអស់ហើយ
ចឹង អូនអែងទំនេរមែន ?
បាទ មេទៅលេងឌូបៃ3ថ្ងៃ ចឹងញ៉ុមទំនេរ នៅផ្ទះ3ថ្ងៃដែរ  មានការអីបង?
ត្រូវម៉ាចម៉ង ស្អែកគ្រួសារបង ទៅឆ្លងឆ្នាំនៅសៀមរាប បងចង់បបួលអូនអែងទៅដែរ
មិន កើតទេហីបង  គេទៅលក្ខណះគ្រួសារគេសោះ អែងតោងគេទៅដែរ
ប៉ាម៉ាក់និងប្អូនស្រីបង សុទតែស្រលាញ់ចូលចិត្តអូនអែងទាំងអស់ ពួកគាត់ចាត់ទុកអូនដូចជាសមាជិកគ្រួសារម្នាក់ផងដែរ ចឹងអូនអែងមិនមែនជាអ្នកដទៃអីទេ ពួកគាត់អោយបងបបួលអូនអែងទៅដែរ ទៅជាមួយបងទៅណាបងមានរឿងចង់ប្រាប់ ហើយមានរបស់អោយមើលទៀតផង
ហឹមមមម !!! ញ៉ុមខ្មាសគាត់ណាស់បង ឃើញមុខរាល់ង៉ៃ
ទៅគិតអីចឹង  ពួកគាត់មិនថាអីទេ មានតែត្រេកអរ
ចឹង សុំម៉ែសិន ចាំញ៉ុមតេប្រាប់វិញ
បាន មិនបាន កុំភ្លេចតេមកប្រាប់បងវិញផងណា
បិទទូរសព្ទរួចខ្ញុំទៅសុំមែ៉ខ្ញុំ ដំបូងគាត់អត់ព្រមទេ  ទាល់តែខ្ញុំសុំគាត់ម្តងហើយម្តងទៀត ដោយលើកហេតុផលថាទៅជាមួយចាស់ទុំផ្សេងទៀត ហើយជិះឡានលក្ខណះគ្រួសារ ទើបគាត់យល់ព្រម ហើយប្រដៅដូចលោកទេសនាចឹង  ។ ពេលដែលសុំបានហើយ ខ្ញុំត្រេកអរខ្លាំងណាស់ រួចប្រញាប់តេទៅប្រាប់បងសិលាវិញ  លឺគាត់សើចចង់បែកទូរសព្ទ ។ គាត់ប្រាប់អោយខ្ញុំរៀបចំខោអាវនិងសំភារះប្រើប្រាស់ប្រចាំខ្លួនអោយហើយ ព្រឹកឡើងម៉ោង6គាត់យកឡានទៅទទួល តែខ្ញុំមិនអោយគាត់មកទេ ទុកអោយខ្ញុំជិះម៉ូតូទៅផ្ទះគាត់វិញ កុំអោយជិះត្រលប់ចុះឡើងខាតសាំង  ព្រមព្រៀងគ្នាហើយ បងសិលាអោយខ្ញុំទៅដល់ផ្ទះគាត់ម៉ោង7ព្រឹក
.........សូមរង់ចាំតាមដានភាគបញ្ចប់ 

No comments:

Post a Comment