Breaking

Saturday, June 27, 2020

វិធីបញ្ឈប់ការឈឺចាប់ដោយសាស្នេហា!



ថាមពលស្នេហា ខ្លាំងជាងសព្វាវុធគ្រប់យ៉ាងនៅក្នុងលោក។ អាទិទេពបានបង្កើតវាឡើងសម្រាប់មនុស្សប្រុសស្រី។ ប៉ុន្តែ ខណៈដែលបេះដូងទាំងពីររលាយចូលគ្នា វាបានក្លាយទៅជាវិញ្ញាណអមតៈដែលអាទិទេពមិនអាចបំបែកបានទៅវិញ។
គ្រាដែលពួកគេទាំងពីររីកដុះដាលឡើងនូវគ្រាប់ពូជស្នេហា វាស្រស់បំព្រងជាងទេសភាពនៅរដូវផ្ការីក។ វាផ្អែមឆ្ងាញ់ជាងទឹកឃ្មុំដែលពួកភមរាខំពូតផ្ដុំ។ វាមានសូរពីរោះរណ្ដំជាងសំឡេងតន្ត្រីដែលគេប្រគំថ្វាយព្រះរាជា។ ប៉ុន្តែគ្រាដែលពួកគេទាំងពីរធ្លាក់ទៅក្នុងជ្រោះនៃភាពសោកសង្រេង វាប្រែទៅជាសភាពផ្សេងដែលមើលទៅសោះកក្រោះឥតខ្លឹមសារជាងរូបគំនូរដ៏ក្រវេមក្រវាមរបស់ពួកវិចិត្រករ ហើយគួរអោយរន្ធត់ជាងសោកនាដកម្មនៅក្នុងវណ្ណកម្មរបស់ពួកកវីនិពន្ធ។
កាលណាបេះដូងប្រេះបែកជាពីរ គេឮសូរសន្ធឹកដូចរញ្ជួយផែនដីនៅត្រង់ដើមទ្រូង គេឃើញទឹកជំនន់នៃរលកមហាសមុទ្រក្នុងកែវនេត្រា ហើយគេអន្ទះអន្ទែងក្រហល់ក្រហាយដូចកម្ដៅរាប់កោដិអង្សានៃបន្ទុះភ្នំភ្លើងដ៏មហិមា។ គ្មាននរណាប្រាថ្នាវាឡើយ។ វាឃោរឃៅណាស់។ ទណ្ឌកម្មនៃស្នេហាមានសភាពគួរអោយភ័យខ្លាចជាងគុកងងឹតដែលឃុំអ្នកនយោបាយស្នេហាជាតិ ឬឋាននរកដែលឃុំពួកប្រេតអសុរកាយទៅទៀត។
ប៉ុន្តែអ្នកអាចឃាត់ដំណើរគោចរនៃចក្រវាឡបានទេ? អ្នកអាចឃាត់សេចក្ដីមរណចំពោះសត្វលោកដ៏គួរអោយអាណិតខ្លោចចិត្តទេ?... អ្នកមិនអាចទេ! ចំណែកឯលំហូរនៃស្នេហាក៏ដូចគ្នា។ ហេតុនេះ ចូរអ្នកអនុញ្ញាតអោយអ្វីៗប្រព្រឹត្តទៅតាមលក្ខណៈធម្មជាតិរបស់វា បីដូចគេឈរមើលទឹកធ្លាក់ហូរពីលើកំពូលភ្នំចុះទៅក្រោម។ អ្នកអាចលួចហៅឈ្មោះគេនៅក្នុងដួងចិត្ត តែកុំបក់ដៃហៅអោយត្រឡប់មកវិញអី។ ចូរកុំឃាត់នូវការសម្រេចចិត្តចុងក្រោយនៃមនុស្សជាទីស្រឡាញ់របស់អ្នក ព្រោះវានឹងទៅជាការធ្វើបាបចិត្តទៅវិញ។
"If you love some body, let them go, for if the return, they were always yours. If the don't, they never were." (បើអ្នកស្រឡាញ់អ្នកណាម្នាក់ អោយគេទៅចុះ ព្រោះបើគេត្រឡប់មកវិញ គេនឹងជារបស់អ្នកជានិច្ច ប៉ុន្តែបើគេមិនមក គេមិនមែនជារបស់អ្នកទេ។) /កាលីល ស៊ីប្រង់ អ្នកនិពន្ធសៀវភៅស្នេហាបាក់ស្លាប/
អត្ថបទដោយ សហស្ថាបនិកកម្រងស្មេរ
#Khmer_Novel69

No comments:

Post a Comment