ឪពុកនិងកូន៥នាក់.............
មានឪពុកម្នាក់ដែលបានផ្តល់អោយកូននៅអារម្មណ៍កក់ក្តៅមួយព្រោះតែស្រឡាញ់កូនៗខ្លាំង គាត់សុខចិត្តមិនរៀបការជាថ្មីនឹងស្រីណាម្នាក់ទៀតឡើយ ដោយក្រោយពីលែងលះនឹងប្រពន្ធគាត់រួចហើយ គាត់សំរេចចិត្តប្រើជីវិតជាបុរសពោះម៉ាយដើម្បីផ្តល់ការលះបង់មួយសំរាប់កូនប្រុសទាំងប្រាំរបស់គាត់។ កូនប្រុសទាំងប្រាំនាក់របស់គាត់ សុទ្ធតែទទួលបានអារម្មណ៍ពិសេសពីឪពុកលើសកូនៗនៃគ្រួសារដទៃទៀត គឺពួកគេទទួលបាននូវអារម្មណ៍មួយយ៉ាងកក់ក្តៅដោយពាល់ត្រូវនូវការលះបង់ដ៏កំពូលមួយរបស់ឪពុកខ្លួន សំរាប់ប្តូរយកភាពកក់ក្តៅផ្តល់ដល់ពួកគេជាកូនទាំងអស់គ្នា។ រស់នៅនឹងការលះបង់ដ៏ខ្ពស់បំផុតរបស់ឪពុកខ្លួនយូរៗទៅ កូនៗទាំងអស់របស់គាត់ ទទួលអារម្មណ៍ថា បើសិនជាឪពុកខ្លួនរៀបការថ្មី ពួកគេទាំងអស់នឹងមានស្នាមរបួសក្នុងផ្លូវចិត្ត ព្រោះពួកគេពាល់ត្រូវថា ដួងចិត្តរបស់ឪពុកពួកគេ លែងមូលសំរាប់តែកូនហើយ ឪពុកខ្លួនបានប្រីជីវិតផ្ទាល់ខ្លួនមួយផ្សេង មិននៅលើវិថីជីវិតតែមួយជាមួយពួកកូនៗទៀតឡើយ។ ពួកគេពិបាកទទួលយកការបាត់បង់ភាពកក់ក្តៅដែលពួកគេធ្លាប់ទទួលបានពីការពាល់ត្រូវនូវការលះបង់របស់ឪពុកខ្លួនណាស់ និងពិបាកទទួលយកការបាត់បង់អារម្មណ៍ដែលធ្លាប់គោរពតំលៃយ៉ាងខ្ពស់ដែលពួកគេធ្លាប់មាន ចំពោះឪពុកនៃពួកគេនោះផងដែរ។ បើមានករណីនោះកើតឡើង ពួកគេទទួលអារម្មណ៍ថា ឪពុកពួកគេមិនបានលះបង់អ្វីពិសេសសំរាប់ពួកគេលើសឪពុកនៃគ្រួសារដទៃឡើយ។ ឪពុកម្នាក់នោះគាត់យល់ចំណុចនេះច្បាស់លាស់ណាស់ គាត់ពេញចិត្តនឹងមិនរៀបការប្រពន្ធជាថ្មីឡើយ ព្រោះតែគាត់មានអារម្មណ៍ថា គាត់ចង់ផ្តល់អារម្មណ៍ពិសេសមួយដល់កូនៗទាំងប្រាំរបស់គាត់ គាត់គ្មានការតឹងតែងចិត្តទេក្នុងការលះបង់នេះ គឺមានតែការពេញចិត្តសុទ្ធសាធ គាត់ទទួលអារម្មណ៍កក់ក្តៅណាស់ដែលបានប្រើជីវិតទាំងស្រុងរបស់គាត់លើវិថីតែមួយជាមួយនឹងកូនៗរបស់គាត់ ហើយកូនៗទាំងឡាយក៏បានទទួលអារម្មណ៍កក់ក្តៅពិសេសក្នុងជីវិតរបស់ពួកគេយ៉ាងប្រាកដមែន ដែលជាអារម្មណ៍ដែលក្មេងក្នុងគ្រួសារដែលឪពុកម្តាយមានចិត្តធម្មតាទូទៅមិនដែលបានទទួលឡើយ។ ពេលវេលាកន្លងទៅជាបន្តបន្ទាប់ កូនៗរបស់គាត់ក៏បានដល់វ័យមានគ្រួសារជាបន្តបន្ទាប់ដែរ ពួកគេបានរៀបការម្តងមួយៗចេញពីឪពុកពោះម៉ាយចំណាស់ម្នាក់នោះ។ តែទោះពួកគេមិនបាននៅក្រោមដំបូលផ្ទះជាមួយឪពុកដូចកាលពីពួកគេនៅក្មេងៗក៏ដោយ ក៏ពួកគេបណ្តាក់គ្នាមកថែរក្សាឪពុកក្នុងនាមជាកូនល្អដឹងគុណឪពុក ដែលមនុស្សជុំវិញបានមើលឃើញហើយស្ទង់តាមសភាពចិត្តរបស់ខ្លួនថា តាម្នាក់នេះថែររក្សាកូនបានល្អណាស់ ហើយកូនៗរបស់គាត់ក៏ល្អខ្លាំងណាស់តបទៅឪពុករបស់ពួកគេវិញ គេគិតថាតាចាស់ម្នាក់នេះមានសំណាងខ្លាំងណាស់ដែលមានកូនៗបណ្តាក់វេនគ្នាតាមថែរក្សាឪពុកខ្លួនគ្រប់វេលា និងគ្មានខ្វះខាតអ្វីទាំងលុយកាក់ទាំងសំភារ:ប្រើប្រាស់ គឺកូនៗរបស់គាត់បានទំនុកបំរុងសព្វយ៉ាង យ៉ាងនេះនោះ។ គេនឹកគិតថាបើគេមានកូនល្អតាមថែរក្សាបែបហ្នឹង ពួកគេមិនដឹងជាមានអារម្មណ៍កក់ក្តៅយ៉ាងណាទេ។ តែឪពុកម្នាក់នោះ មិនមានអារម្មណ៍កក់ក្តៅដូចមនុស្សជុំវិញបានគិតឡើយ ព្រោះកូនៗរបស់គាត់បែកផ្លូវជីវិតពីគាត់ហើយ នេះជាអារម្មណ៍ដែលគាត់ទទួលបានចំពោះមនុស្សដែលមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅបែបលោកតាពោះម៉ាយម្នាក់នេះ តែដើម្បីក្តីសុខរបស់កូន ឪពុកមិនដែលហាមាត់ប្រាប់កូនពីអារម្មណ៍ពិតរបស់ខ្លួនឡើយ។ ទីបំផុតកូនបងបួននាក់បានរៀបការបែកពីឪពុកទៅអស់ ឪពុកបានត្រៀមចិត្តរួចជាស្រេចសំរាប់ការចាកចេញពីជីវិតខ្លួននៃកូនប្រុសពៅរបស់គាត់ ដែលជាការចាកចេញទាំងអស់នៃកូនប្រុសទាំងប្រាំ ពីវិថីជីវិតរួមជាមួយនឹងគាត់។ ក្នុងចំណោមកូនប្រុសប្រាំនាក់របស់គាត់ មានតែកូនប្រុសពៅម្នាក់នេះទេ ដែលយល់អារម្មណ៍ឪពុកច្បាស់លាស់ គេមិនព្រមរៀបការទាល់តែសោះ គេយល់ច្បាស់ពីអារម្មណ៍ឯកោរបស់ឪពុកខ្លួន ហើយដឹងថាក្នុងនាមជាឪពុកដែលចិត្តគិតដល់ក្តីសុខកូនជាចំបង គាត់មិនអាចបញ្ចេញអារម្មណ៍ពិតអោយកូនដឹងទេ កូនម្នាក់នោះយល់ថា ឪពុកជាជីវិតរបស់ខ្លួន ខ្លួនមិនអាចរស់បានបើគ្មានក្តីស្រឡាញ់របស់ឪពុកខ្លួនទេ ព្រោះខ្លួនគេស្គាល់ច្បាស់នូវអារម្មណ៍ខ្លួនដែលទទួលយកមិនបានបើឪពុកខ្លួនមានប្រពន្ធថ្មី។ នេះជាអារម្មណ៍តាំងពីគាត់នៅក្មេងរហូតមកដល់ពេលនេះ។ គាត់មានអារម្មណ៍ថា ឪពុករបស់គាត់ជាមនុស្សមានតំលៃខ្លាំងណាស់ ជាមនុស្សតែម្នាក់គត់លើលោកដែលបានផ្តល់នូវអារម្មណ៍កក់ក្តៅពិសេសក្នុងជីវិតរបស់គាត់ គ្មានអ្វីដែលគាត់ធ្វើមិនបានសំរាប់សេចក្តីសុខរបស់ឪពុកចំណាស់របស់ខ្លួនគាត់ទេ។គាត់ប្រាប់ខ្លួនគាត់ថា ពេលនេះជាវេលា ជាឱកាសដែលគាត់រង់ចាំបានមកដល់ហើយ ជាពេលដែលកូនបានឱកាស លះបង់ចំពោះឪពុកខ្លួនវិញហើយ។ កូនម្នាក់នោះបានប្រាប់ឪពុកខ្លួនថា កូនស្គាល់ចិត្តពុក កូនស្គាល់ទំហំនៃភាពឯកោដែលពុកកំពុងតែមានក្នុងចិត្ត ពុក! ពុកជាមនុស្សមានតំលៃលើសហួសសេចក្តីសុខណាៗទាំងអស់របស់កូន។ កូននឹងប្រើជីវិតរបស់កូននៅលើវិថីជីវិតតែមួយជាមួយនឹងពុក កូនមិនកសាងជីវិតគូស្រករជាដាច់ខាត វាគ្រាន់តែជាចំណង់តណ្ហាធម្មតារបស់មនុស្សតែប៉ុណ្ណោះ រកតំលៃមិនឃើញទេពុក តែការប្រើជីវិតទាំងស្រុងរបស់កូនជាមួយនឹងពុក វាពិតជាការងារមានតំលៃខ្ពស់ណាស់ ពុកលះបង់ដើម្បីកូនច្រើនដល់ថ្នាក់កូនគិតដល់ពេលណា កូនស្រក់ទឹកភ្នែកពេលនោះ វាជាអារម្មណ៍កក់ក្តៅដែលកូនទទួលបានពីការលះបង់របស់ពុកតាំងពីកូននៅក្មេងរហូតមកដល់ពេលនេះ រឿងអីកូនឆ្កួតមិនស្គាល់តំលៃនៃការងាររបស់កូនដែលនឹងត្រូវប្រកាន់យកក្នុងជីវិតទៅពុក រៀបការនឹងស្រីម្នាក់ វាគ្រាន់តែជាអារម្មណ៍តណ្ហាធម្មជាតិដែលដឹកមុខមនុស្សសាមញ្ញទាំងឡាយក្នុងលោកតែប៉ុណ្ណោះ តែការលះបង់ជីវិតគូស្រករហើយប្រើជីវិតទាំងស្រុងជាមួយពុក វាជាការងារមានតំលៃបំផុតដែលកូនពេញចិត្តនឹងធ្វើណាពុក។ មនុស្សធម្មតាគេមិនយល់ពីភាពខុសគ្នានៃតំលៃដែលកូនប្រើជីវិតទាំងស្រុងលើវិថីតែមួយជាមួយពុក និងការកសាងជីវិតគូរស្រករដែលជាផ្លូវជីវិតផ្សេងពីវិថីជីវិតរួមតែមួយជាមួយពុក ហើយពួកគេគ្រាន់តែចំណាយពេលខ្លះនៃជីវិតរបស់គេមកថែរក្សាឪពុកខ្លួន ថាវាខុសតំលៃគ្នាយ៉ាងណានោះទេ តែកូនពុកម្នាក់នេះជាឈាមពិតប្រាកដរបស់ពុក កូនអាចយល់រឿងនេះបានដោយងាយ។ ម្យ៉ាងទៀត បើពុកជាពុកធម្មតាដូចឪពុកគេដទៃ ក៏ចិត្តពុកមិនស្រែកយំទាររកការលះបង់របស់កូនៗវិញដែរ គេនឹងមានអារម្មណ៍ធម្មតាថាការរៀបការបែកចេញពីជីវិតឪពុកជារឿងធម្មតាតើ ម្តេចឆ្កួតមានការទាមទារខ្ពស់ម្លេះពីកូន តែពុកជាពុកខុសគេរបស់កូន ពុកមានតំលៃសមនឹងទទួលបានការឆ្លើយតបរបស់កូនវិញណាស់ ដូច្នេះការយំទាមទារការឆ្លើយតបពីកូនក្នុងចិត្តពុក វាជារឿងសមហេតុសមផលហើយពុក ហើយបើពុកជាពុកធម្មតាដូចពុកគេដទៃ ក៏កូនមិនបានអោយតំលៃខ្ពស់រហូតព្រមរស់យ៉ាងពេញចិត្តលើវិថីជីវិតតែមួយជាមួយពុកដែរណាពុក កូនក៏មុខតែឆ្លើយតបនឹងពុកដូចជាឪពុកធម្មតារបស់គេទាំងនោះដែរណាពុក។ មនុស្សធម្មតា ចិត្តគេធម្មតា ធ្វើម៉េចអាចអោយគេយល់បាន ពីតំលៃនៃមនុស្សមិនធម្មតាទៅ អីចឹងគេយល់យ៉ាងណា គេរស់យ៉ាងណា ជារឿងរបស់គេទៅចុះ តែសំរាប់ពុកនិងខ្ញុំ ពួកយើងជាមនុស្សផ្សេងពីគេ ដូច្នេះយើងក៏ត្រូវតែរស់តាមបែបផែននៃការយល់របស់យើងដែរណាពុក។ ឪពុកយំអោយកូន ហើយប្រាប់កូនថា ការលះបង់របស់កូនចំពោះពុកធំធេងណាស់ ពុកគ្មានអ្វីរៀបរាប់ពីអារម្មណ៍កក់ក្តៅដែលកូនបានផ្តល់អោយពុកទេ ពុកអរគុណកូនខ្លាំងណាស់។ កូននិយាយថា: កូនគ្មានយល់ថាជាកាលះបង់អ្វីទេពុក ព្រោះកូនពេញចិត្តណាស់ចំពោះការស្ម័គ្ររបស់កូនរួមដំណើរជីវិតនឹងពុក កូនយល់ថាជីវិតកូនជាតិនេះបានធ្វើរឿងអស្ចារ្យដែលមនុស្សច្រើនណាស់លើលោកមិនមានឱកាសបានធ្វើ កូនសប្បាយណាស់នឹងផ្លូវជីវិតតែមួយជាមួយពុក ព្រោះតែនឹកដល់ការលះបង់របស់ពុកពេលណាកូនមានអារម្មណ៍រំជួលចិត្តណាស់ កក់ក្តៅក្នុងជីវិតណាស់។ កូនយល់ថាមានមនុស្សតិចណាស់ក្នុងលោកដែលគេមានឱកាសទទួលបានអារម្មណ៍នេះ កូនពិតជាមានសំណាងណាស់ដែលមានពុកដែលអាចបង្កើតអារម្មណ៍មួយនេះអោយរូបកូនបានស្គាល់តំលៃនៃមនោសញ្ចេតនា។ បើទុកជាមានពេលមួយណានោះដែលកូន ទៅដេកនៅនឹងមនុស្សស្រីណាម្នាក់ ក៏វាគ្រាន់តែជាការរំដោះអារម្មណ៍ភេទមួយពេលរបស់កូនទេ តែមិនមែនជាការបែកចិត្តដើរចេញពីផ្លូវជីវិតជាមួយពុកឡើយ កូនយល់ថាពុកជាមនុស្សអាចយល់ច្បាស់ពីរឿងនេះជាងអ្នកណាទាំងអស់នៅក្នុងលោកនេះ។ជាតិនេះពុកដាក់ទណ្ឌកម្មអីមកលើកូនក៏បានដែរពុក តែកូនសូមពុកតែម្យ៉ាង "គឺសូមពុកកុំដាក់ទណ្ឌកម្មដោយបង្ខំកូនអោយរៀបការប្រើជីវិតផ្សេងពីពុកអោយសោះណាពុក"៕
By_Mr_Khem_Veasna
No comments:
Post a Comment