Breaking

Tuesday, October 6, 2020

រឿង អ្នកជម្ងឺទី1 (ភាគ3)

 

រឿង អ្នកជម្ងឺទី1
(ភាគ3)
និពន្ធដោយ Wong Nau



🧔 ប្អូនចេះនិយាយដល់រឿងទុំទាវ ចុះប្អូនឃើញនាងទាវ ស្ទូចទុំដោយអួត ដោយបង្ហាញសាច់ឬរលេមទាក់ឬអត់? ចំណែកទុំ តើមានអួតធនធាន,​ អួតពូកែរខាងផ្លូវភេទ ឬ អួតអីៗ... ដាក់នាងទាវទេ? បងទទួលស្គាល់ថា ទុំបានសូត្រ សារិការបន្ទន់ចិត្ត តែត្រង់នេះ ជាទស្សនៈបងផ្ទាល់ បងយល់់ថា អ្នកនិពន្ធ អាច បន្ថែមបែបនេះដើម្បី កុំអោយបន្ទាប តម្លៃស្ត្រីខ្មែរពេក ឃើញប្រុសទ្រាំមិនបាន ម្យ៉ាង​ វាក៏ជាចំណងកម្មមួយដែលនាំអោយទុំត្រូវស្លាប់ ធ្វើខុសខ្លួនជាសង្ឃ ជាប់ចិត្តនឹងស្រីរហូតដាក់ស្នេហ៍។ ត្រីសុីសន្ទូចដោយមិនប្រើនុយ មានន័យថា​ពួកគេ មានការចាប់អារម្មណ៍ ចំពោះគ្នា ដោយមិនបានទាំងដឹងពង្សាវតា ឬ មានបំណងតោង យកប្រយោជន៍ ដោយប្រការណាមួយ ក្រៅតែពី យល់ថា ម្នាក់នេះ មើលទៅរូបរាងឬកពារ គឺគួរអោយចូលចិត្ត ចង់នៅ ចង់ឃើញ ច្រើនៗ។ ងាកមករឿងប្អូនវិញចំពោះទង្វើ ពូអនិកជន បារាំងដែល បង្ហាញរបស់របរ និង ការឧបត្ថម្ភ ដល់ប្អូនគឺគាត់ ចង់បង្ហាញថា បើប្អូនយកគាត់ ប្អូននឹងបានប្រយោជន៍បែបនេះបែបនោះជាដើម។ ហើយបងសួរបន្តិច តាំងពីគាត់បដិសេធប្អូនមក តើមានរយៈពេលប៉ុន្មានថ្ងៃហើយ? ហើយគាត់មិនមានទាក់ទងអ្វីមកប្អូនសោះហ្មងឬ?
👦 បាទ បងគឺប្រហែល កន្លះខែហើយ ហើយគាត់មិនដែលឆាតឬទាក់ទងអ្វីមកខ្ញុំសោះ... ខ្ញុំ អស់សង្ឃឹមតូចចិត្តដល់ហើយ បង...មួយថ្ងៃធ្ងន់ជាងមួយថ្ងៃ...
ធារិតនិយាយទាំងជ្រួញចិញ្ចើម ចង់ស្រក់ទឹកភ្នែក រួចបន្ត
បែបគាត់គិតថា ខ្ញុំលោភលន់ ទើបបកត្រឡប់ជាព្រមយកគាត់វិញហើយ មើលទៅ ទើបគាត់បដិសេធខ្ញុំដោយគ្មានស្តាយស្រណោះ តែខ្ញុំ ពិតជាមិនបានតាំងចិត្ត បោកគាត់ទេ។
ខ្ញុំ ទះស្មាធារិតតិចៗហើយនិយាយថា
🧔 កុំយំអី... តាមពិតបងមិនចង់ហាមការយំប្អូនទេ តែក្រែងគេមកឃើញ។ នៅតែឯងយំចុះយំអោយធូ តែទីនេះ មានបងជាគ្រូជាអ្នកប្រឹក្សា ជាបងប្រុសក៏បាន អោយបងបិណ្ឌបាត្រទុកសិនចុះណា អាទឹកភ្នែកណឹង។
ធារិតសើចនឹងពាក្យថា បុណ្ឌបាត្រទឹកភ្នែក... 
😂
🧔 បងច្បាស់ហើយថាគាត់ មិនមែនមនុស្សល្អទេ ប្អូន។ ចំនុចទី5និងចុងក្រោយក្នុងការសន្និដ្ឋាន របស់បងនោះគឺ បើគាត់មានបំណងជ្រើសរើសប្អូនពិតមែនគាត់គួរតែ សប្បាយចិត្ត ព្រមផ្តល់ឱកាសអោយប្អូន ម្តងទៀតពេលប្អូនសុំឱកាសពីគាត់ ព្រោះ​បើប្អូនជាមនុស្សលោភលន់ ឬ អ្នកកុហក់អាជីព គឺប្អូន បោកគាត់តាំងពីថ្ងៃដំបូងម្ល៉េះ មិនមែនដេកគិត យូរថ្ងៃហើយ ទើបចង់ត្រឡប់ទេ។ ហើយក្នុងការសន្និដ្ឋានរបស់​បង បងយល់ថា គាត់គ្រាន់តែទុកប្អូនជាជម្រើសមួយតែប៉ុននោះ បើប្អូនព្រមគាត់ក៏យក តែបើមិនព្រមក៏ហី តាមដំណើរ។ តែទង្វើដែលគាត់ធ្វើដាក់ប្អូនគឺដូចចង់បំបាក់អំនួតប្អូន.... នេះតាមបងគិតទេ ណា។ បែបគាត់ មើលមកថា ប្អូនមកពីគ្រួសារ ក្រីក្រ មិនសមណាហ៊ានឆ្លើយបដិសេធ ការស្នើរបស់គាត់ តាំងពីថ្ងៃដំបូង ទើបគាត់កាច់ប្អូន អោយបាក់ អោយរាង លើកក្រោយទៅជួបគាត់ដឹងតែ ព្រមតាមគាត់ គ្រប់យ៉ាងហើយ ។ មនុស្សនេះ ថ្ងៃក្រោយមិនអោយតម្លៃប្អូនទេ ពេលក្រោយប្អូនអាចនឹងពិបាកចុះសម្រុងត្រូវយកចិត្ត ចាត់ទុកគាត់ដូចចៅហ្វាយ។ សមនឹងប្អូនមិនសូវស្រលាញ់គាត់ទៀត បើយកគ្នា ធានាថា ជាគូកម្ម មិនខាន។ ហុឺ... កុំស្តាយធ្វើអី ធារិត! គាត់ មិនសមជាមួយប្អូនទេ វាជាទំនាក់ទំនងដូចជាលក្ខណៈជួញដូរ ផ្លូវភេទចឹង នេះបើតាមបងមើលឃើញ។ សរុបជារួម មក បងថា គាត់ជា បុគ្គល់ដែល មិនសមអោយប្អូន ស្តាយទេ ព្រោះ​ទោះបីជា បានមក ក៏បងយល់ថា ប្អូនគ្មាន សុភមមង្គល់ដែរ។ អាចថា ត្រូវគេបោកលេង បានមួយប្រាវ មួយឆាវ ហើយប្អូនត្រូវរស់នៅជាមួយមនុស្សដែលយើងមិនបានស្រលាញ់ ត្រូវផ្គាប់ចិត្តគេ ចំនេះដឹងការយោគយល់ក៏មិនសមនឹងគ្នា... ស្តាប់ហើយចឹង ប្អូនមានអារម្មណ៍មេចដែរ...?
👦 វាមិនបានល្អអីច្រើនទេ តែហោចណាស់ក៏បានធូ ព្រោះ​បាននិយាយចេញមក មិនស្ទះតែឯងដូចមុនៗ។ ហើយខ្ញុំ​ក៏បានឃើញ មុខមាត់ម្ខាងទៀតរបស់ពូនោះតាមសម្តីបងប្រាប់។
🧔Ok ឥលូវបងសួរ អីចេះ បើថ្ងៃក្រោយ ក្នុងឆ្នាំណឹង គាត់ហៅធារិត ទៅជួប លក្ខណៈ​ជា គូស្នេហ៍​គិតមេច ទៅឬមិនទៅ?
👦 ខ្ញុំ... ខ្ញុំ​ចង់អូសក្រឡាដូចបងអែងថាដែរ ជួនកាលខ្ញុំអាចស្រលាញ់ ភាពចាស់ទុំ របស់គាត់ ឬ គាត់អាចផ្តល់ភាពកក់ក្តៅ អោយខ្ញុំបានច្រើនជាងក្មេងៗ
🧔ធារិត ប្អូននៅជឿថា គាត់ជាមនុស្សល្អទៀតឬ?
👦​មិនជឿទេបង តែដូចថាចឹង ចង់មើលតទៅទៀត ថាវានឹងទៅជាយ៉ាងណា?
🧔បើប្អូនចង់សាក បងសួរបែបនេះវិញ... ទៅរួចជាមួយគាត់អត់? បងចង់ថា អាចរកឃើញក្តីសុខពេលនៅជាមួយគាត់ឬអត់? ព្រោះ​ស្តាប់កន្លងមក បងយល់ថា
ប្អូនទៅអត់រួច
👦បងសួរចឹង...បាកឆ្លើយ.... ខ្ញុំមិនដឹងទេបង ដល់តែជាក់ស្តែងបានដឹង។
🧔ចុះប្អូន ស្រឡាញ់​ខ្លួន កំណាច់ខ្លួនអត់? ព្រោះ​គាត់គ្មានស្អីក្រៅពីចង់បានប្អូនយកទៅសប្បាយទេ បើប្អូនមិនស្រលាញ់ខ្លួន អាណឹងប្អូនអាចសាកបាន។ បងខ្លាចតែប្អូនជាមនុស្សប្រកាន់ខ្លួន វីវរ ខូចចិត្ត ធ្វើរឿងមិនល្អ។ ព្រោះ​ក្នុង អារម្មណ៍​ទី6បង គាត់គឺជា ចចក កញ្ចាស់ ដែលមានល្បិច គាត់បំបាក់ទឹកចិត្តប្អូន ធ្វើអោយប្អូនស្តាយគាត់ កាន់តែខ្លាំង មើលឃើញគាត់កាន់តែខ្ពស់កាន់តែឡូយ ឈោងមិនដល់។ តាមពិតគាត់គ្រាន់តែជា មនុស្សដាច់ដាប (មនុស្សចាស់ ក្រាស់កិលេសចង់រកការសប្បាយជាមួយក្មេងប៉ុណ្ណោះ​ប្អូន)​។ បើគេមនុស្សចាស់ត្រឹមត្រូវ គេរកអ្នកណាដែលមើលទៅសមទំនងនឹងខ្លួន ហើយ។
👦 បងនិយាយចឹង មានន័យថា​ខ្ញុំ​អត់សមនឹងគាត់មែន?
🧔សំរាប់បង គិតថា អាយុប្អូន ស្មើនឹងចៅគាត់ (17 vs 5*) ប្អូនក្មេង ការយល់ដឹង ក៏នៅតិច ចឹងអាភាពចុះសម្រុង គឺពិបាករកចំនុចរួមគ្នាបន្តិច។ បើមនុស្ស ចាស់មិនព្រើល គេនឹងរកក្មេងដែល ចាស់ទុំជាងប្អូន ដែលអាច យល់ចិត្តគំនិតគ្នាបាន មិនមែនរកតែខ្ចីញេញទេ។ ពេលប្អូននៅជាមួយគាត់ បងស្រម៉ៃថា ដូចនាង អាមិត្រធីតា និង តា ជូជក់ចឹង!!! កុំខឹងបងអី... បងនិយាយតាមរូបភាពដែលមានក្នុងចិត្តបងទេ
👦ចុះបងគិតថា មនុស្សបែបណា ដែលសមនឹងខ្ញុំ?
ធារិត សួរហាក់ចង់អោយខ្ញុំឆ្លើយថា គាត់គួរតែស្រលាញ់មនុស្សបែបណា... ដោយសារគាត់ស្តាប់ខ្ញុំមិនសូវយល់ (គាត់ក្មេងពេក)​
🧔កុំទាន់និយាយដល់ ចំនុចថ្មី បងចង់ឃ្លា ឡើងវិញបន្តិចថា កាលដែលបង និយាយបែបអវិជ្ជមាន រឿងពូស្រុកបារាំងនោះ ព្រោះ​បង ជឿថា គាត់ មនុស្សមិនល្អ (បោកក្មេងសុី ហ្សុីនទេ)​ហើយបង ក៏មិនចង់អោយធារិត ជ្រើសផ្លូវកាត់ដែរ (មានដោយមិនបាច់ខំ)​។ ការគិតរំពឹងលើផ្លូវណឹងវាអត់ធ្វើអោយយើងរឹងមាំទេ... កាន់តែគិតប្អូនកាន់តែទន់ជ្រាយ កាន់តែដើរផ្លូវខុស លែងចង់រៀនសូត្រ លែងចង់ប្រឹងប្រែង គិតតែធ្វើមេចស្គាល់អ្នកមាន ដើម្បីបានគេ ឧបត្ថម្ភ...។ ប្អូន 17ឆ្នាំ បងថា ក្មេងណាស់ បើស្គាល់ផ្លូវ មិនល្អនេះគឺ ប្អូនខាតពេល ដ៏មានតម្លៃក្នុងជីវិត ពេលដែលក្រេបចំណេះ សាងខ្លួនអោយល្អ។ ហើយប្អូន នៅឆោតនឹងក្លាយជា ឧបករណ៍​គេលេងសើចប៉ុននោះ។ បើប្អូនគ្មានសាលា គ្មានផ្លូវជ្រើសទេ ប្អូនដើរចុះ តែប្អូន មានអង្គការ មានកម្មវិធីសិក្សា ល្អ បើប្អូនខំ ប្អូនអាចទៅរៀនដល់ស្រុកក្រៅទៀតឯណោះ មិនមែនជាក្មេង ដែលត្រូវបំរើគេ មើលទឹកមុខគេ ដើម្បីលុយនោះទេ។ បងជួយប្អូន វាជាតួនាទីការងារបង តែបងពិតជាធ្វើដោយចិត្ត រីករាយ ចង់ឃើញប្អូន បានល្អពិតមែន។ បើបងជួយប្អូនបានល្អ អំពើល្អរបស់បង នឹងបានដល់ កូនចៅបងដូចគ្នា ឪពុកបង គាត់តែងនិយាយថា គាត់ជួយជីវិតក្មេង បើបុណ្យកុសល់មិនបានអោយគាត់ក្នុងជាតិនេះ គាត់សង្ឃឹមថាកូនចៅគាត់នឹងបានទទួល។
ធារិតស្ងាត់មាត់ មិនតបអ្វីមកវិញទេ។ ខ្ញុំ បំរុងនិយាយបន្ត ស្រាប់តែ មិត្តភក្តិ​គេ រីណា និង សីហា ស្រែកហៅពីចំងាយ។ ខ្ញុំ​មើលម៉ោង ជាង 6ទៅហើយ និយាយគ្នា ជាង1ម៉ោង។
🧔 ធារិត បងគិតថា ល្មមគ្រប់គ្រាន់អោយប្អូន យកទៅគិតពិចារណាហើយ។ ហើយចាំបងទៅពិភាក្សាបន្ថែមជាមួយម៉ាក់ខុម ថាគួរមានអ្វីបន្ថែមអោយប្អូន។ តែបងសុំប្អូនម្យ៉ាង គឺ មិនថា មានរឿងអ្វីក៏ដោយ ត្រូវតែប្រាប់ ម៉ាក់ខុម ក៏ដូចជាបង អោយបានដឹង ព្រោះ​ពួកបងគឺជា មនុស្សមុខរឿង
😂😂😂និយាយលេងទេ ព្រោះ​ពួកបងគឺជា អ្នកដែលចង់ដឹងនិងរង់ចាំដោះស្រាយផ្តល់យោបល់អោយប្អូន។
ធារិតងក់ក្បាលដោយវាចារ ថា បាទ។ ខ្ញុំ​ដើរទៅវិញ ញញឹមដាក់រីណា ដែលអឹមអៀននឹងខ្ញុំ ហើយនិយាយថា
🧔ធ្វើខ្លួនជា មិត្តល្អណា ថ្ងៃក្រោយសល់វែងឆ្ងាយ មានតែអំពើល្អទេ ដែលស្ថិតនៅយូអង្វែង ហើយកក់ក្តៅ ទោះក្នុងខែរងារក៏នៅតែកក់ក្តៅ។
ពួកគេឆ្លើយព្រមគ្នា បាទបង។ តែរីណា ឆ្លៀតបន្ថែមចង់ញ៉ែខ្ញុំ បងនិយាយដូចកំណាព្យចឹងបង សុទ្ធតែខែរងាក៏នៅតែក្តៅ។
🧔 
😂😂😂 ចុះបងនិយាយពីមិត្តភាព វាកក់ក្តៅក្នុងអារម្មណ៍ មិនមែនកក់ក្តៅលើរាងកាយឯណា។ ឧទាហរណ៍​ប្អូនឯងទៅណាឆ្ងាយ ដោយគ្មានអ្នកស្គាល់ សូម្បីម្នាក់ ប្អូននឹងមានរម្មណ៍ មិនសូវកក់ក្តៅទេ តែបើប្អូនទៅមានគ្នា 3-4នាក់ នោះប្អូននឹងកក់ក្តៅច្រើនជាងមុន ព្រោះ​ដឹងថា មានការអីអាចពឹងគ្នាបាន។
តាមពិតខ្ញុំនិយាយបែបនេះគឺស្កាត់ទុកមុន មិនចង់អោយពួកគេ សេពគប់គ្នា ហើយ មានបញ្ហាជាមួយគ្នា ដោយសារប្រុស នៅពេលក្រោយ ឬ ដោយប្រការណាមួយ ដូចអាចរណៃ ធ្វើដាក់ ធារិត។
រីណា គេតបមកវិញទៀតថា
* ខ្ញុំ​អត់ចេះនឹកផ្ទះផងបង មួយឆ្នាំអីទៅតែ2ដងទេ ភ្ជុំនិងចូលឆ្នាំ។ ហើយចូលចិត្តដើរតែឯង ដើរមានគ្នាពេលខ្លះសាំញាំណាស់។
🧔ចឹងនឹកប្រុសជាងនឹកស្រុកមែន? ខ្ញុំធ្លោយមាត់ ថាអោយ ព្រោះ​ក្មេងនេះ ចូលចិត្ត ត មាត់ តសម្តី...
👦បងហ៎!​ ចេះតែថាហើយ... ខ្ញុំមានប្រុសមកពីណានឹក... 😂 😂 😂
🧔🤣🤣🤣 បងលាទៅវិញហើយ សុខសប្បាយតាមផ្លូវ បាយៗ។
ចេញផុតពីពួកគេ ខ្ញុំបន្តនិយាយទូរសព្ទ រាយការណ៍​គ្រប់យ៉ាងទៅបងខុម ដើម្បីបានយោបល់ពីគាត់ខ្លះៗ ក្នុងរឿងធារិត ។ ក្រោយពីស្តាប់ចប់ បងខុមគាត់ថាដូចខ្ញុំដែរ គឺ ពូអាណិកជននោះ គឺជា PD ពួកចាស់ចូលចិត្ត មានសិចជាមួយក្មេងៗក្រោម18ឆ្នាំ។ គាត់ថាគាត់ចង់បាន Acc FB ពូណឹង ដើម្បី ផ្តល់មុខសញ្ញាអោយក្រុមការងារគ្នាគាត់ ដែលធ្វើការលើការរំលោភបំពានផ្លូវភេទកុមារ។ ខ្ញុំ​ស្តាប់​គាត់និយាយដូចធំដុំ ខុសពីអ្វីខ្ញុំគិតតែគាត់ធ្វើក៏ដើម្បីជួយក្មេងៗខ្លាចត្រូវចាញ់បោកគេ។ ខ្ញុំសួរយោបល់គាត់ថា តើគួរអ្វីបន្តជាមួយធារិត? បងខុម គាត់ណែរនាំ អោយខ្ញុំ អូសទាញធារិត អោយឆ្ងាយពី មិត្តភត្តិជា gays បន្តិចម្តងៗ ហើយអោយងាកមករៀនសូត្រវិញ.... ។ ពេញមួយយប់ ខ្ញុំ​គេងគិតរកវិធីបែបណា ដើម្បីអូសទាញធារិតអោយឆ្ងាយពី រឿងជ្រួលច្របល់របស់គេ ព្រោះ​គេនៅក្មេងនៅឡើយ ចំពោះរឿងនេះ តែគិតមេចក៏នឹកមិនឃើញសោះ។
ថ្ងៃស្អែក ខ្ញុំ​និងបងខុមបានជួបគ្នាម្តងទៀត ពួកយើងបានពិភាគ្សាគ្នា ថាតើអូសទាញ ធារិតដោយរបៀបណា។
👩️ អូន អូនឯងមានវិធីអីអត់?
🧔ខ្ញុំ​គ្មានអ្វីនិយាយក្រៅតែពីប្រាប់គាត់ថា ពឹងខ្លួនឯងប្រសើរជាង ការប្រឹងស្រវ៉ាចាប់ អ្នកដទៃ អោយមកជួយខ្លួនអោយប្រសើរឡើង ព្រោះ​វាមិនស្ថិតថេរ មិនស្រួលដូចខ្លួនទីពឹងខ្លួនទេ។ តែខ្ញុំ ហាក់ដូចស្រពិចស្រពិលណាស់ថា ត្រូវផ្តើមពីណាទៅណា ទើបអាចដាក់គំនិតមួយនេះចូលក្នុងខួរក្បាល ធារិតបាន។ ខ្លាចយើងនិយាយបានត្រឹមនិយាយ គេមិនស្តាប់មិនធ្វើតាម...។
👩️ Ok អ្វីដែលអូននិយាយវាអត់ខុសទេ តែវាជាគោលដៅចុងក្រោយ យើងមិនអាចដើរមួយជំហានដល់ចំនុចណឹងទេ។ យើងត្រូវបំបែកវាជាចំនុចតូចៗ step by step ។ បងថា ដំបូងយើង ត្រូវកាត់បន្ថយការជួបជុំរបស់គាត់ជាមួយក្រុម ខ្ទើយរបស់គាត់ ដើម្បីអោយគាត់លែងសូវវក់វី ចង់ដើរលេង ភ្លេចរៀនសូត្រ។ ដើម្បីកាត់បន្ថយបាន គឺយើងកាត់ពេលទំនេរគាត់។ បងគិតថារកអ្វីអោយគាត់ធ្វើបន្ថែម ពេលសៅអាទិត្យ។ ចាំមើលបងពិភាគ្សាជាមួយប្រធានសាខា រកជ្រែដាក់គាត់អោយជួយការងារ ក្នុងអង្គការបន្ថែម។
🧔 ចុះដំណើរការ counseling យើងបន្តជាមួយគាត់ដោយរបៀបណាបង?
👩️ មិនអីទេ អូនក៏អាចធ្វើបានហើយ អូនអាចអោយគាត់និយាយរឿងរ៉ាវបាន ចឹងអូនបន្តសួរនាំ គាត់ 1សប្តាហ៍ម្តង។ ហើយចាំមកប្រឹក្សាជាមួយបង បើមានអ្វីប្រែប្រួលពេលក្រោយ។ បងទុកអោយអូនឯងបញ្ចេញស្នាដៃ ជាអតិថិជនទី1 របស់អូនហើយណា។
ធ្មេចបើកធ្មេចបិត ថ្ងៃណាត់និយាយជាមួយធារិតបានចូលមកដល់។ ខ្ញុំ បានត្រៀមស្នៀតកំពូលមួយទុកសំរាប់និយាយជាមួយធារិត បើសិនជាគាត់នៅតែបន្តរវើរវាយ ចង់បាន Sugar Daddy ទៀត ។
🧔 យ៉ាងមេចហើយធារិត កន្លងទៅមួយសប្តាហ៍នេះ ទាំងការសិក្សាក៏ដូចជាផ្លូវចិត្តប្អូន?
👦 បាទបង ការសិិក្សាគឺសន្សឹមៗ អាចតាមគេទាន់ខ្លះៗហើយ។ ចំណែកផ្លូវចិត្តវិញគឺប្រក្រតីធម្មតាទេបង។
🧔យ៉ាងណាដែរ មិត្តភត្តិប្អូន អាចរណៃ និង សង្សារគាត់ មានបានទាក់ទងអីមកប្អូនទេ?
👦 ពួកគាត់ ឈប់ទាក់ទងហើយបង តាំងពីខ្ញុំនិងពូបារាំងណឹង មិនអាចបន្តទៅមុខបាន។
🧔ប្អូនខឹងពួកគេ ទេ? ចុះបើគេមករាប់អានវិញគិតមេចដែរ?
👦 មិនជាខឹងអីទេបង! បើអាចរណៃ ខ្ញុំអន់ចិត្តនឹងវាខ្លាំងជាងសង្សារវា ព្រោះ​អាណឹងវាសម្តីខ្លាំង ខ្ញុំ​ចាំសម្តីវាដែលថាអោយខ្ញុំអត់ភ្លេចទេ។ ខ្ញុំ​មានអារម្មណ៍​ថាឈឺ... ដោយសារសម្តីមើលងាយរបស់វា... មកពីខ្ញុំគ្មានម៉ូតូជិះទៅណាក៏ពឹងវា ចឹងហើយទើបវាមើលមកខ្ញុំដូចកូនចៅដៃជើងវា។
🧔បងមិនបានហាមប្អូនក្នុងការរាប់អាននរណាទេ តែបងចង់អោយប្អូនដឹងពីចំនុចខ្លះៗក្នុងការសេពគប់មិត្ត។ បែបប្អូនធ្លាប់អានសៀវភៅ ឬមើលវីដេរអូ ជួបខ្លះៗហើយ តែបងចង់យកមកនិយាយជាថ្មីជាមួយប្អូន ក្នុងពេលនេះដើម្បីអោយប្អូនយល់ច្បាស់ ជាងមុន និងអាចធ្វើការសំរេចចិត្ត បានល្អប្រសើរជាងមុន។ ជាមិត្តណា%
- បើគេអបអរសាទរ រីករាយពេលឃើញប្អូនធ្វើអ្វីមួយបានល្អ ឬ គេអោយយោបល់ល្អៗដល់ប្អូនចង់អោយប្អូនរីកចម្រើន គេគឺជាមនុស្សល្អ។ បើធ្វើផ្ទុយគឺមិនល្អ
- បើគេមិនវាយតម្លៃប្អូន ធ្វើអោយប្អូនមានអារម្មណ៍ថាអន់ គេជាមិត្តល្អ។ ដូចករណីដែលចរណៃដៀលប្អូនថា ក្ររហាមហើយល្ងង់ មិនចេះឆក់យកឱកាស។ បងយល់ថាគាត់មិនមែនមិត្តល្អទេ ព្រោះ​ឱកាសដែលគាត់និយាយ បងមើលទៅជាអន្ទាក់ទៅវិញ។ គាត់នាំប្អូនចូលផ្លូវមិនល្អ ឬ មិនចង់អោយប្អូនបានល្អជាងគាត់។
- បើពេលខ្លះប្អូនធ្វើអ្វីរំខានអារម្មណ៍គេ គេមិនខឹងតែប្រាប់ប្អូនដោយសំរួល នោះមានន័យថាគេអោយតម្លៃប្អូន គេមិនចង់បាត់បង់ប្អូនក្នុងនាមជាមិត្ត នោះគេជាមិត្តល្អហើយ។ តែបើគេឆាប់ខឹង ចាប់កំហុស ដែលមិនសមជាធំដុំ នោះប្អូនគួរបន្ថយភាពលេងសើចឬស្និតស្នាលទៅ។ គេមិនបានទុកប្អូនជាមិត្តទេ ព្រោះ​គេពុំបានសង្កេតឬព្យាយាមស្គាល់់ចរិតប្អូន។ ករណីចរណៃដដែល គេមិនបានយល់អារម្មណ៍ប្អូនថា ទៅមិនរួចព្រោះពូណឹងចាស់ អាក្រក់... អីៗទេ គឺ គាត់គិតតែជម្រុញប្អូន និងស្តីបន្ទោសប្អូន ដែលតាមគិតទៅវាសមតែជាសិទ្ធិប្អូន ខ្លួនប្អូនសោះ។
- បើគេមិនព្រមស្តាប់ហេតុផលយើង ប្រកាន់ប្រកែកលុះក្ស័យ ប្រកែកទាំងកុហក់ គ្មានអៀនខ្មាស់ អាបែបណឹងក៏គួរតែឆ្ងាយពីគាត់ទៅ... គាត់យល់តែអារម្មណ៍គាត់ ហើយលែងមានភាពជាមនុស្សថ្លៃថ្នូក្នុងខ្លួនហើយ ព្រោះ​និយាយបំពានការពិត គ្រប់យ៉ាងដើម្បីតែបានឈ្នះ។ បងចង់អោយប្អូនស្គាល់និស្ស័យសន្តាន មនុុស្សអោយច្បាស់ បើគេនិយាយយកឈ្នះ ដោយហេតុផល ហើយដើម្បីអោយឃើញភាពត្រឹមត្រូវ អាណឹងជារឿងផ្សេងមួយទៀត គឺមកពីយើងមើលមិិនឃើញការពិត ហើយគេមិនបានប្រកែកដើម្បីិឈ្នះទេ តែដើម្បីសច្ចៈភាព។ មនុស្សបែបណឹងគេអាចធ្វើអោយយើងឈឺចិត្ត (បើយើងមនុស្សមានកំហុស)​ តែយើងនឹងបានដុះខាត់ខ្លួនអោយប្រសើរ បើយើងបើកចិត្តទទួល កំហុសខ្លួនឯង។
- បើគេប្រកាន់ ច្រើន ទាំងទង្វើយើងធ្វើទៅគ្មានប៉ះពាល់គេផង អាណឹងគាត់ជាមនុស្សបុិនសន្សំរឿង... ក៏ពិបាករាប់អានគ្នាដែរ។
ជារួមមក បងគិតថា ផ្អាកឬកុំធ្វើខ្លួនអោយស្និតស្នាលជាមួយ ក្រុមដែលគិតតែនាំប្អូន ភ្លើតភ្លើន ប្អូន 17ឆ្នាំ សល់ពេលសំរាប់សប្បាយច្រើនណាស់... វ័យនេះប្អូនត្រូវសន្សំចំណេះ អោយខ្លួនឯងសិន អោយរឹងមាំសិន ដើម្បីទៅថ្ងៃក្រោយ ខ្លួនឯង​អាចពឹងខ្លួនឯងបាន កុំរំពឹងចាំអ្នកណា ជួយឧបត្ថម្ភ វាមិនងាយស្រួលទេប្អូន។
👦បាទបង ខ្ញុំ យល់ហើយ។ ខ្ញុំ ឥលូវក៏រវល់ ក្រៅពីរៀនបន្ថែមនៅ Satellite,​ រៀននៅសាលារដ្ឋ,​ខ្ញុំនៅជួយការងារខាងស្ត្រីមានផ្ទៃពោះ ឥលូវសៅរ៍អាទិត្យ ត្រូវទៅជួយមើលក្មេងៗក្នុងកម្មវិធី មើលកុន។
🧔រវល់ចឹងមានពេលរៀនខ្លួនឯងដែរ?
👦 ធ្វើការល្ងាចៗមានកន្លែងណាមិនចេះសួរបងៗ លោកគ្រូៗ ដើរកាត់ទៅមកក៏អាចសួរបាន 😂😂😂
🧔បងជឿថាលោកគ្រូពួកគាត់សប្បាយចិត្ត ពេលឃើញប្អូនខិតខំ
👦 ហាហាហា លោកគ្រូ សារុន គាត់មិនសូវសប្បាយទេ ពេលសួរញឹក
🧔អូហ៍ គាត់តាប៉ុននឹង គាត់ដូចនឿយហត់នឹងគ្រួសារច្រើន លោកគ្រូដឹងតើ... តែប្អូនចេះអោយប្រយោជន៍ ជួយគាត់ខ្លះៗទៅ គាត់ស្រួលជាមួយហើយ។
👦 បើលោកគ្រូ ភា គាត់ល្អ ញញឹមមានប្រជាប្រិយសួរទីណាពេលណាក៏ឆ្លើយដែរ។
🧔ណឹងហើយលោកគ្រូគាត់ជាគ្រូគម្រូ បង Education Manager ក៏លឺសរសើរគាត់ដែរ។ ឃើញអត់ធារិត តាមពិតធារិត មានមនុស្សស្រលាញ់រាប់អាន ច្រើនតើ ហើយបើធារិតចេះក្តាប់ឱកាស រាប់អានពួកគាត់ ថ្ងៃក្រោយទៅប្អូន នឹងបានល្អ បានទាំងចំណេះរៀន ចំណេះទំនាក់ទំនង និងបណ្តាញទៅថ្ងៃក្រោយ។ ហើយលោកគ្រូ ក៏ជាផ្នែកមួយនៃបណ្តាញរបស់ប្អូនដែរ។
ធារិតគេហាក់ប្រែទឹកមុខញញឹម 
👦 បាទអរគុណលោកគ្រូ
🧔ចុះរឿងពូបារាំង លែងនឹកនាឬនៅ?
👦 ហិហិហិ...😂 នឹកក៏គ្មានបានអីមកវិញផងបង ខ្ញុំ​ឈប់គិតហើយ។
ខ្ញុំ លឺគាត់និយាយចឹង ក៏សំរេចចិត្តលាក់ទុកស្នៀតកំពូលសិន ចាំថ្ងៃណាគាត់រើឡើងវិញ ចាំដាក់ថ្នាំខ្លាំងណឹង។
(នៅមានត)

No comments:

Post a Comment