Breaking

Thursday, November 7, 2019

រឿង «ភ្នែកខ្មោច» ភាគទី5


រឿង «ភ្នែកខ្មោច»ភាគទី5
និពន្ធដោយ : រដ្ឋធានី
#Khmer_Novel69




ណាខុនក្រោកឡើងឱបភរិយាម្ដងទៀត រួចនិយាយថា:
-''កុំគិតអ៊ីចឹងអី! សំរាប់បងដានីអូនជាវត្ថុដ៏មានតំលៃបំផុត!''
មីងពៅញញឹមខ្ជឹបពេលឃើញទិដ្ឋភាពបែបនេះ គាត់និយាយឡើងមកយ៉ាងផ្អែម ទាំងមុននេះគាត់មានអារម្មណ៍ខឹងនឹងកូនប្រសាយ៉ាងខ្លាំង:
-''មើលនាំដានីចូលឡានទៅកូនប្រសា! ម៉ាក់ទៅបើកថ្នាំទុកឲ្យដានីលេបនៅផ្ទះ!''
-''បាទម៉ាក់! ម៉ាក់ឲ្យកាបូបមកខ្ញុំម៉ោចាំខ្ញុំកាន់ឲ្យ! ហើយដានីអូនដើរឲ្យស្រួលណា៎៎!''
បន្ទាប់ពីបើកថ្នាំរួចហើយ មីងពៅដើរឡើងឡានដែលឈប់ចាំស្រាប់នៅពីមុខមន្ទីរពេទ្យ ហើយឡានក៏រំកិលខ្លួនរហូតដល់ខាងមុខទ្វាររបងភូមិគ្រឹះដ៏ធំស្កឹមស្កៃរបស់ណាខុន។ សុខៗស្រាប់តែឡានបែរជារលត់ដោយឯងៗ ធ្វើឲ្យអ្នកបញ្ជាយានលាន់មាត់:
-''អេ៎៎យ៉ាងម៉េចហ្នឹង? ស្រាប់តែរលត់ភ្លាមៗបែបនេះ! ត្រូវជិះទៅខេត្តផងថ្ងៃនេះ!''
-''ឡានខូចមែនទេកូនប្រសា?''
-''មិនអាចទេម៉ាក់! ម្សិលម៉ិញទើបចូលឲ្យជាងមើលឲ្យសោះហ្នឹង!'' ថាហើយណាខុនបើកទ្វារឡានចេញមកបើកកាប៊ីនខាងមុខមើល ឯមីងពៅក៏ប្រមូលឥវ៉ាន់បំរុងនឹងចេញមកក្រៅ តែក៏ផ្ដាំដានីថា:
-''កូនអង្គុយចាំក្នុងឡានហ្នឹងហើយ! កុំដើរចេញក្រៅផ្ដេសផ្ដាសក្រែងភ្នែកប៉ះពន្លឺថ្ងៃនាំឲ្យពិបាក!''
ដានីញញឹមទាំងបន្លប់អារម្មណ៍ឈឺ ព្រោះតែពេលនេះនាងកំពុងឈឺក្បាលខ្លាំង តែនាងមិនហ៊ានប្រាប់ម្ដាយ ព្រោះខ្លាចមីងពៅមិនសប្បាយចិត្ត នាងបានត្រឹមតែបិទភ្នែកសំងំគេងក្រែងអាការៈឈឺក្បាលបានធូរខ្លះ។
ឡានរបស់ណាខុនរលត់ឯងៗដោយគ្មានមូលហេតុបែបនេះ បណ្ដាលមកពីឬទ្ធានុភាពរបស់ព្រះភូមិអ្នកម្ចាស់ថែរក្សាទឹកដី។ អង្គព្រះភូមិបាននិមិត្តខ្លួនឡើងមក ព្រះហស្ថម្ខាងច្រត់ចង្កេះនិងម្ខាងទៀតចង្អុលមកកាន់ឡានរបស់ណាខុន ហើយឧទានឡើងមកក្ដែងៗ:
-''ឆាប់ទៅវិញទៅ! ក្នុងនាមយើងជាអ្នកថែរក្សាទីបរិវេណនេះ! យើងមិនអនុញ្ញាត្តិឲ្យពពួកអមនុស្សមានសន្ដានចិត្តចងកម្មអាឃាតដូចជាឯងចូលទីនេះឡើយ!!''
វិញ្ញាណខ្មោចសុវណ្ណដែលសំងំស្ងៀមមួយសន្ទុះហើយ បានប្រាកដខ្លួននៅចំពោះមុខព្រះភូមិ តបវិញដោយឥតខ្លាចរអែង:
-''នែតាកញ្ចាស់! សម្បត្តិត្រឹមអ្នកមើលថែដីដូចជាឯងមានសិទ្ធអីមកហាមឃាត់យើងបាន!''
-''យើសសំដីថ្លោះណាស់អាខ្មោចអប្រិយ! ដរាបណាម្ចាស់ផ្ទះលោកមិនបានហារមាត់អញ្ជើញឯងចូលទៅខាងក្នុង! ឯងកុំសង្ឃឹមថាអាចចូលបានឲ្យសោះ! ហាស់ៗៗហា...''
ខ្មោចសុវណ្ណក៏រលាយសូន្យពីមុខអង្គព្រះភូមិ គេចូលមកក្បែររាងកាយដានី ហើយប្រើថាមពលបញ្ជានាង ទោះបីឥទ្ធិពលខ្សែសីម៉ាកំពុងបញ្ចេញឬទ្ធិមកកំឡោចដុតរោលខ្លួនគេយ៉ាងណាក៏ដោយ។
ចំណែកឯណាខុនឯណេះវិញខំរកមើលគ្រប់កន្លុកកន្លៀតក្រែងលោមានកណ្ដុរមកកកេរខាំដាច់ខ្សែភ្លើង ទើបធ្វើឲ្យឡានរលត់ តែទោះខំពិនិត្យមើលយ៉ាងណាគ្រប់យ៉ាងគឺនៅល្អដូចដើម គេដើរចូលមកអង្គុយបញ្ឆេះកាច់សោរឡើងចុះតែនៅតែគ្មានលទ្ធផល។ នៅសុខៗដានីងើបឆ្ងក់ធ្មឹងៗដូចមនុស្សគ្មានវិញ្ញាណ ព្រោះកំពុងត្រូវខ្មោចសុវណ្ណគ្របសង្កត់បញ្ជាឲ្យហើបមាត់និយាយតាម:
-''បងណាខុន!''
ណាខុនរាងភ្ញាក់បន្តិចដែរ ពេលឮដានីស្រែកហៅឈ្មោះ នាយក៏ងាកមកនិយាយជាមួយ:
-''យ៉ាងម៉េចដានីអូន!''
-''បងណាខុនអនុញ្ញាត្តិឲ្យខ្ញុំចូលផ្ទះបងដែរឬទេ?''
ណាខុនធ្វើមុខពេញដោយចំងល់ តបវិញថា:
-''បានៗ! ផ្ទះបងក៏ដូចជាផ្ទះអូនដែរតើ!''
-''ចូលបានទាំងអស់មែនទេ? ទាំងកាយទាំងចិត្តទាំងកែវភ្នែកថ្មីរបស់ខ្ញុំ!!!''
-''ហ៉ឹសៗហាហា៎៎! អូនកំពុងនិយាយកំប្លែងឲ្យបងសើចមែនទេ? បងអនុញ្ញាត្តិឲ្យចូល... ទោះអ្វីក៏ដោយក៏អាចចូលបានទាំងអស់!''
វិញ្ញាណខ្មោចសុវណ្ណលែងគ្រប់គ្រងលើដានី គេបញ្ចេញស្នាមញញឹមគួរឲ្យខ្លាចទៅកាន់អង្គព្រះភូមិ ហើយរថយន្តរបស់ណាខុនបានប្រែមកធម្មតា បញ្ឆេះម៉ាស៉ីនវិញដោយឯងៗ។ ណាខុនភ្ញាក់ក្រញាង ភ្លាត់មាត់លាន់ថា:
-''ចុមយក្ស! វាកើតអីហ្នឹង? ប្រហែលត្រូវប្ដូរឡានថ្មីហើយ! បើប្ដូរឡានថ្មីអូនចង់ជិះម៉ាកអីដែរ? (ងាកមករកដានី) អីយ៉ាគេងលក់បាត់ហើយ! ម៉ិញនេះនៅនិយាយហ្នឹងបងសោះ!''
ចូលមកដល់បរិវេណខាងក្នុង ណាខុនដាស់ដានីឲ្យភ្ញាក់ពីដំណេក ហើយត្រកងបណ្ដើរភរិយារបស់ខ្លួនចូលទៅខាងក្នុងផ្ទះ។ វិញ្ញាណខ្មោចសុវណ្ណក៏បណ្ដែតជាប់ក្បែរដានី ទោះបីចូលមកដល់ក្នុងផ្ទះមានជំនាងអ្នកថែរក្សាក៏ដោយក៏មិនអាចធ្វើអ្វីមកលើគេបានឡើយ ព្រោះគេបានទទួលការអនុញ្ញាត្តិពីម្ចាស់ផ្ទះរួចហើយ។ ខ្មោចសុវណ្ណញញឹមយ៉ាងសាហាវទៅកាន់នាងក្រមុំជំនាងផ្ទះ ដែលកំពុងតែចង្អុលមករកគេ ប៉ុន្តែគ្មានសិទ្ធធ្វើអ្វីមកលើគេបានឡើយ។ ពេលដើរមកដល់ពុទ្ធបដិមាតំកល់លើអាសនៈ ពន្លឺឆព័ណ្ហរង្សីបញ្ចេញរស្មីភ្លឺចិញ្ចែងចិញ្ចាចបានស្រោចពន្លឺបាចជះលើព្រលឹងខ្មោចសុវណ្ណ ធ្វើឲ្យគេឈឺចុកចាប់ជាអនេកស្រែករោទិ៍សន្ធោរ:
-''អួយ៎៎ក្ដៅណាស់! ក្ដៅ.... ក្ដៅ! អ្ហាយ!..................'' សុវណ្ណស្រែករហូតដល់ផ្សារភ្ជាប់ជាមួយនឹងកែវភ្នែករបស់គេដែលកំពុងស្ថិតនៅលើដានី បណ្ដាលឲ្យដានីធ្មេចភ្នែកខ្ទប់ស្រែក:
-''អួយ៎៎!'' រកកលនឹងដួលទាំងជំហរ ប៉ុន្តែសំណាងល្អត្រូវណាខុនស្ទុះចាប់ខ្លួននាងជាប់សួរថា:
-''យ៉ាងម៉េចហ្នឹងដានី!? ភ្នែករបស់អូនកើតអី?''
មីងពៅក៏រត់ចុះពីជាន់លើ មកក្បែរសួរដោយការបារម្ភ:
-''អីយ៉ាដានី! ខ្ទប់ភ្នែកធ្វើអី? ឈឺខ្លាំងមែនទេ? ឬត្រូវទៅមន្ទីរពេទ្យវិញ!!''
ដានីដកដៃចេញពីភ្នែក គ្រវីក្បាលនិងនិយាយថា:
-''មុននេះមិនដឹងយ៉ាងម៉េចទេ? ស្រាប់តែមានអារម្មណ៍ថាក្ដៅភ្នែកខ្លាំងណាស់! ដូចគេយកភ្លើងមកដុត! តែឥលូវលែងអីហើយធម្មតាវិញហើយ! បងនិងម៉ាក់កុំបារម្ភអី!''
-''អីយ៉ាមិនកើតទេ! កូនប្រសាឆាប់នាំដានីឡើងទៅសំរាកនៅខាងលើតែម្ដងទៅ!''
-''បាទម៉ាក់! តោះអូនដើរឡើងជណ្ដើរឲ្យស្រួល!''
ជាសំណាងល្អពេលដានីរកដួល ណាខុនបានស្ទុះចូលមក ហើយគេបានឈរបាំងចំពីមុខពុទ្ធបដិមា ធ្វើឲ្យពន្លឺនៃព្រះធម៌មិនអាចធ្វើអ្វីមកលើព្រលឹងខ្មោចសុវណ្ណបាន ហើយគេក៏បណ្ដែតត្រសែតវិញ្ញាណហោះឡើងទៅជាន់លើបាត់ទៅ។
- - - - - - - - - - - - - - - - - - - -
វេលាយប់ម៉ោងប្រាំពីរដារ៉ូចេញពីធ្វើការដូចសព្វមួយដង ប៉ុន្តែគេមិនទាន់ចូលផ្ទះទេ គេតំរង់ចង្កូតម៉ូតូចូលអាហារដ្ឋានមួយកន្លែង កម្ម៉ង់ស្រានិងសាច់ក្លែមយកមកផឹកតែម្នាក់ឯង។ ផឹកស្រាបណ្ដើរៗ ហើយក្នុងខួរក្បាលគិតចេញតែរឿងស្មុគស្មាញ:
-''យប់ម៉ិញ! ហេតុអីក៏ឯងបណ្ដោយខ្លួនឲ្យវាកើតឡើងបែបនេះ!? ឯងគ្មានមុខឯណាទៅជួបបងស្រីឯងទេ! ឯងនេះវាអាក្រក់ខ្លាំងណាស់ហ៊ានលូកថ្លើមបងស្រីខ្លួនឯងទៅរួច? ចុះបើម៉ាក់ដឹង?? តើគាត់ខកចិត្តនឹងឯងខ្លាំងប៉ុនណាទៅ? ឯងនេះមិនសមធ្វើជាកូនរបស់ម៉ាក់ទៀតទេ!!''
កាន់តែគិតកាន់តែធ្វើឲ្យដារ៉ូស្មុគស្មាញខ្លាំងឡើង តើឲ្យគេសំរេចចិត្តបែបណា? បើអារម្មណ៍ដែលគេមានលើណាខុន វាលើសពីពាក្យថាបងប្អូន ហើយពាក្យដែលណាខុននិយាយថាស្រលាញ់គេ វាបានឮងំក្បែរត្រចៀកគេពេញមួយថ្ងៃមកហើយ។ ទោះខំប្រឹងរកដំណោះស្រាយយ៉ាងណានៅតែគ្មានលទ្ធផល ឬតំរូវឲ្យគេធ្វើធម្មតាដូចពីមុនវិញ តើដារ៉ូអាចធ្វើបានទេ?
កំពុងតែត្រមង់ត្រមោចតែម្នាក់ឯង ក្រុមរួមការងារជាមួយដារ៉ូបួនប្រាំនាក់ ដើរចូលមកបានឃើញគេ ម្នាក់ក្នុងចំណោមពួកគេស្រែកឡើងថា:
-''អ្ហា៎៎ដារ៉ូ! បែរជាមកអង្គុយផឹកតែម្នាក់ឯង! នែពួកយើងម៉ោះម៉ោអង្គុយតុជាមួយដារ៉ូ!''
ដារ៉ូឃើញក្រុមការងារបែបនេះ គេខំបន្លប់បិទបាំងអារម្មណ៍មិនល្អ ហើយតបវិញថា:
-''អ៉ើចូលម៉ោៗ! បើដឹងថាមកកន្លែងតែមួយជាមួយគ្នាបែបនេះ! ខ្ញុំចាំមកជាមួយពួកឯងបាត់!''
- - - - - - - - - - - - - - - - - - - -
-''សូមអភ័យទោសលេខទូរសព្ទដែលលោកអ្នកកំពុងហៅមិនអាចទាក់ទងបានទេនៅពេលនេះ!''។ មីងពៅដកទូរសព្ទចេញពីត្រចៀក ភ្នែករំពៃរ៍សំលឹងមើលទៅក្រៅផ្ទះ ហើយរអ៊ូតែម្នាក់ឯងថា:
-''ហ៉ើយ!... តេទៅមិនចូល! ម៉ោងប្រាំបីកន្លះហើយនៅមិនទាន់មកផ្ទះវិញទៀត! កូននេះយ៉ាប់មែន!...''
មីងពៅកំពុងរង់ចាំមើលផ្លូវកូនប្រុសត្រលប់មកពីធ្វើការវិញ គាត់បន្តហៅទូរសព្ទទៅរកដារ៉ូជាបន្តទៀត ប៉ុន្តែនៅតែមិនអាចភ្ជាប់ការទាក់ទងបាន គាត់ឈរមើលផ្លូវអស់មួយសន្ទុះធំ ទើបសំរេចចិត្តដើរឡើងទៅជាន់លើ រួចចូលទៅមើលដានី។
-''នៅមិនទាន់គេងទេឬដានី? (មីងពៅសួរ)''
-''នៅមិនទាន់ងងុយទេម៉ាក់! កំពុងចាំមើលផ្លូវដារ៉ូ! ថ្មើរនេះហើយនៅមិនទាន់ឃើញមកដល់ផ្ទះទៀត!''
-''ហ៉ឺ!... ម៉ាក់តេទៅគេច្រើនដងហើយ តែតេមិនចូលសោះ!''
-''តិចលោប្អូនគេជួបរឿងអីមិនល្អទៅម៉ាក់!!!''
-''ម៉ាក់ថាដារ៉ូប្រហែលរវល់រឿងការងារច្រើនជាង! ព្រោះតែងតែឮគេរអ៊ូរឿងការងារថារវល់ៗៗៗគ្រប់ៗតែពេល! ស្ដាយណាស់ដែលប្ដីកូនឯងចុះទៅខេត្តបាត់! កុំអីម៉ាក់នឹងសួរហើយថាដារ៉ូគេទំលាប់មកផ្ទះយប់ជ្រៅបែបនេះយូរប៉ុនណាហើយ?''
-''បើដូចម៉ាក់មានប្រសាសន៍ខ្ញុំរាងធូរចិត្តបន្តិច! បើរវល់រឿងការងារគឺល្អហើយ! ហើយម្យ៉ាងដារ៉ូគេធំពេញកំលោះហើយម៉ាក់! ឲ្យគេដើរលេងលំហែរអារម្មណ៍ខ្លះក៏ល្អដែរ!''
-''ហ៉ឹសកូនឯងនេះ! កាន់ជើងគ្នាបានល្អណាស់! ហើយនេះកូនលេបថ្នាំហើយឬនៅហ្នឹង?''
-''(គ្រវីក្បាល) នៅមិនទាន់ទេម៉ាក់!''
-''ពុទ្ធោ! ញ៉ាំបាយរួចឡើងមួយសន្ទុះធំហើយនៅមិនទាន់លេបទៀត? ម៉ោះឆាប់មកណេះ!'' មីងពៅចាប់អូសដៃដានីដែលឈរអែបក្បែរមាត់បង្អួចឲ្យឡើងមកលើគ្រែ និងបើកយកថ្នាំប្រគល់ឲ្យដានី:
-''ឆាប់ញ៉ាំថ្នាំទៅកូនអាលនឹងបានសំរាក! ហើយលើកក្រោយៗឈប់ធ្វើអ៊ីចឹងទៀត!''
-''ចាសម៉ាក់!'' ដានីទទួលយកថ្នាំយកមកលេប ហើយក៏ប្រះខ្លួនគេងលើពូកដ៏ទន់ល្មើយ។ មីងពៅទាញភួយដណ្ដប់ឲ្យកូនស្រីជាទីស្រលាញ់ ហើយគាត់ងើបដើរចេញបិទភ្លើងបិទទ្វារទុកឲ្យដានីបានសំរាក។
មីងពៅដើរចូលមកសំរាកបន្ទប់ម្ខាងទៀត ជាប់ក្បែរនឹងបន្ទប់ដានី។ ដាក់ក្បាលដល់ខ្នើយមីងពៅលង់លក់ភ្លាម ដោយអំណាចនៃភាពងងុយ។ លង់លក់បានមួយស្របក់ធំ មីងពៅប្រែខ្លួនទៅមកចេះតែរសេសរសុសរសាប់រសល់ បូកផ្សុំនឹងសំលេងឆ្កែលូឮឡើងគ្រលួច រហូតធ្វើឲ្យមីងពៅងើបឡើងអង្គុយរអ៊ូ:
-''យី!... ឆ្កែមកពីណាអីក៏លូខ្លាំងយ៉ាងហ្នឹងវ៉ី?? ផ្ទះកូនប្រសាដូចអត់មានចិញ្ចឹមឆ្កែទេ! ម៉េចឮដូចនៅក្បែរៗនេះអ៊ីចឹង?? សង្ស័យថាពួកវាលួចចូលមកហើយ!''។ ដោយទ្រាំមិនបាននឹងសំលេងឆ្កែលូកងរំពងប្រដេញគ្នា មីងពៅចុះពីលើគ្រែបំរុងនឹងទៅដេញឆ្កែដើម្បីកុំឲ្យមករំខាន។ ឈានបានបីជំហ៊ានសំលេងឆ្កែលូបាត់ទៅវិញបាត់ មីងពៅចាប់ផ្ដើមព្រឺបះរោមតិចៗ:
-''អឹស!... លែងឮសំលេងហើយ! យីពួកអាឆ្កែអស់នេះលូធ្វើមើល៍តែឃើញខ្មោច!!!'' គាត់ត្រលប់ខ្លួនដើរមកអង្គុយលើពូក ហើយក៏ឮសូរ(ស្រិប... ស្រិប... ស្រិប...) ដូចស្នូរសំលេងមនុស្សកំពុងដើរនៅខាងក្រៅ។ មីងពៅផ្ទៀងត្រចៀកស្ដាប់ នឹកភ្នកថាជាស្នូរជើងដារ៉ូ គាត់ប្រញាប់ស្ទុះងើបដើរមកបើកទ្វារ ស្រាប់តែ(ម៉ែវ.......) ឆ្មាសំបុរខ្មៅក្រឹបភ្នែកភ្លឺដូចពេជ្រមួយក្បាល លោតផ្លោងមករកមីងពៅ។ មីងពៅស្រវេស្រវាអុកគូទដល់កំរាលឥដ្ឋ ភ័យញ័រខ្លួនតតាត់ភ្ញាក់ក្រញាង។ លុះឆ្មានោះរត់ចេញទៅបាត់ មីងពៅក្រោកឡើងរឹតទ្រូងនិយាយថា:
-''ហ៉ើយ!... លួសព្រលឹងអស់ហើយ! ជាឆ្មាសោះតែស្នូរដើរដូចជើងមនុស្ស! មិនសមសោះ!''
មីងពៅប្រុងបិទទ្វារបន្ទប់វិញ តែក៏ឆ្លៀតអើតក្បាលសំលឹងមើលបន្ទប់ដានី ប៉ុន្តែបែរជាចំហរទ្វារធ្លុងទៅវិញ:
-''អេ៎៎ម៉េចក៏?... ឬស្នូរជើងមុនហ្នឹងរបស់ដារ៉ូ? ឬកូនប្រសាត្រលប់មកវិញហើយ? ក្រែងថាទៅបីថ្ងៃ! ម៉េចក៏ឆាប់មកវិញម្ល៉េះ? ដូចមិនកើតទេ! ដើរទៅមើលឲ្យអស់ចិត្តសិន!''
មីងពៅបោះជើងដើរចេញពីបន្ទប់ ដើរមកចូលបន្ទប់កូនស្រី ភាពតក់ស្លុតកើតឡើងភ្លាមមួយរំពេច ក្រោយឃើញបុរសម្នាក់ស្លៀកឈុតពណ៌ឈាមជ្រូកឈរបែរខ្នងនៅក្បែរកូនស្រី។ គាត់ស្រែកឡើងភ្លាម:
-''ឯងជាអ្នកណា? ម៉េចអាចចូលមកផ្ទះនេះបានហា៎៎??'' មីងពៅក៏ស្ទុះចូលទៅចាប់កញ្ឆក់ខ្លួនបុរសអាថ៌កំបាំង ពេលគេបែរមុខមកចំមុខរបស់គាត់ ធ្វើឲ្យមីងពៅភ័យញ័រដកដង្ហើមផឺតផតៗ ព្រោះតែបុរសម្នាក់នេះមានឈាមហូរស្រោចពេញផ្ទៃមុខ ឯប្រឡោះភ្នែកប្រហោងគ្មានគ្រាប់ភ្នែក ហើបមាត់និយាយថា:
-''យើងត្រូវការគ្រាប់ភ្នែករបស់យើងមកវិញ!!'' និយាយរួចខ្មោចសុវណ្ណបណ្ដែតខ្លួនយ៉ាងលឿនទៅក្បែរដានី យារដៃប្រុងចាប់ខ្វេះយកគ្រាប់ភ្នែក។
មីងពៅឃើញបែបនេះគាត់រឹតតែភ័យចូលមកលុតជង្គង់ លើកដៃសំពះសុំក្ដីមេត្តា:
-''កុំៗ! កុំធ្វើអីលើកូនស្រីខ្ញុំ! បើអ្នកជាម្ចាស់កែវភ្នែកនេះពិតមែន! សូមអ្នកយកជីវិតខ្ញុំជំនួសវិញចុះ! ឬចង់ឲ្យខ្ញុំធ្វើអ្វីក៏បាន! សុំកុំធ្វើបាបនាងអី! ណាខ្ញុំសុំអង្វរហ៉ឹកៗ! (មីងពៅនិយាយទាំងទឹកភ្នែក)''
-''ល្អណាស់!... ឯងឆាប់ក្រោកម៉ោ! មកផ្ដាច់ខ្សែសីម៉ាចេញពីដៃនាងភ្លាម!!''
មីងពៅស្ទុះវឹងមកក្បែរកូនស្រី ប៉ុន្តែគាត់បែរជាអង្រួនដាស់កូនស្រីទៅវិញ:
-''ដានី! ដានី! ក្រោកឡើងកូន!!!'' តែដានីបែរជាដេកស្ងៀមមិនកំរើក។
-''កុំព្រហើនជាមួយយើង!'' ខ្មោចសុវណ្ណក៏ឆ្លិចដៃចូលរង្វង់ភ្នែកដានី ធ្វើឲ្យមានឈាមហូរមករឹមៗ ឃើញបែបនេះហើយមីងពៅភ័យខ្លាំងណាស់:
-''ខ្ញុំខ្លាចហើយ! ខ្ញុំខ្លាចហើយ!... សូម... កុំៗ... ធ្វើ... បាបៗ... កូន... កូនខ្ញុំ... កូនខ្ញុំ...អី!'' គាត់ចាប់ផ្ដាច់ខ្សែសីម៉ាចេញពីកដៃដានីភ្លាម ឯខ្មោចសុវណ្ណញញឹមខ្ជឹប និងគាប់បញ្ជាបន្តទៀត:
-''ឆាប់ដើរចុះទៅក្រោមភ្លាម!''
មីងពៅញ័រដៃញ័រជើង គាត់ឈរសំលឹងមើលមុខកូនស្រីហាក់ដូចជាមិនចង់ឃ្លាតចាកឆ្ងាយពីកូន។ ខ្មោចសុវណ្ណស្រែកមួយវាស់ទៀត:
-''ឲ្យលឿន!!!''
-''ចាសៗទៅហើយៗ!!'' មីងពៅឆ្លេឆ្លាប្រញាប់ដើរចេញចុះមកជាន់ក្រោម ហើយសំលេងរបស់សុវណ្ណលាន់ឮក្បែរគុម្ពត្រចៀករបស់គាត់:
-''ទៅយករូបព្រះពុទ្ធដាក់ចុះក្រោម! (មីងពៅធ្វើតាម) ហើយឆាប់ដើរគន្លងភ្លាម!''
-''ម៉េចហ្នឹងអាចធ្វើបានទៅ! គឺបាបខ្លាំងណាស់!''
-''ឯងខ្លាចបាប ឬចង់ឲ្យយើងខ្វេះយកភ្នែករបស់យើងមកវិញ?!!''
មីងពៅគ្មានជំរើសឡើយ គាត់លើកដៃប្រណម្យសុំខមាលទោស ហើយបោះជើងរំលងពុទ្ធបដិមា ធ្វើឲ្យឬទ្ធានុភាពនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃសាបរលាបភ្លាមមួយរំពេចក្នុងវិនាទីនេះ។ មីងពៅក៏ប្រញាប់ប្រញាល់ដើរឡើងមកមើលកូនស្រីវិញ នៅខ្វះមួយជំហ៊ានទៀតនឹងឡើងដល់ជាន់លើ ស្រាប់តែខ្មោចសុវណ្ណបង្ហាញខ្លួនឡើងមក ច្រានមីងពៅទំលាក់រមៀលចុះតាមកាំជណ្ដើរ:
-''អាយ!.............'' មីងពៅដួលបោកខ្ទប់ក្បាលនឹងឥដ្ឋ ហើយគាត់សន្លប់បាត់ស្មារតី។
វិញ្ញាណខ្មោចដ៏អាក្រក់បានប្រើថាមពលរបស់ខ្លួន ធ្វើឲ្យពុទ្ធបដិមាហោះទៅតំកល់ទុកកន្លែងដើម ខ្សែសីម៉ាដែលត្រូវផ្ដាច់ក៏ត្រូវបំពាក់លើកដៃដានីដូចធម្មតា ហើយរបួសលើរង្វង់ភ្នែកដានីក៏ជាសះ ព្រោះវាគ្រាន់តែជារូបភាពបន្លប់ភ្នែកប៉ុណ្ណោះ។
ខ្មោចសុវណ្ណប្រាកដខ្លួនក្បែររាងកាយដានី ហើយគេនិយាយថា:
-''វាដល់ពេលហើយ! ដែលនាងត្រូវដឹងពីធាតុពិតរបស់អាណាខុន! ថាវាគួរឲ្យស្អប់ខ្ពើមខ្លាំងប៉ុនណា?... យើងនឹងឲ្យនាងដឹងម្ដងបន្តិចៗ! រហូតដល់នាងស្អប់ខ្ពើមវាខ្លាំងឡើងៗដោយឯងៗ!''។ សុវណ្ណបាននាំដួងចិត្តរបស់ដានីឲ្យទៅឃើញរូបភាពអស់ទាំងនេះ:
កំពុងស្ថិតនៅលើដងផ្លូវរថយន្តរបស់ណាខុនលូនទៅមុខជារឿយៗ សុវណ្ណដែលអង្គុយកៅអីខាងក្រោយក្នុងទឹកមុខស្រពាប់ស្រពោន ឱបរូបថតគ្រួសារដោយក្ដីនឹករលឹក និងអាឡោះអាល័យ ហើយនៅក្បែរខ្លួនគេមានកាបូបខោអាវមកជាមួយ។ ឃើញសភាពសុវណ្ណស្រងូតស្រងាត់ខ្លាំងបែបនេះ ណាខុននិយាយលួងលោមដើម្បីកុំឲ្យសុវណ្ណគិតច្រើនពេក:
-''កំពុងនឹកប៉ាម៉ាក់មែនទេសុវណ្ណ? កុំគិតច្រើនពេកអីណា៎៎!... ពួកគាត់ទាំងពីរទៅបានសុខហើយ! បើសិនជាពួកគាត់ដឹងថាសុវណ្ណមិនសប្បាយចិត្តដោយសារតែពួកគាត់! ពួកគាត់ម៉េចនឹងអាចទៅបានដោយស្ងប់សុខនោះ! ហើយមិនបាច់បារម្ភទេណាសុវណ្ណនឹងបានរៀនតទៀត! ហើយមានផ្ទះស្នាក់ អាហារហូបចុកគ្រប់គ្រាន់! ដូចដែលអ្វីដែលហ៊ាបានសន្យាជាមួយសុវណ្ណអ៊ីចឹង! ហ៊ាមិនសុំអ្វីច្រើនពីសុវណ្ណទេ! សុំត្រឹមសុវណ្ណធ្វើជាក្មេងល្អ! ឧស្សាហ៍ព្យាយាមក្នុងការសិក្សា! ក្រោយពីរៀនចប់ហ៊ានឹងឲ្យសុវណ្ណមកធ្វើការជាមួយហ៊ា! ដូចកាលប៉ាសុវណ្ណរួមការងារជាមួយហ៊ាដែរ!''
នៅមានត
អរគុណសំរាប់ការអាន និងសូមអធ្យាស្រ័យបើមានពាក្យពេចន៍មិនសមរម្យ!..

No comments:

Post a Comment