Breaking

Saturday, June 9, 2018

រឿង វាសនា (ភាគ៩)

រឿង វាសនា
(ភាគ៩)
និពន្ធដោយ . Rainy Son

#Khmer_Novel-69


អ្នកទាំងអស់គ្នាបានដឹងរួចមកហើយថា វិសុទ្ធបានចូលរួមប្រកួតប្រជែងការប្រលងតន្រ្តីវីយូឡុង ដើម្បីយកប្រាក់មកធ្វើការវះកាត់ជំងឺរបស់តារា។ តែជាលទ្ធផលវិសុទ្ធពុំទទួលបានអ្វីដែលគេបានរំពឹងទុកឡើយ។ វិសុទ្ធពិតជាមានការសោកស្តាយបំផុតចំពោះការខិតខំប្រឹងប្រែង និង លទ្ធផលដែលគេទទួលបាន។ ចំណែកឯតារាវិញគេបែរជាពេញចិត្តនឹងលទ្ធផលនេះ ដោយសារតែគេពុំដែលនឹងស្មានថាវិសុទ្ធនឹងអាចលេងវីយូឡុងបានល្អដល់កម្រឹតនេះឡើយ។ ណាមួយទៀតគេពិតជាមានមោទនភាព និង ពេញចិត្តយ៉ាងខ្លាំងចំពោះការលះបង់ដ៏អស្ចារ្យរបស់វិសុទ្ធក្នុងគោលបំណងតែមួយគត់គឺដើម្បីរូបគេ។
យប់ជ្រៅណាស់ទៅហើយ ក្រោយពីបញ្ចប់ការប្រកួត និង បានដឹងពីលទ្ធផល វិសុទ្ធមានការខកក្នុងចិត្តជាខ្លាំង។ វិសុទ្ធ និង តារាបានដើរត្រឡប់ទៅផ្ទះវិញដោយភាពសោកសៅដូចជាគ្មានវិញ្ញាណ នៅក្រោមពន្លឺព្រះចន្ទនាយប់ពេញបូរណ៍មី ខ្យល់សមុទ្របកមកល្វើយៗ សម្លេងរលកលឺសូរតិចៗ ប្រៀបបាននឹងសម្លេងតន្រ្តីពីឋានសួរគ៍។ វិសុទ្ធដើរមួយៗ មុខឈ្ងក់ទៅនឹងដី ចំណែកដៃកាន់វីយូឡុងយ៉ាងណែន។ តារាដើរពីក្រោយវិសុទ្ធ ប្រមាណជា១ម៉ែត្រ គេសម្លឺងមើលទៅវិសុទ្ធដោយមិនដាក់ភ្នែក ក្នុងសភាពព្រួយបារម្ភដោយសារតែសភាពរូបរាងកាយនិងអារម្មណ៍របស់វិសុទ្ធស្ថិតក្នុងសភាពបែបនេះ។ ពេលនោះគេចង់ទៅលូងលោមវិសុទ្ធណាស់ តែអារម្មណ៍មួយទៀតគិតថា ចង់អោយគេនៅស្ងប់ស្ងាត់ម្នាក់ឯងដោយចិត្តមិនចង់រំខានមនុស្សដែលខ្លួនស្រឡាញ់ឡើយ។ តើអ្នកណាអាចទ្រាំមើលមនុស្សដែលខ្លួនស្រឡាញ់ស្មើនឹងជីវិតស្ថិតក្នុងសភាពឈឺចាប់បែបនេះ? តើអ្នកណាខ្លះដែលមិនឈឺ? ដំណើរមួយៗឆ្លងកាត់ស្បៃរាត្រីដ៏សែនសោកសៅសម្រាប់គូស្នេហាមួយគូនេះបានធ្វើអោយគេទៅដល់មុខផ្ទះ។ ពេលទៅដល់មុខផ្ទះវិសុទ្ធបានឈប់ដំណើររបស់ខ្លួនដោយឈរនៅនឹងស្ងៀមមួយកន្លែងដូចមនុស្សរុក្ខជាតិ ចំណែកតារាក៏បានឈប់នៅពីក្រោយវិសុទ្ធដែរ។ តែរំពេចនោះវិសុទ្ធចាប់ផ្តើមមានអាការះចម្លែកផ្ទុះឡើង គេស្រែកយ៉ាងខ្លាំងដោយបង្ហាញពីការឈឺចាប់របស់គេ រួចក៏បានយកវីយូឡុងដែលនៅនឹងដៃយកទៅវាយកំទេចចោលនឹងផ្ទាំងថ្មដែលនៅក្បែរនោះ។ តារាក្រោយបានឃើញសភាពរបស់វិសុទ្ធបែបនេះ គេហាក់ដូចជាភាំងស្មារតីមួយគ្រា ចំណែកឯវិសុទ្ធវិញចេះតែបន្តវាយកំទេចវីយូឡុងទៅតាមចិត្តក្រោធខឹងរបស់គេ។ តារាបានស្ទុះទៅឃាត់វិសុទ្ធ ប៉ុន្តែវិសុទ្ធបានមិនបានស្តាប់ឡើយគេនៅតែបន្តវាយបំផ្លាញដដែល។ តារាបានទៅអោបវិសុទ្ធពីក្រោយខ្នងទាំងទឺកភ្នែកហូររហាម រូចថ្លែងទៅកាន់សំណព្វចិត្ត÷
- <ហេតុអ្វី បងធ្វើបែបនេះ? បងធ្វើបែបហ្នឹងប្រៀបបាននឹងយកកាំបិតមកចាក់ចំបេះដូងរបស់ខ្ញុំ ដឹងទេថាខ្ញុំឈឺចាប់ណាស់នៅពេលដែលឃើញបងស្ថិតនៅក្នុងសភាពបែបនេះ។ ទោះបីជាខ្ញុំត្រូវស្លាប់ក៏មិនចង់មើលឃើញបងនៅក្នុងសភាពបែបនេះដែរ។>
គ្រាន់តែលឺសម្តីរបស់តារានិយាយបែបនេះធ្វើអោយវិសុទ្ធផ្អាកសកម្មភាពរបស់ខ្លួនដោយឈរនៅស្ងៀមស្លាប់សម្តីដែលតារានិយាយ។ គេពិតជាឈឺចាប់ខ្លាំងណាស់ ទឺកភ្នែករបស់គេបានហូរកាត់ផែនថ្ពាល់ទាំងសងខាង ទឹកភ្នែកដែលពោរពេញទៅដោយការឈឺចាប់ ការខកចិត្ត និង ការភ័យខ្លាច។ វិសុទ្ធបានងាកក្រោយសម្លឹងមកកាន់តារាទាំងទឹកភ្នែកអ្នកទាំងពីរកំពុងតែប្រជែងគ្នាស្រក់គ្មានស្រាកស្រាន្ត។វិសុទ្ធដើរពីរជំហានទៅកាន់តារា គេយកដៃទាំងសងរបស់គេទៅជួតទឹកភ្នែករបស់តារាដែលកំពុងតែហូរចុះមកដូចទឹកបាក់ទំនប់ ដោយមិនបានខ្វល់ពីទឹកភ្នែករបស់ខ្លួនដែលកំពុងតែហូរស្រក់ចុះនោះឡើយ?
- <អោយបងសុំទោសដែលបងធ្វើបាបអូន បងពិតជាឈឺចាប់ និង ស្អប់ខ្លួនឯងណាស់ បងខ្លាច ខ្លាចថ្ងៃណាមួយអូនត្រូវចាកចេញពីបង។ តើអូនមានបានយល់ពីអារម្មណ៍របស់បងដែរទេ? តើអ្នកណាអាចទ្រាំចាំមើលមនុស្សដែលខ្លួនស្រឡាញ់ប្រៀបបានទៅនឹងជីវិតរបស់គេរងចាំថ្ងៃស្លាប់នោះ?>
ក្រោយពីវិសុទ្ធបាននិយាយចប់ តារាបានយកដៃរបស់គេ យកទៅចាប់ដៃរបស់វិសុទ្ធដែលកំពុងតែជូតទឹកភ្នែកដែលហូរលើថ្ពាល់របស់ខ្លួន ហើយភ្នែករបស់ពួកគេបាញ់សម្លឹងទៅរកគ្នាដោយមិនពព្រិច÷
- <អូនដឹង ថាបងស្រឡាញ់អូនខ្លាំងណាស់ ហើយអូនក៏ស្រឡាញ់បងលើសពីជីវិតរបស់អូនទៅទៀត។ បងដឹងទេអ្វីគ្រប់យ៉ាងព្រហ្មលិត និង វាសនាជាអ្នកកម្រឹត ទោះបីជាពួកយើងព្យាយាមយ៉ាងណាក៏មិនអាចកែប្រែបានឡើយ។ ទោះព្រហ្មលិខិតកម្រឹតអោយអូនស្លាប់នៅប៉ុន្មានខែខាងមុខ ឬ ថ្ងៃស្អែកក៏ដោយក៏អូនពេញចិត្តនឹងទទួលយកដែរ អូនមិនដែលសោកស្តាយឡើយ ព្រោះអូនបានស្គាល់បង និង បានដឹងថាអ្វីទៅជាស្នេហាពិត ស្នេហាដែលមិនប្រកាន់វណ្ណះ ជាពិសេសគឺភេទ។ មនុស្សជាច្រើនបានគិតថា ស្នេហាប្រុសនិងប្រុសគ្មានស្នេហាពិតទេ តែបងបានធ្វើអោយអូនបានយល់ច្បាស់ថាវាពិតជាមានស្នេហាពិតដូចគូស្នេហាប្រុសនិងស្រីដែរ។ មនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បានស្នេហាស្មោះ ស្នេហាដែលចេញពីបេះដូងពិតប្រាកដ មនុស្សជាច្រើនបានចំណាយពេលវេលា កំលាំងចិត្ត កាយ និង ពេលវេលាជាច្រើនដើម្បីស្វែងរកស្នេហាពិត តែពួកគេនៅតាមមិនបានសមប្រកបនឹងចិត្តប៉ងប្រាថ្នារបស់ពួកគេ។ ឯអ្នកខ្លះទោះបីខ្លួនស្លាប់ទៅហើយក្តីនៅតែមិនបានស្គាល់ថាអ្វីទៅជាស្នេហាពិត។ តែចំណែកពួកយើង គឺពួកយើងបានស្គាល់ហើយថានេះគឺជាស្នេហាពិត ទោះបីអូនស្លាប់ក៏អូនបានស្លាប់ទៅជាមួយស្នេហាស្មោះដែលសមបំណង មិនមែនស្លាប់ទៅដោយអោបយកភាពឯកានោះឡើយ។ អ្វីដែលអូនសោកស្តាយគឺអូនមិនបានមើលថែបងអោយបានយូរជាងនេះ មិនបានរស់នៅក្នុងវង្វង់ដៃដ៏សែនកក់ក្តៅរបស់បង អូនមិនអាចជួយសម្រេចបំណងរបស់បងដែលចង់រស់នៅជាមួយគ្នារហូតដល់ចាស់។ នៅលើមេឃដ៏ធំល្វឹងល្វើយ មានតារាជាច្រើនបានរះបង្អួតរាងគ្នា នៅយប់ណាមួយតារាមួយនេះនឹងមិនមានវត្តមានរះកំដរព្រះចន្ទទៀតឡើយ។ ទោះបីដឹងថាព្រះចន្ទនឹងសោកសៅ រងទុក្ខសោកសង្រេង តែថ្ងៃណាមួយនឹងមានតារាផ្សេងមកលូងលោមថ្នាក់ថ្នមជំនួសតារាដែលបាត់ពន្លឺជាក់ជាមិនខានឡើយ។ តែទោះជាយ៉ាងណាតារាមួយនេះនឹងមិនភ្លេចព្រះចន្ទឡើយ នៅតែចងចាំពន្លឺដ៏ស្រទន់របស់ព្រះចន្ទគ្មានថ្ងៃអវសាន្ត។ >
- <អូនកំពុងតែនិយាយស្អីហ្នឹង? អូនឆ្កួតទេ? អូនមិនអាចទៅចោលបងបានទេ អូនត្រូវតែជួយសម្រេចសុបិន្តរបស់បងសិន បងមិនអោយអូនទៅណាជាដាច់ខាត លើលោកនេះគ្មានេះគ្មានព្រហ្មលិខិត ឬ វាសនាអ្វីទេ អ្វីគ្រប់យ៉ាងគឺយើងជាអ្នកកំណត់ ហើយបងជាអ្នកកំណត់ថាអូនត្រូវតែនៅក្បែរបង មិនអាចចាកចោលបងបានទេ អូនត្រូវតែចាំ។ បងនឹងរកវិធីគ្រប់យ៉ាងដើម្បីជួយអូនទោះបីជាបងត្រូវដោះដូរជីវិតរបស់បងក៏ដោយ បងសុំសម្បថថាបងនឹងធ្វើវាអោយបាន>។
- <បងដឹងស្រាប់ហើយ ទោះបីជាយប់នេះបងបានឈ្នះ នឹងទទួលបានរង្វាន់ដែលជាទឹកប្រាក់គ្រប់គ្រាន់សម្រាប់ការវះកាត់របស់ខ្ញុំ តែបងភ្លេចហើយថា ភាគរយនៃការជោគជ័យវាមានតិចណាស់ ហើយអ្នកជំងឺជាច្រើនត្រូវបានស្លាប់ក្រោយការវះកាត់ ដូច្នេះពួកយើងដូចជាគ្មានសង្ឃឹមទេ>។
- <អត់ទេ ពួកយើងត្រូវតែមានសង្ឃឹម ទោះជាភាគរយតិចយ៉ាងណាក៏ដោយបងនឹងរកវិធីរកប្រាក់ដើម្បីអោយអូនវះកាត់ ហើយឈប់និយាយពីរឿងដែលអូនត្រូវស្លាប់ជាមួយបងទៀត បងមិនចូលចិត្តទេ ហើយបើអូននៅតែនិយាយបងនឹងខឹងអូនហើយ តើអូនយល់ទេ?>
គ្រាន់និយាយបានប៉ុណ្ណឺងវិសុទ្ធក៏បានរត់ចេញទៅទាំងទឹកមុខមាំ ដៃម្ខាងកាន់វីយូឡុងដែលបែកបាក់ស្ទើរតែគ្មានរូបរាង ឯដៃម្ខាងទៀតលួចជូតទឹកភ្នែកដែលស្រក់ចុះមក។ ចំណែកតារាវិញគ្មានពាក្យអ្វីនឹងតបទៅកាន់វិសុទ្ធឡើយ គេបានតែសម្រក់ទឹកភ្នែកដោយសារតែការអាណិតចំពោះសេចក្តីស្រឡាញ់ និង ស្នេហាស្មោះរបស់វិសុទ្ធ។ ជើងទាំងពីររបស់តារាទន់ដូចអត់ឆ្អឺងដែលទ្រទ្រង់រូបរាងកាយគេលេងបាន នឹងបានធ្វើអោយតារាដួលទៅលើខ្សាច់ ដៃទាំងគូរបស់គេក្ដាប់ខ្សាច់យ៉ាងណែន ទឹកភ្នែករាប់លានដំណក់បានស្រក់ទៅក្នុងខ្សាច់ដែលសក្បោះ គ្រាប់ខ្សាច់រាប់រយលានបានលាបត្របាក់យកទឺកភ្នែករបស់តារា។ “ហេតុអី…..?”តារាស្រែកទៅកាន់មេឃ ដៃដាល់ទៅលើខ្សាច់ដើម្បីបញ្ចេញកំហឹងតែខ្សាច់នៅតែធ្វើព្រងើយ ឯមេឃក៏មិនបានឆ្លើយនូវសំណួររបស់តារាដែរ។ និយាយពីវិសុទ្ធវិញ គេបានកាន់វីយូឡុងដែលបាក់បែកទៅកាន់បន្ទប់ទាំងទឹកភ្នែក ទៅដល់បន្ទប់គេអង្គុយទៅលើគ្រែ ហើយទាញយកវីយូឡុងដែលកាន់នឹងដៃយកមកមើលទាំងដៃញ័រទទ្រើក ទឹកភ្នែកដែលហូតមិនចេះខ្សោះបានហូរធ្លាក់ទៅលើវីយូឡុងដែលបែកបាក់ដោយសារស្នាដៃវិសុទ្ធ គេអោនថើបវីយូឡុងថ្មមៗ រួចក៏បានយកមកផ្អោបនឹងដើមទ្រូងរបស់គេ។ “តារាបងមិនមិនបណ្តោយអោយអូនទៅចោលបងនោះទេ បញ្ហាទាំងនេះបងជាអ្នកបង្កើតហើយពេលនោះបងជាអ្នកដោះស្រាយ បងនឹងធ្វើអោយវីយូឡុងដែលបានបាក់បែកមួយនេះត្រឡប់មកកូដលឺសូរសម្លេងពិរោះដូចដើម ទោះបីជាបងត្រូវលះបង់អ្វីគ្រប់យ៉ាងដែលបងមាន។ ពេលមុនបងបានលះបង់អ្វីគ្រប់យ៉ាងរបស់បងដើម្បីអូនម្តងរួចទៅហើយ ហើយពេលនេះបងនឹងមិនខ្លាចញញើតនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីអូនឡើយ” វិសុទ្ធនិយាយទៅកាន់វីយូឡុងដែលកំពុងតែអោបផ្អិបជាប់នឹងដើមទ្រូងយ៉ានណែន។ ប្រាកដណាស់វាពិតជាលំបាក នៅពេលដែលយើងដឹងថាមនុស្សម្នាក់ដែលយើងស្រឡាញ់និងត្រូវចាកចេញពីយើងដោយគ្មានថ្ងៃវិលត្រឡប់ ហើយការចាកចេញនោះគឺដោយសារតែកំហុសរបស់យើង។ វាមិនមែនជារឿងងាយទេ ដែលឃាត់មនុស្សម្នាក់មិនអោយឈឺចាប់ ហើយក៏មិនងាយដែលដែលព្យាយាមជួតទឹកភ្នែកគេទាំងទឹកភ្នែកខ្លួនឯងកំពុងតែស្រក់ចុះ។ តើអ្នកណាជាអ្នកកំណត់វាសនារបស់ពួកគេទាំងពីរ? តើវិសុទ្ធនឹងត្រូវធ្វើអ្វីខ្លះទៀតដើម្បីរក្សានៃចំណងស្នេហាដែលកំពុងតែស្ថិតក្នុងចង្កូមមច្ចុវាជបែបនេះ? តើជីវិតស្នេហាពួកគេនឹងទៅជាយ៉ាងណាទៅ?
រាត្រីដ៏សែនសោកសៅត្រូវបានរំលងផុត។ ព្រះអាទិត្យរះពីទិសខាងកើត ហើយនឹងលិចទៅបាត់នៅទិសខាងលិច។ ឯព្រះអាទិត្យ និង ព្រះចន្ទដែលជាគូគាប់មេត្រីនឹងគ្នាសុខចិត្តផ្លាស់ប្តូរវេនគ្នាដើម្បីបំរើក្តីសុខអ្នកដទៃ នោះហើយដែលគែហៅថាព្រហ្មលិខិត និង វាសនានៃធម្មជាតិ។ ព្រលឹមស្រាងៗ រាតាបានក្រោកពីដំណេកដូចសព្វមួយដង ជាទម្លាប់គេតែងក្រោកមុនវិសុទ្ធ តែព្រឹកនេះពេលដែលគេបើកភ្នែកមកមិនបានឃើញវិសុទ្ធឡើយ។ តារាគិតក្នុងចិត្តថា ប្រហែលជាវិសុទ្ធទៅរត់ហាត់ប្រាណបាត់ហើយ។ ដូច្នេះគេមិនសូវជាចាប់អារម្មណ៍ទេ ហើយការទៅបំពេញការងារដូចជារៀងរាល់ព្រឹក។ រយះពេលពេញមួយថ្ងៃដែលវិសុទ្ធបាត់ចេញពីផ្ទះ ទូរស័ព្ទក៏ត្រូវបានបិទខលទៅមិនចូល ជាហេតុធ្វើអោយតារាមានការព្រួយបារម្ភយ៉ាងខ្លាំង គេខិតខំស្វែងរកវិសុទ្ធគ្រប់ទីកន្លែងដែលវិសុទ្ធធ្លាប់ទៅ ទូរស័ព្ទសួរអ្នកដែលធ្លាប់ស្គាល់ក៏គ្មានអ្នកណាដឹងដែរ។ ពេញមួយថ្ងៃតារាគ្មានបានសម្រាកឡើយ គេមានការភិតភ័យនឹងព្រួយបារម្ភយ៉ាងខ្លាំង។ រសៀលណាស់ទៅហើយតារានៅតែមិនបានដឹងពីដំណឺងនៃការបាត់ខ្លួនរបស់វិសុទ្ធដដែល ដោយសារតែការលួងលោមពីមិត្តភក្តិនិងអ្នកដែលធ្លាប់ស្គាល់បានធ្វើអោយតារាដើរត្រឡប់មកផ្ទះវិញ។ ដើរមកផ្ទះបណ្តើរភ្នែកតារាចេះតែរំពៃរកមើលវិសុទ្ធបណ្តើរនៅក្នុងហ្វូងមនុស្សជាច្រើនតែនៅតែមិនបានឃើញវិសុទ្ធ។ ពេលព្រលុបទើបតារាមកដល់ផ្ទះ គេរំពឹងថាពេលមកដល់ផ្ទះនឹងបានឃើញវិសុទ្ធនៅផ្ទះ តែពេលមកដល់មុខផ្ទះបានធ្វើអោយតារាខកចិត្ត ដោយសារតែផ្ទះនៅក្នុងសភាពងងឹតគ្មាននរណាម្នាក់បើកភ្លើងឡើយ ដូច្នេះធ្វើអោយតារាបានដឹងថាវិសុទ្ធមិនបានមកផ្ទះឡើយ។ តារាបើកទ្វារចូលទៅក្នុងផ្ទះដោយអស់សង្ឃឺម ទឹកមុខស្លេកស្លាំង រូបរាងកាយទ្រុឌទ្រោម។ ចូលទៅដល់ក្នុងបន្ទប់គេងតារាបានឃើញសំបុត្រមួយច្បាប់នៅលើតុដែលមានកែវទឹកមួយសង្កត់ពីលើ។ តារាមានអារម្មណ៍ប្លែកនៅក្នុងចិត្ត និង ភ័យខ្លាចក្នុងការយកសំបុត្រមួយច្បាប់នោះមកអាន។ គេយកដៃថ្នមៗទៅចាប់យកសំបុត្រមកអានទាំងចិត្តមន្ទិលសង្ស័យនៅក្នុងចិត្ត។ ចាប់អានភ្លាមធ្វើអោយតារាបានដឹងថាសំបុត្រនោះគឺជារបស់វិសុទ្ធ ក្នុងខ្លឹមសារសេចក្តីថា “សួរស្តីក្មេងល្ងង់ សុំទោសដែរធ្វើអោយអូនបារម្ភនៅថ្ងៃនេះ បងមានរឿងដែលត្រូវធ្វើជាបន្ទាន់។ ដើម្បីជាការសុំទោសថ្ងៃស្អែកបងនឹងនៅចាំអូនឯមាត់ឆ្នេរដែលយើងតែងតែទៅ នៅម៉ោង៧ព្រឺក កុំភ្លេចណាបងរង់ចាំអូនទៅទីនោះ”។ ក្រោយពីបានអានចប់សេចក្តីនៃសំបុត្ររបស់វិសុទ្ធមកតារាមានអារម្មណ៍ធូរស្រាលចិត្ត តែក៏មានការងឺងឆ្ងល់ពីអត្ថន័យនឹងទង្វើរបស់វិសុទ្ធដែរ តារាគេមិនបានដឹងថាវិសុទ្ធនឹងធ្វើអ្វីនោះដែរ។ ចំណោទនៅក្នុងចិត្តរបស់តារាចេះតែកើតមានឡើងនៅកនុងចិត្តរបស់គេ តែនៅតែគ្មានអ្នកណាអាចឆ្លើយបានឡើយមានតែរង់ចាំនៅថ្ងៃស្អែក។
ក្នុងរយះពេលមួយយប់នោះតារាគេងមិនលក់ឡើយ គេបារម្ភអំពីវិសុទ្ធជាខ្លាំងដោយគេគិតខ្លាចក្រែងមានរឿងមិនល្អកើតឡើងចំពោះវិសុទ្ធ។ តារាដើរចុះដើរឡើង ភ្នែកសម្លឹងមើលតែនាឡិកា រង់ចាំពេលវេលាទៅជួបវិសុទ្ធ។ ម៉ោងប្រមាណជា៥ទាបភ្លឺ តារារៀបចំខ្លួនដើម្បីទៅរងចាំវិសុទ្ធនៅកន្លែងណាត់។ តារាបានទៅដល់ទីណាត់នៅម៉ោង៦ព្រឹកព្រះអាទិត្យចាប់ផ្តើមរះបញ្ចេញរស្មីចាំងទៅលើផ្ទៃសមុទ្រដែលប្រឌិតអោយក្លាយទៅជាកម្រាលព្រ៉យក្សពណ៌មាសលាតសន្ធឹងវែងឆ្ងាយដាច់កន្ទុយភ្នែក។ តារាអង្គុយរងចាំវិសុទ្ធនៅលើផ្ទាំងថ្មមួយដ៏ធំំដែលពួកគេតែងមកអង្គុយលេង មុខបែរទៅរកសមុទ្រ។ គេរងចាំវិសុទ្ធទាំងអារម្មណ៍នឹងកាយវិការតក់ក្រហល់។ តារាចេះតែក្រឡេកទៅមើលនាឡិកាដែលគេពាក់នឹងដៃ ម៉ោងប្រមាណជា៧ព្រឹកទៅហើយ តែនៅតែមិនទាន់ឃើញវិសុទ្ធមកដល់ទៀត។ រំពេចនោះតារាបានលឺសម្លេងល្វើយហៅឈ្មោះគេពីក្រោយខ្នងគេ តារាងាកក្រោយធ្វើអោយគេបានស្គាល់យ៉ាងច្បាស់នូវម្ចាស់សម្លេង គឺជាក្មេងប្រុសកូនអ្នកនេសាទម្នាក់ដែលមានអាយុ៧ឆ្នាំ ដែលគេតែងតែមកលេងជាមួយតារា និង វិសុទ្ធជាញឹកញ៉ាប់។ តារាញញឺមទៅកាន់ក្មេងប្រុសកូនអ្នកទេសាទ។ ចំណែកកូនក្មេងនោះបានរត់ទៅទាញដៃតារាក្នុងគោលបំណងអោយក្រោកឡើង នឹងទៅជាមួយគេ។ តារាបានទៅតាមទីតាំងដែលក្មេងប្រុសម្នាក់នោះនាំ។ ក្មេងប្រុសកូនអ្នកនេសាទបាននាំតារាទៅកាន់ចំណោតភ្នំមួយដែលនៅមិនឆ្ងាយពីទីនោះ។ ទៅដល់លើកំពូលភ្នំតារាបានឃើញព្រះវិហារកាតូលិកតូចមួយ តារាបានដើរចូលទៅតាមការនាំរបស់ក្មេងម្នាក់នោះ ព្រះវិហារដូចជាចាស់បន្តិច វារចនាម៉ូតតាមបែបបស្ចឹមប្រទេស តែវានៅតែរក្សាបាននូវភាពស្រស់ស្អាត។ ក្រាន់តែទ្វារព្រះវិហារបានបើកតារាបានមើលឃើញវិសុទ្ធយ៉ាងច្បាស់ដែលកំពុងឈររង់ចាំទាំងស្នាមញញឺមដ៏ស្រស់ថ្លា។ កម្រាលព្រំពណ៌ក្រហមឆ្អៅបានក្រាលជាផ្លូវរួចជាស្រេច លម្អដោយផ្កាកូលាបក្រហមដែលគេបានដាក់អមសងខាងជាផ្លួវដើរឆ្ពោះទៅកាន់រូបសំណាក់ឈើឆ្កាងដ៏ធំមួយ ដែលមានបុរសម្នាក់ឈររង់ចាំនៅទីនោះដែលគេស្គាល់គាត់យ៉ាងច្បាស់ថាជាលោកអាចារ្យដែលជាអ្នកមើលថែរក្សា និង គ្រប់គ្រងនៅទីនោះ។ តារាដើរបោះជំហានឈានជើងលើកម្រាលព្រំចូលទៅដោយសន្សឹមៗតាមការដឹកដៃពីសំណាក់កូនអ្នកនេសាទដោយបង្ហាញនូវទឹកមុខពីភាពមិនប្រាកដនិយម។ ចំណែកឯអ្នកដឹកដៃញញឹមបិទមាត់មិនជិតឡើយ។ អ្នកដឹកដៃបាននាំតារាទៅដល់កន្លែងដែលវិសុទ្ធអង្គុយរង់ចាំ វិសុទ្ធផ្តល់ស្នាមញញឹមដ៏កក់ក្តៅទៅកាន់តារា គេក្រោកឈរឡើងជាមួយនឹងបាច់ផ្កាកូលាបក្រហមនៅនឹងដៃ រួចក៏ហ៊ុចទៅអោយតារា។ ពេលនោះអ្នកដឹកដៃដ៏ឆ្នើមបានអស់តួរនាទីហើយគេបានប្រគល់ដៃតារាអោយទៅវិសុទ្ធ ឯវិសុទ្ធបានធ្វើខ្លួនជាព្រះរាជបុត្រដោយតារាអោបដៃឆ្វេងរបស់គេ។
ចំណែកតារាវិញមើលមុខវិសុទ្ធទាំងការងឺងឆ្ងល់ ដូចជាកំពុងតែស្ថិតនៅក្នុងសុបិន្តមួយដ៏វែងឆ្ងាយ។
- <បងធ្វើអីហ្នឹង? ខ្ញុំដូចជាមិនយល់ទេ ហើយហេតុអីបានជាមកនៅទីនេះ ក្រែងអោយខ្ញុំទៅជួបនៅកន្លែងចាស់?>
- <អូនមិនដឹង ឬ ធ្វើពើជាមិនដឹង? វិហារនេះជាកន្លែងដែលគេរៀបការ ហើយកន្លែងដែលយើងឈរនេះគឺសម្រាប់កូនកម្លោះកូនក្រមុំ។ ថ្ងៃនេះជាថ្ងៃរៀបការពួកយើងហើយ ទោះបីមិនមានអ្នកចូលរួមច្រើនតែវាជាមោទនភាពបំផុតដែលលោកអាចារ្យបានអនុញ្ញាតអោយពួកយើងបានរៀបការនៅទីនេះ ហើយបងក៏សុំទោសដែលបងមិនបានរៀបចំអោយបានល្អ តែបងព្យាយាមអស់ពីសមត្ថភាពហើយ។>
ក្រោយពីបានលឺសម្តីនេះតារាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង គេហារមាត់មិននិយាយបានចេញដោយសារតែស្លាក់ទឹកភ្នែក។ អារម្មណ៍រំភើប ការភ្ញាក់ផ្អើល និង ការខ្មាស់អៀនបានកើតឡើងចំពោះតារានៅពេលនោះ។ តារាទទួលយកបាច់ផ្កា និង បានលូកដៃទៅអោបដៃឆ្វេងរបស់វិសុទ្ធ។ ពួកគេទាំងពីរបានដើរទៅលើកម្រាលព្រំពណ៌ក្រហម និង មានការបាចផ្កាចំប៉ីសជាអំណោយកូនកំលោះតូចដែលជាកូនអ្នកនេសាទ។ នៅចំពោះមុខលោកអាចារ្យ វិសុទ្ធបានដក់យកចិញ្ជៀនដែលនៅក្នុងខោប៉ៅយកមកបំពាក់អោយតារា ហើយគេក៏អោយតារាយកចិញ្ជៀនមួយទៀតបំពាក់អោយគេវិញដែរ។ ពួកគេបានធ្វើតាមការណែនាំរបស់លោកអាចារ្យ ហើយអាពាហ៍ពិពាហ៍តាមបែបសាសនាកាតូលិកបានប្រព្រឹត្តទៅក្រោមការរៀបចំរបស់លោកអាចារ្យ ដែលមានការចូលរួមជាភ្ញៀវតែម្នាក់គត់គឺក្មេងប្រុសកូនអ្នកនេសាទ។ អាពាហ៍ពិពាហ៍ដែលកើតឡើងក្រោមដំណក់ទឺកភ្នែក ការឈឺចាប់ ការរំភើប រីករាយ ត្រូវបានធ្វើឡើង។ ផ្កាចំប៉ីសក្បោះបានបោះស្រោចទៅលើគូស្នេហាដែលកំពុងតែរៀបការ និងបានបេះចេញពីដៃរបស់ក្មេងប្រុសកូនអ្នកនេសាទម្នាក់។ បើមើលទៅអាពាហ៍ពិពាហ៍នេះដូចជាក្រៀមក្រោះណាស់ តែចំពោះតារា និង វិសុទ្ធ គឺជាពិធីដ៏អស្ចារ្យមួយដែលពួកគេមិនដែលនឹកស្មានដល់។ ពិធីអាពាហ៍ពិពាហ៍គួស្វាមីភរិយាមួយគូនេះត្រូវបានបញ្ចប់ទាំងស្នាមញញឺមនឹងសុភង្គល។
ក្រោយពីបញ្ចប់កម្មវិធីអាពាហ៍ពិពាហ៍ គូស្វាមីភរិយាថ្មីបាននាំគ្នាត្រឡប់ទៅផ្ទះវិញរួមជាមួយការជួនពរពីលោកគ្រូអាចារ្យ និង ដោយក្តីរំភើបរីករាយ។ ការពិតណាស់អាពាហ៍ពិពាហ៍គឺជាថ្ងៃជ័យសិរីមង្គលមួយដែលមនុស្សគ្រប់រូបតែងតែមានបំណងប៉ងប្រាថ្នាថានឹងបានរៀបមង្គលការជាមួយនឹងមនុស្សដែលខ្លួនស្រឡាញ់។ ប៉ុន្តៃមង្គលការសម្រាប់មនុស្សស្រឡាញ់ភេទដូចគ្នាវាពិបាកនឹងកើតឡើងណាស់ពីព្រោះតែបុគ្គលខ្លួនឯង គ្រួសារ និង សង្គម។ ចំពោះគូស្នេហ៍វិសុទ្ធ និង តារា ដោយសារតែសេចក្តីស្នេហាដ៏ស្មោះត្រង់ធំលើសអ្វីៗគ្រប់យ៉ាង រួមផ្សំជាមួយនឹងសេចក្តីក្លាហានបានធ្វើអោយពួកគេទាំងពីរឈានមកដល់ថ្ងៃនេះ។
នៅល្ងាចនៃថ្ងៃរៀបការពួកគេបានរៀបចំពិធីជប់លាងដ៏សាមញ្ញមួយសម្រាប់ពួកគេទាំងពីរនាក់នៅឯឆ្នេរសមុទ្រខាងមុខផ្ទះ។ តុតូចមួយរួមនឹងកៅអីពីរដែលមានកម្រាលក្រាលពណ៌សបានរៀបចំរួចជាស្រេច។ នៅលើតុមានទៀនមួយដើម និង ចានអាហារចំនួនពីរ កែវទឹកពីរ នៅជិតនឹងតុពួកគេបានបង្កាត់ជាភ្នក់ភ្លើងមួយដែលឆេះតិចៗ។ ម៉ោងប្រមាណជា៧យប់ទៅហើយពួកគេអង្គុយសាសងស្នេហាដូចគូស្នេហាដែលមកក្រេបទឹកឃ្មុំ។ ខ្យល់សមុទ្រដូចជាស្ងប់ដែលជាហេតុអំណោយទានដល់ទៀនមួយដើមដែលកំពុងតែឆេះនៅនឹងកណ្កាលតុ រលកសមុទ្របោកបកមកតិចៗប៉ះនឹងច្រាំងបង្កើតទៅជាសម្លេងតន្រ្តីកំដរដ៏សែនពិរោះជាប់ចិត្តបំភ្លេចមិនបាន។ ចំណែកឯផ្ទៃមេឃស្រឡះល្អហាក់ដូចជាជួយអបអរអោយពរជ័យគូស្នេហ៍មួយគូនេះដែរ ដោយពពកបានរសាត់បាត់ទៅអស់ដែលជាហេតុធ្វើអោយអ្នកដែលចូលចិត្តគយគន់មើលទៅដួងតារាងាយស្រួលក្នុងការមើល។ ដួងព្រះចន្រ្ទាយប់នេះរះមិនសូវជាមានពន្លឺឡើយតែនៅតែខំបញ្ចេញនូវពន្លឺរបស់ខ្លួនដើម្បីកំដរដួងតារារយពាន់ដែលកំពុងតែរះនៅលើមេឃតែមួយ។ ចំណែកតារាហាក់រះបង្អួតពន្លឺយ៉ាងចញ្ចាចនាពេលរាត្រីនោះហាក់គ្មានខ្វល់ខ្វាយអ្វីឡើយ។
- <វិសុទ្ធ អូនពិតជាអរគុណបងខ្លាំងណាស់ បងតែងតែធ្វើអ្វីអោយអូនភ្ញាក់ផ្អើល និង រំភើបចិត្តជានិច្ច អូនពិតជាស្រឡាញ់បងខ្លាំងណាស់។ ចង់ដឹងណាស់តើនៅថ្ងៃក្រោយបងនឹងមានអ្វីមកធ្វើអោយខ្ញុំភ្ញាក់ផ្អើលទៀត? តើឈប់លេងបែបនេះទៀតបងដឹងទេ នៅពេលដែលបងទៅមិនបានប្រាប់អូនមួយម៉ាត់បែបនេះ អូនពិតជាភ័យ និង បារម្ភខ្លាំងណាស់ អូនខ្លាចបងចាកចេញពីអូនទុកអោយអូននៅម្នាក់ឯង។>
- <ក្មេងល្ងង់ អូននៅតែល្ងង់ បងស្រឡាញ់អូនយ៉ាងនេះធ្វើម្តេចអោយបងបោះបង់អូនចោលបានទៅ?>
វិសុទ្ធតបទៅកាន់តារាទាំងស្នាមញញឺមតិចៗ ដូចជាមិនស្រឡះនៅក្នុងចិត្ត។ ចំណែកឯតារាវិញមានការពេញចិត្តនឹងសម្តីរបស់វិសុទ្ធខ្លាំងណាស់។
- <បងមានរឿងមួយដែលមិនទាន់ប្រាប់អូន ថ្ងៃស្អែកពួកយើងនឹងត្រួវត្រឡប់ទៅកាន់ទីក្រុងវិញ។ ព្រោះបងបានណាត់គ្រូពេទ្យដើម្បីពិនិត្យសុខភាព និង កំណត់ថ្ងៃវះកាត់របស់អូន។>
- <បងនិយាយថាម៉េច “វះកាត់”? តើបងបានប្រាក់មកពីណា? ហើយអូន អូន…….>
តារានិយាយទៅកាន់វិសុទ្ធទាំងអារម្មណ៍ភ្ញាក់ផ្អើល លាយឡំនឹងការភ័យខ្លាច។ ចំណែកឯវិសុទ្ធបានងើបចេញពីកៅអីទៅក្រសោបអោបតារាពីក្រោយដោយក្បាលរបស់គេដាក់នៅលើស្មារបស់តារា។
- <រឿងប្រាក់អូនកុំបារម្ភ បងបានជួបមិត្តភក្តិបងដែលគេទើបមកពីបរទេស គេបានអោយបងខ្ចីប្រាក់របស់គេសម្រាប់ចំណាយលើរាល់ការវះកាត់ និង ព្យាបាលជំងឺរបស់អូន។ សូមអូនកុំបារម្ភ បងសន្យាហើយថា បងនឹងរកប្រាក់អោយអូនវះកាត់ជាក់ជាមិនខាន។ ហើយអូនកុំបារម្ភពីការវះកាត់ព្រះបងបានទៅជួបនឹងគ្រូពេទ្យដែលមានជំនាញខាងនេះ ហើយគាត់ក៏មានឈ្មោះល្បីមកពីក្រៅប្រទេសដែរ។>
វិសុទ្ធបែរមកថើបកតារាមួយដង្ហើមយ៉ាងវែង។ ចំណែកតារាហាក់ភាំងបន្តិច គេសម្តែងអោយឃើញពីការមិនសប្បាយចិត្ត សេចក្តីភ័យខ្លាចពេលនេះបានត្រឡប់មករុំព័ទ្ធរូបរាងកាយ និង បេះដូងរបស់តារាម្តងទៀត។ តារាពិតជាមានការភ័យខ្លាចណាស់ គេខ្លាចការវះកាត់មិនបានជោគជ័យព្រោះការជោគជ័យមានតិចតួចណាស់ ហើយបើមិនទទួលបានជោគជ័យមានន័យថា តារានឹងត្រូវស្លាប់។ តើមានអ្នកណាដែលមិនខ្លាច មិនបារម្ភ និង មិនរន្ធត់?
- <អូនកុំបារម្ភ និង ភ័យខ្លាចអោយសោះបងមិនអោយអូនទៅណាទេ បងនឹងកាន់ដៃអូនអោយជាប់ ពួកយើងនឹងតស៊ូរជាមួយគ្នា អូនត្រូវសន្យាថានឹងមិនលែងដៃបងជាដាច់ខាត អូនដឹងអត់?>
- <បាទ បាទ អូនសន្យាថាអូនមិនលែងដៃបងទេ ហើយក៏គ្មានរឿងអាក្រក់កើតឡើងចំពោះអូនដែរ>
ទឹកភ្នែករបស់ពួកគេចាប់ផ្តើមហូរស្រក់មកទៀតហើយ។ តារាងាកក្រោយអោបវិសុទ្ធនៅក្នុងវង្វង់ដៃយ៉ាងណែន។ ចំណែកវិសុទ្ធយកដៃអង្អែលក្បាល និង ខ្នងរបស់តារា។
- <បងត្រូវតែសន្យាថាទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយបងមិនត្រូវយំទេចាប់ពីពេលនេះតទៅ។>
- <បាទ បងសន្យា។>
តារាយកដៃទៅជូតទឺកភ្នែករបស់វិសុទ្ធដែលកំពុងតែហូរស្រក់ ចំណែកវិសុទ្ធក៏បានជួយជូតទឺកភ្នែកតារាផងដែរ។ ពួកគេបញ្ចេញស្នាមញញឹមទៅរកគ្នាទាំងទឹកភ្នែក។
-<សន្សើមចាប់ផ្តើមធ្លាក់ហើយ ពួកយើងគួរចូលទៅក្នុងផ្ទះសម្រាកយកកម្លាំង ពីព្រោះថ្ងៃស្អែកពួកយើងត្រូវធ្វើដំណើរមួយថ្ងៃទៀត វាជាផ្លូវវែងឆ្ងាយណាស់>
វិសុទ្ធបាននិយាយទៅកាន់តារា រួចក៏បានអោយតារាជិះនៅលើខ្នងរបស់គេដើម្បីទៅផ្ទះ។ នៅតាមផ្លួវទៅផ្ទះពួកគេនិយាយគ្នាពីនេះពីនោះមិនឈប់។
- <អូនធ្ងន់អត់?>
- <អត់ទេ អូនគួរតែខំញ៉ាំអោយបានច្រើនជាងនេះ បងមិនចូលចិត្តមនុស្សស្គមៗទេ បើមិនខំញ៉ាំទេប្រយ័ត្នបងរត់ចោល។>
- <បើហ៊ាន ខ្ញុំហ្នឹង ហ្នឹង……………………..>
- <ហ្នឹងអី? និយាយចេញភ្លាមមក!>
- <គឺខ្ញុំហ្នឹង ហ្នឹងចាក់ក្រឡេកបងអោយស្លាប់>
និយាយចប់តារាយកដៃទៅចាក់ចង្កេះរបស់វិសុទ្ធដែលធ្វើអោយវិសុទ្ធរសើប ស្ទើរតែទំលាក់តារាពីលើខ្នងទៅហើយ។ ពួកគេសើចសប្បាយដើម្បីបន្លប់ទុក្ខទាំងអស់គ្នា។
- <OK បានហើយ បានហើយ បងរសើបណាស់ បងមិនរត់ចោលអូនទៅណាទេ>
តារាក៏បានឈប់ចាក់ក្រឡេកវិសុទ្ធហើយដៃទាំងគូអោបកវិសុទ្ធយ៉ាងជាប់ ឯវិសុទ្ធវិញក៏ចេះតែបោះជំហានបន្តដំណើរទៅមុខទៀត។ ទិដ្ឋិភាពពេលនោះពិតជាផ្អែមល្ហែមខ្លាំងណាស់ ទោះបីជាមានបញ្ហាខ្លះមករារាំងក៏ដោយ។
តើថ្ងៃស្អែកនឹងមានរឿងអ្វីកើឡើងបន្តទៀត? តើការវះកាត់របស់តារានិងទទួលបានលទ្ធផលបែបណា? ហើយតើប្រាក់ដែលត្រូវចំណាយក្នុងការវះកាត់ និង ព្យាបាលជំងឺរបស់តារាទាំងអស់ពិតជាបានពីមិត្តភក្តិរបស់វិសុទ្ធពិតមែន? តើមានអាថ៏កំបាំងអ្វីនៅពីក្រោយទឹកប្រាកដ៏ច្រើននេះ? តើគូស្នេហ៍មួយគូនេះនឹងមានបញ្ហាអ្វីកើតឡើងទៀត? សូមរង់ចាំអាននៅភាគបន្ទាប់ទៀត។ រីករាយថ្ងៃចុងសប្តាហ៍ទាំងអស់គ្នា តែកុំភ្លេចថាខ្ញុំត្រូវធ្វើការ។ “បណ្តុះទំលាប់អានអោយបានច្រើនប្រសិនបើអ្នកចង់ផ្តាស់ប្តូរជីវិតរបស់អ្នក” ។

No comments:

Post a Comment