អ្វីទៅជាសេចក្តីសុខពិត?
សេចក្តីសុខពិតនៅត្រឹមចិត្តព្រមទទួលថាគ្រប់់គ្រាន់នេះឯង។កាលណាអ្នកទៅហួសព្រំដែនកំណត់នេះហើយ ក្នុងជីវិតអ្នកមិនអាចរកសេចក្តីសុខ ឬសេរីភាពរួចផុតការពីការជិះជាន់សង្កត់សង្កិននៃអំណាចតណ្ហារបស់ខ្លួនឯងផ្ទាល់បានឡើយ ប្រៀបបាននឹងមនុស្សម្នាក់ភ្លេចរបស់មួយនៅក្នុងផ្ទះខ្លួនឯង តែគេច្រឡំដោយគិតក្នុងចិត្តយ៉ាងច្បាស់ថា របស់នោះ គេបានភ្លេចនៅផ្សារលក់ដូរមួយ។ គេបានបិទទ្វារផ្ទះ ចាក់សោរទ្វារផ្ទះរបស់គេនោះ រួចហើយទៅផ្សារដើររករបស់ដែលគេកំពុងតែបាត់នោះ។ ទោះគេខំរកមួយជីវិតរបស់គេ ក៏គេមិនអាចរកបានឬរកឃើញរបស់ដែលគេបាត់ឬគេចង់រកនោះឡើយ។ យ៉ាងណាមិញ មនុស្សដែលមិនស្គាល់នូវក្តីសុខដែលកើតពីការល្មម ដែលជាធម៌កំណត់ដឹងបានក្នុងចិត្ត ក្រោយគេបានច្បាំងឈ្នះតណ្ហាផ្ទាល់ខ្លួនគេនោះទេ ក្នុងជីវិតរបស់គេមិនដែលបានស្គាល់នូវរសជាតិអារម្មណ៍ដែលមានសេរីភាពពេញបរិបូរណ៍ ដែលជាសេរីភាពផ្លូវចិត្តនៃការច្បាំងឈ្នះតណ្ហាផ្ទាល់ខ្លួននោះឡើយ។ ពេញមួយជីវិតរបស់គេ គេរស់តែក្រោមអំណាចនៃការគាបសង្កត់របស់តណ្ហាផ្ទាល់ខ្លួនគេយ៉ាងវក់វីរកទីបំផុត និងរកពន្លឺជីវិតមិនឃើញឡើយ។
នៅមានមនុស្សមួយក្រុមទៀត ដែលមិនបានកំណត់ដឹងថាត្រឹមណាជាការសមល្មមគ្រប់គ្រាន់សំរាប់ជីវិតខ្លួនដែរ គឺថាខ្លួនគ្មានអ្វីទាំងអស់ខ្វះមុខខ្វះក្រោយ លំបាកវេទនាណាស់ក្នុងជីវិត តែគេក៏ពោលថាគេមានជីវិតសមល្មម លុយមិនសំខាន់ទេសំរាប់ជីវិតគេដែរ។ មនុស្សប្រភេទនេះក៏ពិបាកនឹងអោយគេបានរកឃើញសេរីភាពនៃការរួចផុតការជិះជាន់សង្កត់សង្កិនរបស់តណ្ហាខ្លួនគេដែរ វាជាជីវិតអត់ពន្លឺងងឹតសូន្យឈឹងមួយបែបទៀតដែរ។
ការសមល្មមដែលជីវិតគួរកំណត់ដឹង និងទទួលយកដើម្បើអោយជីវិតបានស្គាល់រស់ជាតិនៃសេរីភាពដែលគ្មានអ្នកណាអាចដាក់សម្ពាធបាននោះ គឺការគ្រប់គ្រាន់នៃបច្ច័យបួនសំរាប់ជីវិត ហើយចិត្តទទួលដឹងនិងទទួលយកកំរិតនោះជាចំណុចឆ្អែតនៃជីវិត ជាសន្តិភាពកំពូលនៃជីវិត ជាការរកឃើញនិងទទួលបានដ៏អស្ចារ្យសំរាប់ជីវិត។ ការគ្រប់គ្រាន់នៃបច្ច័យបួនសំរាប់ជីវិត គឺជាកូនសោរគន្លឹះនៃសន្តិភាពលោកិយនៃជីវិតជាបុថុជ្ជន។ ការរកឃើញ និងចិត្តទទួលយកបាននូវភាពសមល្មមនៃតំរូវការសំរាប់ជីវិត ហើយនិងបានបំពេញបាននូវការត្រូវការចាំបាច់សំរាប់ជីវិត គឺជាជោគជ័យធំមួយសំរាប់ជីវិតជាមនុស្សដែលមិនងាយពេកទេ សំរាប់មនុស្សក្នុងការទទួលបានជោគជ័យជីវិតមួយនេះក្នុងជីវិតរបស់ពួកគេ៕
By_Mr_Khem_Veasna
No comments:
Post a Comment